ប្រទេសកម្ពុជាបានក្លាយទៅជាទីតាំងវិនិយោគក្រៅស្រុកលំដាប់លេខពីររបស់ ប្រទេសវៀតណាមនៅឆ្នាំនេះ

ដោយៈសុជាតា     

ហាណូយៈ បើយោងតាមរបាយការណ៍របស់ក្រសួងផែនការនិង វិនិយោគប្រទេសវៀតណាមបានបង្ហាញអោយដឹងថា ការវិនិយោគនៅក្រៅប្រទេសរបស់ប្រទេសវៀតណាមបានកើនឡើង៥៧២ លានដុល្លារនៅរយៈពេលប្រាំបួនខែ ឆ្នាំ ២០២១។

ទំហំទុនវិនិយោគនេះ បានកើនឡើង៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន។ នៅក្នុងនោះដែរទំហំវិនិយោគប្រមាណ១៥០លានដុល្លារ ស្មើនឹង៥៦ភាគរយនៅក្នុងគម្រោងវិនិយោគថ្មី និងទំហំវិនិយោគប្រមាណ៤២២លានដុល្លារ ទៅកាន់គម្រោ​ងវិនិយោគដែលមានស្រាប់ ពោលគឺកើនឡើង២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងនូវវិនិយោគ បានផ្តល់គម្រោងទឹកប្រាក់ប្រមាណ៣០០លានដុល្លារដែលក្រុមហ៊ុនVingroup បង្កើនវិនិយោគនៅសហរដ្ឋអាមេរិក ទឹកប្រាក់ប្រមាណ៧៦ លានដុល្លារទៅកាន់ គម្រោងអភិវឌ្ឍវិនិយោគកៅស៊ូឥណ្ឌូចិន នៅក្នុងប្រទេសកម្ពុជា និង ទឹកប្រាក់ប្រមាណ៣២លាន គឺគម្រោង Vinfast នៅក្នុងប្រទេសអាល្លឺម៉ង់។ អ្នកវិនិយោគវៀតណាមបានវិនិយោគប្រមាណ១៣ផ្នែកធំៗដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា អ្នកលក់រាយ និងដុំ កសិកម្ម នេសាទ និង សេវាកម្មគាំទ្រផងដែរ។

នៅក្នុងចំណោមនោះ ប្រទេសសហរដ្ឋអាមេរិក គឺប្រទេសដែលទទួលការវិនិយោគទុនពីសំណាក់ប្រទេសវៀតណាមច្រើនជាងគេ ដែលមានតម្លៃប្រមាណ៣០២លានដុល្លារ ដែលកាន់កាប់ចំណែក៥២.៩ភាគរយ។

ប្រទេសកម្ពុជាបានឈរនៅលំដាប់លេខពីរ ដែលមានទំហំវិនិយោគសរុបប្រមាណជិត៩០លានដុល្លារ បន្ទាប់មកប្រទេសឡាវ និងប្រទេសកាណាដា ឈរនៅលំដាប់លេខ បី និង លេខបួនផងដែរ។

គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២១នេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគសរុបប្រមាណ១, ៤២៩ គម្រោងជាមួយនឹងដើមទុនប្រមាណ២១. ៨ ពាន់លានដុល្លារនៅបរទេស៕

ក្រុមហ៊ុនកូរ៉េ SK Innovation និង Ford សហការគ្នាបោះទុន១១,៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក

ដោយៈសុខុម

អាមេរិក: ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ford Motor និងក្រុមហ៊ុនផលិតអាគុយកូរ៉េខាងត្បូង SK Innovation ដែលជាដៃគូសហការរបស់ខ្លួន គ្រោងបោះទុនវិនិយោគរហូតដល់ទៅ១១,៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅលើទឹកដីសហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ កញ្ញា នេះឱ្យដឹងថា ការវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី F-150 ចំនួន១ និងរោងចក្រផលិតអាគុយចំនួន៣ នៅសហរដ្ឋអាមេរិក ជាមួយនឹងគោលបំណងពន្លឿន ផែនការរបស់របស់ក្រុមហ៊ុន Ford ងាកទៅរកការផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុន Ford បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៧ កញ្ញា ថា ពេលនេះខ្លួនរំពឹងថានឹងផលិតរថយន្តអគ្គិសនី ឱ្យបានចន្លោះពី៤០% ទៅ៥០%នៃការផលិតរថយន្តសរុបរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ បើធៀបនឹងការព្យាករលើកមុនរបស់ខ្លួនត្រឹម៤០%។

ក្រុមហ៊ុន Ford និយាយថា ក្រុមហ៊ុនទាំង២នេះ មានបំណងបង្កើតការងារថ្មីៗឱ្យបានជិត១១.០០០កន្លែង តាមរយៈការបើកដំណើរការរោងចក្រដំឡើង និងរោងចក្រផលិតអាគុយរបស់ខ្លួន ដែលជាផ្នែកមួយនៃផែនការ ប្រកាសកាលពីពេលមុនដែលថា ក្រុមហ៊ុន Ford គ្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង៣០ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០៣០ លើការផលិតរថយន្តអគ្គិសនី។

បើអ្វីៗដំណើរការរលូនតាមការគ្រោងទុក រោងចក្រទាំងនេះនឹងបើកដំណើរការក្នុងឆ្នាំ២០២៥ ខាងមុខ។

ការវិនិយោគដែលត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះគឺជាការវិនិយោគក្នុងមួយលើកធំបំផុត លើផ្នែកផលិតកម្មនៅក្នុងប្រវត្តិសាស្ត្រ១១៨ឆ្នាំ របស់ក្រុមហ៊ុន Ford៕  Reuters៕

អ្នកជំនាញខាងអចលនទ្រព្យ ទីក្រុងរណបដ៏ធំចំនួនពីរដែលកំពុងតែផ្លាស់ប្រែ មុខមាត់ទីក្រុងជ្រោយចង្វារ

ដោយៈសុជាតា

ភ្នំពេញៈ ខណ្ឌជ្រោយចង្វារ ត្រូវបានអ្នកជំនាញលើកឡើងថា ជាខណ្ឌដែលសក្តានុពលខ្ពស់ទាំងការអភិវឌ្ឍថ្មីៗ រួមបញ្ចូលទាំងអភិវឌ្ឍ ទីក្រុងវិស៊ីល័យ អាគារពាណិជ្ជកម្ម និង អាគារស្នាក់នៅផងដែរ។

ជាងនេះទៀត ទីក្រុងរណបធំៗពីរ គឹទីក្រុងរណបជ្រោយចង្វារ បាននិងកំពុងបង្ហាញរូបរាងនៅតំបន់គល់ស្ពានជ្រោយចង្វារ ដែលនឹងសាងសង់នៅលើផ្ទៃដីប្រមាណ​១០០ហិកតា និងទីក្រុងរណបតេជោមរតក កំពុងវិនិយោគលើផ្ទៃដីទំហំជាង១០៦៧ហិកតា ដែលបណ្តុំអោយអភិវឌ្ឍទ្រង់ទ្រាយធំៗផងដែរ។

លោកសំ សុនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់ Propery area asia នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ តាមយើងសង្កេតឃើញថា គម្រោង OCIC នៅខណ្ឌជ្រោយចង្វារ គឺជាគម្រោងអចលនទ្រព្យធំ ដែលមានតម្លៃដីចន្លោះពី៨០០ដុល្លារទៅ ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការអភិវឌ្ឍនៅទីក្រុងរណបរបស់ក្រុមហ៊ុនOCIC បានក្លាយទៅជាទីក្រុងស៊ីវិល័យបែបទំនើប ដែលមានមនុស្សរស់នៅអ៊ូអរផងដែរ។ ហើយមានគម្រោងបុរី និងអាគារពាណិជ្ជកម្មធំៗផងដែរ។

លោកបន្ថែមទៀតថា “តំបន់អភិវឌ្ឍទីក្រុងរណបតេជោមរកត មានសក្តានុពលខ្ពស់ ទាំងការរៀបចំហេដ្ឋារចនាសម្ពន្ធបានល្អ ដែលជាបណ្តុះគម្រោងអភិវឌ្ឍថ្មីៗដូចជាស្តាតមរតកតេជោធ៏ធំមួយ ដោយទីក្រុងថ្មីនេះ នឹងភ្ជាប់ទៅនឹងក្រវាត់ក្រុងទីបី ដែលធ្វើអោយតំបន់លើកមុតមាត់ថ្មី ដែលធ្វើអោយតម្លៃដីធ្លីបានឡើងថ្លៃបន្តបន្ទាប់”។

លោកបន្តថា ចំពោះតម្លៃដីនៅតំបន់អភិវឌ្ឍទីក្រុងរណបរបស់ឧកញ៉ា លី យ៉ុងផាត់វិញគឹមានចន្លោះពី ៥០ ដុល្លារទៅ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅតាមចំងាយ និងទីតាំងនិមួយៗ។

បើតាមការព្យាកររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០៣០ខាងមុខ ប្រជាជន៧លាននាក់ត្រូវគេរំពឹងថា នឹងរស់នៅក្នុងទីក្រុង ទីប្រជុំជននានា ហើយភាគច្រើននៃពួកគេនឹងមករស់នៅក្នុងទីក្រុងភ្នំពេញ៕

លោកសៀវ សុផលៈការទទួលចំណេះដឹងខុសគឺគ្រោះថ្នាក់ជាងនៅល្ងង់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោកសៀវ សុផល ត្រូវបានគេស្គាល់ថាជា គ្រូបង្រៀនវគ្គជោគជ័យ និងជាវាគ្មិនក្នុងកម្មវិធីជាច្រើន ពាក់ព័ន្ធជាមួយនឹងការបង្កើតអាជីវកម្ម ពាក់ព័ន្ធនឹងហិរញ្ញវត្ថុជាដើម។

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយគេហទំព័រ Property Areaកាលពីពេលថ្មីៗនេះ លោកសៀវ សុផលបាននិយាយថា “ការទទួលចំណេះដឹងខុស គឺគក្រោះថ្នាក់ជាងនៅល្ងង់ទៅទៀត”។

តើការទទួលបានចំណេះដឹងខុនស គ្រោះថ្នាក់នៃការទទួលចំណេះដឹងនោះយ៉ាងម៉េចទៅវិញ? លោកសុផលបានពន្យល់ថា នៅពេលដែលយើងចង់ជោគជ័យ យើងត្រូវស្វែងយល់ថាអ្វីទៅជាជោគជ័យ។ ជោគជ័យគឺជាគោលដៅ និងមានគោលបំណងជាក់លាក់មួយ ហើយបើចង់ជោគជ័យយើងត្រូវស្ដាប់អ្នកណា ដែលនិយាយពីគោលការណ៍ជោគជ័យ ពីព្រោះបច្ចុប្បន្ននេះ មានរឿងដ្រាម៉ាជាច្រើន ដែលយើងចូលទៅស្ដាប់ចូលទៅអានដោយមិនដឹងខ្លួន។

លោកបន្តថា “នៅពេលដែលរឿងដ្រាម៉ានោះ ចូលក្នុងខ្លួនយើង វានឹងចាប់ផ្ដើមងាកចេញ ពីគោលដៅគោលបំណងរបស់យើង”។ លោកបន្ថែមថា “បច្ចុប្បន្នយើងសង្កេតឃើញថា មានគ្រូជាច្រើនអះអាងចេះច្រើនជំនាញ មានទាំងជំនាញអនឡាញ ជំនាញសុភមង្គល ជំនាញទីផ្សារ រហូតដល់ជំនាញធ្វើឱ្យប្តីស្រលាញ់ ឬប្រពន្ធស្រលាញ់។ ដូច្នេះនៅពេលដែលយើងមិនមានគោលការណ៍ ឬយើងទទួលចំណេះទាំងនោះ យើងនឹងខុសគោលដៅនូវអ្វីដែលយើងចង់បាន”។

លោកសៀវ សុផលបានបន្តទៀតថា មនុស្សមួយចំនួនចង់ចេញរកស៊ី តែដើម្បីបទពិសោធន៍ ដូច្នេះបើចង់រកស៊ីត្រឹមយកបទពិសោធន៍ មិនចាំបាច់រកគ្រូឬរៀននោះទេ បើ សិនជាចង់រកស៊ី ដើម្បីរកលុយចាំយើងរកគ្រូបង្រៀន ហើយត្រូវកំណត់គោលដៅថាយើងនឹងយកលុយប៉ុន្មានក្នុងរយៈពេលប៉ុន្មានឆ្នាំ។

លោកបន្ថែមថា “យើងត្រូវស្ដាប់គ្រូដែលប្រាប់យើងឱ្យលុយ គ្រូដែលឱ្យយើងអនុវត្ត ហើយកុំស្ដាប់អ្នកដែលចាំថា ធ្វើបែបនេះមិនត្រូវទេ ធ្វើបែបនោះមិនត្រូវទេ កុំធ្វើបែបនេះនាំបរាជ័យ កុំរៀននាំតែគេបោក”។ លោកបន្តថា “អនាគតយើងមិនកំណត់ដោយអ្នកថានោះទេ អនាគតយើងមិនមែនកំណត់ដោយអតីតកាលរបស់យើងទេ យើងត្រូវកំណត់អនាគតយើងដោយខ្លួនឯងធ្វើអ្វីដែលខ្លួនចង់ធ្វើ និងមានគោលដៅច្បាស់លាស់”។

លោកសៀវ សុផលបញ្ជាក់ថា បើយើងមានក្ដីសុបិន្តមួយ ហើយយើងពុះពារធ្វើទៅតាមដំណាក់កាល និងតាមអ្វីដែលយើងចង់ធ្វើនោះ យើងនឹងអាចសម្រេចវានៅថ្ងៃណាមួយ តែបើសិនជាយើងនៅតែអង្គុយស្ដាប់គេអត់ធ្វើអ្វីសោះ នោះយើងក៏មិនអាចសម្រេចនូវក្ដីសុបិន្តនោះដែរ៕

ការសិក្សា: ទំហំទីផ្សារឧបករណ៍វិភាគគុណភាពអគ្គិសនីពិភពលោកនឹងឈានដល់២០,៥៣ពាន់លានដុល្លារនៅឆ្នាំ២០២៦

សុខុម

អៀរឡង់: ទំហំទីផ្សារឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនី (Power Quality Equipment) ពិភពលោកបានឈានដល់១៣,៦៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយតាមការរំពឹងទុកថា វានឹងឈានដល់២០,៥៣ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៦ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ៧,២៦%។ នេះបើយោងតាមសារព័ត៌មាន Business Wire ចុះផ្សាយកាលពីថ្ងៃទី២៤ កញ្ញា។

ឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនី ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី (Power Grid) ដើម្បីធានាថាចរន្តអគ្គិសនីរត់ថេរល្អ មិនដាច់។

*តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងគ្របដណ្ដប់លើសគេក្នុងចំណែកទីផ្សារ

អាស៊ី-ប៉ាស៊ីហ្វិក ដែលជាតំបន់កំពុងអភិវឌ្ឍន៍នឹងគ្របដណ្ដប់លើសគេក្នុងចំណែកទីផ្សារ ព្រោះឧស្សាហ៍ដាច់ចរន្តអគ្គិសនី ហើយការផ្គត់ផ្គង់អគ្គិសនីគ្មានស្ថិរភាពនៅក្នុងប្រទេសជាច្រើននៅទូទាំងតំបន់ដូចជាប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ជាដើម។

អ្នកប្រើប្រាស់ចុងក្រោយ (End-user) នូវឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនីនៅក្នុងតំបន់រួមមានវិស័យឧស្សាហកម្ម និងផលិតកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យទូរគមនាគមន៍ និងវិស័យពាណិជ្ជកម្មជាដើម។

នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក វិស័យផលិតកម្មគឺជាវិស័យមួយដែលបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងប្រទេសនានា ហើយប្រទេសចិន គឺជាអ្នករួមចំណែកធំបំផុតចំពោះទិន្នផលផលិតកម្មទូទាំងពិភពលោក។

ប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ក៏ជាអ្នករួមចំណែកដ៏សំខាន់ដែរពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រទេសដូចជាវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ក៏ត្រូវបានរំពឹងថានឹងបង្កើនចំណែកទីផ្សាររបស់ខ្លួនផងដែរនៅក្នុងរយៈពេលនេះ។

គោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាលនានា និងការបង្កើនការវិនិយោគក្នុងវិស័យថាមពលអគ្គិសនីនៅក្នុងតំបន់ ត្រូវបានរំពឹងថានឹងជំរុញតម្រូវការឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនី នៅក្នុងតំបន់អំឡុងរយៈពេលនេះ។

ទន្ទឹមនឹងនេះ តម្រូវការអគ្គិសនីបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការកើនឡើងនូវចំនួនប្រជាជន និងនគរូបនីយកម្មដែលតាមការរំពឹងទុកថាក៏នឹងធ្វើឱ្យតម្រូវការឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនីនៅក្នុងតំបន់កើនឡើងផងដែរ៕ Business Wire

បំណុលគ្រួសារនៅប្រទេសកូរ៉េបានកើនឡើងខ្ពស់មិនធ្លាប់មាន ខណៈរដ្ឋាភិបាលត្រៀមចេញវិធានការណ៍បន្ថែម

ដោយៈសុខុម

សេអ៊ូល: មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង មួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទទី២៧ កញ្ញាថា ប្រទេសនេះនឹងដាក់ចេញវិធានការបន្ថែមនៅខែក្រោយ ដើម្បីទប់បំណុលគ្រួសារដែលកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times។

លោក Koh Seung-beom ប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ (Financial Services Commission (FSC)) បានថ្លែងថា វិធានការបែបនេះនឹងផ្តោតលើការកែលម្អវិធីវាយតម្លៃ និងគណនាសមត្ថភាពសងបំណុលរបស់គ្រួសារពលរដ្ឋ។

មន្ត្រីដដែលបានបន្ថែមទៀតថា រដ្ឋាភិបាលនឹងបន្តចាត់វិធានការតឹងរ៉ឹងជាងមុនដើ​ម្បីគ្រប់គ្រងបំណុលគ្រួសារ ដោយចាត់ទុកបំណុលទាំងនោះជា “ហានិភ័យធំបំផុត” ដែលអាចបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់ប្រទេស។

ចាប់តាំងពីខែកក្កដា ប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុបានអនុវត្តការវាយតម្លៃ និងការគណនាប្រាក់កម្ចីតឹងរ៉ឹងជាងមុនសម្រាប់ប្រាក់កម្ចីទិញផ្ទះ។ វិធីសាស្ត្រនោះថ្លឹងថ្លែងវាស់វែងថា តើអ្នកខ្ចីត្រូវសងរម្លស់ប្រាក់ដើមប៉ុន្មាន និងការប្រាក់ប៉ុន្មានដើម្បីឱ្យសមាមាត្រទៅនឹងចំណូលប្រចាំឆ្នាំរបស់ពួកគេ។

យោងតាមទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េ (BOK) បង្ហាញថា កម្ចីគ្រួសារបានឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានចំនួន១.៨០៥ទ្រីលានវ៉ុន (១.៥៤ទ្រីលានដុល្លារ) នៅក្នុងខែមិថុនា ដោយកើនឡើង៤១.២ទ្រីលានវ៉ុន (៣៥ពាន់លានដុល្លារ) កាលពី៣ខែមុន។

កំណើននេះកើតមានឡើង នៅពេលប្រជាជនខ្ចីលុយដើម្បីទិញផ្ទះ ស្របពេលតម្លៃផ្ទះហក់ឡើងខ្ពស់។ តម្រូវការប្រាក់កម្ចី ដែលមិនទាមទារទ្រព្យដាក់បញ្ចាំនៅតែមានខ្ពស់ ស្របពេលមានការកើនឡើងនូវការវិនិយោគលើភាគហ៊ុន។

នៅខែសីហា ធនាគារកណ្ដាលកូរ៉េ បានដំឡើងការប្រាក់ជាលើកដំបូងរបស់ខ្លួនក្នុងសម័យកូវីដ-១៩ នៅពេលឃើញស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ដើម្បីដោះស្រាយអតិផរណាកើនឡើង និងគ្រប់គ្រងបំណុលគ្រួសារដែលកំពុងកើនឡើង ដោយបញ្ចប់រយៈពេល១៥នៃការយកការប្រាក់ទាបមិនធ្លាប់មាន។

វាជាការដំឡើងអត្រាការប្រាក់ ជាលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ជាពេលដែលធនាគារកណ្ដាលកូរ៉េ បានបញ្ចុះអត្រាការប្រាក់មកនៅកម្រិតទាបបំផុតមិនធ្លាប់មានត្រឹមតែ០.៥%។

កាលពីដើមខែនេះ ធនាគារកណ្ដាលកូរ៉េបាននិយាយថា ខ្លួននឹងកែសម្រួលការបន្ធូរបន្ថយរបស់ខ្លួនផ្នែករូបិយវត្ថុជាបណ្តើរៗ ខណៈខ្លួនព្យាយាមបំពេញឱ្យបានតាមគោលដៅអតិផរណា២%សម្រាប់ឆ្នាំនេះ ស្របពេលមានសញ្ញាបង្ហាញថា សេដ្ឋកិច្ចងើបឡើងវិញយ៉ាងរឹងមាំពីវិបត្តិរីករាលវីរុសកូវីដ-១៩៕ Yonhap៕

ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២,២ភាគរយឆ្នាំ២០២១

ភ្នំពេញ ៖ ធនាគារពិភពលោកបានព្យាករជាថ្មីនូវកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នា២០២១នេះដោយមកត្រឹម២,២ភាគរយប៉ុណ្ណោះ ខណៈកាលពីដើមឆ្នាំធនាគារមួយនេះបានព្យាករថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៤ភាគរយ ។
លោកលី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញកាលពីព្រឹកថ្ងៃទី២៨ កញ្ញា២០២១នេះថា ដោយសារតែស្ថានភាពកូវីដ១៩នៅតែបន្តអូសបន្លាយនិងធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួនទៀត ទើបធនាគារពិភពលោកបានព្យាករជាថ្មីចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម២,២ភាគរយនៅឆ្នាំ២០២១ ខុសពីការព្យាករកាលពីដើមឆ្នាំ២០២១ ។ លោកថា៖«យើងឃើញថាការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២១នេះមានការងើបឡើងវិញធៀបនឹងឆ្នាំ២០២០ កន្លងទៅ ក្នុងនោះដែរវិស័យកសិកម្មក៏ជាវិស័យស្នួលនិងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២១នេះ » ។
លោកបន្ត វិស័យទេសចរណ៍នៅកម្ពុជាសឹងតែដួលរលំទាំងស្រុងទៅហើយ ហើយការត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញរបស់រាជរដ្ឋាភិបាលគឺជាការជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យទេសចរណ៍កម្ពុជាឱ្យមានសកម្មភាពឡើងវិញ ។
ដោយឡែកលោកស្រី Maryam Salim សេដ្ឋវិទូធនាគារពិភពលោកក៏បានឱ្យដឹងដែរថា ការត្រៀមបើកសេដ្ឋកិច្ចក៏ដូចជាវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាការជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
ទាំងធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាកំណើនសេដ្ឋកិច្ចជាវិជ្ជមានប៉ុន្តែស្ថាប័នអន្តរជាតិទាំងពីរនេះក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដូចគ្នា ក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ីបានទម្លាក់ការពី៤ភាគរយកាលពីខែមេសា មកនៅត្រឹម១,៩ភាគរយ ៕

ប្រធាន CVEAបង្ហើបពីហេតុផលមួយចំនួនគួរវិនិយោគដីនៅតំបន់ជាយក្រុង

ដោយៈសិរី ជេស៊ីកា

ភ្នំពេញ: ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានលើកឡើងនូវហេតុផលមួយចំនួន ដល់អ្នក​ចង់រកស៊ីវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាថា បើចង់ទិញដីធ្លីវិនិយោគបន្តគឺទិញនៅតាមជាយក្រុងភ្នំពេញ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល គ្រប់ទិសកំពុងតែមានការរីកចម្រើនខ្លាំង លើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤៤ជាដើម។

លោកបន្តថា “ការរីកចម្រើននៃតំបន់ទាំងនោះ ព្រោះដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី”។ លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុចប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេង​ៗដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ នឹងទទួលបានផលចំណេញ”។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា កន្លងមកដូចជា តំបន់ក្រាំងធ្នង់ សែនសុខ តំបន់អន្លង់ក្ងាន ដែលពីមុនមិនមានអ្នកចង់ទៅរស់នៅ តែបច្ចុប្ប​ន្នបានក្លាយជា តំបន់រីកចម្រើនខ្លំាង ដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។


 
លោកបានព្យាករណ៍ថា តំបន់ទិសទាំង៤ នៃជាយក្រុងភ្នំពេញ ក្នុងរយៈពេល៥ទៅ ១០​ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឪកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព៕

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថៃ ដែលមានវត្តមាននៅកម្ពុជាបានកើនឡើងទ្រព្យសកម្មដល់១៥០០លានដុល្លារ

ដោយៈសុជាតា

ប្រទេសថៃៈ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech )ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបង្កើនដើមទុនប្រមាណ១៥០ លានដុល្លារនៅជុំចុងក្រោយ ដែលធ្វើឲ្យតម្លៃទុនសរុបកើនឡើងប្រមាណ១៥០០លានដុល្លារ។
កំណើនទ្រព្យសកម្មរបស់ក្រុមហ៊ុន ជាតួលេខឆ្លុះបញ្ចាំងពីភាពរឹងមាំខាងបច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងរបស់ប្រទេសថៃ។

ក្រុមហ៊ុនវិនិយោគ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Bow Wave Capital Management បានផ្តល់នូវមូលនិធិចុងក្រោយ ចំពោះក្រុមហ៊ុនថៃ CP Group និង Alibaba’s Ant Group។

មូលនិធិនេះ នឹងប្រើប្រាស់សម្រាប់កំណើន អ្នកប្រើប្រាស់ផ្អែកទៅលើកម្មវិធីអេឡិតត្រូនិច ដែលមានឈ្មោះថា Truemoney wallet។

មូលនិធិនឹងប្រើប្រាស់ ក្នុងការពង្រីកសេវាកម្មហិរញ្ញវត្ថុឌីជីថល រួមបញ្ចូលកម្ចីឌីជីថល ការវិនិយោគឌីជីថល និងទូទាត់ទឹកប្រាក់ឆ្លងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន Ascend Money បានបង្កើតនៅឆ្នាំ២០១៣ ហើយមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៦ ប្រទេសដូចជា ប្រទេសថៃ មីយ៉ាម៉ា ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី និង ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

សេវាកម្មហិរញ្ញវត្ថុនេះ ក្រោមផ្លាកឈ្មោះថា Truemoney ដែលជាសេវាកម្មហិរញ្ញវត្ថុ និងទូទាត់សំណងដែលបំរើច្រើនជាង៥០លាននាក់ តាមរយៈទូទាត់អេឡិចត្រូនិច និង ភ្នាក់ងារTruemoney ៨៨,០០០ទីតាំងផងដែរ។

ទំហំការទូទាត់សរុបរបស់ក្រុមហ៊ុន នៅទីផ្សារអាស៊ីអាគ្នេយ៍ទាំងប្រាំមួយបានកើនឡើង១៤ពាន់ដុល្លារនៅឆ្នាំ ២០២០ ក្នុងនោះទីផ្សារធំបំផុតគឺនៅប្រទេសថៃ ដែលមានកើនឡើង៨៤ ភាគរយនៅចន្លោះឆ្នាំ ២០១៩ ទៅ ឆ្នាំ ២០២០៕

ក្រុមហ៊ុនជប៉ុន Mitsubishi វិនិយោគលើស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនី ធំបំផុតនៅប្រទេសឡាវ

ដោយៈសុខុម

វៀងច័ន្ទ: ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Mitsubishi Corp បានបោះទុនវិនិយោគលើគម្រោងស្ថានីយកង្ហារខ្យល់ ផលិតអគ្គិសនីខ្នាតយក្សមួយនៅប្រទេសឡាវ ដែលជាស្ថានី​យកង្ហារខ្យល់លើគោក ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចែកចាយអគ្គិសនីដល់ប្រទេសវៀតណាម។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី២៦ កញ្ញា។

តាមរយៈសេចក្តីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mitsubishi បានបញ្ជាក់ថា ស្ថានីយកង្ហារខ្យល់ផលិតអគ្គិសនី ដែលមានកម្លាំង៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង និងខេត្តអត្ថពល (Attapeu) ប្រទេសឡាវ ភាគខាងត្បូង ដែលជាស្ថានីយដំបូងបង្អស់សម្រាប់ប្រទេសមួយនេះ នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Impact Energy Asia Development Ltd (IEAD) ដែលមានមូលដ្ឋាននៅក្រុងហុងកុង ដោយដំណើរការផលិតអគ្គិសនីគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥។
គម្រោងស្ថានីយកង្ហារខ្យល់លើគោកនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ ទន្ទឹមនឹងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

ក្រុមហ៊ុន Mitsubishi និយាយថា ប្រទេសវៀតណាម ត្រូវការការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសអំឡុងរដូវប្រាំង ដែលការផលិតថាមពលដោយទំនប់វារីអគ្គិសនី មិនអាចផ្តល់ថាមពលគ្រប់គ្រាន់។

ទោះបីមិនទម្លាយឱ្យដឹងអំពីទំហំ នៃការវិនិយោគនេះក្ដី ក៏ក្រុមហ៊ុនជប៉ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ មួយនេះនិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង កាន់កាប់ភាគហ៊ុនប្រមាណ២៤ភាគរយ នៅក្នុងគម្រោងនេះ ហើយចំណែកដែលនៅសល់ កាន់កាប់ដោយក្រុមហ៊ុន BCPG Public Company Ltd និងក្រុមហ៊ុន Earth Power Investment Ltd ដែលសុទ្ធតែជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ។

ក្រុមហ៊ុន Mitsubishi និយាយថា “យើងនឹងបន្តរួមចំណែកធ្វើយ៉ាងណាសម្រេចឱ្យបានសង្គម ដែលគ្មានកាបូនឌីអុកស៊ីត តាមរយៈការខិតខំសម្រេចឱ្យបាននូវ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយស្ថិរភាពនៅក្នុងប្រទេសវៀតណាម និងដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានសម្រាប់សង្គមដែលមានស្ថិរភាព”។

ចំណាត់ការនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុន BCPG ប្រកាសកាលពីខែកក្កដា ថា ក្រុមហ៊ុន IEAD និង Vietnam Electricity ដែលជាក្រុមហ៊ុនអគ្គិសនីឈានមុខគេ នៅក្នុងប្រទេសវៀតណាម បានព្រមព្រៀងជាផ្លូវការ លើការទិញអគ្គិសនីរយៈពេល២៥ឆ្នាំ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនBCPG បានដកស្រង់ប្រសាសន៍របស់លោកស្រី Paradai Suebma ប្រធានក្រុមហ៊ុន IEAD ដែលបានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ជាការសហការគ្នាជានិមិត្តរូបរវាងប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសជប៉ុន និងប្រទេសថៃ ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យទូទាំងពិភពលោក។

យោងតាមក្រុមហ៊ុន Mitsubishi ឱ្យដឹងថា គម្រោងនេះគឺស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរថាមពល ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវ កាលពីខែតុលា ឆ្នាំ២០១៦ ដែលក្នុងនោះប្រទេសវៀតណាម នឹងនាំចូលថាមពលអគ្គិសនី សរុបចំនួន៥.០០០មេហ្គាវ៉ាត់ ពីប្រទេសឡាវ ត្រឹមឆ្នាំ២០៣០។

ក្រុមហ៊ុនជប៉ុន មួយនេះបានកំណត់គោលដៅ សម្រេចឱ្យបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យ ក្នុងអាជីវកម្មទឹកភ្លើងរបស់ខ្លួន នៅត្រឹមឆ្នាំ២០៥០ ហើយនឹងបង្កើនការផលិតអគ្គិសនី ពីប្រភពថាមពលកកើតឡើងវិញ ឱ្យបានទ្វេដង នៅត្រឹមឆ្នាំសារពើពន្ធ២០៣០ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០៣១ បើធៀបនឹងកម្រិតក្នុងឆ្នាំសារពើពន្ធ២០១៩៕ Bangkok Post៕