កំនើនប្រជាសាស្រ្ត បានធ្វើឲ្យខណ្ឌកំបូលកាន់តែរីកសាយទៅលើការអភិវឌ្ឍលំនៅឋាន

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ប៉ែកខាងលិចរាជធានីភ្នំពេញកាន់តែទទួលបានការចាប់អារម្មណ៍ ទៅលើការអភិវឌ្ឍលំនៅឋាន ជាពិសេសប្រភេទលំនៅឋានលក្ខណៈជាបុរី និងលំនៅឋានលក្ខណៈអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន ជាក់ស្ដែងនៅក្នុងកំបូល កំពុងទទួលបានការអភិវឌ្ឍកាន់តែខ្លាំង ទៅលើបុរីទោះបីជាកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី។

បើនិយាយពីកំបូលគេគិតដល់អតីតទីតាំងថ្លឹងរថយន្ត ឬបញ្ជរបង់ប្រាក់សម្រាប់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ។ បច្ចុប្បន្ននេះ តំបន់កំបូលកំពុងទទួលបានការវិនិយោគយ៉ាងសកម្មទៅលើលំនៅឋានប្រភេទជាបុរី ដោយក្នុងនោះគេឃើញថា បុរីពិភពថ្មីរបស់អ្នកឧកញ៉ាហុងពីវ កំពុងមានសកម្មភាពខ្លាំងជាងគេក្នុងតតំបន់នោះ។ នេះមិនទាន់រាប់បញ្ចូ​លពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើនទៀត នៅក្នុងទឹកដីនៃខណ្ឌកំបូលផង។

អ្នកជំនាញអចលនទ្រព្យមើលឃើញថា ទីតាំងមានតម្រូវការទីនោះ នឹងមានការអភិវឌ្ឍ ដើម្បីបំពេញទៅតាមតម្រូវការ ហើយខណ្ឌកំបូល ថ្វីត្បិតតែជាតំបន់ជាយក្រុងពិតមែន តែ សក្ដានុពលអភិវឌ្ឍន៍លំនៅឋាននៅតំបន់នោះក៏មិនចាញ់តំបន់ផ្សេងៗដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា តំបន់ប៉ែកខាងលិច ត្រូវបានចាត់ទុកជាតំបន់មួយ ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍទៅលើលំនៅឋាន ពីព្រោះតំបន់នេះមានបណ្ដុំរោងចក្រឧស្សាហកម្មច្រើន មានហេដ្ឋារចនាសម្ព័ន្ធក៏ងាយស្រួល តភ្ជាប់ពីភ្នំពេញទៅកាន់តំបន់នោះផ្ទាល់ ដូច្នេះតម្រូវការលំនៅឋានវាពិតមានច្រើនជាក់ជាមិនខាន។

លោកបន្តថា “បច្ចុប្បន្នតំបន់មួយចំនួន នៅជាយក្រុងនឹងក្លាយជាតំបន់ក្នុងក្រុងវិញដោយសារតែផែនការពង្រីក ទីក្រុងរងបស់រាជរដ្ឋាភិបាល ហើយពេលនោះតម្រូវការដីធ្លីនិងផ្ទះសំបែងក៏កាន់តែមានច្រើនថែមទៀត ជាមួយនឹងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញ”។

ទោះបីជាខណ្ឌមួយនេះ កំពុងទទួលបានកំណើនអភិវឌ្ឍន៍លើលំនៅឋានក្ដី តែ តំបន់នេះ មិនទាន់មានការអភិវឌ្ឍលើផ្សារទំនើបធំៗនៅឡើយ ហើយប្រជាជនដែលត្រូវការទិញទំនិញក្នុងផ្សារទំនើប ត្រូវធ្វើដំណើរមកកាន់ទីក្រុង ដែលត្រូវចំណាយពេលវេលា ។

យ៉ាងណាក្ដីប្រភពក្រៅផ្លូវការ បានបញ្ជាក់ថានៅពេលឆាប់ៗនេះខណ្ឌកំបូល ជាពិសេសនៅទឹកដីកំបូលតែម្ដង នឹងមានការអភិវឌ្ឍផ្សារទំនើបធំមួយ សម្រាប់បម្រើសេចក្តីប្រកាសរបស់ប្រជាជននៅទីនោះ ខណៈបុរីពិភពថ្មីមួយមានផ្ទះរាប់ម៉ឺនល្វែងទៅហើយមកដល់ពេលនេះ៕

លោកម៉ៅ ធនិននឹងត្រូវផ្ទេរចេញពីខេត្តពោធិសាត់ ទៅកាន់អភិបាលខេត្តកំពត

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ អភិបាលខេត្តពោធិសាត់ លោកម៉ៅ ធនិន ដែលកំពុងទទួលបានប្រជា​ប្រិយភាពសំរាប់ប្រជាជន ក្នុងខេត្តពោធិសាត់ នឹងត្រូវផ្ទេរទៅកាន់តួនាទីជាអភិបាល នៃគណអភិបាលខេត្តកំពតជំនួសវិញ។

យោងតាមព្រះរាជក្រិតនសរកត លេខ០៩២១ ចុះថ្ងៃទី៣០កញ្ញា និងឡាយព្រហស្តលេខាដោយសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ផ្ទេរភារកិច្ចឯកឧត្តមម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ១ ពីអភិបាលនៃគណអភិបាលខេត្តពោធិសាត់ ទៅជាអភិបាលខេត្តកំពត៕

កំណាត់ផ្លូវដែកភ្ជាប់អារ៉ាប់រួមអេមីរ៉ាត ជាមួយអារ៉ាប៊ីសាអូឌីតតម្លៃជាង១០ពាន់លានដុល្លារបានបញ្ចប់ជាស្ថាពរ

ដោយៈសុខុម

ឌូបៃ: កំណាត់ផ្លូវដែកប្រវែងរាប់រយគីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់ជាស្ថាពរហើយនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ កញ្ញា នេះ។

ក្រុមហ៊ុនផ្លូវដែកអារ៉ាប់រួមអេមីរ៉ាត Etihad Rail បានប្រកាសជាផ្លូវការថា កំណាត់ផ្លូវដែកមួយខ្សែប្រវែង១៣៩គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់ជាស្ថាពរហើយ។

ក្រុមហ៊ុនផ្លូវដែករដ្ឋមួយនេះបានបញ្ជាក់ថា កំណាត់ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែកជាតិដ៏ធំរបស់ខ្លួន ដែលលាតសន្ធឹងសរុបប្រវែង១.២០០គីឡូម៉ែត្រ ហើយថា ខ្លួនបានបញ្ចប់ការងារលើកញ្ចប់ទី១ នៃដំណាក់កាលទី២ របស់គម្រោងដែលរួមបញ្ចូលទាំងកំណាត់ផ្លូវដែករត់កាត់តំបន់ Al Ghuwaifat ផងដែរ។

ក្រៅពីការតភ្ជាប់ដែនត្រួតត្រាទាំង៧ នៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត គម្រោងផ្លូវដែកជាតិដ៏ធំសម្បើមនេះ ក៏មានបំណងតភ្ជាប់ប្រទេសនេះ ជាមួយបណ្ដាប្រទេសជិតផងដែរ។

ក្រុមហ៊ុនផ្លូវដែក Etihad Rail បានចេញសេចក្តីថ្លែងការណ៍ថា ការបញ្ចប់កំណាត់ផ្លូវដែកនេះ ជាជំហានដ៏សំខាន់មួយទៀតរបស់ក្រុមហ៊ុន ដែលកាន់តែខិតជិតបញ្ចប់គម្រោងផ្លូវដែកប្រវែង១.២០០គីឡូម៉ែត្រឱ្យទាន់តាមការគ្រោងទុក។

 

យោងតាមសារព័ត៌មានដដែលឱ្យដឹងថា គម្រោងផ្លូវដែកប្រវែង១.២០០គីឡូម៉ែត្រនេះគ្រោងចំណាយអស់ទឹកប្រាក់រហូតដល់ទៅ១០,៩ពាន់លានដុល្លារអាមេរិក ឯណោះ៕   Arab News៕

ក្រុមហ៊ុនDuufryពង្រីកអាជីវកម្មដោយជោគជ័យនូវទីផ្សារលក់រាយទំនិញរួចពន្ធនៅព្រលានយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជា

ដោយៈសុជាតា

ភ្នំពេញៈ ក្រុមហ៊ុន dufry ដែលជាក្រុមហ៊ុនលក់រាយទំនិញរួចពន្ធ នៅតាមព្រលានធ្វើដំណើរ បានពង្រីកដោយជោគជ័យអស់រយៈពេលជាង៥ឆ្នាំ នៅតាមព្រលានយន្តហោះអន្តរជាតិទាំងបីនៅក្នុងប្រទេសកម្ពុជា។

ព្រលានយន្តហោះទាំងបីមាន ដូចជារាជធានីភ្នំពេញ សៀមរាប និងព្រលានយន្តហោះកងកេងក្រុងព្រះសីហនុ ដែលឆ្នាំ២០១៩កន្លងទៅនេះ ព្រលានយន្តហោះទាំងបី បានទទួលភ្ញៀវទេសចរបរទេសប្រមាណ១១,៦ លាននាក់។

ការពង្រីកកិច្ចសន្យាសម្បទា បានចាប់ផ្តើមនៅខែតុលាឆ្នាំ ២០២១ ដែលគ្របដ ណ្តប់ទៅលើការចេញធ្វើដំណើរ និងការមកដល់នៃភ្ញៀវទេសចរណ៍ នៅតាមព្រលានយន្តហោះទាំងបី ដោយពង្រីកតំបន់លក់សរុបប្រមាណ២៦៨០ម៉ែត្រការ៉េ ដែលក្រុមហ៊ុន Dufry បានប្រតិបត្តិការចាប់ពីឆ្នាំ ២០០៣មក។

ផ្នែកខ្លះនៃកិច្ចសន្យាសម្បទាន គឺដើរទន្ទឹមគ្នានឹងផែនការអភិវឌ្ឍតំបន់លក់រាយនៅតាមព្រលានយន្តហោះកម្ពុជា ដែលក្រុមហ៊ុននេះ បានកែលម្អ និងគូរប្លង់ឡើងវិញនូវហាងរួចពន្ធ នៅតាមព្រលានយន្តហោះទាំងបីដូចជា រាជធានីភ្នំពេញ សៀមរាប និង ព្រះសីហនុចាប់តាំងពីឆ្នាំ ២០១៩មក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានអោយដឹងថា គ្រប់ហាងទាំងអស់ នឹងផ្តល់អោយអតិថិជននូវសេវាកម្មល្អប្រសើរ ដោយផ្តោតទៅលើទំនិញរួចផុតដូចជា ទឹកអប់ គ្រឿងកែសម្ពស្សជាដើម។

ដើម្បីស្របទៅតាមផែនការរបស់ព្រលានយន្តហោះទាំងបី ក្រុមហ៊ុនViNCI ក៏បានផ្តល់នូវតាំងបង្ហាញនូវផលិផលក្នុងស្រុក និងវត្ថុអនុស្សារីយ៍ជាដើម។

លោក Pedro Caastro ប្រធានប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិចបាននិយាយថា យើងអរគុណដៃគូប្រទេសកម្ពុជា នឹងផ្តល់កិត្តិយសក្នុងការពង្រីក សហប្រត្តិបត្តិការជិតសិទ្ធិនិង ទំនាក់ទំនងយូរអង្វែងផងដែរ។ ហាងរបស់យើង នឹងផ្តល់អោយធ្វើដំណើរនូវបទពិសោ​ធន៍ខាងហាងទំនិញទាក់ទាញថ្មី ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នូវភ្ញៀវទេសចរបរទេសផងដែរ។

លោក Alian Brun ប្រធានប្រតិបត្តិនៃក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា បានសំដែងការរីករាយនៃភាពជាដៃគូជាថ្មី ដោយបង្ហាញនូវការបោះឆ្នោតនូវទំនុកចិត្ត ដោយភាគហ៊ុនិក មានសុទ្ធិនិយមសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស និងការត្រឡប់មកវិញនៃអ្នកធ្វើដំណើរជាមួយអ្នកលក់ទំនិញ ដែលបង្កើតនូវផលិតផលថ្មីៗជាច្រើន។

ដើម្បីផ្តល់នូវបទពិសោធន៍គ្មានដែនកំណត់ និងដោះស្រាយនូវនិន្នាការចុងក្រោយ ក្រុមការងាររបស់យើង នឹងអាទិភាពរូមទាំងការបង្កើត វេទិការ E-commerce និងការផ្តល់ការលក់ទំនិញតាមអនឡាញផងដែរ៕

សាលា NPICប្តេជ្ញាបន្តអភិវឌ្ឍគម្រោងដ្រូនឲ្យក្លាយជាប្រយោជន៍ដល់វិស័យ កសិកម្មនិងពន្លត់អគ្គិសភ័យ

        ដោយៈសហសេវិក

ភ្នំពេញៈ ថ្នាក់ដឹកនាំ និងសិស្សនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នឹងបន្តអភិវឌ្ឍលើគម្រោងដ្រូន(Drone) ដែលកំពុងសិក្សាស្រាវជ្រាវសព្វថ្ងៃ ឲ្យក្លាយជាដ្រូនពិសេស ដើម្បីបម្រើការដល់វិស័យកសិកម្ម ដ្រូនតាក់ស៊ី និងប្រើប្រាស់សម្រាប់ពន្លត់អគ្គិសភ័យជាដើម។

លោកសាស្រា្តចារ្យ សារិន សិរីវុត្ថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍប     ច្ចេកវិទ្យានៃវិទ្យាស្ថានNPIC បានឲ្យដឹងនាព្រឹកថ្ងៃទី៣០ កញ្ញាកន្លងមកថា ដ្រូនដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ អាចដំណើរការដោយប្រើប្រាស់អាគុយ និងអាចដឹកបានទម្ងន់៦០គីឡូក្រាម ដោយហោះបានកម្ពស់៤ម៉ែត្ររយៈពេលដប់នាទី។

លោកឲ្យដឹងទៀតថា “ក្នុងដំណាក់កាលស្រាវជ្រាវ និងពិសោធសមត្ថភាពរបស់ដ្រូនពិសេសនេះ ក្រុមការងារបានប្រើប្រាស់ថវិកាប្រមាណ២ម៉ឺនដុល្លារ”។

ទាក់ទិននិងគម្រោងដ្រូននេះ យុវជន ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មមេកានិច និងយុវជន ឡុញ វ៉ាន់ សិទ្ធិ និស្សិតឆ្នាំទី៤ ជំនាញវិស្វកម្មអេឡិចត្រូនិច បាននិយាយថា តាមគម្រោងផលិតដ្រូននេះ នឹងត្រូវចំណាយពេលរ៥ឆ្នាំ។ គិតមកទល់បច្ចុ​ប្បន្ន ដ្រូនមួយនេះអាចជួយសម្រាល បន្ទុកការងារមនុស្សបានមួយចំណែកផងដែរ ខណៈដែលពួកគេរំពឹងថា ដ្រូននេះ នឹងអាចជួយសម្រាលការងារមនុស្ស កាន់តែច្រើនថែមទៀតលើវិស័យនានា ជាពិសេសវិស័យកសិកម្ម និងពន្លត់អគ្គិសភ័យ។

លោក ប៊ុន ភារិន នាយកវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា រយៈកាល១៦ឆ្នាំដែលលោកដឹកនាំមកនេះ សាលាពិតជាមានមោទនភាពជាមួយនិស្សិតខ្មែរ ដែលមានគំនិតច្នៃប្រឌិតច្រើន នៅពេលដែលរឿងខ្លះដែលនឹកមិនស្មានដល់ ក៏អាចធ្វើបានរាប់ទាំងឧបករណ៍សម្ភារៈ គ្រប់វិស័យទាំងផ្នែកមេកានិច អគ្គិសនីអេឡិចត្រូនិក និងឌីជីថលផ្សេងៗជាច្រើនទៀត ព្រោះរាល់ពេលនិស្សិតបញ្ចប់ការសិក្សា គាត់តែងតែធ្វើអ្វីមួយដើម្បីជាគម្រោងសម្រាប់បញ្ចប់ អញ្ចឹងស្នាដៃរបស់គាត់ប្លែកៗច្រើននិងគ្រប់វិស័យទាំងអស់។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ លោក ឡេង ណាវ៉ាត្រា និងលោក ឧកញ៉ាឡេង ប្រុស បាននាំយកថវិកាចំនួន១៥,០០០ដុល្លារអាមេរិក ជូនដល់វិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា(NPIC) សម្រាប់ការសិក្សាស្រាវជ្រាវ និងលើកទឹកចិត្តដល់សិស្សនិស្សិ ត ដែលខិតខំក្នុងការបង្កើតដ្រូននេះឡើង ដើម្បីជាប្រយោជន៍សង្គមជាតិទាំងមូល។

ដ្រូនពិសេសនេះ មានសមត្ថភាពដឹកមនុស្សបានម្នាក់ ដែលក្រុមនិស្សិតនៅវិទ្យាស្ថាន NPIC ផលិតឡើងនេះមានទម្ងន់សរុប ១២៥គីឡូក្រាម មានកៅអី១ ដៃបែកខ្នែងជា៤ បំពាក់ស្លាបចំនួន៨ វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ម៉ែត្រ និងចម្ងាយប្រមាណ១០០ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។ ស្នាដៃរបស់និស្សិតកម្ពុជាខាងលើនេះ ក៏ទទួលបានការចាប់អារម្មណ៍ ពីបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗជាច្រើនផងដែរ៕

ក្រសួងរ៉ែនិងថាមពលទាមទារឱ្យម្ចាស់នាវាMT Strovolos ប្រគល់ប្រេងឆៅ មកឱ្យកម្ពុជាវិញ

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រសួងរ៉ែនិងថាមពលកម្ពុជា បានប្រកាសច្រានចោលនូវសេចក្តីប្រកាសរបស់ម្ចាស់នាវា ដែលលួចដឹកប្រេងឆៅចេញពីកម្ពុជា ជាង៣០ម៉ឺនបារ៉ែលជាកម្មវិធីនៃការទាមទារប្រាក់ពីកម្ពុជា ហើយក្រសួងរ៉ែ និងថាមពល ក៏សូមឱ្យម្ចាស់នាវានេះប្រគល់ប្រេងឆៅទាំងនោះមកកម្ពុជាវិញផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៣០កញ្ញា២០២១ បានបញ្ជាក់ថា ប្រេងឆៅ៣០ម៉ឺនបារ៉ែលនោះ ជាទ្រព្យសម្បត្តិរបស់កម្ពុជា មិនអាចក្លាយជាកម្មវត្ថុ នៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រងនាវា MT Strovolos បានឡើយ ព្រោះថាប្រេងឆៅទាំងនេះមិនមែនជាកម្មសិទ្ធរបស់ ក្រុមហ៊ុនKrisEnergyដែលជាអ្នកជួលនាវានោះទេ។ គ្មានការទាមទារណាមួយ ក្រោមកិច្ចព្រមព្រៀងជួលនាវា អាចផ្តល់ហេតុផលសមរម្យ ឬអនុញ្ញាតឱ្យនាវាMT Strovolos ចាក់ចេញពីកម្ពុជាដោយខុសច្បាប់ ឬអនុញ្ញាតឱ្យមានការរំលោភបំពានកម្មសិទ្ធិប្រេងឆៅរបស់កម្ពុជាឡើយ។

ក្រសួងរ៉ែ និងថាមពល អះអាងថា ពួកគេគួរតែត្រូវរៀបចំបង្វិលសងប្រេងឆៅមកឱ្យ​ម្ចាស់ស្របច្បាប់ គឺព្រះរាជាណាចក្រកម្ពុជាវិញ និងគួរតែបោះបង់ការព្យាយាមណាមួយ ទាមទារប្រាក់ពីកម្ពុជា ចំពោះបញ្ហាដែលជាវិវាទរបស់ពួកគេជាមួយ និងក្រុមហ៊ុន គ្រីសអេនើជី។

នាវាMT Strovolos ត្រូវបានចតនៅតំបន់ គម្រោងប្រេងកាតអប្សរាបំពេញតួនាទី របស់ខ្លួនជានាវាផ្ទុក និងផ្ទេរប្រេងឆៅ ដែលត្រូវបានជួលដោយក្រុមគ្រីសអេនើជី ដែលជាក្រុមទទួលបានសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា។

ក្រុមនាវិកនៃនាវានេះ បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹ​ង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយ នូវប្រេងឆៅរបស់កម្ពុជាចំនួន២៩៥. ០០០បារ៉ែល។ នៅអំឡុងចុងខែកក្កដា នាវារួមនឹងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពីចូលចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

ក្រសួងបានបញ្ជាក់ថា ទោះបីជាមានការស្នើសុំឱ្យវិលត្រឡប់មកវិញក៏ដោយ ក៏នាវានេះមិនព្រមត្រឡប់មកដែនទឹកកម្ពុជាឡើយ។ ដោយប្រើប្រាស់សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំ និងបានទំនាក់ទំនងដោយផ្ទាល់ ជាមួយអាជ្ញាធរឥណ្ឌូណេស៊ី និងតាមរយៈប៉ូលីសអាំងទែប៉ូលឱ្យចាប់ខ្លួន និងធ្វើបត្យាប័នក្រុមនាវិកទាំងនោះ មកព្រះរាជាណាចក្រកម្ពុជា ស្របតាមនីតិវិធីដែលមានកំណត់ ក្នុងសន្ធិសញ្ញាអាស៊ាន ស្តីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងច្បាប់កម្ពុជាដែលពាក់ព័ន្ធ៕

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានារបស់ប្រទេសចិនកំពុងសម្រុកវាយលុក ទីផ្សារអឺរ៉ុបទ្រង់ទ្រាយធំ

ដោយៈសុខុម

ប៉េកាំង: ពេលនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនានា របស់ប្រទេសចិន កំពុងសម្រុកវាយលុកទីផ្សារអឺរ៉ុប ទ្រង់ទ្រាយធំដើម្បីដណ្ដើមចំណែកទីផ្សារ ខណៈទ្វីបនេះកំពុងជំរុញការផលិតរថយន្តអគ្គិសនី ដើម្បីឆ្ពោះទៅរកការកាត់បន្ថយការបំភាយ ឧស្ម័នកាបូន  ឱ្យមកនៅកម្រិតសូន្យនៅថ្ងៃអនាគត។

តួយ៉ាងក្រុមហ៊ុនចិន Nio Inc ដែលទំហំមូលធនូបនីយកម្មទីផ្សារ (Market Capitaliization) បានហក់ចូលទីផ្សារអឺរ៉ុប ជាលើកដំបូង ដោយបានបញ្ចេញរថយន្តអគ្គិសនីម៉ូឌែល ES8 របស់ខ្លួននៅក្នុងទីក្រុងអូស្លូ ប្រទេសន័រវែស នៅថ្ងៃព្រហស្បតិ៍ ទី៣០ កញ្ញា នេះ។

ម៉ាកយីហោ (Brand) ជាច្រើនផ្សេងទៀតដែលពលរដ្ឋអឺរ៉ុប មិនសូវស្គាល់ដែលបានចាប់ផ្តើមលក់ ឬមានគម្រោងលក់រថយន្តនៅទ្វីបនេះរួមមាន Aiways ម៉ូឌែល Tang របស់ក្រុមហ៊ុន BYD ម៉ូឌែល MG របស់ក្រុមហ៊ុន SAIC ម៉ូឌែល VOYAH របស់ក្រុមហ៊ុន Dongfeng និងម៉ូឌែល ORA របស់ក្រុមហ៊ុន Great Wall ជាដើម។

ទោះជាយ៉ាងណា ទីផ្សាររថយន្តនៅអឺរ៉ុប ដែលមានការប្រកួតប្រជែងខ្លាំងទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកគុណភាព និងក្ដោបក្ដាប់ដោយម៉ាកយីហោល្បីៗ គឺមិនងាយស្រួលឡើយសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន ដណ្ដើមចំណែកទីផ្សារក្នុងពេលកន្លងមក។ នោះក៏ដោយសារតែគេយល់ថា រថយន្តចិនចំណាយតិចនៅក្នុងការផលិត និងមានគុណភាពអន់។

ជាការពិតណាស់ លោក William Li នាយកប្រតិបត្តិក្រុមហ៊ុន Nio Inc បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកទទួលស្គាល់ថា ផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យគឺនៅវែងឆ្ងាយណាស់ នៅក្នុងទីផ្សារចាស់ទុំនេះ ដែលខ្លួនពិបាកនឹងទទួលបានជោគជ័យ។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនផលិតរថយន្តចិននានា ប្រហែលជាត្រូវការពេ​លមួយទសវត្សរ៍ទម្រាំតែអាច “ឈរជើងរឹងមាំ” នៅក្នុងទីផ្សារអឺរ៉ុប ហើយលោក He Xiaopeng នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីXpeng ក៏យល់ស្របដូចលោកដែរ។

ខណៈការលក់រថយន្តអគ្គិសនីនៅសហភាពអឺរ៉ុប បានកើនឡើងទ្វេដងកាលពីឆ្នាំមុន និងកើនឡើង១៣០%ក្នុងឆមាសទី១ឆ្នាំនេះ ក្រុមហ៊ុនផលិតនានាបានសម្រុកងាកទៅផលិតរថយន្តអគ្គិសនីទ្រង់ទ្រាយធំ ដើម្បីដណ្ដើមចំណែកទីផ្សារ៕ Reuters៕

សកម្មភាពអាជីវកម្ម សេដ្ឋកិច្ច និងទេសចរណ៍កើនឡើងនៅក្រុងព្រះសីហនុ

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ សកម្មភាពសេដ្ឋកិច្ច និងបណ្តាអាជីវកម្មនានា ពិសេសភ្ញៀវទេសចរណ៍ទៅទស្សនានៅខេត្តព្រះសីហនុ បានកើនឡើងខ្ពស់នៅខែកញ្ញានេះ ដោយសារកត្តាសំខាន់ៗមួយចំនួន។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកលឹម សុចិត្រគ្រឹះស្នាបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣០ កញ្ញានេះថា ចាប់ពីរដ្ឋបាលខេត្តបានអនុញ្ញាត្តឲ្យរមណីយ     ដ្ឋាន​ ភោជនីយកម្ម និងអាជីវកម្មនានាបើកដំណើរការឡើងវិញ នៅដើមខែកញ្ញានេះ និងបានចុះត្រួតពិនិត្យលើវិធានសុវត្ថិភាពម៉ត់ចត់ យើងឃើញថាកំណើនភ្ញៀវទេសចរណ៍បាន​កើនឡើងរហូត ពិសេសនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ យើងរំពឹងទទូ​លបានកំនើនភ្ញៀវទេសចរណ៍ថែមទៀត។

លោកបន្តថា “ការកើនឡើងភ្ញៀវទេសចរណ៍ គឺដោយសារដ្ឋបាលខេត្តធ្វើការគ្រប់​គ្រងស្ថានភាពរីករាលដាលជំងឺកូវីដបានល្អប្រសើរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋបានល្អ”។លោកបន្តថា “ការរៀបចំតំបន់ឆ្នេរ អនាម័យ និងការផ្សព្វផ្សាយបានទូលំទូលាយ ក៏ជាផ្នែកសំខាន់ជួយដល់វិស័យទេសចរណ៍៍ផងដែរ”។

ជាមួយគ្នានេះ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការរីករាលដាលជជំងឺកូវីដនៅតែបន្ត ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន ដែលធ្វើឲ្យសកម្មភាពអាជីវកម្មក្នុងខេត្តនេះ បានមានសកម្មភាពកើនឡើង ទាំងភ្ញៀវទេសចរ ណ៍ក្នុងស្រុក ដែលបានមកទស្សនាក្នុងខេត្តកើនឡើង។

លោកបន្តថា “ប្រជាជនមូលដ្ឋាន និងភ្ញៀវទេសចរណ៍កក្នុងស្រុក បានមកទស្សនាក្នុងខេត្តកើន ប៉ុន្តែមិនទាន់មានចំនួនច្រើនខ្លាំងនៅឡើយទេ”៕

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញបច្ចុប្បន្នភាពនៃនាវាMT Strovolos និងក្រុមនាវិកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចប្រេងឆៅរបស់កម្ពុជា

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញបច្ចុប្បន្នភាពនៃនាវា MT Strovolos និងក្រុមនាវិក ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសលួចប្រេងឆៅរបស់កម្ពុជា។

ដំណឹងល្អៈគម្រោងវិនិយោគរបស់ឧកញ៉ាទ្រីភាពទំហំ១៣០លានដុល្លារបាន ចេញដំណើរហើយ

        ដោយៈសិរី ជេស៊ីកា

        កែបៈ គំរោងវិនិយោគសណ្ឋាគារកម្រិតផ្កាយ៥ និងសេវាកម្មបដិសណ្ឋារកិច្ចទេស​ចរណ៍តម្លៃ១៤៣០លានដុល្លាររបស់លោកឧកញ៉ាទ្រី ភាពបានចាប់ផ្តើមដំណើរការសាងសង់ហើយ។

គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនេះ ស្ថិតនៅលើផ្ទៃដី១៤០ហិកតា នៅកោះទន្សា​​យ ជាកោះល្បីល្បាញជាងគេនៅក្នុងខេត្តកែប។

អភិបាលរងខេត្តកែប លោក វ៉ៅ សុខាបានឱ្យដឹងកាលពីម្សិលម៉ិញនេះថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។

គម្រោងវិនិយោគកោះទន្សាយនេះ ទទួលបានលិខិតអនុញ្ញាតវិនិយោគពីក្រុមប្រឹ​ក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តោតលើការវិនិយោគរីសត មានដូចជាសណ្ឋាគារផ្កាយ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្តតាមឆ្នេរ និងការជិះកន្រ្តកលើអាកាសជាដើម។

លោក វ៉ៅ សុខាបានបន្តថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើផ្ទៃដី១៤០ហិកតា ហើយ ការអភិវឌ្ឍចែកជាដំណាក់កាលៗ។

លោកបានបន្តថា “នៅពេលមានការអភិវឌ្ឍ គម្រោងវិនិយោគនៅលើកោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែម ហើយក៏ជាការរួមចំណែកដល់ការអភិវឌ្ឍនិងការវិនិយោគនៅខេត្តកែបទាំងមូលផងដែរ”៕

គួរបញ្ជាក់ថា មុនក្រុមហ៊ុន ទ្រី ភាព គ្រុប រដ្ឋាភិបាលធ្លាប់បានប្រគល់សិទ្ធិវិនិយោគលើកោះទន្សាយចំនួន ២ក្រុម ប៉ុន្តែអាជ្ញាបណ្ណត្រូវបានដកមកវិញ បន្ទាប់ពីក្រុមហ៊ុនមិនមានសកម្មភាពអភិវឌ្ឍន៍តាមផែនការ។