Fluidity 2.0 High-Rise អាគារកប់ពពកទស្សនទានថ្មីនៃស្ថាបត្យុកម្មសតវត្សរ៍ទី២១

ដោយៈសហសេវិក

ភ្នំពេញៈ ស្ថាបត្យករល្បីល្បាញនានានៅលើពិភពលោក បានរិះរកនូវគំនិតថ្មីៗ​ដើម្បីវិចិត្រកម្មស្ថាបត្យកម្មរបស់ខ្លួន ឲ្យមានភាពទាក់ទាញ និងល្បីល្បាញនៅលើពិភព​លោក។

ជាក់ស្តែង អគារខ្ពស់កប់ពពកឈ្មោះ Fluidity 2.0 High-Rise គឺជាអគារកូនកាត់រវាងសណ្ឋាគារ និងការិយាល័យ ដែលជាគំនិតឌីហ្សាញដើម្បីរួមបញ្ចូលទេសភាព ភ្នំអាល់នៃប្រទេសស្វីស ជាមួយនឹងស្ថាបត្យកម្មសរីរាង្គថ្មី។ អគារកម្ពស់២៥០ម៉ែត្រនេះ មានទម្រង់ជាអគាររមួល ដោយលាតសន្ធឹងលើអាកាស ជាមួយនឹងទេសភាពជុំវិញប្រទេសស្វីស។

វាត្រូវបានឌីហ្សាញ ដោយក្រុមហ៊ុនស្ថាបត្យកម្ម Mariana Cabugueira Custodio dos Santos។

ស្ថាបត្យកម្មពិសេសកប់ពពកនេះ មានឈ្មោះ Fluidity 2.0 High-Rise ដែលមាន លក្ខណៈពិសេសៗជាច្រើនដូចជា ការឌីហ្សាញជាន់ផ្ទាល់ដីឱ្យ មានកម្ពស់ខ្ពស់ គឺដើម្បីលាតសន្ធឹងគ្របដណ្ដប់លើធម្មជាតិជុំវិញអគារ និងពង្រីកបរិស្ថានបៃតងដ៏ស្រស់បរិសុទ្ធ ឱ្យទៅដល់ជាន់ខាងលើនៃសណ្ឋាគារ និងការិយាល័យ។

ផ្ទៃអគារចំនួន៥ជាន់ខាងក្រោមបង្អស់នៃអគារនេះ សម្រាប់បំរើជាកន្លែងសាធារណៈដែលមានមុខងារជា កន្លែងទទួលភ្ញៀវ បន្ទប់ប្រជុំបើកចំហ បារ និងបណ្ណាល័យ។ កន្លែងសាធារណៈទាំងនេះ ត្រូវបានបើកចំហពាក់កណ្តាលជាមួយការឌីហ្សាញ ខ្សែកោងដ៏ធំដើម្បីក្តោបយកទេសភាពជុំវិញអគារ និងដើម្បីចាប់យកទេសភាពភ្នំអាល់ដោយលាតសន្ធឹងលើអាងទឹក និងតំបន់បៃតងនៅជាន់ផ្ទាល់ដីផងដែរ។

ស្ថាបត្យករបានរចនាអគារនេះបំបែកចេញជា៤ផ្នែក ដែលមានលក្ខណៈស៊ីមេទ្រី និងតភ្ជាប់គ្នា ដោយផ្ទាំងកញ្ចក់ក្នុងទម្រង់រមួលដ៏អស្ចារ្យ។ ផ្ទៃមួលត្រូវបានទប់ទ្រដោយរចនាសម្ព័ន្ធដែក ដោយបើកជាខ្សែកោងដ៏ធំនៅលើច្រកចូលទាំង៤ ហើយត្រូវបានចងភ្ជាប់ជាបន្តបន្ទាប់ ទៅនឹងរចនាសម្ព័ន្ធគោលនៃអគារបញ្ឈរទាំងមូល។

នៅផ្នែកខាងលើបង្អស់នៃអគារខ្ពស់កប់ពពកនេះ មានសួនច្បារលើមេឃចំនួន៣ ជាន់ និងទែរ៉ាស់ដែលមាន ផ្ការីកចម្រុះពណ៌ពេញមួយឆ្នាំ នៅជុំវិញភោជនីយដ្ឋានលំដាប់ផ្កាយ៥៕

តើទស្សនទានរបស់លោកវណ្ណ ម៉ូលីវណ្ណដែលផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍នៅភាគខាងត្បូងខុសឬ? ខណៈតំបន់នេះកំពុងជន់លិច?

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ កាលពេលនៅមានជីវិត លោកសាស្រ្តាចារ្យបិតាស្ថាបត្យកម្មកម្ពុជា បាននិយាយនៅក្នុងបឋកថាមួយ ដោយលើកទឹកចិត្តអ្នកវិនិយោគនានា អភិវឌ្ឍន៍នៅទិសខាងត្បូងរាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍៍នៅក្នុងបឋកថាបែបនេះ នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដោយលោកលើកឡើងថា តំបន់ភាគខាងត្បូងគួរត្រូវបានជ្រើសរើសជាទីតាំងសម្រាប់អភិវឌ្ឈន៍ បើធៀបនឹងទិសដទៃទៀតនៃរាជធានីភ្នំពេញ ដោយលោកសំអាងថា តំបន់នោះមានទីទួលខ្ពស់ មានទន្លេបាសាក់នៅអមជាមួយងាយស្រួលធ្វើឲ្យមានលំហូរទឹក និងមានលក្ខខ័ណ្ឌភូមិ​សាស្រ្តល្អប្រសើរ ដែលផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍ​។

ជាមួយនឹងផែនការដាក់ចេញដោយរដ្ឋាភិបាល និងវិស័យឯកជន ទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់នៅតំបន់លិចទឹក នាភាគខាងត្បូងរាជធានីភ្នំពេញ ហើយទីក្រុងរណប ING CITY ដែលមានផ្ទៃដីទំហំជាង២០០០ហិកតា ដែលពីមុនជាអតីតៈបឹងព្រលឹត បឹងត្រកួន ត្រូវបានលេចរូបរាងឡើងជាមួយបុរីលំនៅដ្ឋានប្រណីតៗ សម្រាប់អភិជន និងវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ខុនដូកប់ពពកជាច្រើនបាននិងកំពុងលេចចេញវត្តមាននៅតំបន់នេះ។

កាលពីឆ្នាំ២០១៨ សាលាបារាំងចុងពូព៌ា និងរដ្ឋបាលរាជធានីភ្នំពេញ បានសហការគ្នា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់ភាគខាងត្បូង ជាតំបន់បៃតង និងសិក្សាពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលអនាគត ខណៈប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជុំវិញ នឹងធ្វើដំណើរចូលមករស់នៅ និងធ្វើការរាជធានីភ្នំពេញកាន់តែច្រើននាពេលអនាគត។

ជាមួយគ្នានេះ តាមរយៈទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជំនួយជាច្រើនលានដុល្លារ​ ដើម្បីរៀបចំផែនការអភិវឌ្ឈន៍បៃតងនៅភាគខាងត្បូងរាជធានីភ្នំពេញផងដែរ។

ការចាក់ដីលុបបឹងទំពុន បឹងជើងឯក និងផ្នែកជាច្រើននៅតាមមាត់ស្ទឹងព្រែកត្នោត អាចជាហេតុផលមួយ ដែលបណ្តាលឲ្យមានការជន់លិច នៅភាគខាងត្បូងរាជធានីភ្នំពេញពីរឆ្នាំជាប់គ្នា ដែលបញ្ហានេះប្រសិនជាមិនមានដំណោះស្រាយ ច្បាស់លាស់ទេ តំបន់ភាគខាងត្បូងនៃរាជធានីនឹងជួបបញ្ហា និងរារាំងការអភិវឌ្ឍ។

លោក Tip Narein បានសរសេរបញ្ចេញមតិលើគេហទំព៍រ Propertarea.asia កាលពីថ្ងៃទី២៨ តុលា បន្ទាប់ពីគេហទំព័រឈានមុខគេផ្នែកព៌តមានអចលនទ្រព្យ ដែលចេញផ្សាយអត្ថបទមួយមានចំណងជើង “អ្នកវិនិយោគនឹងពិចារណាទីតាំងវិនិយោគនៅប៉ែកខាងត្បូងភ្នំពេញ ក្រោយទឹកជំនន់ពីរឆ្នាំជាប់គ្នា”ថា ប៉ែកខាងជើងជាតំបន់ក្បាលនាគ។

ចំណែកលោក So Serei Pisoth ដែលមានឈ្មោះលើ Facebook បែបនេះបាន Comment លើគេហទំព័រ Propertyarea.asia ក្នុងអត្ថបទដដែលថា លោកវណ្ណ ម៉ូលីវណ្ណថាគួរអភិវឌ្ឍន៍ប៉ែកខាងត្បូង រាជធានីភ្នំពេញ កុំទៅខាងជើង។ ឥលូវអាជើងអត់លិច ទៅលិចអាខាងត្បូង។

ទោះជាយ៉ាងណា យើងពិតជាសោកស្តាយ ដោយសារស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបានទទួលមរណៈភាពទៅហើយ ដែលមិនអាចឲ្យលោកពន្យល់បានពីបញ្ហានេះឡើយ បានត្រឹមតែជាចម្ងល់ ដែលគ្មានការបកស្រាយ៕

កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន សម្រាប់ឆ្នាំ២០២២ នឹងបន្តដាក់សម្ពាធលើរដ្ឋាភិបាយោធាមីយ៉ាន់ម៉ា?

ដោយៈសុខុម

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា “ការប្រជុំលើកទី៣៨ និងលើកទី៣៩ ត្រូវបានបិទបញ្ចប់ជាមួយ នឹងការទទួលជាប្រធានប្តូរវេនអាស៊ាន របស់កម្ពុជា សម្រាប់ឆ្នាំ២០២២”។

សម្ដេចបានសរសេរបន្ថែមទៀតថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជា មួយរូបដែលបានកាន់ញញួរប្រធានអាស៊ាន រហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាព ចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិតាមរយៈអាស៊ាន”។

ទន្ទឹមនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានបរទេសក្នុងថ្ងៃដដែលថា ប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានប្ដូរវេនថ្មីរបស់អាស៊ាន នឹងបន្តជំរុញឱ្យក្រុមមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា បើកការចរចាជាមួយក្រុមប្រឆាំងនឹងខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោករដ្ឋមន្ត្រីបានព្រមានថា ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិត “លើមាត់ជ្រោះនៃសង្គ្រាមស៊ីវិល” ហើយថាកម្ពុជា នឹងចាត់តាំងបេសកជនពិសេសថ្មីមួយរូបទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចាប់ផ្តើមការងារនៅដើមឆ្នាំក្រោយ នៅពេលកម្ពុជា ចូលកាន់តំណែងស៊ប់ជាប្រធានប្ដូរវេនអាស៊ាន។

លោក Erywan Yusof គឺជាបេសកជនបច្ចុប្បន្ន តំណាងឱ្យប្រទេសព្រុយណេ ដែលជាប្រធានប្ដូរវេនជិតចប់អាណត្តិរបស់អាស៊ាន។

លោក ប្រាក់ សុខុន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ខណៈយើងទាំងអស់គ្នា គោរពគោលការណ៍ នៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិក ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តជាប្រធានបទមួយ ដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង”។

លោកបានបន្ថែមថា “វាជះផលប៉ះពាល់ជាអវិជ្ជមានមកលើតំបន់ ភាពគួរឱ្យជឿជាក់នៃសមាគម (អាស៊ាន) និងមកលើប្រជាជនមីយ៉ាន់ម៉ា ដែលជាបងប្អូនរបស់យើង”។

នៅក្នុងចំណាត់ការ ដ៏គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មាន អាស៊ាន បានធីបចោ លលោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា មិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ី ជាបន្តបន្ទាប់ដែលអាស៊ាន ខ្លួនឯងធ្វើជាម្ចាស់ផ្ទះក្នុងសប្តាហ៍នេះ។

នាយឧត្តមសេនីយ Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារបង្ហូរឈាមថ្ងៃទី០១ កុម្ភៈ ដើមឆ្នាំនេះ ត្រូវបានធីបចោល មិនឱ្យចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ដោយសារលោកមិនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអាស៊ានថា នឹងបញ្ឈប់អំពើហិង្សា ចាប់ផ្ដើមកិច្ចចរចា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ព្រមទាំងបេសកជនអាស៊ាន ចូលក្នុងប្រទេសមីយ៉ាន់ម៉ា៕ Reuters៕

លោកលី សុខឆាយសហការជាមួយសេដ្ឋីចិនបោះទុន១០លានដុល្លារចូលហ៊ុនជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុងដើម្បីបង្កើនផលិតភាពស៊ីម៉ងត៍

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនLSCG លោកលី សុខឆាយបានសហការជាមួយក្រុមហ៊ុនចិន ដោយបោះទុនរួមគ្នា១០លានដុល្លារអាមេរិក ដើម្បីចូលហ៊ុនជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដើម្បីបង្កើនផលិតភាពស៊ីម៉ងត៍របស់ក្រុមហ៊ុននេះ។

លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនារសៀ​លថ្ងៃទី២៨ តុលានេះថា លោកនិងសេដ្ឋីចិនបានសហការគ្នា ដើម្បីចូលហ៊ុនជាមួយក្រុមហ៊ុនផលិតស៊ីម៉ងត៍ នៃក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដើម្បីបង្កើនការផលិតស៊ីម៉ងត៍ ក្នុងន័យឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងស្រុក ដោយសារវិស័យសំណង់កម្ពុជាកំពុងមានភាពរីកចម្រើន និងធ្វើឲ្យមានតម្រូវការស៊ីម៉ងត៍កាន់តែច្រើន។

លោកបន្តថា “យើងផ្តោតលើមូលដ្ឋានផលិតកម្ម ជាមួយនឹងទំនុកចិត្តលើគុណភាពស៊ីម៉ងត៍ និងធ្វើយ៉ាងណាឲ្យការផលិតឆ្លើយតប នឹងតម្រូវការរបស់ទីផ្សារពិតប្រាកដ”។លោកបន្តថា “ជាមួយគ្នានេះ យើងនឹងផ្តល់នូវតម្លៃមានភាពប្រកួតប្រជែងមួយ ជាមួយ គុណភាពផលិតផលតាមស្តង់ដាអន្តរជាតិ”។

បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍កាន់តែច្រើន ដែលឆ្លើយតបនឹងតម្រូវ​ការក្នុងស្រុក ពិសេសបានចូលរួមកាត់បន្ថយការពឹងផ្អែក ការនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាងផងដែរ៕

ខេត្តសក្តានុពលមួយចំនួនកំពុងស្ថិតក្នុងផែនការវិនិយោគលើវិស័យអចលនទ្រព្យ សំរាប់រយៈពេលវែង

         ដោយៈស៊ីវ ម៉េង

         ភ្នំពេញៈ បណ្តាខេត្តមួយចំនួនបាន និងកំពពុងស្ថិតក្នុងគោលដៅវវិនិយោគរយៈពេលវែង លើវិស័យអចលនទ្រព្យ និងសកម្មភាពសេដ្ឋកិច្ចដទៃទៀត ស្របពេលរដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយថ្មីៗ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាបន្តបន្ទាប់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី២៨ តុលានេះថា បណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យរយៈពេលវែង មានដូចជា ខេត្តព្រះសីហនុ បាត់ដំបង កំពត កែប និងមណ្ឌលគិរី ដែលបច្ចុប្បន្នអ្នកវិនិយោគជាច្រើនបាន និងកំពុងឆ្ពោះទៅកាន់គោល​ដៅទាំងនោះ។

លោកបន្តថា “សំរាប់សកម្មភាពទិញលក់ដីធ្លី នៅតែមានភាពសកម្មនៅតាមខេត្តទាំងនោះ បើទោះជាក្នុងបរិបទកូវីដ១៩ក្តី ប៉ុន្តែអ្នកវិនិយោគនៅតែបន្តវិនិយោគ ដើម្បីរក​ផលចំណេញ ពិសេសលើអចលនទ្រព្យមានតម្លៃក្រោមទីផ្សារ”។លោកបន្តថា “ចរនត្នៃការវិនិយោគនៅកម្ពុជា នៅតែបន្តមានការវិនិយោគទាំងក្នុងក្រុង និងតំបន់ជាយក្រុង”។

លោកច្រឹក សុខនីមបានបន្តថា ការបើកប្រទេសឡើងវិញនាពេលឆាប់ៗនេះ វិស័យឯកជនមានភាពរីករាយ និងស្វាគមន៍យន្តការថ្មីរបស់រាជរដ្ឋាភិបាល ប៉ុន្តែទោះជាយ៉ាងណាកិច្ចការទាំងអស់នេះ គឺចាប់ផ្តើមពីអ្នកក្នុងស្រុកសិន ហើយសម្រាប់អ្នកវិនិយោគបរទេស ពួកគេនឹងអាចមកវិញ នៅពេលស្ថានភាពការចាក់វ៉ាក់សាំងនៅតាមប្រទេសទាំងនោះមានភាពល្អប្រសើរ។

ជាមួយគ្នានេះ លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍សម្តែងក្តីរីករាយផងដែរ នៅក្នុងឱកាសដែលប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសបើកសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ ដោយលោកបានមើលឃើញចរន្តសេដ្ឋកិច្ច ពិសេសការទិញលក់ក្នុងវិស័យអចលនទ្រព្យ បានកើនឡើងវិញយ៉ាងប្រសើរ។

លោកបន្តថា “ពេលនេះអ្នកវិនិយោគ ពួកគេបានចាប់ផ្តើមបញ្ចេញកញ្ចប់លុយដែលផ្អឹបទុក យកមកវិនិយោគលើវិស័យអចលនទ្រព្យបណ្តើរៗឡើងវិញហើយ”៕

លោកឧកញ៉ាគីម ហ៊ាងលើកឡើងពីគុណសម្បត្តិនិងគុណវិបត្តិនៃការធ្វើ អាជីវកម្មតែម្នាក់ឯង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការបង្កើតអាជីវកម្មនានាមិនថា តែនៅក្នុងប្រទេសកម្ពុជាឬនៅបណ្ដាប្រទេសណាៗ គឺមានទម្រង់ជាការចូលហ៊ុនគ្នា និងការបង្កើតអាជីវកម្មតែម្នាក់ឯង ។ ការបង្កើតអាជីវកម្មតែម្នាក់ឯង មានហានិភ័យខ្ពស់ តែក៏មានគុណប្រយោជន៍ខ្ពស់ដែរ បើសិនជាការរកស៊ីចំណេញ។

លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ជាបុគ្គលជោគជ័យលើវិស័យអច លនវត្ថុមួយរូបនៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ធ នឹងការបង្កើតអាជីវកម្មតែម្នាក់ឯងនិងការបង្កើតអាជីវកម្មដោយចូលហ៊ុនគ្នា។

លោកនិយាយថា “ការបង្កើតអាជីវកម្មតែម្នាក់ឯង បើសិនជាចំណេញ គឺចំណេញខ្ពស់ តែបើខាតគឺខាតធ្ងន់តែម្ដង”។ លោកបន្តថា “មុខរបរឬអាជីវកម្មដែលមានម្ចាស់តែមួយពិបាក ក្នុងការគិតគូរឬពិភាក្សាទេ សូម្បីតែប្រាក់ចំណេញអត់ពិបាកក្នុងការបែងចែកទេ។ ចង់ដឹងប្រាក់ចំណេញរបស់យើងប៉ុន្មាននោះ គ្រាន់តែយកចំណូលទាំងអស់ដកចំណាយយើងនឹងឃើញចំណេញ”។

លោកបន្តថា ប្រាក់ចំណេញដែលបានមកពីអាជីវកម្មមានម្ចាស់តែមួយ គឺម្ចាស់អាជីវកម្មមិនពិបាក ក្នុងការបែងចេញប្រាក់ចំណេញទេ ដូច្នេះចំណេញប៉ុន្មានគឺយកងទាំងអស់តែម្ដង។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា មានមនុស្សជាច្រើនចូលចិត្តរកស៊ីតែឯង ដោយមិនចូលចិត្តចូលហ៊ុនគ្នាធ្វើអាជីវកម្មឡើយ ពីព្រោះពួកគាត់បើចំណេញអត់ចាំបាច់ ក្នុងការចែកទៅអ្នកណាផ្សេងឡើយ។ លោកលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ឬអ្នកដែលមានបំណងបង្កើតអាជីវកម្ម បើអាចគួររកស៊ីតែម្នាក់ឯង ដោយមិនចាំបាច់ចូលហ៊ុនគ្នាទេ។

លោកបានបន្តទៀតថា ការរកស៊ីបង្កើតអាជីវកម្មតែម្នាក់ឯង ក៏មានបញ្ហានៅក្នុងហ្នឹងច្រើនដែរ ហើយនៅពេលជួបបញ្ហា អត់មានអ្នកណាជួយដោះស្រាយទេ តែបើសិនជារកស៊ីដោយមានអ្នកចូលហ៊ុនគ្នា ពេលជួបបញ្ហាមានគ្នាច្រើនដោះស្រាយ ព្រោះមនុស្សច្រើនគំនិតច្រើន ។

លោកបន្តទៀតថា “ការបង្កើតអាជីវកម្ម ដោយមិនមានការចូលហ៊ុនពីភាគីណាផ្សេងទៀត បើសិនជាខាតក៏ខាតច្រនដែរ ដូច្នេះការធ្វើអាជីវកម្មតែឯង វាក៏មានគុណវិបត្តិនៅក្នុងនោះដែរ”។

លោកបញ្ជាក់ថា ការរកស៊ីតែម្នាក់ឯង មានចំណុចល្អគឺចំណេញយើងយកតែម្នាក់ឯង តែបើខាតក៏ខាតតែឯងដែរ។ យើងក្រលេកទៅមើលក្រុមហ៊ុនធំៗ នៅលើពិភពលោក មិនមានម្ចាស់តែឯងនោះទេ គឺតែងតែមានការចូលរួមពីភាគហ៊ុនច្រើន ពីព្រោះក្រុមហ៊ុនធំៗតែងតែមានបញ្ហាប្រកួតប្រជែង ដូច្នេះហើយគឺត្រូវមានការដោះស្រាយ ដោយមានមនុស្សច្រើន៕

ក្រុមហ៊ុនជប៉ុន Mitsubishi ចាប់ផ្តើមដំណើរការទួប៊ីនផលិតអគ្គិសនីដើរដោយឧស្ម័ន ធម្មជាតិនៅឥណ្ឌូនេស៊ី

ដោយៈសុខុម

សឹង្ហបុរី: ក្រុមហ៊ុនជប៉ុន Mitsubishi Power ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi Heavy Industries បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ តុលា នេះថា ខ្លួនបានចាប់ផ្តើមដំណើរការពាណិជ្ជកម្មហើយ នូវទួបីនផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិកម្លាំង៥០០មេហ្គាវ៉ាត់ (MW) ក្នុងរោងចក្រអគ្គិសនី Muara Karang Power Plant របស់ប្រទេសឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្ម ធំបំផុតរបស់ពិភពលោក កំពុងរៀបចំផែនការឆ្ពោះទៅរកការបោះបង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្មរបស់ខ្លួនបន្តិចម្តងៗ ដើម្បីចូលរួមចំណែកជាមួយពិភពលោក ឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០២៦។

ប្រព័ន្ធទួប៊ីនផលិតអគ្គិសនីដើរ ដោយឧស្ម័នធម្មជាតិថ្មី (GTCC) នេះត្រូវបានសាងសង់ឡើងសម្រាប់រោងចក្រអគ្គិសនី Muara Karang Power Plant ដែលអាចស្ថិតក្នុងចំណោមរោងចក្រអគ្គិសនីដំបូងៗ គេក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនឹងឈប់ប្រើប្រាស់ធ្យូងថ្មនៅត្រឹមឆ្នាំ២០៣០។

លោក Kazuki Ishikura ប្រធានក្រុមហ៊ុន Mitsubishi Power Indonesia ប្រចាំប្រទេសឥណ្ឌនេស៊ីបានថ្លែងថា “ក្រុមហ៊ុន Mitsubishi Power ប្តេជ្ញាគាំទ្រដល់តម្រូវការដែលកំពុងកើនឡើងនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងបច្ចេកវិទ្យាទួប៊ីនផលិតអគ្គិសនីដើរដោយឧស្ម័នរបស់យើង ដែលអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានច្រើន បើធៀបទៅនឹងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម”។

រោងចក្រអគ្គិសនី Muara Karang Power Plant ដែលគ្រប់គ្រងដោយក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋ Perusahan Listrik Nasional នេះមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា និងផ្គត់ផ្គង់តម្រូវការអគ្គិសនីនៅក្នុងទីក្រុងនេះ។

ក្រុមហ៊ុន Mitsubishi Power បានចេញសេចក្តីថ្លែងការណ៍ថា គម្រោងនេះក៏ជាផ្នែកនៃកម្មវិធីប្រកបដោយមហិច្ឆតា របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ឆ្ពោះទៅរកការអភិវឌ្ឍថាមពលថ្មីឱ្យបានរហូតដល់ទៅ៣៥ជីហ្គាវ៉ាត់ (GW)។

ប្រទេសឥណ្ឌូណេស៊ី មានផែនការបន្ថែមថាមពលអគ្គិសនី ឱ្យបាន៣៥ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០២៩ ប៉ុន្តែខ្លួនសម្រេចបានតែ៣០.២% នៃគោលដៅប៉ុណ្ណោះគិតត្រឹមដំណាច់ខែកញ្ញា៕  Reuters៕

ហេតុផលសំខាន់ៗ៣យ៉ាងដែលអ្នកគួរតែជ្រើសរើសរស់នៅក្នុងខុនដូ

         ដោយៈសហការី

 ភ្នំពេញៈ ថ្វីបើប្រជាជនកម្ពុជាភាគច្រើននិយមចូលចិត្តរស់នៅក្នុងបុរី ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ពួកគេមួយចំនួនបានផ្លាស់ប្តូរការគិត ដោយចាប់ផ្ដើមចង់រស់នៅក្នុងខុនដូវិញ ដោយសារតែមាន​ហេតុផល​សំខាន់មួយចំនួន ដែលធ្វើឱ្យពួកគេសម្រេចចិត្តបែបនេះ។

ប្រសិនបើរស់នៅក្នុងខុនដូ​ ពួកគេអាច ១.សន្សំសំចៃពេលវេលាធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ ២.ទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ និង ៣.រីករាយនឹងការរស់នៅបែបទំនើបទាន់សម័យ។

.​​ សន្សំសំចៃពេលវេលាធ្វើដំណើរ

ខុនដូនៅកម្ពុជាភាគច្រើនត្រូវបានសាងសង់ នៅក្នុងតំបន់ពាណិជ្ជកម្មស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ (CBD) ដូចជាក្នុងខណ្ឌបឹងកេងកង ចំការមន ដូនពេញ ៧មករា និងទួលគោក។ ដូចនេះ ប្រសិនបើអ្នកជាអ្នកប្រកបការងារអាជីព ហើយចង់ពង្រឹង​ជំនាញផ្ទាល់ខ្លួនបន្ថែម អ្នកគួរតែជ្រើសរើសរស់នៅក្នុងខុនដូ ព្រោះថាអ្នកអាចចំណេញពេលវេលា ដោយមិនចាំបាច់ចំណាយពេលច្រើន ក្នុងការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការនោះទេ។

ដោយសារដីនៅកណ្តាលទីក្រុងភ្នំពេញមានតម្លៃថ្លៃ អ្នកអភិវឌ្ឍន៍ភាគច្រើននៅក្នុងប្រទេសកម្ពុជា បានផ្លាស់ប្តូរគម្រោងអភិវឌ្ឍន៍បុរី ទៅកាន់តំបន់ជាយក្រុងភ្នំពេញ ដូចជា ខណ្ឌពោធិ៍សែនជ័យ ដង្កោ ឫស្សីកែវ និងព្រែកព្នៅជាដើម ដោយសារតម្លៃដីនៅទីនោះនៅទាបបើធៀបនឹងដីនៅតំបន់ពាណិជ្ជកម្មកណ្ដាលក្រុង។

ខណ្ឌមួយចំនួននៅជាយក្រុងដូចជា ខណ្ឌពោធិ៍សែនជ័យ ដង្កោ និងព្រែកព្នៅ មានចម្ងាយប្រហែល១០​ ទៅ ១៥គីឡូម៉ែត្រពីកណ្តាលក្រុង ដែលមានន័យថាអ្នកត្រូវចំណាយពេលប្រហែល៣០នាទី ទៅ១ម៉ោង ដើម្បីទៅដល់ការិយាល័យធ្វើការរបស់អ្នក ស្ថិតនៅកណ្ដាលក្រុង។ ជាមួយនឹងកំណើនអត្រានគរូបនីយកម្មយ៉ាងឆាប់រហ័ស នៃទីក្រុងភ្នំពេញ គម្រោងលំនៅឋានបែបបុរី​ នឹងត្រូវសាងសង់នៅក្នុងតំបន់ជាយក្រុង ច្រើនថែមទៀត ដោយសារតម្លៃដី នៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាលក្រុង​ CBD នៅតែបន្តកើនឡើង។.​ ទទួលបានប្រាក់ចំណេញខ្ពស់ពីការវិនិយោគត្រឡប់

នៅពេលនិយាយអំពីការរស់នៅក្នុងខុនដូ អ្នកមិនត្រឹមតែអាចរីករាយជាមួយនឹងទីតាំងល្អបំផុតនៅកណ្តាលទីក្រុង ស្ថិតនៅជិតកន្លែងធ្វើការរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចទទួលបានផលចំណេញ ពីការវិនិយោគរយៈពេលវែងផងដែរ ប្រសិនបើអ្នកចង់ដាក់ជួល ឬលក់បន្ត។នៅពេលដែលមានមនុស្សកាន់តែច្រើន សម្រុកមកទីក្រុងភ្នំពេញ ដើម្បីស្វែងរកឱកាសការងារ ឬស្វែងរកការស្នាក់នៅជាអចិន្ត្រៃយ៍ នេះមានន័យថាអចលនទ្រព្យនៅក្នុងទីក្រុង ជាពិសេសខុនដូនឹងបន្តមានតម្លៃកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ដូចនេះ អ្នកនឹងទទួលបានផលចំណេញច្រើន ប្រសិនបើអ្នកទិញខុនដូទុកពីឥឡូវហើយគ្រោងលក់វាវិញក្នុងរយៈពេល ៥ ឬ១០ឆ្នាំក្រោយ។ ម្យ៉ាងវិញទៀត បើអ្នកចង់ទុកជួលដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែ អ្នកអាចជួលវាជាមួយនឹងអត្រាជួលត្រឡប់ប្រហែល៨ ទៅ១០ភាគរយក្នុងមួយឆ្នាំ។ នៅភ្នំពេញ អ្នកអាចដាក់ជួលខុនដូបានក្នុងតម្លៃចន្លោះពី ៥០០ ទៅ ២៥០០ដុល្លារក្នុងមួយខែ។

.​ ការរស់នៅបែបទំនើបស៊ីវិល័យ

ប្រសិនបើអ្នកជាមនុស្សស៊ីវិល័យ ដែលចូលចិត្តការរស់នៅបែបទំនើប ខុនដូនឹងក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នក។ ជាធម្មតា ខុនដូនៅក្នុងគម្រោងអភិវឌ្ឍចម្រុះផ្តល់ជូនអ្នកស្នាក់នៅនូវសុវត្ថិភាព និងផាសុកភាពខ្ពស់បំផុត ដោយមានលក្ខណៈពិសេស និងគ្រឿងបរិក្ខារជាច្រើនដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ហាងទំនិញ ភោជនីយដ្ឋាន និងហាងកាហ្វេជាដើម។

ជាងនេះទៅទៀត អ្នកមិនចាំបាច់ចំណាយពេលច្រើន ទៅកាន់ទីតាំងសំខាន់ៗដូចជា ក្រសួង និងស្ថាប័នរដ្ឋ សាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន និងធនាគារជាដើម ដោយសារខុនដូរភាគច្រើន មានទីតាំងស្ថិតនៅក្បែរកន្លែងទាំងអស់នោះ។ ដោយសារតែហេតុផលទាំងអស់នេះហើយ ដែលធ្វើឱ្យជីវិត រស់នៅក្នុងខុនដូ កាន់តែមានភាពងាយស្រួល។ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលសូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយកកម្មវិធីទូរសព្ទដោយឥតគិតថ្លៃ៕

ទំនាក់ទំនងមកកាន់៖ 096 7876 902 (Telegram)/ 066 886633

ប្រភព​៖ Harbor Property

 

 

រាជរដ្ឋាភិបាលដាក់ចេញផែនការយុទ្ធសាស្ត្របើកទទួលទេសចរណ៍អន្តរជាតិ ដែលមានសុវត្ថិភាព និងហានិភ័យទាប

ដោយៈ សុធារី

ភ្នំពេញៈ ខណៈដែលកម្ពុជាកំពុងត្រៀមលក្ខណៈ ទទួលទេសចរណ៍វ៉ាក់សាំង នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនោះ រាជរដ្ឋាភិបាលបានដាក់អនុសាសន៍មួយចំនួន ដល់ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធរួមគ្នា សម្រេចឱ្យបាននូវផែនការនេះ ក្នុងនោះក៏បានស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បន្តការខិតខំទាក់ទាញភ្ញៀវទេសចរ ពីប្រភពទីផ្សារអន្តរជាតិដែលមានសុវត្ថិភាព និងហានិភ័យទាបផងដែរ។

ការដាក់ចេញអនុសាសន៍នេះ ត្រូវបានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តន៍ “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង” នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ។

ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ នឹងចាប់ផ្ដើមឡើងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅចំនួន៣ សម្រាប់បើកទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយ ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព លោក អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញនូវអនុសាសន៍ដូចជា ទី១ ស្នើរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរៀបចំ ឱ្យបានរួចរាល់នូវការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរ នៃខេត្តកោះកុង។ ទន្ទឹមនេះ ស្នើរដ្ឋបាលខេត្តសៀមរាបសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងត្រៀមលក្ខណសម្បត្តិឱ្យបានរួចរាល់ ក្នុងការបើកទទួលទេសចរណ៍វ៉ាក់សាំងនៅក្នុងខែមករា ឆ្នាំ២០២២។

ទី២ ស្នើក្រសួងទេសចរណ៍ និងផ្នែកឯកជនបន្តការខិតខំទាក់ទាញភ្ញៀវទេសចរគោលដៅពីប្រភពទីផ្សារអន្តរជាតិ ដែលមានសុវត្ថិភាព និងហានិភ័យទាប ព្រមទាំងធ្វើពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់របស់ទីផ្សារទេសចរណ៍អន្តរជាតិ និងផ្ទៃក្នុង។ ជាមួយគ្នានេះ ស្នើក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញសកម្មភាពលើផ្នែក «ការទូតទេសចរណ៍» តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ដែលជាប្រភពទីផ្សារទេស​ចរណ៍សំខាន់ៗរបស់កម្ពុជា។

ទី៣ ស្នើរដ្ឋបាលរាជធានី-ខេត្តរៀបចំគោលដៅទេសចរណ៍នានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានភាពទាក់ទាញ និងសុវត្ថិភាព ស្របតាមវិធីសាស្រ្តនៃការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា បើពិនិត្យមើលទីផ្សារទេសចរណ៍ជារួម បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ចលនាទេសចរអន្តរជាតិក្នុងកម្រិតតំបន់ និងសកលលោក មានការប្រែប្រួលជាមួយការផ្លាស់ប្តូរឥរិយាបថ ដោយមានទំនោរគិតគូរខ្ពស់លើកត្តាសុវត្ថិភាព ទំនុកចិត្តលើការជ្រើសរើសគោលដៅធ្វើដំណើរ និងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងវិស័យទេសចរណ៍ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់។ ជាមួយនឹងនិន្នាការថ្មីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ“ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកបានបន្ថែមថា ស្ថិតក្នុងបរិការណ៍នេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនា ទេសចរផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ រក្សាបាននូវតុល្យ​ភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

កម្ពុជាស្នើសុំអាមេរិក បន្តផ្តល់ជំនួយក្នុងវិស័យសេដ្ឋកិច្ច ផ្អែកលើចំណេះដឹង

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តផ្តល់អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាលដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ច ផ្អែកលើចំណេះដឹង ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។

សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលក្នុងរយៈពេលជាងពីរឆ្នាំមកនេះបានធ្វើឱ្យយកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងប្រទេសទាំងពីរ បានជំរុញ លើកកម្ពស់ និងមានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអាម៉េរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។
លោក Patrick Murphy អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់និងឈានដល់ការបើកដំណើរការសកម្មភាពសង្គមនិងសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។
លោកបានបន្តថា សហរដ្ឋអាមេរិកជាប្រទេសមួយ ដែលបានចូលរួមយ៉ាងសកម្មជួយដល់វិស័យសុខាភិបាលនៅកម្ពុជា ពិសេសនៅកំឡុងពេលនៃការរាលត្បាតជំងឺកូវីដ១៩នេះ អាមេរិកបានផ្តល់វ៉ាក់សំាង Johnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។
សម្តេចពញាចក្រី ហេង សំរិន ក៏បានថ្លែងអរគុណជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើ វិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោសសំអាតមីនជាដើមនោះ ពិសេសវ៉ាក់សាំងប្រឆាំងកូវីដ-១៩៕