ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ដោយសារតែស្ថានភាពកូវីដ១៩ បានបង្កផលប៉ះពាល់ទៅលើវិស័យនានាគាំទ្រដល់សេដ្ឋកិច្ច ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះជាអវិជ្ជមានក្នុងឆ្នាំ២០២០កន្លងទៅ។ ឃើញស្ថានភាពបែបនេះ ធនាគារពិភពលោកបានសន្យាថានឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងជាវិជ្ជមានឡើងវិញ នៅឆ្នាំក្រោយបន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាល។
នៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី៣ ធ្នូ ២០២១ ស្ដីពីបច្ចុប្បន្នកម្មនៃក្របខ័ណ្ឌភាពជាដៃគូររវាងកម្ពុជា និងធនាគារពិភពលោក លោកស្រី ម៉ារៀម ហ្សឺម៉ាន់ នាយកប្រចាំប្រទេសភូមា កម្ពុជា និងឡាវ នៃធនាគារពិភពលោក បានឱ្យដឹងថា ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្ពុជាជួបនូវបញ្ហាប្រឈមជាច្រើនដែលជះឥទ្ឋិពលដល់កំណើនសេដ្ឋកិច្ច ដែលតម្រូវឲ្យពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរយៈវែង។
លោកស្រីបន្តថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះមហន្តរាយជាទីបំផុត ដោយសារការប្រែប្រួលអាកាសធាតុ កង្វះអាហារូបត្ថម្ភ និងការផ្គត់ផ្គង់ទឹកស្អាត។ ជាមួយនោះ ធនាគារពិភពលោក នឹងពិនិត្យមើលនូវយន្តការទាំងឡាយណាក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាសំដៅស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៏ថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ទៅលើ ទី១. បង្ហាញពីការវាយតម្លៃលើនិន្នាការក្នុងតំបន់ និងជាសកលអំពីស្ថានភាពក្រោយការរីករាលដាលនៃជម្ងឺកូវីដ១៩ និងថាតើបញ្ហាប្រឈម និងកាលានុវត្តភាព អាចតម្រង់ទិសក្នុងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញដោយរបៀបណា ទី២. ពិនិត្យ និងវាយតម្លៃទៅលើកាលានុវត្តភាពជាក់លាក់ ក្នុងផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ឋដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជំនាញ និងឱកាសការងារ ការគាំពារសង្គម និង ទី៣. ពិភាក្សាអំពីយុទ្ឋសាស្ត្រ ដែលធនាគារពិភពលោកគួរប្រកាន់យកដើម្បីផ្តល់ការគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលមធ្យម។
លោកបន្តថា កត្តាជំនាញ នៅតែជាឧបសគ្គសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់លើការពង្រឹងប្រសិទ្ឋិភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី TVET 2017-2025 ក៏ដូចជាការរៀបចំកម្មវិធីសាកល្បង SDFឱ្យកាន់តែមានលក្ខណៈឆ្លើយតប និងមានប្រសិទ្ឋភាព។
លោកថា “យើងកត់សម្គាល់ឃើញថា កម្មវិធីជំនួយសង្គមដែលរាជរដ្ឋាភិបាលបានដាក់ចេញនឹងអាចដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជនងាយរងគ្រោះហើយជំនួសវិញដោយកម្មវិធីជំនួយសង្គមដែលមានលក្ខណៈអចិន្ត្រៃយ៏ និរន្តរភាព និងអាចទទួលយកបាន។”
លោកបន្ថែមថា ចំណាយថវិកាជាតិឆ្នាំ២០២២ សរុបប្រមាណ ៨.០១៣ លានដុល្លារ ក្នុងនោះ ៤.៧០១ លានដុល្លា សម្រាប់ចំណាយចរន្ត និងថវិកានៅសល់ប្រមាណ ៣.៣១២ លានដុល្លា សម្រាប់ចំណាយលើការវិនិយោគសាធារណៈ។ រាជរដ្ឋាភិបាលកំពុងកំណត់គោលដៅកម្ចីចំនួន ១.៦០០លានដុល្លារ និងបោះផ្សាយប័ណ្ណភាគហ៊ុនដំបូងចំនួន ៣០០លានដុល្លារ។
លោកបញ្ជាក់ថា កិច្ចប្រជុំដ៏សំខាន់នេះ នឹងមិនត្រឹមតែធានាបាននូវបរិយាប័ន្នប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវលទ្ឋផលប្រកបដោយគុណភាព ដើម្បីជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីក្រោមក្របខ័ណ្ឌជំនួយរបស់ធនាគារពិភពលោកចំពោះកម្ពុជា៕