ដោយ៖ សុខុម
ញូវយ៉កៈ គោលនយោបាយគ្រប់គ្រងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងមានការ “បន្ធូរបន្ថយជាងមុនច្រើន” ប៉ុន្មានខែបន្ទាប់ពីប្រទេសចិន បានចាប់ផ្តើមកសាងជំហរដ៏រឹងមាំនៅក្នុងការដោះស្រាយបញ្ហាបំណុលរបស់វិស័យនេះ។
នេះបើយោងតាមការទម្លាយឱ្យដឹងពីក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអន្តរជាតិ BNP Paribas Asset Management ដែលជាបុត្រសម្ព័ន្ធមួយនៃធនាគារបារាំង BNP Paribas Group។
លោក Jean Charles Sambor ប្រធានផ្នែកចំណូលថេរក្នុងទីផ្សាររីកចម្រើនឆាប់រហ័សនៃក្រុមហ៊ុន BNP Paribas Asset Management (BNPPAM) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានលើកឡើងថា ក្រុមហ៊ុនលោកមានសុទិដ្ឋិនិយមថា គោលនយោបាយគ្រប់គ្រងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងមានការបន្ធូរបន្ថយជាងមុនច្រើន ព្រោះពួកលោកបានចូលរួមពាក់ព័ន្ធនៅក្នុងវិស័យនេះ។
វិស័យអចលនវត្ថុរបស់ប្រទេសចិន បានទទួលរងសម្ពាធយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីវិធានស្តីពីការផ្ដល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងក្នុងឆ្នាំ២០២០ ក្នុងគោលបំណងទប់បំណុលដែលគរដូចភ្នំនៅក្នុងវិស័យនេះ ប៉ុន្តែជាលទ្ធផលបានធ្វើឱ្យវិស័យនេះជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ និងថែមទាំងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងភាពរង្គោះរង្គើទៀតផង។
សន្ទស្សន៍ទីផ្សារភាគហ៊ុនអចលនទ្រព្យប្រទេសចិន CSI China Mainland Real Estate Index បានធ្លាក់ចុះដល់ទៅ២៨%កាលពីឆ្នាំ២០២១ ហើយក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ធំៗបំផុតដែលកំពុងស្ថិតក្នុងដំណើរការរៀបឥណទានឡើងវិញ ព្រមទាំងរចនាសម្ព័ន្ធដឹកនាំផងនោះបានដាំក្បាលចុះរហូតដល់ទៅ៨៩%ក្នុងឆ្នាំ២០២១។
ក្រុមហ៊ុន China Evergrande ជំពាក់បំណុលគរដូចភ្នំរហូតដល់ទៅប្រមាណ៣០០ពាន់លានដុល្លារអាមេរិក រួមទាំងមូលបត្របំណុលអន្តរជាតិប្រមាណ២០ពាន់លានដុល្លារអាមេរិក ផងដែរ។
លោក Jean Charles Sambor បានគូសបញ្ជាក់ថា ទីផ្សារអចលនទ្រព្យប្រទេសចិន បានទទួលរងសម្ពាធយ៉ាងខ្លាំង ប៉ុន្តែពេលនេះប្រទេសចិន កំពុងប្រឹងប្រែងយ៉ាងខ្លាំងធ្វើយ៉ាងណាឱ្យប្រាកដថា ផ្នែកផ្សេងៗទៀតនៃវិស័យនេះមិនមានហានិភ័យ។
អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា “យើងយល់ថា ២០២២ នឹងក្លាយជាឆ្នាំដែលតំបន់អាស៊ី ទទួលបានកំណើនខ្ពស់ ដោយផ្តោតលើប្រទេសចិន។ ការទទួលបានទិន្នផលខ្ពស់នៅអាស៊ី ជាពិសេសប្រទេសចិន នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៅក្នុងលទ្ធផលប្រាក់ចំណូលថេរក្នុងទីផ្សាររីកចម្រើនឆាប់រហ័សសម្រាប់ឆ្នាំ២០២២ នេះ”៕ Reuters៕