រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ជាង៥៤០លានដុល្លារអាមេរិក

ដោយ ៖វឌ្ឍនៈ

ភ្នំពេញ ៖ នៅក្នុងសប្ដាហ៍ទី២នៃខែវិច្ឆិកា២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន១៤ មានទឹកប្រាក់សរុប៥៤១លានដុល្លារអាមេរិក ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី១២ វិច្ឆិកា២០២១នេះ
ក្រុមហ៊ុនទាំង១៤ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចុះបញ្ជីវិនិយោគជាផ្លូវការរួមមាន ៖

១-ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។

២- ក្រុមហ៊ុនEM AUTOMOBILE CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥កន្លែង។

៣-ក្រុមហ៊ុន SCHNEITEC WESTERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ មានទុនវិនិយោគប្រមាណ ១១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧កន្លែង។

៤-ក្រុមហ៊ុន SCHNEITEC NORTHERN CO., LTD: គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ មានទុនវិនិយោគប្រមាណ ៣៣០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០កន្លែង។

៥-ក្រុមហ៊ុន SMART TEX GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៣៨០កន្លែង។

៦-ក្រុមហ៊ុន REMONDA (CAMBODIA) APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០៣កន្លែង។

៧-ក្រុមហ៊ុន CATHAYA INDUSTRY (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៤ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៧កន្លែង។

៨-ក្រុមហ៊ុន HENGWIN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

៩-ក្រុមហ៊ុន JW ZHONGRUN (CAMBODIA) GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

១០-ក្រុមហ៊ុន WTX LEADING FASHION CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ០៩៩៤ ផ្លូវជាតិលេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦១កន្លែង។

១១ក្រុមហ៊ុន -CLOTHO (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។

១២-ក្រុមហ៊ុន HUN TY REAL ESTATE CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ និងផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣០កន្លែង។

១៣-ក្រុមហ៊ុន KULARA WATER CO., LTD: គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៧កន្លែង។

១៤-ក្រុមហ៊ុន SUN PLEASURE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤០កន្លែង៕

រដ្ឋសភាបើកឱ្យដេញថ្លៃគម្រោងសាងសង់អាគាររដ្ឋបាលថ្មីជាជំនួយប្រទសវៀតណាម មានតម្លៃ ២៥លានដុល្លារអាមេរិក

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការចូលរួមដេញថ្លៃ សម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា ក្រោមជំនួយឥតសំណងចំនួន ២៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កម្ពុជាបានទទួលជំនួយឥតសំណងចំនួន ២៥ (ម្ភៃប្រាំ) លានដុល្លារអាមេរិក ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្រាប់ចំណាយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា ហើយមានបំណងអនុវត្តជាផ្នែក នៃប្រាក់ចំណូលសម្រាប់ការទូទាត់តាមកិច្ចសន្យាសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឬឱ្យបានមុនថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩៖០០ ព្រឹក (ម៉ោងនៅកម្ពុជា) នៅបន្ទប់កោះកេរ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕

លោកស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងទាំង៣៣០ក្នុងផែនការមេ

ដោយ៖ សុផារី

ភ្នំពេញ៖ អាស៊ានត្រូវការថវិកា ប្រមាណ២១០ពាន់លានដុល្លារក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣០សម្រាប់ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធប្រកបដោយគុណភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតំបន់ ភស្តុភារកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់។នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧(ATM)។
លោកបានបន្ថែមថា ក្នុងនោះកម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បី អនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។

លោកបានលើកឡើងដូចនេះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧(ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ត្រូវបានដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ចូលរួមពីលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល បានបង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងបញ្ហាអាទិភាពសំខាន់ៗរួមមាន ការបញ្ចប់ពិធីសារដើម្បី អនុវត្តកញ្ចប់សន្យាទី១២ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម ការបញ្ចប់ការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាព អឺរ៉ុប ការដាក់ឱ្យដំណើរការការអនុវត្តពិធីសារទី៧ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់គយអាស៊ាននៃកិច្ចព្រម ព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្រួលដឹកជញ្ជូនទំនិញឆ្លងកាត់ និងការអនុម័តសេចក្តីប្រកាសភ្នំពេញ ស្តីពីការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព ដែលជួយពង្រឹងបន្ថែមដល់ការរួមបញ្ចូលគ្នានៃការដឹក ជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងការធ្វើផែនការប្រើប្រាស់ដីក្នុងតំបន់អាស៊ាន។

លោកក៏បានលើកឡើងផងដែរអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់ អាស៊ានជារៀងរាល់ឆ្នាំ ដែលទាមទារឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការរៀបចំកម្មវិធីប្រកបដោយ និរន្តរភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់៕

ធនាគារហត្ថា និងធនាគារក្រុងស្រ៊ី ចាប់ដៃគ្នា​​ផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសកម្ពុជា និងថៃ

ដោយៈសហការី

ភ្នំពេញៈ ធនាគារហត្ថា និងធនាគារក្រុងស្រ៊ីបានចាប់ដៃគ្នាផ្តល់សេវាកម្មផ្ទេរប្រាក់ភ្លាមៗរវាងកម្ពុជា ថៃដើម្បីពង្រីកវិសាលភាពអាជីវកម្ម នៃសេវាផ្ទេរប្រាក់ឆ្លងប្រទេសក្នុង​តំបន់​អាស៊ីឱ្យកាន់តែទូលំទូលាយ។

ធនាគារ ហត្ថា​ដែល​ជាធនាគារ​ពាណិជ្ជ​ធំ​លំដាប់​ទី៥ នៅ​ក្នុង​ប្រទេសកម្ពុជា​ដោយ​ផ្អែកលើផលប័ត្រ​ឥណទាន បាន​ចាប់​ដៃ​សហការ​ជាមួយ​ធនាគារក្រុងស្រ៊ី (Bank of Ayudhya PCL) ដើម្បី​ពង្រឹងវិសាលភាព​​សេវា​ផ្ទេរប្រាក់ ​ឆ្លង​ប្រទេស​រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ​ឱ្យ​កាន់​តែងាយស្រួល និង​មាន​ប្រសិទ្ធភាពខ្ពស់ តាមរយៈការដាក់ឱ្យដំណើរការនូវ “សេវាផ្ទេរប្រាក់ភ្លាមៗ (Real-Time Transfer)” ដោយប្រើប្រាស់​បច្ចេកវិទ្យា API (Application Programming Interface)។

ការ​បង្កើត​ឱ្យ​មាន “សេវាផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងប្រទេសថៃ”នេះ គឺស្ថិត​ក្នុង​ផែនការយុទ្ធសាស្រ្ត អាជីវកម្មរយៈពេលមធ្យមរបស់ធនាគារ ដែលមាន​គោលបំណង​លើកកម្ពស់បរិយាបន្នហិររញ្ញវត្ថុ និងអភិវឌ្ឍសេវាហិរញ្ញវត្ថុប្រកប ដោយភាពច្នៃប្រឌិត ដោយផ្សារភ្ជាប់​ទៅនឹងតម្រូវការអតិថិជនក្នុងតំបន់អាស៊ី។

លោកស្រី Yingluk Kongkasai, នាយិកាគ្រប់គ្រងប្រតិបត្តិការធនាគារនៃធនាគារក្រុងស្រ៊ីបានមានប្រសាសន៍ថា គម្រោងសហប្រតិបត្តិការ នៃការតភ្ជាប់ប្រព័ន្ធធនាគារដោយផ្ទាល់រវាងធនាគារក្រុងស្រ៊ី និងធនាគារដៃគូជាច្រើនទៀត តាមរយៈ API គឺធ្វើឡើងដើម្បីផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តអាជីវកម្មរយៈពេលមធ្យមរបស់ធនាគារ​ក្រុងស្រ៊ី។

គម្រោងនេះផងដែរ ត្រូវបាន​បង្កើតឡើង ​ដើម្បី​ជាដំណោះស្រាយ​ហិរញ្ញវត្ថុសម្រាប់​អតិថិជនក្នុងប្រទេសថៃ និងតំបន់អាស៊ី ដោយផ្អែកលើបណ្តាញដ៏រឹងមាំរបស់MUFG ដែល​ជាក្រុមហ៊ុន​អាណាព្យាបាល ព្រមទាំងសមត្ថភាព ក្នុងការបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗប្រកបដោយភាពច្នៃប្រឌិត ក្នុង​ការឆ្លើយតបទៅនឹងតម្រូវការអតិជិនទាំងក្នុង និងក្រៅប្រទេស។

ជាការពិតណាស់ សេវាផ្ទេរប្រាក់ឆ្លងប្រទេសនេះ ផ្តល់ជូននូវសេវាដែលរហ័សទាន់ចិត្ត កម្រៃសេវាទាប និងងាយស្រួលជាទីបំផុត។ ធនាគារ ក្រុងស្រ៊ី និងធនាគារ ហត្ថា បានធ្វើការភ្ជាប់ប្រព័ន្ធនៃធនាគារទាំងពីរ តាមរយៈ API ប្រកបដោយ​ជោគជ័យ ហើយគម្រោងនេះ ក៏បានដាក់ឱ្យដំណើរការនូវសេវាផ្ទេរប្រាក់ រវាងប្រទេសថៃ និងកម្ពុជា​ដែលជាជំហ៊ានទីមួយ មុននឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូធនាគារដទៃទៀត ក្នុងតំបន់អាស៊ី។

ជាមួយគ្នា​នេះ​ផងដែរ សេវាផ្ទេរប្រាក់ជាមួយប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាមនឹងដាក់​ឱ្យ​ដំណើរការក្នុង​ឆ្នាំ២០២១នេះ ដោយឡែកសម្រាប់គម្រោងសហការជាមួយប្រទេសផ្សេងទៀតគឺកំពុងស្ថិតក្នុងផែនការនៅឡើយ។”
នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ប្រតិបតិ្តការផ្ទេរប្រាក់ឆ្លងប្រទេស មានសន្ទុះកើនឡើងគួរឱ្យគត់សម្គាល់ ដែលបណ្តាល​មកពី​ការរីកចម្រើនវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ពាណិជ្ជកម្ម E-commerce និងការចល័តកំលាំងពលកម្ម បើទោះបីជាប្រឈមនឹងការរីករាល នៃជំងឺកូវីដ១៩ក៏ដោយ។

ជាមួយគ្នានេះ លោក Wanchairabin Jitwattanatam អនុប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ទោះបីស្ថិតក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ក្តី ក៏ការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាមានចំនួនច្រើនរហូតដល់៧,២ពាន់លានដុល្លារអាមេរិក ហើយការធ្វើពាណិជ្ជកម្មឆ្លងប្រទេសនឹងបន្តកើនឡើងបន្ថែមទៀត។

ក្នុងនោះផងដែរ យើងសង្កេតឃើញថាចំនួនក្រុមហ៊ុន និងសហគ្រិនថៃបានធ្វើការវិនិយោគ និងកំពុងធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះហើយ ភាពជោគជ័យក្នុងការភ្ជាប់ប្រព័ន្ធ API សម្រាប់សេវាផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗរវាងធនាគារក្រុងស្រ៊ី និងធនាគារ ហត្ថា គឺជាឱកាសមួយដ៏ល្អបំផុត ដើម្បីជួយសម្រួលដល់ការធ្វើប្រតិបត្តិការនានា ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ម្ចាស់ក្រុមហ៊ុន និងសហគ្រិនទាំងពីរប្រទេស មានជម្រើសកាន់តែល្អប្រសើរក្នុងការជ្រើសរើសធ្វើប្រតិបត្តិការផ្ទេរប្រាក់​ ដែលប្រក​បដោយភាពងាយស្រួល រហ័ស និងទទួលបានអាត្រាប្តូរប្រាក់ពិសេស ជាមួយនឹងកម្រៃសេវាទាបបំផុត។ ធនាគារជឿជាក់ថានេះគឺជាសេវាកម្មដ៏ល្អបំផុត ដែលអាចជួយសម្រួលដល់​អាជីវកម្ម​របស់​ពាណិជ្ជករ រវាងប្រទេសទាំងពីរ ដោយស្របទៅនឹងទិសដៅអាជីវកម្មរបស់យើងផងដែរ។

កាលពីពេលថ្មីៗនេះ ធនាគារ ហត្ថា ក៏បានដាក់ឱ្យដំណើរការនូវការិយាល័យទំនាក់ទំនងវិនិយោគិនថៃ (Thai Desk Office) ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើអាជីវកម្មរ​បស់ពាណិជ្ជករថៃទាំងអស់នៅក្នុងប្រទេសកម្ពុជា។”

បច្ចុប្បន្ននេះ សេវាផ្ទេរប្រាក់ឆ្លងប្រទេសរវាងប្រទេសថៃ និងកម្ពុជាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នៅក្នុងដំណាក់កាលដំបូងនេះ អតិថិជនអាចផ្ទេរប្រាក់ពីធនាគារ​ហត្ថា ទៅកាន់អ្នក​ទទួលផល​ដែលមានគណនីនៅធនាគារ ក្រុងស្រ៊ីបានយ៉ាងងាយស្រួល។ សម្រាប់អ្នកទទួលប្រាក់នៅប្រទេសថៃ នឹងទទួលបានប្រាក់ផ្ទេរទាំងអស់របស់ខ្លួន នៅក្នុងគណនីសន្សំធនាគារក្រុងស្រ៊ីមិនថា ជារូបិយប័ណ្ណដុល្លារអាមេរិក បាតថៃ ឬយេនជប៉ុន។

អតិថិជននៅក្នុងប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការនៅតាមបញ្ជរធនាគារ ហត្ថា ទាំង១៧៧សាខាទូទាំងប្រទេសកម្ពុជា ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់បានរហូតដល់ ២០០,០០០ដុល្លារអាមេរិកក្នុងមួយប្រតិបត្តិការ (មិនកំណត់ចំនួនប្រតិបត្តិការ និងទំហំប្រាក់​ផ្ទេរក្នុងមួយថ្ងៃឡើយ) ជាមួយនឹងអាត្រាប្តូរប្រាក់ពិសេស និងការផ្តល់ជូននូវកម្រៃសេវាដ៏អស្ចារ្យត្រឹមតែ២.៥ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការតែប៉ុណ្ណោះ ហើយការផ្តល់ជូននេះ មានរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ឆាប់ៗនេះ អតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile បានផងដែរ។

ជាក់ស្តែងធនាគារក្រុងស្រ៊ី បានភ្ជាប់ប្រព័ន្ធAPI ជាមួយនឹងធនាគារ Lao Development Bank (LDB) ព្រមទាំងផ្តល់នូវបច្ចេកវិទ្យា Blockchain Interledger ដើម្បីធ្វើអោយប្រតិបត្តិការផ្ទេរប្រាក់ ឆ្លងប្រទេសរវាងប្រទេសថៃ និងឡាវដំណើរការបានយ៉ាងរលូន ងាយស្រួល និងសុវត្ថិភាពតាមរយៈ Krungsri Biz Online (KBOL) ក្នុងការជួយសម្រួលដល់សហគ្រិន និងក្រុមហ៊ុនពាណិជ្ជកម្មធំៗជាច្រើន។ ស្របពេលជាមួយគ្នានេះដែរ សម្រាប់អតិថិជនធម្មតា ដែលមានបំណងធ្វើការផ្ទេរប្រាក់ឆ្លងប្រទេស ក៏អាចធ្វើការផ្ទេរប្រាក់បាន តាមរយៈ​ KMA – Krungsri Mobile Application ដែលមានភាពងាយស្រួល សុវត្ថិភាព និងអាចជ្រើសរើសរូបិយប័ណ្ណ​ផ្ទេរ រហូតដល់ ១៥រូបិយប័ណ្ណតាមតម្រូវការ។

អំពីធនាគារក្រុងស្រ៊ី
ធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PCL និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំដែលបានធ្វើប្រតិបត្តិការអាជីវកម្ម ជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៦ឆ្នំាមកហើយ។

ធនាគារ ក្រុងស្រ៊ី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន ក៏ដូចជា សម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗ ផ្សេងទៀតនៅលើពិភពលោក។ ធនាគារ ក្រុងស្រ៊ីផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយ នូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផេ្សងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាសហគ្រាសខ្នាតតូច និងមធ្យម និងជាសាជីវកម្មធំៗ តាមរយៈបណ្តាញការិយាល័យ៦៥៦ទីតាំង (ការិយាល័យសាខាចំនួន ៦១៧ទីតាំង និងការិយាល័យស្វ័យធនាគារចំនួន ៣៩ទីតាំង) និងតំណាងចែកចាយចំនួន ៣២,៤០៦ទីតាំងនៅទូទាំងប្រទេស។

ធនាគារ ក្រុងស្រ៊ី គឺជាស្ថាប័ន ដែលបានចេញប័ណ្ណច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រថៃ នៅក្នុងនោះ រួមមាន ប័ណ្ណឥណទានចំនួន៩,៥ លានប័ណ្ណ ការចេញប័ណ្ណសម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ និងសេវាឥណទានផ្ទាល់ខ្លួន គឺជាក្រុមហ៊ុនផ្តល់សេវាឥណទានបង់រំលស់យានយន្ត( ក្រុងស្រ៊ីអូតូ) គឺជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ក្នុងចំណោមក្រុមហ៊ុនដ៏ទៃទៀត និងជាក្រុមហ៊ុនដំបូងគេ ដែលបានផ្តល់ជូនសេវាមីក្រូហិរញ្ញវត្ថុ តាមរយៈក្រុមហ៊ុន Ngern Tid Lor ។

ធនាគារក្រុងស្រ៊ី មានការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព។ គ្រប់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ទាំងអស់ទទួលបានការវាយតម្លៃពីសម្ព័ន្ធភាពសកម្មភាពឯកជន ប្រឆាំងអំពើពុករលួយ (CAC) សហការជាមួយដៃគូពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធរបស់ខ្លួន ដើម្បីធានាបានថាគ្មានអំពើពុករលួយ នៅក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

អំពីធនាគារហត្ថា
ធនាគារហត្ថា បានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ។ នាពេលបច្ចុប្បន្ននេះ ធនាគារហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ មានអតិថិជនសរុបប្រមាណជិត៥០០,០០០នាក់ ទ្រព្យសកម្មកើនឡើង ដល់ជាង១,៨០០លានដុល្លារអាមេរិក ផលប័ត្រឥណទានសម្រេចបានប្រមាណ១,៥០០លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើសន្សំសរុបប្រមាណជា៨៦០លានដុល្លារអាមេរិក។

ធនាគារហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.hatthabank.com
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
Internal and External Communications Department
Bank of Ayudhya PCL
Tel: 02 296 4023
Email: [email protected]

ប្រទេសម៉ាឡេស៊ីនឹងបើកប្រទេសស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី១ ខែមករា

ដោយៈ សុផារី

ម៉ាឡេស៊ីៈ ប្រទេសម៉ាឡេស៊ីនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេស​ចរអន្តរជាតិត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខណៈដែលប្រទេសនេះ កំពុងព្យាយាមធ្វើ ឱ្យវិស័យទេសចរណ៍ ដែលបានប៉ះពាល់យ៉ាងខ្លាំងរបស់ខ្លួនរស់ឡើងវិញ។ នេះបើយោងតាមក្រុមប្រឹក្សាប្រឹក្សារដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍។

ប្រទេសម៉ាឡេស៊ី បានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញជាបណ្តើរៗ ក្នុងប៉ុន្មានស ប្តាហ៍ចុងក្រោយនេះ ដោយសារអត្រាឆ្លងមេរោគកូវីដ១៩បានថយចុះ ចំពេលមានកម្មវិធីចាក់ថ្នាំបង្ការដែលកំពុងកើនឡើង។ តាមរយៈស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ជាងបីភាគបួននៃចំនួនប្រជាជន៣២លាននាក់ របស់ប្រទេសម៉ាឡេស៊ីបានចាក់វ៉ាក់សាំងរួចរាល់ហើយ។

អតីតនាយករដ្ឋមន្ត្រី Muhyiddin Yasasin ប្រធានក្រុមប្រឹក្សាដែលមានភារកិច្ចដឹកនាំកម្មវិធីស្តារសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានប្រាប់អ្នកយកព័ត៌មានថា “ឧស្សា​ហកម្មទេសចរណ៍ កំពុងងើបឡើងវិញយឺតៗ ដោយគ្មានទេសចរបរទេស។ លោកបាននិយាយថា ត្រូវការពេលវេលា ដើម្បីចាប់ផ្តើមអាជីវកម្មឡើងវិញ”។

លោក Muhyiddin បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ វិធានការត្រួតពិនិ ត្យការឆ្លងដូចជាការធ្វើតេស្តកូវីដ១៩ នឹងនៅតែមានជាមួយអាជ្ញាធរ ដើម្បីកំណត់ការចូលដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសដើម និងកត្តាផ្សេងទៀត។

លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ សម្រាប់ការបើកដំណើរការឡើងវិញ នឹងត្រូវប្រកាសនៅពេលណានោះទេ ប៉ុន្តែបាននិយាយថាការសម្រេចចិត្តនៅតែត្រូវបានលម្អិតដោយភ្នាក់ងារសុខភាព និងសន្តិសុខ។

ប្រទេសម៉ាឡេស៊ីក្នុងសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងដាក់ដំណើរការផ្លូវធ្វើដំណើរ ដែលមានវ៉ាក់សាំងជាមួយប្រទេសជិតខាង គឺប្រទេសសិង្ហបុរីនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយអនុញ្ញាតឱ្យការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងរវាងប្រទេសទាំងពីរ៕

បូកគោលែនដ៏គ្រោងប្រកាសលក់គំរោងទី៣ នៅលើផ្លូវជាតិលេខ៤៣ក្នុងខែធ្នូខាងមុខនេះ

ដោយៈ សិរី ជេស៊ីកា

កំពតៈ បន្ទាប់ពីទទួលបានជោគជ័យលើគំរោងទី១ និងទី២ ម្ចាស់គំរោងបូកគោលែនដ៏ បានសម្រេចត្រៀមបើកសម្ភោធ និងលក់គំរោងបូកគោលែនដ៏ទី៣ នៅអំឡុងខែធ្នូខាងមុខនេះ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate ដែលបាននិងកំពុង​វិនិយោគគំរោងបូកគោលែនដ៏ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១១ វិច្ឆិកាកន្លងមកថា ដោយសារទទួលបានទំនុកចិត្ត និងការផ្តល់ភាពកក់ក្តៅដល់អតិថិជន បានធ្វើឲ្យគំរោងរបស់យើងលក់ដាច់បានលឿន និងទទួលបានការជួយផ្សព្វផ្សាយពីអតិថិជនជាបន្តបន្ទាប់ ព្រោះយើងធ្វើពិត និងធ្វើលើសពីអ្វីដែលអតិថិជនរំពឹងទុក។

លោកបន្តថា “ខ្ញុំជាមនុស្សស្រលាញ់ធម្មជាតិបៃតង ខ្ញុំនឹងធ្វើអោយគម្រោង Bokor Land ប្រែក្លាយជាសួនបៃតងដ៏ស្រស់ស្អាត”។លោកបន្តថា “យើងចង់ធ្វើឲ្យអតិថិជនមានដីសាងសង់ផ្ទះលំលែរ មានផាសុខភាព មានសួនច្បារ មានដើមឈើព៌ណបៃតង មានអាងហែលទឹក មានកន្លែងក្មេងលេងកំសាន្ត និងមានសេវាកម្មសន្តិសុខ២៤ម៉ោង ដែលផ្តល់ភាពកក់ក្តៅ និងមានអារម្មណ៍សុខសុវត្ថិភាព”។

លោក Cooler Tan បានបន្តទៀតថា ជាមួយនឹងការកសាងបាននូវទំនុកចិត្ត យើងបាននិងកំពុងផ្តល់ឲ្យអ្នកលក់របស់យើង មិនលំបាកក្នុងការពន្យល់ភ្ញៀវ ឲ្យអតិថិជនរបស់យើងមិនលំបាក ក្នុងការសាកសួរពីហេដ្ឋារចនាសម្ព័ន្ឋនានា ព្រោះអ្នកទិញដីឡួត៍របស់យើងអាចទទួលបាននូវអ្វីដែលពួកគេចង់បាន និងលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរឡើយ៕

អ្នកឧកញ៉ាពុង ឃាវសែៈ ការ​​ចាប់យក​ឱកាស​ ដើម្បី​សិក្សា​បន្ត និង​បង្កើន​សមត្ថភាព​ទើប​អាច​សម្រេចបាន​នូវ​គោលដៅ​​ជោគជ័យ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មហាសេដ្ឋីលំដាប់ Top Ten នៅកម្ពុជា អ្នកឧកញ៉ាពុង ឃាវសែបាននិយាយទៅកាន់យុវជនកម្ពុជាថា ការចាប់យកឱកាសដើម្បីសិក្សាបន្ត និងបង្កើនសមត្ថភាពជាប់ជាប្រចាំប៉ុណ្ណោះ ទើបអាចសម្រេចបាននូវគោលដៅជោគជ័យ។

អ្នកឧកញ៉ាបានមានប្រសាសន៍កាលពីសប្តាហ៍មុន ប្រាប់សារព៌តមានក្នុងស្រុកមួយថា អនាគត​របស់​ពិភពលោក​ គឺជា​កម្មសិទ្ធិ​របស់​យុវជន​ជំនាន់​ក្រោយ​។ ខណៈពេល​វេលា​វិ​វ​ឌ្ឍ​ទៅមុខ រួម​ជា​​មួយ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា របៀប​នៃ​ការអនុវត្ត​ការងារ​របស់​យើង​ ក៏ត្រូវ​ឆ្លងកាត់​ការផ្លាស់ប្តូរ​ផងដែរ​។

លោកបន្តថា “ទោះបីជា​អ្វីៗ​ជាច្រើន​ អាច​ត្រូវបាន​ជំនួស​ដោយ​ទូរស័ព្ទដៃ និង​កុំព្យូទ័រ ដូច​ពេល​បច្ចុប្បន្ននេះ​ក្តី ក៏​គោលការណ៍​នៃ​ការអនុវត្ត​ការងារ​របស់​យើង​ គឺ​មិនបាន​ផ្លាស់ប្តូរ​ទេ​”។ លោកបន្តថា “ភាពស្មោះត្រង់ និង​ការជឿទុកចិត្ត គឺជា​គោលការណ៍​ចម្បង​របស់ខ្ញុំ​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​”។

ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ដែលមាន​ភាព​បើកចំហ តម្លាភាព និង​ភាពស្មោះត្រង់ យើងបានទទួល​ការជឿទុកចិត្ត​ពី​អតិថិជន សាធារណជន និង​ដៃគូ​អាជីវកម្ម​ជាច្រើន ដូច្នេះហើយ​ទើប​យើង​ទទួលបាន​ភាពជោគជ័យដូច​ពេល​បច្ចុប្បន្ននេះ​។

អ្នកឧកញ៉ាពុង ឃាវសែបានបន្តថា ស្រដៀង​គ្នា​នេះដែរ ភាពស្មោះត្រង់​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​ពួកគេ គឺជា​គុណភាព​នៃ​ជំនាញ​វិជ្ជាជីវៈ​របស់​បុគ្គលិក​គ្រប់រូប ដូច្នេះ​ខ្ញុំ​សង្ឃឹមថា យុវជន​ជំនាន់​ក្រោយ​អាច​ទទួល​មរតក និង​បង្កើត​គុណធម៌​ ក្នុងការ​បំពេញការងារ​ដោយ​ឧស្សាហ៍​ព្យា​យាម​។ គន្លឹះ​មួយទៀត ដើម្បី​ភាព​​ជោគជ័យ​ គឺ​ការរៀនសូត្រ​តាមរយៈ​បទពិសោធ​។ មានតែ​តាមរយៈ​ ​។

​អ្នកឧកញ៉ាពុង ឃាវសែបានផ្តល់អនុសាសន៍​ដ៏​សំខាន់​មួយ ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ សូមកុំ​មើលស្រាល​សក្តា​​នុព​ល​របស់​អ្នក ហើយ​សូមកុំ​មើលស្រាល​អនាគត​របស់​អ្នក​។ មនុស្ស​គ្រប់រូប​អាច​សម្រេច​ក្តី​សុបិន​របស់​ពួកគេ​បាន ​តាមរយៈ​ការខិតខំ​ប្រឹង​​ប្រែង​។ គ្រាន់តែ​មានការ​ប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង នោះ​អ្នក​បាន​ដើរ​លើផ្លូវ​ទៅកាន់​ភាព​ជោគ​​ជ័យ​រួចទៅហើយ​។

អ្នកឧកញ៉ាបន្ថែមថា “សម្លឹង​ឆ្ពោះទៅ​ថ្ងៃ​អនាគត ក្មេងៗ​ជំនាន់​ក្រោយ​ប្រាកដ​ជាមាន​អនាគត​កាន់តែ​ភ្លឺ​​ស្វាង​ ជាមួយនឹង​ភាពជោគជ័យ​ដ៏​អស្ចារ្យ​”៕

ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាមានចំនួន១៤៦គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ២,៨៥៣លានដុល្លារអាមេរិក

ដោយៈ សុផារី

ភ្នំពេញៈ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន១៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៨៥៣លានដុល្លារអាមេរិក។

ក្នុងចំណោមគំរោងទាំងនោះ មានគម្រោងវិនិយោគចំនួន៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លានដុល្លារអាមេរិក។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសហការរៀបចំធ្វើការផ្សព្វផ្សាយជូនវិនិយោគិននិងធុរជនជប៉ុន ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងធនាគារមីហ៊ូហូ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

កម្មវិធីនេះត្រូវបានប្រព្រឹត្ត មានការចូលរួមពី លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកម៉ាសាហ៊ីរ៉ូមីខាមី ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន តំណាងធនាគារមីស៊ូហ្វ, ព្រមទាំងតំណាងក្រុមហ៊ុនជប៉ុននៅក្នុង និងក្រៅប្រទេសជប៉ុន រួមទាំងក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាស្រាប់ប្រមាណជិត ៤០០ក្រុមហ៊ុន។

ក្នុងកិច្ចប្រជុំនេះ លោកអ៊ុង រចនាឯកអ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានមាន​ប្រសាសន៍ថា ច្បាប់ស្តីពីវិនិយោគថ្មីនេះនឹងដើរតួនាទីជាត្រីវិស័យ និងមូលដ្ឋានច្បាប់ដ៍រឹងមាំ សម្រាប់វិនិយោគិន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្របពេលដែលកម្ពុជា កំពុងស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវី៥-១៩។

លោក ម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិង បានទទួលយកមតិព្រមទាំងសំណូមពរពីតំណាងផ្នែកឯកជន និងសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា ដើម្បី ប្រមូលធាតុចូល ឱ្យបានគ្រប់ជ្រុងជ្រោយយកទៅដាក់បញ្ចូលក្នុងច្បាប់ថ្មី ស្តីពីវិនិយោគនេះ។

លោកក៏បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា “ការប្រកាសឱ្យប្រើនូវច្បាប់នេះនឹងជាយុទ្ធសាស្ត្រមួយ ដ៍មានប្រសិទ្ធភាព និងទាន់ពេលវេលាក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិនៃជំងឺកូវីដ ១៩ព្រមទាំងធ្វើឲ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញ និងប្រកួតប្រជែងខ្ពស់មួយនៅក្នុងតំបន់សម្រាប់ ការវិនិយោគប្រកបដោយគុណភាព និងចីរភាព”។ លោកបន្តថា ជប៉ុននឹងចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុន មកព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ”។

ចំណែកលោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងសកម្មពីសហគមន៍ធុរកិច្ចជប៉ុននៅកម្ពុជា តាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និង ធនាគារមីហ្សូណូ និងតួអង្គពាក់ព័ន្ធដទៃទៀត ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ច្បាប់នេះ និងជួយជ្រោមជ្រែងការផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយ។
លោកសុខ ចិន្តាសោភា ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការជាប្រចាំរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីយ៉ូហូ ដែលជានិច្ចកាល ដើរតួនាទីជាដៃគូដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយពីកាលានុវត្តភាព និងបរិស្ថានវិនិយោគនៅកម្ពុជាជូន ដល់វិនិយោគិនជប៉ុន៕

ដំណឹងល្អៈរាជរដ្ឋាភិបាលអនុញ្ញាតបើកអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក ឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា

ដោយៈ សុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាល អនុញ្ញាតបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក ឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ចេញផ្សាយក្នុងថ្ងៃទី១១ ខែវិច្ឆិកានេះ។

តាមសេចក្តីប្រកាសព័ត៌មានខាងលើ ក្រសួងណែនាំការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មទារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដើម្បីទប់ស្កាត់ ការវាលដាលនៃជំងឺក្ខុវឹ៥១៨ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

វិធានសុវត្ថិភាពទេសចរណ៍ បែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១ ការត្រៀមលក្ខណៈ មុនការបើកដំណើរការឡើងវិញ ដោយត្រូវត្រួតពិនិត្យ និងវាយតម្លៃ ឱ្យបានហ្មត់ចត់នូវការត្រៀមលក្ខណៈសម្បត្តិ សម្បទា និង របស់អាជីវកម្ម មុននឹងសម្រេចអនុញ្ញាតឱ្យអាជីវកម្មណាមួយបើកដំណើរការ (ដោយត្រូវជូន ដំណឹងដល់ប្រតិបត្តិករជាមុន ដើម្បីឱ្យប្រតិបត្តិករដាក់ពាក្យស្នើសុំ ដំណើរការអាជីវកម្មខារ៉ាអូខ KTV ក្លឹបកម្សាន្តវង្គ សាល-ឌីស្កូតែក)។

ក្រៅពីនេះ ត្រូវបណ្តុះបណ្តាលឱ្យបានហ្មត់ចត់ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកនូវ “វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគខ្នងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្តូតែក” ។

ចំណែកដំណាក់កាលទី២ ការសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំយន្តការដើម្បីបន្តការត្រួតពិនិត្យជាប្រចាំ និងឱ្យបានហ្មត់ចត់លើ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាររប្បបរមា (SOP) តាមគខ្នង ប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ក្រោយពេល សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

ក្នុងករណីដែលម្ចាស់អាជីវកម្ម មិនបានអនុវត្តត្រឹមត្រូវ តាមវិធានសុវត្ថិភាពទេស​ចរណ៍ និងនីតិវិធី ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ(KTV) ក្លឹប កម្សាន្តរង្គសាល-ឌីស្កូតែក រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឱ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ប្រធាន PATA លើកឡើងបញ្ហាប្រឈមចំនួន៥ ទាក់ទងនឹងការទាក់ទាញភ្ញៀវអន្តរជាតិ មកទស្សនាកម្ពុជាពេលរដ្ឋាភិបាលប្រកាសបើកប្រទេស

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) លោកធួន ស៊ីណាន បានលើកឡើងបញ្ហាប្រឈមសំខាន់ៗចំនួន៥ ទាក់ទងនឹងការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលក្នុងការទទួលទេសចរណ៍វ៉ាក់សាំង។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីល្ងាចថ្ងៃទី១១ វិច្ឆិកាកន្លងមកថា “ខ្ញុំប្រឹងស្ដាប់ដោយយកចិត្តទុកដាក់នូវគោលនយោបាយ បើកទទួលភ្ញៀវទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងហើយ ( Vaccineted tourist ) មានបងប្អូនរួមវិស័យទេសចរណ៍ជាច្រើនមិនសប្បាយចិត្ត និងខ្លះក៏សប្បាយចិត្ត”។ លោកបន្តថា “ដោយហេតុរដ្ឋាភិបាលបើកតាមដំណាក់កាលៗ ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូន ហើយរឹតតែយល់ពីរបំណងរបស់រដ្ឋាភិបាលដែរ”។

លោកបានបន្តថា ជាក់ស្តែងយើងមានផលវិបាកមួយចំនួនក្នុងការផ្សព្វផ្សាយដូចជា ១- ការតភ្ជាប់ជើងហោះហើរ ២- គោលដៅ និងផលិតផល ៣- គោលនយោបាយបឋមរបស់រដ្ឋ ៤- មធ្យោបាយក្នុងការផ្សព្វផ្សាយទីផ្សារ ៥-ពេលវេលាខ្លីពេកក្នុងការ ផ្សព្វផ្សាយនែការបើក ល។ល។

លោកធួន ស៊ីណានបានបន្តថា ទាំងអស់នោះជាដើមចោតនែបញ្ហាចំបង់ៗ ក្រុមហ៊ុនអាកាសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការចាប់ផ្ដើម បើមិនមានការចូលរួមយ៉ាងសកម្មពីពូកគេទេ ការបើកសាកល្បងនិងមិនជោគជ័យឡើយ។

ជាមួយគ្នានេះកាលពីដើមសប្តាហ៍នេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានត្អូញត្អែរអំពីការឡើងថ្លៃសំបុត្រយន្តហោះ ដោយលោកស្រីបានមានប្រសាសន៍ថា វាអាចជាកត្តាមួយ ដែលធ្វើឱ្យភ្ញៀវទេសចរពីប្រទេសចិន រារែកក្នុងមកទស្សនានៅកម្ពុជា ពីព្រោះតែតម្លៃសំបុត្រយន្តហោះ បានហក់ឡើងខ្ពស់កបពពក។ លោកស្រីបន្តថា បើយើងវិភាគមែនទែនទៅ កម្រមានភ្ញៀវដែលចំណាយលុយខ្ពស់បែបនេះ គ្រាន់តែជិះយន្តហោះមកលេងកម្ពុជា ហើយត្រូវទៅវិញនោះទេ។

លោកស្រីបន្ថែមថា “អ្នកដំណើរដែលចូលមកកម្ពុជា អាចជាអ្នកដែលមានធុរចាំបាច់ ដែលខានមិនបានទើបគេហ៊ាន ចំណាយលុយទិញសំបុត្រយន្តហោះជិះមក”។ លោកស្រីបន្តថា “បើប្រៀបនឹងការជិះយន្តហោះពីអាមេរិក រហូតដល់២០ម៉ោងក៏មិនមា​ន​តម្លៃខ្ពស់ដូចជិះទៅប្រទេសចិន ដែលចំណាយពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះនោះទេ”។ ត្រង់ចំណុចនេះ យើងនឹងជជែកជាមួយខាងក្រុមហ៊ុន ឬខាងព្រលានយន្តហោះបន្តទៀតដើម្បីសម្រួលទាំងអស់គ្នា”។

លោកស្រីបន្ថែមថា តាមពិតទៅការឡើងថ្លៃសំបុត្រនេះ វាបានឡើងយូរហើយ ពោល គឺចាប់តាំងពីមានផ្ទុះកូវីដ១៩ចុងក្រោយនេះ ដែលមានការរីករាលដាលខ្លាំង ពីព្រោះយន្តហោះមួយ ត្រូវបន្តសកម្មភាពហោះហើរ ជាមួយនឹងអ្នកដំណើរ២០ឬ៣០នាក់ឬក៏អាចបានត្រឹម៥០នាក់។ ដូច្នេះការចំណាយរបស់គេខ្ពស់ ដូច្នេះគេឡើងថ្លៃសំបុត្រដើម្បីកឱ្យខាតច្រើនពេក៕