គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីបាននិងកំពុងសាងសង់បាន៥០ភាគរយហើយ

ដោយៈសុធារី

ភ្នំពេញៈ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីបាន និងកំពុងសាងសង់បាន៥០%ហើយ និងរំពឹងថានឹងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ បើតាមការលើកឡើងរបស់លោក រឿង សោភ័ណ្ឌ ប្រធានក្រុមហ៊ុន 𝗩𝗶𝗡 𝗚𝗿𝗼𝘄 𝗥𝗲𝗮𝗹𝘁𝘆 តាមបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី២៤ ខែតុលានេះ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ដែលមានតម្លៃ១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងសាងសង់លើផ្ទៃដី២,៦០០ហិកតា ជាការវិនិយោគដោយក្រុមហ៊ុន 𝐎𝐂𝐈𝐂 ចំនួន ៩០% និង រដ្ឋាភិបាលចំនួន ១០%។ គម្រោងនេះមានទីតាំងក្នុង ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានចំណតយានយន្តថ្មី ប្លែកហើយទំនើប ដែលជាព្រលានយន្តហោះលំដាប់ថ្នាក់ 𝟒𝐅 ត្រូវបានរចនាឡើងដោយក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 & 𝐏𝐚𝐫𝐭𝐞𝐫𝐬 ដែលក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស ។

គម្រោងនេះ នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេនឹងទី៩ នៅលើពិភពលោក ដោយនាំមុខដោយព្រលានយន្តហោះ ឈីកាហ្គោអូហារ និងនាំមុខអាកាសយានដ្ឋានអន្តរជាតិប៉េកាំងរបស់ចិន។ នៅពេលគម្រោងនេះបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងអាចផ្ទុកយន្តហោះធុនធំ និងអាចផ្ទុកអ្នកដំណើរបានរហូតដល់២៧លាននាក់នៅឆ្នាំ២០៣០ និងអ្នកដំណើរ៣០លាននាក់នៅក្នុងឆ្នាំ២០៥០ ដែលស្របតាមផែនការមេនៃការអភិវឌ្ឍន៍៕

លោកច្រឹក សុខនីមបង្ហើបពីទីតាំងមួយចំនួនដែលគួរវិនិយោគលើវិស័យដីធ្លី

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានផ្តល់យោបល់ដល់​អ្នក​ចង់រកស៊ីវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជាថា បើចង់ទិញដីធ្លីវិនិយោគបន្តគឺទិញនៅតាមជាយក្រុងភ្នំពេញ។

លោកបានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា តំបន់ក្រាំងធ្នង់នេះ សែនសុខ នឹងក្លាយទៅជាតំបន់រីកចម្រើនខ្លំាង ដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។

លោកបានព្យាករណ៍ថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិស ក្នុងរយៈពេល៥ទៅ ១០​ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកក៏បានណែនាំលើបណ្តាផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លួវលេខ៤៤ ខេត្តមណ្ឌលគិរី កំពត កែប និងបណ្តាខេត្តមានសក្តានុពលសេដ្ខកិច្ចជាច្រើនទៀត សុទ្ឋតែមានឱកាសទាញយកផលចចំណេញពីដីធ្លីនាពេលអនាគតផងដែរ៕

កម្ពុជាបង្ហាញកិត្យានុភាពនៃវប្បធ៌មដ៏អស្ចារ្យរបស់ខ្លួនក្នុងពិព័រណ៍ពិភពលោក២០២០នៅទីក្រុងឌូបៃ

ដោយៈ លក្ខិណា

ភ្នំពេញៈ កម្ពុជាត្រៀមនឹងចូលរួមក្នុងពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម នៅចុងខែកញ្ញា២០២១នេះ ដោយមានការចូលរួមពីប្រទេសនិងអង្គការអន្តរជាតិធំៗចំនួន១៩២ ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិ​ជ្ជកម្មនៅថ្ងៃទី២២ តុលា ២០២១នេះ។

សេចក្តីប្រកាសនេះឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ដែលធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង សម្រាប់ឆ្នាំ២០២០ គឺ សហភាពអារ៉ាប់រួម បានទទួលធ្វើម្ចាស់ផ្ទះរៀបចំ ប៉ុន្តែដោយសារការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពិព័រណ៍នេះត្រូវបានលើកពេល១ឆ្នាំ ហើយកាលបរិច្ឆេទថ្មីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានរយៈពេល ៦ខែ។

កម្ពុជាបានរៀបចំសាងសង់ពន្លាជាតិមួយយ៉ាងល្អប្រណីត នៅលើផ្ទៃដីទំហំ៣៨៤ ម៉ែត្រការ៉េ មានកម្ពស់២ជាន់។ គណៈកម្មការអន្តរក្រសួង បានឯកភាពយកការរចនាប្លង់ពន្លាជាតិកម្ពុជា ស្របតាមប្រធានបទដែលរាជរដ្ឋាភិបាល បានកំណត់គឺ “និរន្តរភាព” (Sustainability)។

ពិព៌ណលំដាប់ពិភពលោកនេះ ដំបូងឡើយក្រោងរៀបចំនៅឆ្នាំ២០២០ ប៉ុន្តែដោយសារជំងឺកូវីដ១៩ បានធ្វើឲ្យប្រទេសរៀបចំពិព៌ណនេះបានពន្យាពេលរហូតមកទល់ពេលនេះ តែនៅរក្សាឈ្មោះនិងឆ្នាំដដែល។

ការតុបតែងរចនាពន្លាជាតិកម្ពុជា ត្រូវបានច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តចំនួនបួន គឺសម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុម្មុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ដោយបង្ហាញពីកេរ្តិ៍ដំណែលវប្បធម៌ប្រវត្តិសាស្រ្តមានពីបុរាណ និងខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដូនតាខ្មែរបានបន្សល់ទុកនូវតឹកតាងរហូតមក ដល់បច្ចុប្បន្ន ដូចជា រូបចម្លាក់ ប្រាង្គប្រាសាទ ចម្លាក់នានានៅតាមជញ្ជាំងប្រាសាទ រូបចម្លាក់ទេវកថា និងបុព្វបុរសខ្មែរ សម័យអង្គរ វិស័យពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍ដែលជាចន្ទល់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

បន្ទាប់ពីបានបើកទ្វារ ទទួលភ្ញៀវចូលទស្សនាពីថ្ងៃទី១-២០ ខែតុលា ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនាចំនួន២១.៤០២នាក់។ ពន្លាជាតិកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការរៀបចំតុបតែងប្រកបដោយលក្ខណៈរស់រវើក និងស្របតាមប្រធានបទ។

កម្ពុជាសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីការចូលរួមពិព័រណ៍ពិភពលោក២០២០ឌូបៃ ជាពិសេសការលើកស្ទួយមុខមាត់កេរ្តិ៍ឈ្មោះ របស់ប្រទេសកម្ពុជាឲ្យកាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ តាមរយៈការចងចាំដក់ជាប់ក្នុងចិត្តរបស់អ្នកទស្សនានូវអ្វីដែលពួកគេបានឃើញ ដូចជាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ បរិស្ថានធម្មជាតិដ៏ស្រស់បំព្រង វប្បធម៌ដ៏សម្បូរបែប និងសិល្បៈរបាំប្រពៃណីខ្មែរ ដែលមានពីតាំងសម័យបុរាណ និងបច្ចុប្បន្ន។

អ្នកទស្សនា ក៏នឹងចងចាំផងដែរនូវស្នាមញញឹម ពោពេញដោយក្តីសង្ឃឹម និងភាពដ៏ស្មោះត្រង់ របស់មន្ត្រីប្រចាំការចំពោះភ្ញៀវគ្រប់រូប ដែលជាកត្តាមួយជំរុញឲ្យអ្នកទស្សនាចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង តំបន់ទេសចរណ៍ធម្មជាតិ និងការធ្វើវិនិយោគទុននៅប្រទេសកម្ពុជា។

កម្ពុជាធ្លាប់មានបទពិសោធន៍ ចូលរួមរៀបចំពិព័រណ៍ពិភពលោក និង ពិព័រណ៍អន្តរជាតិជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ហើយការរៀបចំតុបតែងពន្លាជាតិ តែងមានការចាប់អារម្មណ៍គាំទ្រពីភ្ញៀវទស្សនាយ៉ាងខ្លាំង ជាក់ស្តែងការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០០៥ នៅទីក្រុងអាយាជី ប្រទេសជប៉ុន ពន្លាជាតិកម្ពុជាបានទទួលភ្ញៀវ ចូលទស្សនាចំនួន៣.៧២៩.៤៧៦នាក់ឆ្នាំ២០១០ នៅទីក្រុងសៀងហៃ បានទទួលភ្ញៀវចូលទស្សនាចំនួន ៩.៧៣៩.៨២៦នាក់, ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី បានទទួលភ្ញៀវចូលទស្សនាចំនួន ២.២២២.៨៣១នាក់ ហើយយើងសង្ឃឹមថា ការចូលរួមពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ពន្លាជាតិកម្ពុជា នឹងទទួលបានភ្ញៀវចូលទស្សនាបានច្រើនផងដែរ ប្រសិនបើស្ថានភាពនៃជំងឺកូវីដ-១៩ មានការថមថយ និងកាន់តែប្រសើរឡើងនោះ៕

៦ចំណុចជួយឱ្យភ្នាក់ងារអចលនទ្រព្យបិទបញ្ចប់នៃការលក់ងាយស្រួលជាងមុន

ដោយៈ សុផារី

ភ្នំពេញៈ ក្រៅពីជំនាញ និងឯកទេសដែលមានស្រាប់  ចរិកលក្ខណៈរបស់បុគ្គលជាធាតុផ្សំដ៏សំខាន់ ដែលជួយឱ្យលោក អ្នកឆ្ពោះទៅរកគោលដៅដែលចង់សម្រេច។ ខាងក្រោមនេះជា ចរិកលក្ខណៈចាំបាច់៦យ៉ាង ដែលភ្នាក់ងារអចលនទ្រព្យគួររៀនសូត្រ និងប្រតិបត្តិដើម្បីសម្រេចគោលដៅ។

១) ជាបុគ្គលមានសេចក្តីទៀងត្រង់ (integrity)

ជំហ៊ាន ដំបូងមុននឹងឈានដល់ដំណាក់កាលបិទបញ្ចប់ នៃការលក់ឬភាសាអង់​គ្លេសហៅថា Close Deal មិនថាជាផ្ទះ ឬដីធ្លីនោះទេ គឺ ធ្វើម៉េចត្រូវយកឈ្នះលើទំនុកចិត្តរបស់អតិថិជនឱ្យបានសិន ព្រោះអតិថិជនអាចមើលដឹង ប្រសិនបើភ្នាក់ងារអចលនទ្រព្យនោះធ្វើការយកលុយជាធំ ហើយមនុស្សប្រភេទនេះអតិថិជនមិនចង់សហការជាមួយទេ។ ដូច្នេះត្រូវសាងក្តេរិ៍ឈ្មោះឱ្យបានល្អ ហើយត្រូវប្រកាន់ភ្ជាប់នូវសុច្ចរិតភាព។

២) ត្រូវធ្វើជាបុគ្គល ប្រូអាក់ទីវ (proactive)

មនុស្ស proactive នេះជាប្រភេទបុគ្គល ដែលចេះទទួលខុសត្រូវ គ្រប់គ្រងស្ថានការណ៍ និងធ្វើអ្វីមួយឱ្យសម្រេចឡើងដោយខ្លួនឯង ដែលខុសពីមនុស្សប្រភេទ reactive ជាបុគ្គលអង្គុយរង់ចាំឱ្យអ្វីមួយកើតឡើង ហើយចូលចិត្តទំលាក់កំហុសលើអ្នកដទៃ។

ភ្នាក់ងារអចលនទ្រព្យ ដែលសម្រេចបាននូវសមិទ្ធិផលដុំគំភូន ដឹងពីរបៀបពីការត្រួសត្រាយផ្លូវរបស់ពួកគេ ក្នុងការធ្វើការជាមួយអតិថិជន មិនមែនអង្គុយរង់ចាំឱ្យអតិថិជនទូរស័ព្ទមករកនោះទេ។ ភ្នាក់ងារអចលនទ្រព្យ ដែលមានចរិកលក្ខណៈproactive នេះតែងមាន ម្ចាស់ការលើខ្លួនឯង ហើយមិន រង់ចាំឱកាសហុចដល់ដៃទេ ដូចជាការណាត់ជួបយ៉ាងសកម្មជាមួយម្ចាស់ទ្រព្យ ព្រោះបើមានការជួបជជែកជាមួយម្ចាស់ទ្រព្យ កាន់តែច្រើន នោះឱកាសជោគជ័យក៏ហុចឱ្យទៅតាមហ្នឹងដែរ។

៣) អត់ធ្មត់ មិនបោះបង់ (persistence)

ភ្នាក់ងារអចលនទ្រព្យដែលសម្រេ ចកិច្ចការល្អជាងគេ តែងប្រកាន់ភ្ជាប់នូវភាពអំណត់ ដូចជាការបន្តសាកសួរព័ត៌មាន (follow up) ជាមួយអតិថិ ជនពីការទិញ ឬលក់អចលនទ្រព្យ បើទោះបីពេលខ្លះត្រូវចំណាយពេលបី-បួនសប្តាហ៍ ឬអាចលើសពីនេះ។ បើទោះមិនមានការសម្រេចចិត្តណាមួយពីអតិថិជន ក៏កំឡុងពេលនេះជាការប្រើប្រាស់ពេលវេលាកសាងទំនាក់ទំនងជាមួយអតិថិជន ដើម្បីឱកាសក្រោយដែរ។

៤) ចូលចិត្តប្រកួតប្រជែង (competition)

នៅក្នុងសង្វៀនអាជីវកម្មអចលនទ្រព្យនេះ មានរឿងរ៉ាវជាច្រើនដែលត្រូវប្រឈម ព្រោះជា វិស័យដែលពោរពេញដោយការប្រកួតប្រជែង។ ហេតុដូច្នេះហើយ ភ្នាក់ងារអចលនទ្រព្យត្រូវជាមនុស្សមានមហិច្ឆតា ហើយខិតខំនិងបេ្តជ្ញាដើម្បីជោគជ័យ។ ភ្នាក់ងារអចលនទ្រព្យដែលជោគជ័យ គេមិនត្អួញត្អែរ និងបន្ទោសលើរឿងឧបសគ្គនោះទេ ផ្ទុយទៅវិញគេខំគាស់កកាយ ហើយយកឈ្នះលើឧបសគ្គនោះឱ្យដល់ទីបញ្ចប់។

៥) រួសរាយរាក់ទាក់ និងមានការទំនាក់ទំនងល្អជាមួយអ្នកដទៃ

ជាភ្នាក់ងារអចលនទ្រព្យ មិនអាចជាមនុស្សមានចរិក អៀនខ្មាស់ច្រើនពេកនោះទេ។ ដើម្បីពូកែលក់អចលនទ្រព្យជាផ្ទះ ឬដីធ្លី ត្រូវជាមនុស្សពូកែនិយាយ។ បើមិនទាន់ពូកែនិយាយ ឬមិនសូវចូលចិត្តនិយាយទៅកាន់អ្នកដទៃទេ គួរចាប់ផ្តើមពីឥឡូវ។ បន្ថែមពីនេះ ភ្នាក់ងារអចលនទ្រព្យចំណាន ចូលចិត្តបង្កើតមិត្តភ័ក្ក ហើយទៅដល់ទីណា តែងពង្រីកបណ្តាញទំនាក់ទំនងនៅទីនោះ ។ ម៉្យាងទៀតពួកគេមិននឿយណាយ នឹងការលើកទទួលទូរស័ព្ទ ហើយណាត់ជួបជាមួយអ្នកដទៃ ដើម្បីបង្កើតការទំនាក់ទំនងនោះទេ។

 

៦) ហ្មត់ចត់នឹងការងារ (detail-oriented)

ភាពច្បាស់លាស់ និងល្អិតល្អន់ចំពោះការងារ ជាកត្តាល្អបំផុតមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្នុងការផ្តល់ទំនុកចិត្ត និងរក្សាចំណង់មិត្តភាពយូរអង្វែងជាមួយអតិថិជន៕

តើតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីនឹងមានកំណើនយ៉ាងណាដែរ?

ដោយ៖ សុធារី

ភ្នំពេញ៖ តម្លៃអចលនទ្រព្យនៅតាមបណ្តោយមហាវិថី សហពន្ធរុស្សីនឹងមានកំណើនយ៉ាងខ្លាំង ក្រោយពីមានគម្រោងនៃផ្សារទំនើប អគារប៊ូយ៉ុង ដូចជាវត្តមានគម្រោងផ្សារជីស៊ី អូរឬស្សី ដែលគ្រោងនឹងបង្ហាញខ្លួននៅលើផ្ទៃដី១.២ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី កណ្តាលនៃរាជធានីភ្នំពេញយើង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា មហាវិថីសហព័ន្ធរុស្ស៊ីគឺជាផ្លូវធំមួយដែលមានសក្តានុពលខ្ពស់ខ្លាំងណាស់ ព្រោះជាផ្លូវដែលគណៈប្រតិភូ និងភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់ហើយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេបានសង្កេតឃើញថាមានគម្រោងផ្សារទំនើបៗ សណ្ឋាគារ និងគម្រោងខុនដូធំៗជាច្រើនបានមានវត្តមាននៅតាមផ្លូវនេះជាហូរហែផងដែរ។

លោកក៏បានបន្តទៀតថា គម្រោងទាំងនេះនឹងជួយជំរុញឱ្យតម្លៃវិស័យអចលនទ្រព្យ នៅតាមបណ្ដោយផ្លូវមួយនេះកាន់តែមានកំណើនខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្ននេះ ក៏មានគម្រោងធំៗជាច្រើននៅទីនោះផងដែរ ជាពិសេសក៏មានវត្តមានគម្រោងផ្សារទំនើបៗ និងអគារពាណិជ្ជកម្មថ្មីៗ ជាច្រើនបានផុសឡើងនៅទីនោះ ជាក់ស្តែងវត្តមានគម្រោងផ្សារបោះដុំដ៏គឺ ផ្សារជីស៊ីអូរឬស្សី។

មន្ត្រីផ្នែកលក់គម្រោងផ្សារជីស៊ី កញ្ញា ថេត ថាឡែន បានថ្លែងថា គម្រោងផ្សារ ជីស៊ី (𝐆𝐂)គឺជាផ្សារបោះដុំក្នុងស្រុកដ៏ធំដែលនឹងគ្រោងសាងសង់នៅលើផ្ទៃដី១.២ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៃកណ្តាលរាជធានីភ្នំពេញ។ ផ្សារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីស៊ី (𝐆𝐂)ដែលមានទុនវិនិយោគប្រមាណ៣៥លានដុល្លារ ដើម្បីបំរើឱ្យទេសចរណ៍ និងចូលរួមបំពេញបន្ថែមដល់ផ្សារ ជីស៊ីអូរឬស្សី ដែរបច្ចុប្បន្ននេះ។

កញ្ញាក៏បានបន្តទៀតថា ផ្សារនេះទើបតែទទួលបានច្បាប់សាងសង់កាលពីពេលថ្មីៗនេះ ដែលនឹងគ្រោងចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ២០២១ ដោយទីតាំងផ្សារនេះនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីស្ពានអាកាសផ្សារដីហុយ និងនៅខាងមុខក្រសួងពាណិជ្ជកម្ម ដែលនៅតាមណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី។

តាមផែនការមេ ផ្សារជីស៊ីអូរឬស្សី នឹងត្រូវបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៤ ដែលអាគារផ្សារមួយនេះនឹងក្លាយជាទីតាំងដ៏សំខាន់ ដែលអាចបង្ហាញអំពីការរស់នៅរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាកន្លែងដែលភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍នក្នុងការទិញទំនិញបែបខ្មែរនៅទីនោះផងដែល។

ផ្សារនេះមានកម្ពស់៦ជាន់ ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ដោយបែងចែកជាជាន់នីមួយៗទៅតាមគោលដៅផលិតផលដូចជាគ្រឿងទេស គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ និងសម្ភារៈអេឡិចត្រូនិចជាដើម៕

តម្លៃអចលនទ្រព្យនៅសឹង្ហបុរីហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការលក់ផ្ទះកើនឡើង១៩,៤ភាគរយ

ដោយៈសុខុម

សឹង្ហបុរី: ការលក់ផ្ទះបន្តក្នុងទីផ្សារលំនៅដ្ឋាន សាធារណៈនៃប្រទេសសិង្ហបុរី បានកើនឡើង១៩,៤%ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ បើធៀបនឹងត្រីមាសទី២។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២២ តុលា។

នៅចន្លោះខែកក្កដា ដល់ខែកញ្ញា ប្រតិបត្តិការលក់ផ្ទះបន្តចំនួន៨.៤៣៣ត្រូវបានកត់ត្រា បើធៀបនឹងពាក្យស្នើសុំទិញផ្ទះចំនួន៧.០៦៣ ដែលប្រជាជនសិង្ហបុរី បានដាក់ស្នើនៅត្រីមាសទី២។ តម្លៃលក់បន្តនៅក្នុងត្រីមាសទី៣ ក៏បានហក់ឡើងផងដែរ ដោយកើនឡើង២,៩%បើធៀបនឹងត្រីមាសទី២។

ទិន្នន័យរបស់ HDB បង្ហាញថា សន្ទស្សន៍តម្លៃលក់បន្តបានកើនឡើងពី១៤៦.៤ពិន្ទុដល់១៥០.៦ពិន្ទុ បើធៀបនឹងពិន្ទុខ្ពស់បំផុតមិនធ្លាប់មាន១៤៩.៤ពិន្ទុ ដែលបានកត់ត្រាក្នុងត្រីមាសទី២ ឆ្នាំ២០១៣។

លោកស្រីChristine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៃទីភ្នា​ក់ងារអចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា លំនៅដ្ឋានសាធារណៈដែលជាប្រភេទលំនៅដ្ឋានរដ្ឋ សាងសង់លក់ឱ្យប្រជាជនមានប្រាក់បញ្ចូលទាប ក្នុងតម្លៃធូរថ្លៃ ហាក់មានហាងឆេងខ្ពស់។

លោកស្រីបានបន្ថែមថា ការលក់ផ្ទះដាច់ខ្លាំង បានធ្វើឱ្យតម្លៃលក់បន្តហក់ឡើងខ្ពស់កាលពីត្រីមាសមុន ហើយតម្រូវការខ្ពស់លើសពីការផ្គត់ផ្គង់នៅតំបន់ជាច្រើន ខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញ បូករួមជាមួយអត្រាការប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ ក៏បានជំរុញឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់ផងដែរ។

ផ្អែកតាមទិន្នន័យរបស់ HDB បង្ហាញថា អាផាតម៉ិនដែលមាន៤បន្ទប់ទទួលបានការពេញនិយមបំផុត ហើយលំនៅដ្ឋានប្រភេទនេះ ត្រូវបានលក់បន្តរហូតដល់ទៅ៣.៥៩៣ប្រតិបត្តិការ នេះបើធៀបនឹង២.២៦៨ប្រតិបត្តិការ សម្រាប់អាផាតម៉ិនដែលមាន៥បន្ទប់ និង១.៨៣១ប្រតិបត្តិការសម្រាប់អាផាតម៉ិនដែលមាន៣បន្ទប់៕ CNA៕

ក្រសួងសាធារណៈការព្រាងអនុក្រិតទាក់ទងការប្រើប្រាស់ដីចំណីផ្លូវ និងផ្លូវរថភ្លើង

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកប៉ាល់ ចន្ទតារា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវ និងផ្លូវរថភ្លើង។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងកែសម្រួលចំពោះខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង ក៏ដូចជាដើម្បីប្រមូលធាតុ ចូលឱ្យកាន់តែទូលំទូលាយ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត និងធ្វើយ៉ាងណាឱ្យការរៀបចំ សេចក្ដីព្រាងអនុក្រឹត្យនេះមានខ្លឹមសារកាន់តែសុក្រឹត្យច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយសំដៅគ្រប់គ្រងរក្សាការពារដីចំណីផ្លូវឱ្យមានប្រសិទ្ធិភាព ក្នុងគោលដៅបម្រើឱ្យផលប្រយោជន៍សាធារណៈ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ។

អង្គប្រជុំស្នើឱ្យមានការរៀបចំពង្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ និងផ្លូវរថភ្លើង ជាពីរដាច់ដោយឡែកពីគ្នា គឺមួយសម្រាប់ផ្លូវថ្នល់ និងមួយទៀតសម្រាប់ផ្លូវរថភ្លើង ហើយក៏បានពិភាក្សាកែសម្រួលចំណងជើងនៃអនុក្រឹត្យ ការកំណត់ដីចំណីផ្លូវ ការប្រែប្រួលដែនកំណត់ជាក់ស្តែង នៃដីចំណីផ្លូវនៅក្នុងកាលៈទេសៈមានការផ្លាស់ប្តូរអ័ក្សទ្រូងផ្លូវ ការបោះបង្គោលកំណត់ដីចំណីផ្លូវ និង ខ្លឹមសារលំអិតនៃមាត្រានីមួយៗ។

ជាមួយគ្នានោះផងដែរ អង្គប្រជុំបានឯកភាពលើការកំណត់ របៀបរបបនៃប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីពន្លឿនការរៀបចំសេចក្តី ព្រាងអនុក្រឹត្យនេះឱ្យបានឆាប់ចប់៕

តើអចលនទ្រព្យនៅខេត្តណាខ្លះមានសក្តានុពលគួរវិនិយោគ?

ដោយ: ម៉ាលីស

ភ្នំពេញៈ ក្រៅពីរាជធានីភ្នំពេញ តាមបណ្ដាខេត្តមួយចំនួនទៀត ក៏ជាខេត្តដែលមានសក្ដានុពលយ៉ាងធំធេង សម្រាប់ការវិនិយោគលើអចលនទ្រព្យដែរ។

យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់លោក គាម សៀកឡុង ខេត្តមួយចំនួន ដែលមានសក្តានុពលសម្រាប់ការវិនិយោគ អចលនទ្រព្យមានដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ សៀមរាប កំពត និងខេត្តព្រះសីហនុជាដើម។

ខេត្តកណ្ដាល នៅជិតបង្កើយ ទីតាំងភូមិសាស្រ្តល្អណាស់នៅក្នុង រាជធានីភ្នំពេញ ហើយតំបន់មួយចំនួន បានកាត់ចូលមកក្រុងភ្នំពេញជាបន្តបន្ទាប់ ហើយនឹងអាចត្រូវកាត់ ចូលបន្ថែមទៀត នេះបើតាមគម្រោងពង្រីកវិសាលភាពក្រុងភ្នំពេញឆ្នាំ២០៣៥។ នៅពេលដែលមានឈ្មោះថា ជាទីក្រុង បូករួមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងនោះនឹងធ្វើឲ្យតម្លៃដីធ្លីឡើងយ៉ាងគំហុក។

ខេត្តកំពង់ស្ពឺនៅចន្លោះ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងមានសណ្ឋានដី ខ្ពស់ និងទីតាំងភូមិសាស្ត្រល្អ ទាំងអំណោយផល ដល់ការដឹកជញ្ជូន ទៅកាន់កំពង់ផែសម្រាប់ការនាំចេញ មានសក្តានុពល បម្រើឲ្យវិស័យ ឧស្សាហកម្មរោងចក្រ និងឃ្លាំង។ ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធ ល្អផ្លូវខ្វែងខ្វាត់ រួមផ្សំនឹង គោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលផ្លាស់ ទីតាំងរោងចក្រសហគ្រាស ឃ្លាំងស្តុកទំនិញនានានៅទីក្រុងផងបាន ធ្វើការវិនិយោគនៅតាមផ្លូវសំខាន់ៗ មានការកើតឡើងដូចជា តាមផ្លូវជាតិលេខ ៤ ផ្លូវហាមួយផ្លូវ៤១ និងថ្មីៗនេះគឺការវិនិយោគលើផ្លូវលេខ៤៤ មានការទាក់ទាញខ្លាំង។

សៀមរាប ជាខេត្តដែលបណ្ដុំដោយ បេតិកភណ្ឌវប្បធម៌ ដែលទាក់ទាញភ្ញៀវទេស​ចរជាតិ និងអន្តរជាតិ រាប់លាននាក់ក្នុងមួយឆ្នាំៗ បូករួមនឹងការស្ថាបនាផ្លូវ ចំនួន៣៨ខ្សែក្នុងពេលថ្មីៗនេះនិង ការសាងសង់ព្រលានយន្តហោះថ្មី ក៏មានឱកាសល្អសម្រាប់ការវិនិ​យោគអចលនទ្រព្យ ដែលបម្រើវិស័យទេសចរណ៍ផងដែរ បើទោះបីជាក្នុងស្ថានភាពបច្ចុប្បន្នមានការអភិរក្ស ហាមឃាត់មិនឲ្យមានសំណង់អគារខ្ពស់ដោយ។

សម្រាប់ខេត្តកំពត ជាខេត្តសម្បូរទៅដោយធម្មជាតិស្រស់បំព្រង មានភ្នំ សមុទ្រព្រែកតែអំណោយផល ដល់ការអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ នៅផ្ទះលំហែលជាដើម សម្រាប់ខេត្តកំពត អចលនទ្រព្យ នៅមានតម្លៃទាប នៅឡើយហើយសម្បូរទៅដោយធម្មជាតិ ស្រស់បំព្រង មានភ្នំសមុទ្រព្រែក តែអំនោយផលដល់ការអភិវឌ្ឍ ជាតំបន់ទេស​ ចរណ៍ធម្មជាតិនៅផ្ទះលំហែលជាដើម។

ដោយឡែកនៅ ខេត្តព្រះសីហនុវិញ ជាប៉ូលសេដ្ឋកិច្ចទីពីរ របស់ប្រទេសកម្ពុជាមានការអភិវឌ្ឍលឿនណាស់ ស្ទើរតែមើលលែងស្គាល់ទៅហើយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៤ ខ្សែបានស្ថាបនារួចរាល់ សំណង់អគារខ្ពស់កម្មវិធី អាកាសយានដ្ឋានអន្តរជាតិផ្លូវល្បឿនលឿន និងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល គឺជាខេត្តតំបន់នេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណងបាននឹង កំពុងតែមានវិនិយោគទុនបរទេសជាច្រើនពិសេសយើងពេញជាច្រើន ជាពិសេសវិនិយោគចិន។

សក្តានុពលខេត្តនីមួយៗ ខុសៗគ្នា ដូចបានរៀបរាប់ខាងលើ សម្រាប់បងប្អូនដែលរស់នៅភ្នំពេញ បើបងប្អូនវិនិយោគផង ដើម្បីទទួលបានប្រាក់ចំណេញផង សូមកុំមើលរំលងខេត្តពីរ ដែលនៅជិតបង្កើតនិងរាជធានីភ្នំពេញ គឺខេត្តកណ្ដាល និងកំពង់ស្ពឺ បូករួមនឹងការវិនិយោគជាយរាជធានីភ្នំពេញខ្លួនឯងផង។

ដូចចាស់បុរាណបានពោលថា “ជួញជិតប្រសើរជាងជួញឆ្ងាយ” គឺយើងមានពេលញឹកញាប់ និងគ្រប់គ្រាន់ដើម្បីមើលថែ អចលនទ្រព្យរបស់យើង កុំឱ្យមានការរំកិលព្រំ រឺបាត់បង់ជាដើម សម្រាប់បងប្អូនដែលរស់នៅខេត្ត ដោយពុំមានបណ្ដាញនៅភ្នំពេញ ឬនៅខេត្តក្រុងផ្សេងទៀត ហើយចង់វិនិយោគខេត្តក្រុងរបស់ខ្លួន ត្រូវស្វែងយល់ពីផែនការមេប្រើប្រាស់ដីធ្លីនៅតាមខេត្តក្រុង និងសក្តានុពលក្នុង តំបន់នានានៅក្នុងខេត្តរបស់ខ្លួន៕

វិនិយោគិនកាន់តែច្រើនចាប់ផ្តើមវិនិយោគលើតំបន់លំហែកាយនៅក្នុងខេត្តកំពត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កំពតជាទីតាំងមួយដ៏មានសក្ដានុពល វិនិយោគលើអចលនទ្រព្យជាពិសេសអចលនទ្រព្យ សម្រាប់វិស័យទេសចរណ៍ ក្នុងនោះគេសង្កេតឃើញថា នៅក្នុងខេត្តកំពត ទទួលបានវិនិយោគិនជាបន្តបន្ទាប់ ចូលបណ្ដាក់ទុនវិនិយោគ លើទីតាំងលំហែកាយ ដូចជា ផ្ទះលំហែកាយ ចំការលំហែកាយនិងរីសតជាដើម។

អ្នកវិនិយោគជាច្រើននៅក្នុងខេត្តកំពត និងវិនិយោគិនជាតិមកពីភ្នំពេញ ក៏បានបង្ហា​ញគម្រោងវិនិយោគ និងត្រៀមក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តនេះ បើទោះបីជាកម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ក្ដី។

លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតក៏បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២២ តុលាកន្លងមកថា ក្នុងមួយរយៈពេលចុងក្រោយនេះ ខេត្តកំពតហាក់ទទួលបានការអភិវឌ្ឍ ជាតំបន់លំហែច្រើនទាំងផ្ទះលំហែកាយនិងចំការលំហែជាដើម ដោយវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនបានចូលទៅដាក់ទុនវិនិយោគ សាងសង់លំនៅឋានលំហែកាយ ក្នុងនោះយើងក៏មើលឃើញថាមានក្រុមហ៊ុនធំៗ ព្រមទាំងការសាងសង់ជាលក្ខណៈឯកជនជាច្រើនផងដែរ។

លោកបន្តថា “កត្តាទាំងនេះ បានធ្វើឱ្យសកម្មភាពទិញលក់ដីធ្លី នៅតំបន់ដែលមានសក្ដានុពល នៅតែមានហាងឆេងខ្ពស់ ដូចជា ដីនៅជាប់មាត់ព្រែកជាដើម”។លោកបន្តថា “អ្វីដែលពិសេសនោះដីធ្លីតំបន់ក្រុងបូកគោ នៃខេត្តកំពត ដែលជាក្រុងថ្មីក៏កំពុងពេញនិយមសម្រាប់ការវិនិយោគរបស់វិនិយោគិនផងដែរ”។

លោកសុខ គែន អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ក៏បានឱ្យដឹងថា ទោះបីជាមានវិបត្តិ ដោយសារតែកូវីដ១៩នៅទូទាំងប្រទេសក្ដី តែខេត្តកំពត នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ ប៉ុន្តែវាហាក់ស្ងប់ស្ងាត់បន្តិចនៅពេលមានការបិទខ្ទប់តំបន់មួយចំនួន ហើយវាក៏ត្រលប់មកធម្មតាវិញ នៅពេលរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់។

លោកបន្តថា “សកម្មភាពវិនិយោគអចលនទ្រព្យ នៅខេត្តកំពត យើងបានមានមើលឃើញថា កាន់តែមានការផុសផុលខ្លាំងឡើង ជាពិសេសទៅលើតំបន់លំហែកាយ ដោយមានក្រុមហ៊ុន និងឯកជនជាច្រើន សង់ផ្ទះសម្រាប់ទុកលំហែខ្លួនឯងផង និងសម្រា​ប់ជួលជូនភ្ញៀវទេសចរផងដែរ”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវធ្វើដំណើរកម្សាន្តកាលពីថ្ងៃឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ មានចំនួនច្រើនឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈហើយក្នុងចំណោមខេត្តទាំងអស់ របស់ប្រទេសកម្ពុជាឃើញថា ខេត្តកំពតទទួលបានភ្ញៀវទេសចរច្រើនជាងគេ បន្ទាប់មកគឺខេត្តកែប ដែលជាប់ចំណាត់លេខ២។ ការណ៍នេះ បានបង្ហាញសញ្ញាវិជ្ជមាន សម្រាប់វិនិយោគិន ក្នុងការវិនិយោគលើវិស័យសេវាកម្ម សម្រាប់គាំទ្រដល់វិស័យទេសចរណ៍៕

ក្រុមហ៊ុន Angel Realty កំពុងបោះជំហ៊ានចូលទីផ្សារអចលនទ្រព្យកាន់តែសកម្មជាងមុនជាមួយមូលដ្ឋានវិជ្ជាជីវៈ

ដោយៈគង់់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ Angel Realty បាននិងកំពុងចាប់ផ្តើមបោះជំហ៊ាន​កាន់តែសកម្មជាងមុន លើទីផ្សារអចលនទ្រព្យនៅកម្ពុជា ស្របពេលវិស័យនេះកំពុងមានភាពរីកចម្រើនខ្លាំង និងទទូលបានប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋ។

អគ្គនាយិកាក្រុមហ៊ុន Angel Realty អ្នកនាងឆយ ហ្រ្វីដាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ នៅលើវិស័យនេះ និងទទូលបានការបណ្តុះបណ្តាល នៅកម្រិតអន្តរជាតិជាច្រើន ទើបអ្នកនាងបានចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ ព្រោះវាជាវិស័យមួយដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។

អ្នកនាងបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យអំណាចនៃការទិញ លក់លើវិស័យនេះនឹងមានភាពរីកចម្រើន រយៈពេលវែងបន្ថែមទៀត”។អ្នកនាងបន្តថា “ជាមួយការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត កម្រិតមូលដ្ឋាន​វិជ្ជាជីវៈខ្ពស់ និងជាការជួយជម្រុញវិស័យនេះ ឲ្យមានភាពរីកចម្រើនបន្ថែមទៀត Angel Realty មានដៃគូសហការជាច្រើនមកពីសហរដ្ឋអាមេរិក ដែលផ្តល់ប្រឹក្សាលើការទិញលក់ ការវិនិយោគ និងសេវាកម្មជាច្រើនទៀត”។

ក្រុមហ៊ុននេះបាននិងកំពុងផ្តល់សេវាកម្មជាច្រើន រួមមាន ដូចជា ទិញ លក់ ជួលអចលនទ្រព្យ វាយតម្លៃអចលនទ្រព្យ រៀបចំឯកសារស្របច្បាប់ក្នុងការទិញ លក់ ជួល សម្របសម្រួលរៀបចំឯកសារផ្ទេរប្លង់កម្មសិទ្ឋ និងប្រឹក្សាយោបល់នានាទាក់ទងនឹងការវិនិយោគ។

អ្នកនាងឆយ ហ្រ្វីដាបានបន្តថា ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា នឹងមានបន្តរយៈពេលវែងបន្តទៀត ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីផ្តល់ការលើកទឹកចិត្ត និងទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្នបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសវិស័យអចលនទ្រព្យ មិនត្រឹមតែចូលរួមលើកកំពស់មុខមាត់កម្ពុជានោះទេ តែបាននិងកំពុងក្លាយជាសរសរស្តម្ភមួយយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ៕