អនុវិស័យអចលនវត្ថុកម្ពុជា ត្រូវបានព្យាករណ៍ក្នុងកម្រិតទាប២,៤ ភាគរយក្នុងឆ្នាំ២០២១ និង៤,៨ ភាគរយក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងងើបឡើងក្នុងកម្រិតទាប ប្រមាណ២,៤ ភាគរយ ក្នុងឆ្នាំ២០២១ និង៤,៨ ភាគរយក្នុងឆ្នាំ២០២២ ដោយសារការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគនិងតម្រូវការក្នុងស្រុកដែលមានតម្លៃទាបនិងមធ្យមនឹងបន្តរក្សាកំណើនល្អប្រសើរ។

នេះបើតាមការលើកឡើងរបស់លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (ASEAN Valuers Association – AVA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការចូលរួមពីគណៈប្រតិភូមកពី៨ប្រទេសជាសមាជិកអាស៊ាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។

យ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ការព្យាករណ៍ទាំងអស់នេះស្ថិតក្នុងការប៉ាន់ស្មាននៅឡើយ ដោយសារហានិភ័យនៃការរីករាលដាលនៃរលកថ្មីនៃវីរុសកូវីដ១៩ ដែលមានសភាពកាន់តែកាចសាហាវ នៅតែបន្តជាបញ្ហាប្រឈមដល់ការអភិវឌ្ឍន៍សកលលោកនិងតំបន់។

ជាមួយគ្នានេះ តាមការព្យាករណ៍ក្នុងឆ្នាំ ២០២១ និង២០២២ សេដ្ឋកិច្ចសកលនឹងងើបឡើងវិញក្នុងអត្រា ៥,៩ ភាគរយ និង៤,៩ ភាគរយរៀងគ្នា រួមមាន សហរដ្ឋអាមេរិកក្នុងអត្រា៦ភាគរយ និង៥, ភាគរយ ក្នុងប្រទេសចាយប្រាក់អ៊ឺរូ ក្នុង អត្រា៥ និង ៤,៣ ភាគរយរៀងគ្នា។ ដោយឡែក សេដ្ឋកិច្ចប្រទេសចិននឹងកើនក្នុងអត្រា៨និង៥,៦ ភាគរយ ចំណែកតំបន់អាស៊ាននឹងកើបក្នុងអត្រា២,៧ និង ៥,៨ រៀងគ្នា។

ដោយឡែក ស្របទៅនឹងសេដ្ឋកិច្ចសកលសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង ក្នុងឆ្នាំ 2021 ត្រូវបានព្យាករណ៍ថានឹងនៅក្នុងកំណើនទាប ប្រមាណ ២,៤ ភាគរយដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ និងការរំពឹងទុកការងើបឡើងវិញក្នុងកម្រិតទាបនៃតម្រូវការសកលជាមួយនឹងការបន្ធូរបន្ថយវិធានការរដ្ឋបាល ជាដំណាក់ដំណាក់និងការសម្របខ្លួនទៅនឹងគម្លងប្រក្រតីភាពថ្មី នៃកិច្ចដំណើរការសង្គមសេដ្ឋកិច្ច

ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងងើបឡើងក្នុងអត្រា៤,៨ ភាគរយ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងសាកល៕

ម៉ាកយីហោសណ្ឋាគារអន្តរជាតិជាច្រើនកំពុងត្រៀមបើកដំណើរការនៅសិង្ហបុរីដើមឆ្នាំ២០២២

ដោយៈសុខុម

សិង្ហបុរី: ខណៈឆ្នាំចាស់ ២០២១ កាន់តែជិតកន្លងផុតទៅ ម៉ាកយីហោសណ្ឋាគារប្រណីតៗរហូតដល់ទៅ៥ កំពុងត្រៀមបើកដំណើរការសណ្ឋាគារ ក្នុងប្រទេសសិង្ហបុរី នៅដើមឆ្នាំ២០២២ ដើម្បីផ្ដល់ជម្រើសកាន់តែសម្បូរបែប និងបទពិសោធន៍កាន់តែប្រសើរសម្រាប់ភ្ញៀវ ខណៈស្ថានភាពកូវីដ-១៩ កាន់តែធូរស្រាល។

យោងតាមសារព័ត៌មាន CNA ដែលចុះផ្សាយនៅថ្ងៃពុធ ទី២៤ វិច្ឆិកា នេះឱ្យដឹងថា សណ្ឋាគារប្រណីតថ្មីៗទាំងនោះ រួមមានដូចជា សណ្ឋាគារ ARTYZEN CUSCADEN សណ្ឋាគារ HILTON SINGAPORE ORCHARD សណ្ឋាគារ RAFFLES SENTOSA RESORT & SPA សណ្ឋាគារ PULLMAN SINGAPORE ORCHARD និងសណ្ឋាគារ THE SINGAPORE EDITION ។

ក្រុមហ៊ុនបដិសណ្ឋារកិច្ច Artyzen Hospitality Group ដែលមានមូលដ្ឋាននៅក្រុងហុងកុង និយាយថា ខ្លួននឹងបើកដំណើរការសណ្ឋាគារដំបូងរបស់ខ្លួន ក្នុងប្រទេសសិង្ហបុរី នៅឆ្នាំក្រោយ ជាមួយនឹងចំនួនបន្ទប់សរុប១៤២បន្ទប់ ដែលជ្រកខ្លួននៅក្នុងអគារកម្ពស់២០ជាន់។

ទន្ទឹមនេះ សណ្ឋាគារ Hilton Singapore Orchard ក៏នឹងបើកដំណើរការក្នុងប្រទេសនេះ នៅខែមករា ដើមឆ្នាំ២០២២ ដែរ ហើយវានឹងក្លាយជាសណ្ឋាគារធំបំផុតរបស់ម៉ាកយីហោ Hilton ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងចំនួនបន្ទប់សរុប១.០៨០បន្ទប់។

ម៉ាកយីហោ Raffles ក៏នឹងបើកដំណើរការសណ្ឋាគារ Raffles Sentosa Resort & Spa ចំនួន២ផងដែរ។
ចំណែកឯអតីតសណ្ឋាគារ Grand Park Orchard ក៏នឹងត្រូវបើកដំណើរការឡើងវិញដោយប្ដូរឈ្មោះទៅជា Pullman Singapore Orchard ក្រោយការជួសជុលកែលម្អយ៉ាងច្រើន។

ជាចុងក្រោយ សណ្ឋាគារ Edition Hotels ដែលស្ថិតក្រោមម៉ាកយីហោអាមេរិក Marriott International នឹងបើកនៅអតីតទីតាំងសណ្ឋាគារ Boulevard Hotel កម្ពស់៨ជាន់ជាមួយនឹងចំនួនបន្ទប់សរុប១៩០បន្ទប់៕ CNA៕

ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មចាប់ផ្តើមងើបឡើងវិញហើយ ខណៈឥរិយាបទ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការងើបឡើងវិញនៃសេដ្ឋកិច្ច លំហូរនៃទុនវិនិយោគពីក្រៅប្រទេសបណ្តើរៗ កំពុងស្រោចស្រង់ទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មបណ្តើរៗហើយ។

លោក Ken Lo អគ្គនាយកក្រុមហ៊ុន Coldwell Banker Cambodia បានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២៤ វិច្ឆិកាកន្លងមកថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ មានការងើបឡើងវិញបណ្តើរ ដែលភាគច្រើនជាទីផ្សាររបស់ក្រុមហ៊ុនក្នុងស្រុក ដែលពួកគេបានផ្លាស់ប្តូរនិន្នាការ ពីការប្រើប្រាស់ផ្ទះល្វែងធ្វើជាការិយា​ល័យ មកប្រើប្រាស់អគារការិយាល័យជំនួសវិញ។

លោកបន្តថា “ជាមួយនឹងការផ្លាស់ប្តូរឥរិយាបទនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនក៏បានផ្លាស់ប្តូរ ពីការប្រើប្រាស់ការិយាល័យ Grand C មកកាន់ការិយាល័យប្រភេទ Grand B ជំនួសវិញ”។ លោកបន្តថា “អតិថិជនរបស់យើង៨០ភាគរយ ជាអ្នកវិនិយោគក្នុងស្រុក ប៉ុន្តែយើងរំពឹងថា ទីផ្សារបរទេសនឹងកើនឡើងចាប់ពីឆ្នាំ២០២២ខាងមុខនេះ”។

លោក Ken Lo បានបន្តថា ការជួលអគារការិយាល័យធ្វើការ ជាការបង្កភាពងាយស្រួល មានភាពស៊ីវិល័យ ស្តង់ដា មានក្រិតក្រមខ្ពស់ និងមានលក្ខណៈវិជ្ជាជីវៈ ពិសេសពួកគេអាចបង្កើត ឬចងបណ្តាញបែបសហគមន៍ជំនួញមួយ នៅអគារការិយាល័យធ្វើការ​របស់ពួកគេ ព្រោះអគារការិយាល័យជួលនិមួយៗ មានក្រុមហ៊ុនច្រើនបានជួលសម្រាប់ធ្វើការងាររបស់ពួកគេ៕

តើវិនិយោគិនគួរត្រៀមទទួលផលអ្វីខ្លះ ដើម្បីឆ្លើយតបនឹងផែនការពង្រីករាជធានីភ្នំពេញ?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផែនការពង្រីកក្រុងរបស់រាជរដ្ឋាភិបាលបាន និងកំពុងរំកិលទៅមុខជាបន្តបន្ទាប់ ហើយជាការអនុវត្តន៍ជាក់ស្ដែង យើងក៏បានមើលឃើញថារាជធានីភ្នំពេញ កាន់តែមានការរីកសាយភាយជាបន្តបន្ទាប់ ខណៈចំនួនប្រជាពលរដ្ឋចូលមករស់នៅទីក្រុងភ្នំពេញ​មានការរំពឹងថានឹងកើនដល់៦លាននាក់នៅឆ្នាំ២០៣៥។

តំបន់ធ្លាប់ស្ថិតនៅជាយក្រុងនាពេលកន្លងទៅ បានក្លាយជាទីប្រជុំជន ប្រជុំដោយបុរីលំនៅឋាន និងផ្សារទំនើប តំបន់ឧស្សាហកម្ម ។ ដូច្នេះ គម្រោងផែនការពង្រីករាជធានីភ្នំពេញបន្តបន្ទាប់ទៀត តើអ្នកវិនិយោគគួរតែត្រៀមអ្វីខ្លះ ដើម្បីទទួលផលពីការពង្រីករាជធានីរបស់រដ្ឋាភិបាល?។

បើតាមអ្វីដែលគេហទំព័រ Property Area ធ្លាប់បានសម្ភាសន៍ជាមួយនឹងអ្នកជំនា​ញ និងអ្នកវិនិយោគដែលមានបទពិសោធន៍ ក្នុងវិស័យអចលនទ្រព្យក៏បានបង្ហាញទស្សនទានរបស់ខ្លួនថា អ្នកមានទុន ឬមានថវិកាគ្រប់គ្រាន់បានទិញដីនៅតំបន់ជាយៗ រាជធានីភ្នំពេញ ដើម្បីទុកចំណេញនៅពេលអនាគត ឬអាចទុកអភិវឌ្ឍន៍ដោយខ្លួនឯងនៅពេលមានការអភិវឌ្ឍទៅដល់តំបន់ដែលពួកគេបានត្រៀមនោះ។

តាមបទពិសោធន៍ជាក់ស្ដែង តំបន់នៅសង្កាត់ឃ្មួញ កាលពីមុនគឺគ្រាន់តែជាតំបន់វាលស្រែ និងមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែសម្រាប់អ្នកដែលមានចក្ខុវិស័យវែងឆ្ងាយបានទិញដីនៅតំបន់នោះទុកក្នុងតម្លៃថោកៗ ហើយក៏ទទួលបានផលត្រលប់មកវិញ ដោយដីបានឡើងថ្លៃកប់ពពក ធ្វើឱ្យពួកគេកើបលុយមកវិញយ៉ាងក្រាស់ក្រាល។

អ្នកជំនួញអចលនទ្រព្យម្នាក់ដែលលោកសុំមិនបញ្ចេញឈ្មោះ បានជជែកលេងថា កាលពីមុនដី នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ផ្លូវកប់ស្រូវ គឺជាដីស្រែ និងមិនទាន់មានផ្លូវដូចពេលនេះឡើយ ហើយម្ចាស់ដីស្រែ ចេះតែមកស្នើសុំឱ្យជួយទិញដីស្រែមួយប្លង់ៗ ត្រឹម១ជី (មាស) ២ជី ដីខ្លះ៥ជី ហើយក្នុងនោះលោកក៏ចេះតែទិញទុកទៅ ដោយមិននឹកស្មានថាដីនោះ បានហក់ឡើងខ្ពស់បែបនេះទេ ។

លោកបន្តថា “យើងបានលក់ដី ដែលបានទិញពីពលរដ្ឋអស់មួយចំនួន បានប្រាក់វិញ១លានដុល្លារ ហើយយើងក៏យកលុយនោះទៅពង្រីករបរ និងទិញដីទុកជាបន្តបន្ទាប់ទៀត”។ លោកបន្តថា “ការទិញដីដែលមិនសូវមានតម្លៃកាលពីប៉ុន្មានឆ្នាំមុននោះ បែរជាធ្វើឱ្យលោករកកំណប់ឃើញបែបនេះសោះ ដូច្នេះយើងក៏ហ៊ានអះអាង ការទិញដីទុកវាមិនអត់ប្រយោជន៍ទេ ជាពិសេសទិញដីណាដែលគេចង់លក់ឱ្យយើង ពីព្រោះគេមិនលក់ថ្លៃទេ តែបើយើងទៅរកទិញដីដែលគេមិនចង់លក់ គេច្បាស់ជាលក់ក្នុងតម្លៃថ្លៃហើយ។

លោកឧកញ៉ា កាង សុធី អ្នកវិនិយោគនិងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជាក៏បានលើកឡើងផងដែរថា ដីដែលមិនសូវមានការចាប់អារម្មណ៍នៅពេលនេះមានតម្លៃត្រឹម២ ទៅ៣ដុល្លារ ឬ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ វាអាចនឹងហក់ឡើងដល់១០ដុល្លារ២០ដុល្លារឬខ្ពស់ជាងនេះនៅពេលអនាគត ជាពិសេសនៅពេលមានការពង្រីកក្រុងកាន់តែធំ ដោយសារដីនៅកណ្ដាលក្រុងកាន់តែចង្អៀត ហើយដីនៅជាយក្រុងកាន់តែមានតម្លៃនិងហាងឆេងខ្ពស់ ។

សរុបសេចក្តីមកអ្នកមានលុយច្រើន ទិញដីទុកមិនជាការអត់ប្រយោជន៍ឬខាតបង់នោះទេ ប៉ុន្តែការយកលុយពីធនាគារឬប្រភពផ្សេងដើម្បីវិនិយោគ រយៈពេលវែងវាមិនមែនជាការល្អនោះទេ ដោយសារតែលុយដែលយើងមកនោះ គឺត្រូវបង់ការប្រាក់ទៅម្ចាស់ដើមវិញជាប្រចាំខែឬប្រចាំឆ្នាំ ហើយបើសិនជាដីនោះវាឡើងមិនទាន់ ឬក៏ការប្រកាសលក់ដោយប្រើរយៈពេលយូរវានឹងធ្វើឱ្យការប្រាក់កាន់តែច្រើនឡើងៗ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា​ ទីផ្សារអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញ នៅតែមានកំនើនរយៈពេលវែងបន្តទៀត ដោយសារផែនការពង្រីករាជធានីភ្នំពេញ របស់រដ្ឋាភិបាលនៅតែបន្ត សេដ្ឋកិច្ចនៅតែមានភាពរីកចម្រើន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិ​បាលបានធ្វើឡើងជាប់ជាប្រចាំ។

លោកបន្តថា “ការពង្រីករាជធានីភ្នំពេញនាពេលអនាគត នឹងធ្វើឲ្យតម្លៃដីធ្លីបន្តកើនឡើង ដែលហេតុនេះហើយបានជាមានការវិនិយោគលើដីធ្លីច្រើន ព្រោះដីធ្លីនៅមានឱកាសចំណេញខ្ពស់ និងជាការវិនិយោគមានភាពប្រាកដនិយម”៕

កំណាត់ផ្លូវជាតិលេខ២១B ប្រវែង៣គីឡូម៉ែត្រក្នុងក្រុងតាខ្មៅនឹងត្រូវស្ថាបនាឡើងវិញ

ដោយៈ សុធារី

កណ្ដាលៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងនឹងធ្វើការស្ថាបនាកំណាត់ផ្លូវជាតិលេខ២១B (ផ្លូវលេខ១១៥ា) ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ (ស្ពានព្រែកហូរ) ទល់នឹងរង្វង់មូលនាគ ស្ពានព្រែកសំរោង ក្រុងតាខ្មៅដែលមានប្រវែងប្រមាណជា៣គីឡូម៉ែត្រ ឱ្យបានល្អរឹងមាំស្របតាមស្តង់ដា ក្រោយរងការខូចខាតដោយសារឡានដឹកខ្សាច់កិនកម្ទេចជារៀងរាល់ថ្ងៃ។

លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកចុះពិនិត្យស្ថានភាពផ្លូវនេះ ដើម្បីសិក្សាមើលទៅលើការស្ថាបនា មានគម្រោងពង្រីកផ្លូវនេះឱ្យធំទូលាយ សិក្សាពីផលប៉ះពាល់ដំណោះស្រាយផ្សេងៗ ធ្វើយ៉ាងណាដើម្បីធ្វើផ្លូវមួយខ្សែនេះ ឱ្យបានធំទូលាយស្អាត រឹងមាំ ស្របតាមស្តង់ដា។

លោកក៏បានព្រមានវិធានការផ្លូវច្បាប់ផងដែរ ចំពោះក្រុមឡាន ម្ចាស់ដេប៉ូខ្សាច់ ថ្ម គ្រួស ទាំងឡាយណាដែលហ៊ានល្មើស និងអំពាវនាវឱ្យមានការចូលរួមគោរព ច្បាប់ទាំងអស់គ្នា ពិសេសចៀសផុតពីការដឹកលើសទម្ងន់ ដឹកមិនគ្រប ខ្សាច់ហូរប្រឡាក់ថ្នល់ ដែលជាហេតុនាំឱ្យកើតបញ្ហាជារឿងៗ។

ទោះយ៉ាងណា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកសរសើរពីការអភិវឌ្ឍនៅមូលដ្ឋានក្រុងតាខ្មៅផងដែរ ដែលចាំបាច់ត្រូវការខ្សាច់ ថ្ម គ្រួសជាដើម ហើយណែនាំឱ្យមានការដឹកជញ្ជូន ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ ដើម្បីរួមគ្នាបញ្ចៀសការបំផ្លាញផ្លូវ និងបំផ្លាញបរិស្ថានជាដើម៕

ខេត្តកំពតនឹងមានផ្សារបណ្តែតទឹកជាលើកដំបូង បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកធំមូយត្រៀមចាប់ផ្តើមវិនិយោគ

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ គម្រោងរមណីយដ្ឋានលំហែរ ដីឡូត៍ខ្នាតធំ និងផ្សារទំនើបបណ្តែតទឹកនឹងត្រូវសាងសង់លើផ្ទៃដី៤០ហិកតា ក្នុងក្រុងកំពតនាពេលឆាប់ៗខាងមុខនេះ។

បើតាមអ្នកវិនិយោគគំរោងដែលដាក់ឈ្មោះ Kampot River Park បានបង្ហើបឲ្យដឹងកាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកាកន្លងមកថា គំរោងនេះស្ថិតនៅក្នុងផែនការមេ ដែលបាននិងកំពុងរៀបចំ ដោយវាមានទីតាំងនៅចម្ងាយ ប្រមាណ៣គីឡូម៉ែត្រពីរង្វង់មូលធុរេន ក្នុងទីក្រុងកំពត។

លោកឧកញ៉ាតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុន R Investment Group ដែលកំពុងរៀបចំគម្រោងនេះបានមានប្រសាសន៍ឲ្យដឹងថា ជាមួយនឹងផែនការចូលររួមលើកស្ទួយទេសចរ​ណ៍ក្នុងខេត្តកំពត លោកបាននិងកំពុងទាក់ទាញអនិកជនខ្មែររស់នៅបរទេស ចូលមករស់នៅ និងវិនិយោគនៅកម្ពុជាវិញ។

លោកបន្តថា “គំរោងនេះ មានដីឡូត៍ទំហំ២០គុណ៣០ម៉ែត្រ ដែលមានផ្លូវពីមុខ និងព្រែកពីខាងក្រោយ សម្រាប់គ្រប់ដីឡូត៍ទាំងអស់”។

លោកឧកញ៉ាបានបន្តថា គំរោងនេះមានផ្សារបណ្តែតទឹក មានសណ្ឋាគារ ភោជនី​យដ្ឋានលំដាប់ផ្កាយ៥ចំនួន៤ និងលំដាប់ផ្កាយពីរចំនួនពីរ ជាមួយនឹងផ្លូវ ស្ពាន និងរៀបចំឡើងតាមស្តង់ដាអន្តរជាតិ ដោយមានដៃគូសហការពីក្រៅប្រទេស។

លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា “អ្វីដែលលោកធ្វើគឺជាការជម្រុញសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ ជាខេត្តមានសក្តានុពលលើធនធានធម្មជាតិដ៏ស្រស់ត្រកាល”។​លោកបន្តថា “គំរោងនេះនឹងបើកសម្ភោធនៅពេលចុងឆ្នាំនេះ ប៉ុន្តែលោកមិនទាន់បង្ហើបឲ្យ​ដឹងពីតម្លៃគំរោងដីឡូត៍និមួយៗនៅឡើយទេ៕

ស្ពានតភ្ជាប់កោះពេជ្រ កោះនរា និងស្ពានតភ្ជាប់ផ្លូវជាតិលេខ១កំពុងសម្រេចបានតាមផែនការ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្ពានសាងសង់តភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរា និងស្ពានតភ្ជាប់ពីកោះនរា ទៅកាន់ផ្លូវជាតិលេខ១ បាននិងកំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ វិច្ឆិកាកន្លងមកថា រហូតមកទល់ពេលនេះ ការសាងសង់សរសេរស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរា សម្រេចបានប្រមាណ៧០ភាគរយហើយ និងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។

ចំណែកស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១បានសាងសង់សរសេរស្ពានរួច១០០ភាគរយហើយ ដែលស្ពាននេះនឹងបញ្ចប់នៅឆ្នាំ២០២២។

លោកបន្តថា “ស្ពានទី២ដែលមានប្រវែង៥០ម៉ែត្រនេះ នឹងចេញមកផ្លូវជាតិលេខ១នៅតំបន់មុខពេទ្យជោរ៉ៃ ដែលវានឹងជួយសម្រួលការកកស្ទះចរាចរណ៍ នៅផ្លូវជាតិលេខ១យ៉ាងច្រើននាពេលអនាគត”។ លោកបន្តថា “បច្ចុប្បន្នមន្ទីរសាធារណៈការរាជធានីភ្នំពេ​ញកំពុងសិក្សាពីលំហូរចរាចរណ៍ ដែលស្ពានទាំងពីរនេះមិនអនុញ្ញាត្តឲ្យរថយន្តដឹងទំនិញឆ្លងកាត់ឡើង ប៉ុន្តែអនុញ្ញាត្តឲ្យប្រភេទទេសចរណ៍ឆ្លងកាត់បាន”។

លោកទូច សំណាងបានបន្តថា ស្ពានទី២នេះ ជាប្រភេទស្ពានភ្លោះដែលនឹងសម្រួល​ការធ្វើដំណើរចេញចូលនៅពេលសាងសង់ចប់ ខណៈការចាក់ដីបំពេញទីក្រុងកោះនរាទាំងមូល នឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុងនឹងបញ្ចប់នៅ​ចុងឆ្នាំ២០២៣ខាងមុខនេះ។

ទីក្រុងកោះនរាមានទំហំសរុប១២៥ហិកតា ដែលវិនិយោគដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកOCIC ជាក្រុមហ៊ុនដែលកំពុងវិនិយោគទីក្រុងរណបធំៗចំនួន៣រួមមានទីក្រុងកោះពេជ្រ ទីក្រុងកោះនរា និងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត៕

រដ្ឋាភិបាលកម្ពុជាបង្ហាញជំហរពីការចូលរួមប្រកបដោយស្ថាបនានិងសហប្រតិបត្តិការពីអាមេរិក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រមុខកាទូតជាន់ខ្ពស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់មន្រ្តីជាន់ខខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថា កម្ពុជាចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកម្ពុជា-អាមេរិក ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។

ការបង្ហាញអំពីជំហរកម្ពុជា បានធ្វើឡើងក្នុងការសន្ទនាតាមទូរស័ព្ទរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ។

យោងតាមសេចក្តីប្រកាសក្រសួងការបរទេសបញ្ជាក់ថា ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយដល់កម្ពុជាលើវិស័យនានា លោកឧប​នាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម ចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។

កន្លងទៅសហរដ្ឋអាមេរិក តែងវាយប្រហារកម្ពុជាជាបន្តបន្ទាប់ តាមវិស័យសារព័ត៌មាន និងវិស័យមួយចំនួនទៀត។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដោយឯកតោភាគីលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដោយចោទថា ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ហើយថា ជាការអនុវត្តច្បាប់ Global Magnitsky។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធយ៉ាងដាច់អហង្ការ ចំពោះការទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ។

សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ក្នុងការសន្ទនាតាមទូរស័ព្ទដដែលនេះ ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។
លោកឧបនាយករដ្ឋមន្ត្រី និងលោកទីប្រឹក្សា Chollet ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា ។ល៕

ការធ្លាក់ចុះចំនួនកប៉ាល់ដឹកទំនិញរបស់ចិន កំពុងបង្កការឈឺក្បាលថ្មីចុងក្រោយសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

ដោយ: ម៉ាលីស

បរទេសៈ កប៉ាល់នៅក្នុងដែនទឹករបស់ចិន កំពុងថយចុះយ៉ាងខ្លាំងដែលអ្នកតាមដានឧស្សា​ហកម្មបានលើកឡើងថា វានឹងបង្កើតការឈឺក្បាលមួយទៀត សម្រាប់ខ្សែស ង្វាក់ផ្គត់ផ្គង់ពិភពលោក។

ភាពឯកោកាន់តែខ្លាំងឡើងរបស់ប្រទេសចិន ពីពិភពលោកទាំងមូល រួមជាមួយនឹងការមិនទុកចិត្តពីសំណាក់បរទេសកាន់តែខ្លាំង បាននាំអោយមានការស្តីបន្ទោសផងដែរពីការធ្លាក់ចុះនូវចំនួនចរាចរណ៍កប៉ាល់នៅទូទាំងពិភពលោក។

ក្រុមអ្នកវិភាគនិយាយថា ពួកគេបានផ្តើមកត់សម្គាល់ ពីការធ្លាក់ចុះនៃចរាចរណ៍ដឹកជញ្ជូន រហូតដល់ដំណាច់ខែតុលា ខណៈដែលប្រទេសចិនបានរៀបចំ ដើម្បីអនុម័តច្បាប់គ្រប់គ្រងភាពឯកជនទិន្នន័យ។

ជាធម្មតាមានប្រព័ន្ឋគ្រប់គ្រងទិន្នន័យ របស់ក្រុមហ៊ុនដឹកជញ្ជូនអាចតាមដានកប៉ាល់ទូទាំងពិភពលោក ដោយសារតែពួកគេត្រូវបានបំពាក់ប្រព័ន្ធ កំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ ឬ ឧបករណ៍បញ្ជូន AIS។

ប្រព័ន្ធនេះ អនុញ្ញាតឱ្យកប៉ាល់បញ្ជូនព័ត៌មាន – ដូចជាទីតាំង ល្បឿន វគ្គសិក្សា និងឈ្មោះ – ទៅកាន់ស្ថានីយ៍ដែលមានមូលដ្ឋាន នៅតាមបណ្តោយឆ្នេរសមុទ្រ ដោយប្រើវិទ្យុប្រេកង់ខ្ពស់។ ប្រសិនបើកប៉ាល់ ស្ថិតនៅក្រៅជួរនៃស្ថានីយ៍ទាំងនោះ ព័ត៌មានអាចត្រូវបានផ្លាស់ប្តូរតាមរយៈផ្កាយរណប។

ប៉ុន្តែវាមិនកើតមាននៅក្នុងប្រទេស ដែលមានឋានៈសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ដែលជាតួអង្គសំខាន់ ក្នុងពាណិជ្ជកម្មពិភពលោកនោះទៅវិញ។ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ចំនួននាវាដែលបញ្ជូនសញ្ញាពីប្រទេសនេះ បានធ្លាក់ចុះជិត៩០ភាគរយ នេះបើយោងតាមទិន្នន័យ ពីក្រុមហ៊ុនផ្តល់ទិន្នន័យដឹកជញ្ជូនសកល VesselsValue ។

Charlotte Cook អ្នកវិភាគពាណិជ្ជកម្មនៅ VesselsValue បាននិយាយថា “បច្ចុប្បន្នយើងកំពុងមើលឃើញ មានការថយចុះឧស្សាហកម្មយ៉ាងទូលំទូលាយ នៅក្នុងសញ្ញា AIS នៅលើដីនៅក្នុងប្រទេសចិន”៕ ប្រភព: CNN៕

ផ្លូវជាតិលេខ១១ តម្លៃជិត១០០លានដុល្លារតភ្ជាប់រវាងព្រៃវែង ត្បូងឃ្មុំត្រៀមបើកសម្ភោធ

ដោយ៖ សុផារី

ព្រៃវែងៈ ផ្លូវជាតិលេខ១១ ដែលមានតម្លៃជិត១០០ លានដុល្លារ តភ្ជាប់ពីខេត្តព្រៃវែងដល់ខេត្តត្បូងឃ្មុំ ត្រៀមបើកប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រុមមន្រ្តី និងថ្នាក់ដឹកនាំខេត្តទាំងពីរកាលពីថ្ងៃទី២៤ ខែវិច្ឆិកា នេះ អាជ្ញាធរបានចុះទៅពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ការចុះពិនិត្យទីតាំងដើម្បីត្រៀមពិធីសម្ពោធ កំណាត់ផ្លូវប្រវែងជិត ១០០ គីឡូម៉ែត្រស្ថិតនៅក្រុងព្រៃវែង ដោយមានវត្តមានពីលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ រួមទាំងអភិបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវជាតិលេខ១១ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុច ប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង)។ ផ្លូវនេះមានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ក្នុងនោះរួមមាន ផ្លូវមេប្រវែង៨៦,៨០៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ស្លាប ក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយផ្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។

កំណាត់ផ្លូវលេខ ១១ ជាកំណាត់ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បន្ថែមទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដោយចំណាយទឹកប្រាក់ចំនួនជាង៩៨លានដុល្លារ អាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅចុងឆ្នាំ២០២០៕