គម្រោងស្ថានីយថាមពលសូឡានៅខេត្តបន្ទាយមានជ័យ ឈ្នះពានរង្វាន់ប្រចាំឆ្នាំ២០២១ ពីប្រទេសអង់គ្លេស

ដោយៈសុខុម

បន្ទាយមានជ័យ: វាពិតជាមោទនភាពណាស់ ដែលគម្រោងស្ថានីយថាមពលសូឡានៅខេត្តបន្ទាយមានជ័យ ទទួលបានពានរង្វាន់ឆ្នើម “Best New Utility of Its Kind” ប្រចាំឆ្នាំ២០២១ ពីទស្សនាវដ្ដីដ៏ល្បីល្បាញ International Finance Magazine របស់អង់គ្លេស។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ។

ស្ថានីយថាមពលសូឡាកម្លាំង៣៩មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យនេះត្រូវបានដំឡើង ដោយក្រុមហ៊ុនពហុជាតិសាសន៍ B.Grimm Power Plc ហៅកាត់ BGRIM ដែលមានមូលដ្ឋាននៅក្រុងបាងកក ប្រទេសថៃ ហើយការទទួលបានពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីបច្ចេកវិទ្យាដ៏ទំនើប ដែលក្រុមហ៊ុនបានបំពាក់នៅស្ថានីយខាងលើ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍថាមពលស្អាតសម្រាប់អនាគតកាន់តែប្រសើរ។

លោក Harald Link ប្រធានក្រុមហ៊ុនBGRIM បានកោតសរសើរថា គម្រោងស្ថានីយសូឡានេះ គឺជាជោគជ័យមួយដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរតាមពេលកំណត់ ទោះបីជាមានវិបត្តិកូវីដ-១៩ និងគ្រោះធម្មជាតិកើតឡើងនៅតំបន់សាងសង់ស្ថានីយនេះក្នុងឆ្នាំ២០២០ក្ដី។

លោកបានបន្ថែមទៀតថា “ពានរង្វាន់នេះឆ្លុះបញ្ចាំង ពីជំនាញរបស់ក្រុមហ៊ុន BGRIM ក្នុងអាជីវកម្មថាមពលសូឡា ដែលក្រុមហ៊ុនបានត្រៀមខ្លួនពង្រីក ដើម្បីគ្របដណ្ត​ប់លើវិស័យរដ្ឋ និងឯកជនទាំងក្នុង និងក្រៅប្រទេស”។

អគ្គិសនីដែលបានពីស្ថានីយថាមពលសូឡានេះ បាននិងកំពុងផ្គត់ផ្គង់ដល់បណ្តាញបញ្ជូនអគ្គិសនីរបស់អគ្គិសនីកម្ពុជា (EDC) ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងរយៈពេល២០ឆ្នាំ។ វាជាគម្រោងថាមពលសូឡាដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានការធានា ការផ្គត់ផ្គង់ថាមពលពីរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងថាមពលសូឡា 257MW Phu Yen TTP កម្លាំង២៥៧មេហ្គាវ៉ាត់របស់ក្រុមហ៊ុន BGRIM នៅប្រទេសវៀតណាម ក៏ទទួលបានពានរង្វាន់ឆ្នើម “Best Power Plant Project Developer” ពីទស្សនាវដ្ដី International Finance Magazine ក្នុងឆ្នាំ២០១៩ ផងដែរ។

បច្ចុប្បន្នក្រុមហ៊ុន BGRIM មានស្ថានីយសូឡាពាណិជ្ជកម្ម ចំនួន៥០ដែលកំពុងដំណើរការនៅក្នុងប្រទេសរួមមានថៃ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អាល្លឺម៉ង់ និងកម្ពុជា។ ក្រុមហ៊ុននេះ មានបំណងបង្កើនសមត្ថភាពផលិតថាមពលសូឡា សរុបរបស់ខ្លួនពី៣.០៥៨មេហ្គាវ៉ាត់ ឱ្យឈានដល់យ៉ាងហោចណាស់៧.២០០មេហ្គាវ៉ាត់ នៃកិច្ចព្រមព្រៀងទិញថាមពល ដែលមានការធានានៅត្រឹមឆ្នាំ២០២៥៕ Bangkok Post ៕

តើគួរវិនិយោគអចលនទ្រព្យប្រភេទណាដើម្បីទទួលបានប្រាក់ចំណេញក្នុងអំឡុងវិបត្តិកូវីដ១៩

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩នេះ វិស័យជាច្រើនបានរងផលប៉ះពាល់ពីវិបត្តិនេះ ក្នុងនោះដែរវិស័យអចលនទ្រព្យ ក៏បានរងផលប៉ះពាល់ពីកូវីដ១៩ដែរ ប៉ុន្តែវិនិយោគិនជាច្រើននៅតែបន្តដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ទៅលើអចលនទ្រព្យ ដោយខ្លះក៏ជោគជ័យនិងខ្លះទៀតក៏នៅគាំង។

តើនៅក្នុងវិបត្តិកូវីដ១៩នេះ អ្នកវិនិយោគគួរតែជ្រើសរើសយក អចលនទ្រព្យប្រភេទណាដើម្បីទទួលបានប្រាក់ចំណេញ?។

លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា សម្រាប់អ្នកដែលមានដៃគូ ដែលសំដៅដល់គូស្វាមីភរិយា ដែលមានប្រាក់ចំណូលពី៥០០ដុល្លារ ទៅ៧០០ដុល្លារក្នុងម្នាក់ៗ គួរវិនិយោគផ្ទះជាលក្ខណៈបុរី ។

លោកស្រីក៏បានផ្ដល់ជាគន្លឹះមួយចំនួន ដល់អ្នកវិនិយោគដំបូងទៅលើបុរី ដោយគិតទៅលើ៣ចំនុចៗ ក្នុងនោះរួមមាន ទី១ ពិនិត្យទៅមើលអ្នកអភិវឌ្ឍន៍បុរីនោះជាអ្នកណា មានកេរ្តិ៍ឈ្មោះប៉ុណ្ណា មានបទពិសោធន៍ប៉ុណ្ណា នៅក្នុងការសាងសង់បុរីលក់នៅក្នុងទីផ្សារ ។ទី២ មុននឹងសម្រេចចិត្តទិញផ្ទះនៅក្នុងបុរី ក៏ត្រូវគិតជាមុនថា តើទីតាំងនៅមានបរិយា​កាសរស់នៅយ៉ាងម៉េចដែរ អាចធ្វើការប្រកបរបររកស៊ីបានដែរទេ ឬជួលបានដែរឬទេ និងទី៣ អ្នកទិញផ្ទះត្រូវសួររកប្លង់កម្មសិទ្ធិច្បាស់លាស់ ។

លោកស្រីថា “ហានិភ័យនឹងកើតមានកើតឡើងខ្ពស់ បើសិនជាអ្នកវិនិយោគថ្មីថ្មោងមិនបានគិតពីចំណុចនេះជាមុន ហើយធ្វើការវិនិយោគលឿនៗ និងមិនមានការគិតទុកជាមុន”។

លោកស្រី Grace Rachny Fong ក៏បានចែករំលែកបទពិសោធន៍ សម្រាប់ការវិនិយោគដំបូងរបស់លោកស្រីផងដែរ គឺវិនិយោគទៅលើលំនៅឋានតូចមួយ និងបានទា​ក់ទងទៅស្ថាប័នធនាគារ ដើម្បីយកកម្ចីមកប្រើប្រាស់ ក្នុងការវិនិយោគទិញលំនៅឋាននៅ ។​តាមរយៈកិច្ចការនេះដែរ លោកស្រីក៏ចាប់ផ្ដើមមានទំនាក់ទំនង ជាមួយខាងធនាគារដើម្បី បន្តធ្វើជាដៃគូក្នុងការរកស៊ីជាបន្តបន្ទាប់ផងដែរ ។

សម្រាប់លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា មុននឹងសម្រេចចិត្តវិនិយោគអ្វីមួយ ត្រូវសួរខ្លួនឯងថាចង់ឬអត់ហើយចូលចិត្តឬអត់ ។ ការវិនិយោគអ្វីមួយ គឺអាស្រ័យលើចំណូលចិត្តនិងជំនាញរបស់វិនិយោគិនដើម្បីទទួលបានជោគជ័យក្នុងការវិនិយោគនោះ ៕

ដំណឹងល្អៈផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបាន៦៧ភាគរយហើយ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ជាមួយវឌ្ឍនភាពល្អប្រសើរ ទីបំផុតការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបាន៦៧ភាគរយហើយ។ នេះបើ់តាមការអះអាងរបស់លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២០ តុលាកន្លងមកថា ការសាងសង់ផ្លូវល្បឿនលឿននេះ សម្រេចបាន៦៧ភាគរយហើយ ដែលតាមផែន​ការផ្លូវជាប្រវត្តិសាស្រ្តនេះ នឹងសម្រេចបញ្ចប់ការស្ថាបនាទាំងស្រុងនៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា “ជាមួយគ្នានេះ ការលើកឡើងពីផ្លូវនេះជាផ្លូវបៃតង វាជាការសំដៅដល់ការសាងសង់ផ្លូវដែលមានសួនច្បារកណ្តាល មានដាំស្មៅ និងការដាំដើមឈើអមសងខាងផ្លូវ”។ លោកបន្តថា “ដោយសារមានថវិកាច្រើន ការស្ថាបនាផ្លូវនេះធ្វើឡើងមាន គុណភាពខ្ពស់ បើធៀបនឹងបណ្តាផ្លូវជាតិដទៃទៀត”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះ នឹងអនុញ្ញាត្តឲ្យអ្នកបើកបរបើកក្នុងចន្លោះល្បឿនពី៨០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាល្បឿ​នមួយ ដែលធ្វើឲ្យការធ្វើដំណើរបានលឿនជាងផ្លូវធម្មតា។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាផ្នែកមួយ នៃគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវជាលើកដំបូងរបស់រដ្ឋាភិបាលចិន ដែលចំណាយថវិកាវិនិយោគរហូតដល់១៩០០​លានដុល្លារអាមេរិក។

នៅពេលសាងសង់បញ្ចប់ និងដាក់ឲ្យប្រើប្រាស់ផ្លូវការ ការបើកបរលើផ្លូវនេះនឹងតម្រូវឲ្យអ្នកបើកបរចំណាយប្រាក់ក្នុងការឆ្លងកាត់ធ្វើដំណើរផងដែរ៕

កម្ពុជាមានស្ថាបត្យករកម្រិតអាស៊ានចំនួ​ន២៩នាក់ ក្នុងចំណោមស្ថាបត្យករជាង១១០០នាក់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើននៅកម្ពុជា ចំនូ​នស្ថាបត្យករនៅកម្ពុជាបានកើនឡើងខ្ពស់ ហើយមុខវិជ្ជានេះកាន់តែពេញនិយម​នៅកម្រិតឧត្តមសិក្សា។

លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការងគណៈស្ថាបត្យករកម្ពុជា និងជាស្ថាបត្យករអាស៊ាន បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម របស់លោកកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នគណៈស្ថាបត្យករនៅកម្ពុជាមានចំនូន ស្ថាបត្យករចុះបញ្ជីចំនួន ១១៨៤នាក់ ស្ថាបត្យករបរទេសចុះបញ្ជី១៦នាក់។ ស្ថាបត្យករ គ.ស.ក ពេញសិទ្ឋ៧២នាក់ និងស្ថាបត្យករអាស៊ាន២៩នាក់។

លោកបន្តថា លិខិតបទដ្ឋាន គតិយុត្តកំពុងរៀបចំអោយប្រើប្រាស់ខាងមុខរូមមានទី១. សេចក្តីសម្រេចស្តីពី កម្រៃសេវាសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម ទី២. សេចក្តីសម្រេចស្តីពីការដាក់អោយប្រើប្រាស់ «ត្រា» វិជ្ជាជីវៈស្ថាបត្យកម្ម ។

សមិទ្ឋិផល និងវិធានការ ក្នុងពេលខាងមុខរួមមាន
ក-ផ្តល់គុណតំលៃ ដល់ស្ថាបត្យករ ដែលបានខិតខំសិក្សា៥ឆ្នាំ តាមរយះការកំណ​ត់​​កម្រៃសេវាសិក្សាប្លង់ស្ថាបត្យកម្មច្បាស់លាស់ ទៅតាមប្រភេទគម្រោង ដើម្បីអោយមានតុល្យភាពជាមួយសេវាសិក្សាប្លង់ របស់ប្រទេសជិតខាង ក្នុងក្របខណ្ឌ័អាស៊ាន។

ខ-អ្នកមានសិទ្ឋសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម បាន លុះត្រាចុះបញ្ជីនៅគណៈស្ថាបត្យករ ជាមួយការផ្តល់អោយប្រើប្រាស់ «ត្រាវិជ្ជាជីវៈ» សម្រាប់សំគាល់ អត្តសញ្ញាណរបស់ស្ថាបត្យករ។

គ. អ្នកក្លែង បំពាន រឺល្មើស ទៅនិងសេចក្តីសម្រេចទាំងអស់នេះ និងប្រឈមទៅនិងការផាកពិន័យ លុបឈ្មោះចេញពីបញ្ជីគណៈស្ថាបត្យករ រឺ ទោសព្រហ្មទណ្ឌជាធរមាន៕

រដ្ឋាភិបាលស្នើឱ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃវិនិយោគលើគម្រោងសាងសង់

ដោយៈ សុផារី

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើក្រុមហ៊ុនអាមេរិកធំៗ ចូលររួមវិនិយោគលើគំរោងហេដ្ឋារចនាសម្ព័​ន្ឋនានា​នៅកម្ពុជា។

លោកបានថ្លែងក្នុងជំនួបការងារ ជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ដឹកនាំដោយលោក Ted Oslus ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមអមដំណើរពីតំណាងមកពីក្រុមហ៊ុនចំនួន១៣ ដែលជាសមាជិករបស់ក្រុមប្រឹក្សា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ក្នុងជំនួបនេះ លោកបានលើកឡើងអំពីវឌ្ឍនភាពការងារ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ពីពីរគន្លងទៅបួនគន្លង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ក្រចេះ) គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលកម្ពុជាបើកប្រទេសសារជាថ្មីឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមវិស័យឯកជន នៅក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់ និងបានស្នើឱ្យក្រុមហ៊ុនអាមេរិក ចូលរួមដេញថ្លៃវិនិយោគ លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ កន្លងមក មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួម ដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិលេខ៤ ដែលអាមេរិកបានសាងសង់កាលពីទសវត្សរ៍ឆ្នាំ៦០ក៏ដោយ។

បន្ថែមពីលើនេះ លោកបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគ នៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឱ្យមានគុណភាពរឹងមាំ។

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកទេសរដ្ឋមន្ត្រី និងបានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងថែមទៀត៕

តើគំរោងវិនិយោគលើរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែតវិវត្តន៍ ដល់ណាហើយ?

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ គំរោងវិនិយោគសាងសង់ផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត មានការសិក្សាជាបន្តបន្ទាប់ ប៉ុន្តែលទ្ឋផលបែបណានៅមិនទាន់មានការបង្ហាញជាក់លាក់នៅឡើយទេ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ តុលានេះថា គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត កន្លងមកមានក្រុមហ៊ុនចិនមួយចំនួនបានស្នើសុំសិក្សាជាបន្តបន្ទាប់ ប៉ុន្តែរហូតមកទល់ពេលនេះ ក៏មានសភា ពស្ងប់ស្ងាត់ទៅវិញ។

លោកបន្តថា “រហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយបង្ហាញលទ្ឋផលបែបណានៅឡើយទេ”។ លោកបន្តថា “វាជារឿងស៊ីជម្រៅមួយ ដែលត្រូវការពេលវេលាបន្ថែមទៀត”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ជាធម្មតាការសាងសង់ផ្លូវរថភ្លើងធម្មតា ត្រូវចំណា​យថវិកាប្រមាណ៤លានដុល្លារក្នុងមួយគីឡូម៉ែត្រ ប៉ុន្តែបើសិនជាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន គឺត្រូវចំណាយច្រើនជាងនេះ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ តែការវិនិយោគត្រូវចំណាយប្រាក់ច្រើនណាស់ រាប់បញ្ចូលទាំងពេលវេលា ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែវិនិយោគ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀត។

លោកបន្តថា “កត្តាកង្វះខាតហេដ្ឋារចនាសម្ព័ន្ឋ បានក្លាយជាបញ្ហាប្រឈមមួយនៃការប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់ ហេតុនេះទើបរដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីវិនិយោគលើវិស័យនេះ”៕

តើកម្ពុជានឹងទាញផលប្រយោជន៍យ៉ាងដូចម្តេចពីការរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ច អាស៊ី-អឺរុបនាពេលខាងមុខ

         ដោយៈជេស៊ីកា

         ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាថ្លែងថា កម្ពុជានឹងបង្ហាញជូនបណ្តាអ្នកចូលរួមឲ្យបានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសបានស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញបន្ថែមក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុបមកកាន់កម្ពុជា។

ការអះអាងយ៉ាងដូច្នេះរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរុបលើកទី១ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីមន្រ្តីក្រសួង និងអ្នកសារព័ត៌មានជាតិសរុបចំនួនប្រមាណ៣០នាក់។

លោករដ្ឋមន្រ្តីបានបន្តថា សេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរុបលើកទី១ ជាវេទិកាលំដាប់អន្តរជាតិ ដែលនឹងអញ្ជើញចូលរួមដោយប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក ASEM អ្នកជំនាញការ បញ្ញាវ័ន្ត និងជាពិសេសថ្នាក់ដឹកនាំក្រុមធុរជនមកពីអាស៊ី និងអឺរ៉ុប។ លោកបានបន្តថា ជាការពិតណាស់តាមរយៈការរៀបចំវេទិកាលំដាប់អន្តរជាតិនេះ នឹងផ្តល់នូវការលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ បង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុបបានយល់ និងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេ​សបានស្វែងយល់ ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងអាចទាក់ទាញក្រុមវិនិយោគិន និងធុរជនមកពីអាស៊ី និងអឺរ៉ុប ពិនិត្យលទ្ធភាពមកបណ្តាក់ទុកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានច្បាប់វិនិយោគថ្មី មានលក្ខណៈទាក់ទាញខ្លាំង តម្លៃពលកម្មទាប ប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តសមស្រប មានទីផ្សារសម្រាប់នាំចេញច្រើន (ទាំងក្រោមលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានចុះរួចរាល់ជាមួយប្រទេសចិន និងគ្រោងចុះជាមួយកូរ៉េ នាពេលខាងមុខ) និងដទៃទៀត។

លោកប៉ាន សូរស័ក្តបានបន្តថា វាជាព្រឹត្តិការណ៍អមក្នុងចំណោមព្រឹត្តិការណ៍អម (Side Events)ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្នុងនោះការរៀបចំកន្លងទៅ គឺមានវេទិកាចំនួន២ ដូចជា ទី១ វេទិកាធុរកិច្ចអាស៊ី-អឺរ៉ុប (Asia-Europe Business Forum-AEBF) ដែលតែងតែជាព្រឹត្តិការណ៍អមមួយជាមួយការរៀបចំអមនឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ដែលបានរៀបចំធ្វើចុងក្រោយលើកទី១៦ នៅក្នុងឆ្នាំ២០១៨ នៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្សិក និងទី២ វេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Asia-Europe Economic Forum-AEEF) ដែលជាធម្មតាមិនរៀបចំភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទេ ហើយការរៀបចំវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១៦ ត្រូវបានធ្វើឡើងនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០១៩។

លោកបន្តទៀតថា ឆ្នាំ២០២១នេះ ដោយសារកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូ​លអាស៊ី-អឺរ៉ុប លើកទី១៣(ASEM13) មូលនិធិអាស៊ី-អឺរ៉ុប (Asia-Europe Foundation-ASEF) និងក្រសួងការបរទេសនៃកម្ពុជាបានជូនយោបល់ថា វេទិកាទាំងពីរខាងលើគួរត្រូវបានរួមបញ្ចូលគ្នា ជាព្រឹត្តិការណ៍តែមួយអមជាមួយ នឹងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបទី១៣នេះ ហើយដាក់ឈ្មោះថា “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១” (1st Asia-Europe Economic and Business Forum-AEEBF1)តែម្តង ក្រោមមូលបទការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.0។ នេះគឺជាមូលហេតុដែលបង្កើតឱ្យមានវេទិកានេះឡើងនៅកម្ពុជា។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អមក្នុងចំណោម ព្រឹត្តិការណ៍អម (Side Events) ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។  តាមការគ្រោងទុក វេទិកានេះនឹងអញ្ជើញចូលរួមដោយបណ្តាប្រទេសជាសមាជិក ASEM មួយចំនួន មកពីអាស៊ី និងអឺរ៉ុប រួមមាន៖ ប្រទេសអាស៊ានទាំង១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី ហុងគ្រី បារាំង ចក្រភពអង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេស្តូនី ព្រមទាំងមានការចូលរួមដោយអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត អ្នកជំនាញការ ប្រធានក្រុមហ៊ុនធំៗ ក្រុមធុរជន និងវិស័យឯកជនមកពីអាស៊ី និងអឺរ៉ុបផងដែរ៕

សហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ដល់មហាយក្សចិន ក្នុងរយៈពេលវែងv

ដោយៈសុខុម

សឹង្ហបុរី: ក្រុមហ៊ុននាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថាVenture Global LNG បានចុះកិច្ចព្រមព្រៀងរយៈពេល២០ឆ្នាំចំនួន២ជាមួយក្រុមហ៊ុនរដ្ឋរបស់មហាយក្សចិនSinopec ដើម្បីផ្គត់ផ្គង់ឧស្ម័នLNG ពីរោងចក្រ Plaquemines។ នេះបើយោងតាមឯកសារមួយ ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងថាមពលរបស់សហរដ្ឋអាមេរិក។

រោងចក្រ Plaquemines ដែលស្ថិតនៅក្នុងរដ្ឋ Lousiana សហរដ្ឋអាមេរិក មានសមត្ថភាពនាំចេញឧស្ម័ន LNG រហូតដល់ទៅ២០លានតោនក្នុងមួយឆ្នាំ ហើយការចុះកិច្ចព្រមព្រៀងនេះ ជាការឈានជើងមួយជំហានទៀត សម្រាប់ក្រុមហ៊ុនខិតកាន់តែជិតដល់ការសម្រេចចិត្តចុងក្រោយ លើការបោះវិនិយោគដែលគេរំពឹងថា នឹងធ្វើឡើងនៅដំណាច់ឆ្នាំនេះ។

ប្រភពច្បាស់ការមួយចេញពីឧស្សាហកម្មហ្គាស ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង ប្រទេសចិន បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសចិនក្នុងឆ្នាំនេះ បានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាអ្នកទិញឧស្ម័ន LNG ច្រើនបំផុតរបស់ពិភពលោក កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងជួញដូរឧស្ម័ន LNG ធំបំផុតរបស់ខ្លួន។

កិច្ចព្រមព្រៀងទាំង២ខាងលើនេះ ជាកិច្ចព្រមព្រៀងលក់ និងទិញឧស្ម័ន LNG ក្នុងបរិមាណសរុប៤លានតោនក្នុងមួយឆ្នាំ។

យោងតាមឯកសារដាច់ដោយឡែកមួយ ដែលបានបង្ហោះលើគេហទំព័ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញថា ក្រុមហ៊ុន Venture Global ក៏បានចុះកិច្ចព្រមព្រៀងទី៣ មួយទៀតជាមួយក្រុមហ៊ុន Unipec ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinopec ផងដែរដើម្បីផ្គត់ផ្គង់ឧស្ម័ន LNG ចំនួន១លានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំដោយចាប់ផ្តើមពីថ្ងៃទី០១ មីនា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ក្រុមហ៊ុន Sinopec បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញរឿងនេះ ចំណែកក្រុមហ៊ុន Venture Global មិនអាចទាក់ទងបានព្រោះផុតម៉ោងធ្វើការ៕  Reuters៕

ចំណេះដឹងថ្មីៈសិក្សា១០ចំណុចសិនមុនពេលសម្រេចចិត្តទិញខុនដូ

ដោយៈ សុផារី

ភ្នំពេញៈ ការទិញខុនដូអាចជាការវិនិយោគធំបំផុតមួយ ដែលអ្នកមិនសូវប្រាកដចិត្ត និងមានភ័យខ្លាចក្នុងការសម្រេចចិត្តទិញ ក្រុមហ៊ុនCBRE Cambodia បានចែក រំលែកចំណុចសំខាន់ៗ ដែលអាចជួយអ្នកក្នុងការសម្រេចចិត្ត មុនពេលធ្វើការកក់ឬទិញខុនដូ។

១. ទីតាំង

នៅពេលទិញខុនដូទីតាំង គឺជាមូលដ្ឋានសំខាន់បំផុត។ ប្រសិនបើអ្នកកំពុងសម្លឹងមើលតំបន់ ដែលមានការអភិវឌ្ឍល្អរួចមក តម្លៃចាប់ផ្តើមប្រាកដជាខ្ពស់ជាងតំបន់ ដែលទើបតែចាប់ផ្តើមអភិវឌ្ឍថ្មីៗ។

អ្នកគួរស្វែងរកព័ត៌មាន ឱ្យបានច្រើនទាក់ទងនឹងទីតាំងគម្រោងខុនដូនានា ទូទាំងទីក្រុង ដែលផ្តល់នូវតម្លៃតាមកញ្ចប់ថវិការតបស់អ្នក។ ម៉្យាងទៀត អ្នកអាចជូបពិភាក្សាជាមួយភ្នាក់ងារដែលមានបទពិសោធន៍ ដែលអាចផ្តល់ទិន្នន័យ និងការណែនាំល្អៗដល់អ្នកបាន។

២. ប្រវត្តិក្រុមហ៊ុនអភិវឌ្ឍន៍

គម្រោងខុនដូថ្មីៗក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមរីកដុះដាលលឿន គួរឱ្យចាប់អារម្មណ៍ ដោយគ្មានសញ្ញានៃការធ្លាក់ចុះ។

អ្នកគួរដឹងប្រវត្តិនិងភាពល្បីល្បាញ របស់ក្រុមហ៊ុនអភិវឌ្ឍខ្លះៗ ព្រោះវានឹងផ្តល់ឱ្យអ្នកនូវការយល់ដឹងកាន់តែច្បាស់ អំពីគុណភាពសំណង់ ការធ្វើផែនការនិងកាលវិភាគ ការទុកចិត្តរឿងហិរញ្ញវត្ថុ ការអនុលោមតាមច្បាប់រដ្ឋាភិបាល កេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីសំណាក់អ្នកផង។

៣. ការគ្រប់គ្រងខុនដូ ការថែរក្សាខុនដូល្អ គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់អ្នកគួរយកចិត្តទុកដាក់។

៤. បរិក្ខារនិងការរចនា អ្នកគួរសាកសួរភ្នាក់ងារលក់ នូវសម្ភារនិងការផ្តល់ជូន ដែលខុនដូនឹងផ្តល់ជូន។ ការមានសម្ភារស្រាប់ នឹងផ្តល់នូវភាពងាយស្រយលដល់អ្នក។ ម្យ៉ាងទៀត តម្លៃដែលអ្នកកំពុងចំណាយសម្រាប់ខុនដូភាគច្រើន បញ្ចូលនូវតម្លៃសេវាកម្មទាំងអស់នោះស្រាប់។

៥. ភ្នាក់ងារអចលនទ្រព្យ ត្រូវប្រាកដចិត្តថាអ្នកកំពុងជ្រើសរើសភ្នាក់ងារ ដែលបានចុះឈ្មោះត្រឹមត្រូវនិងអាចទុកចិត្តបាន ហើយស្គាល់ពួកគាត់ ចៀសវាងមានបញ្ហានៅក្នុងថ្ងៃក្រោយ។

៦. ហិរញ្ញវត្ថុ តើអ្នកមានសមត្ថភាព ក្នុងការទិញខុនដូដោយបង់ផ្តាច់ ឬត្រូវបង់រំលោះ។ ប្រសិនបើអ្នកជ្រើសរើសការបង់រំលោះ នោះអ្នកត្រូវប្រាកដចិត្តអំពីចំណូលរបស់អ្នក។ នៅពេលស្នើសុំប្រាក់កម្ចីអ្នកមានជម្រើសពីរ៖

  • ជម្រើសទីមួយ ស្នើសុំប្រាក់កម្ចីនៅធនាគារ ដែលជារឿយៗត្រូវការឯកសារច្រើននិងជាដំណើរការច្រើន។
  • ជម្រើសទីពីរ ស្នើសុំប្រាក់កម្ចីដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍ។ អ្នកនឹងមានឯកសារតិច ប៉ុន្តែអត្រាការប្រាក់ប្រហែល ជាខ្ពស់ជាងជាមួយធនាគារ។ អត្រាការប្រាក់ ៧% ជាទូទៅត្រូវបានចាត់ទុកថាជាអត្រាការប្រាក់ល្អ។

៧. អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន

ដើម្បីទទួលបានអាជ្ញាប័ណ្ណលក់ អ្នកអភិវឌ្ឍន៍ក៏ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍និងមានអាជ្ញាប័ណ្ណសាងសង់ផងដែរ។ អ្នកគួរទិញអចលនទ្រព្យ នៅពេលអ្នកអភិវឌ្ឍន៍ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដលម្បីចៀសវាងការមានបញ្ហាក្នុងថ្ងៃក្រោយ។

៨. រយៈពេល

មានចំណុចពីរដែលត្រូវប្រយ័ត្នគឺ រយៈពេលនៃការសាងសង់ និងរយៈពេលនៃការប្រគល់កម្មសិទ្ធ។

  • ប្រសិនបើខុនដូមិនទាន់ត្រូវបានសាងសង់ គួរសួរអំពីរយៈពេលនៃគម្រោងទាំងមូល ហើយថ្លឹងថ្លែងមើលថា តើវាសមហេតុផលដែរឬទេ។ ឧទាហរណ៍ បើពួកគេមានគម្រោងចំណាយពេលសាងសង់ខុនដូប្រាំជាន់ ចំណាយពេលប្រាំឆ្នាំ នោះអ្នកគួរតែពិចារណាឡើងវិញ។
  • ប្រសិនបើវាកំពុងសាងសង់ តើគម្រោងនេះទាន់ពេលវេលា ឬត្រូវពន្យារពេល? អ្នកក៏គួរសួរថា តើអ្នកនឹងទទួលបានការបញ្ចុះតម្លៃប្រភេទណា ប្រសិនបើគម្រោងមិនត្រូវបានប្រគល់ឱ្យទាន់ពេលវេលា?។

៩. លទ្ធភាពលក់ចេញ

សួរភ្នាក់ងារលក់ តើមានលក្ខខណ្ឌអ្វីខ្លះ ប្រសិនបើអ្នកចង់លក់ខុនដូ? កិច្ចសន្យាខ្លះមិនអនុញ្ញាតឱ្យអ្នកលក់ឡើងវិញទេ រហូតដល់អ្នកបានសងប្រាក់កម្ចីរបស់អ្នកទាំងស្រុង។

១០. ទំហំ

អ្នកគួរពិចារណាទាំងទំហំឯកតា និងទំហំគម្រោង។ អ្នកគួរសាកសួរទំហំទាំងតំបន់ឯកជន និងតំបន់សាធារណៈ/រួម៕

ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាសម្រេចបានវឌ្ឍនភាពប្រសើរ

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនOCICបានថ្លែងឲ្យដឹងថា ស្ពានឆ្លងកាត់តភ្ជាប់ពីទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាសម្រេចបានល្អប្រសើរ ជាមួយនឹងការសាងសង់ជើងតាងសម្រេចបាន៣៦ភាគរយហើយ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ តុលានេះថា ការសាងសង់ជើងតាមបានបញ្ចប់ហើយ ដែលវាចាការងារនៅក្នុងទឹក ហេតុនេះនៅពេលយើងបញ្ចប់ការងារនេះ ក្រុមអ្នកសាងសង់លែកបារម្ភពីកម្រិតទឹកទៀតហើយ មានន័យថា ពួកគេអាចធ្វើការងារបានលឿនជាងមុន។

លោកបន្តថា “ទោះជាយ៉ាងណាការបញ្ចប់កាតរសាងសង់ស្ពាននេះ ត្រូវការរយៈពេលវែងបន្ថែមទៀត ដោយស្ពាននេះគ្រោងនឹងបញ្ចប់ នៅខែតុលាឬវិច្ឆិកាឆ្នាំ២០២៣ខាងមុខ”។លោកបន្តថា “ស្ពាននេះមានបណ្តោយប្រមាណ៥០០ម៉ែត្រ និងចំណាយថវិ​កា​សាងសង់អស់ប្រមាណ៣៨លានដុល្លារអាមេរិក”។

លោកទូច សំណាងបានបន្តថា ចំណែកស្ពានមួយទៀត មានប្រវែង៥៥ម៉ែត្រតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ នឹងញ្ចប់មុនស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា។ ស្ពាននេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខនេះ។

ទីក្រុងកោះនរាមានទំហំផ្ទៃដី១២៥ហិកតា ដែលជាទីក្រុងថ្មីមួយវិនិយោគដោយក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកOCIC ដែលការចំណាយសាងសង់ហេដ្ឋារចនាសម្ព័ន្ឋអស់​ប្រមាណ២៥០០លានដុល្លារ។

អ្នកឧកញ៉ាពុង ឃាវសែអគ្គនាយកក្រុមហ៊ុនOCICបានថ្លែងក្នុងពិធីបើកការដ្ឋានសម្ភោធសាងសង់ស្ពានខាងលើ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាថា នៅពេលទីក្រុងនេះសាងសង់ចប់ ក្រុមហ៊ុនអាចផ្តល់ចំណូលពន្ឋដល់រដ្ឋាភិបាលប្រមាណ២៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕