គម្រោងរថភ្លើងអគ្គីសនីក្រោមដីអ៊ីស្រាអែល ដែលកសាងដោយចិន បានបញ្ចប់និងធ្វើ តេស្តដំណើរការបានជោគជ័យ

ដោយៈ សុផារី

អ៊ីស្រាអែលៈ គម្រោងរថភ្លើងអគ្គីសនីក្រោមដីដំបូងរបស់ទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល ដែលកសាងឡើងដោយក្រុមហ៊ុនរដ្ឋចិន ដែលត្រូវបានសហរដ្ឋអាមេរិកប្រឆាំងនឹងគម្រោងមួយនេះកន្លងមក ត្រូវបានបញ្ចប់ការសាងសង់១០០% និងធ្វើតេសដំណើរការបានជោគជ័យ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនរដ្ឋអ៊ីស្រាអែល NTA Metropolitan Mass Transit System កាលពីសប្តាហ៍មុននេះ។

គម្រោងផ្លូវដែក និងរថភ្លើងអគ្គិសនីនេះ ត្រូវបានសាងសង់ និងប្រើប្រាស់បច្ចេកវិទ្យានៃក្រុមហ៊ុនរដ្ឋចិនឈ្មោះChina Civil Engineering Construction Corporation (CCECC) ហើយក៏ជាគម្រោងមួយនៃ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” របស់រដ្ឋាភិបាលនៃប្រទេសចិន នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

ការបើកបរសាកល្បងនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានធ្វើឡើងតាមខ្សែបន្ទាត់ក្រហម ដែលជាខ្សែទីមួយក្នុងចំណោមខ្សែទាំងបី នៅក្នុងគម្រោងផ្លូវរថភ្លើងធុនស្រាល Tel Aviv ដែលខ្សែបន្ទាត់ក្រហម គ្រោងនឹងចាប់ផ្តើមដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២២។

គម្រោងនៃប្រព័ន្ធរថភ្លើងអគ្គីសនីនេះ មានតម្លៃសរុបជាង៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានប្រវែងសរុប២៤គីឡូម៉ែត្រ និង១១គីឡូម៉ែត្រក្រោមដី  ឆ្លងកាត់ទីក្រុងចំនួន៥នៅក្នុងតំបន់មេត្រូទីក្រុងTel Aviv ដោយមាន៣៤ស្ថានីយ៍ ដែលមាន២៤ស្ថានីយ៍នៅលើដី និង១០ស្ថានីយ៍ក្រោមដី។ រថភ្លើងនឹងមានសមត្ថភាពផ្ទុកអ្នកដំណរ៥០០នាក់ក្នុងមួយជើង។

គម្រោងនេះ ត្រូវបានគាំទ្រដោយរដ្ឋភិបាល នៃសាធារណប្រជាមានិតចិន ដែលក្នុងលក្ខខណ្ឌសាងសង់ និងផ្ទេរបច្ចេកវិទ្យានៃរថភ្លើងអគ្គីសនី របស់ក្រុមហ៊ុនចិនទៅឱ្យក្រុមហ៊ុនផ្លូវដែករបស់ប្រទេសអ៊ីស្រាអែល។ មូលហេតុដែលសហរដ្ឋអាមេរិកប្រឆាំងនឹងគម្រោងនេះ ដោយសារវាជាគម្រោងស្ថិតនៅក្នុងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន និង ការពង្រីកឥទ្ធិពលរបស់ចិន ក្រោមរូបភាពផ្ទេរបច្ចេកវិទ្យាដោយគ្មានលក្ខខណ្ឌ៕

ប្រធានGRAការបើកដំណើរការសេដ្ឋកិច្ចបានជួយវិស័យអចលនទ្រព្យឲ្យងើបឡើងវិញ

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល(GRA) លោកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ថា ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យវិស័យអចលនទ្រព្យងើបឡើងវិញ និងសកម្មភាពអាជីវកម្មដទៃទៀតបានចាប់ផ្តើម​ដំណើរការល្អប្រសើរ។

លោកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ តុលានេះថា លោកសង្កេតឃើញថាមួយរយៈចុងក្រោយនេះ បន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយក​រដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជាសាធារណៈ បើកដំណើរកការសេដ្ឋកិច្ច និងទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងឡើងវិញជាផ្លូវការ ពិសេសដំណើរការអាជីវកម្មនានាឡើងវិញ បានធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត ទៅលើការបើកសេដ្ឋកិច្ចឡើងវិញ ដោយ​ពួកគាត់បានបញ្ចេញលុយទិញលក់អចលនទ្រព្យឡើងវិញ។

លោកបន្តថា “ប្រជាពលរដ្ឋកម្ពុជាលែងផ្អឹបទុកសាច់ប្រាក់ហើយ ពួកគេចាប់ផ្តើម​បញ្ចេញសម្រាប់ការវិនិយោគ លើអចលនទ្រព្យឡើងវិញហើយ ស្របពេលវិស័យអចល​ទ្រព្យបានផ្តល់ផលចំណេញយ៉ាងច្រើន ដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ”។លោកបន្តថា “មួយរយៈចុងក្រោយនេះ សន្ទុះនៃការរទិញមានការកើនឡើង ដោយសារប្រជាពល​រដ្ឋមានភាពកក់ក្តៅនឹងរដ្ឋាភិបាល ពួកគាត់បានចាក់វ៉ាក់សាំងស្ទើរគ្រប់គ្នាអស់ហើយ”។

លោកឧកញ៉ាសំ សុខនឿនបានបន្តថា សកម្មភាពអាជីវកម្មនានា ទាំងសាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ និងសេវាកម្មអាជីវកម្មដទៃទៀតបានបើកឡើងវិញ ជាមូលដ្ឋា​នដ៏ត្រឹមត្រូវ ព្រោះបើចង់ឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ គឺចលនានៃការចំណាយប្រាក់​កើតឡើង ហើយជាលទ្ឋផលយើងឃើញថា ការបញ្ចេញសាច់ប្រាក់ក្នុងសេដ្ឋកិច្ចបានដំណើរការបន្តិចម្តងៗហើយ៕

រដ្ឋាភិបាលចិន ចាត់វិធានការកាន់តែក្ដៅដោយហាមមិនឱ្យសាងសង់អគារខ្ពស់កប់ពពកក្នុងទីក្រុងតូចៗ

ដោយៈសុខុម

ប៉េកាំង: ប្រទេសចិន បានធ្វើការរឹតបន្តឹងលើការសាងសង់ អគារខ្ពស់កប់ពពកក្នុងទីក្រុងតូចៗ ហើយការរឹតបន្តឹងនេះគឺជាផ្នែកមួយ នៃការបង្រ្កាបលើគម្រោងអភិវឌ្ឍន៍ចាយលុយខ្ជះខ្ជាយពីសំណាក់រដ្ឋាភិបាលថ្នាក់មូលដ្ឋាននានា ដើម្បីបង្អួតឱ្យគេស្ញប់ស្ញែង។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៧ តុលា ឱ្យដឹងថា ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទបានប្រកាសកាលពីថ្ងៃទី២៦ តុលា ថា ប្រសិនបើគ្មានការអនុម័តពិសេសទេនោះ ទីក្រុងតូចៗនានាដែលមានប្រជាជន តិចជាង៣លាននាក់មិនអាចសាងសង់ អគារមានកំពស់ខ្ពស់លើសពី១៥០ម៉ែត្រឡើយ ហើយទីក្រុងដែលមានប្រជាជនច្រើនជាងនេះ មិនអាចសាងសង់អគារខ្ពស់លើស២៥០ម៉ែត្របានឡើយ។

វិធានការក្ដៅនេះបន្ថែមពីលើបម្រាមមានស្រាប់មួយ ដែលហាមមិនឱ្យសាងសង់អគារខ្ពស់លើសពី៥០០ម៉ែត្រ។
ក្រសួងដដែលបានបញ្ជាក់ថា មន្ត្រីណាដែលអនុម័តគម្រោងបែបនេះ បំពានច្បាប់ថ្មីនេះ “នឹងត្រូវទទួលខុសត្រូវមួយជីវិត” ប៉ុន្តែមិនបញ្ជាក់ឱ្យច្បាស់ឡើយ។

ប្រទេសចិន មានអគារជាច្រើនដែលជាប់ ក្នុងចំណោមអគារខ្ពស់ៗបំផុតក្នុងពិភពលោករួមមានទាំងអគារ Shanghai Tower កម្ពស់៦៣២ម៉ែត្រ និងអគារ Ping An Finance Center កម្ពស់៥៦៦,១ម៉ែត្រនៅក្រុងស៊ឹនជិន (Shenzhen) ផងដែរ។

ប្រទេសចិនទទួលស្គាល់ថា ការសាងសង់អគារខ្ពស់ៗចំណេញដី ជាងការសាងសង់អគារទាបៗ ប៉ុន្តែទន្ទឹមនេះខ្លួនក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា មន្ត្រីមូល ដ្ឋានកំពុងបន្តសាងសង់អគារខ្ពស់ៗទាំងងងឹតងងុល ដោយមិនយកចិត្តទុកដាក់លើការអនុវត្តជាក់ស្តែង និងសុវត្ថិភាព។

ជាក់ស្ដែងកាលពីដើមឆ្នាំនេះ អគារ៧១ជាន់មួយដែលមានកម្ពស់៣៥៦ម៉ែត្រក្នុងទីក្រុងស៊ឹនជិន បានញ័ររញ្ជួយម្ដងហើយម្ដងទៀត បង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាព។ លទ្ធផលនៃការស៊ើបអង្កេតបានរកឃើញថា មូលហេតុនៃការញ័រជញ្ជួយនោះគឺដោយសារបង្គោលអង់តែនកម្ពស់ជាង៥០ម៉ែត្រ នៅលើកំពូលនៃអគារនេះត្រូវខ្យល់បក់បោកខ្លាំង។

មិនយូរប៉ុន្មានក្រោយពីឧប្បត្តិហេតុអគារញ័ររញ្ជួយនេះ រដ្ឋាភិបាលចិនបានចេញបម្រាមទូទាំងប្រទេសកាលពីខែកក្កដា លើការសាងសង់អគារមិនឱ្យលើសពី៥០០ម៉ែ ត្រ។ អគារដែលញ័ររញ្ជួយនៅក្រុងស៊ឹនជិន ខាងលើនេះត្រូវបានដាក់ឱ្យដំណើរការឡើងវិញក្នុងខែកញ្ញា បន្ទាប់ពីបង្គោលអង់តែននោះត្រូវបានរុះរើចេញ។

ក្រសួងដដែលនិយាយថា ទន្ទឹមនេះរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ក៏ត្រូវចុះត្រួតពិនិត្យអគារខ្ពស់ៗកប់ពពកដែលមានស្រាប់ផងដែរ ដូចជាការត្រួតពិនិត្យលើគ្រឹះ តួសំណង់ ការផ្គត់ផ្គង់ថាមពល ទឹក និងឧស្ម័ន សម្ភារៈដែលបានប្រើប្រាស់ ភាពធន់ទ្រាំរបស់អគារទៅនឹងការរញ្ជួយដី និងការការពារពីអគ្គិភ័យជាដើម៕ Reuters ៕

អារ៉ាប៊ីសាអូឌីត ផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអន្តរជាតិចំនួន៤៤បើកការិយាល័យកណ្តាលថ្នាក់តំបន់ក្នុងក្រុងរីយ៉ាដ

ដោយៈសុខុម

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃពុធ ទី២៧ តុលា ថា ខ្លួនបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអន្តរជាតិចំនួន៤៤ បង្កើតការិយាល័យកណ្តាលថ្នាក់តំប​ន់ក្នុងទីក្រុងរីយ៉ាដ ក្រោមកិច្ចប្រឹងប្រែងរបស់ព្រះរាជាណាចក្រមួយនេះ ដើម្បីជំរុញឱ្យទីក្រុងនេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្នាក់តំបន់។

សេចក្តីប្រកាសព័ត៌មានមួយបានបញ្ជាក់ថា ក្រុមហ៊ុនទាំង៤៤នេះរកស៊ី ក្នុងវិស័យផ្សេងៗគ្នា រួមមាន វិស័យបច្ចេកវិទ្យា ចំណីអាហារ & ភេសជ្ជៈ ការប្រឹក្សាយោបល់ និងការសាងសង់ជាដើម ដោយរួមមានទាំងក្រុមហ៊ុន Unilever ក្រុមហ៊ុន Baker Hughes និងក្រុមហ៊ុន Siemens ផងដែរ។

ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងកំពូលរបស់ពិភពលោក និងជាសេដ្ឋកិច្ចអារ៉ាប់ធំជាងគេបំផុត បានលើកឡើងកាលពីខែកុម្ភៈថា ខ្លួននឹងទុកពេលរហូតដំណាច់ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមហ៊ុនបរទេសនានា បង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងប្រទេសនេះ។ បើមិនដូច្នោះទេអាចប្រឈម នឹងការបាត់បង់កិច្ចសន្យាផ្ដល់ដោយរដ្ឋាភិបាល។

ចំណាត់ការដើម្បីពិពិធកម្មសេដ្ឋកិច្ចក្រៅពីប្រេង តាមរយៈការបង្កើតឧស្សាហកម្មថ្មី​ៗ ដែលបង្កើតការងារសម្រាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត នេះបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងការប្រកួតប្រជែង ជាមួយប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់។

លោក Fahd al-Rasheed ប្រធានគណៈកម្មាធិការក្រុងរីយ៉ាដ បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ការបង្កើតការិយាល័យកណ្តាលថ្មីៗទាំងនេះ នឹងចាក់បញ្ចូលទុនវិនិយោគ១៨ពាន់លានដុល្លារ ចូលក្នុងសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ហើយវានឹងផ្ដល់ការងារប្រមាណ៣០.០០០កន្លែងនៅត្រឹមឆ្នាំ២០៣០។

លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោករំពឹងថា ក្រុមហ៊ុនទាំងនេះនឹងរើចូលមកកាន់ក្រុងរីយ៉ាដ ក្នុងរយៈពេលមួយឆ្នាំ។ លោកបានបន្ថែមទៀតថា គោល​ដៅគឺ នឹងត្រូវបង្កើនឱ្យដល់៤៨០ក្រុមហ៊ុននៅត្រឹមឆ្នាំ២០៣០។

កាលពីដើមឆ្នាំនេះប្រទេសនេះបាននិយាយថា ក្រុមហ៊ុនចំនួន២៤បានចុះកិច្ចព្រមព្រៀង បង្កើតការិយាល័យកណ្ដាលក្នុងតំបន់រួចហើយ ហើយក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន PepsiCo ក្រុមហ៊ុន Schlumberger ក្រុមហ៊ុន Deloitte ក្រុមហ៊ុន PwC និងក្រុមហ៊ុន Bechtel ជាដើម។

ក្រុមហ៊ុនច្បាប់របស់អឺរ៉ុប DWF Group ក៏បាននិយាយកាលពីថ្ងៃពុធ ទី២៧ តុលា ដែរថា ទីក្រុងរីយ៉ាដ នឹងក្លាយជាការិយាល័យកណ្តាល ថ្នាក់តំបន់របស់ខ្លួន សម្រាប់សេវាកម្មអាជីវកម្ម៕ The Economic Times៕

គាំទ្រផលិតផលជាតិៈគាំទ្រថ្នាំលាបTemple Paintជាមួយការធានាលើគុណភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ ផលិតផលថ្នាំព៌ណ Temple Paint បាននិងកំពុងផលិតនៅកម្ពុជា ដែលជាផលិតផលត្រូវបានគិតគូពីគុណភាព និងស្តង់ដាបៃតង ដែលកាតើបន្ថយបាននូវផលប៉ះពាល់បរិស្ថាន និងជាប់បានយូរ។

លោកធួន ស៊ីណាន ប្រធានក្រុមហ៊ុន IMCT Co., Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗៗនេះថា សម្រាប់ថ្នាំលាបTemple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើ​យអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហ​ដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

លោកបន្តថា “ទោះវាជាផលិតផលថ្មី ប៉ុន្តែក្រុមហ៊ុនរបស់យើងសូមធានាគុណភាពយ៉ាងច្បាស់លាស់ និងពិតប្រាកដអាស្រ័យលើផលិតផលណាមួយ ដែលក្រុមហ៊ុនមានបញ្ជាក់នៅតាមប្រភេទថ្នាំនិមួយៗ”។លោកបន្តថា “យើងមានផលិតផលថ្នាំបីប្រភេទ គឺកោះកេរ្ត៍ បន្ទាយស្រី និងនគរវត្ត” ដែលផលិតផលនិមួយៗសុទ្ឋតែមានស្តង់ដាលំដាប់អន្តរជាតិ និងមានរយៈពេលប្រើប្រាស់ខុសៗគ្នា”។

លោកធួន ស៊ីណានបានថ្លែងទៀតថា យើងមានរោងចក្រនៅទីនេះ ដែលមានទីតាំងនៅផ្លូវ២០០៤ ហើយផលិតផលរបស់យើង ដាក់ឱ្យចរាចរណ៍នៅលើទីផ្សាររយៈពេ​លពីបីរខែចុងក្រោយនេះ។ ផលិតផលរបស់យើងចរាចរនៅលើទីផ្សារយៈពេលខ្លីក្តី ប៉ុន្តែយើងទទួលបានការគ្រាំទ្រច្រើនពីអតិថិជន។

លោកបានបន្តថា “ក្រុមហ៊ុនយើងខ្ញុំបាន ទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រា បច្ចេកទេស និងនវានុវត្តន៍ មានអនុញ្ញាតដំណើរការផលិតផល ថ្នាំលាបស្ពេត្រូជាចំបង”។

ផលិតផលថ្នាំលាបថេមភល ផេន (Temple Paint) ដែលជាផលិតផលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធរបស់ក្រុមហ៊ុន IMCT Co., Ltd បាននិងកំពុងផ្តល់ជម្រើសដល់អតិថិជន នូវផលិតផលចំនួន៣ប្រភេទ ដែលអាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។

ទី១ Temple Paint ឈ្មោះ “កោះកេរ្ត៍” ជាថ្នាំដែលមានតម្លៃប្រកួតប្រជែងជាមួយថ្នាំលាបក្នុងស្រុកដទៃទៀត និងមានគុណភាពស្តង់ដាអន្តរជាតិ ទី២ Temple Paint “ម៉ាកបន្ទាយស្រី” ជាផលិតផលមានកម្រិតមធ្យម ប៉ុន្តែស្តង់ដាលំដាប់អន្តរជាតិ និងអាចធានារយៈពេលប្រើប្រាស់បានយូរ និងទី៣ Temple Paint ម៉ាក “អង្គរវត្ត” ជាប្រភេទថ្នាំប្រណីត និងអាចប្រើប្រាស់បានរយៈពេលវែង មិនចាញ់ផលិតផលនាំចូលមកពីក្រៅប្រទេសនោះទេ ជាពិសេសធានាគុណភាពប្រើប្រាស់រយៈពេលវែង និងមានការធានាជូនពីរោងចក្រយ៉ាងត្រឹមត្រូវ៕

ដំណឹងល្អៈ ក្រុងសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាន ក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

ដោយៈសុផារី

សៀមរាបៈ ក្រុងសៀមរាបនៃខេត្តសៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨កន្លងទៅហើយទីក្រុងនេះ នឹងក្លាយជាទីក្រុងឆ្លាតវៃអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ។

ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយ សាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង និងការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍ ទីក្រុងឆ្លាតវៃអាស៊ានក្នុងឆ្នាំ២០២២ផងដែរ។ នេះបើតាមប្រសាសន៍របស់លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប និងពីធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំ ជាមួយភាគីជប៉ុន កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១នេះ។

លោកលី សំរិទ្ធបានបន្ថែមថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃ របស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ ដើម្បីដាក់ការស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅនេះ។

ជាការឆ្លើយតប JICA បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

នៅក្នុងដើមឆ្នាំ២០២០កន្លងទៅ JICA បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម ទៅលើការរៀបចំទីក្រុងឆ្លាតវៃ ក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នៃការប្រមូលព័ត៌មានក្នុងការរៀបចំ ទីក្រុងឆ្លាតវៃ សម្រាប់ក្រុងសៀមរាប ខណៈការសិក្សាប្រមូលព័ត៌មានបឋម ពីការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ទន្ទឹមគ្នានឹងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពី JICA ក្រុងសៀមរាប នៃខេត្តសៀមរាបក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានសម្រេច ក្នុងការផ្តល់នូវថវិកាចំនួន១៥០លានដុល្លារអាមេរិក ក្នុងការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបផងដែរ។

លោកក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រ តាមរយៈការផ្តល់នូវជំនួយផ្សេងៗដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ ជាក់ស្តែង ពេលនេះ JICA បានធ្វើការផ្តល់នូវជំនួយបច្ចេកទេស ក្នុងការសិក្សា និងរៀបចំទីក្រុងសៀមរាប នៃខេត្តសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន ៕

វិនិយោគិននឹងពិចារណាទីតាំងវិនិយោគលើតំបន់ប៉ែកខាងត្បូងភ្នំពេញក្រោយទឹកជំនន់២ឆ្នាំជាប់គ្នា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ពោលគឺឆ្នាំ២០២០និងឆ្នាំ២០២១នេះ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ដូចជានៅតំបន់គួរស្រូវ និងសង្កាត់មួយចំនួននៅខណ្ឌដង្កោបានទទួលរងគ្រោះ ដោយសារទឹកជំនន់លិចផ្ទះ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិព្រមទាំងពិបាក ក្នុងការធ្វើដំណើរចេញចូលធ្វើការជាដើម។

បន្ទាប់ពីមានបទពិសោធន៍ពីរឆ្នាំជាប់គ្នា វិនិយោគិននិងពលរដ្ឋអាចនឹងពិចារណាលើការទិញអចលនទ្រព្យនៅតំបន់ប៉ែកខាងត្បូង ពីព្រោះតែខ្លាចរអារនឹងគ្រោះធម្មជាតិបែបនេះ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារតែទឹកស្ទឹងព្រែកត្នោតបានហក់ឡើងខ្ពស់ ក៏ធ្វើឱ្យតំបន់មួយចំនួននៅប៉ែកខាងត្បូង ទទួលរងការលិចលង់ជាបន្តបន្ទាប់ ហើយអាជ្ញាធរក៏បានចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋ ចាកចេញពីផ្ទះទៅរកទីទួលមានសុវត្ថិភាព។ ក្នុងពេលទឹកនៅតែបន្តហក់ឡើងបែបនេះ ពលរដ្ឋរស់នៅក្នុងបុរីមួយចំនួនដែលធ្លាប់លិចលង់ ដោយសារតែទឹកជំនន់កាលពីមុននោះ ក៏កំពុងមានការព្រួយបារម្ភខ្លាចទឹកបន្តហក់ឡើងនិងធ្វើឱ្យលិចលង់ខ្លាំងដូចឆ្នាំមុន ។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា បើគ្រោះទឹកជំនន់នៅតែបន្តកើតឡើងមួយឆ្នាំហើយមួយឆ្នាំទៀត វានឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោ​គ និងប្រជាពលរដ្ឋ ។នៅពេលពលរដ្ឋបារម្ភពីសវុត្ថិភាព ពួកគាត់អាចនឹងខ្លាចរអារក្នុងទិញផ្ទះសម្រាប់ស្នាក់នៅតំបន់ ដែលមានការលិចលង់បែបនេះ ។

លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុន Advance បានឱ្យដឹងថា បើសិនជាស្ថានភាពទឹកជំនន់នៅតំបន់កំពុងលិចនេះ មានរយៈពេលខ្លីហើយវាស្រកទៅវិញលឿន នោះមិនវាមិនជាប៉ះពាល់អ្វីទេ ប៉ុន្តែបើសិនជាស្ថានភាពនៅតែបន្តអូសន្លាយយូរ វានឹងធ្វើឱ្យប៉ះពាល់ដល់រូបភាព នៃការសម្លឹងស្វែងរកការវិនិយោគរបស់វិនិយោគិន ហើយប្រជាពលរដ្ឋដែលចង់ផ្លាស់ប្តូរទីលំនៅ ទៅកាន់តំបន់ប៉ែកខាងត្បូង ក៏នឹងរារែកក្នុងការទៅកាន់តំបន់នោះដែរ។
លោកបន្តថា “ឆ្នាំមុនយើងក៏មានគ្រោះទឹកជំនន់ កើតមាននៅតំបន់ហ្នឹងដែរ ហើយឆ្នាំនេះវាក៏កើតឡើងម្ដងទៀត ដូច្នេះបើសិនជាវានៅតែកើតឡើងដដែលៗ នោះវានឹងប៉ះពាល់ទៅដល់ស្ថានភាពអចលនទ្រព្យ នៅក្នុងតំបន់ដែលរងគ្រោះនោះ”។

រហូតមកដល់យប់ថ្ងៃទី២៧តុលា ២០២១នេះ ស្ថានភាពទឹកជំនន់នៅតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តគំរាមកំហែងដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ ហើយអាជ្ញាធរក៏បានប្រកាសផ្អាកចរាចរណ៍ លើផ្លូវមួយចំនួនក្នងតំបន់នោះផងដែរ ពីព្រោះតែទឹកបានហូរកាត់ផ្លូវ។ អាជ្ញាធរក៏បានប្រកាសឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នបើសិនជាមានស្ថានភាពមិនស្រួល សូមឱ្យចាកចេញពីផ្ទះទៅរកទីកន្លែងសុវត្ថុភាព។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា ទីតាំង ទីតាំង ទីតាំងមានសារៈសំខាន់ណាស់ នៅពេលអ្នកវិនិយោគសម្រេចចិត្តវិនិយោគនៅតំបន់ណាមួយ ព្រោះទីតាំាំងមានសារៈសំខាន់លើមូលដ្ឋានជាច្រើន​ដូចជា ទី១ ការធ្វើទីផ្សារ និងការលក់ ទី២ ទំនុកចិត្ត និងបញ្ហាប្រឈម និងទី៣ បញ្ហាកើតមានដោយសារគ្រោះធម្មជាតិនានា។

លោកបន្តថា “បញ្ហានៅតំបន់ភាគខាងត្បូងរាជធានី ជាបញ្ហាកើតមានជាយូរមកហើយ ដោយសារតំបន់នេះមានដដីទំនាបលិចទឹក និងរងផលប៉ះពាល់ពីទឹកជំនន់ដែល​កើតមានស្ទើររាល់ឆ្នាំដោយសារស្ទឹងព្រែកត្នោត”។លោកបន្តថា “ទោះជាវាមិនរងផលប៉ះពាល់ជាប្រចាំក្តី ប៉ុន្តែកម្រិតទំនុកចិត្តអាចជាបញ្ហាមួយ សម្រាប់ទីផ្សារអចលនទ្រព្យនៅតំបន់នោះនាពេលអនាគត”៕

មន្រ្តីជាន់ខ្ពស់ៈ វិស័យអាកាសចរណ៍នឹងងើបឡើងវិញនៅពេលឆាប់ៗខាងមុខ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ មនរ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋា នអាកាសចរណ៍ស៊ីវិលបានថ្លែងថា វិស័យអាកាសចរណ៍កម្ពុជា នឹងងើបឡើងវិញឆាប់ៗខាងមុខនេះ ក្រោយរដ្ឋាភិបាលប្រកាសបើកទទួលភ្ញៀវទេ​សចរណ៍អន្តរជាតិឡើងវិញ។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការ ដ្ឋាន អាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៧ តុលាកន្លងមកថា ការប្រកាសបើកទេសចរណ៍ឡើងវិញ គឺជាសញ្ញាល្អសម្រាប់ការចាប់ផ្តើមឡើងវិញដំណើរការហោះហើរ និងទទួលទេសចរណ៍ឡើងវិញ បើទោះជាកន្លងមកយើងបានហាមឃាត់បីប្រទេសមិនឲ្យហោះហើរ ដោយសារវិធានការណ៍របស់សុខភាពសាធារណៈក្តី។

លោកបន្តថា “ខ្ញុំគិតថាការហោះហើរនឹងងើបឡើងវិញ នាពេលឆាប់ៗខាងមុខនេះ ទោះជាឥលូវមិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណា ដាក់ពាក្យស្នើសុំហោះហើរនៅឡើយក្តី”។ លោកបន្តថា “យើងឃើញភ្លើងខៀវបណ្តើរៗហើយ ក្រុមហ៊ុនអាកាសចរណ៍ថៃអាចមកមុនគេ ក្រុមហ៊ុនសាំងហ្កាពួរ ដែលហោះមកយើងមួយអាទិត្យពីររបីលើក អាចនឹងបង្កើនជើងហោះហើរបន្ថែម ប៉ុន្តែកម្ពុជាស្ថិតនៅក្នុងបញ្ជីរចត្តាឡីស័ក នៅសាំងហ្កាពួរនៅឡើយ”។

លោកបន្តថា រដ្ឋាភិបាលបានបើកទូលាយ គឺគេបើកប៉ុណ្ណាយើងបើកប៉ុណ្ណឹងដែរ បើថៃគេមិនធ្វើចត្តាឡីស័ក រដ្ឋាភិបាលកម្ពុជាក៏ពិចារណា មិនគួរធ្វើចត្តាឡីស័ក្តដែរ ព្រោះយើងឈរលើមូលដ្ឋានចាក់វ៉ាក់សាំង ដែលអ្នកដំណើរមានកាតចាក់វ៉ាក់សាំង មានលិខិត​បញ្ជាក់ថាគ្មានជំងឺកូវីដ១៩ មានការធានារ៉ាប់រង មានការកក់អូតែល គឺមិនមានបញ្ហាទេ។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ទោះជាយ៉ាងណាការហោះហើរឡើងវិញ គឺយើងត្រូវការពេលវេលាមួយ ដើម្បីក្រុមហ៊ុនមានពេលរៀបចំនិតិវិធីនៃការហោះហើរ មានការស្នើសុំ មានការអនុម័តលើកម្មវិធីនៃការហោះហើរ មានទាក់ទងនឹងការធ្វើការងារជា​មួយការីទេសចរណ៍ និងក្រុមហ៊ុនលក់សំបុត្រយន្តហោះ។ អញ្ចឹង ក្រុមហ៊ុនអាកាសចរណ៍ត្រូវរៀបចំប្រព័ន្ឋកក់កន្លែង ដូច្នេះពេលមានការកក់ អាចហោះហើរបាន ពួកគេទទួលផលចំណេញ នឹងមានការហោះហើរ។

លោកបន្តថា “អញ្ចឹងមុនការហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ទាំាំងអស់ គាត់ស្នើសុំធ្វើការហោះហើរ ហើយយើងអនុម័តឲ្យគាត់ហោះហើរ គឺគាត់អាចហោះហើរបានជាធម្មតាហើយ ព្រោះយើងមិនដែលហាមឃាត់គាត់មិនឲ្យហោះហើរទេ ប៉ុន្តែពីមុនដែលយើងហាមឃាត់បីប្រទេស គឺដោយសារវិធានការណ៍រដ្ឋសុខភាពសាធារណៈ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានបន្តថា វិស័យទេសចរណ៍កម្ពុជា អាចត្រូវការពេលវេលាបន្ថែមទៀត ដោយសារការបើកចំហរបស់រដ្ឋាភិបាលនៅមានកម្រិត ធៀបជាមួយប្រទេសថៃ ប៉ុន្តែបើយើងបើកទូលាយដូចនៅប្រទេសថៃជាការល្អ។

លោកបន្តថា “វិស័យទេសចរណ៍នៅកម្ពុជា នឹងងើបឡើងវិញលឿនបាន ក្នុងករណីរដ្ឋាភិបាលបើកចំហ ដោយមិនមានការធ្វើចត្តាឡីស័ក ព្រោះការបើកចំហ​បែបនេះនឹងជួយស្រោចស្រង់វិស័យនេះ ងើបពីវិបត្តិក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ”៕

រដ្ឋាភិបាលចាប់ផ្តើមបង្កើនការគិតគូពីហានិភ័យអគ្គិភ័យនៅតាមអគារខ្ពស់ៗ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការហើយ ក្រោយពិភាក្សាលើសេចក្តីព្រាងជាច្រើនខែមក។

យោងតាមប្រកាសលេខ ២៦៤៤ ប្រក ចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា ការដាក់ចេញប្រកាសនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្រុមការងារជំនួយបឋម ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ នូវតាមសំណង់គោលដៅ និងនៅតាមភូមិ ឃុំ-សង្កាត់ ក្នុងប្រទេសកម្ពុជា។

ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច ត្រូវបង្កើត និងហ្វឹកហ្វឺន ដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡាសំណង់ និងបែងចែកចំនួនអ្នកពន្លត់អគ្គិភ័យ ទៅតាមសំណង់គោលដៅ ដែលមានហានិភ័យកម្រិតខ្ពស់ មធ្យម និងទាប។

ក្រុមការងារនេះ មានភារកិច្ចចម្បងតាមដាន ត្រួតពិនិត្យឧបករណ៍ សម្ភារៈ ប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គិភ័យនៅតាមសំណង់គោលដៅ។

ចំណែកក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្តវិញ ត្រូវបង្កើតឡើងដោយរដ្ឋបាលឃុំ-សង្កាត់ និងហ្វឹកហ្វឺន ដោយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានភារៈកិច្ចតាមដាន ឃ្លាំមើល ផ្តល់ពត៌មានអំពីអគ្គិភ័យ ព្រមទាំងជួយសង្គ្រោះជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពន្លត់អគ្គីភ័យនៅតាមភូមិ ឃុំ-សង្កាត់របស់ខ្លួន។

បញ្ហាអគ្គិភ័យជាបញ្ហាធំមួយ ដែលក្រុមន្រ្តីជំនាញផ្នែកពន្លត់អគ្គិភ័យ នៅតាមអគារខ្ពស់ៗហាក់មមិនទាន់ បានទទួលការបណ្តុះបណ្តាលគ្រប់គ្រាន់នៅឡើយ ស្របពេលដែលវត្តមានអគារខ្ពស់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនកំពុងតែសាងសង់កាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ផែនការពង្រីករាជធានីភ្នំពេញក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េធ្វើឲ្យតម្លៃដីកើនឡើង តែល្បឿនលឿនឬយឺតអាស្រ័យលើកត្តាមួយចំនួន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ផែនការ ក្នុងការពង្រីកផ្ទៃរាជធានីភ្នំពេញមានអង្កត់ផ្ចិតរហូតដល់១០០គីឡូម៉ែត្រ ប៉ុន្តែអ្នកជំនាញមើលឃើញថាលទ្ធភាព នៃការពង្រីកផ្ទៃដីរាជធានីភ្នំពេញតូចធំឬលឿនរហ័ស វាអាស្រ័យលើអត្រាកំណើនប្រជាជនលឿនឬយឺត។

ទោះជាយ៉ាងណាក្រុមអ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូលភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

លោកប៉ូ អ៊ាវគង់នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ តុលានេះថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើនប្រជាជនលឿនឬយឺតដូចគ្នា។ បើសិនជាកំនើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជននៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ ។

លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀតខ្ញុំគិតថា ទឹកដីរាជធានីវាមិនអាចពង្រីកឱ្យផុតទឹកដីខេត្តកណ្ដាលទេ បើយើងគិតតាមប្រជាសាស្ត្រ ពីព្រោះការពង្រីក ការពង្រីកក្រុង ដើម្បីឱ្យវាមានប្រសិទ្ធភាព គឺទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធ និងការរៀបចំប្លង់មេត្រឹមត្រូវ”។លោកបន្ថែមថា បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះតែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ”។

លោកប៉ូ អ៊ាវគង់បានបន្តថា ទាក់ទងនឹងការរៀបចំប្លង់មេនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធវិញក៏ត្រូវការពេលវេលា និងថវិកាច្រើនផងដែរ ដូច្នេះភ្លាមៗវាពិតជាមិនអាចទៅរួចនោះដែរ។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដីខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ ។

លោកបន្តថា “នៅពេលរដ្ឋាភិបាលពង្រីកទីក្រុងភ្នំពេញជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញស្ទុះងើបមួយកម្រិតទៀតផងដែរ”។

លោកបន្តថា តម្លៃដីធ្លីនៅខេត្តជាប់រាជធានីភ្នំពេញ នៅពេលនេះគេអាចរកទិញបានក្នុងតម្លៃមួយទាប ប៉ុន្តែនៅពេលដែលមានការពង្រីករាជធានីភ្នំពេញ តម្លៃដីធ្លីនឹងមានការកើនឡើងទ្វេដង ឬអាចច្រើនជាងនេះបន្ថែមទៀត អាស្រ័យទៅលើសក្ដានុនៃតំបន់ទាំងនោះ។ ជាក់ស្ដែងតម្លៃដីធ្លីនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីមុនគេឃើញថា ក្នុងកម្រិតមួយទាបហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ តែពេលដែលមានការអភិវឌ្ឍឡើង តម្លៃដីធ្លីក៏ហក់ងើបឡើងជាមុនគួរឱ្យកត់សម្គាល់ផងដែរ៕