សិក្សាស្វែងយល់ពីការចុះបញ្ជី និងការអនុវត្តគម្រោងវិនិយោគថ្មីក្នុងប្រទេសកម្ពុជាតើមានភាពទាក់ទាញអ្វីខ្លះ?

ដោយៈ សុធារី

ភ្នំពេញៈ ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានឡាយប្រហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លួវការដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនីកាលពីម្សិលម៉ិញនេះ ជាច្បាប់មួយដែលអ្នកជំនាញមើលឃើញថា មានលក្ខណៈបើកចំហជាងមុន ដើម្បីទាក់់ទាញការវិនិយោគ។

យោងតាមជំពូកទី៤ ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាស្ដីពី ការចុះបញ្ជី និងការអនុវត្តគម្រោងវិនិយោគចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បុគ្គលដែលមានបំណងអនុវត្ត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) គម្រោងពង្រី​ក នៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ) គម្រោងវិនិយោគដែលទទួលបាន ត្រឹមតែការធានាលើការវិនិយោគ (គ.ធ.វ) ត្រូវដាក់សំណើសុំចុះបញ្ជីលាយលក្ខណ៍អក្សរនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (អ.ក.អ) ឬអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត ដោយសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ត្រូវភ្ជាប់ជាមួយនូវព័ត៌​មានមួយចំនួនដែលនឹងកំណត់នៅក្នុងអនុក្រឹត្យ។

នៅពេលទទួលបានសំណើសុំចុះបញ្ជី គម្រោងវិនិយោគ ក.អ.ក ត្រូវពិនិត្យនិងសម្រេចលើសំណើនេះ តាមយន្តការច្រកចេញចូលតែមួយ។ យន្តការច្រកចេញចូលតែមួយ គឺជាយន្តការពិនិត្យនិងសម្រេច ក្នុងការចុះបញ្ជីគម្រោងវិនិយោគ ឲ្យតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលប្រចាំការនៅ ក.អ.ក ទៅតាមការចាត់តាំងនិងប្រតិភូកម្មសិទ្ធិអំណា​ចពីប្រធានក្រសួង ស្ថាប័ន ក្រោមការសម្របសម្រួលរបស់ ក.អ.ក។

ប្រសិនបើគម្រោងវិនិយោគ ដែលត្រូវបានស្នើសុំនេះ មិនស្ថិតក្នុងបញ្ជីអវិជ្ជមាន ដែលនឹងត្រូវកំណត់ ដោយឡែកក្នុងអនុក្រឹត្យ ក.អ.ក ត្រូវចេញវិញ្ញាបនបត្រចុះបញ្ជីជូនអ្នកដាក់ពាក្យសុំ ក្នុងកំឡុងពេលមិនលើសពី២០ ថ្ងៃនៃថ្ងៃធ្វើការ។

វិញ្ញាបនបត្រចុះបញ្ជី ត្រូវមានភ្ជាប់នូវបារកូដ ដែលមានលេងសម្គាល់ឬQ R code ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលផ្ទុកទិន្នន័យបឋមមួយចំនួន ពាក់ព័ន្ធនឹងគម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជី ដើម្បីជាប្រយោជន៍ដល់ការចុះបញ្ជីពាក់ព័ន្ធនានា និងសម្រា​ប់ការអនុវត្តគម្រោងវិនិយោគ។

ក្រសួងស្ថាប័នដែលពាក់ព័ន្ធ នឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគ មិនអាចតម្រូវឲ្យអ្នកដាក់ពាក្យស្នើសុំ ឬអ្នកអនុវត្តគោរពវិនិយោគផ្ដល់នូវឯកសារនានា ដែលមានស្រាប់នៅក្នុងបាកូដ ដែលមានលេខសំគាល់លើ QR code ឬប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត ដែលជាប់នៅលើវិញ្ញាបនបត្រចុះបញ្ជីដែលចេញដោយ ក.អ.ក បានទេ។

គម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជី បានចាប់ផ្ដើមអនុវត្តបានដោយស្វ័យប្រវត្តិ។ ការទទួលបានវិញ្ញាបនបត្រចុះបញ្ជី មិនមែនជាការលើកលែងឱ្យគម្រោងវិនិយោគរួចផុត ពីការទទួលនូវលិខិតអនុញ្ញាត តាមការកំណត់ដោយច្បាប់និងបទប្បញ្ញត្តិនានាឡើយ។ គម្រោងវិនិយោគត្រូវជាកម្មវត្ថុ នៃការតាមដាននិងត្រួតពិនិត្យតាមរយៈយន្តការច្រកចេញចូលតែមួយ សម្រាប់សម្រួលដោយ ដើម្បីធានានូវអនុលោមភាពគតិយុត្តនិងលក្ខខណ្ឌនានា ដែលជាមូលហេតុនៃការទទួលបានវិញ្ញាបនបត្រចុះបញ្ជី​។

អ្នកអនុវត្តគម្រោងវិនិយោគ ត្រូវផ្ដល់របាយការណ៍ស្ដី ពីការអនុវត្តគម្រោងវិនិយោគ ទៅតាមការវិភាគជាក់លាក់ ដែលកំណត់ដោយ ក.អ.ក។ ទម្រង់និងបែបបទលម្អិតនៃគំរូរបាយការណ៍ ត្រូវកំណត់ដោយសេចក្តីណែនាំរបស់ ក.អ.ក។ ការផ្ដល់របាយការណ៍ស្ដីពីការអនុវត្តគម្រោងវិនិយោគ ពុំមែនជាមូលដ្ឋាននៃការរួចផុត ពីការពិនិត្យអនុលោមភាពក្នុងការអនុវត្តគម្រោង នៅនឹងកន្លែងអនុវត្តគម្រោងទេ។ ប្រសិនបើ ក.អ.ក សន្មតថាមានភាពចាំបាច់ឬ ប្រសិនបើមានការតវ៉ាណាមួយពីបុគ្គល ដែលអះអាងថាបានទទួលរងនូវផលប៉ះពាល់ពីការអនុវត្តគម្រោងវិនិយោគ៕

គំរោងវិនិយោគខុនដូជប៉ុនតម្លៃ៧០លានដុល្លារបានបញ្ចប់គ្រោងអគារទាំងស្រុង

         ដោយៈគង់ ម៉ាលីន

         ភ្នំពេញៈ គំរោងវិនិយោគខុនដូរបស់ក្រុមហ៊ុនជប៉ុនARAKAWA Residenceដែល​គ្រោងបោះទុនវិនិយោគ៧០លានដុល្លារអាមេរិក បាននិងកំពុងវិវត្តន៍ឆ្ពោះទៅមុខយ៉ាងប្រសើរ ជាមួយនឹងការបញ្ចប់គ្រោងអាគារដំណាក់កាលទី២។

គំរោងខុនដូArakawa Residence គឺជា​គម្រោង​អភិវឌ្ឍន៍​ខុនដូ​តម្លៃ​សមរម្យ ​ដែល​សាងសង់​នៅលើ​ផ្ទៃដី ១,៣៦ ​ហិកតា​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​។ គម្រោង​នេះ ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៧ ដោយ​ចែកចេញជា ២ ដំណាក់កាល​ក្នុង​នោះ​ដំណាក់កាល​ទី​១ មាន​អគារ​កម្ពស់២១​ជាន់​ចំនួន១០ និង​ដំណាក់កាល​ទី​២ ចំនួន៦អគារ​។

សហស្ថាបនិក​ក្រុមហ៊ុន Arakawa Co.,Ltd លោក អៀង សុធារ៉ា បានមានប្រសា​សន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះ​​ថា បើទោះបី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​ធ្វើឱ្យ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ទៅដល់​មនុស្ស​ជាច្រើន ក៏​សកម្មភាព​សាងសង់​រប​ស់​គម្រោង​នេះ​មិនបាន​ផ្អាក​ឡើយ​។ ជាក់ស្តែង​ការសាងសង់​ក្នុង​ដំណាក់កាល​ទី​២ ដែលមាន​អគារ​ចំនួន៦ នៅពេលនេះ​បានបញ្ចប់​គ្រោង​អគារ១០០​ភាគរយ​រួចហើយ ដោយ​រំពឹងថា​ នឹង​អាច​បើក​ឱ្យ​អតិថិជន​ចូល​ស្នាក់នៅ ​ចាប់ពី​ឆមាស​ទី២ ឆ្នាំ​២០២២ខាងមុខនេះ​។

លោក​បន្តថា “គម្រោង​នេះ ​ត្រូវបាន​សាងសង់​ដោយ​ផ្តោត លើ​គុណភាព​សំណង់ និង​បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ”​។លោក​បន្តថា​ “​មហិច្ឆតា​ក្នុង​ការបញ្ចប់​ការសាងសង់​ទៅតាម​ផែនការ បានធ្វើឱ្យ​ដំណើរការ​សាងសង់​របស់​យើង​ ដំណើរការ​ទៅមុខ​ដោយ​រលូន​”។

ពេលនេះ​ ក្រុមការងារ​កំពុង​រៀបចំ​តភ្ជាប់​បណ្តាញទឹក ភ្លើង និង​រៀប​ឥដ្ឋ​ជា​បណ្តើរៗ​ហើយ​សម្រាប់​ដំណាក់កាល​ទី២​។

​ក្រុមហ៊ុន Arakawa Co., Ltd ចំនួន​បន្ទប់​ (​យូនីត​) ទាំង​អស់ចំនួន១៦៨០ ​យូនីត​នៃ​ដំណាក់កាល​ទី​១ បាន​លក់​អស់​១០០​ភាគរយ ខណៈ​ដំណាក់កាល​ទី​២ មានចំនួន១ ៤៨៤ យូនីត លក់បាន​ប្រហែល​៣០០​យូនីត​។

យោងតាមរបាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia កាលពី​ថ្ងៃទី​ ១២ ខែតុលា បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ ២០២១ ចំនួន​បន្ទប់​ស្នាក់​នៅក្នុង​ខុនដូ ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ៣០,០០០​យូនីត​៕

 

ទីផ្សារកម្ពុជាបន្តស្រូបទាញក្រុ​មហ៊ុនយីហោល្បីៗ ខណៈផ្សារបែបសហគមន៍ចំនួនបីបានបើកដំណើរការបន្ថែមទៀត

         ដោយៈសិរី ជេស៊ីកា

         ភ្នំពេញៈ អំណាចនៃការទិញបានធ្វើឲ្យទីផ្សារកម្ពុជា បន្តស្រូបទាញក្រុមហ៊ុនយី​ហោ​ល្បីៗលំដាប់អន្តរជាតិជាបន្តបន្ទាប់ ស្របពេលផ្សារទំនើបបែបសហគមន៍ចំនួន៣ទៀតបានបើកដំណើរការនៅរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនCBRE Cambodiaដែលបានចេញ​ផ្សាយកាលពីសប្តាហ៍មុ​នបានឲ្យដឹងថា គម្រោងផ្សារទំនើបថ្មីចំនួន៣ត្រូវបានបញ្ចប់ការសាងសង់ និងបើកដំណើរការ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២១ នេះ ព្រមនឹងការឈានជើងចូលមកប្រេនអន្តរជាតិធំៗ៤ ផ្សេងទៀត។

ផ្សារបែបសហគមន៍ចំនួន៣ ដែលបើកដំណើរការរួមមានSCG Design Village, The Commune, និង MC Park ខណៈប្រេនអន្តរជាតិទាំង ៤ រួមមាន Pizza 4P’s, Pizza Hut, 7-Eleven, និង Big C mini។

របាយការណ៍បានបង្ហាញថា ត្រឹមត្រីមាសទី២នេះ មានត្រឹម៥៣ភាគរយនៃគម្រោ​ងផ្សារទំនើប ដែលព្យាករថានឹងបើកនៅសម្រាប់ឆ្នាំ២០២១ ដែលបានបញ្ចប់។ ការយឺតយ៉ាវនេះ គឺដោយសារការលំបាកក្នុងការជួលគម្រោង និងការពន្យារពេលដែលបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សំណង់។

លោកTe Duong Vathana អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មលក់រាយរបស់ CBRE បានមានប្រសាសន៍ថា ទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ នៅតែបន្តសម្របខ្លួនទៅនឹងសម្ពាធនៃជំងឺរាតត្បាត ហើយនៅក្នុងត្រីមាសទី៣នេះ គឺម្ចាស់អចលនទ្រព្យនៅតែប្រឈមនឹងផលវិបាកបន្តទៀត៕

ជប៉ុនផ្ដល់ជំនួយដល់កម្ពុជាចំនួន៥៨លានដុល្លារអាមេរិក លើគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតក្នុងខេត្តសៀមរាប

ដោយៈ សុផារី

សៀមរាបៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រីKAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប (Siem Reap Water Supply Expansion Project- II) ក្នុងទឹកប្រាក់ចំនួន ៦៣៣៦ លានយ៉េនជប៉ុន (ប្រមាណ៥៨លានដុល្លារអាមេរិច)។

គម្រោងនេះ មានទិសដៅសាងសង់រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៦ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះមានការសាងសង់ ប្រព័ន្ធបណ្ដាញស្ថានីយបូមទឹក សាងសង់ប្រព័ន្ធចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត។ គម្រោងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋទូទាំងក្រុងសៀមរាប ទាំងមូល។

កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជាឯកសារគតិយុត្តមួយទៀត បន្តពីលិខិតប្ដូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

សមិទ្ធផលដែលទទួលបានពីគម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យសម្រេច “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” លើវិស័យផ្គត់ផ្គង់ទឹកស្អាត តាមរយៈការគាំទ្ររដ្ឋករទឹកស្វយ័តសៀមរាប ដែលឆ្លើយតបយ៉ាងជាក់លាក់ ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្របទៅនឹងមុំទី១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមជាដៃគួរអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រដ្ឋាភិបាលជប៉ុនតាមរយៈ JICA តែងតែប្រកាន់ខ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងពង្រីកភាពជាដៃគូជាយុទ្ធសាស្ត្ររយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍គម្រោងដ៏សំខាន់នេះ។ លោកស្រីក៏បានឲ្យដឹងផងដែរថាJICA បានបន្តជួយដល់ រដ្ឋករទឹកស្វយ័តសៀមរាប តាមរយៈគម្រោងមួយទៀត គឺគម្រោងលើកកម្ពស់សេវាទឹកស្អាតនិងអនាម័យដើម្បីទប់ស្កាត់ជំងឺកូវី19ផងដែរ ដែលជាគម្រោងសហប្រតិបត្តិការបច្ចេកទេសក្នុងគ្រាអាសន្ន ហើយគម្រោងនេះនឹងផ្ដល់ជាសម្ភារៈ និងសាធាតុគីមីសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ដែលធានាគុណភាពទឹក ស្របតាមស្តង់ដារគុណភាពថ្នាក់ជាតិក្នុងបរិបទនៃជំងឺកូវីដ 19។

ចូលរួមក្នុងពិធីនោះនាព្រឹកថ្ងៃទី២១ តុលានេះលោកអូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA ដែលកន្លងមកតែងតែយកចិត្តទុកដាក់រួមសុខទុក្ខជាមួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសស្ថិតក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវី19 ដែលថ្មីៗនេះរដ្ឋាភិបាលជប៉ុន តែងតែបានបន្តសន្យាផ្ដល់ហិរញ្ញប្បទាន ឥតសំ​ណ​ង ដែលមានទឹកប្រាក១៦០០លានយ៉េន  សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដើររាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាពប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លារបស់ភាគីមិត្ត ជាពិសេសការជឿទុកចិត្តនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ៕

គម្រោងស្ថាបនាផ្លូវជាតិលេខ២សម្រាប់បានជិត៤៨ភាគរយខណៈគម្រោងវិនិយោគ ជាច្រើនក៏លេចរូបរាងបន្តបន្ទាប់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងសាងសង់ផ្លូវជាតិលេខ២ គិតមកដល់ពេលនេះ សម្រេចបានការសាងសង់ប្រមាន៤៧,៩៥ភាគរយហើយ ខណៈផែនការនៃគម្រោងនេះ នឹងបញ្ចប់នៅអំឡុងដើមត្រីមាសទី២នៃឆ្នាំ២០២២។

ទន្ទឹមនឹងការស្ថាបនាផ្លូវនេះដែរ គេក៏បានឃើញគម្រោងវិនិយោគឯកជនជាច្រើនក៏បានលេចរូបរាងបន្តបន្ទាប់នៅតាមបណ្ដោយផ្លូវនេះ។

លោកហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ២ ចាប់ផ្ដើមពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្ដាលដល់អូរចំបក់ខេត្តតាកែវ មានប្រវែង៦២គីឡូម៉ែត្រ មកដល់ពេលនេះ សម្រេចបាន៤៧,៩៥ភាគរយ ហើយក្រុមហ៊ុនសាងសង់ ក៏កំពុងសម្រុកការសាងសង់ដើម្បីឱ្យបញ្ចប់ទៅតាមផែនការរបស់ខ្លួនផងដែរ ។

លោកបន្ត “គម្រោងផ្លូវជាតិលេខ២នេះ មានការយឺតយ៉ាវជាផែនការដែលក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រសួង ហើយបញ្ហានេះក៏បណ្ដាលមកពីជំងឺរាតត្បាតនៃកូវីដ១៩ផងដែរ ដោយសារតែកម្មករ វិស្វករ និងបុគ្គលិកជំនាញ ក្នុងការសាងសង់ផ្លូវជាតិលេខ២មានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលធ្វើឱ្យខ្វះកម្លាំងក្នុងការអនុវត្តការងារ”។

លោកបន្ថែមថា ក្នុងគម្រោងសាងសង់ មានផលប៉ះពាល់ផ្សេងទៀតដែរក្រៅពីបញ្ហាកូវីដ១៩ដូចជា ក្នុងការសាងសង់នៅទីតាំងមួយចំនួន បំពង់ទឹកស្អាតរបស់រដ្ឋ និងឯកជន បង្គោល ភ្លើងអគ្គិសនី ខ្សែកាបអុបទិក ក្នុងដី និងនៅលើដីរបស់ក្រុមហ៊ុននានា ការដោះស្រាយមានការយឺតយ៉ាវ ។

លោកថា ក្រសួងសាធារណការ នឹងជំរុញឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មថែមទៀត ដើម្បីឱ្យការងារសាងសង់បញ្ចប់ ទាន់ពេលវេលាតាមផែនការងារដែលបានកំណត់”។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបញ្ជាក់នាពេលកន្លងមកថា គម្រោងផ្លូវនេះ ពិតជាមានការយឺតយ៉ាវជាងផែនការមែន ហើយនៅពេលចប់រដូវវស្សានេះ យើងនឹងជំរុញឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្របន្ថែមទៀត ដើម្បីព   ន្លឿនការសាងសង់ឱ្យចប់ទៅតាមផែនការ ប៉ុន្តែការបញ្ចប់តាមផែនការរបស់ក្រុមហ៊ុនក៏ត្រូវតែមានគុណភាព ស្របតាមស្ដង់ដារដែរទើបយើងទទួលយក បើពុំនោះទេយើងនឹងមិនទទួលយកឡើយ។

ចាប់តាំងពីរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមអនុវត្តន៍គម្រោងសាងសង់ផ្លូវជាតិលេខ២មក ក៏បានឃើញថាធ្វើឱ្យសក្ដានុពល នៅតាមបណ្ដោយផ្លូវមួយនេះ កាន់តែទាក់ទាញសម្រាប់ការវិនិយោគផងដែរ ក្នុងនោះវិនិយោគិនជាច្រើន ក៏បានចាប់អារម្មណ៍ក្នុងការវិនិ​យោគលើលំនៅឋាននិងឧស្សាហកម្មផងដែរ។ ជាការកត់សម្គាល់គម្រោងៗមួយចំនួនក៏បានចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ជាពិសេសតំបន់នៅក្នុងទឹកដីនៃរាជធានីភ្នំពេញ៕

កំពូលមហាសេដ្ឋី Elon Musk នឹងក្លាយជាមហាសេដ្ឋីទ្រីលានដុល្លារដំបូងបង្អស់ លើពិភពលោកដោយសារ SpaceXកំពូលមហាសេដ្ឋី Elon Musk នឹងក្លាយជាមហាសេដ្ឋីទ្រីលានដុល្លារដំបូងបង្អស់ លើពិភពលោកដោយសារ SpaceX

ដោយៈសុខុម

អន្តរជាតិៈ ក្រុមអ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអាមេរិក Morgan Stanley បានព្យាករថា លោក Elon Musk ដែលបច្ចុប្បន្នជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភលោក ជាមួយទ្រព្យសម្បត្តិប្រមាណ២៤២ពាន់លានដុល្លារអាមេរិក នឹងក្លាយជាកំពូលមហាសេដ្ឋីទ្រីលានដុល្លារ (Trillionaire) ដំបូងគេបង្អស់ដោយសារក្រុមហ៊ុនរុករកអវកាស SpaceX របស់លោក។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ តុលានេះបានឱ្យដឹងថា សន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា លោក Elon Musk មានទ្រព្យសម្បត្តិច្រើនជាងលោក Jeff Bezos ថៅកែរបស់ក្រុមហ៊ុន Amazon ប្រហែល៤២ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Morgan Stanley កាលពីថ្ងៃពុធ ទី២០ តុលា បានប៉ាន់ប្រមាណថា ក្រុមហ៊ុន SpaceX ដែលកាន់កាប់ដោយឯកជន អាចមានតម្លៃ២០០ពាន់លានដុល្លារ ហើយនៅអាចកើនឡើងកាន់តែខ្ពស់ លើវិស័យឧស្សាហកម្ម ដែលមានសក្តានុពលនានារួមទាំងហេដ្ឋារចនាសម្ព័ន្ធអវកាស ការអង្កេតមើលភពផែនដី និងការរុករកជ្រៅទៅក្នុងលំហអាកា​សផងដែរ។

ក្រុមហ៊ុនដដែលបានបន្ថែមទៀតថា “អតិថិជនលើសពីម្នាក់បានប្រាប់យើងថា ប្រ​សិនបើលោក Elon Musk ក្លាយជាមហាសេដ្ឋីទ្រីលានលានដុល្លារ ដំបូងគេបង្អស់របស់ពិភពលោក វានឹងមិនមែនដោយសារតែក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla របស់លោកឡើយ។ អ្នកផ្សេងទៀតនិយាយថា នៅទីបំផុតក្រុមហ៊ុន SpaceX អាចនឹងក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុត លើពិភពលោកនៅក្នុងឧស្សាហកម្មទាំងអស់”។

ក្រុមហ៊ុននេះ បានបន្ថែមទៀតថា រ៉ុក្កែត Starship ដែលអាចប្រើឡើងវិញបានរបស់ក្រុមហ៊ុន SpaceX ដែលអាចបញ្ជូនមនុស្ស និងទំនិញទៅកកាន់ភពព្រះចន្ទ និងភពផ្កាយព្រះអង្គារ មានសក្តានុពលធ្វើឱ្យបណ្ដាវិយោគិនបោះទុនកាន់តែច្រើន ជុំវិញឧស្សាហកម្មអវកាស។

ក្រុមហ៊ុន SpaceX មានតម្លៃ១០០ពាន់លានដុល្លារ នៅក្នុងការលក់ភាគហ៊ុនបន្ទាប់បន្សំនៅខែនេះ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនឯកជនធំជាងគេទី២ នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុនអ៊ីនធឺណិត ByteDance។ ហើយលោក Elon Musk កាន់កាប់ភាគហ៊ុនប្រហែល៤៨%នៃក្រុមហ៊ុន SpaceX៕  The Edge Markets៕

ច្បាប់វិនិយោគថ្មីផ្តល់ការលើកទឹកចិត្តលើវិស័យអាទិភាពចំនួន១៩ ដើម្បីទាក់ទាញ ការវិនិយោគថ្មីៗ

ដោយៈ សុផារី

ភ្នំពេញៈ យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរាជក្រមលេខ នស/រកម/១០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងជំពូកទី៦ មាត្រា២៤។

តាមរយៈច្បាប់ថ្មីនេះ រាជរដ្ឋាភិបានកម្ពុជាលើកទឹកចិត្ត លើវិស័យនិងសកម្មភាពវិនិយោគចំនួន ១៩ មានដូចជា៖

១. ឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។

២. ឧស្សាហកម្មឬកម្មន្តសាល ថ្មីៗផ្ដល់តម្លៃបន្ថែមខ្ពស់មាននវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់។

៣. ឧស្សាហកម្ម បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មតំបន់និងសាកលលោក។

៤. ឧស្សាហកម្មគាំពារ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្មបម្រើអោយខ្សែច្រវ៉ាក់ផលិតកម្ម តំបន់ និងពិភពលោក ហ្នឹងឧស្សាហកម្មតភ្ជាប់បណ្ដាញផ្គត់ផ្គង់។

៥. ឧស្សាហកម្មគ្រឿងអគ្គិសនីនិងអេឡិចត្រូនិច

៦. ឧស្សាហកម្មគ្រឿងបន្លាស់បង្គំនិងតម្លើង

៧. ឧស្សាហកម្មមេកានិកនិងគ្រឿងម៉ាស៊ីន

៨. កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុកឬការនាំចេញ។

៩. សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព និងការអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូចនិងមធ្យម សួនឧស្សាហកម្ម និងសួនវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

១០.ឧស្សាហកម្មទេសចរណ៍និងសកម្មភាពពាក់ព័ន្ធនឹងទេសចរណ៍

១១. ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស

១២. ឧស្សាហកម្មឌីជីថល

១៣. ការវិនិយោគក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការជំរុញផលិតភាព។

១៤. ការវិនិយោគក្នុងវិស័យសុខាភិបាល

១៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត

១៦. ការអភិវឌ្ឍក្នុងវិស័យឡូជីស្ទីក

១៧. ការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា។

១៨. ការវិនិយោគ ក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

១៩. វិស័យ និងសកម្មភាពវិនិយោគផ្សេងទៀត ដែលមិនមានចែងក្នុងច្បាប់នេះ ក្នុងករណីដែលរាជរដ្ឋាភិបាលមើលឃើញថា មានសក្តានុពលដល់ការអភិវឌ្ឍសង្គមសេដ្ឋកិ ច្ច។

 

វិស័យនិងសកម្មភាពវិនិយោគ ដែលមានចែងក្នុងមាត្រា២៤ នៃច្បាប់នេះដែលមិនស្ថិតនៅក្នុងបញ្ជីអវិជ្ជមាន ត្រូវទទួលបានការលើកទឹកចិត្តជាមូលដ្ឋានផ្នែកពន្ធដារ និង/ឬ ពន្ធដារទាំងស្រុងឬមួយផ្នែក ក្រោយទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីបញ្ជាក់ឋានៈជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ)។

សកម្មភាពវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធជ្រើសរើសការលើកទឹកចិត្ត ជាមូលដ្ឋានជាពីរជម្រើសនៅខាងក្រោម៖

ជម្រើសទី 1

  • ការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូត៩ឆ្នាំទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។ វិស័យនិងសកម្មភាពវិនិយោគ ព្រមទាំងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនឹងត្រូវកំណត់ ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និងឬអនុក្រឹត្យ។ បន្ទាប់ពីផុតរយៈពេល លើកលែងពន្ធលើប្រាក់ចំណូល គ.ល.គ មានសិទ្ធិទទួលបានការលើកទឹកចិត្តឲ្យបង់ប្រាក់ លើប្រាក់ចំណូលតាមអត្រាកំណើន តាមពេលធៀបទៅនឹងទឹកប្រាក់ពន្ធត្រូវបង់សរុបដូចខាងក្រោម៖

  ២៥ ភាគរយសម្រាប់ពីរឆ្នាំដំបូង

  ៥០ ភាគរយសម្រាប់ពីរឆ្នាំបន្ទាប់នឹង

  ៧៥ ភាគរយសម្រាប់២ឆ្នាំចុងក្រោយ

 

  • ទទួលបានការលើកលែងប្រាក់រំដោះពន្ធ លើប្រាក់ចំណូល ក្នុងកំឡុងពេលលើកលែងពន្ធលើប្រាក់ចំណូល។
  • ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ​។
  • ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែក នៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ជម្រើសទី២

  • មានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈរំលស់ពិសេស ដូចមានចែងក្នុងបទប្បញ្ញត្តិស្ដីពីពន្ធដារជាធរមាន។
  • មានសិទ្ធកាត់កងរហូតដល់២០០ភាគរយ លើចំណាយជាក់លាក់ផ្សេងទៀតសម្រាប់ រយៈពេលរហូតដល់៩ឆ្នាំ។ វិស័យនិងសកម្មភាពវិនិយោគ និងចំណាយជាក់លាក់ ព្រមទាំងរយៈពេលកាត់កងចំណាយ ត្រូវកំណត់ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ។
  • ទទួលបានការលើកលែងប្រាក់រំដោះពន្ធ លើប្រាក់ចំណូល ក្នុងរយៈពេលជាក់លាក់ណាមួយទៅតាមវិស័យ និងសកម្មភាពវិនិយោគ ដែលត្រូវកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និង/ឬអនុក្រឹត្យ។
  • ទទួលបានការនៅកន្លែងពន្ធអប្បរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ។
  • ទទួលបានការលើកលែងអាករនាំចេញ លើកលែងតែមានចែងដោយឡែកនៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត៕

មូលនិធិ IMF ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសសេដ្ឋកិច្ចលំដាប់យក្សធំៗស្ទើរតែទាំងអស់

ដោយៈ សុផារី

អាមេរិកៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារការកើនឡើង ការរាតត្បតជំងឺកូវីដ-១៩ ប្រភេទដែលតា កើនឡើងនៅក្នុងករណីមួយចំនួននៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន CNBC។

ភ្នាក់ងារព័ត៌មាន CNBC បានរាយការណ៍ថា IMF បានរំពឹងថា សេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើង៦,៥ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះ១,១ពិន្ទុភាគរយធៀបនឹងការព្យាករ ដែលចេញផ្សាយក្នុងរបាយការណ៍ស្តីពី ចក្ខុវិស័យសេដ្ឋកិច្ចកាលពីខែមេសា ប៉ុន្តែជាមួយនឹងកំណើននេះ តំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាតំបន់ ដែលមានកំណើនខ្ពស់ជាងគេក្នុងពិភពលោកដដែល។

មូលនិធិ IMF បានឱ្យដឹងទៀតថា សេដ្ឋកិច្ចរបស់តំបន់នេះ ក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថាអាចកើនឡើង៤,៩ភាគរយ ដែលខ្ពស់ជាងការព្យាករកន្លងមក ០,៤ពិន្ទុ។

លោក Krishna Srinivasan អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានមានប្រសាសន៍ថា“ ខ្ញុំអាចនិយាយបានថា ការចាក់វ៉ាក់សាំង គឺជាបន្ទាត់បែងចែក រវាងសេដ្ឋកិច្ចជឿនលឿននៅអាស៊ី និងប្រទេសកំពុងអភិវឌ្ឍកំពុងដំណើរការ” ។

CNBC បានរាយការណ៍ទៀតថា ការទម្លាក់ព្យាករណ៍ ភាគច្រើនគឺដោយសារការថមថយកំណើនសេដ្ឋកិច្ចក្នុងប្រទេសឥណ្ឌា ដែលឥឡូវត្រូវបានព្យាករថា នឹងកើនឡើង ៩,៥ភាគរយនៅឆ្នាំនេះ និងតំបន់អាស៊ីអាគ្នេយ៍ ដែលវីរុសកូវីដ-១៩ បន្តវាយប្រហារ។

ការព្យាករណ៍កំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសជប៉ុន ត្រូវបានទម្លាក់មកនៅត្រឹម២,៤ភាគរយ ហើយអូស្រ្តាលីទម្លាក់មកនៅត្រឹម៣,៥ភាគរយ ខណៈដែលចក្ខុវិស័យសេដ្ឋកិច្ចសម្រាប់កូរ៉េខាងត្បូង ត្រូវបានដំឡើងដល់៤,៣ភាគរយ និងណូវែលសេឡង់ដំឡើងដល់ ៥,១ភាគរយ។

ការព្យាករសេដ្ឋកិច្ចរបស់ចិន ត្រូវបានទម្លាក់មកនៅត្រឹម៨ភាគរយ ធៀបនឹង៨,៤ភាគរយដែលព្យាករកន្លងមក ដោសារការផ្ទុះជំងឺវីរុសដែលកំពុងបន្តកើតមាន ការរឹតបន្តឹងគោលនយោបាយសារពើពន្ធ និងបញ្ហានៅក្នុងវិស័អចលនទ្រព្យ៕

ដំណឹងល្អៈ ច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានព្រះមហាក្សត្រឡាយព្រហត្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការហើយ

ដោយៈសិរីជេស៊ីកា

ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មាន១២ជំពូក និង៤២មាត្រា បង្កើ​តឡើងក្នុងគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រសា​សន៍ឲ្យ​ដឹងថា ច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ ជាច្បាប់ដែលបានសរសេរថ្មីទាំងស្រុង ហើយច្បាប់នេះមានលក្ខណៈបើកចំហជាច្រើន បើធៀបនឹងច្បាប់ដែលមានស្រាប់។

លោកបន្តថា “ច្បាប់ថ្មីនេះ បានលើកទឹកចិត្តជាច្រើនដល់វិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីឲ្យពួកគេបន្តពង្រីកទុនវិនិយោគ និងចូលមកវិនិយោគនៅកម្ពុជា”៕

ស្ពានឆ្លងកាត់ទន្លេមេគង្គក្បែរទីរួមខេត្តក្រចេះមិនទាន់កំណត់ពេលវេលាជាក់លាក់

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្រុងក្រចេះ មិនទាន់កំណត់ពេលវេលាជាក់លាក់ទេ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២០ តុលាកន្លងមកថា ​​​ការបើកការដ្ឋានស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងខេត្តក្រចេះ ទៅកាន់ផ្លូវជាតិ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ អាចបើកការដ្ឋានស្ថាបនានៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខនេះ។លោកបន្តថា ពេលវេលាជាក់លាក់ យើងមិនអាចកំណត់បាននៅឡើយទេ ព្រោះអ្វីរង់ចាំសេចក្តីសម្រេចពីប្រមុខរាជរដ្ឋាភិបាល។

លោកបន្តថា “ស្ពានមិត្តភាពកម្ពុជា ចិនថ្មីនេះដើរតួនាទីសំខាន់ក្នុងការធ្វើដំណើរ និងសមាហរណកម្មផ្ទៃក្នុងប្រទេសកម្ពុជា”។

ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីនេះ បានសិក្សាបញ្ចប់រូចហើយ ដោយស្ពាននេះមានប្រវែងប្រមាណ១៧០០ម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ អស់៦០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការសិក្សាស្ពាននេះបានបញ្ចប់រួចហើយ និងទទួលបាន​កញ្ចប់ថវិកាពីមិត្តចិនផងដែរ ហេតុនេះការបើកការដ្ឋានស្ថាបនានៅពេលណា អាស្រ័យលើកាលវិភាគរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់ជាតិ នៅតែបន្តការសាងសង់បើទោះ​បីជាកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី”៕