ផ្លូវជាតិលេខ១១ តម្លៃជិត១០០លានដុល្លារតភ្ជាប់រវាងព្រៃវែង ត្បូងឃ្មុំត្រៀមបើកសម្ភោធ

ដោយ៖ សុផារី

ព្រៃវែងៈ ផ្លូវជាតិលេខ១១ ដែលមានតម្លៃជិត១០០ លានដុល្លារ តភ្ជាប់ពីខេត្តព្រៃវែងដល់ខេត្តត្បូងឃ្មុំ ត្រៀមបើកប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រុមមន្រ្តី និងថ្នាក់ដឹកនាំខេត្តទាំងពីរកាលពីថ្ងៃទី២៤ ខែវិច្ឆិកា នេះ អាជ្ញាធរបានចុះទៅពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ការចុះពិនិត្យទីតាំងដើម្បីត្រៀមពិធីសម្ពោធ កំណាត់ផ្លូវប្រវែងជិត ១០០ គីឡូម៉ែត្រស្ថិតនៅក្រុងព្រៃវែង ដោយមានវត្តមានពីលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ រួមទាំងអភិបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវជាតិលេខ១១ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុច ប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង)។ ផ្លូវនេះមានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវមេប្រវែង៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណាត់ផ្លូវលេខ ១១ ជាកំណាត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដោយចំណាយទឹកប្រាក់ចំនួនជាង៩៨លានដុល្លារ អាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅចុងឆ្នាំ២០២០៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគមានតម្លៃទឹកប្រាក់ប្រមាណ៥៤៤លានដុល្លារអាមេរិក

ដោយ: ម៉ាលីស

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគំរោងវិនិយោគចំនួន១៤ ជាមួយទុនវិនិយោគសរុបចំនួន ៥៤៤លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ស្ថាប័ននេះបានឲ្យដឹងថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។

២- EM AUTOMOBILE CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥១៥កន្លែង។

៣-SCHNEITEC WESTERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ មានទុនវិនិយោគប្រមាណ ១១១​លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៧កន្លែង។

៤-SCHNEITEC NORTHERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ មានទុនវិនិយោគប្រមាណ៣៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៤០កន្លែង។

៥-SMART TEX GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៨០កន្លែង។

៦-REMONDA (CAMBODIA) APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០៣កន្លែង។

៧-CATHAYA INDUSTRY (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៤៤ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៧កន្លែង។

៨-HENGWIN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

៩-JW ZHONGRUN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

១០-WTX LEADING FASHION CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ០៩៩៤ ផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦១កន្លែង។

១១-CLOTHO (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។

១២-HUN TY REAL ESTATE CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៣០កន្លែង។

១៣-KULARA WATER CO., LTD: គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៧កន្លែង។

១៤-SUN PLEASURE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤០កន្លែង៕

ក្រុមហ៊ុន CHESTERTONS ពង្រីកវត្តមានមកកម្ពុជា ខណៈទីផ្សារមានតម្រូវការកាន់តែខ្ពស់

ដោយៈសុផារី

ភ្នំពេញៈ ក្នុងគោលដៅពង្រីកទីផ្សារសកល និងបង្ហាញវត្តមាននៅកម្ពុជា ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសចំណាស់ជាង២០០ឆ្នាំនេះ ត្រូវបាននាំចូលមកដោយក្រុមហ៊ុន Z1 Group Company។

ក្រុមហ៊ុន CHESTERTONS ដែលមានអាយុកាល២១៦ឆ្នាំ បានបន្ថែមសាខាអន្តរជាតិថ្មីមួយក្នុងគម្រោង “បណ្តាញដ៏រឹងមាំចំនួន១០០”របស់ខ្លួន ដោយការដាក់ការិយា​ល័យថ្មីមួយនៅក្នុងប្រទេសកម្ពុជា។ ការទិញយកក្រុមហ៊ុន Focus Property Co ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បង្ហាញពីការឆ្ពោះទៅមុខជំហានដំបូង របស់ក្រុមហ៊ុននៅក្នុងទីផ្សារ “ដ៏សំខាន់ និងរីកចម្រើន” មួយនេះ មុនការគ្រោងទុកការពង្រីកនៅទូទាំងតំបន់។

សម្រាប់ការបើកដំណើរការក្រោមឈ្មោះ CHESTERTONS CAMBODIA នៅដើមឆ្នាំ២០២២ ខាងមុខនេះ ក្រុមហ៊ុនមានបុគ្គលិកចំនួន៥៥នាក់ ដែលនឹងត្រូវដឹកនាំដោយលោក MEATH CHY និងលោកស្រី CHANTHOU SAM ហើយផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មពេញលេញ ជាមួយនឹងការគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយឯកទេស។

ទន្ទឹមនឹងនេះដែរ ក្រុមការងារនៅក្នុងទីក្រុងឌូបៃត្រូវបានពង្រីក ដោយការចូលរួមពីរបស់អតីតនាយកក្រុមហ៊ុន Savills គឺ លោក Lucy Bush ក្នុងតំណែងនាយកទីភ្នាក់ងារ រួមជាមួយនឹងអតីតសហការីពីក្រុមហ៊ុន Savills លោកស្រី Hannah Worrall និងលោក Nicola Milton មកពី CBRE។

មានរាយការណ៍ពីការកើនឡើងចំនួន៥០% សម្រាប់តម្លៃនៃប្រតិបត្តិការ resi ក្នុងត្រីមាសចុងក្រោយ ដោយលើកឡើងពីគំនិតផ្តួចផ្តើមទិដ្ឋាការថ្មី ដ៏គួរឱ្យទាក់ទាញដែលជាកត្តាសំខាន់។

លោក Salah Mussa ប្រធានក្រុមហ៊ុន CHESTERTONS បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយ ក្នុងការប្រកាសពីការបើកដំណើរការ CHESTERTONS CAMBODIA នាពេលខាងមុខ ហើយសូមស្វាគមន៍ Focus Property មកកាន់គ្រួសារ CHESTERTONS ដែលមិនធ្លាប់មាន។ ក្នុងនាមជាដៃគូចុងក្រោយបំផុតក្នុងការចូលរួមជាមួយក្រុមហ៊ុនរបស់យើង CHESTERTONS CAMBODIA នឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញ និងជំនាញដ៏ធំទូលាយរបស់យើង ហើយដែលជាការពិតណាស់ម៉ាកយីហោ CHESTERTONS ល្បីល្បាញពេញពិភពលោក។ ការផ្តោតសំខាន់របស់ក្រុមទៅលើការគ្រប់គ្រងអចលនទ្រព្យ បង្ហាញពីធនធានបន្ថែមដែលអាចប្រើប្រាស់បាន។

លោក SALAH MUSSA បានបញ្ជាក់ថា “ក្នុងពេលជាមួយគ្នានេះ ក្រុមលក់លំនៅ ដ្ឋានរបស់យើង នៅក្នុងទីក្រុងឌូបៃកំពុងដើរនៅលើផ្លូវរីកចម្រើន ហើយយើងរីករាយក្នុងការស្វាគមន៍ Lucy Hannah និង Nicola មកកាន់ក្រុមហ៊ុន CHESTERTONS”។ លោក​បន្តថា “យើងរំពឹងថាក្រុមឌូបៃនឹងបន្តពីរីកចម្រើន ក្រោមការដឹកនាំរបស់ពួកគាត់”។

លោកបានថ្លែងថា “ការប្រកាសទាំងនេះ គឺជាឧទាហរណ៍បន្ថែមទៀតនៃការរីកចម្រើនដ៏គួរឱ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន CHESTERTONS GLOBAL ។ ក្នុងរយៈពេល១២ខែចុងក្រោយនេះ យើងមានវត្តមានបន្ថែមនៅក្នុងទីផ្សារថ្មីចំនួន៧ ហើយឥឡូវនេះដំណើការនៅក្នុងប្រទេសចំនួន១៥ជុំវិញពិភពលោក។ យើងមិនមានគម្រោងឈប់ត្រឹមហ្នឹងទេ និងនៅតែសង្ឃឹមថានឹងបន្តសន្ទុះដ៏ធំធេងនេះ ជាមួយនឹងការរីកចម្រើនរបស់ពិភពលោកបន្ថែមទៀត ដូចដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២ និងបន្តទៅមុខទៀត”។

ជាមួយគ្នានេះ អ្នកស្រី Grace Rachny Fongអគ្គនាយិកាក្រុមហ៊ុន Century21 Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់ Z1 Group Companyបានមានប្រសាសន៍ថា ការនាំយកនូវម៉ាកយីហោធំមកពីចក្រភពអង់គ្លេសនេះ គឺស្របពេលទីផ្សារគ្រប់គ្រងអចលនទ្រព្យកាន់តែមានតម្រូវការ និងមានសារៈសំខាន់ ដើម្បីធ្វើឲ្យតម្លៃអចលនទ្រព្យនិមួយៗកាន់តែបង្កើនតម្លៃ មានផាសុខភាព ដើម្បីធ្វើឲ្យអ្នករស់នៅមានអារម្មណ៍ប្រកបដោយស៊ីវិល័យ និងសុវត្ថិភាព។

អ្នកស្រីបន្តថា “ទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួន មានតម្រូវការសេវាកម្មគ្រប់គ្រងកាន់តែច្រើន ដើម្បីជម្រុញការលើកស្ទួយការគ្រប់គ្រង អចលនទ្រព្យកាន់តែល្អប្រសើរ និងមានស្តង់ដាខ្ពស់”៕

សម្ដេចតេជោស្នើឲ្យវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ

ដោយ: ម៉ាលីស

ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញ។

ក្នុងជំនួបជាមួយ លោកង្វៀន ហ៊ុយតាំង (Nguyen Huy Tang )អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក Nguyen Huy Tang ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋវៀតណាមប្រចាំកម្ពុជានាពេលនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជានិងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេល នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បានកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្ត ឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។

លើសពីនេះទៅទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតវៀត ណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះ ហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ និងបានជូនពរឲ្យ លោក Nguyen Huy Tang ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា៕

សម្តេចតេជោៈ កម្ពុជាបាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេស

ដោយៈ ជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញភាពជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រងជំងឺកូវីដ១៩ និងសក្តានុពលមួយចំនួន ដែលជាអំណោយផលដ៏ប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។
ថ្លែងក្នុងពិធីបើកវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប” លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់ទាក់ទាញការវិនិយោគ និងការធ្វើធុរកិច្ច។ វេទិកានេះ មានការចូលរួមពីអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជាច្រើននៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធដឹកជញ្ជូន ទាំងផ្នែកទន់ និងរឹង ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

ក្នុងវេទិកាដែលកម្ពុជារំពឹងថា ជាឱកាសសម្រាប់ក្រសោបបេះដូងអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចនៅតំបន់អាស៊ី និងអឺរ៉ុបនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកបង្ហាញផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលា​យ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ ហ៊ុន សែនថ្លែងបន្តថា “ការវិវត្តជាវិជ្ជមានខាងលើនេះ កំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាពប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អឺរ៉ុប”។

ក្នុងសុន្ទរកថាបើកវេទិកា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ដែលជាជំងឺរាតត្បាតមួយនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រា​ប់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការធ្វើធុរកិច្ច។ ដូច្នេះការយកឈ្នះលើជំងឺឆ្លងសាកលមួយនេះ គឺជាការនាំមកនូវអំណោយផលខ្ពស់សម្រាប់ការវិនិយោគ ការធ្វើពាណិ​ជ្ជ​កម្ម និងការធ្វើធុរកិច្ចផងដែរ។

សម្តេចតេជោ បានជម្រាបវេទិកាដ៏មានសារៈសំខាន់នាព្រឹកថ្ងៃនេះថា ជាមួយការគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ហើយនោះ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបាន ក្នុងអត្រាជាង ៨៨ភាគរយ នៃចំនួនប្រជាជន ក្នុងប្រទេសសរុប ១៦លាននាក់ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅតែពីបង្ហាញនូវភាពជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលំអលើវិស័យនានា ដើម្បីទាក់ទាញអ្នកវិនិយោគ និងជួយសម្រួលដល់ការធ្វើធុរកិច្ច៕

មហាយក្សចិនកាន់តែឡើងកូត ពេលអាមេរិកស្នើសុំឱ្យក្រុងប៉េកាំងជួយបញ្ចេញស្តុកប្រេងគួរឱ្យភ្ញាក់ផ្អើល

ដោយៈសុខុម

សៀងហៃ: សហរដ្ឋអាមេរិក និងប្រទេសចិន តែងតែប្រជែងគ្នា ឬអាចនិយាយបានថាវ៉ៃគ្នាមិនឈប់ ដែលមិនខុសពី Tom និង Jerry នោះឡើយ។ ហេតុនេះហើយ ពិភពលោកពិតជាភ្ញាក់ផ្អើលណាស់ ពេលធ្លាយដំណឹងថា មហាអំណាចទាំង២នេះកំពុងតែត្រូវរ៉ូវគ្នា។

យោងតាមសារព័ត៌មាន Global Times ដែលចុះផ្សាយនៅថ្ងៃពុធ ទី២៤ វិច្ឆិកា នេះឱ្យដឹងថា ពេលនេះសហរដ្ឋអាមេរិក កំពុងតែ “ងាកទៅពឹងបាក់ឱ្យប្រទេសចិនឲ្យជួយ” បញ្ចេញស្តុកប្រេងខ្លះ ដើម្បីទប់អតិផរណាដែលកំពុងហក់ឡើងនៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្នើសុំឱ្យបណ្ដាប្រទេសប្រើប្រាស់ប្រេងធំៗបំផុតមួយចំនួនរបស់ពិភពលោក រួមមាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងមហាយក្សចិន ពិចារ​ណាជួយបញ្ចេញប្រេងច្រើនលានបារ៉ែល ពីស្តុកប្រេងជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីធ្វើឱ្យតម្លៃប្រេងចុះថោក និងដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

ជាការឆ្លើយតប ការិយាល័យស្តុកប្រេងរបស់ប្រទេសចិន និយាយថា ពេលនេះខ្លួនកំពុងធ្វើការជុំវិញការបញ្ចេញស្តុកប្រេងឆៅ ប៉ុន្តែមិនបានឆ្លើយបំភ្លឺឡើយជុំវិញសំណើរបស់សហរដ្ឋអាមេរិក។

កាសែតចិន Global Times បានចុះផ្សាយថា អតិផរណាកំពុងតែគំរាមកំហែងដល់គណបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ។

កាសែតនេះបានបន្ថែមទៀតថា “ជាលទ្ធផលរដ្ឋការរបស់លោក ចូ បៃឌិន នឹងត្រូវងាកទៅពឹងពាក់ប្រទេសចិនជាថ្មីម្តងទៀត។ នេះជាទិសដៅដែលផ្តល់ផលប្រយោជន៍ដល់ទាំងអស់គ្នា ប៉ុន្តែច្បាស់ណាស់ថា ប្រទេសចិន កាន់តែមានឥទ្ធិពលជាងមុន”។

សហរដ្ឋអាមេរិក និងមហាយក្សចិន ខ្វែងគំនិតគ្នាច្រើនរឿងណាស់ រួមមាន ដូចជាជុំវិញប្រភពដើម នៃការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ វិធានស្ដីពីពាណិជ្ជកម្ម និងការប្រកួតប្រជែង ឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលរីកកាន់តែធំរបស់រដ្ឋាភិបាលក្រុងប៉េកាំង និងការដាក់សម្ពាធកាន់តែខ្លាំងរបស់ខ្លួនលើកោះតៃវ៉ាន់ ព្រមទាំងបញ្ហាជាច្រើនទៀត។

ទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងប្រធានាធិបតី ស៊ី ជីនភីង បានសន្ទនាគ្នាយ៉ាងយូរតាមរយៈ Video Conference កាលពីសប្ដាហ៍មុន ដែលមជ្ឈដ្ឋានទូទៅ មើលឃើញថាជាកិច្ចប្រឹងប្រែងរួមមួយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដែលល្អក់កកររវាងប្រទេសមហាអំណាចទាំង២៕ The Edge Markets ៕

សារមន្ទីរអូឡាំពិកថ្មីមួយ នឹងបង្កើតឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមជំនួយពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី

ដោយ: ម៉ាលីស

ភ្នំពេញៈ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងពត៍មានអោយដឹងថា សារមន្ទីរអូរឡាំពិកថ្មីមួយ នឹងកើតមាននៅក្នុងសំណង់ប្រវត្តិសាស្ត្រកីឡាថ្មីរបស់កម្ពុជា គឺពហុកីឡ​ ដ្ឋានជាតិមរតកតេជោ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយការរៀបចំសារមន្ទីរអូឡាំពិកនេះ ក្រោមជំនួយរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី។

នេះជាផលប្រយោជន៍មួយ នៅក្នុងចំណោមផលប្រយោជន៍ធំៗចំនួន៣ ដែលគណៈប្រតិភូកីឡាកម្ពុជាទទួលបាន នៅក្នុងបេសកកម្មនៃមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសអមដំណើរលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ ណ៍ និងជាប្រធាន NOCC និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញវិលត្រ​លប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន មានប្រសាស៍ថា នៅក្នុងបេសកកម្មអន្តរជាតិនេះ គឺទី១-កម្ពុជាបានចូលរួមមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិ ទ្ធិ។ ទី២-កម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩។

ទី៣-កម្ពុជាទទួលបានជំនួយមួយចំនួន លើផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសម្រេចផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមជ្ឈមណ្ឌលអូឡាំពិកដ៏ធំមួយ ផ្ទុកនូវឯកសារប្រវត្តិ នៃចលនាអូឡាំពិកជាតិរបស់យើង ហើយក៏ជាកន្លែងប្រមូលតាំងបង្ហាញ សម្រាប់ការស្រាវជ្រាវនូវឯកសារកីឡាធំៗ អ្នកល្បីល្បាញនៅលើពិភពលោកផងដែរ។ នេះគឺជាលទ្ធផលធំៗចំនួន៣ ដែលកម្ពុជាទទួលបានពីអង្គមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ ប្រចាំឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន បានចាត់ទុកថា “នេះជាបេសកកម្មជោគជ័យដ៏ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យគណៈប្រតិភូកីឡាកម្ពុជា ចូលរួមក្នុងបេសកកម្មនាពេលនេះ ទទួលបានលទ្ធផលជោគជ័យ ប្រកបដោយមោទនភាពបំផុត”។

នៅក្នុងពិធីចុះហត្ថលេខាទទួលសិទ្ធិម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នេះ លោក ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់-ទទួលសិទ្ធិជាផ្លូវការរួមគ្នាជាមួយប្រធានស្តីទី ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេ​សអារ៉ាប់រួម ដោយទទួលបានការការគាំទ្រ អបអរសាទរពី៤៥ប្រទេស នៃទ្វីបអាស៊ី៕

បើកកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបសម្ដេចតេជោ ហ៊ុន សែន លើកឡើង៥ចំណុចសំដៅស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា លើកឡើង៥ចំណុចសំដៅស្តារឡើងវិញ នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ “ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤”។

សម្តេចបានមានបញ្ជាក់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបនាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះថា ទំហំសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប មានចំណែកប្រមាណ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល ខណៈទំហំពាណិជ្ជកម្ម មានប្រមាណជា៥៥ភាគរយនៃពាណិជ្ជកម្មសកល។

សម្តេចបានមានប្រសាសន៍ថា ជាទិសដៅទៅមុខ ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបាន រំពឹងថានឹងស្រាកស្រាន្តនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពា​ណិ​​ជ្ជកម្ម ធុរកិច្ច និងវិនិយោគ ឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្តារ និង ជំរុញការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ឡើងវិញ ។

ទោះជាយ៉ាងនេះក្តី ពិភពលោកនៅតែប្រឈម នឹងបញ្ហាស្មុគស្មាញផ្សេងៗទៀត ដែលរួមមាន (១). ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល (២). ការលេចឡើងកាន់តែច្បាស់ នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ (៣). ការធ្លាក់ចុះផលិតភាពសកល (៤). ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ (៥). ចរន្តកាន់តែខ្លាំង និងលឿន នៃការផ្លាស់ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និង (៦). ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម ។

សម្តេចបានលើកឡើងនូវទស្សនៈមួយចំនួន សំដៅស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចខាងក្រោមដូចជា ទី១. ក្នុងក្របខណ្ឌពហុភាគី យើងសង្កេតឃើញថា ប្រទេសមួយចំនួននៅមានទស្សនៈ ខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់ និង សកល ។ ក្នុងន័យនេះ យើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហា ក្នុងគ្រប់ វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើង ប្រកបដោយចីរភាព និងបរិយាបន្ន។

ទី២. ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន ។ ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ ផ្គត់ផ្គង់សកល ខ្ញុំយល់ឃើញថា តំបន់យើងទាំងពីរ ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ជាពិសេស ការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទាញយកសក្តានុពល ជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប ។

ទី៣. ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច ។

អាស្រ័យហេតុនេះ យើងត្រូវរួមគ្នាទាញយកប្រយោជន៍ ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេស ដែលមានកម្រិត នៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ច ឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មី ដែលរឹងមាំ ។

ទី៤. ជាមួយគ្នា ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយផងដែរ ។ ប្រការនេះ ទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធាន មនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោត ជាសំខាន់លើការជំរុញដល់ការចាប់យក សក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ជាដើម តាមរយៈការលើក កម្ពស់ការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ។

ទី៥.ការជំរុញការអភិវឌ្ឍបៃតង ក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម​-សេដ្ឋកិច្ច សម្រាប់រយៈពេលវែង ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ ទៅនឹងអាកាសធាតុ ។ ក្នុងន័យនេះ យើងត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុង ក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះ ជាពិសេស ការជំរុញវិស័យឯកជន ឱ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើក ទឹកចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង៕

រំជើបរំជួលក្រោយរដ្ឋាភិបាលចិន ប្រកាសផែនការដាក់ចេញគោលនយោបាយយកពន្ធលើអចលនទ្រព្យទូទាំងប្រទេស

ដោយៈសុខុម

ប៉េកាំង: បន្ទាប់ពីមហាយក្សចិន ប្រកាសផែនការដាក់ចេញគោលនយោបាយយកពន្ធលើអចលនទ្រព្យទូទាំងប្រទេស ដើម្បីដោះស្រាយបញ្ហាវិសមភាពសង្គម ដែលរីកកាន់ធំឡើងៗ ស្រាប់តែមជ្ឈដ្ឋានទូទៅ បានផ្ទុះការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហានេះ។

យោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៣ វិច្ឆិកា ឱ្យដឹងថា មជ្ឈដ្ឋានទូទៅក្នុងប្រទេសចិន បានសម្ដែងការព្រួយបារម្ភថា ផែនការយកពន្ធលើអចលនទ្រព្យ ដែលជាផ្នែកមួយនៃយុទ្ធនាការរបស់ប្រធានាធិបតី ស៊ី ជីនភីង ក្នុងការជំរុញឱ្យពលរដ្ឋចិន មានជីវភាពធូរធាទាំងអស់គ្នានេះ មិនអាចជួយអ្វីបានឡើយ។

ពួកគេបានបន្ថែមទៀតថា ក្រៅពីមិនអាចជួយអ្វីបាន វានឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលកំពុងតែដុនដាប នឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀត ហើយវានឹងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក ព្រមទាំងសាយភាយពេញពិភពលោក។

ទោះជាយ៉ាងណា គោលនយោបាយយកពន្ធលើអចលនទ្រព្យនេះ នឹងមិនចូលជាធរមានភ្លាមៗនោះទេ ហើយប្រទេសចិន នឹងអនុវត្តគម្រោងសាកល្បងដំបូងនៅរយៈពេល៥ឆ្នាំខាងមុខនៅក្នុងទីក្រុងមួយចំនួន។

ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានថ្លែងកាលពីខែសីហា ថា “យើងត្រូវតែសកម្មជានិច្ច នៅក្នុងការជំរុញច្បាប់ស្ដីពី ពន្ធលើអចលនទ្រព្យ និងការធ្វើកំណែទម្រង់ ព្រមទាំងអនុវត្តកម្មវិធីសាកល្បងផងដែរ”។

នៅពេលនោះលោកស៊ី ជីនភីង បានបង្ហាញចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយបរិយាប័ន្នរបស់លោកថា លោកមានបំណងដឹកនាំប្រជាជនចិន ឆ្ពោះទៅរកភាពមានបានទាំងអស់គ្នា ហើយពន្ធលើអចលនទ្រព្យ គឺស្ថិតក្នុងចំណោមគោលនយោបាយមួយចំនួន ដើម្បីសម្រេចបានគោលដៅដូចបានបញ្ជាក់ពីខាងលើ។

ក្រោមសេចក្ដីព្រាងច្បាប់ស្ដីពីពន្ធលើអចលនទ្រព្យនេះ អចលនទ្រព្យមិនថាជាប្រភេទលំនៅដ្ឋាន ឬមិនមែនជាលំនៅដ្ឋាននោះទេ គឺនឹងត្រូវយកពន្ធដោយផ្អែកទៅតាមតម្លៃជាក់ស្ដែងរបស់វា ប៉ុន្តែសម្រាប់គ្រួសារនៅទីជនបទ គឺត្រូវបានលើកលែងជាពិសេស៕ South China Morning Post៕

ទស្សនាថ្ងៃរះ ថ្ងៃលិចនៅកោះខ្យងនាទឹកដី ខេត្តកោះកុង

ដោយៈគង់ សិរីជេស៊ីកា

កោះកុងៈ ឋានសួគ៌ធម្មជាតិ បានបង្កប់ខ្លូននៅកន្លែងជាច្រើន ពិសេសតំបន់ឆ្នេរកម្ពុជា ដែលពោរពេញដោយឆ្នេរខ្សាច់ដ៏ស្រស់ត្រកាល ទឹកសមុទ្រខៀវស្រងាត់ និងជីវចម្រុះទឹកប្រៃដ៏សម្បូរបែប។

រមណីយដ្ឋានកោះខ្យង ជាកូនកោះមួយដែលស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះ​កុង ហើយក៏ជាកន្លែងសំរាក Camping បែប chill chill ជាមួយធម្មជាតិដ៏ស្រស់ត្រកាល និងដើមដូងដុះពាសពេញ ជាមួយនឹងដុំថ្មតូចធំតាមមាត់ឆ្នេរនៃកោះ។ សម្រាប់កោះមួយនេះ មិនមានទំហំធំនោះទេ ដើរតែ៥នាទីគឺបានមួយជុំកោះបាត់ទៅហើយ ប៉ុន្តែកោះមួយនេះ បានផ្តល់អារម្មណ៍ល្អបែបស្ងប់ស្ងាត់មួយ ជាមួយនឹងទេសភាព៣៦០ដឺក្រេតែម្តង បើមិនជឿរ មើលតែរូបទៅ។

យើងអាចមើលឃើញទាំងថ្ងៃរះ និងថ្ងៃលិចនៅលើកោះមួយនេះ (vibe ណាស់និយាយមែន) ជាមួយនឹងខ្យល់សមុទ្យដ៏រំភើយ ដែលមិនផ្តល់ភាពស្អិតដូចនៅមាត់ឆ្នេរដទៃ។ ឯសម្រាប់ម្ហូបអាហារ និងការស្នាក់នៅ(តង់) គឺតម្រូវអោយអ្នកទៅលេងត្រៀមរបស់ទាំងអស់នោះដោយផ្ទាល់ខ្លួន ហើយក៏អាចបង្កើតភ្នក់ភ្លើងនៅយប់បាន ជុំគ្នាយ៉ាងសប្បាយផងដែរ។

• ទីតាំង: កោះខ្យង ស្រុកស្រែអំបិល ខេត្តកោះកុង
ធម្មជាតិដ៏ត្រកាល ទស្សនាថ្ងៃរះពេលព្រឹកព្រលឹម អាំងគ្រឿងសមុទ្រស្រស់ៗបរិភោគជាអាហារពេលព្រឹក បន្ទាប់ពីចាកចេញពីតង់ដ៏កក់ក្តៅ។ បន្ទាប់មកយើងជិះទូកទទៅស្ទូចត្រីកម្សាន្ត មុនពេលទស្សនាថ្ងៃរៀបលិច ដែលចាំងព៌ណមាសលើផ្ទៃសមុទ្រមានរលកតូចៗ ពិតជាមានអារម្មណ៍យ៉ាងម៉េចដែរ? សម្រាប់អ្នកស្រលាញ់ធម្មជាតិ??៕