ភ្ញៀវទេសចរណ៍ក្នុងតំបន់ និងពីអឺរ៉ុបកក់សំបុត្រមកទស្សនាកម្ពុជាកាន់តែច្រើន

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រតិបត្តិករទេសចរណ៍ជើងចាស់ជាច្រើន បានលើកឡើងថា រហូតមកទល់ពេលនេះ ភ្ញៀវទេសចរណ៍នៅតាមបណ្តាប្រទេស ក្នុងតំបន់ និងមកពីឆ្ងាយៗដូចជាតំបន់អឺរ៉ុប ចាប់ផ្តើមកក់សំបុត្រមកទស្សនាកម្ពុជាបណ្តើរៗ។

ទីប្រឹក្សាសភាពាណិជ្ជកម្ម និងជានាយកក្រុមហ៊ុន World Express Tour& Travel បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ធ្នូកន្លងមកថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍កាន់តែ​ច្រើន បានចាប់ផ្តើមហោះហើរមកកម្ពុជា ដែលជាសញ្ញាល្អសំរាប់វិស័យនេះ ប៉ុន្តែយ៉ាងណាក៏​ដោយយើងមិនទាន់ ទទូលបានភ្ញៀវច្រើននៅឡើយទេ​ ដោយសារពេលវេលាយើងនៅប្រថុចញុចនៅឡើយ។

លោកបន្តថា “ទោះជាយ៉ាងណាយើងមានសញ្ញាល្អប្រសើរ ដោយចាប់ពីខែមិនា ឆ្នាំ២០២២ខាងមុខតទៅ កម្ពុជានឹងមានភ្ញៀវទេសចរណ៍ច្រើ​នមកទស្សនាកម្ពុជា ពិសេសភ្ញៀវពីតំបន់អឺរ៉ុប”។ លោកបន្តថា “ការកើនឡើងនូវលំហូរភ្ញៀវទេសចរណ៍ បាននិងកំពុងចាប់ផ្តើមបណ្តើរៗ ប៉ុន្តែអ្វីៗវាត្រូវការពេលវេលាសមស្របមួយ”។

លោកហូ វណ្ឌី បានបន្តថា ការសម្រេចបើកប្រទេស និងការបិទព្រឹត្តិកា​រណ៍២០ កុម្ភៈ ជាសញ្ញាល្អមួយសំរាប់សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេស​ចរណ៍ ដែលយើងរំពឹងថា នឹងមានកំនើនកាន់តែល្អបន្តិចម្តងៗ ព្រោះពេលទេសចរណ៍ទៅដល់ទីណា សកម្មភាពសេដ្ឋកិច្ចនឹងរីកចម្រើន ទៅដល់ទីនោះ។

ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ពិតហើយនាពេលបច្ចុប្បន្ននេះ មានចលនាកក់សំបុត្រមកទស្សនាកម្ពុជា ​និងមានការពន្យាពេលខ្លះៗផងដែរ ពីបណ្តាភ្ញៀវនៅក្នុងតំបន់ និងភ្ញៀវមកពីតំបន់អឺរ៉ុប ប៉ុន្តែយ៉ាងណាក៏ដោយ អ្វីៗបានចាប់ផ្តើមមានសញ្ញាល្អប្រសើរ។

លោកស្រីបន្តថា “ការបើកចំហរប្រទេស ការមិនធ្វើចត្តាឡីស័ក និងការប្រកាសបិទព្រឹត្តិការណ៍២០ កុម្ភៈរបស់ប្រមុខរដ្ឋាភិបាល នឹងធ្វើឲ្យកម្ពុជាក្លាយជាកន្លែងទាក់ទាញមួយ សំរាប់ភ្ញៀវទេសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់”។ លោកស្រីបន្តថា “យើងមានឃើញសញ្ញាសុទិដ្ឋិនិយម កាន់តែ​ច្រើនសំរាប់វិស័យនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here