ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ ដូណាល់ ត្រាំ ស្ទុះហក់ឡើងខ្ពស់រហូត ដល់ជាង១.០០០ភាគរយ

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Digital World Acquisition Corp ដែលមានទំនាក់ទំនងជាមួយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងត្រូវប៉ាន់យ៉ាងខ្លាំង ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានគេសម្រុកទិញយ៉ាងផុសផុល ដែលធ្វើឱ្យតម្លៃហក់ឡើងខ្ពស់។

យោងតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយនៅថ្ងៃសុក្រ ទី២៥ តុលាបាន​ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានហក់ឡើងខ្ពស់កប់ពពក រហូតដល់ទៅ១.២២៥% ចាប់តាំងពីមានការប្រកាសថា ក្រុមហ៊ុននេះនឹងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Trump Media & Technology Group របស់លោក ដូណាល់ ត្រាំ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Digital World Acquisition Corp បានហក់ឡើងជិត៣ដងដល់១៣១,៩០ដុល្លារ ក្នុង១ភាគហ៊ុន នៅពេលទីផ្សារហ៊ុនអាមេរិក បានបើកការជួញដូរកាលពីព្រឹកថ្ងៃសុក្រ ទី២២ តុលា ក្រោយពីហក់ឡើង៤ដង កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា។

ក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ  លើប្រព័ន្ធផ្សព្វផ្សាយសង្គមបានសម្រុកទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះតាម Reddit និង StockTwits។ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលា ក្រុមហ៊ុននេះ បានជាប់កំពូលតារាងរបស់Fidelity ជាភាគហ៊ុនដែលទទួលបានការបញ្ជាទិញភាគហ៊ុនច្រើនជាងគេ រហូតដល់ទៅប្រមាណ៥៥.០០០ពីអតិថិជន។ ហើ​យកាលពីថ្ងៃសុក្រ ទី២២ តុលា ការបញ្ជាទិញជាង២០.០០០ត្រូវបានចុះឈ្មោះលើ Platform របស់ Fidelity។

យោងតាមសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្រុមហ៊ុនដែលច្របាច់បញ្ចូលគ្នាថ្មីមានឈ្មោះថា Truth Social របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នឹងចាប់ផ្ដើមដំណើរការនៅត្រីមាសទី១ ដើមឆ្នាំ២០២២។

ភាគហ៊ុននៃក្រុមហ៊ុន Digital World Acquisition Corp ដែលមានតម្លៃលើទីផ្សារជាង៥០០លានដុល្លារនេះ ជាភាគហ៊ុនដែលត្រូវបានជួញដូរសកម្មបំផុត។

យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg បង្ហាញថា ភាគហ៊ុនប្រហែល៣៥លានភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានជួញដូរគិតត្រឹមម៉ោង៩:៣០នាទីព្រឹកនៅក្រុងញូវយ៉ក៕  Bloomberg៕

ក្រុមហ៊ុនចិនធំមួយគ្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិចនៅកម្ពុជា

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ  បានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។

ក្រោយបញ្ចប់ជំនួបការងារនេះ លោករដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម លោកបានសម្តែងការស្វាគម ន៍ចំពោះវត្តមានរបស់ភ្ញៀវ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះ បាននិងកំពុងត្រូវការអភិវឌ្ឍ លើអនុវិស័យសំខាន់ៗមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះវិស័យកែច្នៃកសិផលនឹងត្រូវ បានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូល។ល។

លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជនចិន ចូលរួមវិនិយោគឲ្យបានពេញលេ​ញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជានឹងមានឱកាសបង្ហាញខ្លួន នៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

លោកនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែបញ្ហានៅត្រង់ថាមិនទាន់បានប្រើបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបី មកធ្វើការសិក្សាស្រាវជ្រាវ ទាក់ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច។

វិទ្យាស្ថានទាំង៣ដែលគ្រោងបង្កើតនោះ រួមមានទី ១ វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាងត្បូង ទី២ វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣Chinese Academy of Tropical Agricultural Science។ លោកនាយកក្រុមហ៊ុន បានស្នើក្រសួងជួយពិនិត្យពិចារណាទីតាំងដី សម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន។

លោកបន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគ នឹងចាប់ផ្តើមជាជំហានៗតាមផែនការដែលបានគ្រោងទុក។

បន្ទាប់ពីបានទទួលព័ត៌មាននេះ លោករដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគ លើវិស័យកសិកម្មរបស់ក្រុមហ៊ុននាពេលអនាគត។ ករណីនេះ លោកសន្យាថា នឹងផ្តល់កិច្ចសហការ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការរបស់ក្រសួងជាស្ថាប័នអនុវត្តផ្ទាល់ ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មចម្រុះ ដោយឡែកដំណាំត្រូពិច និងការកែច្នៃកសិផលទទួលបានជោគជ័យ ដែលទាមទារចាំបាច់ត្រូវប្រើបច្ចេកវិទ្យា និងធនធានមនុស្ស ហើយពិតណាស់កិច្ចការនេះ ក៏ចាំបាច់ត្រូវមានកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធមន្រ្តីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យពួកគេអាចទទួលយកបច្ចេកវិទ្យាសម ស្របយកទៅអនុវត្តទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល៕

តំបន់ផ្លូវ៥១ចាប់ផ្ដើមកែប្រែពីតំបន់អភិវឌ្ឍន៍ដីឡូត៏ទៅជាតំបន់ឧស្សាហកម្ម និងលំនៅដ្ឋាន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បើនិយាយពីផ្លូវ៥១ កាលពីមុនគឺគេនឹងឃើញដល់ឧស្សាហកម្ម ដីឡូត៏ និងអនាគតតំបន់រោងចក្រ ប៉ុន្តែមកដល់ពេលនេះផ្លូវ៥១ ចាប់ផ្ដើមកែប្រែពីតំបន់អភិវឌ្ឍន៍ដីឡូត៏ទៅជាតំបន់អភិវឌ្ឍន៍លំនៅឋាន និងឧស្សាហកម្មជាបណ្ដើរៗហើយ ។ នេះបើតាមការលើកឡើងរបស់អភិវឌ្ឍន៍ដីឡូត៏នៅតំបន់ប៉ែកខាងលិចរាធានីភ្នំពេញ។

លោកចេ សុន អ្នកអភិវឌ្ឍន៍ដីឡូត៏និងដីលំហែជាយរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ Property Area ឱ្យដឹងនាព្រឹកថ្ងៃទី២៥ តុលានេះថា ពេលនេះតំបន់ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ ចាប់ផ្ដើមមានការអភិវឌ្ឍជាលំនៅឋាន និងរោងចក្រឧស្សាហកម្មច្រើនហើយ ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចូលទៅកាន់តំបន់នោះ និងធ្វើសកម្មភាពក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់។

លោកបន្តថា “កាលពីមុនតំបន់នេះគឺជាតំបន់ដីឡូត៏ ដោយប្រជាពលរដ្ឋជាច្រើនបានទិញដីនៅតាមបណ្ដោយផ្លូវ៥១ សម្រាប់ទុកសង់លំនៅឋានផ្ទាល់ខ្លួន ហើយមកដល់ពេលនេះដីឡូត៏ ដែលពលរដ្ឋបានទិញ ក៏ចាប់ផ្ដើមរៀបចំសាងសង់ដោយខ្លួនឯង”។ លោក​បន្តថា “មិនតែប៉ុណ្ណោះ ក្រុមហ៊ុនឯកជន ជាច្រើនទៀតដូចជាបុរីម៉ន ដានី ជាដើមក៏បានទៅអភិវឌ្ឍន៍លំនៅឋានសម្រាប់ផ្គត់ផ្គង់នៅតំបន់នោះដែរ”។

លោកចេ សុនបានបន្ថែមថា សម្រាប់រូបលោកផ្ទាល់ក៏បាន និងកំពុងរៀបចំសាងសង់ជាផ្ទះលំហែនៅជើងភ្នំ ដើម្បីផ្គត់ផ្គង់ជូនអតិថិជន ដែលមានតម្រូវការខាងផ្ទះលំហែ ប៉ុន្តែលោកក៏បន្តអភិវឌ្ឍន៍ដីឡូត៏ និងដីលំហែនៅខាងលិចតំបន់ផលូវ៥១នេះដែរ ពីព្រោះថាដី៥១វាមិនអាចអភិវឌ្ឍន៍ដីឡូត៏ទៀតទេ វាចង្អៀតហើយ ។

អ្នកអភិវឌ្ឍន៍លំនៅឋាននៅតំបន់ផ្លូវ៥១ ក៏បានលើកឡើងពីសក្ដានុពលនៃតំបន់នេះផងដែរ ដោយនិយាយថា តំបន់ផ្លូវ៥១ជាផ្លូវដែលតភ្ជាប់ ទៅកាន់ផ្លូវសំខាន់ៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ដូចជា ភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តជាយដែននៃប្រទេសនិងជាផ្លូវសំខាន់ ក្នុងការដឹកជំនិញចេញទៅកាន់កំពង់ផែ និងទៅកាន់ព្រំដែនកម្ពុជា។

លោកស្រីសុខ ស្រីអូនម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏ និងលំនៅឋានតាមបណ្ដោយផ្លូវ៥១បាននិយាយថា អនាគតផ្លូវនេះ នឹងក្លាយជាតំបន់ឧស្សាហកម្ម ដ៏មានសក្ដានុពល ហើយនឹងមានមនុស្សរស់នៅកាន់តែច្រើន ជាក់ស្ដែងបច្ចុប្បន្ននេះ ក៏មានមនុស្សចាប់ផ្ដើមងាកមករស់នៅក្នុងតំបន់ផ្លូវ៥១បណ្ដើរៗហើយផងដែរ ។

លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងផងដែរ តំបន់ខាងលិចភ្នំពេញ ដែលសំដៅដល់ខេត្តកំពង់ស្ពឺ នឹងមានការទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍវិស័យឧស្សាហម្ម ជាពិសេសនៅតាមបណ្ដោយផ្លូវ៥១ នឹងកាន់តែមានអ្នកចាប់អារម្មណ៍ លើឧស្សាហកម្មកាន់តែច្រើន។

លោកបន្តថា “កត្តាជំរុញឱ្យផ្លូវនេះមានការទាក់ទាញ លើឧស្សាហកម្មដោយសារតែទីតាំងងាយស្រួល ក្នុងការដឹកជញ្ជូនចេញចូលទៅកាន់កំពង់ផែ និងទៅកាន់ច្រកព្រំដែននៃប្រទេសកម្ពុជាថៃផងដែរ”៕

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិតែមួយហើយ

         ដោយៈសិរី ជេស៊ីកា

         ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ។ សម័យប្រជុំថ្ងៃនេះមានរបៀបវារៈចំនួនបួន ដែលត្រូវបានពិភាក្សា និងអនុម័ត រួមមានសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិមួយដែរ។

សេចក្តីព្រាងច្បាប់ខាងលើនេះ សំដៅកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានា ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការប្រឆាំងដាច់ខាតទៅនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ អន្តរជាតិរបស់កម្ពុជា។

ចំពោះរបៀបវារៈផ្សេងទៀត រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ លោកប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃរបបកម្ពុជាប្រជាធិបតេយ្យស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ និងការពិភា​ក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

 

តើ “ពន្ធ”និង “អាករ” ខុសគ្នាយ៉ាងដូចម្តេច?

ដោយៈ សុធារី

ភ្នំពេញៈ ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ឬស្ថាប័នពាក់ព័ន្ធនានាចំពោះរដ្ឋ ដើម្បីរួមចំណែកការពារនិង អភិវឌ្ឍមាតុភូមិ។ ការប្រមូលពន្ធនេះ គឺជាការយកតាមតម្លៃទំនិញឬសេវា ហើយអ្នកជាប់ពន្ធគឺជាអ្នកប្រើប្រាស់ចុងក្រោយ។

ពន្ធ និង អាករមានលក្ខណៈខុសគ្នាត្រង់ថា “ពន្ធ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់ជាសាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់កំណត់ #ដោយផ្ទាល់ ឬតាមភ្នាក់ងារពន្ធដារ។

ដោយឡែក “អាករ” សំដៅដល់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងគ្រប់សមាសភាពសេដ្ឋកិច្ច ត្រូវបង់សាច់ប្រាក់ ឬវត្ថុជូនរដ្ឋទៅតាមច្បាប់កំណត់ ដោយប្រយោល តាមការប្រើប្រាស់ទំនិញឬសេវាកម្ម។ ម្ល៉ោះហើយ អាករក៏អាចត្រូវបានគេហៅថាជាពន្ធប្រយោល។

យោងតាមជំនួយស្មារតី នៃអត្ថបទបោះពុម្ពផ្សាយរបស់សមាគមច្បាប់ សាលាត្រាជូនាឆ្នាំ២០១៧ បានសិក្សា និងរៀបរៀងឱ្យយើងអាចដឹងថា ពន្ធនៅកម្ពុជាមាន១៨ប្រភេទ៕

វៀតណាម ប្រកាសបើកកោះត្រល់ ស្វាគមន៍ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចនៅខែវិច្ឆិកា

ដោយៈសុខុម

ហាណូយៈ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ខ្លួនគ្រោងបើកកោះត្រល់ ឬ Phu Quoc ដែលជាកោះរមណីយដ្ឋានឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចនៅចុងខែវិច្ឆិកា ខណៈប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះព្យាយាមស្ដារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជិត២ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៣ តុលា នេះ។

កោះត្រល់ ដែលស្ថិតនៅចម្ងាយតែប្រមាណ១០គីឡូម៉ែត្រពីដែនដីកម្ពុជា និងជាអតីតទឹកដីកម្ពុជា ក្នុងឈូងសមុទ្រថៃ គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយរបស់វៀតណាម ព្រោះសម្បូរទៅដោយឆ្នេរខ្សាច់សយ៉ាងស្រស់ស្អាត និងទឹកថ្លាឆ្វង់ ព្រមទាំងមានភ្នំ និងព្រៃក្រាស់ទៀតផង។

យោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាមឱ្យដឹងថា គិតរហូតមកទល់ឆ្នាំ២០២១ កោះត្រល់ ទាក់ទាញគម្រោងវិនិយោគ បានចំនួន៣៧២គម្រោង ដែលសរុបជាទឹកប្រាក់ស្មើនឹង១៦,៥ពាន់លានដុល្លារអាមេរិក។

គម្រោងទាំងនោះ រួមមាន ទាំងសួនកម្សាន្តធំបំផុតប្រចាំប្រទេសវៀតណាម សួនសត្វចំហ (Open Zoo) ដែលមានតែ១គត់នៅវៀតណាម មន្ទីរពេទ្យ ទីលានវាយកូន ហ្គោល មជ្ឈមណ្ឌលសន្និបាត សណ្ឋាគារ និងអាកាសយានដ្ឋានអន្តរជាតិផងដែរ។

កោះនេះទាក់ទាញភ្ញៀវទេសចរ បានប្រមាណ៦៧០.០០០នាក់ និងរកចំណូលបានរហូតដល់ទៅជាង១៨ពាន់លានដុល្លារអាមេរិក ពីភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០១៩ ហើយអាជ្ញាធរវៀតណាម សង្ឃឹមថានឹងប្រែក្លាយវា ទៅជាតំបន់ទេសចរណ៍ដ៏អស្ចារ្យ ដោយយកលំនាំតាមកោះទេសចរណ៍ភូកេតរបស់ថៃ និងកោះទេសចរណ៍បាលី របស់ឥណ្ឌូនេស៊ី។

រដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីល្ងាចថ្ងៃសុក្រ ទី២២ វិច្ឆិកា ថា “ជើងហោះហើរពិសេស” (Charter Flight) សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមានលិខិត​ឆ្លងដែនវ៉ាក់សាំង នឹងទទួលបានការស្វាគមន៍មកកាន់កោះនេះ”។

បន្ទាប់ពីនោះ នៅចន្លោះចុងខែធ្នូ ឆ្នាំ២០២១ និងចុងខែមីនា ឆ្នាំ២០២២ កោះនេះមានបំណងទទួលភ្ញៀវទេសចរបរទេស រហូតដល់៥.០០០នាក់ តាមជើងហោះហើរពិសេសស្រដៀងគ្នា។ ភ្ញៀវទេសចរនឹងត្រូវបង្ហាញលិខិតបញ្ជាក់ ពីការចាក់វ៉ាក់សាំង រួមជាមួយលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ មុនពេលអនុញ្ញាតឱ្យចូលកោះនេះ។

អាជ្ញាធរវៀតណាមបាននិយាយថា ភ្ញៀវទេសចរទាំងនោះគួរមកពី “កន្លែងដែលមានកំណត់ត្រាសុវត្ថិភាពខ្ពស់ ទាក់ទិននឹងវិធានការបង្ការវីរុសកូវីដ-១៩ ដូចជាផ្នែកខ្លះនៃតំបន់អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាមេរិកខាងជើង និងអូស្ត្រាលី”។

រដ្ឋាភិបាលវៀតណាម មានគម្រោងបើកកោះត្រល់ ស្វាគមន៍ភ្ញៀវអន្តរជាតិក្នុងខែតុលា នេះ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារពលរដ្ឋវៀតណាម ចាក់វ៉ាក់សាំងបានតិច។

ព្រំដែននានារបស់វៀតណាម ត្រូវបានបិទមិនមិនឱ្យភ្ញៀវទេសចរអន្តរជាតិចូលចាប់តាំងពីដើមឆ្នាំ២០២០ ហើយស្ទើរតែគ្មានជើងហោះហើរពាណិជ្ជកម្ម ចូលក្នុងប្រទេ​សនេះ៕ CNA៕

តើអ្នកណាជាស្ថាបត្យករសណ្ឋាគារកាំបូឌីយ៉ាណា ដ៏ឆើតឆាយ?

ដោយៈ សុធារី

ភ្នំពេញៈ លោកតា លូ បានហាប គឺជាបិតាស្ថាបត្យករដ៏ចំណានម្នាក់ ក្នុងចំណោមស្ថាបត្យករជាច្រើន របស់ប្រទេសកម្ពុជានៅអំឡុងឆ្នាំ១៩៥៣ ដល់១៩៧០។

នៅក្នុងរយៈពេលជាងម្ភៃឆ្នាំនោះ ប្រទេសកម្ពុជាបានសម្រេចបានឡើងនូវហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើន ក្នុងនោះវិស័យសំណង់ គឺត្រូវបានរីកដុះដាលគួរឱ្យកត់សម្គាល់ជាខ្លាំង។ នៅក្នុងចំណោមស្នាដៃ របស់ស្ថាបត្យករចំណានៗរបស់ខ្មែរនាពេលនោះ លោកតា លូ បានហាប បានបង្កើតឡើងនូវស្នាដៃប្រវត្តិសាស្រ្ត ផ្នែកសំណង់ស្ថាបត្យកម្មធំៗមួយចំនួនរួមមាន ដូចជា សណ្ឋាគារខាំបូឌីយ៉ាណា វិទ្យាល័យទួលស្វាយព្រៃ (សារមន្ទីរគុកទួលស្លែង) រោងកុនចេនឡា សួនច្បារវិមានឯករាជ្យ និងពិសេសជាងគេនោះ គឺអគារ “ស”ដែលបានហៅថាជាអគារប៊ូឌីង (អគារប៊ូឌីងដែលនឹងត្រូវបាត់រូបរាង ទៅជាអគារណាហ្គាវើល៣ អគារសនេះដែលគឺសាងសង់ មានការចូលរួមពីវិស្វករជនជាតិ អ៊ុយក្រែនម្នាក់ ឈ្មោះ វ្លាឌីមៀ បូឌៀនស្គី ក្នុងឆ្នាំ១៩៦៣)។

លោកតា លូ បានហាប មានស្រុកកំណើតនៅឯ ខេត្តកំពង់ចាម និងជាបងប្អូនជីដូនមួយជាមួយ លោកវណ្ណ មូលីវណ្ណ។

នៅពេលដែលលោកមានអាយុបាន១៤ឆ្នាំ លោកតាបានផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញ ដើម្បីសិក្សានៅថ្នាក់អនុវិទ្យាល័យ ដោយលោកតាត្រូវរស់ពឹងនឹងទីវត្តអារាម។ លោកតា ជាសិស្សឧស្សាហ៍ក្នុងការសិក្សារៀនសូត្រ រហូតលោកតាត្រូវបានសម្តេច ប៉ែន នុត យកទៅរស់នៅជាមួយនិងឧបត្ថម្ភគាំទ្រ ដល់ក្នុងការរស់នៅនិងសិក្សាផងដែរ។

នៅឆ្នាំ១៩៤៩ លោកតាត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំង សិក្សាខាងផ្នែកវិស្វករសំណង់ ប៉ុន្តែក្រោយមកបន្តិចគាត់ត្រូវបានគេប្តូរ ទៅសិក្សាខាងផ្នែកស្ថាបត្យកម្មវិញ។ សិក្សានៅប្រទេសអ៊ីរ៉ុប លោកតាបានធ្វើដំណើរទៅជាច្រើនប្រទេស ដែលធ្វើឱ្យលោកទទួលបាន បទពិសោធ និងចំណេះដឹងជាច្រើន ។

លុះលោកតាបានត្រលប់មកមាតុប្រទេសវិញ លោកតាបានទទួលកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងផ្នែកសំណង់។ នៅក្នុងរយៈកាលដែលលោកតា ធ្វើការទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ពន័្ធក្រុងនោះ លោកតាបានបង្កើតស្នាដៃធំៗ ជាច្រើនដូចដែលបានរៀបរាប់នៅខាងលើជាដើម។

បច្ចុប្បន្ននេះ លោកតានៅមានព្រះជន្មាយុនៅឡើយទេ ហើយលោកតាគាត់កំពុងតែរស់នៅឯប្រទេសបារាំង៕

ក្រោយភ្លៀងមេឃស្រឡះ! ក្រុមហ៊ុនចិនដែលជំពាក់បំណុលរុំកោះ Evergrande ដំណើរការគម្រោងជាង១០ឡើងវិញ

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ប្រកាសដំណឹងដ៏ល្អគួរឱ្យអបអរសាទរ កាលពីថ្ងៃអាទិត្យ ២៤ តុលា ថា ខ្លួនបានចាប់ផ្ដើមដំណើរការគម្រោងជាង១០ ក្នុងទីក្រុងចំនួន៦រួមទាំងទីក្រុងស៊ឹនជិន (Shenzhen) ឡើងវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ដំណឹងដ៏គួរឱ្យរីករាយ ទាំងសម្រាប់វិស័យអចលនទ្រព្យទូទាំងប្រទេសចិន ក៏ដូចទីផ្សារក្នុងតំបន់ផងដែរនេះ កើតមានឡើងក្រោយពីក្រុមហ៊ុននេះ បានបង់ការប្រាក់ចំនួន៨៣.៥លានដុល្លារអាមេរិក លើថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលរបស់ខ្លួននៅនាទីចុងក្រោ​យដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីជាងមួយសប្តាហ៍មុន។

ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande ដែលមានវិបត្តិបំណុលធ្ងន់ធ្ងរជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក មិនបានទម្លាយឱ្យដឹងឡើយថា តើគម្រោងប៉ុន្មានក្នុងចំណោមគម្រោងអចលនទ្រព្យ រហូតដល់ទៅ១.៣០០គម្រោងរបស់ខ្លួននៅទូទាំងប្រទេសចិន ត្រូវផ្អាកដំណើរការដោយសារវិបត្តិបំណុល។

ក្រុមហ៊ុននេះ បានបញ្ជាក់កាលពីថ្ងៃទី៣១ សីហា ថា គម្រោងមួយចំនួនរបស់ខ្លួនត្រូវបានផ្អាក ដោយសារតែការពន្យារពេល ក្នុងការទូទាត់ឱ្យទៅក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ៅការ ហើយថាខ្លួនកំពុងចរចាដើម្បីបន្តដំណើរការសាងសង់ឡើងវិញ។

កាលពីថ្ងៃអាទិត្យ ទី២៤ តុលា ក្រុមហ៊ុននេះបានប្រកាសតាមរយៈផូស (Post) មួយបង្ហោះលើគណនីបណ្ដាញ ទំនាក់ទំនងសង្គម WeChat របស់ខ្លួនថា គម្រោងមួយចំនួនដែលខ្លួនបានចាប់ផ្ដើមដំណើរឡើវិញ បានឈានចូលដល់ដំណាក់កាលដេគ័រ ឬតុបតែងខាងផ្ទៃខាងក្នុងហើយ ខណៈអគារជាច្រើនផ្សេងទៀតទើបតែបញ្ចប់ការសាងសង់។

ក្រុមហ៊ុននេះបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការធានាការសាងសង់បន្តដំណើរការឡើងវិញ នឹងស្ដារទំនុកចិត្តរបស់ទីផ្សារមកលើខ្លួន។ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ខ្លួនពិតជាបានដំណើរការសាងសង់ឡើងវិញប្រាកដមែន ក្រុមហ៊ុននេះបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពកម្មករ ធ្វើការនៅលើគម្រោងផ្សេងៗ អមជាមួយការបោះត្រាបញ្ជាក់ពីពេលវេលា និងកាលបរិច្ឆេទទៀតផង។

កាលពីខែមុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន ក៏បានសន្យាជាមួយអ្នកទិញផងដែរថា ខ្លួននឹងបញ្ចប់ការសាងសង់ផ្ទះរបស់ពួកគេ ហើយថាការងារសាងសង់កីឡដ្ឋានបាល់ទាត់ ដ៏ធំបំផុតមួយរបស់ពិភពលោ​កក្នុងទីក្រុងគ័ងចូវ (Guangzhou) ក៏កំពុងដំណើរការដូចការគ្រោងទុកផងដែរ៕ Reuters៕

គំរោងស្ពានមិត្តភាពកម្ពុជា កូរ៉េស្ថិតក្នុងផែនការអាទិភាពសម្រាប់ឆ្នាំ២០២២

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េបាននិងកំពុងដាក់ក្នុងផែនការទិភាព នៃការខ្ចីឥណទានសរុប១៦០០លានដុល្លារ ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២ខាងមុខ។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ឆ្នាំ២០២២គំរោងអាទិភា​ពចំនួន៦ ក្នុងចំណោមគំរោងទាំង៦នោះ មានគម្រោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៦ រួមមាន គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧(ស្គន់ កំពង់ចាម) គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណាក់កាលទី៣) គម្រោងកែលម្អបណ្ដាញតភ្ជាប់ជនបទដោយចីរភាព និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លា​ប់បានមានប្រសាសន៍ថា គំរោងស្ពានមិត្តភាពកម្ពុជា កូរ៉េស្ថិតក្នុងផែនការសាងសង់ ប៉ុន្តែការសិក្សាបញ្ចប់នាពេលណា និងសាងសង់នាពេលណា លោកមិនទាន់បញ្ជាក់លំអិតនៅឡើយទេ។

លោកបន្តថា “ស្ពាននេះ ត្រួវបានប្រកាសផ្តល់ជូនពីមេដឹកនាំកូរ៉េ ជូនកម្ពុជារួចហើយ”។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ថា អ្នកជំនាញការកូរ៉េបាន និងកំពុងធ្វើការជាមួយអ្នកជំនាញកម្ពុជាហើយ លើគំរោងសាងសង់ស្ពាននេះ ប៉ុន្តែការសិក្សាបញ្ចប់នាពេលណា និងសាងសង់នៅទីតាំងណាមិនទាន់មានភាពជាក់លាក់នៅឡើយទេ វាអាស្រ័យលើការសិក្សាពីលំហូរទឹក ពីផលប៉ះពាល់បរិស្ថានផងដែរ៕

លោកម៉ៅ ធនិន ព្យាយាមរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងក្រុមហ៊ុន សេង សម្បត្តិ និងពលរដ្ឋនៅស្រុកដងទង់

ដោយៈ សុធារី

កំពតៈ ក្រុមប្រឹក្សាខេត្តកំពតបានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

វេទិកានេះ ធ្វើឡើងដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ក្នុងអង្គវេទិកាសាធារណៈ លោក ម៉ៅ ធនិន ក្រោយពីបានជជីកសួរ និងស្តាប់ភាគីជម្លោះទាំងសងខាង លើកឡើងយ៉ាងក្បោះក្បាយរួចមក ក៏សម្រេចទទួលស្គាល់ថា ខាងម្ចាស់គម្រោងបុរី បានទិញសិទ្ធិអាស្រ័យផលជាក់ស្តែង បន្តពីពលរដ្ឋ១៩គ្រួសារ ស្មើនឹង៣០នាក់ ប៉ុន្តែការសាងសង់ជាបុរី តម្រូវឲ្យខាងក្រុមហ៊ុនសេង សម្បត្តិ គិតគូរសម្រួលទៅតាមផ្លូវច្បាប់ ចំពោះគូរជម្លោះជាប្រជាពលរដ្ឋ៤គ្រួសារ។

លោកម៉ៅ ធនិន ក៏បានបញ្ជាក់ថា តាមគោលការណ៍ដោះស្រាយមានពីរ តាមគោលការណ៍ច្បាប់ និងតាមលក្ខខ័ណ្ឌនៃក្រុមគ្រួសារតែមួយ។ គោលការណ៍គ្រួសារតែមួយ គឺជាមនុស្សដែលរស់នៅក្នុងខេត្តដូចគ្នា។ ចំណែកគោលការណ៍ច្បាប់ គឺលោកបានសម្រេចទទួលស្គាល់ខាងភាគីគម្រោងបុរីថា បានទិញសិទ្ធិអាស្រ័យផលបន្តពីប្រជាពល​រដ្ឋ១៩គ្រួសារ តែគម្រោងសាងសង់ជាបុរីនោះ លោកមិនទាន់សម្រេចឲ្យទេ រង់ចាំសិក្សាផ្លូវច្បាប់ និងការធ្វើវេទិការពិគ្រោះយោបល់ជាមួយពលរដ្ឋសិន ព្រោះការអភិវឌ្ឍគឺដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីបុគ្គលម្នាក់ ពីរនាក់នោះទេ។

កន្លងមក ដីទីតាំងទំនាស់រវាងគូភាគីខាងលើ អាជ្ញាធរពាក់ព័ន្ធ តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត បានជួយសម្របសម្រួលដោះស្រាយជាច្រើនសារ នៅមិនទាន់មានលទ្ធផលនៅឡើយទេ៕