ទស្សនាថ្ងៃរះ ថ្ងៃលិចនៅកោះខ្យងនាទឹកដី ខេត្តកោះកុង

ដោយៈគង់ សិរីជេស៊ីកា

កោះកុងៈ ឋានសួគ៌ធម្មជាតិ បានបង្កប់ខ្លូននៅកន្លែងជាច្រើន ពិសេសតំបន់ឆ្នេរកម្ពុជា ដែលពោរពេញដោយឆ្នេរខ្សាច់ដ៏ស្រស់ត្រកាល ទឹកសមុទ្រខៀវស្រងាត់ និងជីវចម្រុះទឹកប្រៃដ៏សម្បូរបែប។

រមណីយដ្ឋានកោះខ្យង ជាកូនកោះមួយដែលស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះ​កុង ហើយក៏ជាកន្លែងសំរាក Camping បែប chill chill ជាមួយធម្មជាតិដ៏ស្រស់ត្រកាល និងដើមដូងដុះពាសពេញ ជាមួយនឹងដុំថ្មតូចធំតាមមាត់ឆ្នេរនៃកោះ។ សម្រាប់កោះមួយនេះ មិនមានទំហំធំនោះទេ ដើរតែ៥នាទីគឺបានមួយជុំកោះបាត់ទៅហើយ ប៉ុន្តែកោះមួយនេះ បានផ្តល់អារម្មណ៍ល្អបែបស្ងប់ស្ងាត់មួយ ជាមួយនឹងទេសភាព៣៦០ដឺក្រេតែម្តង បើមិនជឿរ មើលតែរូបទៅ។

យើងអាចមើលឃើញទាំងថ្ងៃរះ និងថ្ងៃលិចនៅលើកោះមួយនេះ (vibe ណាស់និយាយមែន) ជាមួយនឹងខ្យល់សមុទ្យដ៏រំភើយ ដែលមិនផ្តល់ភាពស្អិតដូចនៅមាត់ឆ្នេរដទៃ។ ឯសម្រាប់ម្ហូបអាហារ និងការស្នាក់នៅ(តង់) គឺតម្រូវអោយអ្នកទៅលេងត្រៀមរបស់ទាំងអស់នោះដោយផ្ទាល់ខ្លួន ហើយក៏អាចបង្កើតភ្នក់ភ្លើងនៅយប់បាន ជុំគ្នាយ៉ាងសប្បាយផងដែរ។

• ទីតាំង: កោះខ្យង ស្រុកស្រែអំបិល ខេត្តកោះកុង
ធម្មជាតិដ៏ត្រកាល ទស្សនាថ្ងៃរះពេលព្រឹកព្រលឹម អាំងគ្រឿងសមុទ្រស្រស់ៗបរិភោគជាអាហារពេលព្រឹក បន្ទាប់ពីចាកចេញពីតង់ដ៏កក់ក្តៅ។ បន្ទាប់មកយើងជិះទូកទទៅស្ទូចត្រីកម្សាន្ត មុនពេលទស្សនាថ្ងៃរៀបលិច ដែលចាំងព៌ណមាសលើផ្ទៃសមុទ្រមានរលកតូចៗ ពិតជាមានអារម្មណ៍យ៉ាងម៉េចដែរ? សម្រាប់អ្នកស្រលាញ់ធម្មជាតិ??៕

បណ្តាមេដឹកនាំចំនួន៥១ប្រទេសនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដែលកម្ពុជាធ្វើជាប្រធានជាលើកដំបូង

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានត្រៀមខ្លួនជាស្រេចដើម្បីបើក កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាការគួរឲ្យសោកស្តាយ ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ព្រោះជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។

កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” នឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះរួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម- សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះផងដែរ។

មុនពេលដំណើរការកិច្ចប្រជុំកំពូល ASEM13 តំណាងមកពីព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល នឹងអញ្ជើញថ្លែងការណ៍រួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាសហប្រធាន នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លោកប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហអ្នករៀបចំវេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាអ្នករៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខ ព្រមទាំងតំណាងមកពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុបផងដែរ។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន ទី១ ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ៖ សមិទ្ធផលបញ្ហាប្រឈម និងទិសដៅនាពេលអនាគត ទី២ ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយមដើម្បីសន្តិភាព និងស្ថិរភាពសកល ទី៣ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ទី៤ កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ទី៥ ការតភ្ជាប់ ទី៦ ស្ត្រីសន្តិភាព និងសន្តិសុខ និងទី៧ បម្រែបម្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គ​ម-សេដ្ឋកិច្ចឡើងវិញ ដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដើ​ម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។

ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពី ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយម ក៏ដូចជា ការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួន នៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ៕

WHO ព្រមានៈចំនួនអ្នកស្លាប់នៅអឺរ៉ុប ដោយសារកូវីដ-១៩ អាចកើនលើស២លាននាក់នៅត្រឹមខែមីនា

ដោយៈសុខុម

ហ្សឺណែវ: អង្គការសុខភាពពិភពលោក (WHO) បានព្រមានធ្ងន់ៗថា ចំនួនអ្នកស្លាប់នៅអឺរ៉ុប ដោយសារវីរុសកូវីដ-១៩ ដ៏កាចសាហាវអាចនឹងឈា​នដល់២,២លាននាក់នៅត្រឹមខែមីនា ដើមឆ្នាំ២០២២ បើផ្អែកតាមស្ថានភាពបច្ចុប្បន្ន ហើយបានណែនាំឱ្យប្រទេសនានា បង្កើនការចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសការបិទខ្ទប់ប្រទេសបន្ថែមទៀត។

អង្គការ WHO បានលើកឡើងកាលពីថ្ងៃអង្គារ ទី២៣ វិច្ឆិកា ថា វីរុសកូវីដ-១៩ គឺជាមូលហេតុចម្បងនាំមុខគេ នៃការស្លាប់នៅអឺរ៉ុប ហើយចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃៗ បានឈានដល់៤.២០០នាក់កាលពីសប្ដាហ៍មុន ដោយកើនឡើងទ្វេដង បើធៀបនឹងអត្រាគិតត្រឹមដំណាច់ខែកញ្ញា។

ផ្អែកតាមទិន្នន័យរបស់អង្គការ WHO បង្ហាញថា បច្ចុប្បន្នចំនួនអ្នកស្លាប់សរុបនៅអឺរ៉ុប ដោយសារវីរុសកូវីដ-១៩ បានឈានដល់១,៥លាននាក់ហើយ។

ការរីករាលដាលវីរុសកូវីដ-១៩ បានបង្កើនល្បឿនគួរឱ្យកត់សម្គាល់នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលដែលសីតុណ្ហភាពកាន់តែត្រជាក់ នាំឱ្យមនុស្សជួបជុំគ្នានៅខាងក្នុង កាន់តែច្រើនជាងមុន ស្របពេលប្រទេសជាច្រើន បានបន្ធូរបន្ថយវិធានការរឹតបន្តឹង។ ហើយការជួបជុំគ្នានៅកន្លែងបិទជិតបែបនេះ បានធ្វើឱ្យការឆ្លងកើនឡើង។

អង្គការ WHO បានព្រមានម្តងហើយម្តងទៀតថា វិបត្តិរីករាលដាលវីរុសកូវីដ-១៩ មិនទាន់ចប់នោះឡើយ ហើយរដ្ឋាភិបាលនានា គួរតែរក្សាវិធានការការពារសុខភាពសាធារណៈ ដូចជា ការពាក់ម៉ាស់រួមជាមួយការចាក់វ៉ាក់សាំងជាដើម។

លោក Hans Kluge ប្រធានអង្គការ WHO ប្រចាំតំបន់អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ថា “នៅពេលឈានជិតដល់ដាច់ឆ្នាំ២០២១ យើងទាំងអស់គ្នាគួរតែធ្វើអ្វីៗ ដែលខ្លួនអាចធ្វើបាន ដូចជា ការចាក់វ៉ាក់សាំង និងការអនុវត្តវិធានការការពារខ្លួនឯងជាដើម ដើម្បីបញ្ចៀសជម្រើសចុងក្រោយ នោះគឺការបិទខ្ទប់ និងការបិទសាលារៀន”។
អង្គការ WHO បញ្ជាក់ថា ប្រជាជនប្រមាណ៥៤%នៅអឺរ៉ុប បានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ដូស ប៉ុន្តែបើគិតពីអត្រាតាមប្រទេសនីមួយៗ គឺចាក់បានចន្លោះពី១០%ទៅ៨០%ប៉ុណ្ណោះ៕ The Edge Markets៕

ផ្សារទំនើបលំដាប់អន្តរជាតិចំនួន៣កំពុងសាងសង់ប្រណាំងគ្នានៅតំបន់ផ្លូវ៦០ម៉ែត្រ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិចំនួន៣ បាននិងកំពុងសាងសង់ប្រណាំងគ្នានៅតំបន់ជុំវិញ និងលើមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លួវ៦០ម៉ែត្រ) ដែលនឹងធ្វើឲ្យតំបន់នេះ ក្លាយជាកន្លែងដើរផ្សារដ៏ពេញនិយមមួយនាពេលអនាគត។

ផ្សារទំនើបប៉េង ហួត ឌាយមិន ផ្លាហ្សា
មិនត្រឹមតែអភិវឌ្ឍន៍លំនៅដ្ឋានប្រណីត និងមានភាពស៊ីវិល័យជាងគេនៅក្រុងភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនប៉េង ហួតគ្រុបក៏បាន និងកំពុងពង្រីកមូលដ្ឋានពាណិជ្ជកម្មផ្សេងទៀត ដោយក្រុមហ៊ុននេះ បានសាងសង់ផ្សារទំនើប Peng Huort Diamond Plaza នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ ដែលផ្សារនេះមានទំហំសរុបប្រមាណ៦០,០០០ម៉ែត្រការ៉េ និងបោះទុនវិនិយោគប្រមាណ៦០លានដុល្លារអាមេរិក។

តាមផែនការផ្សារទំនើបនេះ នឹងបើកដំណើរការនៅឆ្នាំ២០២១នេះ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បានធ្វើឲ្យគំរោងនេះ ក៏ដូចជា គំរោងជាច្រើនទៀតបានពន្យាពេលសាងសង់និងបើកដំណើរការ។

បច្ចុប្បន្ន Peng Hout Diamond Plaza បាននិងកំពុងពន្លឿនការសាងសង់ ដែលតាមផែនការផ្សារនេះ អាចនឹងបើកដំណើរការនៅឆ្នាំ២០២២ខាងមុខនេះ។

ផ្សារទំនើបជីប ម៉ុង
អភិវឌ្ឍន៍ដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក ដែលមានទាំងលំនៅដ្ឋាន ខុនដូ ទីផ្សារលក់រាយ ធនាគារជាដើម ក្រុមហ៊ុនជីប ម៉ុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុ​ប្បន្នក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ឋមិនក្រោម២០ក្រុមហ៊ុនឡើយ ខណៈក្រុមហ៊ុននេះកំពុ ងពង្រីកមូលដ្ឋាន និងសក្តានុពលដើម្បីចាប់យកចំណែក ទីផ្សារលក់រាយកាន់តែធំផងដែរ។

ផ្សារទំនើបដ៏ធំមួយនេះ មានឈ្មោះថា ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទីតាំងស្ថិតនៅ ផ្លូវ២៧១ ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឹ លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន។

ផ្សារទំនើប ជីប ម៉ុង ២៧១មេហ្គាម៉ល នឹងត្រូវបានសាងសងឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងជាពិសេសសម្រាប់ប្រជាជន ដែលរស់នៅក្នុងតំបន់នោះ។

ផ្សារទំនើបខ្នាតអន្តរជាតិមួយនេះ មានចំណតដែលអាចផ្ទុករថយន្តបានរហូតដល់ ១៩៧០គ្រឿង និងម៉ូតូចំនួន៥៤០គ្រឿង ព្រមទាំងមានច្រកចេញចូលធំទូលាយដោយពុំចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មនានាផងដែរ។

ផ្សារទំនើប AEON Mall3
ផ្សារទំនើបនេះ បោះទុនវិនិយោគប្រមាណ១៦០លានដុល្លារអាមេរិក និងវិនិយោគដោយ​ក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន AEON Mall Group។

វាជាផ្សារទំនើបលំដាប់អន្តរជាតិពិតប្រាកដ និងទទួលបានជោគជ័យជាងគេ នៅរាជធានីភ្នំពេញ ដោយសារតែបទពិសោធន៍របស់ក្រុមហ៊ុននេះ មានរយៈពេលវែង និងបានធ្វើការសិក្សាពីចំណង់ចំណូលចិត្ត វបប្បធ៌ម និងការរស់នៅ ការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា បានធ្វើឲ្យផ្សារនេះទទួលបានជោគជ័យទាំងទី១ ទី២ និងផ្សារទំនើបទី៣នេះបានពង្រីកកាន់តែធំ និងកាន់តែមានភាពទាក់ទាញ។

ការបង្ហាញវត្តមានរបស់ក្រុមហ៊ុននេះ នៅកម្ពុជាបានធ្វើឲ្យផ្សារទំនើបតូចៗ ដែលវិនិយោគដោយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិមួយចំនួន បានប្រឈមមុខនឹងការបិទទ្វារផងដែរ៕

សិក្សាចំណចទាំង៧យ៉ាងនេះ ដើម្បីបញ្ចៀសហានិភ័យពីការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្នុងវិស័យអចលនទ្រព្យ បើមើលមួយភ្លេតហាក់ដូចជាកាក់កបខ្លាំងណាស់ ប៉ុន្តែពិតជាកន្លែងរកបានលុយច្រើនមែន ប៉ុន្តែក៏មានហានិភ័យមិនតិចនោះដែរ។

ហេតុនេះអ្នកវិនិយោគ ឬអ្នកចង់ប្រឡូកក្នុងវិស័យនេះ គួរសិក្សាលើចំណុចទាំង៧នេះ ដើម្បីបញ្ចៀសហានិភ័យនានា ដែលអាចកើតមាន។

ដើរចង្អុលតែផ្ដេសតែផ្ដាស
មានការលក់អចលនទ្រព្យរបៀបនេះ វាហាក់កើនឡើងញឹកញាប់កាលពីប៉ុន្មានឆ្នាំមុន​ ដោយអ្នករកស៊ីអចលនទ្រព្យទាំងនោះ ចេះតែដើរចង្អុលបង្ហាញផ្ដេសផ្ដាស តាមផ្លាកដែលគេដាក់លក់អចលនទ្រព្យ ហើយពួកគេដាក់បន្ទាបតម្លៃ​ និយាយបញ្ចុះបញ្ចូល​អ្នកទិញ តាមដែលអាចធ្វើបាន ហើយអ្នករកស៊ីក្រៅវិជ្ជាជីវៈនេះផ្ទាល់ ចេះប្រឌិតនូវប្លង់ក្លែងក្លាយ មានត្រា មានស្នាមមេដាយ ធ្វើដូចប្លង់ពិតប្រាកដដែលចេញពីម្ចាស់គម្រោងដែរ។

ទិន្នន័យលក់គម្រោងក្លែងក្លាយ
វិធីសាស្រ្តមួយនេះកំពុងពេញនិយមខ្លាំងណាស់ ពីព្រោះការប្រកាសរបៀបនេះ ធ្វើឱ្យគម្រោងលក់ដាច់លឿន និងទាក់ទាញអតិថិជនបានឆាប់រហ័ស។ តែវិធីសាស្រ្តនេះ ក៏ចាត់ទុកជាល្បិចកល ក្នុងការបោកអតិថិជនដ៏ធ្ងន់ធ្ងរផងដែ​រ ពីព្រោះការរកស៊ីអចលនទ្រព្យ ទាមទារនូវភាពស្មោះត្រង់។ការប្រកា​សទាំងអស់របស់ក្រុមហ៊ុនមួយចំនួនធំនេះ ចេះតែផ្ដល់ទិន្នន័យឱ្យកើនឡើង ដើម្បីឱ្យអតិថិជន ជឿថាគម្រោងមានការលក់ដាច់ ទើបប្រញាប់ទៅទិញឱ្យបានលឿន។

បោកជាបក្ស ពួកឬជាការរៀបចំំផែនការមុន
ការបោកបែបនេះ ត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នា ដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ ចំណែកអ្នកទី២ បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ បន្ទាប់មកពួកគេទាំងពីរនាក់ បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះ មិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។

ដូច្នេះលោក អ្នកត្រូវតែច្បាស់ និងទាមទាររកអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។

រៀបចំប្លង់មេក្លែងក្លាយ
ចំណុចនេះ គឺសំដៅទៅដល់គម្រោងមួយចំនួន ដែលតែងតែចេញប្លង់រួមខ្យល់ ដើម្បីទាក់ទាញអតិថិជន ដូចជាប្លង់រួមដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធល្អ​មានផ្សារ​ សាលារៀន តំបន់កំសាន្តជាដើម។

តាមពិតប្លង់មេនោះ គ្រាន់បញ្ចេញចោលដើម្បីស្រូបយកអតិថិជន មិនខុសអីពីការបោកបញ្ជោតនោះទេ។

ដើរតួធ្វើជាត្រូវការលុយបន្ទាន់
អ្នកទិញខ្លះ ចូលចិត្តទិញអចលនទ្រព្យដែលដាក់លក់បន្ទាន់ ដើម្បីទិញបានថោកហើយលក់វិញបានចំណេញទៀត។ តាមពិតទៅទិញតាមរបៀបនេះជារឿងត្រឹមត្រូវហើយ គ្រាន់តែមានម្ចាស់គម្រោងហេងស៊យមួយចំនួន ចេះតែដាក់ គ្មានត្រូវការបន្ទាន់នោះទេ ដើម្បីឱ្យអចលនទ្រព្យខ្លួនលក់បានលឿនប៉ុ ណ្ណោះ។ជាពិសេសគឺចំណេញបានច្រើនទៀត ដោយសារតែពួកគេដាក់តម្លៃកប់ក្ដោងមួយដើម្បីចរចា ហើយប្រើពេលខ្លីដើម្បីទទួលបានលុយពីការលក់។

បង់ប្រាក់មុនគម្រោងចាប់ផ្តើម
អ្នកអភិវឌ្ឍន៍ក្លែងក្លាយបានផ្សព្វផ្សាយថា ពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។  ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មម ពួកគេស្រាប់តែគេចខ្លួនបាត់។ ដូច្នេះមុនបង់ប្រាក់ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់ លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អ តាមរយៈគម្រោងកន្លងមក។

អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗ ពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។ ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។

ប្រសិនបើអ្នកអភិវឌ្ឍន៍ មិនបង្ហាញនូវឯកសារទាំងនេះ ច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។

ទាក់ទាញចំណាប់អារម្មណ៍់ខ្លាំង
តាមពិតគេការរកស៊ីអចលនទ្រព្យ គេតែងនិយាយលើកតម្កើនរបស់ខ្លួនឯជារឿងត្រឹមត្រូវហើយ​ តែសូមឱ្យជាការពិត មិនមែនប្រឌិតហើយទាមទារចំណាប់អារម្មណ៍នោះទេ​​ ពីព្រោះអ្នករកស៊ីអចលនទ្រព្យមួយចំនួន ដែលចាត់ទុកក្នុងបញ្ជីខ្មៅនេះ តែងតែស្វែងរកអតិថិជន ដោយស្រូបយកបេះដូង តាម រយៈការប្រាប់នូវព័ត៌មានក្លែងក្លាយ ដូចជា ទីតាំងគម្រោងត្រៀមអភិវឌ្ឍន៍ មានការសាងសង់សំណង់ថ្មីៗ ទិញទៅឆាប់ឡើងថ្លៃជាដើម ដែលធ្វើឱ្យអ្នកទិញមិនបានស្វែងរកព័ត៌មានពិតប្រាកដ ឆាប់ទិញបានយ៉ាងងាយ។

គេហទំព័័រ Propertyarea.asia នឹងលើកយកកលល្បិចមួយចំនួនទៀត យកមកផ្សព្វផ្សាយជូននាពេលខាងមុខ ដើម្បីលោក អ្នកបានសិក្សាស្វែងយល់ និងអាចការពារខ្លួនពីហានិភ័យបាន?

ផ្លូវល្បឿនលឿនតម្លៃជិត២០០០លានដុល្លារកំពុងវិវត្តន៍ល្អប្រសើរនិងបញ្ចប់មុនផែនការ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុតម្លៃជិត២០០០លានដុល្លារ ដែលស្ថិតក្នុងផែនការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន បាននិងកំពុងសម្រេចបានវឌ្ឈនភាពយ៉ាងប្រសើរ ជាមួយនឹងការដាក់ឲ្យដំណើរការនៅឆ្នាំ២០២២ខាងមុខនេះ។

យោងតាមទំព័រផ្លូវការរបស់គំរោងសាងសង់ផ្លូវនេះ បានឲ្យដឹងថា ផ្លូវល្បឿនលឿនដំបូងគេនៅប្រទេសកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំក្រោយ។

ក្នុងល្បឿនលឿន​ ប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសប្បាយរីករាយ​នឺងកាន់តែស្រលាញ់ផ្លូវល្បឿនលឿន។​
ផ្លូវល្បឿនលឿនភ្នំពេញ​ ​ព្រះសីហនុត្រៀមនឹងក្រាលស្រទាប់ជាន់ លើគេបង្អស់ហើយ​​​ ក្រាលដល់ស្រទាប់នេះ ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ​ព្រះសីហនុគឺជិតសាងសង់រួច។

ចេញជារូបរាង​​ នេះគឺជាការចាប់ផ្តើមថ្មី ដែលអ្នកទាំងអស់គ្នាទន្ទឹមរង់ចាំជាយូរមកហើយ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសន៍ឲ្យដឹងនាពេលកន្លងមកថា ក្រោយពេលសាងសង់ចប់ ផ្លូវនេះនឹងធ្វើរបងអមសងខាង ដែលមិនអនុញ្ញាត្តឲ្យមានការធ្វើដំណើរ ឬសត្វពាហនៈឆ្លងកាត់ឡើយ ត្បិតផ្លូវនេះនឹងអនុញ្ញាត្តឲ្យបើកបរក្នុងល្បឿនលឿន។

លោកបន្តថា “ផ្លូវនេះមានគុណភាពខ្ពស់ ធៀបជាមួយផ្លូវជាតិសំខាន់ៗដទៃទៀតនៅកម្ពុជា ដោយសារការចំណាយលើការស្ថាបនាផ្លូវនេះ អស់ទឹកប្រាក់ច្រើនណាស់”៕

ដំណឹងល្អៈរដ្ឋាភិបាលគ្រោងចំណាយ៨០លានដុល្លារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យលំដាប់ថ្នាក់អន្តរជាតិជាលើកដំបូង

ដោយៈសុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំលំដាប់ថ្នាក់អន្តរជាតិមួយ នៅទីតាំងផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្រោមគម្រោងចំណា​យ៨០លានដុល្លារ ដែលជាថវិកាកម្ចីរបស់ធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រតិភូក្រុមហ៊ុនកូរ៉េ ដែលបានចុះមកប្រទេសកម្ពុជា ដើម្បីសិក្សាក្នុងការរៀបចំសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំនេះ ត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅទីស្តីការក្រសួួងសុខាភិបាល នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា គម្រោងសាងសង់នេះ បានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានទីតាំង នៅផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្នុងទំហំដីជាង២ហិកតា ដែលគ្រោងនឹងសាងសង់ ក្នុងទឹកប្រាក់៨០លានដុល្លារ ក្នុងនោះមានថវិកា៦៦លានដុល្លា​រជាប្រាក់កម្ចីធនាគារបស់កូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន១៤លានដុល្លារ។

លោកស្រីបានបញ្ជាក់ថា “ដោយបូករួមទាំងការសិក្សា និងពិនិត្យមើលទីតាំងផងនោះ មន្ទីរពេទ្យនេះអាចសាងសង់ក្នុងចន្លោះ២ទៅ៤ឆ្នាំ”។

លោកស្រីបានបញ្ជាក់ថា មន្ទីរពេទ្យសកលវិទ្យាល័យ គឺជាសកលវិទ្យាល័យដែលធំជាងគេនៅប្រទេសកម្ពុជា ហើយជាការផ្ដល់នៅអនុភាពខ្ពស់ ពីក្រសួងសុខាភិបាលពីសំណាក់របស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុភាពដល់ក្រសួងសុខាភិបាល ខណៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានទទួលជោគជ័យ និងព្យាបាលជូនប្រជាពលរដ្ឋ ក៏ដូចជាផ្ដល់សេវា។

លោកស្រីយក់ សម្បត្តិបានបន្តថា មន្ទីរពេទ្យសកលវិទ្យាល័យនេះ អាចផ្ដល់កន្លែងសិក្សាដល់និស្សិត ដែលបានបញ្ជប់មហាវិទ្យាល័យ និងសកលវិទ្យាល័យ ដើម្បីធ្វើការអនុវត្ដសិក្សា ហើយនឹងមានគ្រូពេទ្យជំនាញៗ និងសាស្រ្ដចារ្យដែលទើបបញ្ជប់ការសិក្សានៅបរទេស ក៏ដូចជាភាគី ដែលនៅក្នុងទេសអាស៊ានមកចូលរួមផងដែរ៕

ខេត្តកណ្តាលកំពុងអន្ទងចិត្តអ្នកវិនិយោគអចលនទ្រព្យ ខណៈហេដ្ឋារចនាសម្ព័ន្ឋធំៗកំពុងលេចចេញវត្តមានបណ្តើរៗ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មានមូលដ្ឋាននៅកៀកនឹងរាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែ​ងយ៉ាងប្រសើរ ខេត្តកណ្តាលកំពុងប្រៀបបាននិងកូនក្រមុំមួយ ដែលកំពុងតែងខ្លួន បង្អួតសម្រស់ ក្នុងការទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។

ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ ដែលគិតចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សុទ្ឋតែជាតំបន់ស្ថិតក្នុងក្រសែភ្នែក អ្នកអភិវឌ្ឍន៍លំនៅ ដ្ឋាន រោងចក្រ សហគ្រាសនានា។

ជាមួយនឹងផែនការពង្រីករាជធានីភ្នំពេញ ក្នុងរង្វង់៣០គីឡូម៉ែត្របួនជ្រុង របស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យតម្លៃដីធ្លីកើនឡើង ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គម ដែលនាំមកពីកត្តាសុខសន្តិភាព។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ដែលបានតាមដានការវិវត្តន៍សេដ្ឋកិច្ច អចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៣ វិច្ឆិកានេះថា ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់​ រដ្ឋាភិបាល ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងស្តារសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ១៩ បាននិងកំពុងធ្វើឲ្យអ្នកវិនិយោគជាតិ អន្តរជាតិកាន់់តែមានទំនុកចិត្តវិនិយោគនៅកម្ពុជា។

លោកបន្តថា “រាជធានីភ្នំពេញប្រៀបបីដូចជាពាងមូយ មានទឹកពេញបណ្តើរៗហើ​យ លើផ្នែកខ្លះក្នុងវិស័យអចលនទ្រព្យ ហេតុនេះខេត្តកណ្តាល ដែលស្ថិតនៅកៀកនឹងរាជធានីភ្នំពេញ នឹងទទួលបានផលមុនគេ”។លោកបន្តថា “ផ្លួវខ្សែក្រវ៉ាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គំរោងទីក្រុងរណបនានាបាន និងកំពុងធ្វើឲ្យខេត្តកណ្តាលក្លាយជាចំណុចកណ្តាលមួយ នៃផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល និងវិស័យឯកជន”។

លោកយិន លាងគង់បានបន្តថា ការពង្រីកសក្តានុពល តាមរយៈគោលនយោបាយជាតិនានា ដើម្បីរុញប្រទេសទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ បានក្លាយជាត្រីវិស័យមួយយ៉ាងសំខាន់ សម្រាប់ផែនការចង្អុលទិសដល់វិស័យឯកជន ដែលអាចគូសវាសនិងមានផែនទីអភិវឌ្ឍដោយត្រឹមត្រូវមួយ ហើយខេត្តកណ្តាលនឹងទទួលបានផលមុនគេ បន្ទាប់ពីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ដីនៅតាមបណ្តាស្រុកសំខាន់ៗ ព័ទ្ឋជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា។

លោកបន្តថា ខេត្តកណ្តាលព័ទ្ឋជុំវិញរាជធានីភ្នំពេញ ដែលមានសក្តានុពលជាច្រើន ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ កំពង់ផែលំដាប់អន្តរជាតិ ការបញ្ចប់ផ្លូវជាតិលេខ១ ដែលជាផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”៕

អ្នកជំនាញអចលនទ្រព្យលំដាប់ជាតិ អន្តរជាតិប្រមាណ១៥០០នាក់នឹងចូលរួមក្នុងកិច្ចប្រជុំសមាគមអចលនទ្រព្យអាស៊ាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិមកពីតំបន់អាស៊ាន អឺរ៉ុប សហរដ្ឋអាមេរិកជាដើម នឹងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះនឹងមានការថ្លែងសន្ទរកថា បើកដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព៌តមានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានឲ្យដឹងថា កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ – ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី ៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។

កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនី​រ័ត្ននឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំនេះ ដែលរហូតមកទល់ពេលនេះអ្នកចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ មានប្រមាណ១៤០០នាក់រួចហើយ និងរំពឹងកើនឡើ់ងបន្តទៀត។

លោកបន្តថា “កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញពីបច្ចេកទេសនៃការវាយតម្លៃអចលនទ្រព្យនៅតំបន់អាស៊ាន ក៏ដូចជាការបង្ហាញពីសក្តានុពលនិងឱកាសវិនិយោគពីកម្ពុជា ទៅកាន់អ្នកវិនិយោគជាតិ អន្តរជាតិដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ”៕

រដ្ឋបាលខេត្តកណ្តាលសហការជាមួយក្រុមហ៊ុនជប៉ុននឹងបំពាក់អំពូលភ្លើង LED លើផ្លូវសាធារណៈក្នុងខេត្តកណ្តាល

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋបាលខេត្តកណ្តាល សហការជាមួយក្រុមហ៊ុនជប៉ុនមីនីបៀ ដើម្បីគាំទ្រគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ឱ្យបានគ្រប់គ្រាន់លើផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល លោកគីម រឹទ្ធី អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅក្នុងខេត្តកណ្តាល។

ក្នុងការជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ជប៉ុន មីនេបៀដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED ព្រមទាំងធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ ។

តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះ លោកអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សា ពីទីតាំងភូមិសាស្រ្តដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លឺក្នុង ដែលគ្រោងនឹងធ្វើការវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តកណ្តាលយើងនេះ។

លោកគឹម រិទ្ឋីបានថ្លែងនូវការអរគុណ ចំពោះតំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ ដែលមានបំណងធ្វើការវិនិយោគ ភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ រដ្ឋបាលខេត្តសង្ឃឹមថា ក្រុមហ៊ុននឹងបន្ធូបន្ថយនូវតម្លៃសមស្រប ទៅនឹងបរិបទនាពេលបច្ចុប្បន្ន នៅកម្ពុជា ក៏ដូចជាអ្វីដែលដែលបានពិនិត្យ និងពិភាក្សាគ្នាពីមុន និងពេលនេះដើម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលើគម្រោងមួយនេះ ដើម្បីដាក់ឱ្យដំណើរការ។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តកណ្តាល សូមគាំទ្រនឹងសហការផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសារធារណៈ នៅក្នុងខេត្តកណ្តាល ដែលនឹងរៀបចំឡើងនាពេលខាងមុខ ក្រោយពិនិត្សសិក្សា និងឯកភាពគ្នាលើគម្រោងមួយនេះរួចរាល់៕