ដោយ៖ សុផារី
ភ្នំពេញ៖ អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន សម្រេចការសាងសង់បានប្រមាណ៩០% គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២ខាងមុខនេះ។
នេះបើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទសក្រសួងសុខាភិបាល និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។
លោកស្រីបន្ដថា អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ អគារដ៏ស្គឹមស្កៃនេះ បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រីបានថ្លែងថា “តាមការពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់នាពេលនេះ សង្កេតឃើញថាការងារសឹងតែចប់សព្វគ្រប់ហើយប្រមាណ៩០% ដែលនឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងនាចុងខែមករា ឆ្នាំ២០២២ខាងមុខ។ យើងនឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ”។
អគារនេះមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េ ក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕