ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋាភិបាលសិង្ហបុរីគ្រោងដាក់លក់ដីដល់អ្នកអភិវឌ្ឍន៍ឯកជនសម្រាប់សាងសង់លំនៅឋានថ្មីចំនួនជាង៤.៥០០យូនីតក្រោមកម្មវិធីលក់ដីរបស់រដ្ឋាភិបាល (GLS) នៅឆមាសទីមួយនៃឆ្នាំ២០២៦ខាងមុខ។
លោក Chee Hong Tat រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ បានមានប្រសាសន៍ឱ្យដឹងថា ការណ៍នេះនឹងធ្វើឱ្យចំនួនផ្ទះឯកជនថ្មីសរុបស្ថិតក្រោមផែនការសាងសង់កើនឡើងដល់ចំនួនជាង៥៨.០០០យូនីត។
លោក Chee បានបន្តថា បណ្តាអ្នកអភិវឌ្ឍន៍ត្រូវផ្តល់ផែនការច្បាស់លាស់ និងចែករំលែកព័ត៌មានអំពីគម្រោងអភិវឌ្ឍន៍របស់ពួកគេ។ រដ្ឋាភិបាលនឹងសម្រួលឱ្យដំណើរការមានភាពសាមញ្ញ។ ដូច្នេះអ្នកអភិវឌ្ឍន៍អាចទទួលបានការអនុម័តសាងសង់លឿនជាងមុន។

លោក Chee បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីប្តេជ្ញាគាំទ្រដល់សេចក្តីប្រាថ្នាចង់មានផ្ទះសម្បែងរបស់ប្រជាជនសិង្ហបុរី។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
លោកបានលើកឡើងថា យើងបានបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានទាំងសាធារណៈ និងឯកជនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយនឹងបន្តជំរុញការផ្គត់ផ្គង់លំនៅឋានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ប្រភព: CNA៕







