ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ថៃ វៀតណាមគ្រោងហោះមកកាន់កម្ពុជានៅអំឡុងខែកុម្ភៈ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ថៃ វៀតណាម (ThaiViet Jet) ដែលជាក្រុមហ៊ុនអាកាសចរណ៍ថ្នាក់តំបន់ធំមួយ គ្រោងនឹងភ្ជាប់ជើងហោះហើរមកកាន់រាជធានីភ្នំពេញ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ក្រុមហ៊ុនអាកាសចរណ៍នេះ មិនធ្លាប់បានហោះហើរមកកម្ពុជានោះទេ ប៉ុន្តែយើងទទួលបានការជូនដំណឹងថា ក្រុមហ៊ុននេះនឹងហោះហើរត្រង់មកកម្ពុជា នៅអំឡុងខែកុម្ភៈខាងមុខ។

លោកស្រីបន្តថា “នេះជាសញ្ញាកាន់តែល្អប្រសើរ សំរាប់វិស័យអាកា​ស​ចរណ៍ និងទេសចរណ៍នៅកម្ពុជា ស្របពេលបច្ចុប្បន្ននេះជើងហោះហើរកាន់តែច្រើន បានភ្ជាប់ជើងហោះហើរ មកកាន់កម្ពុជារួចហើយ”។ លោកស្រីបន្តថា “បច្ចុប្បន្នភ្ញៀវទេសចរណ៍អន្តរជាតិ បានចាប់ផ្តើមកក់សំបុត្រមកទស្សនាកម្ពុជាបណ្តើរៗហើយ ប៉ុន្តែករណីខ្លះក៏មានការពន្យាពេលផងដែរ។

ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រុម​ហ៊ុនអាកាសចរណ៍ ThaiViet Jet មិនទាន់បានប្រកាសជាផ្លូវការពីការតភ្ជាប់ ជើងហោះហើរមកកាន់កម្ពុជានៅឡើយទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលអំឡុងរយៈពេល២ឆ្នាំកន្លងមកនេះ។

ការសម្រេចបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញចាប់ពីខែវិច្ឆិកា និងការបិទព្រឹត្តិការណ៍២០ កុម្ភៈ ជាអ្វីដែលអ្នកជំនាញទេសចរណ៍ សេដ្ឋកិច្ច បានសម្តែងការអបអរសាទរយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here