តើដំណើរការកាត់ប្លង់ដីពីម្ចាស់ដើមមកឈ្មោះអ្នកទិញត្រូវធ្វើដូចម្តេច?

        ដោយៈជេស៊ីកា

        ភ្នំពេញៈ ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ បើសិនជាអ្នកមិនចង់ចំណាយប្រាក់ច្រើន ក្នុងការស្នើរសុំភ្នាក់ងារសុរិយោដីឲ្យជួយរត់ការឲ្យ គួរអនុវត្តន៍តាមវិធីសាស្រ្តមួយចំនួន។

១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ។

២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខបុក្គលិកសុរិយោដៃរួច។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំ ដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំមានសិទ្ធិហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ ហើយលោក អ្នកអាចជូនប្រាក់ដល់ពួកគាត់ខ្លះ តាមសន្តានចិត្ត នេះមិនមែនជាអំពើពុករលួយនោះទេ)។

បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីហត្ថលេខាសម្រេច និងបោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន២០ម៉ឺនរៀល ក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុណ្ណាក៏ដោយ ដែលជាប្រភេទដីកសិកម្ម។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល៥០ភាគរយ នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់អមជាមួយ ដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។

អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោយបន្តដំណាក់កាលតទៅមុខទៀតដូចជា ចំពោះដំណាក់កាលចុងក្រោយ ប្រសិនបើអ្នកចង់បានឈ្មោះនៅលើប្លង់ដីដែលអ្នកបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើម មកជាឈ្មោះអ្នកវិញ គឹត្រូវអនុវត្តដូចខាងក្រោម។

៣. ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីមន្ទីសុរិយោដីស្រុក យកទៅកាន់មន្ទីសុរិយោដីខេត្ត ដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។

រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រា ប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់ នៅឯអគ្គនាយដ្ឋានពន្ធដាខេត្ត ដោយរងចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។ បន្ទាប់ពីវាយតំលៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងអគ្គនាយដ្ឋានពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា៤ភាគរយ រួចដកយកលិខិតលក់ផ្តាច់ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រលប់មកវិញ។

បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងលិខិតផ្ទេរសិទ្ធិនោះទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យ ពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពីបីខែទៅ៦ខែ៕

 

 

អ្នកជំនាញអះអាងថា ក្រុងកំពតកំពុងចាប់ផ្តើមមានតំរូវការអាគារការិយាល័យ និងខុនដូ

ដោយៈសុជាតា

ខេត្តកំពតៈ ខេត្តបានក្លាយទៅជាតំបន់មាត់សមុទ្រ មិនត្រឹមតែជាតំបន់សក្តានុពលទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកកម្ពុជា ប៉ុន្តែមានគេសង្កេតឃើញមានអាគារខុនដូ និង អាគារការិយាល័យមួយចំនួន បានចាប់ផ្តើមសាងសង់។

ខេត្តសក្តានុពលកំពុងសាងសង់អគារពាណិជ្ជកម្ម កំពស់៤២ជាន់ជាលើកដំបូង ស្របពេលអាគារបុរាណសម័យអាណានិគមបារាំង គឺស្ថិតនៅទីតាំងពេញនិយមនៅឡើយសម្រាប់ការលក់ដូរ ទំនិញ និងពាណិជ្ជកម្មនានា។

លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនAdvance Real Estate បានប្រាប់ Property Area Asia នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ថា នៅដំណាក់ពេលនេះ គឺរឿងលឿនបន្ថិច បើនិយាយពីទីផ្សារអចលនទ្រព្យ ប្រភេទអាគារការិយាល័យ និងអាគារខុនដូ ពីព្រោះថា តម្រូវការប្រើប្រាស់អាគារការិយល័យ មានកម្រិតតិចតួចបំផុត ប៉ុន្តែជំនួសដោយផ្ទះShop house ផ្ទះល្វែងដែលសល់ពីមុន យកមកជួសជុល នៅក្នុងទីរួមខេត្តមាត់សមុទ្រនេះ ។

ចំពោះអាគារខុនដូវិញ ហាក់ដូចនៅចំនុចចាប់ផ្តើមតាមបណ្តោយមាត់ស្ទឹង ដោយចាប់ផ្តើមបុកគ្រឹះ តម្លើងបង្គុំនៅឡើយ។ ជាក់ស្តែង ចំពោះចរន្តសាងសង់អាគារនៅខេត្តកំពត និងកែប មិនទាន់ដូចសាងសង់ទ្រង់ទ្រាយធំ ដូចនៅខេត្តព្រះសីហនុ ប៉ុន្តែចំពោះអភិវឌ្ឍជារីស៊ត បឹងកាឡូ មានកំណើនសាងសង់ឆាប់រហ័សទៅវិញ។

លោកប៉ូ អ៊ាវគង់បានបន្តថា តំរូវការចំពោះអភិវឌ្ឍការិយាល័យ និងខុនដូ នៅខេត្តកំពត គឺនៅមិនទាន់តំរូវការធំដុំគួរកត់សំគាល់នៅឡើយ ទីផ្សារចំបងនៅខេត្តកំពតគឹទាក់ទងនឹងផ្នែកបដិសណ្ឋាកិច្ច ដូចជា សណ្ឋាគារ តំបន់លំហែកាយទៅវិញទេ។

ចំពោះតម្លៃដីធ្លី ចាប់គល់ស្ពានព្រែកកំពត ចុះមកប៉ែកខាងកើតមន្ទីររដ្ឋបាលខេត្ត គឺចន្លោះពី៥០០ ដុល្លារទៅ១០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចាប់ពីសាលខេត្តចុះមកក្រោម តម្លៃចាប់ផ្តើមចុះបន្តិចម្តង ចាប់ពី១០០ ដុល្លារទៅ៤០០ ដុល្លារក្នុងម៉ែត្រការ៉េផងដែរ។

ជាមួយគ្នានេះ លោក កែវ សុជាតិ ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងថា វិស័យអចលនវត្ថុនៅក្នុងខេត្តកំពត ទទួលបានការទិញលក់ជាបន្តបន្ទាប់ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ថ្មីៗ ជាពិសេសពីសំណាក់វិនិយោគិន ក្នុងស្រុកតែម្ដង បើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។

លោកបន្តថា “វិស័យនេះនឹងមានកំណើនល្អប្រសើរ និងមានសន្ទុះកាន់តែខ្លាំង ពី​ព្រោះគម្រោងវិនិយោគមួយចំនួន ដូចជាគម្រោងអគារខ្ពស់ នៅជាប់ដងព្រែករបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង គម្រោងបុរីនៅតាមតំបន់ជាយទីរួមខេត្ត និងគម្រោងអភិវឌ្ឍន៍សណ្ឋាគារមួយកន្លែងតាមផ្លូវទឹកឈូជាដើម”។

លោកសុជាតិបានបន្ថែមទៀតថា  គំរោងអភិវឌ្ឍចុងក្រោយនេះ គឺមានអ្នកវិនិយោគក្នុងស្រុកវិនិយោគទៅលើកំពង់ផែ ដីលំនៅដ្ឋាន ខុនដូនៅទល់មុខកំពង់ផែផងដែរ។ ជាងនេះទៀត ក្រុមហ៊ុនមានគម្រោងអភិវឌ្ឈន៍ឆ្នេរថ្មី សម្រាប់បំរើអោយវិស័យទេសចរផងដែរ៕

វិភាគ: មេដឹកនាំវៀតណាមកំពុងព្យាយាមបញ្ចុះបញ្ចូលឡាវ និងកម្ពុជាឱ្យ ងាកចេញពីមហាយក្សចិន

ដោយៈសុខុម

ភ្នំពេញ: វាជាលើកដំបូងហើយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលលោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានរៀបចំជំនួបពិភា​ក្សាត្រីភាគីកាលពីថ្ងៃទី២៦ កញ្ញា ជាមួយលោក Thongloun Sisoulith អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាមានិតឡាវ និងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Asia Times ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ កញ្ញា។

ក្រុមអ្នកវិភាគ និងអ្នកសង្កេតការណ៍មើលឃើញថា ជំនួបពិភាក្សាត្រីភាគីដ៏កម្រដែលរៀបចំឡើង ដោយរដ្ឋាភិបាលក្រុងហាណូយ នេះគឺជាចំណាត់ការដ៏សំខាន់មួយ ខណៈដែលវៀតណាម ព្យាយាមបញ្ជាក់ជាថ្មីអំពីឥទ្ធិពលរបស់ខ្លួន មកលើសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រទាំង២ ដែលបានងាកទៅស្រវាឱបមហាយក្សចិន កាន់តែស្អិតរមួតនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អស់រយៈពេលជាយូរមកហើយ ដែលបក្សកុម្មុយនីស្តវៀតណាម បានចាត់ទុកថាខ្លួនជាអ្នកមានគុណ និងជា “បងធំ” របស់បក្សកាន់អំណាចសព្វថ្ងៃក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលខ្លួនធ្លាប់ជួយជ្រោមជ្រែង ឱ្យបានឡើងកាន់អំណាចអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។

ប្រទេសវៀតណាម បានជួយគាំទ្រដល់រដ្ឋាភិបាលសង្គមនិយម នៃប្រទេសទាំង២ ស្ទើរតែទាំងស្រុង មុននឹងប្រទេសទាំង២ បើកចំហស្វាគមន៍ពិភពលោក ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

លោក Carl Thayer សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី បានប្រាប់សារព័ត៌មាន Asia Times ថា ជំនួបពិភាក្សាត្រីភាគីនេះ “គឺជាសញ្ញាដ៏សំខាន់មួយ ដែលបង្ហាញថា វៀតណាមកំពុងព្យាយាមធ្វើឱ្យប្រាកដថា ខ្លួនមិនត្រូវបានមហាយក្សចិន បន្សាបឥទ្ធិពល”។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអ  ញ្ជើ​ញទៅដល់ទីក្រុងហាណូយ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា និងលោក Thongloun Sisoulith អគ្គលេខាធិការបក្សបដិវត្តន៍ប្រជាមានិតឡាវ ក៏បានចូលជួបសវនាការ​ សម្ដែងការគួរសមជាមួយលោក Nguyen Xuan Phuc ប្រមុខរដ្ឋរបស់វៀតណាម ផងដែរ។

ទន្ទឹមនេះគេជឿថា សម្ដេចតេជោហ៊ុន សែន ក៏បានចូលជួបសវនាការសម្ដែងការគួរសមជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រវៀតណាមផងដែរ។

ប្រទេសវៀតណាម តែងតែអះអាងមិនដាច់ពីមាត់ថា ខ្លួនជាអ្នកមានគុណលើគណបក្សប្រជាជនកម្ពុជា ដែលបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៩ ក្រោយពីវៀតណាម បានជួយធ្វើសង្គ្រាម ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយជោគជ័យ។

បក្សកុម្មុយនីស្តវៀតណាម ក៏បានអះអាងដែរថា ខ្លួនជាអ្នកមានគុណរបស់បក្សបដិវត្តន៍ប្រជាមានិតឡាវ កាន់អំណាចសព្វថ្ងៃ ដែលខ្លួនបានជួយឱ្យឡើងកាន់អំណាច ក្នុងឆ្នាំ១៩៧៥ ក្រោយពីមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាច្រើនទសវត្សរ៍នៅក្នុងប្រទេសនេះ។

ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឡាវ និងកម្ពុជា ដែលជាសម្ព័ន្ធមិត្ត ក្នុងសម័យសង្គ្រាមត្រជាក់របស់ខ្លួន គឺជាគោលដៅដ៏សំខាន់មួយសម្រាប់បក្សកុម្មុយនីស្តវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅឯសមាជជាតិរបស់ខ្លួនក្នុងខែមករា ដើមឆ្នាំ២០២១ បក្សកុម្មុយនីស្តវៀតណាម បានប្រកាសថា ប្រទេសវៀតណាម គួរតែយកចិត្តទុកដាក់ជាសំខាន់ ចំពោះការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាង។

អតីតនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលជាប្រមុខរដ្ឋទើបជាប់ឆ្នោតរបស់វៀតណាម បានធ្វើទស្សនកិច្ចនៅក្រៅប្រទេស ជាលើកដំបូងរបស់លោកទៅកាន់ប្រទេសឡាវ កាលពីខែសីហា ឆ្នាំនេះ។

លោក Thongloun Sisoulith ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការបក្សបដិវត្តន៍ប្រជាមានិតឡាវ និងជាប្រមុខរដ្ឋនៃប្រទេសឡាវ កាលពីខែមករា ក៏បានធ្វើស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីខែមិថុនាផងដែរ។

លោកសាស្រ្តាចារ្យ Carl Thayer បានលើកឡើងថា គំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងការរៀបចំជំនួបពិភាក្សាត្រីភាគីនេះឡើង គឺដើម្បីលើកកម្ពស់សារៈសំខាន់នៃរបបសេរីពហុបក្ស។

លោកបានបន្ថែមថា “ប្រទេសវៀតណាម ហាក់កំពុងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីឡើងវិញ នៅក្រោយពេលវិបត្តិកូវីដបញ្ចប់”។

យោងតាមទិន្នន័យផ្លូវការបង្ហាញថា នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ វៀតណាម បានក្លាយជាវិនិយោគិនធំបំផុតទី៣ នៅប្រទេសឡាវ ហើយទុនវិនិយោគរបស់ខ្លួនបានកើនឡើង១៣០ភាគរយ នៅក្នុងឆ្នាំ២០២០។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំង២ មានទំហំ៥៧០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១ ដោយកើនឡើង៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ទន្ទឹមនេះវៀតណាម ក៏នៅតែជាវិនិយោគិនដ៏សំខាន់មួយ នៅក្នុងប្រទេសកម្ពុជា ផងដែរ ដោយពាណិជ្ជកម្មទ្វេភាគី បានកើនលើស៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២១ ដោយកើនឡើងស្ទើរតែទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

លោក Le Hong Hiep អ្នកជំនាញមកពីវិទ្យាស្ថានសិក្សាស្រាវជ្រាវឈានមុខគេ ISEAS-Yusof Ishak Institute នៅប្រទេសសិង្ហបុរីបានលើកឡើងថា “ដោយសារប្រទេសទាំង៣ មានសារៈសំខាន់ចំពោះគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហានានា ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពិតជាមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាពសេដ្ឋកិច្ច និងសន្តិសុខជាតិនៃប្រទេសនីមួយៗ”។

ទោះជាយ៉ាងណា ទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំង៣ ហាក់ប្រែខុសពីមុន ក្រោយពីមហាយក្សចិន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានងាកមកពង្រឹងទំនាក់ទំនងជាមួយប្រទេសឡាវ និងកម្ពុជា កាន់តែស្អិតរមួត មិនថាផ្នែកការទូត ការផ្ដល់ជំនួយ និងការវិនិយោគ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងហាណូយ មិនសប្បាយចិត្តយ៉ាងខ្លាំង។

ប្រទេសចិន បានបោះទុនវិនិយោគសរុបរហូតដល់ ប្រមាណ១៦ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសឡាវ ចាប់តាំងពីឆ្នាំ១៩៨៩មក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយក្រសួងវិនិយោគ និងផែនការរបស់ប្រទេសឡាវ។

គម្រោងទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស ជាច្រើនរបស់ប្រទេសឡាវ ត្រូវបានសាងសង់ និងចំណាយដោយរដ្ឋាភិបាលក្រុងប៉េកាំង ហើយបណ្ដាខេត្តភាគខាងជើងនៃប្រទេសនេះសព្វថ្ងៃ ពឹងផ្អែកយ៉ាងខ្លាំងលើមូលធនរបស់ប្រទេសចិន។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលក្រុងប៉េកាំង បានក្លាយជាវិនិយោគិនធំចម្បងនៅប្រទេសកម្ពុជាផងដែរ ដោយនៅអំឡុងឆ្នាំ២០១៤ ប្រទេសចិនបានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលចាស់ទ្រុឌទ្រោមក្នុងប្រទេសនេះ និងផ្ដល់ការគាំទ្រដល់កម្ពុជា នៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពដ៏រឹងមាំ ឬមិត្តភាពដែកថែប។

អ្វីដែលជាការគួរឱ្យកត់សម្គាល់ នៅដើមឆ្នាំ២០១៧ កម្ពុជា បានផ្អាកជាឯកតោភាគីនូវសមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យមហាអំណាចទី១របស់ពិភពលោកមួយនេះ មិនសប្បាយចិត្តយ៉ាងខ្លាំង។ ក្រោយមកសហរដ្ឋអាមេរិក ក៏បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កម្ពុជា មានផែនការអនុញ្ញាតឱ្យមហាយក្សចិន បោះមូលដ្ឋានយោធានៅក្នុងទឹកដីរបស់ខ្លួន។

ងាកមកវៀតណាមវិញ ប្រទេសនេះមានជម្លោះតានតឹងជាមួយប្រទេសចិន ជាច្រើនឆ្នាំមកហើយ ជុំវិញដែនដីនៅសមុទ្រចិនខាងត្បូង ដែលអ្នកវិភាគមួយចំនួនយល់ថា អាចនឹងឈានដល់ជម្លោះប្រដាប់អាវុធនៅថ្ងៃណាមួយទៀតផង៕  Asia Times៕

អភិបាលខេត្តកំពង់ស្ពឺៈរោងចក្រធំមួយមកពីប្រទេសមីយ៉ាន់ម៉ាកំពុងស្វែងរកជួលឃ្លាំងទំហំ៥០,០០០ម៉ែត្រការ៉េ

ដោយៈគង់ សូរិយា

        កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា រោងចក្រធំមួយ ដែលបានរើមកពីប្រទេសមីយ៉ាន់ម៉ា កំពុងស្វែងរកជួលរោងចក្រទំហំ៥០,០០០ម៉ែត្រការ៉េ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ហៃទី២៨ កញ្ញាកន្លងមកថា ថ្នាក់ដឹកនាំក្រុមហ៊ុននេះបានទូរស័ព្ទមកលោក ដើម្បីស្វែងរកឃ្លាំងជួល ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជាក្រុមហ៊ុនអ្វីនៅឡើយទេ ព្រោះមិនទាន់បានជួបជជែកដោយផ្ទាល់នៅឡើយទេ។

លោកបន្តថា “ការស្វែងរកជួលនេះ អាចនឹងមានទំហំផ្ទៃដី១០ហិកតា ព្រោះធម្មតា​រោងចក្រមួយត្រូវការទីតាំងសម្រាប់ដាក់សម្ភារៈ បរិក្ខា កន្លែងស្នាក់នៅ និងផលិតផលនានារបស់ពួកគេផងដែរ”។ លោកបន្តថា “ទោះជាយ៉ាងណាយើងមិនទាន់ដឹងពួកគេ អាចចាប់ផ្តើមផលិត​កម្មនៅពេលណានៅឡើយទេ”។

ជាមួយនឹងកំណើនរោងចក្រ សហគ្រាសនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ បាននិងកំពុងធ្វើឲ្យខេត្តជួបវិបត្តិខ្វះកំលាំងពលកម្មផងដែរ។

លោកវ៉ី សំណាងបានបន្តថា ដើម្បីដោះស្រាយបញ្ហាខ្វះកំលាំងពលកម្ម យើងបាន​ផ្សព្វផ្សាយទៅកាន់បណ្តាខេត្តជុំវិញ ដូចជា ខេត្តកណ្តាល កំពង់ឆ្នាំង តាកែវ ជាដើមដើម្បីឲ្យអ្នកស្វែងរកការងារធ្វើ បានដឹងពីតម្រូវការពលកម្ម កំពុងកើនឡើងក្នុងខេត្តកំពង់ស្ពឺ ដែលជាខេត្តមានរោងចក្រ ឧស្សាហកម្មមានការកើនឡើង ដោយបច្ចុប្បន្នខេត្តកំពុងលើក ទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាសនានាវិនិយោគ ឬបោះទីយតាំងនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗចំនួន៣ គឺផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ព្រោះ​ការពង្រីកមូលដ្ឋាននៅតាមបណ្តាទីតាំងទាំងនេះ ងាយស្រួលក្នុងការគ្រប់គ្រងទាំងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងចរាចរណ៍សាធារណៈ៕

ដំណឹងល្អៈក្រុមហ៊ុនឥណ្ឌារកឃើញមូលដ្ឋានរ៉ែមាសថ្មីនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

ខេត្តរតនគិរី

        ដោយៈសិរី  ជេស៊ីកា

        ភ្នំពេញៈ ក្រុមហ៊ុនឥណ្ឌាធំមួយMesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិ​មាណធនធានរ៉ែ នៅក្នុងតំបន់នេះ គឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លោកអ៊ឹង ឌីប៉ូឡា បានមានប្រសាសន៍ឱ្យដឹងនៅដើមសប្តាហ៍នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន តែមិនទាន់ឈានទៅដល់ការចម្រាញ់រ៉ែមាសនៅឡើយ ដោយក្រុមហ៊ុនត្រូវការរៀបចំរបាយការណ៍ វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញជាមុនសិន។

លោកបន្តថា “លទ្ធផលនៃការសិក្សាស្រាវជ្រាវ ក្រុមហ៊ុនបានវាយតម្លៃថា បរិមាណធនធានរ៉ែមាននេះគឺមានគ្រប់គ្រាន់ ដើម្បីឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន”។

ក្រុមហ៊ុន Mesco Gold (Cambodia) ជាក្រុមហ៊ុនរបស់ឥណ្ឌាមួយ បានទទួលអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ លើទំហំផ្ទៃដី១២០០ហិកតា ស្រុកអូយ៉ាដាវ ខេត្តរតនគីរី៕

ធនាគារពិភពលោកៈការស្ដារសេដ្ឋកិច្ចឡើងវិញនៃប្រទេសតំបន់អាស៊ីបូព៌ានិង ប៉ាស៊ីហ្វ៊ិកកំពុងជួបឧបសគ្គ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ធនាគារពិភពលោកនៅថ្ងៃទី២៨ កញ្ញា ២០២១នេះ បាននិយាយថា ការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបន្ទុចបង្អាក់ដោយការរាលដាលនៃវីរុសបម្លែងប្រភេទដែលតា នៃជំងឺកូវីដ១៩ ដែលកាន់តែអូសបន្លាយនូវការលំបាករបស់ក្រុមហ៊ុន និងគ្រួសារ។

ស្ថានភាពនេះ បានពន្យឺតល្បឿននៃកំណើនសេដ្ឋកិ ច្ចនិងធ្វើឱ្យវិសមភាព កាន់តែកើនឡើងថែមទៀត នៅក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹថា សកម្មភាពសេដ្ឋកិច្ច បានធ្លាក់ចុះនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១ ហើយតាមរយៈនេះ ការព្យាករសេដ្ឋកិច្ចពីមុនម កក៏ត្រូវបានកែសម្រួលទម្លាក់កម្រិតផងដែរ សម្រា​ប់ប្រទេសភាគច្រើននៅទូទាំងតំបន់នេះ។ ខណៈប្រទេសចិន ទំនងជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៨,៥ភាគរយ តាមការរំពឹងទុកកន្លងមក ផ្នែកនៅសេសសល់ក្នុងតំបន់ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនតែ២,៥ភាគរយតែប៉ុណ្ណោះ គឺទាបជាងក្នុងកម្រិតជិត២ភាគរយ ធៀបទៅនឹងការព្យាករទុក នៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីខែមេសា ២០២១ ។

ធនាគារពិភពលោកបានបន្តថា អត្រាមានការងារធ្វើ និងការចូលរួមរបស់កម្លាំងពលកម្មមានការធ្លាក់ចុះហើយ អាស្រ័យហេតុនេះនៅក្នុងឆ្នាំ ២០២១ ប្រជាជនជាង២៤លាននាក់ នឹងមិនអាចគេចផុតពីការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រទេ ។

លោកស្រី ម៉ាណូអេឡា ហ្វេរ៉ូ អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ូបូព៌ា និងប៉ាស៊ីហ្វិកមានប្រសាសន៍ថា ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កំពុងរងការរុញច្រើនឱ្យថយក្រោយវិញ ។ កាលឆ្នាំ ២០២០ ក្នុងគ្រាដែលតំបន់ដទៃលើពិភពលោក កំពុងតែត្រដរទប់ការរាលដាលជំងឺកូវីដ១៩ តំបន់អាស៊ីប៉ាបូព៌ា និងប៉ាស៊ីហ្វ៊ិក មានជោគជ័យនៅក្នុងការឃុំគ្រងជំងឺកូវីដ១៩កុំឱ្យរាលដាលខ្លាំង។

ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២១នេះ តំបន់ដែលមានករណីឆ្លងជំងឺកូវីដ១៩ កើនឡើ​ងច្រើន ដែលជាហេតុធ្វើឱ្យក្ដីសង្ឃឹមអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ។ តែទោះជាយ៉ាងណាក៏ដោយតំបន់នេះ ធ្លាប់ក្រោកឡើងចេញពីវិបត្តិមុនៗ កាន់តែរឹងមាំលើសដើមផង ហើយលើកនេះពិតជាអាចធ្វើបានដូច្នេះទៀត ជាមួយនឹងគោលនយោបាយត្រឹមត្រូវ។

របាយការណ៍បច្ចុប្បន្នភាពនេះបានឱ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ១៩ និងពីសន្ទុះកម្រិតនៃការឆ្លងរបស់វា ទំនងជានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត សម្រាប់រយៈពេលវែងឆ្ងាយទៅថ្ងៃមុខ។

ការអូសបន្លាយស្ថានភាពបែបនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាជីវកម្មខាតបង់ធនធានអរូបិយមានតម្លៃរបស់ខ្លួន ហើយក្រុមហ៊ុនដែលអាចឆ្លងផុតស្ថានភាពនេះ ក៏កំពុងតែផ្អាកការវិនិយោគរបស់ខ្លួនមួយរយៈសិនដែរ។ ក្រុមហ៊ុនតូចៗបានរងនូវការប៉ះទង្គិចខ្លាំងជាងគេ។ ថ្វីដ្បិតតែក្រុមហ៊ុនទាំងអស់សុទ្ធតែជួបការលំបាក ក្រុមហ៊ុនធំៗមិនសូវជាកាត់បន្ថយបរិមាណនៃការលក់ទេ ហើយក៏ទំនងជានឹងមានភាពងាយស្រួលជាង ក្នុងការចាប់យកបច្ចេកវិទ្យាទំនើបមកប្រើ និងក្នុងការទទួលបានការឧបត្ថម្ភគាំពារពីរដ្ឋាភិបាលផងដែរ៕

ការជួលអាគារស្នាក់នៅទីក្រុងហុងកុងរំពឹងកើនឡើងចន្លោះពី៥ទៅ១០ភាគរយ នៅចុងឆ្នាំ ២០២១នេះ

ដោយៈសុជាតា

ហុងកុងៈ យោងតាមសាព័ត៌មាន Hong Kong Business បានលើកឡើងថា ទីផ្សារជួលអាគារស្នាក់នៅ បានធ្លាក់ចុះដោយសារតែការរឹតបណ្តឹង ការធ្វើដំណើរនៅឆ្នាំនេះ។

នៅរយៈពេលបីឆ្នាំ គិតចាប់ពីឆ្នាំ២០២០កន្លងទៅនេះ ទីផ្សារស្នាក់នៅសម្រាប់ជួលបានធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅត្រីមាសទីពីរ ឆ្នាំ២០២១នេះ អត្រាជួលបានកើនឡើងជាកំណត់ត្រាប្រមាណ១.៤ភាគរយ។

អ្នកជំនាញអចលនទ្រព្យនៅទីក្រុងហុងកុង បានលើកមូលហេតុនៃអ្នកធ្វើដំណើរ និង អ្នកទេសចរគឹមានឥទ្ធិពលទៅលើទីផ្សារជួលអចលនទ្រព្យ ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់តំរូវការជួលគេហដ្ឋានទាន់សម័យផងដែរ។

លោកNelson Wong ប្រធានស្រាវជ្រាវនៅនៅក្រុមហ៊ុនJLL ប្រទេសចិន បាននិយាយថា ជាមួយនឹងមកដល់នៃអ្នកធ្វើដំណើរ ទីផ្សារជួលនៅតែមានតំរូវការច្រើនស្របពេលដែលវិបត្តិ covid 19 បានធូរស្រាលមកវិញ។

ការងើបឡើងវិញទីផ្សារស្នាក់នៅរបស់ទីក្រុងហុងកុង បានផ្តល់និន្នាការការរៀបចំការធ្វើការពីផ្ទះ  ដែលផ្តល់អ្នកទិញស្វែងរកអាគារ ដែលមានទំហំធំជាងមុន សម្រាប់ទទួលតំរូវការការងារជាក់ស្តែង។

JLL បានទស្សន៍ទាយថា ទីផ្សារគេហដ្ឋាននឹងគាំទ្រ ដោយការងើបឡើងវិញសេដ្ឋកិច្ចមកពីតំរូវការអ្នកប្រើប្រាស់ និងសាច់ប្រាក់ងាយស្រួលផងដែ រ។ជាងនេះទៀត ទីផ្សារជួលអាគាររំពឹងថាប្រសើរឡើងវិញ ស្របពេលដែលព្រំដែនប្រទេស នឹងបើកឡើងវិញនៅចុងឆ្នាំ២០២១។

លោកWong បាននិយាយថា “យើងរំពឹងចរន្តទិញលក់ សម្រាប់អចលនទ្រព្យនៅតែរក្សាអត្រាខ្ពស់ ថ្វីបើច្រកព្រំដែនបានបិទក៏ដោយ ហើយទំហំទុនវិនិយោគនឹងកើនឡើងប្រមាណ៥ ទៅ១០ភាគរយនៅឆ្នាំ ២០២១”៕

គំរោងវិនិយោគរមណីយដ្ឋានអេកូទេសចរណ៍ចំនួន១០បាននិងកំពុងត្រៀម បង្ហាញខ្លួននៅខេត្តកោះកុង

        ដោយៈគង់ សូរិយា

        កោះកុងៈ ខេត្តកោះកុងនៅតែបន្តទាក់ទាញ ការវិនិយោគលើរមណីយដ្ឋានអេកូទេសចរណ៍ ដោយគំរោងវិនិយោគតូចៗជាច្រើនបាន និងកំពុងចាប់ផ្តើមសិក្សា និងគំរោងមួយចំនួនកំពុងចាប់ផ្តើមសកម្មភាពសាងសង់។

លោកសុខ សុទ្ឋីអភិបាលរងខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ កញ្ញានេះថា គំរោងវិនិយោគចំនួន១០បាននិងកំពុងចាប់ផ្តើម នៅក្នុងខេត្តនេះ ដោយបច្ចុប្បន្នគំរោងនេះ មួយចំនួនបានចាប់ផ្តើមសាងសង់ និងមួយចំនួនទៀតកំពុងសិក្សា ព្រោះស្ថិតក្នុងគម្របព្រៃឈើ ដែលទាមទារមានការអនុញ្ញាត្តពីក្រសួងបរិស្ថាន។

លោកបន្តថា “គំរោងទាំងនោះមាននៅស្រុកថ្មបាំង បុទុមសាគរ ស្រុកស្រែអំបិល និងមួយចំនួនទៀតស្ថិតនៅតំបន់ត្រពាំងរូង ក្នុងស្រុកកោះកុង”។លោកបន្តថា “ទោះជាយ៉ាងណាវាជាគំរោងតូចៗ ដែលមានផ្ទៃដីក្រោម១០ហិកតា ប៉ុន្តែគំរោងធំៗគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអ្នកអនុម័ត”។

ស្ថានភាពជំងឺកូវីដ១៩ នៅខេត្តកោះកុងបានធូរស្រាលមួយចំនួន ប៉ុន្តែអាជ្ញាធរខេត្តនៅតែបន្តបង្កើនការប្រុងប្រយ័ត្ន ពិសេសមេរោគDelta។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនធ្លាប់បានមានប្រសាសន៍ថា ខេត្តកោះកុង ជាខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ច្រើន ដែលបច្ចុប្បន្ននេះ យើងមិនទាន់ទាញយកមកប្រើប្រាស់អស់ នូវសក្តានុពលធនធានធម្មជាតិទាំងនោះនៅឡើយ។

លោកស្រីបន្តថា “ខេត្តកោះកុងមានសម្បត្តិធម្មជាតិដ៏ល្អឯក ដែលបណ្តាខេត្តដទៃទៀតមិនមានឡើយ ហេតុនេះបើយើងទាក់ទាញនិងប្រើប្រាស់អស់សក្តានុពល វានឹងជួយបង្កើនភាពទាក់ទាញទេសចរណ៍យ៉ាងខ្លាំង”។

ឆ្នេរសមុទ្រនៅខេត្តកោះកុងមួយចំនួន ធ្លាប់បានចាត់ចំណាត់ថ្នាក់ដោយស្ថានីយ៍ទូរទស្សន៍CNN ជាឆ្នេរសមុទ្រស្អាតជាងគេទាំង១០នៅលើពិភពលោក៕

អ្នកជំនាញបង្ហើបវិធីសាស្រ្តលក់ខុនដូឲ្យទទួលបានជោគជ័យទោះស្ថិតក្នុងវិបត្តិ ជំងឺកូវីដ១៩?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩នេះ អាជីវកម្មជាច្រើនបានរងផលប៉ះពាល់រួមទាំងវិស័យអចលនទ្រព្យ ក្នុងនោះការលក់ខុនដូក្នុងវិបត្តិកូវីដ១៩ ក៏រងផលប៉ះពាល់ដូចគ្នា ប៉ុន្តែក្រុមហ៊ុនខ្លះ នៅតែទទួលបានការលក់ជាបន្តបន្ទាប់ជូនអតិថិជន។

ជាក់ស្ដែងក្រុមហ៊ុនDNZ Realty ដែលជាក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជានៅតែលក់ខុនដូបានជាហូរហែរ ទោះស្ថិតនៅក្នុងស្ថានភាពលំបាកក្ដី ។

លោករិន ច័ន្ទរិទ្ធិ នាយកប្រតិបត្តិនៃក្រុមហ៊ន DNZ Realty បានឱ្យដឹងកាលពីសប្តា​ហ៍មុនថា ការស្គាល់មនុស្សកាន់តែច្រើនឡើង និងការរក្សាទំនាក់ទំនងជាមួយមនុស្សដែលបានស្គាល់តាំងពីយូរមកនោះ គឺជាកត្តាមួយជំរុញឱ្យយើងទទួលបានការលក់ជាបន្តបន្ទាប់។ កាលពីមុនលោកមិនមែនជាអ្នករកស៊ី ឬធ្វើការក្នុងវិស័យអចលនទ្រព្យនោះទេ ប៉ុន្តែលោកបានរក្សាទំនាក់ទំនងល្អ ជាមួយមនុស្សដែលធ្លាប់ធ្វើការជាមួយ និងមនុស្សធ្លាប់ស្គាល់។

លោកបន្តថា “ដូច្នេះ ពេលខ្ញុំប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏បានទំនាក់ទំនងទៅកាន់មនុស្សទាំងនោះ និងណែនាំពីគម្រោងដែលខ្ញុំកំពុងលក់ ហើយក៏ឃើញថាមានមនុស្សដែលធ្លាប់ស្គាល់កន្លងមក មកទិញខុនដូដែលបានលក់ជាហូរហែផងដែរ”។

លោករិន ច័ន្ទរិទ្ឋិបានបន្តថា ការកសាងទំនុកចិត្ត ភាពស្មោះត្រង់របស់យើងក៏ជាកត្តាសំខាន់មួយដែរ ក្នុងការធ្វើអាជីវកម្មវិស័យអចលនទ្រព្យ។ នៅពេលដែលយើងមានភាពស្មោះត្រង់ មានមនុស្សជាច្រើនក៏បានមកទិញគម្រោងខុនដូ តាមរយៈលោក។ ដូច្នេះហើយ ទោះបីជាទីផ្សារចង្អៀតខ្លាំងជាមួយ ផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏ក្រុមការងាររបស់DZN Realty នៅតែមានដំណើរការនិងសកម្មភាពលក់ដដែល”។

លោកបន្ថែមថា ការបត់បែនតាមកាលទេសៈ ក៏ជាយុទ្ធសាស្ត្រមួយក្នុងការបន្តដំណើរការទៅមុខបន្តទៀត បើទោះបីជាមិនរីកចម្រើនខ្លាំងណាក្ដី តែយ៉ាងហោចណាស់ក៏យើងនៅតែវត្តមាននៅលើទីផ្សារ ខណៈក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើនទៀតបានដួលរំលំបែកបាក់ក្រុមអស់ទៅហើយក្ដី។

លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនDNZ Realty មានសកម្មភាពមួយប៉ុណ្ណោះគឺលក់ខុនដូ តែនៅពេលអនាគតយើងនឹងបន្តលក់ផ្ទះល្វែង និងរៀបចំការលក់ដីធ្លី ព្រមទាំងការជួលជាដើម ។

លោកបន្តថា “ជាជំហានដំបូងយើងផ្ដោតទៅលើខុនដូ ហើយក៏ជាមោទនភាពមួយផងដែរ ដែលយើងអាចធ្វើការងារទទួលបានជោគជ័យ ដោយសារតែធនធានយើងមានកម្រិត យើងមិនអាចពង្រីកខ្លួនឱ្យដូចក្រុមហ៊ុនធំៗបាននោះទេ យើងត្រូវធ្វើ្វម្ដងមួយជំហានម្តងៗ”៕

ប្រទេសកម្ពុជាបានក្លាយទៅជាទីតាំងវិនិយោគក្រៅស្រុកលំដាប់លេខពីររបស់ ប្រទេសវៀតណាមនៅឆ្នាំនេះ

ដោយៈសុជាតា     

ហាណូយៈ បើយោងតាមរបាយការណ៍របស់ក្រសួងផែនការនិង វិនិយោគប្រទេសវៀតណាមបានបង្ហាញអោយដឹងថា ការវិនិយោគនៅក្រៅប្រទេសរបស់ប្រទេសវៀតណាមបានកើនឡើង៥៧២ លានដុល្លារនៅរយៈពេលប្រាំបួនខែ ឆ្នាំ ២០២១។

ទំហំទុនវិនិយោគនេះ បានកើនឡើង៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន។ នៅក្នុងនោះដែរទំហំវិនិយោគប្រមាណ១៥០លានដុល្លារ ស្មើនឹង៥៦ភាគរយនៅក្នុងគម្រោងវិនិយោគថ្មី និងទំហំវិនិយោគប្រមាណ៤២២លានដុល្លារ ទៅកាន់គម្រោ​ងវិនិយោគដែលមានស្រាប់ ពោលគឺកើនឡើង២,៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការកើនឡើងនូវវិនិយោគ បានផ្តល់គម្រោងទឹកប្រាក់ប្រមាណ៣០០លានដុល្លារដែលក្រុមហ៊ុនVingroup បង្កើនវិនិយោគនៅសហរដ្ឋអាមេរិក ទឹកប្រាក់ប្រមាណ៧៦ លានដុល្លារទៅកាន់ គម្រោងអភិវឌ្ឍវិនិយោគកៅស៊ូឥណ្ឌូចិន នៅក្នុងប្រទេសកម្ពុជា និង ទឹកប្រាក់ប្រមាណ៣២លាន គឺគម្រោង Vinfast នៅក្នុងប្រទេសអាល្លឺម៉ង់។ អ្នកវិនិយោគវៀតណាមបានវិនិយោគប្រមាណ១៣ផ្នែកធំៗដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា អ្នកលក់រាយ និងដុំ កសិកម្ម នេសាទ និង សេវាកម្មគាំទ្រផងដែរ។

នៅក្នុងចំណោមនោះ ប្រទេសសហរដ្ឋអាមេរិក គឺប្រទេសដែលទទួលការវិនិយោគទុនពីសំណាក់ប្រទេសវៀតណាមច្រើនជាងគេ ដែលមានតម្លៃប្រមាណ៣០២លានដុល្លារ ដែលកាន់កាប់ចំណែក៥២.៩ភាគរយ។

ប្រទេសកម្ពុជាបានឈរនៅលំដាប់លេខពីរ ដែលមានទំហំវិនិយោគសរុបប្រមាណជិត៩០លានដុល្លារ បន្ទាប់មកប្រទេសឡាវ និងប្រទេសកាណាដា ឈរនៅលំដាប់លេខ បី និង លេខបួនផងដែរ។

គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២១នេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគសរុបប្រមាណ១, ៤២៩ គម្រោងជាមួយនឹងដើមទុនប្រមាណ២១. ៨ ពាន់លានដុល្លារនៅបរទេស៕