សម្ដេចតេជោបញ្ជាឱ្យផ្អាកការតេស្តរហ័សជំងឺកូវីដ១៩ ទៅលើពលរដ្ឋដែលមិនមាន ការសង្ស័យ

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាឱ្យអ្នកពាក់ព័ន្ធ ផ្អាកការធ្វើតេស្តរហ័សទៅលើពលរដ្ឋទូទាំងប្រទេស ដែលមិនមានការសង្ស័យពីជំងឺកូវីដ១៩។

ការធ្វើតេស្តរហ័សនេះ គឺចាំបាច់ធ្វើតែតំបន់ណា ដែលមានហានិភ័យនិងទៅលើពលរដ្ឋ ដែលមានការសង្ស័យរួចហើយ ត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងម៉ាស៊ីន PCR ទើបដឹងច្បាស់ពីលទ្ធផល។

សម្ដេចតេជោបានថ្លែងតាមសារអេឡិចត្រូនិកឱ្យដឹងទៀតថា ការធ្វើតេស្តរហ័សទៅលើមនុស្សទូទៅ គឺមិនអាចរៀនរស់ជាមួយកូវីដ១៩បានទេ ពីព្រោះផ្ដាសាយធម្មតាក៏ធ្វើតេស្តទៅឃើញវិជ្ជមាន ក្នុងពេលប្រជាជនអត់មានឈឺអីទាំងអស់ ដូច្នេះបើអ្នកមិនមានការសង្ស័យទៅលើកូវីដ១៩ មិនចាំបាច់ធ្វើតេស្តរហ័សជូនពួកគាត់ទេ ពីព្រោះបើធ្វើបែបនេះជាប្រចាំវាខ្ទេចច្រមុះអស់ហើយ។

សម្ដេចបន្តថា “នៅប្រទេសវៀតណាមគេធ្វើតេស្តរហ័ស ឃើញដល់ទៅ១៥ម៉ឺននាក់ តែគេអត់បូកបញ្ចូលទៅក្នុងបញ្ជីទេ”។

សម្ដេចតេជោបានបន្ថែមថា យើងមិនបោះបង់ការធ្វើតេស្តរហ័សទេ ប៉ុន្តែមិនមានសុខៗ ទៅឃ្លុំបេភូមិមួយហើយយកប្រជាជនមួយភូមិនោះ មកធ្វើតេស្តរហ័សនោះទេ យើងធ្វើតេស្តរហ័សចំពោះតែជន ដែលមានការសង្ស័យ ហើយបើសិនជាតេស្តឃើញនិងមានអាការស្រាលសូមជូនថ្នាំ ឱ្យគាត់និងយកសំណាក់ទៅផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ។

សម្ដេចបន្តថា “សូមឈប់គិតតែរុកច្រមុះ រុកបំពង់ករួចហើយជូនថ្នាំឱ្យលេប ក្នុងពេ​លមនុស្សអត់មានឈឺអីសោះ អញ្ចឹងសូមផ្អាកពីរឿងរុកច្រមុះរុកបំពង់កនេះទៀតទៅ”។

សម្ដេចបន្ថែមថា ដំណើរឆ្ពោះទៅរកការបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញក៏ដូចជាការរៀនរស់នៅជាមួយកូវីដ១៩ ទើបយើងអាចដោះស្រាយបញ្ហាបាន បើមិនអញ្ចឹងគឺថាតិចៗបិទភូមិ បិទឃុំ ក្នុងពេលដែលគាត់មិនមានជំងឺ ដូច្នេះសូមស្នើឱ្យខេត្តនានាបញ្ឈប់ការរុករកនៅតាមភូមិ តាមឃុំ ដោយការធ្វើតេស្តរហ័ស ប៉ុន្តែ យើងនឹងធ្វើតេស្តរហ័ស នៅពេលដែលគាត់សង្ស័យខ្លួនគាត់ថាមានជំងឺនេះ និងស្មគ្រចិត្តមកធ្វើនៅទីតាំងដែលប្រចាំការ។

សម្ដេចបបញ្ជាក់ថា យើងត្រូវយកចិត្តទុកដាក់សំខាន់បំផុត ទៅលើការកត្តាមួយចំនួនដូចជាបើសិនជាមានរោគសញ្ញាកើតឡើង យើងត្រូវធ្វើតេស្តឱ្យគាត់និងព្យាបាល      ឱ្យគាត់ ហើយបើសិនជាមានជំងឺធ្ងន់ គឺរុញគាត់ចូលមន្ទីរ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជួយសង្គ្រោះជីវិតគាត់។

សម្ដេចបន្តថា “យើងមានវ៉ាក់សាំងហើយសម្រាប់ចាក់ជូនពួកគាត់ ហើយពួកគាត់ក៏បានស្រែកថា គិតតែពីរុកច្រមុះទាំងដែលពួកគាត់អត់មានអាការៈអ្វីសោះ ដូច្នេះសូមផ្អាកចាប់ពីពេលនេះតទៅ”៕

ទីផ្សាររថយន្តអគ្គិសនីកាន់តែត្រូវប៉ាន់ ខណៈ Rolls-Royce ងាកមកផលិតរថយន្តអគ្គិសនី

ដោយៈសុខុម

ប៊ែកឡាំង: ដោយឃើញក្រុមហ៊ុនផលិតរថយន្តនានា ទូទាំងពិភពលោកសម្រុកងាកមកផលិតរថយន្តអគ្គិសនី យ៉ាងផុសផុសនៅមួយរយៈពេលចុងក្រោយនេះ ស្រាប់តែធ្លាយដំណឹងថា ក្រុមហ៊ុនផលិតរថយន្តប្រណីតលំដាប់សេដ្ឋី Rolls-Royce គ្រោងងាកមកផលិតរថយន្តអគ្គិសនីដូចគេដែរ។

ក្រុមហ៊ុនអង់គ្លេស Rolls-Royce បានប្រកាសកាលពីថ្ងៃពុធ ទី២៩ កញ្ញា ថា ខ្លួននឹងងាកមកផលិតរថយន្តអគ្គិសនី ទាំងស្រុងនៅត្រឹមឆ្នាំ២០៣០ ជាពិសេសក្រោយពីម៉ាកយីហោរថយន្តប្រណីតៗដូចជា Bentley របស់ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen និង Land Rover របស់ក្រុមហ៊ុនអង់គ្លេស Jaguar ត្រូវបានអភិវឌ្ឍទៅជារថយន្តអគ្គិសនី។

Rolls-Royce ដែលជាបុត្រសម្ព័ន្ធផ្ដាច់មុខរបស់ក្រុមហ៊ុន ផលិតរថយន្តអាល្លឺម៉ង់ BMW បានចេញសេចក្តីថ្លែងការណ៍ថា រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធសាធដំបូងបង្អស់របស់ខ្លួន ដែលមានឈ្មោះថា Spectre នឹងមានដាក់លក់លើទីផ្សារនៅត្រីមាសទី៤ ឆ្នាំ២០២៣ ហើយការធ្វើតេស្តសាកល្បងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

លោក Torsten Muller-Otvos នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ថា ផលិតផលរថយន្ត Spectre គឺជាការចាប់ផ្ដើមរបស់ក្រុមហ៊ុនលោក ឆ្ពោះទៅកាន់ការផលិតរថយន្តអគ្គិសនីទាំងស្រុងនៅត្រឹមឆ្នាំ២០៣០។

ទោះជាយ៉ាងណា ក្រុមហ៊ុន BMW មិនបានកំណត់កាលបរិច្ឆេទបញ្ចប់ការផលិតរថយន្តដែលដំណើរការដោយឥន្ធនៈហ្វូស៊ីលនៅឡើយទេ។ ផ្ទុយមកវិញ ក្រុមហ៊ុននេះបានកំណត់គោលដៅផលិត រថយន្តអគ្គិសនីឱ្យបាន៥០%នៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែក្រុមហ៊ុន Mini ដែលជាបុត្រសម្ព័ន្ធមួយរបស់ខ្លួនដែរនោះ បានប្រកាសកាលពីខែមីនាថា ខ្លួននឹងងាកមកផលិតរថយន្តអគ្គិសនីទាំងស្រុង នៅត្រឹមដំណាច់ទសវត្សរ៍នេះ។

ទន្ទឹមនេះ ម៉ាកយីហោ Land Rover របស់ Jaguar នឹងត្រូវអភិវឌ្ឍទៅជារថយន្តអគ្គិសនីទាំងស្រុង នៅត្រឹមឆ្នាំ២០២៥ ម៉ាកយីហោ Bentley របស់ Volkswagen នៅត្រឹមឆ្នាំ២០៣០ ហើយម៉ាកយីហោ Mercedes Benz របស់ក្រុមហ៊ុនអាល្លឺម៉ង់ Daimler នៅឆ្នាំ២០៣០ ប្រសិនបើស្ថានភាពទីផ្សារអំណោយផល៕ Reuters៕

Merdeka 118 អគារខ្ពស់បំផុតលំដាប់ទី២លើពិភពលោកនៅម៉ាឡេស៊ីត្រៀមបញ្ចប់ ការសាងសង់នៅឆ្នាំ២០២២

ដោយៈសុខុម

គូឡាឡាំពួ: អគារភ្លោះ Petronas Towers ដ៏ល្បីល្បាញនៅក្នុងទីក្រុងគូឡាឡាំពួ គឺជាអគារខ្ពស់បំផុតប្រចាំប្រទេសម៉ាឡេស៊ី ប៉ុន្តែប្រទេសកាន់សាសនាឥស្លាមមួយនេះ បាននិងកំពុងឈានមួយជំហ៊ានទៀត ដោយបាននិងកំពុងសាងសង់ អាគារពាណិជ្ជកម្មកប់ពពកលំដាប់ទី២លើពិភពលោក។

ទោះជាយ៉ាងណា អគារថ្មី Merdeka 118 ដែលស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ នឹងវ៉ាឈ្នះអគារភ្លោះ Petronas Towers ក្លាយជាអគារខ្ពស់បំផុត ប្រចាំប្រទេសម៉ាឡេស៊ី និងខ្ពស់បំផុតទី២ក្នុងពិភពលោកជាផ្លូវការ នៅពេលសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ២០២២​ខាងមុខនេះ។

នេះសរបង្ហាញពីការរីកចម្រើនឥតឈប់ឈរ ក្នុងវិស័យសំណង់របស់ម៉ាឡេស៊ី ដែលជាសមាជិកមួយ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយក៏ជាមុខមាត់ថ្មីគួរឱ្យស្ញប់ស្ញែង សម្រាប់ប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន ដែលមានប្រជាជនសរុបជាង៣២,៧លាននាក់មួយនេះផងដែរ។

អគារ១១៨ជាន់ Merdeka 118 ឬ PNB 118 ដែលមានកម្ពស់៦៤៤ម៉ែត្រជាមួយនឹងរចនាប័ទ្ម ស្អាតប្លែកអស្ចារ្យបែបថ្ងៃអនាគតនេះ ត្រូវបានចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ២០១៤ ហើយកំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមសារព័ត៌មាន The Star ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ការងារសាងសង់អគារខ្ពស់កប់ពពកនេះ សម្រេចបានប្រមាណជាង៨០ភាគរយ ហើយគ្រោងនឹងរួចរាល់ជាស្ថាពរនៅត្រីមាសទី២ ឆ្នាំ២០២២។

អគារដែលចំណាយអស់ទឹកប្រាក់១,៥ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd ខាងលើនេះ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអូស្ត្រាលី Fender Katsalidis សហការជាមួយក្រុមហ៊ុនស្ថាបត្យកម្មម៉ាឡេស៊ី RSP KL និងទទួលសាងសង់ ដោយក្រុមហ៊ុនម៉ៅការកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនម៉ៅការម៉ាឡេស៊ី UEM Group។

ដោយមានផ្ទៃក្រឡាសរុប២៩២.០០០ម៉ែត្រការ៉េ អគារនេះគឺជាអគារបំរើសេវាកម្មពហុគោលបំណង ដែលនឹងមានលំនៅដ្ឋានសម្រាប់ពួកអភិជន ការិយាល័យកម្រិត A សណ្ឋាគារប្រណីត និងកន្លែងគយគន់ទេសភាពដ៏អស្ចារ្យ៕ The Star៕

ប្រទេសកម្ពុជាគឺជាទីផ្សារនាំចេញម្ហូបអាហារដ៏សំខាន់របស់ប្រទេសថៃ

ដោយៈសុជាតា

កម្ពុជាៈ កម្ពុជាបាននិងកំពុងបន្តក្លាយជាមូលដ្ឋានចែកចាយទំនិញ និងផលិតផលចំណីអាហាររបស់ប្រទេសថៃ កាន់តែសម្បូរបែប ជាក់ស្តែងនៅឆ្នាំ២០២១នេះ ទោះមានវិបត្តិកូវីដ ប៉ុន្តែក្រុមហ៊ុនលក់រាយជាច្រើនរបស់ថៃ បានហក់ចូលមកកាន់ទីផ្សារកម្ពុជា។

ក្រុមហ៊ុនលក់រាយដ៏ល្បីល្បាញរបស់ថៃ ដួចជា 7-Eleven, Mini Big C, និងក្រុមហ៊ុនលក់រាយធំៗមួយចំនួនទៀត បាននិងកំពុងចាប់យកឱកាស ពង្រីកពាណិជ្ជកម្មនៅកម្ពុជា។

យោងតាមព៍ត៌មាន Bangkok Post បានលើកឡើងថា ទីផ្សារនាំចេញដ៏សំខាន់ទាក់ទងនឹងវិស័យម្ហូបអាហារ សម្រាប់ប្រទេសថៃនៅឆ្នាំ ២០២១ គឺប្រទេសសហរដ្ឋអាមេរិច ប្រទេសជប៉ុន ប្រទេសកម្ពុជា និងប្រទេសចិនជាដើម។

វិស័យនេះ រំពឹងរក្សាកំណើននាំចេញប្រមាណ៣ ទៅ៥ភាគរយនៅឆ្នាំនេះ ដោយ សារតែភាពប្រសើរឡើង នៃសេដ្ឋកិច្ចដៃគូពាណិជ្ជកម្ម ការចុះខ្សោយនៃលុយបាត និងការរីកចំរើននៃការចាក់វាក់សាំង។

លោក Visit Limlurcha ប្រធានសមាគមម្ហូបអាហារថៃបាននិយាយថា សមាគមមានសុទិដ្ឋនិយមថា ការនាំចេញម្ហូបអាហារនឹងកំនើននៅអត្រា៣ ទៅ៥ភាគយ ធៀបនឹងទំហំនាំចេញសរុប១ ទ្រីលានបាតកាលពីឆ្នាំមុន។
កាលពីឆ្នាំ២០២០ ការនាំចេញម្ហូបអាហារបានធ្លាក់ចុះពី១ភាគរយផងដែរ ដោយ​សារវិបត្តិសេដ្ឋកិច្ចសកល។

យោងរបាយការណ៍របស់សមាគមដដែលបានលើកឡើងថា នៅរយៈពេលប្រាំបីឆ្នាំ២០២១នេះបានបង្ហាញថា ការនាំចេញខាងវិស័យម្ហូបអាហារ បានកើនឡើង៨ភាគរយ ដែលមានទឹកប្រាក់ប្រមាណ៨០៦ពាន់លានបាត។ ផលិតផលម្ហូបអាហារទាក់ទងកសិកមម្ម មានចំនែក៥៣ភាគរយ ដែលមានទឹកប្រាក់ប្រមាណ៤២៥ពាន់លានបាត។

ចំនែកផលិតផលកសិឧស្សហកម្ម តំណាងអោយ៤៧ភាគរយ ពោលគឺបង្កើនប្រាក់ចំណូល ៣៨១ពាន់លានបាតផងដែរ។

លោក Visit បាននិយាយថា ការនាំចេញម្ហូបអាហារ នៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការបន្តរាលត្បាតនៃមេរោគកូវីត ១៩ កង្វះការដឹកជញ្ចូនតាមទូកុងត័ន័រ ការកើនឡើងនៃតម្លៃវេចខ្ចប់ ជាពិសេសទាកទងកង្វះពលករផងដែរ។

ទន្ទឹមនឹងនោះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកJurin laksnanwisit បាននិយាយកាលពីថ្ងៃច័ន្ទថា ពិព័រណ៍ពាណិជ្ជកម្មដែលមានឈ្មោះថា Thaifex នៅឆ្នាំ ២០២១ ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣ ខែតុលា នឹងរំពឹងថាជួយពង្រឹងតម្លៃពាណិជ្ជកម្ម យ៉ាងហោចណាស់ប្រមាណ៨៣០លានបាតផងដែរ៕

តើភស្តុភារកម្មបៃតងជាអ្វី ខណៈអ្នកជំនាញជប៉ុនកំពុងជួយការងារនេះដល់កម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ តើភស្តុភារកម្មបៃតងគឺជាអ្វី? ខណៈដែលអ្នកជំនាញ នៃទីភ្នាក់ងារសហប្រតិបត្តិការប្រទេសជប៉ុន បាននិងកំពុងជម្រុញការលើកកំពស់វិស័យនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ភស្តុភារកម្មបៃតង គឺផ្តោតសំខាន់ទៅលើស្ថេរភាពរបស់ភស្តុភារកម្ម ដែលជាស្នូលនៃប្រតិបត្តិការប្រព័ន្ធដឹកជញ្ជូនទំនើប និងការគ្រប់គ្រងលើបំលាស់ទីនៃការដឹកជញ្ជូន ជាមួយនឹងការធានាបាននូវធាតុផ្សំទាំងបីគឺ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។

ជាមួយនឹងការយកចិត្តទុកដាក់លើបញ្ហានេះ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកជំទាវកុយ សុដានី ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យមើលឡើងវិញ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើ ឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU)។

ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិ​បត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងក្រុមទីប្រឹក្សាជាតិនៃគម្រោងផងដែរ។

អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពសកម្មភាពការងារ ក្នុងរយៈពេលមួយខែកន្លងមករបស់ក្រុមការងារភស្តុភារកម្មបៃតង (Green Logistics) ក្រុមការងារទទួលបន្ទុកមណ្ឌលភស្ដុភារកម្មប្រចាំតំបន់ (Regional Logistics Hub) ក្រុមការងារដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ (Cold Chain) ក្រុមការងារទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization) ក្រុមការងារពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោង ក្រុមការងារសិក្សាចំពោះបណ្ដាញដឹកជញ្ជូនតាមព្រំដែន (Border Improvement) និងលទ្ធផលនៃការចុះអង្កេតនៅតំបន់ប៉ោយប៉ែត។

ថ្លែងទៅអង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីវ ឌ្ឃនភាពការងារសំខាន់ៗ នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមជំនាញការជប៉ុន និងក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការគ្នាល្អ ក៏ដូចជាដែលបានខិតខំប្រឹងប្រែង បំពេញការងារប្រកដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នា ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព។

ជាមួយគ្នានេះ លោកជំទាវ បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធពិនិត្យកែសម្រួល និងពន្លឿនការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដែលត្រូវបង្កើតនៅក្នុងគម្រោងនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច សំដៅធ្វើយ៉ាងណាឱ្យគោលនយោបាយ ផែនការយុទ្ធសាស្ត្រទាំងនោះ មានលក្ខណៈសមស្រប និងអាចអនុវត្តបានទៅតាមស្ថានភាពជាក់ស្តែង នាពេលអនាគតរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ និងធានាបាននូវផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ៕

ដំណឹងល្អៈកំពង់ផែទេសចរណ៍លំដាប់អន្តរជាតិដ៏ស្រស់ស្អាតសម្រេចបាន៨៤ភាគរយហើយ

ដោយៈ គង់ សូរិយា

កំពតៈ នៅទីបំផុតកំពង់ផែទេសចរណ៍អន្តរជាតិ ក្នុងទឹកដីខេត្តកំពតសម្រេចបាន​វឌ្ឍនភាពល្អប្រសើរ ដោយការសាងសង់សម្រេចបាន៨៤ភាគរយហើយ ខណៈអគារទទួល​អ្នកដំណើរសម្រេចបាន៧៣ភាគរយ។

រដ្ឋមន្ត្រីទេសចរណ៍ លោកបណ្ឌិតថោង ខុនលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលោក ព្រមទាំងលោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ និងមន្ត្រីរាជការចុះត្រួតពិនិត្យសកម្មភាពសាងសង់ “កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត” ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។

កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធទេស​ចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM (COL) ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រង ដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ១លាននាក់។ កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

លោកថោង ខុនបានបន្តទៀតថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏​ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ៕

សកម្មភាពទិញលក់ដីធ្លីនៅខណ្ឌព្រែកព្នៅ មានសន្ទុះឡើងវិញក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខណ្ឌព្រែកព្នៅ ប៉ែកខាងជើងរាជធានីភ្នំពេញ ចាប់ផ្ដើមមានសន្ទុះនៃការទិញលក់ដីធ្លីឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានៅតែចោទជាបញ្ហាក៏ដោយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Zillion Holding បានឱ្យដឹងថា ខណ្ឌព្រែកព្នៅមានកំណើនការទិញលក់ដីធ្លីឡើងវិញ គួរឱ្យកត់សម្គាល់ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្នុងនោះប្រតិបត្តិការទិញលក់ដីធ្លី ក្នុងខណ្ឌព្រែកព្នៅរយៈពេល៣ខែចុងក្រោយនេះ គិតចាប់ពីខែមិថុនាដល់ខែសីហាឆ្នាំ២០២១នេះ មានចំនួនប្រមាណជិត១៤០ប្រតិបត្តិការ កើនឡើងប្រមាណ៦០ភាគរយធៀបនឹង៣ខែដើមឆ្នាំ ។

កំណើនទិញលក់នេះ គឺជាទំនុកចិត្តរបស់វិនិយោគិន ក្នុងការចាប់យកឱកាសក្នុងការវិនិយោគដីធ្លីក្នុងខណ្ឌព្រែកព្នៅ ដែលជាទិសដៅវិនិយោគសម្រាប់លំនៅឋានតម្លៃសមរម្យនៅខណ្ឌព្រែកព្នៅ។

ទិន្នន័យរបស់ក្រុមហ៊ុនអចលនទ្រព្យដដែលនេះឱ្យដឹងថា ប្រតិបត្តិការទិញលក់ដីធ្លីក្នុងខណ្ឌព្រែកព្នៅរយៈពេល៨ខែដើមឆ្នាំ មានប្រមាណជាង២៥០ប្រតិបត្តិការ ក្នុងនោះខែសីហា មានប្រតិបត្តិការទិញលក់ខ្ពស់ជាងគេជិត៧០ប្រតិបត្តិការ ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Century 21 ប្រចាំខណ្ឌព្រែកព្នៅឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងខណ្ឌព្រែកព្នៅ សម្រាប់អភិវឌ្ឍន៍លំនៅឋាន មានតម្លៃចន្លោះពី៨០ដុល្លារអាមេរិករហូតដល់ ២៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

អ្នកជំនាញអចលនទ្រព្យជាច្រើន ក៏បានមើលឃើញថាសក្ដានុពល តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ដោយតំបន់នេះគឺកំពុងមានការអភិវឌ្ឍទៅលើលំនៅឋាន ក្នុងនោះគេមើលឃើញថា តំបន់ទីក្រុងរណបមួយ កំពុងទាក់ទាញសក្ដានុពលវិនិយោគកាន់តែខ្លាំងនៅតំបន់នៃខណ្ឌព្រែកព្នៅ ។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនស៊ីភីអិល បានមានប្រសាសន៍ថា តំបន់ប៉ែកខាងជើង យើងមើលឃើញថានៅតែមានភាពទាក់ទាញ ហើយក្នុងនោះយើងមើលឃើញថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ បាននិងកំពុងបង្ហាញពីសក្ដានុពល ក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត ទៅកាន់តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ខណៈហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ ក៏មានការអភិវឌ្ឍច្រើនក្នុងពេលបច្ចុប្បន្ន។

ចំណែកអ្នកស្រី Grace Rachy Fong នាយិកាក្រុមហ៊ុន Centurt21 Cambodia បានមានប្រសាស​ន៍ថា សកម្មភាពទិញលក់ដីធ្លីតម្លៃចាប់ពី១ ដល់១០លានដុល្លារបានកើនឡើងវិញប្រមាណ៤០ភាគរយ បើធៀបនឹងអំឡុងឆ្នាំ២០១៩ ដោយសារសកម្មភាពវិនិយោគដីធ្លីកំពុងមានភាពពេញនិយម ដោយសារដីធ្លីបានផ្តល់ផលចំណេញច្បាស់លាស់ និងផ្តល់ផលចំណេញរយៈពេលវែង។

អ្នកស្រីបន្តថា “ការរីកចម្រើននៃការទិញលក់ដីធ្លី នឹងកើនឡើងបន្ថែមទៀត ស្របពេលដែលស្ថានភាពជំងឺកូវីដបានធូរស្រាល ហើយអ្នកមានធនធានច្រើន វិនិយោគនាពេ​លនេះជារឿងល្អ ព្រោះវាផ្តល់ផលចំណេញខ្ពស់”៕

អ្នកជំនាញៈការវិនិយោគដីធ្លីនៅខេត្តមណ្ឌលគិរីមានឱកាសចំណេញខ្ពស់ ខណៈគំរោងសាងសង់ព្រលានយន្តហោះកាន់តែខិតជិតមកដល់

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ការវិនិយោគដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី មានសក្តានុពលទទូលបានផលចំណេញខ្ពស់ ខណៈគម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងចាប់ផ្តើមនៅខេត្តនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២៩ កញ្ញាកន្លងមកថា សកម្មភាពនៃការអភិវឌ្ឍរមណីយដ្ឋានលំហែរកាយ ផ្ទះលំហែរ ផ្ទះអាជីវកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបបាន និងកំពុងត្រៀមចាប់ផ្តើមនៅក្នុងខេត្តមួយនេះ ស្របពេលវិនិយោគិនជាតិ និងអន្តរជាតិបាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តដ៏មានសក្តានុពលនេះ។

លោកបន្តថា “ខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយ ដែលនឹងមានភាពរីកចម្រើនខ្លាំងនាពេលអនាគត ដោយសាររដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះ និងផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តនេះ ឲ្យកាន់តែមានភាពទាក់ទាញនាពេលអនាគត”។ លោក​បន្តថា “ដោយសារលលក្ខខ័ណ្ឌអាកាសធាតុអំណោយផល សណ្ឋានដីមានភាពស្រស់ស្អាត ខេត្តមណ្ឌលគិរី នឹងទាក់ទាញការវិនិយោគផ្ទះលំហែរ និងរមណីយដ្ឋានកាន់តែច្រើន​នាពេលអនាគត”។

លោកច្រឹក សុខនីមបានបន្តថា រហូតមកទល់ពេលនេះ ស្ថាប័នហិរញ្ញវត្ថុទាំងធនាគារ ទាំងមីក្រូហិរញ្ញវត្ថុស្ទើរតែទាំងអស់ បានបង្ហាញវត្តមាននៅក្នុងខេត្តនេះ ដែលផ្តល់មូលដ្ឋានទុនដ៏ប្រសើរសម្រាប់គំរោងវិនិយោគ និងសកម្មភាពសេដ្ឋកិច្ចកាន់តឬរសរវើក ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនានានៅក្នុងខេត្តមួយនេះ។

ជាមួយនឹងការដាក់ចេញនូវផែនការមេ អភិវឌ្ឍន៍សក្តានុពលទេសចរណ៍ និងប្រែក្លាយខេត្តជាមួលដ្ឋាន សេដ្ឋកិច្ចធំលំដាប់ទី៤របស់ប្រទេស រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការជាមួយក្រុមហ៊ុន China Power គ្រុបដើម្បីសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនៅក្នុងខេត្តមួយនេះនាពេលឆាប់ៗខាងមុខ។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការ ដ្ឋាន​អាកាសចរណ៍ស៊ីវិលធ្លាប់បានមានប្រសាសន៍ថា គម្រោងព្រលានយន្តហោះនេះបាននិងកំពុងសិក្សាបញ្ចប់ ដោយតាមផែនការព្រលាននេះ អាចចំណាយទុនវិនិយោគរហូតដល់១០០លានដុល្លារអាមេរិក។

លោកបន្តថា “វានឹងជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលអនុញ្ញាត្តឲ្យយន្តហោះអាចផ្ទុកអ្នកដំណើរចន្លោះពី១៨០នាក់ ទៅ២០០នាក់អាចចុះចតបាន”៕

ក្រសួងទេសចរណ៍បានដាក់ដំណើរការសហគមន៍ទេសចរណ៍នៅខេត្តចំនួនបី

ដោយៈតារារះ

កំពតៈ រដ្ឋមន្រ្តីទេសចរណ៍ លោកបណ្ឌិតថោង ខុន និងលោកអភិបាលខេត្ត ជាវ តាយអភិបាលខេត្តកំពត បានចូលរួមដាក់ដំណើរការ នូវសហគមន៍ទេសចរណ៍ចំនួនបី ស្ថិតនៅក្នុងខេត្តចំនួនបីនៃតំបន់ឆ្នេរកម្ពុជា។

សហគមន៍បែបរមណីយដ្ឋានអេកូទេសចរណ៍ទាំងនោះ រួមមាន សហគមន៍ទេស​ចរ​ណ៍ពាមក្រសោប ខេត្តកោះកុង រមណីយដ្ឋានទេសចរណ៍វត្តភ្នំសរសៀ ខេត្តកែប និងរមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត។

សហគមន៍ទេសចរណ៍ពាមក្រសោប ខេត្តកោះកុង បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ មណ្ឌលផលិត និងលក់ផលិតផលសហគមន៍ រួមទាំងការបំពាក់សម្ភារបរិក្ខាបម្រើឱ្យការផលិត និងឡដុតសំរាមមួយ ដែលមានសមត្ថភាពដុតសំរាមបានពី ២-៤ តោនក្នុងមួយថ្ងៃ។

សហគមន៍ទេសចរណ៍វត្តភ្នំសរសៀ ខេត្តកែប បានទទួលបានមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ បង្កាន់ដៃប្រវែង២២៧ម៉ែត្រ និងជណ្តើរនៅក្នុងរូងភ្នំចំនួនពីរប្រវែង១៣ម៉ែត្រ។

ចំណែករមណីយដ្ឋានភ្នំកំពង់ត្រាច ខេត្តកំពត បានទទួលមណ្ឌលព័ត៌មាន បង្គន់អនាម័យសាធារណៈ តូបលក់ចំនួន១៥តូប បង្កាន់ដៃ និងជណ្តើរនៅក្នុងល្អាងភ្នំប្រវែង ២៤០ម៉ែត្រ៕

រដ្ឋាភិបាលមានផែនការសម្ភោធវិមានពហុកីឡដ្ឋានមរតកតេជោនៅចុងខែវិច្ឆិកានេះ

        ដោយៈ សិរី ជេស៊ីកា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃគណកម្មាធិការអូឡាំពិកកម្ពុជា បានលើកលើកឡើងថា រដ្ឋាភិបាលគ្រោង បើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានពហុកីឡដ្ឋានមរតកតេជោ នៅចុងខែវិច្ឆិកានេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោកថោង ខុនប្រធានគណកម្មាធិការអូរឡាំពិកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីផែនការនេះ។

លោកបានពិភាក្សាអំពីផែនការ នៃការរៀបចំសម្ភោធជាផ្លូវការនៃកីឡដ្ឋាននេះឱ្យមានភាពអធឹកអធម និងអស្ចារ្យបំផុត ឱ្យសមទៅនឹងគុណតម្លៃនៃសមិទ្ធិផលជាប្រវត្តិ​សាស្រ្តនេះ ក៏ដូចជាបង្ហាញនូវចំណងមិត្តភាពដែកថែប នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

បើតាមការឱ្យដឹងនៅក្នុងកិច្ចប្រជុំនោះ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ កំពុងស្ថិតក្នុងដំណាក់កាលសំណើរសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ត្បិតពិធីនេះក៏នឹងមានការប្រកួតជាលក្ខណៈមិត្តភាពនៃប្រភេទកីឡាណាមួយ រវាងកម្ពុជា និងចិនសម្រាប់ជាសក្ខីភាពផងដែរ។

ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រារព្ធពិធីប្រគល់ទទួលកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម វ៉ាង យី ទិប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស បន្ទាប់ពីសំណង់ដ៏ប្រណិតនេះបានបញ្ចប់ការសាងសង់់ជាផ្លូវការ ក្នុងតម្លៃប្រមាណ ១៦០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងនៃរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន៕