តម្លៃដីធ្លីក្នុងខេត្តកំពតបន្តឡើងថ្លៃ ស្របពេលរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេស

ដោយៈ សុផារី

កំពតៈ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកាមក ដីធ្លីក្នុងក្រុងកំពតនៅតែបន្តសកម្មភាពលក់ទិញជាហូរហែ ជាពិសេសការវិនិយោគលើវិស័យទេសចរណ៍និងលំនៅដ្ឋាន។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate បានប្រាប់ Property Area Asia នារសៀលថ្ងៃទី៤ វិច្ឆិកាថា ទោះជាមិនមានកូវីដ១៩ តម្លៃដីធ្លីនៅតែបន្តកើនឡើង ពីមួយខែទៅមួយខែកើនឡើងរហូត មិនចាំបាច់ទាល់​តែមានការប្រកាសបើកប្រទេសនោះទេ។ ជាពិសេស ការបើកប្រទេសឡើងវិញកាន់តែធ្វើឱ្យតម្លៃដីធ្លីក្នុងខេត្តកំពត កាន់តែមានប្រជាប្រិយភាពកើនឡើង និងអាចទាក់ទាញវិនិយោគិនក្នុងស្រុកនិងអន្តរជាតិកាន់តែច្រើនថែមទៀត។

លោកបានមានប្រសាសន៍ថា “កាលពីមុនតម្លៃឡើងតិចៗ ឥលូវនេះក្រោយបើកប្រទេសហើយ ខ្ញុំជឿថាតម្លៃនឹងកើនឡើងកាន់តែឡើង ហើយកាន់តែលឿនជាងមុនទៀត”។

លោកបានបញ្ជាក់អំពីតម្លៃដីធ្លីក្នុងក្រុងជាប់ផ្លូវជាតិ មានតម្លៃចាប់ពី៨០ ដល់១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីជាប់ផ្លូវលំតូចៗ មានតម្លៃពី២០ ដល់៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់អ្នកវិនិយោគទិញដីទុកចំណេញ លោកបានណែនាំ៣ តំបន់ដែលមានសក្តានុពលសម្រាប់ថ្ងៃអនាគត ដូចជា ទី១ តំបន់ជាយក្រុងដែលមានផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដូចជា កំពង់ផែទេសចរណ៍។ លោកថា តំបន់នេះនឹងក្លាយជាតំបន់មានសក្តានុពលទេសចរណ៍ខ្លាំង នៅថ្ងៃអនាគត។

ទី២ តំបន់ផ្លូវជាតិលេខ៣ ពីផ្សារកំពតមកភ្នំពេញវិញ ដោយជ្រើសរើសតំបន់ចាប់ពី១៥ គីឡូម៉ែត្រពីផ្សារកំពត។ និងតំបន់ទី៣ តំបន់ផ្លូវជាតិលេខ៣ ចាប់ពីផ្សារកំពតទៅកាន់ភ្នំបូកគោ ចាប់ពី២០ គីឡូម៉ែត្រពីផ្សារកំពត។

សម្រាប់វិនិយោគិន ដែលមកវិនិយោគនៅក្នុងខេត្តកំពត ភាគច្រើនជាវិនិយោគិនក្នុងស្រុកដែលមកវិនិយោគលើវិស័យទេសចរណ៍ ផ្ទះសំណាក់ បឹងកាឡូ រីសត ជាដើម។ ចំណែកវិនិយោគិនបរទេស ភាគច្រើនចូលមកវិនិយោគ ដោយទិញដីទុកចំណេញតែប៉ុណ្ណោះ។ លោកថា កំពតត្រូវការរយៈពេលពី៣ ទៅ ៥ ឆ្នាំ ក្នុងការអភិវឌ្ឍខ្លាំង ហើយវិនិយោគិនបរទេសនឹងធ្វើការអភិវឌ្ឍលើដីដែលគាត់បានទិញ។

ចំណែកលោកសុខ គែន អគ្គនាយកនិងជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Kompot Street Real Estate Co.,Ltd បានមានប្រសាសន៍ថា ចរន្តនៃការលក់ទិញហូរហែរ ទោះបីមិនទាន់មានការបើកប្រទេស និងស្ថិតក្នុងស្ថានភាពកូវីដ១៩ក៏ដោយ។ លោកក៏បានកត់សម្គាល់ឃើញថា បើទោះបីជាចរន្តនៃការលក់ទិញដីធ្លី ក្នុងកំពតមិនមានសន្ទុះខ្លាំងក៏ដោយ ក៏នៅតែមានចរន្តថេរដែរ។

លោកថា អ្នកវិនិយោគភាគច្រើន នឹងទទួលបានមកពីភ្ញៀវក្នុងស្រុក ជាពិសេសមកពីភ្នំពេញដើមឬមកពីខេត្តព្រះសីហនុជាដើម។ សម្រាប់វិនិយោគបរទេស លោកថា “ជារឿងធម្មតាទេ ដែលរាជរដ្ឋាភិបាលប្រកាសបើកប្រទេស និងអនុញ្ញាតិឱ្យវិនិយោគិនបរទេ​សចូលមក ជាពិសេសក្នុងខេត្តកំពត ដែលកន្លងមកភាគច្រើនបានទទួលការវិនិយោគពីវិនិយោគិនប៉ែកអ៊ឺរ៉ុប លើកវិស័យទេសចរណ៍ រីសត អូតែល កំសាន្តជាដើម”។

លោកសុខ គែន ក៏ធ្លាប់បានបញ្ជាក់ពីតម្លៃដីធ្លីក្នុងក្រុងកំពតថា ដីដែលនៅជំនៀជើងភ្នំបូកគោ មានតម្លៃចន្លោះ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីនៅក្បែរមាត់ព្រែកឬជាប់ក្រុង ម្ដុំបរិវេណស្ពានថ្មីព្រែកកំពត និងដីក្នុងកាំរង្វង់កន្លះគីឡូម៉ែត្រជុំវិញក្រុងមានតម្លៃប្រហែល៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែក សម្រាប់ដីធ្វើកសិកម្មវិញ យើងអាចរកទិញបានក្នុងតម្លៃសមរម្យ ប្រហែល២ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងរយៈចម្ងាយ២៥ ទៅ ៣០ គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ស្រុកទឹកឈូ។

លោកបានបន្តថា ចំណែកដីនៅតាមផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៣ ក្នុងកាំរង្វង់៣គីឡូម៉ែត្រពីក្រុងកំពត គេក៏សង្កេតឃើញមានការឡើងច្រើនដែរ ជាពិសេសសម្រា​ប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ចាប់ពីផ្សារកំពតមកកាន់ផ្លូវជាតិ តម្លៃចន្លោះពី ១៨០ ទៅ ២០០ ដុល្លារក្នុងមួយគីឡូម៉ែត្រការ៉េ៕

ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍ចំនួនបីនឹងហោះហើរជាលក្ខណៈជួលមកកម្ពុជានៅក្នុងខែវិច្ឆិកានេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ ទន្ទឹមនឹងការបើកចំហជើងមេឃ និងបើកទទួលទេសចរណ៍អន្តរជាតិនៅចុងខែវិច្ចិកានេះ កម្ពុជាកាន់តែមានក្តីសង្ឃឹម ដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួន៣នឹងហោះហើរជាលក្ខណៈជួលមកកាន់កម្ពុជា។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីព្រលប់ថ្ងៃទី៤ វិច្ឆិកាកន្លងមកថា នៅខែវិច្ឆិកានេះ ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី ក្រុមហ៊ុន Bangkok Airway និងក្រុមហ៊ុន Smell Air នឹងហោះហើរមកកម្ពុជា។

លោកបន្តថា “សំបុត្រយន្តហោះអំឡុងពេលនេះ មានតម្លៃថ្លៃណាស់ ដោយការធ្វើដំណើរពីក្រុងបាងកក មកកម្ពុជាមានតម្លៃចន្លោះពី៦០០ទៅ៧០០ដុល្លារ សម្រាប់ទៅនិងមក”។ លោកបន្តថា “សម្រាប់ខែ១២ខាងមុខ នឹងមានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airwayហោះហើរមកកម្ពុជា”។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខ នឹងមានក្រុមហ៊ុនអាកាសចរណ៍ Bangkok Airway ហោះពីទីក្រុងបាងកក មកកាន់រាជធានីភ្នំពេញចំនួន៤លើកក្នុងមួយស​ប្តាហ៍។លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនក្នុងស្រុកឡានម៉ី ក៏គ្រោងនឹងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកកនាពេលជាមួយគ្នាផងដែរ។

លោកបន្តថា “កាលណាមានអាកាសចរណ៍ហោះហើរ ទេសចរណ៍ដើរហើយ វាជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជា”៕

មហាយក្សចិន ចុះកិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវ LNG ជាប្រវត្តិសាស្ត្រពីសហរដ្ឋមេរិករយៈពេលវែង

ដោយៈសុខុម

ប៉េកាំងៈ ក្រុមហ៊ុនចិន Sinopec បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនអាមេរិក Venture Global LNG ដើម្បីទិញឧស្ម័នធម្មជាតិរាវ (LNG) ៤លានតោនក្នុង១ឆ្នាំសម្រាប់រយៈពេល២០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលចុះផ្សាយនៅថ្ងៃទី៤ វិច្ឆិកា នេះ។

ក្រុមហ៊ុន Venture Global LNG បានចេញសេចក្តីថ្លែងការណ៍ថា នេះគឺជាកិច្ចព្រមព្រៀងទិញឧស្ម័ន LNG រយៈពេលវែងដ៏ធំបំផុត ដែលត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនអាមេរិក។

លោក Mike Sabel នាយកប្រតិបត្តិក្រុមហ៊ុន Venture Global LNG បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី៤ វិច្ឆិកា នេះថា “កិច្ចព្រមព្រៀងលក់នេះ គឺជាប្រវត្តិសាស្ត្រ ហើយវាក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងទំហំរាប់សិបពាន់លានដុល្លារ សម្រាប់រយៈពេលនៃកិច្ចព្រមព្រៀងនេះ”។

នាយកប្រតិបត្តិរូបនេះគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងបង្កើនការនាំចូលឧស្ម័ន LNG របស់ប្រទេសចិន រហូតដល់ទៅទ្វេដង។

ទិន្នន័យគយរបស់ប្រទេសចិនបង្ហាញថា ប្រទេសចិនបាននាំចូលឧស្ម័ន LNG ចំនួន៦,៣២លានតោនពីសហរដ្ឋអាមេរិក ក្នុងរយៈពេល៩ខែមកនេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃនៃកិច្ចព្រមព្រៀង ឬពេលវេលាជាក់លាក់ សម្រាប់ការចាប់ផ្ដើមការផ្គត់ផ្គង់នោះទេ។ ទន្ទឹមនេះក្រុមអ្នកវិភាគរំពឹងថា រោងចក្រនៅសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ឧស្ម័នLNG ដល់ក្រុមហ៊ុនចិន Sinopec នឹងចាប់ផ្ដើមផលិតកម្មនៅឆ្នាំ២០២៤៕ Reuters៕

អ្នកជំនាញអចលនទ្រព្យរំពឹងថាវិនិយោគិនបរទេស៣០ទៅ៤០ភាគរយនឹងចូលមកវិនិយោគនៅកម្ពុជាឡើងវិញ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យក៏ដូចជាវិស័យជាច្រើនទៀត រំពឹងថានឹងមានកំណើនឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស និងអនុញ្ញាតឱ្យជនបរទេស អាចចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញបាន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣ វិច្ឆិកាកន្លងមកថា សម្រាប់ឆ្នាំ២០២១នេះ ដោយសារតែចុងឆ្នាំហើយ ដូច្នេះយើងមិនទាន់រំពឹងថា វិនិយោគិនបរទេសនឹងចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើននោះទេ ប៉ុន្តែនៅដើមឆ្នាំ២០២២ខាងមុខ លោករំពឹងថា វិនិយោគិនបរទេសដែលចូលមកវិនិយោគ នៅក្នុងប្រទេសអាចមានប្រមា​ណពី៣០ ភាគរយទៅ៤០ភាគរយ នៃវិនិយោគិនដែលមានមុនវិបត្តិកូវីដ១៩ ។

លោកបន្តថា សម្រាប់វិនិយោគិនក្នុងស្រុក ដែលមានដើមទុនច្រើនអាចត្រៀមខ្លួនទទួលផល ពីវត្តមានវិនិយោគិនបរទេសចូលមកកម្ពុជាឡើងវិញ ដោយអាចទិញដីនៅជាយៗរាជធានីភ្នំពេញ ដូចជានៅផ្លូវ៥១ ដីជាប់ផ្លូវក្រវ៉ាត់ក្រុង និងដីនៅម្ដុំភ្នំពេញថ្មីជាដើម ។

លោកបន្តថា “អ្នកមានលុយច្រើន អាចទិញទុកតែមួយរយៈពេលខ្លីប៉ុណ្ណោះនឹងទទួលបានប្រាក់ចំនេញត្រលប់មកវិញហើយ”។លោកបន្តទៀតថា “សម្រាប់អ្នកដែលមានដើមទុនតិចតួច អាចទិញនៅតាមបណ្ដាខេត្តសក្ដានុល ដូចនៅខេត្តកំពង់ស្ពឺ នៅតាមផ្នែកខ្លះនៃក្រវ៉ាត់ក្រុងទី៤ ដូចជា ខេត្តកណ្ដាល ខេត្តតាកែវ ដើម្បីទុកធ្វើការអភិវឌ្ឍរយៈពេលយូរ”។

សម្រាប់អ្នកដែលមិនមានហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយយកទុនពីប្រភពផ្សេងដូចជាធនាគារជាដើម អាចយកទៅវិនិយោគលើផ្ទះឬក៏ខុនដូ ពីព្រោះថាអចលនទ្រព្យទាំងនេះ អាចរកចំណូលត្រលប់មកវិញ ពីការជួលឱ្យអ្នកដទៃស្នាក់នៅបាន ហើយជនបរទេសគឺចូលចិត្តស្នាក់នៅក្នុងខុនដូណាស់ គេមិនសូវចូលចិត្តស្នាក់នៅផ្ទះជាប់ដៃនោះទេ ។

ជាមួយគ្នានេះអ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE បានលើកឡើងផងដែរថា សម្រាប់ឆ្នាំ២០២១ ចំនួនជនបរទេសចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា អាចនឹងមានតិចតួបប៉ុណ្ណោះ ដោយសារតែស្ថានភាពកូវីដ១៩នៅមិនទាន់ធូរស្រាលខ្លាំង ប៉ុន្តែសម្រាប់ឆ្នាំ២០២២ខាងមុខ អ្នកនាងជឿថាវិនិយោគិនបរទេស នឹងចូលមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជាឡើងវិញជាក់ជាមិនខានជាពិ សេសទៅលើគម្រោងអភិវឌ្ឍន៍ខុនដូ ។

អ្នកជំនាញ និងអ្នកវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានសុទិដ្ឋិនិយមខ្ពស់ ចំពោះការវិលត្រលប់របស់វិនិយោគិនបរទេស ចូលមកកម្ពុជាជាពិសេសវិនិយោគិនជនជាតិចិន ក្នុងនោះដែរ លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូបបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ៥ឆ្នាំទៅមុខទៀត គ្មានវិនិយោគិនបរទេសណាដណ្ដើមតំណែងវិនិយោគិនចិននៅកម្ពុជា ដែលជាវិនិយោគិនលំដាប់ទី១នោះទេ៕

ដំណឹងល្អៈរដ្ឋាភិបាលចាប់ផ្តើមឲ្យវិស័យឯកជនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋសម្រាប់រថយន្តអគ្គិសនីហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកភ្លើងខៀវជំរុញឱ្យវិស័យឯកជនចូលរួមវិនិយោគរួមគ្នាជាមួយរដ្ឋ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៃស្ថានីយសាកអគ្គិសនីដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ។

លោកបន្តថា “ចំនួនរថយន្តអគ្គិសនី (EV)នឹងកើនឡើងនៅកម្ពុជា នៅប៉ុន្មានឆ្នាំខាងមុខ”។លោកបន្តថា “ការកើនឡើងនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី និងពន្ធនាំចូលរថយន្តអគ្គិសនីមានតម្លៃទាប ជាងពាក់កណ្តាលនៃការនាំចូលរថយន្តធម្មតា និងការផ្គត់ផ្គង់ថាមពលស្អាតកានតែច្រើនឡើង ក្នុងល្បាយថាមពល ជាពិសេសគឺកែច្នៃថ្មរថយន្តចាស់ៗ”។

លោកស៊ុន ចាន់ថុលបានពន្យល់ទៀតថា នេះមិនមែនជាការទទួលខុសត្រូវរបស់ EDC ក្នុងកសាងស្ថានីយ៍សាកអគ្គិសនីទេ។ វិស័យឯកជន គួរចូលរួមជាមួយរដ្ឋាភិបាល ឬគួរវិនិយោគ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់រថយន្តអគ្គិសនី។

បច្ចុប្បន្ន រថយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជា មានចំនួនតិចតួចនៅឡើយ ធៀបនឹងរថយន្តធម្មតាចុះបញ្ជីមានរហូតដល់ជិត១លានគ្រឿង។

តាមផែនការ ការវិនិយោគដំឡើងស្ថានីយ៍ សាកអាគុយរថយន្តអគ្គិសនី នឹងស្ថិតនៅតាមទីតាំងសំខាន់ៗ តាមផ្លូវជាល្បឿនលឿន និងផ្លូវជាតិលេខ៥ជាដើម៕

អ្នកជំនាញអចលនទ្រព្យអាស៊ាន មានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២២ខាងមុខ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យអាស៊ាន លោកច្រឹក សុខនីមបានមានប្រ​សាសន៍ថា ក្រុមអ្នកជំនាញអចលនទ្រព្យអាស៊ាន កំពុងមានសុទិដ្ឋិនិយមអំពីទីផ្សារអច​លនទ្រព្យនឹងងើបឡើងវិញ នៅអំឡុងឆ្នាំ២០២២ខាងមុខនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៤ វិច្ឆិកាកន្លងមកថា តាមការលើកឡើងរបស់អ្នកជំនាញ ក្នុងតំបន់នេះបានអះអាងថា តម្លៃអចល​នទ្រព្យនៅតំបន់នេះ មិនមានការធ្លាក់ចុះនោះទេ អំឡុងវិបត្តិកួវីដរយៈពេល២ឆ្នាំកន្លងមកនេះ ប៉ុន្តែចរន្តនៃការទិញលក់មានការធ្លាក់ចុះ។

លោកបន្តថា “ការទិញ លក់ធ្លាក់ចុះដូចនៅកម្ពុជាដែរ ដោយសារការព្រួយបារម្ភទាក់ទងនឹងជំងឺកូវីដ១៩”។លោកបន្តថា “អ្នកជំនាញអាស៊ានបានបង្ហាញសុទិដ្ឋិនិយមដូចគ្នាថា នៅឆ្នាំ២០២២ និងឆ្នាំ២០២៣វិស័យនេះ នឹងងើបឡើងវិញនិងជាពេលវេលា សម្រាប់ការចាប់ផ្តើមឡើងវិញ”។

លោកច្រឹក សុខនីមបានបន្តថា អ្នកជំនាញក្នុងវិស័យនេះ មកពីបណ្តាប្រទេសក្នុងតំបន់ក៏បានឲ្យដឹងក្នុងសន្និសីទសារព៌តមានផងដែរថា ទីផ្សារអចលនទ្រព្យក្នុងតំបន់នេះ នឹងឈានទៅរកភាពល្អប្រសើរ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីវិស័យនេះបានរងវិបត្តិដោយសារជំងឺកូវីដ១៩។

ទាក់ទងនឹងស្ថានភាពនៅកម្ពុជា អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះផងដែរថា ការបើក​ប្រទេសឡើងវិញរបស់រដ្ឋាភិបាល នឹងជាឱកាសមាសសម្រាប់ការចាប់ផ្តើមឡើងវិញនូវ​សកម្មភាពសេដ្ឋកិច្ច ដែលវិស័យអចលនទ្រព្យនឹងមានការរីកចម្រើនឡើងវិញ ជាបន្តបន្ទាប់នៅពេលឆាប់ៗខាងមុខនេះ ស្របពេលវិស័យនេះ នឹងបន្តរីកចម្រើនរយៈពេលវែង​បន្ថែមទៀតនាពេលអនាគត៕

បច្ចុប្បន្នភាពៈក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជាកំពុងសិក្សាបឋមលើទីតាំងស្ពានជ្រោយចង្វារ ស្វាយជ្រុំ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានថ្លែងថា បច្ចុប្បន្នអ្នកជំនាញការកម្ពុជា និងកូរ៉េកំពុងសិក្សាបឋម ដើម្បីឈានទៅសាងសង់ស្ពានជ្រោយចង្វារ ស្វាយជ្រុំនាពេលខាងមុខនេះ។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៤ វិច្ឆកាកន្លងមកថា ក្រុមការងារជំនាញកំពុងសិក្សាមូលដ្ឋានបឋម ដើម្បីជ្រើសរើសទីតាំងស្ពាន និងទំហំចំណាយសម្រាប់ការសាងសង់ស្ពាននេះ ដែលការសិក្សានេះអាចចំណាយរយៈពេលចន្លោះពី១៦ទៅ១៨ខែ។

លោកបន្តថា “បន្ទាប់ពីការសិក្សាចប់ ទើបការសិក្សាកម្រិតធំចាប់ផ្តើម ហេតុនេះការ​សាងសង់ស្ពាននេះនាពេលណា មិនទាន់អាចកំណត់ជាក់លាក់នៅឡើយទេ”។លោក​បន្តថា “ទោះជាយ៉ាងណាក្រុមការងារជំនាញ បាននិងកំពុងធ្វើការងារនេះយ៉ាងសកម្មហើយ”។

លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹង នាពេលកន្លងមកផងដែរថា ការសិក្សាសាងសង់ស្ពាននិមួយៗ ត្រូវការលំអិតច្រើនទាក់ទងលំហូរទឹក ទាក់ទងបញ្ហាបរិស្ថាន ទាក់ទងនឹងការងារបច្ចេកទេសជាច្រើនទៀត ហេតុនេះការសាងសង់គម្រោងនិមួយៗយឺតឬលឿនអាស្រ័យលើការសិក្សា និងលក្ខខ័ណ្ឌនៃការចចាប្រាក់កម្ចីពីប្រទេសជាដៃគូផងដែរ។

កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចបានបញ្ចេញរបាយការណ៍មួយ ទាក់ទងនឹងលទ្ឋភាពរបស់រដ្ឋាភិបាល ផែនមានផែនការខ្ចីប្រាក់ ពីដៃគូអភិវឌ្ឍចំនួន១៦០០លាន USD ដើម្បីវិនិយោគលើវិស៧យសំខាន់ៗជាច្រើន ដោយរួមបញ្ចួលនូវផែនការហេដ្ឋារចនាសម្ព័ន្ឋចំនួន៦ ក្នុងនោះក៏មានគំរោងសាងសង់ស្ពាន តភ្ជាប់តំបន់ជ្រោយចង្វារ និងស្វាយជ្រុំផងដែរ៕

តើក្រុងព្រះសីហនុបានត្រៀមខ្លួនបែបណាដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិនៅចុងខែវិច្ឆិកានេះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ជាតំបន់សំខាន់ទាំងបីដែលត្រូវបើកទ្វារ ស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិមុនគេ។ តើខេត្តព្រះសីហនុបានត្រៀមខ្លួនដូចម្តេច ដើម្បីចាប់យកឱកាសមាសនេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីព្រលប់ថ្ងៃទី៤ វិច្ឆិកានេះថា ដើម្បីទទួលទេសចរណ៍វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលនឹងបើកដំណើរការនីថ្ងៃទី៣០ វិច្ឆិកាខាងមុខនេះ រដ្ឋបាលខេត្តបានផ្តោតលើការគ្រប់គ្រង នូវការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ឋ​ភាព។ យើងធ្វើការត្រួតពិនិត្យ តាមដាននិងដាក់ឲ្យអនុវត្តន៍នូវស្តង់ដា SOP របស់ក្រសួងទេសចរណ៍។

លោកបន្តថា “យើងនឹងជម្រុញយុទ្ឋនាការទីក្រុងស្អាត ដើម្បីលើកកំពស់បរិស្ថាន សោភ័ណភាព តាមរយៈការយកចិត្តទុកដាក់គ្រប់គ្រងកាកសំណល់រ៉ឹង រាវ ហេដ្ឋារចនាសម្ព័ន្ឋ បន្ទប់ទឹកសាធារណៈ និងកិច្ចការជាច្រើនទៀត”។ លោកបន្តថា “ជាមួយគ្នានឹងការលើកកំពស់សោភ័ណភាពឆ្នេរ រដ្ឋបាលខេត្តនឹងពង្រឹងសុវត្ថិភាពសាធារណៈ និងជម្រុញការផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍”។

លោកឃាង ភារម្យបានបន្តថា ជាមួយគ្នានេះ ខេត្តព្រះសីហនុបាននិងកំពុងជម្រុញ​ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងបានចាក់ជូនកុមារអាយុ៥ឆ្នាំ ហើយវិសាលភាពនៃការចាក់វ៉ាក់សាំង បានគ្របដណ្តប់ជាង៩០ភាគរយ។ អាជីវករ និងអ្នកផ្តល់សេវាកម្មត្រូវ​អនុវត្តន៍៍ ឲ្យបានដាច់ខាតនូវសុវត្ថិភាពទេសចរណ៍ និងតាមវិធានការណ៍បីកុំ បីការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ដើម្បីទទួលទេស​ចរណ៍ផង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផង។

លោកបន្តថា “ភ្ញៀវទេសចរណ៍ពិភពលោកមកច្រើនប៉ុណ្ណាក៏ដោយ យើងត្រៀមស្វាគមន៍ និងមានសង្ឃឹមឲ្យតែលោកអញ្ជើញមក”៕

សំណង់បុរីដែលមានគុណភាពរឹងមាំ ត្រូវមានការសិក្សាលើចំណុចអ្វីខ្លះ?

ដោយៈ សុផារី

ភ្នំពេញៈ ការទិញលំនៅដ្ឋាននៅតាមបុរីណាមួយ ប្រាកដណាស់ លោកអ្នកចង់បានសំណង់មានភាពរ៉ឹងមាំ មានគុណភាព និងសោភ័ណភាពខ្ពស់ ប៉ុន្តែតើគេសិក្សាលើមូល​ដ្ឋានទាំងនេះផ្អែកលើកត្តាអ្វីខ្លះ?។

យោងតាមច្បាប់ស្ដីពីសំណង់ ត្រង់ជំពូកទី៧ស្តីពី ការប្រើសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ និងមន្ទីរពិសោធន៍សំណង់ មាត្រា២២ បានចែងថា “ស ម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ដែលចាំបាច់សម្រាប់ធានាគុណភាពសំណង់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ ត្រូវមានការបញ្ជាក់ទទួលស្គាល់ឬការបញ្ជាក់អនុលោមភាពដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម។

សំណង់ដែលសាងសង់គោរពតាម តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឬតាមស្តង់ដាកម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាស្តង់ដាជាតិ ដោយត្រូវមានបិទ ឬបោះពុម្ពសញ្ញាស្តង់ដាកម្ពុជា និងត្រូវមានអាជ្ញាបណ្ណប្រើសញ្ញាស្តង់ដាកម្ពុជា៕

រដ្ឋាភិបាលកំពុងរៀបចំផែនទីផ្លូវជាតិ និងផ្លូវតាមបណ្តាខេត្តនៅទូទាំងប្រទេស

         ដោយៈជេស៊ីកា

         ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ។

ជាមួយគ្នានេះ ក្រសួងនឹង​រៀបចំ​ចេញ​ជា​ផែនទី​បណ្ដាញ​ផ្លូវ​ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​បាន​នូវ​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ លោក លឹម ស៊ីដេនីន ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ ត្រួតពិនិត្យ​លើ​ការព្រាង​ចុងក្រោយ​ផែនទី​បណ្តាញ​ផ្លូវថ្នល់ ​ឆ្នាំ​ ២០២០ កាលពីថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ឱ្យដឹងថា អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​លើ​ការពិនិត្យ​ឡើងវិញ និង​កែសម្រួល​សេចក្តីព្រាង​ បញ្ជី​សារពើ​ភណ្ឌ​ផ្លូវថ្នល់​រួម ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត ​តាម​ការលើកឡើង​របស់​ភាគី​ពាក់ព័ន្ធ ការបែងចែក​ខ្សែ​ផ្លូវ​តាម​តំបន់ ​ស្របតាម​ស្តង់ដា​ដែល​បានកំណត់ និង​ការដាក់បញ្ចូល​ខ្សែ​ផ្លូវ និង​លេខ​ផ្លូវ​ទៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​ឱ្យបាន​សមស្រប​។

លោក​ថ្លែងថា​ “យើង​ពិភាក្សា​ដើម្បី​ពិនិត្យ​វឌ្ឍនភាព ​នៃ​ការរៀបចំ​ផែនទី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត ហើយ​ផលិត​ចេញ​ជា​ផែនទី​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​គ្រប់គ្រង ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់់”។

លោកលឹម ស៊ីដេនីនបានបន្តថា ផែនទី​ដែល​នឹងត្រូវ​បានកំណត់​គឺ ផ្លូវជាតិ​សំដៅ​ដល់​ផ្លូវ​ដែលមាន​ចរាចរណ៍​ច្រើន និង​មាន​លក្ខណៈ​សម្គាល់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ នៅ​ទូទាំង​ប្រទេស ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយទៀត ផ្លូវ​ភ្ជាប់​ចេញពី​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ផ្លូវជាតិ ផ្លូវបែក​ចេញ​ពី​ផ្លូវជាតិ ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​តំបន់​សំខាន់ៗ ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេងទៀត និងផ្លូវ​សំខាន់ៗ​របស់​ជាតិ​មាន​ចរាចរណ៍​ច្រើន​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​ តាម​សំណើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ផ្លូវ​ខេត្ត​សំដៅ​ដល់​ផ្លូវ​ដែល​ត្រូវបាន​កំណត់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះ​ទៅ​កាន់​ទីរួមស្រុក ខណ្ឌ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង​ឆ្ពោះទៅកាន់​ទីរួមស្រុក​ខណ្ឌ ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត និង​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឬ​ផ្លូវ​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅកាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន ទេសចរណ៍ ច្រកទ្វារព្រំដែន​ទ្វេភាគី តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត៕