សិក្សា ៦ចំណុច មុនសម្រេចចិត្តវិនិយោគដីធ្លីដើម្បីទទួលបានផលចំណេញ

0

ដោយ៖សុធារី

ភ្នំពេញ៖ មិនថាតែការវិនិយោគលើវិស័យដីធ្លី ឬការវិនិយោគលើវិស័យណាមួយនោះទេ មូលដ្ឋាននៃចំណេះដឹងសម្រាប់ការវិនិយោគ មានសារៈសំខាន់ណាស់ ដែលលោកអ្នកគួរស្វែងយល់ឱ្យបានច្បាស់ ដើម្បីឱ្យការវិនិយោគនោះទទួលបាននូវភាពសមប្រកប។

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាគ្រូបង្វឹកមួយរូបប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានផ្តល់ពីដំបូន្មានសំខាន់ៗ ចំនួន៦ ដើម្បីជាប្រទីបសម្រាប់ចំណេះដឹងវិនិយោគលើវិស័យដីធ្លី ក្នុងការបញ្ចៀសហានិភ័យផ្សេងៗ និងជាគន្លឹះវិនិយោគដើម្បីទទួលបានផលចំណេញ។

១. គោលបំណង (Goal or Purpose)
លោក វីរៈ បានលើកឡើងថា លោកអ្នកត្រូវមានគោលដៅច្បាស់លាស់ ថាតើការទិញដីនោះក្នុងគោលបំណងជាការវិនិយោគលើការអភិវឌ្ឍគម្រោងដូចជារីសត ឬលំនៅដ្ឋាន, ទិញដើម្បីវិនិយោគបង្កើតជាលំហូរសាច់ប្រាក់ (cash flow) ឬមួយទិញទុកដើម្បីយកចំណេញ ពេលដែលអចលនទ្រព្យនោះឡើងថ្លៃ (capital appreciation)។

២. ស្វែងយល់ពីទំហំទឹកប្រាក់ក្នុងការវិនិយោគ (Budget and Finance)
បន្ទាប់ពីលោកអ្នកដឹងពីគោលបំណងនៃការវិនិយោគនោះហើយ លោកអ្នកត្រូវសិក្សាពីលទ្ធភាពនៃចំនួនទឹកប្រាក់ដែលលោកអ្នកអាចលៃលកក្នុងការទិញ។ ហើយថាតើការវិនិយោគនោះប្រើប្រាស់លុយខ្លួនឯងសុទ្ធ ឬក៏ការខ្ចីបុលមួយផ្នែកណាមួយពីធនាគារមកកវិនិយោគ ដែលត្រង់ចំណុចនេះលោកអ្នកត្រូវចេះថ្លឹងថ្លែងពីលទ្ធភាពក្នុងការដោះស្រាយទៅលើបញ្ហាសងត្រលប់។ សណ្ឋានដី ក៏ជាកត្តាសំខាន់ផងដែរ ដែលលោកអ្នកគួរពិចារណា ហើយដើម្បីដឹងពីសណ្ឋានដីនោះ ត្រូវចេះប្រើ Google Map, Google Earth និងបន្ទាប់មកគឺត្រូវទៅមើលទីតាំងជាក់ស្តែង។

៣. ទីតាំងយុទ្ធសាស្រ្ត (Location)
ទីតាំងជាកត្តាស្លាប់រស់ នៅពេលដែលលោកអ្នកទិញអចលនទ្រព្យ ព្រោះតម្លៃគឺអាស្រ័យលើទីតាំងសក្តានុពល ដែលនេះមានន័យថា លោកអ្នកគួរសម្លឹងមើលទីតាំងដីដែលឋិតនៅតាមបណ្តោយផ្លូវធំ ឬទីតាំងឋិតនៅកែងកាច់ជ្រុង។ ដូច្នេះការទិញអចលនទ្រព្យជាដី លោកអ្នកគួរទិញកន្លែងណាដែលជាទីតាំងយុទ្ធសាស្រ្ត។ ជាថ្មីម្តងទៀត ដូចអ្វីដែលរៀបរាប់ក្នុងចំណុចទីមួយ អ្វីដែលសំខាន់អាស្រ័យលើគោលបំណង ថាតើការទិញដីនោះសម្រាប់ការធ្វើវិស័យកសិកម្ម ឬសម្រាប់ការវិនិយោគលើម្រោងផ្តោតលើវិស័យទេសចរណ៍។
លោកកត់សម្គាល់ថា «អចលនទ្រព្យ ប្រៀបដូចជាការថើប។ អ្វីដែលសំខាន់បំផុតនោះគឺ ទីតាំង»

៤. ការបែងចែកតំបន់ (Zoning and Protected Zone)
ការស្វែងយល់ពីការបែងចែកតំបន់នេះគឺជារឿងសំខាន់ ដែលលោកអ្នកត្រូវសិក្សាពីផែនការមេ (master plan) ថាតើតំបន់នោះ ជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម កសិកម្ម ឬឧស្សាហកម្ម។ មួយវិញទៀត ត្រូវដឹងនិងប្រុងប្រយ័ត្នផងដែរចំពោះទីតាំងដីមួយចំនួន ដូចជាទីតាំងដែលស្ថិតក្នុងតំបន់ការពារ (ការកំណត់កម្ពស់ក្នុងការសាងសង់) ឧទ្យានជាតិ ឬជាតំបន់បេតិកភណ្ឌ ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here