ដោយៈជេស៊ីកា
ភ្នំពេញៈ ការពង្រីកផ្លូវលេខ១៣០ ដែលតភ្ជាប់់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារព្រែកព្នៅ ទៅកាន់តំបន់ភ្នំប្រសិទ្ឋ និងពង្រីកការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ បាននិងកំពុងទាក់ទាញការវិនិយោគ និងជម្រុញកំនើនតម្លៃដីធ្លីនៅតំបន់នេះ។
ផែនការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងបាននិងកំពុងជម្រុញការវិនិយោគលើលំនៅដ្ឋាន បុរី ពិសេសតម្លៃដីធ្លីនៅតំបន់នេះបាន និងកំពុងហក់ឡើងយ៉ាងខ្លាំង ពិសេសតម្លៃដីធ្លីបានហក់ឡើងខ្ពស់ ទោះស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ក្តី។
តាមរយៈការធ្វើដំណើរពីក្រុមការងារគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ការពង្រីកការតភ្ជាប់លើផ្លូវដ៏សំខាន់នេះ បាននិងកំពុងហុចសក្តានុពល នៃការអភិវឌ្ឍនៅមូលដ្ឋានទាំងនោះកើនឡើង ទាំងតម្លៃអចលនទ្រព្យ ពិសេសដីធ្លីនិងសំណង់បុរី លំនៅដ្ឋានបានកើនឡើងយ៉ាងព្រោងព្រាត។
ប៉ុន្តែយ៉ាងណាក្តីតម្លៃលំនៅដ្ឋាន នៅតំបន់នេះមិនទាន់ទាក់់ទាញបុរី ឬវីឡាប្រណីត ដែលមានតម្លៃខ្ពស់ៗនៅឡើយ ដោយភាគច្រើនផ្ទះល្វែង ផ្ទះអាជីវកម្មនតំបន់នេះមានតម្លៃចន្លោះពី៣០,០០០ ទៅ៧០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកយិន លាងគង់ ដែលបានតាមដានជាប់ជាប្រចាំ លើការវិវត្តន៍លើវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តរយៈពេលវែងតទៅទៀត ដោយសារ ទី១ សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនរយៈពេលវែង ទី២ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយមានភាពរ៉ឹងមាំ និងអ្នកនយោបាយមានភាពចាស់ទុំ ដែលវិនិយោគិនអន្តរជាតិអាចទុកចិត្តបាន ទី៣ កម្ពុជាមានប្រជាជនវ័យក្មេងច្រើន។
លោកបន្តថា កត្តាទី៤ គឺកម្ពុជាបាននិងកំពុងស្ថិតក្នុង ក្រសែភ្នែកវិនិយោគិនអន្តរជាតិ ដោយពួកគេអាចរកផលចំណេញ ពីការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសជិតខាងកម្ពុជា និងទី៥ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងក្លាយជាវិស័យដ៏មុនស្រួច អាទិភាពដើម្បីរដ្ឋាភិបាលអាចរុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅមុខក្នុងកម្រិតថ្មីមួយទៀត ទី៦ ប្រាកើចំំណូល របស់ប្រជាពលរដ្ឋកើនឡើងជាប្រចាំ ដែលធ្វើឲ្យអំណាចនៃការទិញ ក៏ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យកើនឡើង និងទី៧ អ្នកវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអចលទ្រព្យកម្ពុជាកាន់តែមានភាពចាស់ទុំ។
លោកយិន លាងគង់បានបន្តថា ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ឋ កំពុងធ្វើឲ្យប្រជាពលរដ្ឋកានើតែរីករាយ ដោយសារងាយស្រួលក្នុងការធ្វើដំណើរផង និងបានធ្វើឲ្យអចលនទ្រព្យឡើងថ្លៃផង ពិសេសតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញមួយចំនួន ក្នុងកំពុងស្ថិតក្នុងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បញ្ចូល ក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញនាពេលខាងមុខនេះ៕