រដ្ឋាភិបាលមានផែនការសម្ភោធវិមានពហុកីឡដ្ឋានមរតកតេជោនៅចុងខែវិច្ឆិកានេះ

        ដោយៈ សិរី ជេស៊ីកា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃគណកម្មាធិការអូឡាំពិកកម្ពុជា បានលើកលើកឡើងថា រដ្ឋាភិបាលគ្រោង បើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានពហុកីឡដ្ឋានមរតកតេជោ នៅចុងខែវិច្ឆិកានេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោកថោង ខុនប្រធានគណកម្មាធិការអូរឡាំពិកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីផែនការនេះ។

លោកបានពិភាក្សាអំពីផែនការ នៃការរៀបចំសម្ភោធជាផ្លូវការនៃកីឡដ្ឋាននេះឱ្យមានភាពអធឹកអធម និងអស្ចារ្យបំផុត ឱ្យសមទៅនឹងគុណតម្លៃនៃសមិទ្ធិផលជាប្រវត្តិ​សាស្រ្តនេះ ក៏ដូចជាបង្ហាញនូវចំណងមិត្តភាពដែកថែប នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

បើតាមការឱ្យដឹងនៅក្នុងកិច្ចប្រជុំនោះ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ កំពុងស្ថិតក្នុងដំណាក់កាលសំណើរសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ត្បិតពិធីនេះក៏នឹងមានការប្រកួតជាលក្ខណៈមិត្តភាពនៃប្រភេទកីឡាណាមួយ រវាងកម្ពុជា និងចិនសម្រាប់ជាសក្ខីភាពផងដែរ។

ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រារព្ធពិធីប្រគល់ទទួលកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង យី ទិប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស បន្ទាប់ពីសំណង់ដ៏ប្រណិតនេះបានបញ្ចប់ការសាងសង់់ជាផ្លូវការ ក្នុងតម្លៃប្រមាណ ១៦០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងនៃរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន៕

 

 

ក្រសួងការងារថៃទុកឱសានវាទ ឱ្យនិយោជកចុះឈ្មោះពលករចំណាកស្រុកពីកម្ពុជានិងប្រទេសដទៃ ដើម្បីឱ្យពួកគេធ្វើការដោយស្របច្បាប់

ដោយៈសុខុម

បាងកក: ក្រសួងការងារថៃ បានទុកឱសានវាទរយៈពេល៣០ថ្ងៃ ឱ្យនិយោជកចុះឈ្មោះពលករចំណាកស្រុករួមទាំងទៅពីកម្ពុជា ដែលគ្មានលិខិតស្នាមត្រឹមត្រូវ ដើម្បីឱ្យពួកគេធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃពុធ ទី២៩ កញ្ញា នេះ។

លោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃ បានប្រកាសឱសានវាទនេះកាលពីថ្ងៃអង្គារ ទី២៨កញ្ញា បន្ទាប់ពីគណៈរដ្ឋមន្រ្តីបានយល់ព្រម តាមសំណើរបស់ក្រសួង ដើម្បីគ្រប់គ្រងលើពលករចំណាកស្រុ កដែលទៅពីប្រទេសចំនួន៣ រួមមានមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ក្នុងគោលបំណងគ្រប់គ្រង និងទប់ស្កាត់ការរីករាលវីរុសកូវីដ-១៩។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នាយកដ្ឋានការងារត្រូវបានណែនាំ ឱ្យចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមការដ្ឋានសំណង់ រោងចក្រ និងកន្លែងធ្វើការផ្សេងទៀត ដើម្បីផ្តល់ការណែនាំ អំពីការថែរក្សាសុខភាពដល់និយោជក និងពលករចំណាកស្រុករយៈពេល៣០ថ្ងៃ។

អំឡុងពេលនេះ ពលករចំណាកស្រុកខុសច្បាប់ នឹងត្រូវចុះឈ្មោះធ្វើលិខិតស្នាមត្រឹមត្រូវ ហើយនិយោជករបស់ពួកគេ ត្រូវដាក់ពាក្យស្នើសុំលិខិតការងារ រួមជាមួយឯកសារពាក់ព័ន្ធផ្សេងៗទៀតពីមន្ទីរការងារខេត្ត ឬការិយាល័យនានាក្នុងក្រុងបាងកក។

ពាក្យស្នើសុំធ្វើលិខិតការងារមានតម្លៃត្រឹមតែ១០០បាត (៣ដុល្លារ) ប៉ុណ្ណោះ។ បន្ទាប់មក និយោជកនឹងទទួលបានឯកសារមួយ ជួសមុខឱ្យពលករចំណាកស្រុក ដែលអាចប្រើប្រាស់បានជាបណ្ដោះអាសន្ន ទម្រាំពួកគេទទួលបានលិខិតការងារ ដែលនឹងមានសុពលភាពរហូដល់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣។

លោកបានបន្ថែមទៀតថា គណៈរដ្ឋមន្រ្តីថៃ ក៏បានពិចារណាពន្យាឱសានវាទនេះសម្រាប់ពលករចំណាកស្រុក ដែលកំពុងត្រូវបានដំណើរការ តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី ដែលមានរយៈពេលចាប់ពីថ្ងៃទី២៩ ធ្នូ ដល់ថ្ងៃទី៣១ មីនា ឆ្នាំក្រោយផងដែរ ដោយសារតែសេវាកម្មមួយចំនួន ត្រូវបានផ្អាកដោយសារស្ថានភាពវីរុសកូវីដ-១៩។

សេចក្តីសម្រេចនេះ អនុញ្ញាតឱ្យនិយោជកដាក់ពាក្យស្នើសុំលិខិតការងារ ជួសមុខឱ្យពលករចំណាកស្រុកតាមប្រព័ន្ធអនឡាញ។ ប្រសិនបើថ្លៃធ្វើលិខិតការងារត្រូវបានបង់រួចមុនថ្ងៃទី១៣ ខែកញ្ញា នាយកដ្ឋានការងារនឹងចេញលិខិតការងារ ដែលអាចប្រើបានរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Pairoj Chotikasathien អគ្គនាយកនៃអគ្គនាយកដ្ឋានការងារបានថ្លែងថា ពលករចំណាកស្រុក ដែលទទួលបានលិខិតការងារ ត្រូវចុះឈ្មោះទិញធានារ៉ាប់រងសុខភាពពីក្រសួងសុខាភិបាល ឬក្រុមហ៊ុនធានារ៉ាប់រងនានា ខណៈពេលរង់ចាំទទួលយកអត្ថប្រយោជន៍នានាពីបេឡាជាតិសន្តិសុខសង្គម៕ Bangkok Post៕

ប្រធានCVEAបញ្ហាវិបត្តិបំណូលរបស់ក្រុមហ៊ុនអចលនទ្រព្យEvergrandeមិនជះឥទ្ឋិពលខ្លាំងមកលើទីផ្សារអចលនទ្រព្យនៅកម្ពុជា

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានថ្លែងថា វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យ លំដាប់យក្សរបស់ចិនEvergrande នឹងជះឥទ្ឋិពលខ្លះមកលើទីផ្សារកម្ពុជា ប៉ុន្តែមិនមានភាពធ្ងន់ធ្ងរទេ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៩ កញ្ញានេះថា លំហូរ​ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មកកម្ពុជានឹងមានភាពយឺតយ៉ាវខ្លះ ប៉ុន្តែបើរដ្ឋាភិបាលកម្ពុជា ស្ថាប័នធនាគារនានានៅតែមានភាពបត់បែន និងបន្តផ្តល់ហិរញ្ញប្បទានបន្តទៀត វិស័យសេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពរីកចម្រើន។

លោកបន្តថា “ជាក់ស្តែងក្នុងវិបត្តិជំងឺកូវីដ១៩នេះ យើងនៅតែបន្តមានភាពរ៉ឹងមាំ ហើយបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានបានកោតសរសើរ ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា”។លោកបន្តថា “បើក្រុមហ៊ុនធំៗនៅតែបន្តសកម្មភាពវិនិយោគ វានឹងជួយសេដ្ឋកិច្ចរបស់យើងឲ្យងើបឡើងលឿន”។

ធនាគារពិភពលោកបានព្យាករណ៍កាលពីម្សិលម៉ិញនេះថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើន៥,៥ភាគរយនៅឆ្នាំ២០២២ខាងមុខនេះ។

លោកច្រឹក សុខនីមបានបន្តថា ទោះជាយ៉ាងណាវិបត្តិរបស់ក្រុមហ៊ុនEvergrandeនឹងមិនអូសបន្លាយយូរពេកនោះទេ ដរាបណារដ្ឋាភិបាលចិនលូកដៃជួយលើការងារនេះ ហេតុនេះយើងរំពឹងថា វិបត្តិរបស់ក្រុមហ៊ុនដ៏ធំនេះ នឹងមិនអូសបន្លាយពេលយូរឡើយ។

យោងតាមសារព៌តមាន Reuters បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងជំរុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលគាំទ្រដោយរដ្ឋនានា ជួយទិញទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុន  Evergrande។

ក្រោយកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងធនាគារ Shengjing Bank នឹងត្រូវកាត់បន្ថយពី៣៤.៥%មកនៅត្រឹម១៤.៧៥%៕

 

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande គ្រោងលក់ភាគហ៊ុន១,៥ពាន់លានដុល្លារ ដើម្បីដោះបំណុល

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលកំពុងជំពាក់បំណុលគេរុំកោះ Evergrande បានប្រកាសនៅថ្ងៃពុធ ទី២៩ កញ្ញា នេះថា ខ្លួនគ្រោងលក់ភាគហ៊ុន១,៥ពាន់លានដុល្លារអាមេរិក ដែលខ្លួនកាន់កាប់នៅក្នុងធនាគារShengjing Bank ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរដ្ឋដើម្បីដោះបំណុល។

ទោះជាយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ធនាគារShengjing Bank បានទាម​ទារឱ្យខ្លួន យកប្រាក់ចំណេញសុទ្ធទាំងអស់ពីការលក់ភាគហ៊ុននេះ ទូទាត់សងបំណុលពាក់ព័ន្ធនានា ដែលខ្លួនដល់ពេលត្រូវសងធនាគារ Shengjing Bank។

ការទាមទារនេះបង្ហាញថា ក្រុមហ៊ុន Evergrande ដែលខកខានមិនបានបង់ការប្រាក់លើសញ្ញាប័ណ្ណកាលពីសប្តាហ៍មុន នឹងមិនអាចយកប្រាក់ដែលបានពីការលក់ភាគហ៊ុននេះទៅធ្វើអ្វីផ្សេង ដូចជា បង់ការប្រាក់ឱ្យអ្នកកាន់សញ្ញាប័ណ្ណ នៅបរទេសចំនួន៤៧,៥លានដុល្លារអាមេរិក ដែលដល់ពេលត្រូវបង់នៅថ្ងៃពុធនេះបានឡើយ។

កាលបរិច្ឆេទដែលក្រុមហ៊ុន Evergrande ដល់ពេលត្រូវបង់ការប្រាក់នេះ កំពុងត្រូវបានបណ្ដាវិនិយោគិន តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយនេះគឺជាតេស្តសាកល្បងលើទំនុកចិត្តដ៏ធំបន្ទាប់របស់ក្រុមហ៊ុនមួយនេះនៅក្នុងទីផ្សារ។

ក្រុមហ៊ុន Evergrande បានជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅប្រមាណ៣០៥ពាន់លានដុល្លារ ដោយក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតនៅប្រទេសចិន ដោយធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ឈឺក្បាលយ៉ាងខ្លាំង។

ភាគហ៊ុនរបស់ក្រុមហ៊ុន Shenyang Shengjing នៅក្នុងធនាគារ Shengjing Bank នឹងកើនឡើងដល់២០,៧៩%បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះ ដោយក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ធនាគារនេះ។

លោក Hui Ka Yan ប្រធានក្រុមហ៊ុន Evergrande បានចេញសេចក្តីថ្លែងការណ៍ថា បញ្ហាសាច់ប្រាក់របស់ក្រុមហ៊ុនលោក បានជះផលប៉ះពាល់ដល់ធនាគារ Shengjing Bankយ៉ាងខ្លាំង។ ការណែនាំអ្នកទិញដែលជាសហគ្រាសរដ្ឋ នឹងជួយរក្សាស្ថិរភាពប្រតិ​បត្តិការរបស់ធនាគារ Shengjing Bank។

ប្រភពបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងជំរុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលគាំទ្រដោយរដ្ឋនានា ជួយទិញទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុន  Evergrande។

ក្រោយកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងធនាគារ Shengjing Bank នឹងត្រូវកាត់បន្ថយពី៣៤.៥%មកនៅត្រឹម១៤.៧៥%៕  Reuters៕

GDPរបស់វៀតណាមដាំក្បាលចុះខ្លាំងមិនធ្លាប់មាន នៅពេលវិធានការកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ

ដោយៈសុខុម

ហាណូយ: សេដ្ឋកិច្ចរបស់វៀតណាម បានដាំក្បាលចុះខ្លាំងមិនធ្លាប់មាននៅវិធានការទប់ស្កាត់វីរុសកូវីដ-១៩ ដ៏តឹងរ៉ឹងជះផលប៉ះពាល់ស្ទើរ តែគ្រប់វិស័យនៃសេដ្ឋកិច្ច ក្រោ​យមានការបិទទ្វាររោងចក្រ និងកាត់បន្ថយសមត្ថភាពផលិតកម្ម ដែលធ្វើឱ្យរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ការិយាល័យស្ថិតិទូទៅរបស់វៀតណាម និយាយនៅថ្ងៃពុធ ទី២៩ កញ្ញា នេះថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងត្រីមាសទី៣ នេះបានធ្លាក់ចុះ៦,១៧% បើធៀបនឹងឆ្នាំ២០២០។ ការិយាល័យនេះបានបន្ថែមថា វាជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន។

អាជ្ញាធរបានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹងជាច្រើនខែ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ដែលមានចាប់ពីការបញ្ជាឱ្យបិទទ្វាររោងចក្រ ប្រសិនបើរោងចក្រទាំងនោះមិនអាចផ្តល់កន្លែងស្នាក់នៅសម្រាប់កម្មករ រហូតដល់ការរារាំងប្រជាជននៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៃក្រុងហូជីមិញ មិនឱ្យចេញក្រៅដើម្បីទិញម្ហូបអាហារ។

លោក Pham Dinh Thuy ប្រធានស្ថិតិឧស្សាហកម្មបានថ្លែងក្នុងសន្និសីទកាសែតក្នុងទីក្រុងហាណូយថា ក្រុមហ៊ុន៩៤%នៅក្នុងប្រទេសនេះ កំពុងប្រឈមនឹងការលំបាកជាច្រើនរួមមានកង្វះកម្លាំងពលកម្ម និងការចំណាយខ្ពស់ជាងមុនសម្រាប់ប្រាក់ឈ្នួល និងកន្លែងស្នាក់នៅរបស់កម្មករជាដើម ដែលជាចំណែកធ្វើឱ្យរាំងស្ទះ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Nguyen Anh Duc ប្រធានផ្នែកលក់នៅក្រុមហ៊ុន SSI Securities Corp ក៏បានលើកឡើងស្រដៀងគ្នាថា អាជីវកម្មនានាបានប្រឈមការលំបាកយ៉ាងខ្លាំង ដោយ​សាររដ្ឋាភិបាល បានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងក្រុងហាណូយ ក្រុងហូជីមិញ និងតំបន់ឧស្សាហកម្មផ្សេងៗទៀតនៅភាគខាងត្បូងប្រទេស។

លោកបានបន្ថែមទៀតថា “ប្រសិនបើរដ្ឋាភិបាលបន្ថែមល្បឿនចាក់វ៉ាក់សាំង ហើយអាចគ្រប់គ្រងស្ថានភាពវីរុសកូវីដ-១៩ បានល្អ ខ្ញុំជឿថា សេដ្ឋកិច្ចនឹងចាប់ផ្ដើមងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំក្រោយ”។

យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ក្នុងចំណោមប្រជាជនសរុបទូទាំងប្រទេសវៀតណាម មានតែប្រមាណ៨,៨%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ ហើយយោងតាមមជ្ឈមណ្ឌលព័ត៌មាន ក្រុងហូជីមិញបង្ហាញថា នៅក្នុងទីក្រុងនេះពលរដ្ឋជាង២៩ភាគរយ បានចាក់វ៉ាក់សាំងគ្រប់ដូសគិតត្រឹមថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ៕  The Edge Markets៕

IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន២,២ភាគរយដូចនឹងការព្យាកររបស់ធនាគារពិភពលោក

       ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ ( IMF ) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ ដូចនឹងការព្យាកររបស់ធនាគារពិភពលោកថា នឹងកំណើននឹងសម្រេចបានត្រឹម២,២ភាគរយ និង៥ភាគរយនៅឆ្នាំ២០២២ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោយកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកAlasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅថ្ងៃទី២៩កញ្ញា២០២១នេះ ។

លោក Alasdair Scott បានជម្រាបជូនពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលបានចេញផ្សាយនាខែ កក្កដា ២០២១ ដោយកំណើនសេដ្ឋកិច្ចសកល ស្ថិតនៅក្នុងរង្វង់៦ភាគរយក្នុងឆ្នាំ២០២១ និង៤,៩ភាគរយនៅក្នុងឆ្នាំ ២០២២ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍ និងប្រទេសកម្ពុជាអភិវឌ្ឍនឹងមានល្បឿនខុសគ្នា ។

ក្នុងសេចក្ដីប្រកាសបង្ហាញថា ជាលទ្ធផលនៃការវាយតម្លៃ មកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំនើនខ្ពស់ជាងមុន ក្នុងអត្រា២,២ភាគរយ គាំទ្រដោយនិន្នាការល្អជាងគេរំពឹងទុកនៃវិស័យកម្មន្តសាល និងវិស័យកសិកកម្ម ដែលជំរុញដោយភាពរឹងមាំនៃតម្រូវការខាងក្រៅខណៈវិស័យសំណង់ វិស័យអចលនទ្រព្យ និងវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន រងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១។

ទន្ទឹមនឹងនោះ ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ៥ភាគរយ ដោយសារការរំពឹងទុកការបន្តងើបឡើង នៃតម្រូវការសកល ការបន្តសក្ដានុពលកំណើននៃវិស័យកាត់ដេរ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការកើនឡើងសន្សឹមៗ នៃវិស័យគាំទ្រផ្សេងទៀត ព្រមទាំងប្រសិទ្ធភាព នៃការដាក់ចេញវិធានការគោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់ក្រុមការងារ Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងបានកត់សម្គាល់ពីភាព ប្រហាក់ប្រហែលគ្នានៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ និងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ស្ត្រីនៅក្នុងមុខជំនួញអចលនទ្រព្យនៅមានចំនួនតិចតួចនៅឡើយធៀបនឹងបុរស

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា គេមើលឃើញថាសន្ទុះនៃអ្នកចូលរួមប្រឡូកក្នុងវិស័យនេះកាន់តែច្រើនឡើងៗ ប៉ុន្តែនៅក្នុងចំណោមអ្នកចូលរួមប្រឡូកនោះភាគច្រើន គឺជាបុរសនិងមានស្ត្រីតិចតួចនៅឡើយ ប៉ុន្តែនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាភាគច្រើនគឺជាស្ត្រី។

អ្នកជំនួញស្ត្រីក្នុងវិស័យអចលនទ្រព្យ ចង់ឱ្យស្ត្រីចូលរួមក្នុងវិស័យនេះ ឱ្យបានកាន់​តែច្រើន ដើម្បីចូលរួមក្នុងលើកកម្ពស់ស្ត្រីក្នុងសង្គមផង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

អ្នកហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុនCentury 21 Cambodia បានមានប្រសា​សន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្ននេះ ស្ត្រីដែលចូលរួមប្រឡូកក្នុងអចលនទ្រព្យមានប្រមាណតែ៣០ ទៅ៣៥ភាគរយប៉ុណ្ណោះ ដោយបុរស៦៥ទៅ៧០ភាគរយ។

អ្នកស្រីបានបន្ត “ស្ត្រីមានផលវិបាកមួយចំនួន ដែលពួកគាត់គិតថាមិនចូលរួមក្នុងវិស័យអចលនទ្រព្យ ដូចជាការចុះវាយតម្លៃ ដីធ្លីផ្ទាល់ៗចុះជួបជាមួយភ្ញៀវផ្ទាល់ ពេលខ្លះត្រូវចុះទៅតាមបណ្ដាខេត្តផ្សេងៗទៀត”។ អ្នកស្រីបន្ថែមថា “ការងារនេះអាចចាត់ទុកថាជាផលវិបាករបស់ស្ត្រី ប៉ុន្តែបើបុរសវិញវាមិនមែនជាបញ្ហានោះទេ”។

អ្នកស្រីបន្តថា រហូតមកដល់២០២០ នៅពេលកម្ពុជាជួបវិបត្តិកូវីដ១៩ បច្ចេកវិទ្យាបានដើរតួនាទីសំខាន់ សម្រាប់ជួយដល់អាជីវកម្មនានា ក្នុងនោះក៏ជួយដល់វិស័យអចលនទ្រព្យ។ នៅពេលបច្ចេកវិទ្យាកាន់តែរីកច្រើន ធ្វើឱ្យភ្នាក់ងារអចលនទ្រព្យមិនចាំបាច់ ក្នុងការជួបចរចាផ្ទាល់ជាមួយភ្ញៀវនោះទេ ដែលធ្វើឱ្យស្ត្រី ក្នុងជំនួញអចលនទ្រព្យ។

អ្នកស្រីបន្ថែមថា តាមពិតទៅស្រ្តីគឺជាអ្នកដែលមានរបៀបរៀបរយ ហើយនៅពេលស្ត្រីសម្របសម្រួល ក្នុងការលក់អចលនទ្រព្យ គឺពួកគាត់មិនព្យាយាមបញ្ចុះបញ្ចូលអតិថិជនទេ តែពព្យាយាមពន្យល់អតិថិជនឱ្យយល់ពីទ្រព្យដែលត្រូវទិញនោះវិញ ។

ជាមួយគ្នានេះ អ្នកស្រី ចន្ទី ទិវា នាយិកាប្រតិបត្តិក្រុមហ៊ុន Century 21 Advance Property បានមានប្រសាសន៍ផងដែរថា ក្នុងនាមជាស្ត្រីក្នុងវិស័យអចលនទ្រព្យ អ្នកស្រីចង់ឱ្យស្ត្រីចូលរួមកាន់តែច្រើន នៅក្នុងវិស័យមួយនេះ ។ អ្នកស្រីនិយាយថា កាលពីចាប់ផ្ដើមក្រុមហ៊ុនដំបូង ក្រុមហ៊ុនយើងមានបុរសច្រើនជាងនារី ប៉ុន្តែក្រោយមកយើងក៏បានជ្រើសរើសនារីច្រើនជាងបុរសវិញ ដោយភ្នាក់ងារលក់នៅក្នុងក្រុមហ៊ុន យើងសុទ្ធតែនារី មិនមានបុរសនោះទេ ដែលធ្វើឱ្យក្រុមហ៊ុនយើងមាននារី៦៥ភាគរ និងបុរស៣៥ភាគរយ ប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។

អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ស្ត្រីកាន់តែច្រើនបានយល់ដឹងច្រើន ពីអត្ថប្រយោជន៍នៅក្នុងវិស័យអចលនទ្រព្យ ដូច្នេះអ្នកស្រីជឿថា នឹងមាននារីកាន់តែច្រើនចូលរួមប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ហើយនៅពេលស្ត្រីកាន់តែច្រើន ចូលរួមក្នុងវិស័យអចលនទ្រព្យ ពួកគាត់នឹងធ្វើឱ្យគ្រួសារកាន់តែរីកចម្រើន ជួយដល់សង្គមយើងកាន់តែច្រើនផងដែរ៕

ធនាគារអភិវឌ្ឍអាស៊ីបានផ្តល់ប្រាក់កម្ចី៨២លានដុល្លារដើម្បីកែលម្លផ្លូវ នៅក្នុងប្រទេសកម្ពុជា

ដោយៈសុជាតា

ហ្វីលីពីនៈ ធនាគារអភិវឌ្ឍអាស៊ី(ADB) បានអនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លា រដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់គេមង្គ (GMS)។

លោកMohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិ វឌ្ឍន៍អាស៊ីបានថ្លែងថា ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បង នៃចរាចរណ៍ទំនិញ និងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ គម្រោងនេះ នឹងពង្រីកលទ្ធភាពទទួលបាន ការអប់រំ សេវាសុខភាព ក៏ដូចជាសេវាកម្មសាធារណៈដទៃទៀត ក្នុងចំណោមសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ។ វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ និងឱកាសសេដ្ឋកិច្ច តាមរយៈបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពធន់នឹងអាកាសធាតុ ដែលតភ្ជា ប់កម្ពុជា ជាមួយវៀតណាម តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់មេគង្គ។

វិស័យដឹកជញ្ជូនរបស់ប្រទេស ប្រឈមនឹងបញ្ហា ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវខេត្តភាគច្រើន របស់កម្ពុជាមិនទាន់ឈួសឆាយ ហើយសមត្ថភាពផ្លូវជាតិមានកំណត់។

រាជរដ្ឋាភិបាល បានបង្កើតផែនការជាតិមួយដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និរន្តរភាព និងភាពធន់នឹងអាកាសធាតុ ដែលអាចបំពេញតម្រូវការប្រជាពលរដ្ឋ និងកំណើនការងារអំឡុងឆ្នាំ២០៣០។ ផ្លូវកសាងក្នុងគម្រោងថ្មីនេះ ត្រូវបានបញ្ចូលក្នុង បញ្ជីគម្រោងផែនការជាតិនេះ។

ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយADB ក្នុងឆ្នាំ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន១៤៧គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ។

ដំណាក់កាលទី២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកប ដោយប្រ សិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្រ្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការការពារទំនប់ និងជម្រាល។ ការធ្វើឲ្យប្រសើរឡើងនូវផ្លូវខេត្ត នឹងប្រើអង្គធាតុដីរាវ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយពង្រីកការ ប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងស្រុក។

គម្រោងនេះ មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូន កែលម្អការគ្រប់គ្រងផ្លូវ ថ្នល់និងអភិវឌ្ឍរបៀបថែទាំផ្លូវ ប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ ដែលមានប្រសិទ្ធភាព។ វាក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ ដែលមានការអនុវត្តគម្រោងនេះ។

គម្រោងផ្លូវនេះ អនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រា ប់ប្រទេសកម្ពុជា ដែលមានគោលបំណងជួយប្រទេស ក្នុងការកែលម្អការប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោងនេះ ក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវ និងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជាផងដែរ៕

អាជ្ញាធរខេត្តព្រះសីហនុអំពាវនាវឲ្យប្រតិបត្តិករទេសចរណ៍រៀបចំកែលំអរអនាម័យបរិស្ថាន ដើម្បីត្រៀមបើកទទួលភ្ញៀវឡើងវិញ

ដោយៈ គង់ ម៉ាលីនណា

ព្រះសីហនុៈ លោកអភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានអំពាវនាវអស់លោក លោកស្រីជាប្រតិបត្តិករទេសច​រណ៍ តាមរមណីយដ្ឋានទេសចរណ៍នានា រៀប​ចំកែលម្អអនាម័យ បរិស្ថាន ពិសេសការអនុវត្តស្តង់ដារ (SOP) ដើម្បីត្រៀមបើកទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ។

លោកមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) កាលពីថ្ងៃទី២៨ កញ្ញាកន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអទិភាពក្នុងការជម្រុញ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមរយៈបង្កើនការងារ ការវិនិយោគកាត់បន្ថយភាពក្រីក្រ ការទ្រទ្រង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ការចូលរួមការពារអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ។

លោកបន្តថា ខេត្តព្រះសីហនុ ត្រូវបានកំណត់តំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយ អភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ ផ្អែកលើសកម្មភាពដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិ។ នៅពេលខាងមុខរាជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅបើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញផងដែរ។

ជាមួយគ្នានេះ លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍បានមានប្រសាសន៍បើកកិច្ចប្រជុំ ផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជូនចំពោះអាជ្ញាធរ និងប្រតិបត្តិករណ៍ទេសចរណ៍ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍អាចដំណើរការបាន ក៏ដូចជាការជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងធានាបាននូវការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចាំបាច់ត្រូវមានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជា វិធានសុវត្ថិភាពសុខាភិបាលត្រឹមត្រូវសមស្រប ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាលឱ្យបានទូលំទូលាយ ដោយមានការចូលរួមអនុវត្តន៍ ឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ៣.ការពារ ៣.កុំ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ការផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បរមា (SOP) ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ចំណេះដឹងមូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសត្រៀមឆ្ពោះ ទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ២០២១ និងត្រៀមទទួលភ្ញៀវ នៅក្នុងវេទិកាទេសចរណ៍អាស៊ាននាពេលខាងមុខ៕

តើដំណើរការកាត់ប្លង់ដីពីម្ចាស់ដើមមកឈ្មោះអ្នកទិញត្រូវធ្វើដូចម្តេច?

        ដោយៈជេស៊ីកា

        ភ្នំពេញៈ ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ បើសិនជាអ្នកមិនចង់ចំណាយប្រាក់ច្រើន ក្នុងការស្នើរសុំភ្នាក់ងារសុរិយោដីឲ្យជួយរត់ការឲ្យ គួរអនុវត្តន៍តាមវិធីសាស្រ្តមួយចំនួន។

១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ។

២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខបុក្គលិកសុរិយោដៃរួច។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំ ដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំមានសិទ្ធិហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ ហើយលោក អ្នកអាចជូនប្រាក់ដល់ពួកគាត់ខ្លះ តាមសន្តានចិត្ត នេះមិនមែនជាអំពើពុករលួយនោះទេ)។

បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីហត្ថលេខាសម្រេច និងបោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន២០ម៉ឺនរៀល ក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុណ្ណាក៏ដោយ ដែលជាប្រភេទដីកសិកម្ម។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល៥០ភាគរយ នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់អមជាមួយ ដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។

អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោយបន្តដំណាក់កាលតទៅមុខទៀតដូចជា ចំពោះដំណាក់កាលចុងក្រោយ ប្រសិនបើអ្នកចង់បានឈ្មោះនៅលើប្លង់ដីដែលអ្នកបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើម មកជាឈ្មោះអ្នកវិញ គឹត្រូវអនុវត្តដូចខាងក្រោម។

៣. ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីមន្ទីសុរិយោដីស្រុក យកទៅកាន់មន្ទីសុរិយោដីខេត្ត ដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថា មានឯកសារបញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។

រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រា ប្រាក់ ៤% នៃតម្លៃដីតាមច្បាប់កំណត់ នៅឯអគ្គនាយដ្ឋានពន្ធដាខេត្ត ដោយរងចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។ បន្ទាប់ពីវាយតំលៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងអគ្គនាយដ្ឋានពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា៤ភាគរយ រួចដកយកលិខិតលក់ផ្តាច់ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រលប់មកវិញ។

បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងលិខិតផ្ទេរសិទ្ធិនោះទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យ ពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មីអាចចន្លោះពីបីខែទៅ៦ខែ៕