ដោយ: សហសេវិក
អន្តរជាតិ: យោងតាមភ្នាក់ងារនានាបានឱ្យដឹងអូស្ត្រាលី ដែលជាប្រទេសមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច នឹងអាចទាក់ទាញបណ្តាអ្នកវិនិយោគអចលនទ្រព្យកាន់តែច្រើនពីទីក្រុងហុងកុង និងចិនដីគោកនៅឆ្នាំ២០២៦ខាងមុខ។
ផ្នែកអចលនទ្រព្យប្រណីតរបស់ប្រទេសនេះក៏ត្រូវបានគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីក្រុមអ្នកមាន ស្របពេលមានការរឹតបន្តឹងជនអន្តោប្រវេសន៍ និងការស្នាក់នៅនៅសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស។
លោកស្រី Freya Watson ប្រធានផ្នែកលក់គម្រោងលំនៅដ្ឋាននៅក្រុមហ៊ុន JLL ប្រចាំប្រទេសអូស្ត្រាលី បានអះអាងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសអូស្ត្រាលីជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកទិញ និងអ្នកវិនិយោគមកពីកោះហុងកុង និងចិនដីគោក។
-->
ស្របពេលមានបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយ ប្រទេសអូស្ត្រាលីផ្តល់ជូននូវរបៀបរស់នៅបែបអន្តរជាតិប្រកបដោយតម្លាភាព និងបើកចំហចំពោះការវិនិយោគ និងជនចំណាកស្រុក។

លោកស្រីបានបន្ថែមថា អតិថិជននៅក្រៅប្រទេសត្រូវបានទាក់ទាញទៅកាន់ប្រទេសអូស្ត្រាលី ដោយសារប្រទេសនេះមានប្រព័ន្ធនៃការអប់រំលំដាប់ពិភពលោក របៀបរស់នៅល្អ និងឱកាសអាជីវកម្ម។
ក្នុងរយៈពេល៣ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៤ ការកាន់កាប់ដីលំនៅដ្ឋានដោយជនបរទេសនៅអូស្ត្រាលីបានហក់ឡើង៤៨ភាគរយដល់ចំនួន៦.២៦៥ក្បាលដី។នេះបើយោងតាមទិន្នន័យផ្លូវការចុងក្រោយបំផុតរបស់ការិយាល័យពន្ធដារអូស្ត្រាលី។
តួលេខនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគបរទេសចំពោះទីផ្សារអចលនទ្រព្យនៅប្រទេសអូស្ត្រាលី ស្របពេលមានការដំឡើងពន្ធខ្ពស់នៅអង់គ្លេស សង្គ្រាមនៅអ៊ុយក្រែន និងការព្រួយបារម្ភអំពីគោលនយោបាយរបស់រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្ន៕ប្រភព: SCMP៕
