ក្រុមហ៊ុនរបស់អេមីរ៉ាតអារ៉ាប់រួម ទិញភាគហ៊ុនក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សមួយនៅទីក្រុងឡុងដិ៍

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Arada របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម គ្រោងទិញភាគហ៊ុនភាគច្រើននៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យពហុមុខងារ Thameside West ក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។

យោងតាមសេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Arada នឹង​កាន់កាប់​ភាគហ៊ុនចំនួន៨០ភាគរយក្នុងគម្រោង Thameside West ស្ថិតនៅ​​តាម​បណ្តោយមាត់ទន្លេ​នៅ​ភាគ​ខាងកើត​នៃទីក្រុង​ឡុងដ៍។

គម្រោងនេះគ្រោងចំណាយទុនវិនិយោគសរុបចំនួន២,៥ពាន់​លាន​ផោន (ប្រមាណ៣,២៩ពាន់​លាន​ដុល្លារអាមេរិក) និង​មានលំនៅឋានយ៉ាងហោចណាស់ចំនួន៥.០០០យូនីត។

ក្រុមហ៊ុន Arada បានគូសបញ្ជាក់ថា ដំណាក់កាលដំបូងនៃគម្រោងនេះត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ផ្ទះចំនួន១.០០០យូនីត ដោយការសាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំ២០២៧ខាងមុខ។

លោក Sultan bin Ahmed Al Qasimi ប្រធានក្រុមហ៊ុន Arada បានមានប្រសាសន៍ឱ្យដឹងថា ការឈានជើងចូលរបស់យើងទៅក្នុងទីផ្សារនេះ ផ្អែកលើទំនុកចិត្តដ៏រឹងមាំរបស់យើងចំពោះទីក្រុងឡុងដ៍ និងភាពទាក់ទាញជាទីក្រុងឈានមុខគេមួយរបស់ពិភពលោក។

ការទិញយកភាគហ៊ុនក្នុងគម្រោង Thameside West បានបង្កើនផលបត្រលំនៅឋាននៅទីក្រុងឡុងដ៍របស់ក្រុមហ៊ុន Arada ដល់ចំនួន១៥.០០០យូនីត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីបង្កើនគម្រោងអភិវឌ្ឍន៍លំនៅឋាននៅទីក្រុងឡុងដ៍របស់ខ្លួនដល់ចំនួន៣០.០០០យូនីតក្នុងរយៈពេល៣ឆ្នាំខាងមុខ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here