ដោយៈ សុផារី
ជប៉ុនៈ ប្រទេសជប៉ុនបានដកបម្រាម លើការកក់ជើងហោះហើរអន្តរជាតិ ដែលចូលប្រទេសខ្លួនឡើ់ងវិញ ដើម្បីការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីអូមីក្រុង តែមួយថ្ងៃបន្ទាប់ពីវិធានការណ៍នេះត្រូវបានប្រកាស ហើយមានការរិះគន់ថា នេះជាវិធានការ ហួសហេតុពេក។
ក្រសួងសាធារណការជប៉ុន កាលពីថ្ងៃពុធបានចេញសំណើ ទៅក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ឱ្យបញ្ឈប់ការកក់ជើងហោះហើរថ្មី ដែលចូលមកក្នុងប្រទេសជប៉ុនរហូតដល់ចុងខែធ្នូ ជាការប្រុងប្រយ័ត្នជាបន្ទាន់ ដើម្បីការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីអូមីក្រុង។
ក្រសួងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានដកសំណើនេះវិញ បន្ទាប់ពីទទួលបានការរិះគន់ថា បម្រាមនេះគឺតឹងរ៉ឹងពេក និងស្មើនឹងការបោះបង់ចោលប្រជាជនរបស់ខ្លួន។
នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយយ៉ាងឆាប់រហ័សនេះ ព្រោះគិតគូរពីតម្រូវការធ្វើដំណើររបស់ជនជាតិជប៉ុន។ លោកបាន និងកំពុងជំរុញឱ្យចាត់វិធានការយ៉ាងប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីនាយករដ្ឋមន្ត្រីមុន គឺ លោក Yoshihide Suga ស្ទើរតែបាត់បង់តំណែងដឹកនាំរបស់គាត់ ចំពេលមានការរិះគន់ជាសាធារណៈថា វិធានការណ៍មេរោគរបស់គាត់មានកម្រិតពេក និងយឺតពេក។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ខ្ញុំបានណែនាំក្រសួងដឹកជញ្ជូនឱ្យយកចិត្តទុកដាក់ទាំងស្រុង ចំពោះតម្រូវការរបស់ពលរដ្ឋជប៉ុន ដើម្បីត្រឡប់ទៅផ្ទះវិញ”។
លោកបាននិយាយថា សំណើនេះមានគោលបំណងកាត់បន្ថយការធ្វើដំណើរមកដល់ជាប្រចាំថ្ងៃរបស់ប្រទេសជប៉ុនមកត្រឹម៣,៥០០នាក់ពីកម្រិតមុន៥,០០០ ដើម្បីរឹតបន្តឹងការគ្រប់គ្រងព្រំដែន ខណៈមេរោគបំប្លែងថ្មីនេះបានរីករាលដាលនៅជុំវិញពិភពលោក៕