វិភាគៈ ការរីកចម្រើនចំណេះដឹង សេដ្ឋកិច្ច ជានិន្នាការធ្វើឲ្យការអភិវឌ្ឍអចលនទ្រព្យ ផ្លាស់ប្តូររៀងរាល់១០ឆ្នាំម្តងឬ?

ដោយៈយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ១០ឆ្នាំកន្លងងហួស វិស័យអចលនទ្រព្យបានជួបយុគខ្មៅងងឹតជាថ្មី បន្ទា​ប់ពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលបានកើតចេញពីសហរដ្ឋអាមេរិក ប៉ុន្តែអ្វីដែលគួរឲ្យត្រេកអរ គឺឆ្នាំ២០១៨មិនមានវិបត្តិទេ ដោយរង់ចាំរយៈពេល២ឆ្នាំក្រោយ ទើបជំងឺកូវីដដ៏បំផ្លិចបំផ្លាញ បានបង្កវិនាសកម្មជុំវិញពិភពលោក។

យ៉ាងណា ក្នុងរយៈពេល១០ឆ្នាំម្តង និន្នាការនៃការអភិវឌ្ឍន៍ តែងតែផ្លាស់ប្តូរនៅតាមបណ្តាប្រទេស ដែលទើបលេចឡើងថ្មី ប៉ុន្តែប្រទេសរីកចម្រើនរួចទៅហើយ មិនសូវមានការផ្លាស់ប្តូរនិន្នាការនេះទេ។

ក្រឡេកថយក្រោយ
ប្រសិនជាយើងមើលថយក្រោយកាលពី១០ឆ្នាំមុន អ្នកវិនិយោគនានានៅកម្ពុជា បានផ្តោតលើការសាងសង់បុរីលំនៅដ្ឋាន ជាផ្ទះល្វែង ប៉ុន្តែបច្ចុប្បន្ននិន្នាការសាងសង់ផ្ទះល្វែងហាក់ថមថយ ដោយជំនួសវិញនូវវីឡាភ្លោះផ្ទះអាជីវកម្ម (Shop House វីឡាទោល វីឡា King, វិឡា Queen ជាដើម។

លើសពីនេះ ការវិនិយោគសាងសង់ខុនដូ មិនសូវមានសភាពគគ្រឹក គគ្រេងច្រើនដូចពេលបច្ចុប្បន្ននេះទេ ហើយប្រជាជនមួយចំនូនមិនយល់អំពីអ្វីហៅថា “ខុនដូ”ឬលំនៅដ្ឋានបែបសហកម្មសិទ្ឋនៅឡើយទេ។

តើអ្វីដែលនាំឲ្យមានការផ្លាស់ប្តូរនិន្នាការនេះ ចម្លើយយើងអាចវិភាគលើមូលដ្ឋានមួយចំនួនដូចជា ទី១ ការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាល ទី២ ការយល់ដឹងរបស់ប្រជាពលរដ្ឋមានការកើនឡើង ជីវភាពប្រជាជនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទី៣ ការផ្លាស់ប្តូរបែបផែនជីវិត ដែលបណ្តាលមកពីការយល់ដឹង របស់ប្រជាជនច្រើនជាងមុន សម្លឹងបានឆ្ងាយជាងមុន ទី៤ ការផ្លាស់ប្តូរនិន្នាការសង្គម ដោយសារការកើនឡើងនូវតម្លៃដីធ្លី តម្លៃផ្ទះ និងការកកស្ទះចរាចរណ៍ ដែលបង្ខំឲ្យប្រជាពលរដ្ឋរស់នៅខុនដូ កាន់តែ​ច្រើន និងទី៥ ការរីកចម្រើនបច្ចេកវិទ្យា បានធ្វើឲ្យប្រជាជនអាចស្រាវជ្រាវ និងស្វែងរករបកគំហើញថ្មីៗនៅក្នុងសង្គម តាមបណ្តាប្រទេសក្នុងតំបន់។

តើអ្នកអភិវឌ្ឍន៍៍ដើរតាមនិន្នាការសង្គមដូចម្តេច?
ក្រុមហ៊ុនធំៗជាតិ អន្តរជាតិ តែងតែសិក្សាពីការផ្លាស់ប្តូររសនិយមរបស់ប្រជាជាតិ និមួយៗ ពួកគេតែងតែមានទីប្រឹក្សាល្អ និងតែងតែគិតរកវិធីសាស្រ្តថ្មីៗ ដើម្បីដើរឲ្យទាន់និងស្របតាមសម័យកាល។

ក្រុមហ៊ុនធំមិនប្រាកដថាមិនដួលរលំនោះទេ បើសិនជាមិនធ្វើបច្ចុប្បន្នភាពផលិ​ត​ផល និងសេវាកម្មពួកគេតាមសម័យកាល នោះក្រុមហ៊ុនរបស់ពួកគេនឹងដូលរលំដូចជាក្រុមហ៊ុនលំដាប់យក្សផលិតទូរស័ព្ទម៉ា Nokia, ក្រុមហ៊ុនផលិតហ្វីលថតរូបជាដើម សុទ្ឋតែបានដួលរលំ ដោយសារពួកគេមិនសិក្សា និងដើរតាមទាន់សម័យកាល នៃការរីកចម្រើ​នបច្ចេកវិទ្យា និងការផ្លាស់ប្តូរបែបផែនរបៀបរស់នៅ និងរបៀបគិត។

ហេតុនេះ ទើបក្រុមហ៊ុនវិនិយោគធំៗអន្តរជាតិភាគ​ច្រើន តែងតែផ្តោតលើការសិក្សា ការស្រាវជ្រាវពីនិន្នាការទីផ្សារ និន្នាការរីកចម្រើនរបស់សេដ្ឋកិច្ចសង្គម ដើម្បីពួកគេអាចផ្គត់ផ្គង់ផលិតផលសមស្រប និងត្រូវតាមចំណង់ចំណូលចិត្តអតិថិជនភាគច្រើន។

តើ១០ឆ្នាំខាងមុខទីផ្សារអចលនទ្រព្យរបស់កម្ពុជាមានការវិវត្តដួចម្តេច?
បើទោះជាវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា បានក្លាយជាសរសរស្តម្ភសេដ្ឋកិច្ចធំមួយ ក្នុងចំណោមសរសរស្តម្ភធំៗបីទៀតក៏ដោយ ប៉ុន្តែវិស័យនេះហាក់នៅមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវិស័យនេះ នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ព្រោះប្រជាពលរដ្ឋកម្ពុជា ដែលមានវ័យចាប់ពី១៥-៥៩ឆ្នាំ មានរហូតដល់​ចំនួន៦១,៧ភាគរយនៃប្រជាជនសរុប(ជំរឿងឆ្នាំ២០១៩)។

ផ្អែកតាមតួលេខនេះ បានបង្ហាញឲ្យយើងអាចទាញសម្មិតកម្មថា តម្រូវការលំនៅ ដ្ឋាននឹងបន្តកើនឡើង ទាំងលំនៅដ្ឋានសហកម្មសិទ្ឋ និងលំនៅដ្ឋានផ្ទាល់ដី សម្រាប់រយៈពេល១០ទៅ១៥ឆ្នាំខាងមុខ ខណៈការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង​សំណង់ កាលពីឆ្នាំ២០១៥បានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋានជាង៨០ម៉ឺនខ្នងក្នុង​ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០។

ជាមួយនឹងការព្យាករណ៍ និងសិក្សាពីនិន្នាការសង្គម ដោយឈរលើមូលដ្ឋានវិទ្យាសាស្រ្ត សង្គមសាស្រ្តនេះ ការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តកើតមាន ហើយផ្នែកមួយចំនួននឹងផ្លាស់ប្តូរនៅរយៈពេល១០ឆ្នាំខាងមុខ។

វិស័យលំនៅដ្ឋាន
សម្រាប់ទស្សនវិស័យរយៈពេលវែង ការសិក្សានិងអង្កេតពីការប្រែប្រួលរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្មេរអាចទាញការសន្និដ្ឋានថា ទីផ្សារលំនៅដ្ឋាននឹងបន្តរីកចម្រើន ហើយនិន្នាការអភិវឌ្ឍន៍៍ នឹងកាន់តែឃ្លាតឆ្ងាយពីរាជធានី ក្នុងរង្វង់៣០គីឡួម៉ែត្រជុំវិញ ដោយលំនៅដ្ឋានតម្លៃចន្លោះពី៥០,០០០ ទៅ១០០,០០០ដុល្លារ នឹងកើនឡើងខ្ពស់ជាងគេ ព្រោះប្រជាពលរដ្ឋជនបទ នឹងចូលមករស់នៅរាជធានីភ្នំពេញ និងទីប្រជុំជននានាកាន់តែច្រើន។

ជាក់ស្តែងការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជារស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនឡើង ដល់៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ខណៈរដ្ឋាភិបាលបានប្រកាសរួចហើយថា រាជធានីភ្នំពេញនឹងពង្រីកក្នុងកាំរង្វង់១០០គីឡូម៉ែត្រការ៉េ ត្រឹមឆ្នាំ២០៣៥ខាងមុខ។

និន្នាការទីផ្សារខុនដូ
វាជាពេលវេលានៃការចាប់ផ្តើម សម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលប្រជាជនមានជីវភាពធូរធារភាគច្រើន ពួកគេបានចាប់ផ្តើមខុនដូ ជាការសាកល្បងរសជាតិ នៃជីវិតសម័យថ្មី ដោយទិញខុនដូសម្រាប់ជាផ្ទះទី២ ឬផ្ទះលំហែររបស់ខ្លួន ប៉ុន្តែក៏មានយុវជនសម័យថ្មីមួយ​ចំនួន បានទិញខុនដូសម្រាប់រស់នៅ ជាលក្ខណៈគ្រួសារ ជាលក្ខណៈលំនៅដ្ឋានឯកជនរបស់ពួកគេផងដែរ។

ប៉ុន្តែ១០ឆ្នាំខាងមុខ ការរស់នៅខុនដូនឹងក្លាយជាជម្រើសថ្មីមួយ និងជារឿងសាម​ញ្ញរបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គមផង ការរីកចម្រើននៃប្រព័ន្ឋនៃការគិតរបស់ខ្លួនផង បូកផ្សំទាំងការរីកចម្រើនផ្នែកសម្ភារៈ និងមធ្យោបាយធ្វើដំណើរផង ដែលការកកស្ទះចរាចរណ៍នឹងកើនឡើង ហើយការរីកចម្រើនបច្ចេកវិទ្យាក៏ជួយធ្វើឲ្យគុណភាពជីវិតប្រសើរឡើង និងការឡើងថ្លៃអចលនទ្រព្យផង។

កត្តាទាំងអស់នេះ នឹងចាប់បង្ខំរបៀបនៃការគិត ចាប់បង្ខំលើនិន្នាការនៃការរស់នៅផង។ ហេតុនេះខុនដូ នឹងកាន់តែមានភាពពេញនិយម ហើយនឹងលែងជាលំនៅដ្ឋានទី២ សម្រាប់ការលំហែរទៀតឡើយ ប៉ុន្តែវាជាជម្រើសសមស្របមួយ ដែលទីក្រុងនៅតាមបណ្តាប្រទេសនានាក្នុងតំបន់ បាននិងកំបុងដើរតាមនិន្នាការបែបនេះដូចគ្នា។

តម្រួវការលំនៅដ្ឋានសហកម្មសិទ្ឋ ប្រភេទ SOHO នឹងកើនឡើង
លំនៅដ្ឋានបែបសហកម្មសិទ្ឋប្រភេទSOHO មិនទាន់មានចំនួនច្រើននៅឡើយទេ នៅកម្ពុជា ហើយប្រជាជនភាគច្រើន ក៏មិនទាន់យល់ពីលំនៅដ្ឋានប្រភេទSOHOនេះច្រើននៅឡើយដែរ។

ខុនដូបែបប្រភេទSOHO ជាលំនៅដ្ឋានបែបសហកម្មសិទ្ឋ តែអាចរស់នៅផង និងអាចធ្វើជាការិយាល័យធ្វើការផង។

លំនៅដ្ឋានប្រភេទនេះនឹងកើនឡើង ស្របពេលជាមួយនឹងទីផ្សារខុនដូផងដែរ ព្រោះនៅពេលនោះ យុវជនកម្ពុជាកាន់តែច្រើន នឹងបើកជំនួញដោយខ្លួនឯង។ ហេតុនេះការទិញលំនៅដ្ឋាន ប្រភេទ SOHO នឹងកើនឡើង ដោយសារវាមានភាពងាយស្រួល ព្រោះអាចប្រើប្រាស់ជាការិយាល័យធ្វើការ និងផ្ទះស្នាក់នៅរួមគ្នា។

ការផ្លាស់ប្តូរបែបផែនជីវិត ដោយសារនិន្នាការសង្គមសេដ្ឋកិច្ច ការរីកចម្រើនលើចំណេះដឹង និងធនធាន នឹងធ្វើឲ្យគុណភាពឬបែបផែនជីវិត និងការរស់នៅ ការប្រកបរបរប្រចាំថ្ងៃ នឹងផ្លាស់ប្តូរជាស្វ័យប្រវត្តិ។

ទីផ្សារអាផាតម៉ិននិងការិយាល័យ
វិបត្តិជំងឺកូវីដ១៩ បាននិងកំពុងបង្រៀន ដល់អ្នកសាងសង់អាផាតម៉ិនសម្រាប់ជួល អាចចាប់ផ្តើមផ្លាស់ប្តូរនិន្នាការថ្មី ឬធ្វើបច្ចុប្បន្នភាពគំរោងរបស់ខ្លួន។

ជាក់ស្តែងសម្រាប់ការនិទ្ទស្សន៍ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ តើទីផ្សារអាផាតម៉ិន និងការិយាល័យនឹងប្រែប្រួលដូចម្តេច? បើតាមការវិភាគរបស់ស្មេរបានគិតថា ស្ថានភាពទីផ្សារអាផាតម៉ិននឹងបន្តរីកចម្រើន ប៉ុន្តែទាមទារឲ្យអ្នកអភិវឌ្ឍន៍ចំណាយទុនច្រើនជាងមុន និងកសាងអគាររបស់ខ្លួនមានស្តង់ដាជាងមុន។ គិតគូរពីភាពបៃតងច្រើនជាងមុន និងបំពេញសេវាកម្មជូនអតិថិជន កាន់តែសម្បូរបែបជាងមុន ដើម្បីទាក់ទាញការជួល និងរក្សាអតិថិជនចាស់។

ព្រោះ១០ឆ្នាំខាងមុខ សម្រាប់ជនបរទេស និងជនជាតិខ្មែរ ពួកគេនឹងងាកទៅចំណា​យប្រាក់លើការទិញខុនដូ និងលំនៅដ្ឋានសហកម្មសិទ្ឋបែប SOHO ច្រើនជាងមុន។

ចំណែកនិន្នាការជួលអាគារការិយាល័យ នឹងប្រែប្រួលខ្លះផងដែរ ប៉ុន្តែមិនច្រើនពេកនោះទេ ប៉ុន្តែនិន្នាការថ្មីដែលកំពុងកើតមានបច្ចុប្បន្ន នឹងកាន់តែរីកចម្រើន គឺការិយា​ល័យសហកម្មសិទ្ឋ (Co-Working Space) នឹងរីកចម្រើនខ្លាំង ដោយសារអាជីវកម្មប្រ​ភេទនេះ បានផ្តល់នូវសហគមន៍បែបរសរវើកមួយ និងការចាប់ផ្តើមអាជីវកម្មរបស់យុវជនជំនាន់ថ្មីនឹងកើនឡើងកាន់តែច្រើន និងផុសផុស។

ការរីកចម្រើនសេដ្ឋកិច្ច នឹងធ្វើឲ្យគុណភាព នៃការគិតរបស់មនុស្សផ្លាស់ប្តួរ ការរីកចម្រើននៃជីវភាពរស់នៅ នឹងធ្វើឲ្យបែបផែនជីវិតនឹងផ្លាស់ប្តូរ។ សម្រាប់១០ឆ្នាំខាងមុខ អ្វីៗនឹងផ្លាស់ប្តូរដូចស្មេរលើកឡើងឬអត់ អាស្រ័យលើទិដ្ឋភាពជាក់ស្តែង ព្រោះនេះជាការវិភាគដោយឈរការសិក្សាពីការប្រែប្រួលដង្គម ដោយផ្អែកលើតក្តវិជ្ជាប៉ុណ្ណោះ៕

ការត្រៀមបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ ជាសញ្ញាល្អសំរាប់វិស័យអាកាសចរណ៍ ប៉ុន្តែវាត្រូវការពេលវេលា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការបើកចំហទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ បាននិងកំពុងធ្វើ ឲ្យអ្នកធ្វើអាជីវកម្មក្នុងផ្នែកបដិសណ្ឋារកិច្ច សប្បាយចិត្ត និងលេចចេញនូវស្នាមញញឹមជាថ្មី។

ប៉ុន្តែយ៉ាងណាក៏ដោយក្នុងវិស័យអាកាសចរណ៍ នៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ រហូតមកទល់ពេលនេះ ដោយអ្វីៗត្រូវរង់ចាំពេលវេលារៀបចំបន្ថែមទៀត។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៧ កញ្ញាកន្លងមកថា រហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណា ទាក់ទងមកយើងនៅឡើយទេ ព្រោះយើងស្ថិតក្នុងដំណើរការពិភាក្សាផ្ទៃក្នុងនៅឡើយ។

លោកបន្តថា “អ្វីៗស្ថិតនៅលើការវិភាគហានិភ័យ ហើយបើកម្ពុជាមានហានិភ័យទាប គេនៅតែមក(ក្រុមហ៊ុនអាកាសចរណ៍) ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានភាពគឺនៅដដែល មិនទាន់មានភាពល្អប្រសើរនៅឡើយទេសំរាប់អាកាសចរណ៍”។ លោកបន្តថា “ដល់តែយើងបើកទទូលភ្ញៀវអន្តរជាតិសិន និងត្រូវការមួយរយៈពេលធំទៀត ចាំគេដឹង គេលឺសិន ទើបគេមក”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ទោះជាយ៉ាងណា ការបើកទទួលភ្ញៀវអន្តរជាតិនាពេលខាងមុខ វាជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មអាកាសចរណ៍នេះ ប៉ុន្តែមិនមែនមានន័យថា យើងប្រកាសបើកភ្លាមគេមកភ្លាមនោះទេ ហើយកម្ពុជាក៏មិនទាន់បើកទទួលភ្ញៀវអន្តរជាតិនៅឡើយដែរ។

លោកបន្តថា ពេលបើកទទួលភ្ញៀវហើយ យើងត្រូវមាននិតិវិធីជាច្រើនទៀត ដែលត្រូវអនុវត្តន៍ ព្រោះយើងមិនកំណត់ទីតាំងតំបន់ណា ជាតំបន់មានសុវត្ថិភាពសម្រាប់ភ្ញៀវ ទេសចរ​ណ៍នៅឡើយទេ។ លោកបន្តថា អ្វីជាពិសេសតំណាងរដ្ឋាភិបាល ត្រូវធ្វើការជា​មួយប្រទេសដៃគូ ដែលត្រូវមានអាកាសចរណ៍ហោះមក ហើយយើងត្រូវទៅផ្សព្វផ្សាយ ទៅជំរាបគេពីការងារនេះថា តើគេចង់បានម៉េច យើងចង់បានម៉េច ពោលគឺត្រូវមាននិតិវិធីជាច្រើនទៀត។

ជាមួយគ្នានេះ លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមា​នប្រសាសន៍ស្រដៀងគ្នាថា វិស័យអាកាសចរណ៍ មិនទាន់មានពន្លឺអ្វីនៅឡើយទេ ដរាបណាឯកសារផ្លូវការយើងមិនទាន់បានចេញ។ លោកបន្តថា ប្រសិនជាមានពេលវេលាជាក់លាក់ គេនឹងរៀបចំគំរោងហោះហើរម្តងម្កាល ទាំងអាកាសចរណ៍ជាតិ អន្តរជាតិ សម្រាប់ភ្ញៀវទេសចរណ៍ ដែលបានកក់។

លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវធ្វើកិច្ចការជាច្រើនទាំងការផ្សព្វផ្សា​យ ទាំងការធ្វើការជាមួយស្ថាប័នពាក់ព័ន្ឋ ជាមួយក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាការីទេសចរណ៍ ដើម្បីប្រមូលភ្ញៀវទាំងចេញ ទាំងចូលមកកម្ពុជា”។លោកបន្តថា “ពួកគាត់ត្រូវ​ការពេលវេលាច្រើនដើម្បីរៀបចំខ្លួន ព្រោះការចាប់ផ្តើមឡើងវិញនេះ ត្រូវតែមានផែនការជាក់លាក់”។

លោកហូ វណ្ឌីបានបន្តថា យើងអាចយកប្រទេសថៃ ជាគោលដៅទាក់ទាញជាងគេ ដែលប្រទេសនេះបានបើកចំហ សម្រាប់តំបន់ប៉ាតាយ៉ា ក្រុងបាងកកជាដើម ពួកគេបានបានធ្វើការកាត់បន្ថយចំនួនថ្ងៃ ធ្ចើចត្តាឡីស័កពាក់កណ្តាល អ្នកខ្លះត្រូវបានលើកលែងវីសារហូតដល់៩០ថ្ងៃ ខ្លះដល់១៨០ថ្ងៃជាដើម។

លោកបន្តថា ប្រទេសថៃបានកំណត់រយៈពេល៧ថ្ងៃ សំរាប់ធ្ចើចត្តាឡីស័ក ហើយបន្ទាប់មកពួកគេអាចដើរទៅទីណាក៏បាន គឺឃើញថាមានសញ្ញាល្អ ទោះបីមានការឆ្លងជំងឺកូវីដក្តី ប៉ុន្តែមានចំនួនទាប និងបានជំរុញឲ្យអ្នកមានអាជីវកម្មនៅតំបន់នោះ អាចចាប់ផ្តើមឡើងវិញ ដោយពួកគេរក្សាគម្លាតល្អ ប៉ុន្តែទោះជាយ៉ាងណា ការបើកចំហនៅប្រទេសថៃបានកំណត់ចំនួនភ្ញៀវទេសចរណ៍ ក្នុងកម្រិតមួយសមស្របផងដែរ៕

គំរោងស្ថាបនានិងលើកកំពស់គុណភាពផ្លូវជាតិលេខ៤៨កំណត់ពេលវេលា ជាក់លាក់ហើយ

ដោយៈគង់ តារា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា គំរោងស្ថាបនានិងលើកកំពស់ផ្លូវជាតិលេខ៤៨ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានកំណត់ពេលវេលាជាក់លាក់ហើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នឹងចាប់ផ្ដើមអនុវត្តដំណើរការសាងសង់នៅចុងឆ្នាំនេះ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ ក្នុងរយៈពេល៣២ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ និងគ្រោងបញ្ចប់នៅដើមខែក ក្កដា ឆ្នាំ ២០២៤។

លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅទីរួមខេត្តកោះកុងនេះ មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ដែលជាផ្លូវកៅស៊ូពីរស្រទាប់ស្តើង ដែលបានប្រើប្រាស់កម្ចីពីប្រទេសថៃ សម្រាប់ការសាងសង់ផ្លូវ ប៉ុន្តែស្ពាន៤កន្លែង គឺជាជំនួយឥតសំណងរបស់ថៃ។

លោកបន្តថា ដោយសារតែបច្ចុប្បន្ននេះផ្លូវនេះ មានសកម្មភាពធ្វើដំណើរច្រើន ហើយជាច្រកសេដ្ឋកិច្ចផងនោះ ក្រសួងនឹងរៀបចំស្តារកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយពង្រីកទៅជា៤គន្លង២គន្លងទៅ ២គន្លងមក ដើម្បីធានាបង្កើនសុវត្ថិភាព និងសម្រួលក្នុងការធ្វើដំណើរ។

លោកបន្តថា “ខ្ញុំទើបចុះហត្ថលេខាកុងត្រា សាងសង់កាលពីពេលថ្មីៗនេះ ដូច្នេះបើកការដ្ឋានយើង មិនអាចបើកពេលខែភ្លៀងនោះទេ អ៊ីចឹងប្រហែលជាចុងឆ្នាំនេះ យើងបើកការដ្ឋាន”។

កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG & HANIL Joint Venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ ដែលគ្រោងចំណាយថវិកាប្រមាណជាង៧៨លានដុល្លារ។ គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាព នៃការធ្វើចរា​ចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរ និងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕

ស្រុកថ្មគោលនៅខេត្តបាត់ដំបងបានទាក់ទាញគម្រោងអភិវឌ្ឍលំនៅដ្ឋាន និងការពុះដីឡូលក់

ដោយៈសុជាតា

ភ្នំពេញៈ ស្របពេលដែលការដាក់អោយដំណើរការផ្លូវជាតិលេខ៥ ហាយវេអាស៊ានពីស្រុកសេរីសោភណ្ឌ ទៅទីរួមខេត្តបាត់ដំបងប្រវែង៨៤គីឡូម៉ែត្រ ដំណាក់កាលទីមួយ បានធ្វើអោយទីប្រជុំជននៅស្រុកថ្មគោល ខេត្តបាត់ដំបង បានក្លាយទៅជាតំបន់លេចឆ្លោជាងគេ។

នៅក្នុងភូមិភាគពាព្យពីព្រោះថា តំបន់នេះ ក្រៅរោងម៉ាស៊ីនកិនស្រូវដ៏ធំប្រចាំភូមិភាគពាយ័ព្យ តំបន់នេះបានកំពុងអភិវឌ្ឍជាបន្តបន្ទាប់ ដែលអ្នកវិនិយោគក្នុងស្រុកបានដាក់ទុនវិនិយោគសាងសង់ទៅលើគម្រោងបុរី ដីឡូ និងគម្រោងផ្សារលក់ដូរទំនិញផេ្សងៗផងដែរ។

លោក កែវ សារ៉ន ប្រធានគ្រប់គ្រងអចលនទ្រព្យ Century 21 zillion ប្រចាំខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ Propery Area Asia នៅថ្ងៃទី២៧ ខែកញ្ញាថា គេសង្កេតឃើញគម្រោងអភិវឌ្ឍធំៗមួយចំនួន ស្ថិតនៅតំបន់ស្រុកថ្មគោលនេះ ស្របពេលផ្លូវជាតិលេខ៥បានដាក់អោយដំណើរការជាផ្លូវការ ។ នៅក្នុងនោះដែរ មានគម្រោងអភិវឌ្ឍអចល នទ្រព្យរបស់ឧកញ្ញា ឡេង ណាវ៉ាត្រានៅផ្ទៃដី៥០០ហិចតា នៅស្រុកថ្មគោល គម្រោងអភិវឌ្ឍផ្សារសហគមន៍ និងលំនៅដ្ឋាននៅតំបន់ស្ពានអូតាគីជាដើម។

លោកបន្ថែមទៀតថា “សម្រាប់ពេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យក្នុងខេត្តបាត់ដំបង ជាពិសេសក្នុងស្រុកថ្មគោលមានសញ្ញាល្អ ប៉ុន្តែតម្រូវការនៅមានកម្រិតផងដែរ”។លោកបន្តថា “ចំនែកតម្លៃដីធ្លីនៅតំបន់ស្រុកថ្មគោលនេះ គឹចន្លោះពី១ម៉ឺនដុល្លារ ទៅ៥ ម៉ឺនដុល្លារក្នុងមួយហិតតា និងតម្លៃដីនៅតំបន់ទីប្រជុំជន គឺមានចន្លោះពី៣៥ដុល្លារ ទៅ ៥០ដុល្លារក្នុងមួយម៉ែត្រការ៉ផងដែរ”។

បើតាមលើកឡើងពីសំណាក់អ្នកវិនិយោគ ក្នុងស្រុកនៅតំបន់នេះ បានលើកឡើងថា ការសាងសង់ផ្លូវអាស៊ាន៦០ម៉ែត្រ នៅតំបន់ទីប្រជុំជននេះ បានធ្វើអោយតម្លៃដីធ្លីនៅតំបន់នេះ មានហាងឆេងជាងមុន ដោយសារតែសាលាខេត្តបាត់ដំបង មានប្លង់មេសម្រាការអភិវឌ្ឍច្បាស់លាស់៕

រដ្ឋមន្រ្តីទេសចរណ៍ដាក់ចេញយុទ្ឋសាស្រ្តចំនួន៤តាមអនុសាសន៍សម្តេចតេជោ

        ដោយៈជេស៊ីកា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌោតថោង ខុនបានដាក់ចេញយុទ្ឋសាស្រ្តថ្មីបន្ថែមចំនួន៤ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ស្របតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អនុសាសន៍របស់សម្តេចបានបញ្ជាក់ ក្នុងសារលិខិតអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ កាលពីថ្ងៃទី២៧ ខែកញ្ញានេះ។

យុទ្ធសាស្ត្រអនុវត្តបន្ថែមទាំងនោះ រួមមាន ទី១ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ ត្រូវជំរុញបុគ្គលិកបម្រើការងារ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា តាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវបន្ត និងពង្រឹងសហការជាមួយអាជ្ញាធរសុខាភិបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្តបន្ត និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងអនាម័យបន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សំដៅការកសាង “ទំនុកចិត្ត និងភាពជឿជាក់ពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាស្នូលនៃការចាប់ផ្តើមឡើងវិញនូវវិស័យទេសចរណ៍ ជាពិសេសដើម្បីទទួលបានកិត្តិនាមថា “កម្ពុជាសុវត្ថិភាព

ទី២ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធជំរុញលើកទឹកចិត្ត សម្របសម្រួលដល់វិស័យឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឲ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍វប្បធម៌ ប្រពៃណីនៅទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថល ដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល និងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។

ទី៣ គ្រប់ដៃគូអភិវឌ្ឍន៍ដែលកំពុងចូលរួមអភិវឌ្ឍទេសចរណ៍នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ទេសចរណ៍ និងភាគីពាក់ព័ន្ធ ជាពិសេសជនងាយរងគ្រោះ ស្ត្រីជនជាតិដើមភាគតិច និងយុវជន ក្រោមការចង្អុលបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្ត ចូលរួមអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឱ្យមានប្រសិទ្ធខ្ពស់។

ទី៤ មន្ទីរទេសចរណ៍ត្រូវសហការជាមួយភាគីពាក់ព័ន្ធរៀបចំ និងបណ្តុះបណ្តាល ជំនាញបន្ថែម និងជំនាញថ្មីដល់យុវជន ជាពិសេសជនជាតិដើមភាគតិច ស្ត្រី និងជនពិការ ដើម្បីទទួលបានផលប្រយោជន៍ និងឱកាសដូចគ្នា ស្របតាមយន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ ប្រកបដោយចីរភាព។

ការប្រកាសដាក់ចេញយុទ្ធសាស្ត្របន្ថែមខាងលើនេះ ធ្វើឡើងនាឱកាសនៃការប្រារព្ធពិធីអបអរទិវាទេសចរណ៍ពិភពលោកខួបទី៤១ ឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន (TOURISM FOR INCLUSIVE GROWTH) នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលរៀបចំឡើងជាលក្ខណៈហាយប្រីឌ (Hybrid) ដោយមានការចូលរួមដោយផ្ទាល់ ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអ្នកចូលរួមប្រមាណ៤០នាក់ និងចូលរួមតាមរយៈប្រព័​ន្ធ​​អនឡាញសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ សរុបប្រមាណ២០០នាក់ ស្របតាមវិធានការសុខាភិបាល និងវិធានសុវត្ថិភាព៕

 

ក្រសួងរៀបចំដែនដីបានចេញប្លង់គោលអភិវឌ្ឍន៍និងប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨

ដោយៈសុជាតា

ព្រះសីហនុៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន សម្រេចអនុម័តទៅលើប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨។

ប្លង់គោលប្រើប្រាស់ដីធ្លីនេះ ត្រូវបានរៀបចំឡើងដោយប្រមូលសិក្សា និងវិភាគទិន្នន័យរូបវន្ត ទិន្នន័យសេដ្ឋកិច្ច ទិន្នន័យសង្គម និងទិន្នន័យបរិស្ថាន ទិន្នន័យប្រជាសាស្រ្ត និងការស្រង់មតិ សមស្របតាមគោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដីធ្លី សៀវភៅដីធ្លី អនុក្រឹតស្តីពីនគរូបនីយកម្ម រាជធានីភ្នំពេញ ក្រុង និងទីប្រជុំជន និង សេចក្តីសម្រេចស្តីពីនីតិលម្អិត នៃការរៀបចំប្លង់គោលប្រើប្រាស់ដី និង ផែនការប្រើប្រាសដីថ្នាក់ក្រុង  ស្រុក ខណ្ឌ។

បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញអោយដឹងថា វិសាលភាពនៃសិក្សាប្លង់គោលប្រើប្រាស់ដី ក្រុងព្រះសីហនុមានផ្ទៃដី៨៣គីឡូម៉ែត្រក្រឡា គ្របដណ្តប់លើស្រុកព្រៃនប់ មានផ្ទៃដី១០០,៨២គីឡូក្រឡា  និងគ្របណ្ដប់លើ ស្រុកស្ទឹងហាវមានផ្ទៃដី៩៥, ១២គីឡូម៉ែត្រក្រឡា។

សូចនាករសំខាន់ៗ សម្រាប់អភិវឌ្ឍក្រុងព្រះសីហនុ និងតំបន់ជុំវិញដែលបានធ្វើការព្យាករណ៍ និងគ្រោងសម្រេចបានត្រឹមឆ្នាំ ២០៣៨រួមមាន

-ប្រជាជនសម្រាប់ក្រុងព្រះសីហនុ និងតំបន់ជុំវិញនៅឆ្នាំ២០១៩ មានចំនួន១៧៨,​២៩១១នាក់ នឹងកើនឡើងដលចំនួនកើនឡើង ២៣២,១២១នាក់នៅឆ្នាំ២០៣៨។

-ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០១៨ មានចំនួន៤៨១,០០០ នាក់  នឹងកើនឡើងទៅដល់ ២,៥លាននាក់នៅឆ្នាំ២០៣៨។ ភ្ញៀវទេសចរជាតិនៅឆ្នាំ ២០១៨មានចំនួនប្រមាណ១លាននាក់ នឹងកើនឡើងដល់ចំនួនប្រមាណ៥លាននាក់នៅឆ្នាំ ២០៣៨។

-ហេដ្ឋារចនាសម្ពន្ធក្នុងក្រុងព្រះសីហនុ និងតំបន់ជុំវិញ

ផ្លូវក្រាលកៅស៊ូបេតុឆ្នាំ ២០១៨ មានចំនួន ២០.៥ ភាគរយនឹងកើនឡើងដល់ ១០០ភាគរយនៅឆ្នាំ ២០៣៨។

ការផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០១៨ មានចំនួន៣២ភាគរយ នឹងកើនឡើងដល់ ១០០ ភាគរយនៅឆ្នាំ២០៣៨។

ភស្តុភារម្មឆ្នាំ២០១៨ មានចំនួន៤,៩លានតោន នឹងកើនឡើងដល់ចំនួន៣៧លា​ន​តោននៅឆ្នាំ២០៣៨។

តំបន់លំនៅដ្ឋាននៅឆ្នាំ២០១៩ មានផ្ទៃដី១៦៣១ហិចតា នឹងកើនឡើងដល់ ៦០២ ហិកតា។

តំបន់ឧស្សាហកកម្មនៅឆ្នាំ ២០១៩ មានផ្ទៃដី៨២៩ហិចតា នឹងកើនឡើងដល់ផ្ទៃដី១៦០២ ហិចតានៅឆ្នាំ២០២៣៨។

តំបន់លម្ហសាធារណៈ និងផ្ទៃបៃតងសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៩ មានផ្ទៃដី ០.៥១គីឡូម៉ែត្រក្រឡា សម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់ផ្ទៃដី១០ ម៉ែត្រក្រឡាសម្រាប់ម្នាក់នៅឆ្នាំ ២០៣៨៕

ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធដីធ្លីមិនបានប្រើប្រាស់នឹងត្រូវបិទបញ្ចប់ ជាមួយសារព្រមាន

        ដោយៈតារា

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសសល់រយៈពេល៣ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ក្នុងនោះចំពោះករណីខកខាន មិនបានបំពេញកាតព្វកិច្ចបង់ពន្ធប្រភេទនេះ ម្ចាស់អចលនទព្យនឹងទទួលរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសជូនដំណឹងលើការប្រកាសបង់ពន្ធ លើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២១ ដែលការបង់ពន្ធប្រភេទនេះ នៅសល់តែរយៈពេល៣ថ្ងៃទៀត តែប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់ ក្នុងនោះចំពោះម្ចាស់អចលនទ្រព្យ ដែលមានអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ នឹងនៅតាមបណ្តាដែលត្រូវបំពេញកាតព្វកិច្ចបង់ពន្ធ សូមមកបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២១ឲ្យបានរួសរាន់ ដោយការបង់ពន្ធលើផ្នែកនេះ នឹងត្រូវបិតបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។

ជុំវិញការបង់ពន្ធលើផ្នែកអចលនទ្រព្យនេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា មកដល់ពេលនេះ នៅមានម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បំពេញកាតព្វកិច្ចប្រកា​សបង់ពន្ធប្រភេទនេះនៅឡើយ ដើម្បីជម្រុញការប្រមូលប្រមូលពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២០ឲ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាព សម្រាប់ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បង់ពន្ធ សូមមកប្រកាសបង់ពន្ធទាំងអស់គ្នា ឲ្យបានមុនការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ។

ប្រសិនម្ចាស់អចលនទ្រព្យ ខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធ ទាន់ពេលវេលាតាមការកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ធរមាន។

នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួនជាង ១១ ៧០០ ប៊ីលានរៀល ត្រូវប្រមាណ២៨៨៩លានដុល្លារអាមេរិក ស្មើជាង ១០១% នៃផែនការប្រចាំឆ្នាំ ក្នុងនោះការប្រមូលពន្ធលើ អ្នកជាប់ពន្ធធំបានចំនួនជាង៨ ៥០០ប៊ីលានរៀល, អ្នកជាប់ពន្ធមធ្យមជាង១ ៧០០ប៊ីលានរៀល និងអ្នកជាប់ពន្ធតូចជាង៥៥ ប៊ីលានរៀល។ ដោយឡែកការប្រមូលពន្ធលើការឈ្នួលផ្ទះ ពន្ធអចលនទ្រព្យ និងពន្ធផ្សេងៗ បានចំនួនប្រមាណជាង១ ៣០០ ប៊ីលានរៀល ត្រូវប្រមាណជិត១២% នៃការប្រមូលចំណូលពន្ធសរុបផងដែរ៕

តើគួរវិនិយោគលើអចលនលទ្រព្យប្រភេទមួយណាទើបទទួលបានផលចំណេញខ្ពស់?

ដោយៈសហការី

        ភ្នំពេញៈ នៅក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា បានស្គាល់នូវភាពរីកចម្រើនឥតឈប់ឈរ ហើយមនុ​ស្សមួយចំនួនបានក្លាយជាអ្នកមាន ដោយសារពួកគេចេះវិនិយោគ ប្រកបដោយភាពឆ្លាតវៃនៅក្នុងវិស័យមួយនេះ។

តើធ្វើដូចម្ដេចទើបវិនិយោគប្រកបដោយភាពឆ្លាតវៃ ហើយតើគួរវិនិយោគលើអច​លនទ្រព្យប្រភេទមួយណា ទើបទទួលបានផលចំណេញខ្ពស់ នៅក្នុងពេលបច្ចុប្បន្ននេះ?ទាក់ទិននឹងសំណួរខាងលើ អ្នកជំនាញអចលនទ្រព្យ បានផ្ដល់នូវដំបូន្មានដ៏មានសារៈប្រយោជន៍មួយចំនួន សម្រាប់អ្នកដែលចង់វិនិយោគលើវិស័យនេះ ដើម្បីទទួលបានផលចំណេញពីការវិនិយោគ។

អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា បើនិយាយពីការវិនិយោគ មិនថាវិនិយោគទៅលើដី ផ្ទះខុនដូនោះទេ គឺសុទ្ធតែទទួលបានអត្ថប្រយោជន៍ និងផលចំណេញផ្សេងៗគ្នា។

ទោះជាយ៉ាងណា អ្នកស្រីបានបញ្ជាក់ថា ប្រសិនបើវិនិយោគទៅលើដីធ្លី គេនឹងអាចទាញបានផលចំណញ ច្រើនជាងការវិនិយោគទៅលើអចលនទ្រព្យប្រភេទផ្សេងៗ ព្រោះថា ការទិញដីយើងអាចទិញយកមកដាក់ជួលបន្ត ទុកលក់ចំណេញនៅថ្ងៃក្រោយ ពុះជាដីឡូតិ៍លក់ និងអាចអភិវឌ្ឍជាបុរី ផ្ទះល្វែង អាផាមិន ឃ្លាំង រោងចក្រ និងអគារពាណិជ្ជកម្មជាដើម។

ការវិនិយោគទៅលើអចលទ្រព្យដីធ្លី គឺនៅតែមានប្រជាប្រិយភាព សម្រាប់ប្រជាជនកម្ពុជា ដោយសារតែដីគឺជាអចនវត្ថុដែលមានកំណត់ ងាយស្រួលទិញ មិនចាំបាច់ថែទាំ និងមិនសូវមានការប្រកួតប្រជែកច្រើន ដូចប្រភេទអចលនទ្រព្យដទៃទៀតនោះទេ។

អ្នកស្រីតាំង ហួរ បានបន្តថា “ប្រសិនបើយើងចង់វិនិយោគទៅលើដីធ្លី យើងត្រូវមើលទៅលើទីតាំងណា ដែលកំពុងមានសក្ដានុពលខ្លាំង និងមានសន្ទុះនៃការអភិវឌ្ឍន៏លឿនបំផុត”។ ជាក់ស្ដែង តំបន់ជាយក្រុងនៃរាជធានីភ្នំពេញ កំពុងតែមានសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅឋានជាច្រើន បូករួមនឹងគម្រោងហេដ្ឋារចនាសម្ពន័នានារបស់រដ្ឋាភិបាលផងនោះ បានធ្វើអោយតំបន់ទាំងនោះ កាន់តែមានសក្ដានុពលខ្លាំង ហើយតំបន់ដង្ហើមនៃសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលយើងគួរតែវិនិយោគនោះ គឺតំបន់ផ្លូវជាតិលេខ១ ៣ ៤ និងផ្លូវជាតិលេខ៦”។

ស្របពេលជាមួយគ្នានេះ លោកសុខ​ គឹមអេង​ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចល​នទ្រព្យ Sovannaphum Real Estate Investment Co.,Ltd. ក៏បានលើកឡើងដែរថា ការវិនិយោគលើដី មានវិសាលភាពចំណេញច្រើនជាងផ្ទះ ឫអចលនទ្រព្យផ្សេងទៀត  ដោ​យសារតែដី ក្នុងតំបន់មួយចំនួននៅមានតម្លៃធូរថ្លៃនៅឡើយ ដែលយើងអាចមានលទ្ធភាពទិញបាន ជាពិសេសនៅតំបន់ជាយក្រុង ឬទីរួមខេត្តមួយចំនួនដែលជាប់រាជធានីភ្នំពេញ។

លោកបានបន្តថា “ការវិនិយោគលើដីធ្លីមួយចំនួន អាចនឹងត្រូវការពេលវែងបន្តិចក៏ពិតមែន តែក៏មានឱកាសនៃការចំណេញខ្ពស់ផងដែរ”។

បើតាមបទពិសោធន៍របស់លោកនៅក្នុងវិស័យនេះ ទាំងការវិនិយោគទៅលើដីធ្លី ឬផ្ទះ សុទ្ធតែមានឱកាសដើម្បីទទួលបានផលចំណេញ ដោយអាស្រ័យទៅធនធានហិរញ្ញវត្ថុដែលយើងមាន ថាតើយើងមានលទ្ធភាពកម្រិតណា ហើយចង់វិនិយោគទៅលើអចលនទ្រព្យប្រភេទណាមុន។

ជាក់ស្ដែង ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ អចលនទ្រព្យដីធ្លីមួយចំនួន ត្រូវបានដាក់លក់ក្រោមទីផ្សារ១០ទៅ២០ភាគរយ ហើយនេះគឺជាឱកាសល្អសម្រាប់អ្នកវិនិយោគ ដែលមានធនធានគ្រប់គ្រាន់ដើម្បីចាប់យកក្នុងកំឡុងពេលនេះ។

 

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងទៅកាន់៖ +855 967876902 (Telegram)/ +855 66886633 ។ ប្រភព៖ Harbor Property

 

 

តើអ្នកស្រីGrace Rachyជាអ្នកណា? និងបានចាប់ផ្តើមអាជីពការងារយ៉ាងដូចម្តេច?

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មានមនុស្សមិនច្រើនទេ ដែលទទួលបានជោគជ័យក្នុងមុខជំនួញ និងជាអ្នកផ្ដើមចេញពីការងារតូចតាចប្រាក់ខែតិចតួច ប៉ុន្តែថ្ងៃនេះគេហទំព័រProperty Area នឹងលើកយកអ្នកជំនួញអចលនទ្រព្យ ជាស្ត្រីម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលបានផ្ដើមចេញពីប្រាក់ខែត្រឹមតែ៤៥ដុល្លារអាមេរិកប៉ុណ្ណោះ។

លោកអ្នកដែលប្រឡូកក្នុងវិស័យអចលនទ្រព្យ ប្រាកដជាបានដឹងពីឈ្មោះនិងតួនាទីស្ត្រីមួយរូបនេះ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ យីហោអន្តរជាតិល្បីឈ្មោះលើពិភពលោក គឺលោកស្រី Grace Rachny នាយិកាក្រុមហ៊ុនCentury 21 Cambodia ដែលក្រុមហ៊ុននេះ ជាក្រុមហ៊ុនបង្កើតឡើងនៅសហរដ្ឋអាមេរិក និងមានអាយុកាលជាង៥០ឆ្នាំមកហើយ។

ក្រុមហ៊ុន Century 21  បានមកដល់ប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១២ ពោលគឺនៅក្នុងពេលដែលវិស័យអចលនទ្រព្យកម្ពុជា កំពុងមានសន្ទុះងើបឡើងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ឬ២០០៩ ។

ពេលនេះ យើងមកស្គាល់លោកស្រីGrace Rachny ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកមួយនេះ តើលោកហ្គ្រេស រចនីជាអ្នកណាទើបមកកាន់កាប់ក្នុងក្រុមហ៊ុនធំបែបនេះនៅកម្ពុជា។

លោកស្រី ហ្គ្រេស រចនីបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី២៧ កញ្ញា២០២១នេះថា នៅឆ្នាំ២០០២ លោកស្រីបានចាប់ផ្ដើមបម្រើការងារនៅក្នុងក្រុមហ៊ុនលក់អំពូលភ្លើងមួយ មកពីប្រទេសសិង្ហបុរី ហើយក្នុងអំឡុងឆ្នាំនោះ ជាឆ្នាំដែលលោកស្រីបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ដោយចាប់ផ្ដើមធ្វើការងារជាមួ យប្រាក់ខែត្រឹមតែ៤៥ដុល្លារអាមេរិកប៉ុណ្ណោះ ។

អំឡុងពេលប្រឡូកការងារផ្នែកលក់នេះហើយ ដែលលោកស្រីបានជួបជាមួយលោកFillip Fong ជាជនជាតិសឹង្ហបុរី និងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ដោយទទូល​បានបុត្រីចំនួន២នាក់។

លោកស្រីបន្តថា ជាបិទពិសោធន៍ និងឱកាសល្អសម្រាប់លោកស្រី ដែលបានចាប់ផ្ដើមធ្វើការដំបូង ជាមួយនឹងក្រុមហ៊ុនធំមួយ និងមានសាខាទូទាំងពិភពលោក ។ ការធ្វើការជាមួយក្រុមហ៊ុនធំបែបនេះ បានជំរុញឱ្យលោកស្រីអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ និងបានភ្ជាប់បណ្តាញអគ្គិសនី ទៅផ្ទះវីឡាធំៗនៅក្នុងប្រទេសកម្ពុជា ពីព្រោះអំពូលភ្លើងរបស់ក្រុមហ៊ុនលោកស្រីធ្វើការ គឺមានតម្លៃខ្ពស់និងសម្រាប់អ្នកមានជីវភាពធូរធារ។

ក្នុងការងារជាបុគ្គលិកក្នុងក្រុមហ៊ុនអំពូលភ្លើងនេះដែរ បាននាំលោកស្រីទៅស្គាល់ជាមួយអ្នកវិនិយោគម្ចាស់ទ្រព្យធំៗ នៅកម្ពុជា។

លោកស្រីGrace Rachnyបានបន្ថែមថា នៅក្នុងអាជីវកម្មផ្ទាល់ខ្លួនបានធ្វើឱ្យលោកស្រីបានស្គាល់ ជាមួយនឹងវិនិយោគិនបរទេសជាច្រើនមកកម្ពុជា ដូចជា មកពីប្រទេសសឹង្ហបុរី ហុងកុង ម៉ាឡេស៊ី ដើម្បីវិនិយោគនៅកម្ពុជា ហើយជាពេលវេលាមួយដែលលោកស្រី បានយល់ដឹងកាន់តែច្បាស់ ពីវិស័យអចលនទ្រព្យ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ច ពីព្រោះថានៅពេលវិនិយោគិនចូលមក វិនិយោគនៅក្នុងប្រទេសកម្ពុជា វាមិនត្រឹមតែនាំប្រាក់ចំណេញដល់វិនិយោគិនប៉ុណ្ណោះទេ តែវាក៏បានផ្ដល់ឱកាសការងារដល់ប្រាក់បៀវត្សរ៍ដល់ប្រជាជនកម្ពុជាផងដែរ ។

ប្រឡូកក្នុងការងារចាស់ រហូតដល់ឆ្នាំ២០១២ គឺជាឆ្នាំដ៏ល្អរបស់លោកស្រី ដែលបានស្គាល់Group Chairman នៃក្រុមហ៊ុនអចលនទ្រព្យធំមួយ និងបាននាំប្រែននៃក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់សហរដ្ឋអាមេរិក ចូលមកកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Century 21 មកដល់សព្វថ្ងៃនេះ មានវត្តមាននៅរហូតដល់៨៧ប្រទេស នៅលើពិភពលោកនិងមានអាយុកាលរហូតដល់៥០ឆ្នាំ។

ជីវិតផ្លាស់ប្តូរជាមួយនឹងទស្សនវិស័យច្បាស់លាស់ និងការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលនៅកម្រិតអន្តរជាតិ បានធ្វើឲ្យបែបផែន​ការងារ តួនាទី ឋានៈរបស់លោកស្រីបានGrace Rachnyផ្លាស់ប្តូរទាំងស្រុង។

ដោយមើលឃើញទេពកោសល្យ ជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំ លោកស្រីGrace Rachnyត្រូវបានតែងតាំងឲ្យដឹកនាំ ក្រុមហ៊ុនលំដាប់អន្តរជាតិខាងលើនេះ ជាមួយនឹងទំនុកចិត្តពីសម្ព័ន្ឋថ្នាក់ដឹកនាំ និងអ្នកនាំយកយីហោអន្តរជាតិនេះចូលមកកាន់ទីផ្សារកម្ពុជា។

លោកស្រីបានបញ្ជាក់ថា ក្នុងមុខតំណែងជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុនអន្តរជាតិមួយនេះ លោកស្រីបានកសាងប្រែនខ្លួនឯង កសាងទំនាក់ទំនងជាមួយវិនិយោគិន ជាមួយម្ចាស់ភាគហ៊ុន និងជាឱកាសដែលធ្វើឱ្យលោកស្រី បានដើរជុំវិញពិភពលោកជាមួយនឹងក្រុមហ៊ុនCentury 21 brand និងជាមួយសមាជិករបស់ក្រុមហ៊ុន Century 21 Cambodia ។

លោកស្រីថា “ទោះបីជាខ្ញុំមានបទពិសោធន៍ជិត២០ឆ្នាំក្ដី តែនាងខ្ញុំនៅបន្តសិក្សានិងរៀនពីអ្វីដែលថ្មីបន្តទៀត ដោយអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជួយដល់សង្គមជាតិរបស់យើង”។

ជាលទ្ឋផលរយៈពេល៩ឆ្នាំ ក្រុមហ៊ុនCentury21 Cambodiaបានពង្រីកសាខាយ៉ាងច្រើនទូទាំងប្រទេស ដែលបច្ចុប្បន្នសម្ព័ន្ឋក្រុមហ៊ុននេះមានបុគ្គលិក១០០០នាក់នៅរាជធានីភ្នំពេញ និងបានកំពុងពង្រីកសេវាកម្មទៅដល់ឃុំ សង្កាត់ទាំង១៦៤៦ទីទាំង២៥រាជធានី ខេត្តទូទាំងប្រទេស ជាមួយនឹងគោលដៅបន្ថែមបុគ្គលិក ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ប្រកបដោយមូលដ្ឋានវិជ្ជាជីវៈជំនាញលំដាប់អន្តរជាតិ៕

តើការវិនិយោគដីធ្លីជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ នៅកម្ពុជា?

ដោយៈសុជាតា

ភ្នំពេញៈ ការរីកចំរើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សនេះបានធ្វើអោយវិស័យអចលនទ្រព្យនៅកម្ពុជា បានរីកដុះដាលដូចផ្សិត ជាពិសេសនៅរាជធានភ្នំពេញ ក៏ដូចជាបណ្តាខេត្តធំៗមួយចំនួនផងដែរ។

ការរីកចំរើននៃវិស័យអចលនទ្រព្យនៅកម្ពុជា បានផ្តល់ឱកាសអោយអ្នកវិនិយោគបានក្លាយទៅជាអ្នកមានដ៏លឿនរហ័ស តាមរយៈការវិនិយោគវៃឆ្លាត និងក្តោបក្តាប់ស្ថានការណ៍បានល្អ។

ប៉ុន្តែសំណួរបានលេចឡើង ក្នុងចំណោមប្រភេទអចលនទ្រព្យបែបណា ដែលអ្នកវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ តើវាជាប្រភេទអចលនទ្រព្យខាងដីធ្លី ខុនដូរ និង ផ្ទះសំបែងដែលជាជម្រើសដ៏ប្រសើរសម្រាប់អ្នកវិនិយោគនៅកម្ពុជា។

យោងតាមអ្នកជំនាញខាងដីធ្លីបានបញ្ជាក់អោយដឹងថា គ្រប់ការវិនិយោគអចលនទ្រព្យទាំងអស់មិនថា ដីធ្លី និង ផ្ទះសំបែង និង ខុនដូរ មានសក្តានុពលខ្ពស់ ក្នុងការទទួលផលចំនេញ។ ប៉ុន្តែការវិនិយោគនៅលើផ្នែកដីធ្លី គឺមានឱកាសខ្ពស់ក្នុងការទទួលផលចំណេញ ពីព្រោះផ្នែកដីធ្លី គឺបានបែងចែកនៅក្នុងដីធ្លី និងប្រើប្រាស់ជាប្រភេទដីធ្លីសម្រាប់កសាងបុរី ខុនដូ និង មជ្ឍមណ្ឌលពាណិជ្ជកម្មជាដើម។

នាពេលបច្ចុប្បន្ននេះ អចលនទ្រព្យខាងផ្នែកដីធ្លី គឹមានប្រជាប្រិយក្នុងចំណោមប្រជាជនកម្ពុជា ពីព្រោះវាមានភាពងាយស្រួលទិញលក់ និងមិនសូវមានភាពប្រកួតប្រជែ​ងដូចប្រភេទអចលនទ្រព្យផ្សេងៗទៀត។

បើតាមពន្យល់ពីសំណាក់លោក ឌីត ចាន់ណា ប្រធានក្រុមហ៊ុនLucky real estate បានបញ្ជាក់ប្រាប់ថា ការវិនិយោគទៅលើដីធ្លី គឺគេពិនិត្យទៅលើទីតាំង ដែលមានសក្តានុពល និងល្បឿននៃការអភិវឌ្ឍនៅក្នុងតំបន់នោះផងដែរ។ នាពេលបច្ចុប្បន្ននេះ ផ្នែកជាយក្រុងភ្នំពេញ គឺទទួលបានការអភិវឌ្ឍគេហដ្ឋានជាច្រើន ជាមួយនឹងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគាំទ្ររបស់រដ្ឋាភិបាលផងដែរ។

ភាគច្រើនអចលនទ្រព្យ នៅផ្នែកដីធ្លីនៅតំបន់ផ្លូវជាតិ១ លេខ៣ និង ផ្លូវជាតិ ៦បានទាក់ទាញអភិវឌ្ឍអចលនទ្រព្យខ្លាំងផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា “ទោះបីជាការវិនិយោគដីធ្លី ទាមទាំររយៈពេលយូរក៏ដោយ ប៉ុន្តែឱកាសបង្កើតប្រាក់ចំណេញ គឺអត្រាខ្ពស់ផងដែរ”។ លោកបន្ថែមថា “ផ្អែកទៅលើបទពិសោធន៍ជាក់ស្តែង ការវិនិយោគទៅលើដីធ្លី ផ្ទះ និង ខុនដូ អាចទទួលផលចំណេញខុសគ្នា អាស្រ័យទៅលើធនធានហិរញ្ញវត្ថុរបស់ពួកគេ”។

នាពេលបច្ចុប្បន្ននេះ ការរាលត្បាតវិបត្តិ Covid 19 បានធ្វើអោយប៉ះពាល់ទៅដល់ កំណើនសេដ្ឋកិច្ចជាតិ បានធ្វើអោយការទិញលក់ ដីធ្លី បានធ្លាក់ចុះក្រោមទីផ្សារចន្លោះពី ១០ភាគរយ ទៅ២០ភាគរយ ដែលជាឱកាសសម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងទិញ និង លក់ចេញសម្រាប់ផលចំណេញខ្ពស់ផងដែរ។

ជាមួយគ្នានេះ លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ហេតុផលដែលទីផ្សារដីធ្លីមានការវិនិ​យោគច្រើននៅកម្ពុជា ដោយសារការវិនិយោគដីធ្លី មានអត្រាចំណេញខ្ពស់ធៀបនឹងផ្នែក​ផ្សេងទៀតនៃវិស័យអចលនទ្រព្យ។ ជាការវិនិយោគដែលមើលឃើញផលចំណេញមានភាពច្បាស់លាស់ ដោយយើងឃើញថា ទោះបីមានបញ្ហាសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែចរន្តទិញ លក់ដីធ្លីនៅតែបន្តមាន និងចំណុចពិសេសមួយទៀត ការវិនិយោគដីធ្លី ជាការវិនិយោគដែលមានផលចំណេញរយៈពេលវែង៕