កាន់តែងាយស្រួល! បើកគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងតាមកម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង

ដោយ សហការី

ភ្នំពេញ​៖ ​​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថានហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​ប្រកាស​ពីការធ្វើទំនើបកម្ម​កម្មវិធីសេវាធនាគារចល័តរបស់​ខ្លួន ដោយបន្ថែមសេវា និងមុខងារទំនើបថ្មីៗមួយចំនួន។ ដោយមានឈ្មោះថាកម្មវិធី ប្រាសាក់ម៉ូបាលប៊ែងឃីង កម្មវិធីនេះអនុញ្ញាតឱ្យអតិថិជនបើកគណនីបញ្ញើមានកាលកំណត់បានភ្លាមៗ ប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាព ដោយមិនចាំបាច់ជួបផ្ទាល់ជាមួយបុគ្គលិក ឬ អញ្ជើញទៅសាខាប្រាសាក់ឡើយ។ ​

កម្មវិធីនេះទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ជាមួយនឹងមុខងារពិសេសថ្មីៗ ដូចជា ការកំណត់លេខសម្ងាត់ថ្មី ការចូលប្រើប្រាស់ដោយលេខទូរស័ព្ទ ការចែករំលែកព័ត៌មានគណនី និងមុខងារផ្សេងទៀត ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារប្រកបដោយសុវត្ថិភាព នៅលើទូរស័ព្ទផ្ទាល់ខ្លួនរបស់ពួកគាត់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ការសម្រេចបានលទ្ធផលថ្មីនេះ កើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រាសាក់ ដើម្បីបម្រើតម្រូវការរបស់អតិថិជនផ្នែកឌីជីថលដែលមានការកើនឡើង ផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏សម្បូរបែបនិងសុវត្ថិភាព ព្រមទាំងបង្កើនការផ្ដល់ជូនលើសេវាឌីជីថលរបស់ខ្លួន។

ថ្លែងពីការអភិវឌ្ឍឱ្យកាន់តែប្រសើរលើកម្មវិធីធនាគារចល័តនេះ ​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​មានប្រសាសន៍ថា​ ​«ប្រាសាក់ ប្តេជ្ញានាំមកនូវបច្ចេកវិទ្យាថ្មីៗ និងដំណោះស្រាយនវានុវត្តន៍នានា ដើម្បីធ្វើឱ្យការធ្វើប្រតិបត្តិសេវាធនាគារមានសុវត្ថិភាពនិងភាពងាយស្រួល ដើម្បីរត់ឱ្យទាន់ដំណើរសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យាដ៏លឿនរហ័ស និងចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ។ យើងបានពន្លឿនយុទ្ធសាស្រ្តឌីជីថលរបស់យើង ដែលឆ្លុះបញ្ចាំងនិងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលត្រូវការសេវាអនឡាញដែលមានភាពងាយស្រួល។ យើងកំពុងផ្តល់ជូននូវសេវានិងមុខងារថ្មីៗដែលជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ដោយមិនចាំបាច់តម្រូវឱ្យអតិថិជនអញ្ជើញទៅសាខាផ្ទាល់ ដែលនេះជាចំណែកមួយដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19ផងដែរ»​។

លោកបានបន្ថែមថា ​«ឥឡូវនេះ កម្មវិធី PRASAC Mobile Banking អាចអនុញ្ញាតឱ្យអតិថិជនបើកគណនីបញ្ញើមានកាលកំណត់ បានគ្រប់ពេលវេលា​ គ្រប់ទីកន្លែង ជាមួយអត្រាការប្រាក់ខ្ពស់ជាងគេ ដោយអាចដាក់បញ្ញើចាប់ ពីចំនួនទឹកប្រាក់តិចបំផុត 200,000 រៀល ឬ 50 ដុល្លារអាមេរិកឡើងទៅ ជាមួយនឹងរយៈពេលចាប់ពី 1 ខែដល់ 5 ឆ្នាំទៅតាមតម្រូវការរបស់អតិថិជន។ ដាក់ប្រាក់នៅប្រាសាក់គឺជាជម្រើសដ៏ឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើនសាច់ប្រាក់របស់លោកអ្នក‍»។

សូមបញ្ជាក់ផងដែរថា កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ដល់​លទ្ធភាព​ជូន​អតិថិជន​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​ ​និង​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដ៏​សម្បូរ​បែប​ប្រកបដោយ​ភាព​លឿន​រហ័ស​ ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ខ្ពស់​។​ កម្មវិធី​នេះ ​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ​ទូទាត់​វិក្កយបត្រ​ ​បញ្ចូល​កាត​ទូរស័ព្ទ​ ​ស្កេន​ QR កូ​ដ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ពិនិត្យ​សមតុល្យ​និងបើកគណនី​គណនី​បញ្ញើ​មានកាល​កំណត់​ ​ផ្ទេរ​ប្រាក់​ទៅ​វ៉ា​ឡេ​ត​ ​និង​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត​។​

កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​នៅ​ ​A​p​p​ ​Store​ ​និង​ ​Goo​g​l​e​ ​Play​ ​Store​ ​ដោយ​ឥត​គិតថ្លៃ​។​ សូមបើកគណនីសន្សំនៅប្រាសាក់ថ្ងៃនេះដើម្បីទទួលបានអត្ថប្រយោជន៍ពីមុខងារថ្មីៗជាច្រើនពីកម្មវិធីនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ​h​t​t​p​s://​bit​.​l​y​/3​y​g​t​s​a​o ​ឬ​ហៅ​ទូរស័ព្ទ​មក​លេខ​ 086 999 911 ​ឬ​ 023 999 911​៕

រដ្ឋាភិបាលថៃ អនុម័តផែនការសកម្មភាពលើដីធ្លីក្នុងសង្កាត់ជាច្រើននៃក្រុងបាងកកដើម្បីសាងសង់ស្ពានថ្មី

ដោយៈសុខុម

បាងកក: គណៈរដ្ឋមន្រ្តីថៃ បានអនុម័តការធ្វើអស្សាមិករណ៍ លើដីធ្លីក្នុងសង្កាត់ជាច្រើននៃក្រុងបាងកក ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការសាងសង់ស្ពានថ្មីមួយ ដែលមានគន្លងផ្លូវរហូតដល់ទៅ៦ ឆ្លងកាត់ទន្លេចៅប្រាយ៉ា (Chao Phraya River)។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៣០ កញ្ញា។

អស្សាមិករណ៍ សំដៅដល់ការដកហូតកម្មសិទ្ធិ លើអចលនវត្ថុរបស់រូបវ័ន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈរួមមាន ដី សំណង់ និងដំណាំដាំដុះសម្រាប់ដំណើរការស្ថាបនាស្តារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈ ដែលបម្រើផលប្រយោជន៍សាធាណៈ និងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមធ្វើអស្សាមិករណ៍ លើដីធ្លីក្នុងតំបន់ Bang O នៃសង្កាត់ Bang Phlat នៅតាមបណ្ដោយផ្លូវ Nakhon Chai Si Road ក្នុងសង្កាត់ Dusit និងតំបន់ Bang Sue។ ដីនៅតំបន់ Samsen Nai នៃសង្កាត់ Phaya Thai និងតំបន់ Chomphon នៃសង្កាត់ Chatuchak និងតំបន់មួយចំនួនទៀតនៃសង្កាត់ Chatuchak ក៏នឹងត្រូវទិញយកសម្រាប់គម្រោងសាងសង់ស្ពាននេះផងដែរ។

យោងតាមលោកស្រី Ratchada Dhnadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងថា ស្ពានថ្មីនេះ នឹងមានគន្លងផ្លូវចំនួន៦គន្លង លាតសន្ធឹងប្រវែង៣២០ម៉ែត្រ ឆ្លងកាត់ទន្លេចៅប្រាយ៉ា ក្បែរវិមានរដ្ឋសភាថ្មី ត្រង់ចំណុចផ្លូវប្រសព្វ Kiakkai ក្នុងសង្កាត់ Dusit។

អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ស្ពាននេះនឹងជួយសម្រួលការកកស្ទះចរាចរណ៍នៅភាគខាងជើង នៃទីក្រុងបាងកកបានច្រើន។ លោកស្រីក៏បានលើកឡើងដែរថា ក្រុមអ្នកធ្វើផែនការ មានគោលបំណងធ្វើឱ្យប្រាកដថា គម្រោងនេះមិនបង្កការរាំងស្ទះដល់សកម្មភាពនានា និងកម្មវិធីដែលធ្វើឡើងនៅវិមានរដ្ឋសភា និងតំបន់ជុំវិញនោះ។

លោកស្រីបញ្ជាក់ថា រដ្ឋបាលក្រុងបាងកក បានរៀបចំវេទិកាសាធារណៈចំនួន៤រួចមកហើយ ដើម្បីប្រមូលមតិរបស់ពលរដ្ឋ និងភាគីពាក់ព័ន្ធនានា។ លោកស្រីបន្តថា “យើងក៏បានធ្វើការវាយតម្លៃ ផលប៉ះពាល់ផ្នែកបរិស្ថាន នៅតំបន់បុរាណវិទ្យាក្បែរៗនោះ និងសារមន្ទីរជាតិក្រុងបាងកកផងដែរ”។

អ្នកនាំពាក្យរូបនេះបានបន្តថា សម្រាប់ដំណាក់កាលបន្ទាប់ ក្រុមមន្រ្តីនឹងចុះវាស់វែងដោយផ្ទាល់នូវដីធ្លី ដែលនឹងត្រូវដកហូតដើម្បីធានាថា ការទិញដីធ្លីត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងយុត្តិធម៌។

ជាចុងក្រោយ លោកស្រីបានថ្លែងថា នៅពេលស្ពាននេះ ត្រូវបានសាងសង់រួចរាល់ វានឹងអាចឱ្យរថយន្ត បើកឆ្លងកាត់បានប្រមាណ១០០.០០០គ្រឿងក្នុងមួយថ្ងៃៗ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ នៅផ្នែកខាងជើងនៃក្រុងបាងកកបានច្រើន៕ Bangkok Post៕

ប្រទេសចិនបានជំរុញឲ្យវិស័យធនាគារជៀសវាងការបំប៉ោងតម្លៃផ្ទះដើម្បីដោះស្រាយ ហានិភ័យនៃវិបត្តិ Evergrande

ដោយៈសុជាតា

ប្រទេសចិនៈ រដ្ឋាភិបាលចិន បានជំរុញអោយធនាគាររក្សាសេ្ថរភាព ទីផ្សារគេហ​ ដ្ឋាន ដោយជៀសវាងការបំប៉ោងការភ័យខ្លាចដែលថា វិបត្តិបំណុល Evergrande អាចរាលដាលដល់វិស័យអចលនទ្រព្យ។

ដោយមានបំណុលជាង៣០០ពាន់លានដុល្លារ ដែលត្រូវតស៊ូនឹងចំណាយ ក្រុមហ៊ុនអចលនទ្រព្យប្រទេសចិនដ៏ធំនេះ ប្រឈមមុខនឹងការដួលរំលំនឹងត្រូវហានិភ័យជាប្រព័ន្ធសម្រាប់ សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចពិភពលោក។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ ធនាគារប្រជាជនចិន បាននិយាយថា វិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន ត្រូវប្រឈមមុខនឹងគោលដៅរក្សាតម្លៃ គេហដ្ឋាន និងដីធ្លីស្ថេរភាព ហើយមិនប្រើប្រាស់ការទិញ លក់អចលនទ្រព្យ សម្រាប់គោលដៅសេដ្ឋកិច្ចរយៈពេលខ្លី។

ធនាគាកណ្តាលប្រទេសចិន បានចង្អុលបង្ហាញអោយដឹងថា ផ្ទះសំបែងគឺសម្រាប់ប្រើប្រាស់សម្រាប់រស់នៅ មិនមែនសម្រាប់ស្វែងរកប្រាក់ចំណេញរយៈពេលខ្លីនោះទេ។

អាជ្ញាធរប្រទេសចិន បានសំដែងការព្រួយបារម្ភពីវិបត្តិ Evergrands អាចប៉ះពាល់ទៅដល់វិស័យអចលនទ្រព្យប្រទេសចិន ដែលបានពង្រឹងបទប្បញ្ញត្តិនានា ដើម្បីទបស្កាត់ការបំប៉ោងតម្លៃអចលនទ្រព្យជាដើម។
សារព័ត៌មានចិន បានរាយការណ៍ថា រដ្ឋាភិបាលស៊ិនជិន បានចាប់ផ្តើមទៅលើការវិនិយោគ Evergrands ផងដែរ។

បទប្បញ្ញត្តិករហិរញ្ញវត្ថុ បានសរសេរលិខិតទៅអ្នកវិនិយោគ ដើម្បីស៊ើបអង្កេត ប្រមូលព័ត៌មានអំពី ទ្រព្យសម្បត្តិ Evergrands ។

ក្រុមហ៊ុន Evergrands បានចាប់ផ្តើមដំណើរលក់ទ្រព្យសកម្ម រួមបញ្ចូលការលក់ចំនែកភាគហ៊ុន១៥០០លានដុល្លារ នៅក្នុងតំបន់ប្រទេសចិនទៅក្នុងក្រុមហ៊ុនរដ្ឋចិន។

អ្នកអភិវឌ្ឍបាននិយាយថា ក្រុមហ៊ុនបានចំណាយ១០ភាគរយ សម្រា់បផលិតផលវិនិយោគនៅខែកញ្ញា ដែលមូលនិធិនឹងត្រូវប្រកាសសម្រាប់គណនីអ្នកវិនិយោគ។

ជាងនេះទៀត ក្រុមហ៊ុនចំណាយអត្រាការប្រាក់៤៧. ៥លានដុល្លារ នៅលើសញ្ញាបណ្ណជាប្រាក់ដុល្លារអាមេរិក មានរយៈពេលតិចជាង១សប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សនេះនឹងចំណាយសម្រាប់សញ្ញាបណ្ណខាងក្រៅផងដែរ៕

រដ្ឋបាលរាជធានីភ្នំពេញកំពុងគិតគូពីវឌ្ឍនភាពលើផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃ

ដោយៈសុជាតា

ភ្នំពេញៈ កំណើនប្រជាជនលើពិភពលលោក បានកើនឡើងគួរកត់សំគាល់នារយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការណ៍នេះ បានបង្កជាសម្ពាធលើធនធាន ហេដ្ឋារចនាសម្ពន្ធ បរិស្ថាន និរន្តភាពសង្គម និង សេដ្ឋកិច្ច នៅក្នុងទីក្រុង ខណៈដែលតម្រូវការមានកើនឡើងជាបន្តបន្ទាប់។

ក្នុងន័យនេះ ចាំបាច់ទាមទារអោយមានការគិតគូរ រកដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តភាព និងភាពប្រកួតប្រជែង ដោយនៅក្នុងនោះ ការកសាងទីក្រុងឆ្លាតវៃត្រូវបានមើលឃើញថា ជាយុទ្ធសាស្រ្តដ៏ល្អមួយ ដែលអាចជួយដោះស្រាយបញ្ជាក់ពីកំណើនប្រជាសាស្រ្ត និងនគរូបនីយកម្ម។

នៅក្នុងកិច្ចពិភាក្សាស្តីពី អភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការសិក្សា និងប្រតិបត្តិគម្រោង បានមានប្រសាសន៍កាលពីម្សិលម៉ិញនេះថា កំណើនប្រជាពលរដ្ឋស្នាក់នៅអចិន្រ្តយ៍ និងចិន្ត្រយ៍នៅរាជធានីភ្នំពេញ កើនឡើងរហូតដល់៣លាននាក់ ដែលប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ទឹកស្អាត អគ្គិសនិ និងការធ្វើចរាចរណ៍ ការបញ្ចេញចោលនូវកាកសំណល់ជាដើម។

លោកបន្តថា “និន្នាការថ្មី ប្រជាជនប្រមូលផ្តុំនៅទីប្រជុំជន ទីក្រុងហើយ បណ្តាទីក្រុងនិមួយៗ បានកំណត់បញ្ហាប្រឈមនានា ដោយរកដំណោះស្រាយ”។ លោកបន្តថា “ស្របពេលដែលការមកដល់បដិវត្តន៍ឧស្សាហកកម្ម៤.០ ដែលមកដល់នៃបច្ចេកវិទ្យា បានចូលរួមចំណែកដោះស្រាយ មានប្រសិទ្ធិភាពខ្ពស់ជាងមុន ដែលដំណោះស្រាយនេះ មានលក្ខណៈឆ្លាតវៃ ហើយវាអាស្រ័យតាមតំបន់និមួយៗ”។

ទីក្រុងឆ្លាតវៃ ធ្វើយ៉ាងណារក្សាតុល្យភាពសរស្តម្ភបី គឺសេដ្ឋកិច្ចដែលមានប្រកួតប្រជែង ការអភិវឌ្ឍបរិស្ថានប្រកបចីរភាព និងលើកម្ពស់គុណភាពរស់នៅ របស់ប្រជាពលរដ្ឋ។

បើយើងនិយាយភាសាសាមញ្ញ ទីក្រុងឆ្លាតវៃ គឺទីក្រុងទាំងការរស់នៅ និងទាំងការគ្រប់គ្រង ដោយចំណាយថាមពល ថវិការតិច ទទួលបានលទ្ធផលខ្ពស់។

បើពិនិត្យទីក្រុងនៅលើសកលលោក មានច្រើនទីក្រុង ដែលទទួលសន្ទស្សន៍ទីក្រុងឆ្លាតវៃនាំមុខ ដូចជា ទិក្រុងសិង្ហបុរី ដែលសម្រេចបានច្រើនទាំងសេវាសាធារណៈ សេវាសុខភាព ជីវភាព បរិស្ថាន។

ចំពោះសមិទ្ធិផលជាក់ស្តែង សម្រាប់រាជធានីភ្នំពេញ ដូចជា ប្រព័ន្ធគ្រប់គ្រងចរាចរ​ណ៍ឆ្លាតវៃ ផែនទីឌីជីថល ការបំពាក់កាម៉េរ៉ាសុវត្ថិភាពសរុប ១១៨៤ គ្រឿងនៅភូមិសាស្រ្តសំខាន់នៅរាជធានីភ្នំពេញ។

លោកនួន ផារ័ត្នបានលើកឡើងថា ក្នុងគោលបំណង បំលែងកាមេរ៉ា ដែលមានបញ្ញាសប្បនិមិត្ត និងអភិវឌ្ឍ រថយន្តក្រុង នឹងក្លាយទៅប្រព័ន្ធសាធារណៈឆ្លាតវៃឆ្លើយតបនឹងតំរូវការប្រជាពលរដ្ឋ។ថ្មីៗរាជធានីភ្នំពេញ បានចុះកិច្ចព្រមព្រៀងជាមួយតំណាងក្រសួងដែនដីជប៉ុន សិក្សាចំណតរង់ចាំរថយន្តឆ្លាតវៃ ធានាបានប្រសិទ្ធិការងារ។

ទាក់ទងបរិស្ថាន គឺការផ្លាស់ប្តូរអំពូល Street light ជាង១ពាន់គ្រឿង នៅមហាវិថីសហព័ន្ធរុស្ស៊ី នរោត្តម និងមហាវិថីសម្តេចហ៊ុន សែនដែលអភិវឌ្ឍដោយ Mibea ផងដែរ៕

មូលដ្ឋានគ្រឹះចំនួន៦ សម្រាប់យកមកពិចារណាមុនសម្រេចចិត្តទិញអចលនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យត្រូវបានចាត់ទុកថា ជាវិស័យមួយកំពុងមានការពេញនិយម និងមានប្រជាប្រិយខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងទោះបីស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិយ៉ាងណាក្ដី ក៏វិស័យនេះនៅតែទទួលបានការទិញ លក់ជាបន្តបន្ទាប់ដដែល។

ដូច្នេះដើម្បីឱ្យអ្នកទិញអចលនទ្រព្យ ឬអ្នកវិនិយោគអចលនទ្រព្យ កាន់តែមានពន្លឺកាន់តែច្បាស់ យើងសូមលើកយកចំនុចគោលៗចំនួន៦ ជាមូលដ្ឋានដើម្បីទុកជាមូលដ្ឋាន​សំរាប់ពិចារណា។

១. គោលបំណង
ជាធម្មតាវិនិយោគិន តែងតែមានភាពច្បាស់លាស់ ទៅលើគោលបំណងនៃការវិនិយោគ។ ក្នុងការកំណត់ប្រភេទ នៃគោលបំណងនោះរួមមានទាំង ការទិញសម្រាប់រស់នៅ ទុកជួល និងទុកសម្រាប់លក់ (រយៈពេលយូរ និងខ្លី) ដើម្បីទទួលបានផលចំណេញ។

២. ដើមទុន
ដឹងពីលទ្ធភាពដែលខ្លួនអាចចាយលើការវិនិយោគ ទាំងទំហំ និងប្រភពដើមទុន ជាលុយសន្សំផ្ទាល់ខ្លួន ឬប្រាក់កម្ចី ឬត្រូវប្រមូលបានមកពីឲ្យបានច្បាស់។ ជំហានបឋមនេះ គឺដើម្បីងាយស្រួល កំណត់នូវជម្រើសនៃការវិនិយោគរបស់អ្នកថា លទ្ធភាពដែលអ្នកអាចវិនិយោគនេះ សក្ដិសមទៅនឹងអចលនទ្រព្យប្រភេទណា ទំហំប៉ុណ្ណា និងកត្តាមួយចំនួនទៀតដូចខាងក្រោម។

៣. តម្លៃទីផ្សារ
ការសិក្សាស្វែងយល់ និងប៉ាន់ប្រមាណពីរបត់នៃទីផ្សារ ពិតជាចាំបាច់មិនអាចរំលង សម្រាប់អ្នកចង់វិនិយោគ ក្នុងវិស័យអចលនទ្រព្យ។ អ្នកត្រូវពិចារណាលើស្ថានភាព សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជា ប្រៀបធៀបតម្លៃជាមួយអចលនទ្រព្យដទៃនៅក្នុងតំបន់នោះ ( ឧទាហរណ៍ ប្រៀបធៀបតម្លៃដីក្នុងមួយ ម៉ែត្រការ៉េ)។

ស្របគ្នានេះអ្នកក៏គួរគិតទុកនូវយុទ្ធសាស្ត្រ និងរៀនចេះវិភាគ តាមដានបម្រែបម្រួលតម្លៃនៃ អចលនទ្រព្យផង។

៤. សំណង់
សម្រាប់អចលនទ្រព្យមានសំណង់ ជាផ្ទះឬអគារ អ្នកមើលទៅលើគុណភាពសំណ​ង់ជាសំណង់ចាស់ឬថ្មី ហើយរឹងមាំដែរទេ ដើម្បីជៀសវាងទិញរួចខាតលុយ ប្រសិនបើសំណង់នោះ អាចជះផលប៉ះពាល់ដល់ការរស់នៅ ឬការដាក់លក់បន្ត។ល។

៥. ទីតាំងភូមិសាស្រ្ត
មិនថាផ្ទះ វីឡា អាផាតម៉ិន ឬដីធ្លី ទីតាំងភូមិសាស្ត្ររបស់វា តែងមានទំនាក់ទំនងទៅនឹងតម្លៃនៃអចលនទ្រព្យនោះ។ អ្នកគួរមើលថា ទីកន្លែងនោះជាទីប្រជុំជនទេ ហើយវាសមប្រកបទៅតាមអ្វី ដែលអ្នកចង់បានដែរទេ។ ក្រៅពីនេះអ្នកគួរមើលលើបណ្ដាញគមនាគមន៍ ថាតើកន្លែងនោះជាផ្លូវធំឬផ្លូវលំ មានទឹក និងមានអគ្គិសនីទៅដល់ហើយឬនៅ។ កត្តាទាំងនេះ វាបង្ហាញពីភាពងាយស្រួលសម្រាប់ការស់នៅ និង អាចកំណត់លទ្ធភាពទទួលបានផលចំណេញពីការវិនិយោគនោះ។

៦. សក្ដានុពលនៃតំបន់
វិនិយោគិន គួរតាមដានគម្រោងអភិវឌ្ឍជុំវិញតំបន់ផ្សេងៗ រួមមានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្សារទំនើប ក្រុងរណប ព្រលានយន្តហោះជាដើម។ ដោយសារកត្តាទាំងនេះ នឹងជះឥទ្ធិពលទៅលើតម្លៃអាចធ្វើឲ្យដីឡើងថ្លៃ និងសក្ដានុពលក្នុងការវិនិយោគនាថ្ងៃអនាគត៕

អារ៉ាប់រួមអេមីរ៉ាតសាងសង់សារៈមន្ទីរ Guggenheim Abu Dhabi តម្លៃ១ពាន់លានដុល្លារដើម្បីឱ្យរួចរាល់តាមការគ្រោងទុក

ដោយៈសុខុម

ឌូបៃ: មន្ទីរវប្បធម៌ និងទេសចរណ៍ក្រុងអាប៊ូដាប៊ីនិយាយថា ពេលនេះប្រទេសអារ៉ាប់រួមអេមីរ៉ាត កំពុងសម្រុកសាងសង់សារៈមន្ទីរ Guggenheim Abu Dhabi តម្លៃ១ពាន់លានដុល្លារអាមេរិក ដើម្បីឱ្យរួចរាល់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៣០ កញ្ញា។

ក្រោយការសាងសង់បញ្ចប់ជាស្ថាពរ សារៈមន្ទីរនេះ ធ្វើឡើងសម្រាប់ដាក់តាំងបង្ហាញស្នាដៃសិល្បៈសម័យទំនើប និងសិល្បៈសហសម័យទូទាំងពិភពលោក ដោយផ្តោតលើអាស៊ីខាងលិច អាហ្វ្រិកខាងជើង និងអាស៊ីខាងត្បូង។

គម្រោងតម្លៃ១ពាន់លានដុល្លារ នេះត្រូវបានប្រគល់ជូនលោក Frank Gehry ជាស្ថាបត្យករអាមេរិក ដើមកំណើតកាណាដា ដ៏ល្បីឈ្មោះសម្រាប់ការឌីហ្សាញសារៈមន្ទីរនេះ។ ដើមឡើយគម្រោងនេះ គ្រោងបើកដំណើរការនៅឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានប្រកាសក្នុងឆ្នាំ២០០៦ ប៉ុន្តែត្រូវបានពន្យារពេល។

លោក Mohamed Khalifa Al-Mubarak ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ក្រុងអាប៊ូដាប៊ីបានថ្លែងថា “សារៈមន្ទីរនេះ នឹងដើរតួនាទីយ៉ាងសំខាន់ តាមរយៈបេសកកម្មរបស់ខ្លួន នៅក្នុងទាក់ទាញចំណាប់អារម្មណ៍ កាន់តែទូលំទូលាយមកលើសិល្បៈសម័យទំនើប និងសិល្បៈសហសម័យទូទាំងពិភពលោក ដោយជំរុញការដាក់បញ្ចូលស្នាដៃសិល្បៈដ៏សម្បូរបែប នៅក្នុងការផ្លាស់ប្តូរវប្បធម៌គ្នា ទៅទៅមកប្រកបដោយអត្ថន័យ”។

យោងតាមសារព័ត៌មានដដែលឱ្យដឹងថា សារៈមន្ទីរ Louvre Abu Dhabi ដែលបានបើកស្វាគមន៍សាធារណជននៅខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ស្ថិតនៅក្នុងទីក្រុងអាប៊ូដាប៊ីដែរ។

លោក Mohamed Khalifa Al-Mubarak បានបន្ថែមទៀតថា “ការវិនិយោគលើសារៈមន្ទីរទាំងនេះ ពិតជាមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងទីក្រុងរបស់យើង និងសម្រាប់ការរួមចំណែករបស់យើង ចំពោះពិភពសិល្បៈទូទាំងពិភពលោក”។

សារៈមន្ទីរ Guggenheim មានជាច្រើនកន្លែងក្នុងពិភពលោក ដូចជា នៅក្រុងញូវយ៉ក នៅទូទាំងទ្វីបអាមេរិក និងអឺរ៉ុប៕ Arab News៕

មជ្ឈមណ្ឌល​ Lanmei Training Center បើកការហោះហើរជាលើកដំបូង

ដោយៈគង់ សូរិយា

ភ្នំពេញៈ មជ្ឈមណ្ឌលបណ្តុះបណ្តាល Lanmei Training Center នៅកម្ពុជា ​ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ ជាមួយ​កងទ័ព​ជើង​អាកាស​ បានបើក​ឱ្យមាន​ការហោះហើរ​ជាលើក​ដំបូង​របស់ខ្លួន។

មជ្ឈមណ្ឌលនេះ ស្ថិត​នៅ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​កម្ពុជា ​បន្ទាប់ពី​បានបណ្តុះ​បណ្តាល​ដល់​និស្សិត​នាពេល​កន្លង​មក​នេះ។

លោកគង់ មុនី ​នាយ​សេនាធិការ ​និង​ជាមេបញ្ជាការ​រង​កងទ័ព​ជើង​អាកាសបាន​ថ្លែង​ក្នុង​ពិធី​បើក​ការហោះហើរ​បង្ហាញ ​និង​ផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះ​ថា ​ការហោះហើរ​ជាលើក​ដំបូង​នេះ ​ក្រោម​កិច្ចសហការ​ រវាងកងទ័ពជើង​អកាស ​និង​មជ្ឈមណ្ឌល​ឡានមី ​ដែលជា​ផែនការ​យុទ្ធ​សាស្ត្រ​ក្នុង​រយៈពេល​វែង ​ក្នុង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​កម្ពុជា​ក្នុង​វិស័យ​ហោះហើរ​ ក៏ដូចជា​ផ្នែក​ជួសជុល​បច្ចេកទេស ​និង​បញ្ជា​យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកបន្តថា “នេះជា​ការរួម​ចំណែក​ក្នុង​ការកសាង​ធនធាន​មនុស្ស ​ជាពិសេស ​ផ្នែក​ជំនាញ​អាកាសយានិក (Pilots)​ នៅ​ក្នុង​វិស័យ​អាកាសចរណ៍​កម្ពុជា ​ឱ្យ​មានទាំង​បរិមា​ណ ​និង​គុណភាព ​ឱ្យដូច​ទៅនឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ​និង​នៅលើ​ពិភព​លោក”។

លោកគង់ មុនីបានបានបន្តថា កម្ពុជា​កំពុងតែ​មាន​ការអភិវឌ្ឍ ​ផ្នែក​អាកាសចរណ៍​ស៊ីវិល ​ដូចនៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ និង​នៅលើ​ពិភពលោក ​ដែល​តម្រូវការ​ធនធាន​មនុស្ស ​ក្នុង​ស្រុក​នៅ​ក្នុង​វិស័យ​នេះ​ត្រូវតែ​មាន​ជា​ចាំបាច់។

ជាមួយគ្នានេះ លោក​ ចាន់ ជីសេង​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​ប ណ្តុះបណ្តាល​ឡានមីបានមានប្រសាសន៍ឲ្យដឹងផងដែរ ​ថា ​ការបើក​មជ្ឈមណ្ឌល​បណ្តុះណ្តាល​ធនធាន​មនុស្ស ​ផ្នែក​ជំនាញ​អាកាសយានិក ​ធ្វើ​ឡើង​ដោយសារតែ​កម្ពុជា ​មាន​ការខ្វះខាត​ធនធាន​មនុស្ស ​ផ្នែក​ជំនាញ​នេះ ​ជាជនជាតិ​ខ្មែរ​ ខណៈ​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់​កម្ពុជា ​មាន​ការរីក​ចម្រើន។

មជ្ឈមណ្ឌល​នេះ ​គឺ​សម្រាប់​បម្រើ​ឱ្យ​និស្សិត​កម្ពុជា ​ដោយ​ពួកគេ​មិន​ចាំបាច់​ទៅ​រៀន​ នៅ​ក្រៅ​ប្រទេស​នោះ​ទេ ​គឺ​អាច​រៀន​នៅ​ក្នុង​ស្រុក​បាន ​ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា។ កន្លង​មកនេះ ​កម្ពុជា​មាន​ការខ្វះខាត​ផ្នែក​អាកាស​យានិក ​វិស្វករ​ ពហុនិការ ​ដែល​ភាគច្រើន​ជាជន​ជាតិ​បរទេស៕

រដ្ឋាភិបាលកំពុងរៀបចំបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិនិងប្រវត្តិសាស្រ្តនៅរមណីយដ្ឋានឈើកាច់បាភ្នំ

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងក្រសួងវប្បធ៌ម ​កំពុង​សិក្សា​បច្ចេកទេស ​ក្នុង​ការរៀបចំ​បង្កើត​តំបន់​បេតិក​ភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌ ​នៅ​តំបន់​ភ្នំឈើ​កាច់​បាភ្នំ ​ក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង។

​រដ្ឋលេខាធិការ ​និង​ជាមន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន លោកនេត្រ ភ័ត្រាបានមានប្រ​សាសន៍ឲ្យដឹងកាលពីថ្ងៃទី៣០ កញ្ញាម្សិលម៉ិញនេះថា ​អ្នកជំនាញ​ក្រសួង​បរិស្ថាន ​ក្រសួង​វប្បធម៌​ និង​អាជ្ញាធរ​ខេត្ត​ព្រៃវែង​បាន ​និង​កំពុង​សិក្សា​បច្ចេកទេស ​ពិនិត្យ​ទៅលើ​ការរៀបចំ ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌ ​នៅ​តំបន់​ភ្នំឈើ​កាច់​បាភ្នំ ​នៅ​ក្នុង​ខេត្ត​ព្រៃវែង។

លោកបន្តថា “ក្រសួង​បរិស្ថាន​​ចាំបាច់​ត្រូវ​បង្កើត​តំបន់​ការពារ​ធម្មជាតិ ​ដើម្បី​​អភិរក្ស​តំបន់​ហ្នឹង​ផង ​ធនធាន​ធម្មជាតិ​នៅ​ទី​ហ្នឹង​ផង​ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​នៅ​ហ្នឹង​ផង”។

លោក​ឈៀង សុវណ្ណរ៉ា ​នាយក​រដ្ឋបាល​ខេត្ត​ព្រៃវែង​បានឱ្យ​ដឹងផងដែរថា ​ការរៀប​ចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌​តំបន់​ភ្នំ​ឈើកាច់​បាភ្នំ​នេះ ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។

លោក​ថ្លែងថា “យើងមិន​ទាន់​សម្រេចបាន​លទ្ធផល​អី​ទេ ​ដោយសារ​នៅលើ​បាភ្នំ​ហ្នឹង​សុទ្ធតែ​កន្លែង​ទ័ព​ កន្លែង​ទាហាន​ គេ​នៅ​ឈរ​ជើង​ការពារ​ទឹក​ដី។ អ៊ីចឹង​ឥឡូវ​ គឺ​យើង​កំពុង​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ”។

ការសិក្សា​នេះគឺ​ដើម្បី​ដឹង​ថា ​តើវា​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ ​និង​ចំណុច​សំខាន់​អី​ខ្លះ​ដែល​ត្រូវ​ធ្វើជា​ទល្ហីកណ៍ ​ដើម្បី​ធ្វើកា​ររៀប​ជូន​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​ដើម្បី​សម្រេច។

ចំណែកលោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ថ្លែងថា ​នេះ​ជាការងារ​បច្ចេកទេស​ធម្មតា​ ដែល​កិច្ចការងារ​បែបនេះ ​ក៏ធ្លាប់​ធ្វើ​កន្លែង​ផ្សេងៗ​ផង​ដែរ។ ​នេះជា​ការសហការ​គ្នា ​ដើម្បី​ងាយស្រួល​កុំឱ្យ​មាន​ការប៉ះពាល់​ផ្នែក​វប្បធម៌។

​លោក​បញ្ជាក់ថា ​ពេល​ក្រសួង​បរិស្ថាន ​ធ្វើការ​រៀបចំ​កំណត់​តំបន់​ធម្មជាតិ​ណាមួយ ​ដោយ​ខ្លាច​ប៉ះពាល់​ស្ថានីយ​បុរាណវិទ្យា ​ក៏ហៅ​ក្រសួង​វប្បធ៌​ទៅ ​ដើម្បី​សហការគ្នា​រៀបចំ​តំបន់​មួយ​ដែល​មាន​គ្រប់​ជំនាញ”៕

រដ្ឋាភិបាលផ្តល់ដី ១៧២ហិកតា ដល់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដើម្បីវិនិយោគអចលនទ្រព្យក្នុងស្រុកបន្ទាយស្រី

ដោយៈគង់ សូរិយា

​សៀមរាបៈ រដ្ឋាភិបាលបានសម្រេចធ្វើអនុប្រយោគ ដីសាធារណៈរបស់រដ្ឋ ប្រមា​ណ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដល់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាដើម្បីធភិវឌ្ឍន៍។

ការសម្រេចធ្វើប្រទានកម្មផ្តល់កម្មសិទ្ធនេះ ធ្វើឡើងដោយអនុក្រឹត្យពីការកាត់ឆ្វៀ​លដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០២១កន្លងមកនេះ។

តាមរយៈអនុក្រិត្យនេះ រដ្ឋាភិបាលបានកាត់ដីទំហំ១៧២ហិកតា៣អា ស្ថិតនៅភូមិរំចេក ឃុំរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅឱ្យលោកឧកញ៉ា ឡេង ណាវ៉ាត្រា។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីចុងសប្តាហ៍មុនថា គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាល តែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពល​រដ្ឋរស់នៅកាន់កាប់ អាស្រ័យផលជាក់ស្តែងយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងមាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ។

លោកបានបន្តថា “ការផ្តល់កម្មសិទ្ធិស្របច្បាប់ ទៅលើដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលយូររួចមកហើយ មានសារៈសំខាន់បំផុត សម្រាប់ការអភិវឌ្ឍមូល ដ្ឋានដូចជាស្រុកបន្ទាយស្រី ព្រោះវានឹងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃ និងសក្តានុពល ព្រមទាំងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ”។

លោកបន្ថែមថា ដីដែលជាគោលដៅនៃការកាត់ឆ្វៀល ត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ និងមិនមែនជាដីដែលកំពុងមានវិវាទនោះទេ។ ដីរដ្ឋដែលត្រូវបានទន្ទ្រានយកថ្មីៗ ឬរំលោភយកមកដោយខុសច្បាប់ មិនអាចដាក់ស្នើរសុំកាត់ឆ្វៀលឡើយ៕

រដ្ឋមន្រ្តីសាធារណៈការស្នើភាគីអាមេរិកជួយផ្តល់បច្ចេកទេសដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានស្នើឱ្យភាគីអាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មកវិនិយោគនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហ​រដ្ឋអាមេរិក លោក Patric Murphy កាលពីម្សិលម៉ិញនេះ។

លោកស៊ុន ចាន់ថុលក៏បានបង្ហាញពីបំណងចង់ឃើញ អ្នកវិនិយោគសហរដ្ឋអាមេរិក ចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដូចជា ផ្លូវជាតិលេខ៤ ដែលសាងសង់ឡើង ដោយសហរដ្ឋអាមេរិកនាពេលកន្លងមក និងជាពិសេសចង់ឃើញសហរដ្ឋអាមេរិក ផ្ដល់ជំនួយបច្ចេកទេសជាសម្ភារៈ បរិក្ខារ សម្រាប់ខួងពិនិត្យមើលគុណភាពផ្លូវផងដែរ។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្រោយជំនួបសម្តែងការគួរសមរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះពិនិត្យមើលទីតាំង និងសម្ភារៈបរិក្ខារសម្រាប់ការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាចុះពិនិត្យមើលអាគារវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងទីតាំងសំខាន់ៗផ្សេងទៀតរបស់ក្រសួង។

ក្នុងឱកាសនោះ លោកស៊ុន ចាន់ថុលក៏បានជម្រាបជូន លោករដ្ឋទូតសហរដ្ឋអាមេរិកអំពីគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្ន របស់ក្រសួងប្រកប​ដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕