តើការវិនិយោគដីធ្លីជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ នៅកម្ពុជា?

ដោយៈសុជាតា

ភ្នំពេញៈ ការរីកចំរើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សនេះបានធ្វើអោយវិស័យអចលនទ្រព្យនៅកម្ពុជា បានរីកដុះដាលដូចផ្សិត ជាពិសេសនៅរាជធានភ្នំពេញ ក៏ដូចជាបណ្តាខេត្តធំៗមួយចំនួនផងដែរ។

ការរីកចំរើននៃវិស័យអចលនទ្រព្យនៅកម្ពុជា បានផ្តល់ឱកាសអោយអ្នកវិនិយោគបានក្លាយទៅជាអ្នកមានដ៏លឿនរហ័ស តាមរយៈការវិនិយោគវៃឆ្លាត និងក្តោបក្តាប់ស្ថានការណ៍បានល្អ។

ប៉ុន្តែសំណួរបានលេចឡើង ក្នុងចំណោមប្រភេទអចលនទ្រព្យបែបណា ដែលអ្នកវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ តើវាជាប្រភេទអចលនទ្រព្យខាងដីធ្លី ខុនដូរ និង ផ្ទះសំបែងដែលជាជម្រើសដ៏ប្រសើរសម្រាប់អ្នកវិនិយោគនៅកម្ពុជា។

យោងតាមអ្នកជំនាញខាងដីធ្លីបានបញ្ជាក់អោយដឹងថា គ្រប់ការវិនិយោគអចលនទ្រព្យទាំងអស់មិនថា ដីធ្លី និង ផ្ទះសំបែង និង ខុនដូរ មានសក្តានុពលខ្ពស់ ក្នុងការទទួលផលចំនេញ។ ប៉ុន្តែការវិនិយោគនៅលើផ្នែកដីធ្លី គឺមានឱកាសខ្ពស់ក្នុងការទទួលផលចំណេញ ពីព្រោះផ្នែកដីធ្លី គឺបានបែងចែកនៅក្នុងដីធ្លី និងប្រើប្រាស់ជាប្រភេទដីធ្លីសម្រាប់កសាងបុរី ខុនដូ និង មជ្ឍមណ្ឌលពាណិជ្ជកម្មជាដើម។

នាពេលបច្ចុប្បន្ននេះ អចលនទ្រព្យខាងផ្នែកដីធ្លី គឹមានប្រជាប្រិយក្នុងចំណោមប្រជាជនកម្ពុជា ពីព្រោះវាមានភាពងាយស្រួលទិញលក់ និងមិនសូវមានភាពប្រកួតប្រជែ​ងដូចប្រភេទអចលនទ្រព្យផ្សេងៗទៀត។

បើតាមពន្យល់ពីសំណាក់លោក ឌីត ចាន់ណា ប្រធានក្រុមហ៊ុនLucky real estate បានបញ្ជាក់ប្រាប់ថា ការវិនិយោគទៅលើដីធ្លី គឺគេពិនិត្យទៅលើទីតាំង ដែលមានសក្តានុពល និងល្បឿននៃការអភិវឌ្ឍនៅក្នុងតំបន់នោះផងដែរ។ នាពេលបច្ចុប្បន្ននេះ ផ្នែកជាយក្រុងភ្នំពេញ គឺទទួលបានការអភិវឌ្ឍគេហដ្ឋានជាច្រើន ជាមួយនឹងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគាំទ្ររបស់រដ្ឋាភិបាលផងដែរ។

ភាគច្រើនអចលនទ្រព្យ នៅផ្នែកដីធ្លីនៅតំបន់ផ្លូវជាតិ១ លេខ៣ និង ផ្លូវជាតិ ៦បានទាក់ទាញអភិវឌ្ឍអចលនទ្រព្យខ្លាំងផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា “ទោះបីជាការវិនិយោគដីធ្លី ទាមទាំររយៈពេលយូរក៏ដោយ ប៉ុន្តែឱកាសបង្កើតប្រាក់ចំណេញ គឺអត្រាខ្ពស់ផងដែរ”។ លោកបន្ថែមថា “ផ្អែកទៅលើបទពិសោធន៍ជាក់ស្តែង ការវិនិយោគទៅលើដីធ្លី ផ្ទះ និង ខុនដូ អាចទទួលផលចំណេញខុសគ្នា អាស្រ័យទៅលើធនធានហិរញ្ញវត្ថុរបស់ពួកគេ”។

នាពេលបច្ចុប្បន្ននេះ ការរាលត្បាតវិបត្តិ Covid 19 បានធ្វើអោយប៉ះពាល់ទៅដល់ កំណើនសេដ្ឋកិច្ចជាតិ បានធ្វើអោយការទិញលក់ ដីធ្លី បានធ្លាក់ចុះក្រោមទីផ្សារចន្លោះពី ១០ភាគរយ ទៅ២០ភាគរយ ដែលជាឱកាសសម្រាប់អ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងទិញ និង លក់ចេញសម្រាប់ផលចំណេញខ្ពស់ផងដែរ។

ជាមួយគ្នានេះ លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ហេតុផលដែលទីផ្សារដីធ្លីមានការវិនិ​យោគច្រើននៅកម្ពុជា ដោយសារការវិនិយោគដីធ្លី មានអត្រាចំណេញខ្ពស់ធៀបនឹងផ្នែក​ផ្សេងទៀតនៃវិស័យអចលនទ្រព្យ។ ជាការវិនិយោគដែលមើលឃើញផលចំណេញមានភាពច្បាស់លាស់ ដោយយើងឃើញថា ទោះបីមានបញ្ហាសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែចរន្តទិញ លក់ដីធ្លីនៅតែបន្តមាន និងចំណុចពិសេសមួយទៀត ការវិនិយោគដីធ្លី ជាការវិនិយោគដែលមានផលចំណេញរយៈពេលវែង៕

ធនាគារអភិវឌ្ឍន៍អាស៊ីត្រៀមផ្តល់កម្ចី១៤០០លានដុល្លាររយៈពេល៤ឆ្នាំសម្រាប់កម្ពុជា

        ដោយៈសិរី ជេស៊ីកា

        ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានត្រៀមផ្តល់ហិរញ្ញប្បទានសហប្រតិ​បត្តិការចំនួន១៤០០លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ខាងមុខ។

ជាមួយគ្នានេះ ADBនឹងជំនួយឥតសំណង៣១,៨ លានដុល្លារ សម្រាប់កម្ពុជាក្នុងរយៈពេលដូចគ្នាផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ADB ចេញផ្សាយកាលពីសប្តាហ៍មុន ទឹកប្រាក់កម្ចី និងជំនួយឥតសំណងនេះ គឺសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩របស់កម្ពុជា។

យោតតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុល សាធារណៈសរុបចំនួន៩,១២ពាន់លានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស។

ទោះជាយ៉ាងណា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជា មិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានថ្មីទេ ដោយសារគម្រោងអភិវឌ្ឍន៍ថ្មីជាច្រើន កំពុ​ងស្ថិតក្នុងដំណាក់កាលសិក្សា និងរៀបចំ ហើយត្រូវបានពន្យាពេលដោយសារការរីករាលដាលជំងឺកូវីដ១៩។

កាលពីថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ ពី៤ភាគរយ មកនៅត្រឹម១,៩ភាគរយប៉ុណ្ណោះ ប៉ុន្តែថាឆ្នាំ២០២២ អាចនឹងមានកំណើនដល់ទៅ៥,៥ភាគរយ៕

– Video Advertisement –

 

ភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតរថយន្តអគ្គិសនីរបស់ Evergrande ដាំក្បាលចុះ២៦ភាគរយបន្ទាប់ពីមានការព្រមាន

ដោយៈសុខុម

ហុងកុង: ភាគហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតរថយន្តអគ្គិសនី របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិន Evergrande បានដាំក្បាលចុះរហូតដល់ទៅ២៦%នៅថ្ងៃច័ន្ទ ទី២៧កញ្ញានេះ បន្ទាប់ពីបុត្រសម្ព័ន្ធមួយនេះប្រឈមនឹងអនាគ​តមិនប្រាកដប្រជា លុះត្រាតែខ្លួនទទួលបានការចាក់បញ្ចូលសាច់ប្រាក់ភ្លាមៗ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters ឱ្យដឹងថា ការធ្លាក់ចុះយ៉ាងខ្លាំង នូវតម្លៃភាគហ៊ុននេះក៏កើតមានឡើង ក្រោយពីបុត្រសម្ព័ន្ធនេះប្រកាសលុបចោលផែនការបោះផ្សាយលក់ភាគហ៊ុន RMB ផងដែរ។

ការព្រមានរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ China Evergrande New Energy Vehicle Group បន្ទាប់ពីទីផ្សារបានបិទការជួញដូរកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ គឺជាសញ្ញាច្បាស់លាស់បំផុតដែលបង្ហាញថា វិបត្តិបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យធំបំផុតទី២ នៅប្រទេសចិនEvergrande កំពុងជះផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃអាជីវកម្មរបស់ខ្លួន។

អ្នកវិភាគមួយចំនួនមានការព្រួយបារម្ភថា ការដួលរលំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande អាចបង្កឱ្យមានវិបត្តិទីផ្សារទូទាំងពិភពលោក។

ក្រុមហ៊ុន Evergrande បានខកខានក្នុងការបង់ការប្រាក់ លើសញ្ញាប័ណ្ណគិតជាដុល្លារ កាលពីសប្ដាហ៍មុន ហើយការស្ងៀមស្ងាត់របស់ក្រុមហ៊ុន ចំពោះបញ្ហានេះបានធ្វើ  ឱ្យវិនិយោគិនទូទាំងពិភពលោកងឿងឆ្ងល់ថា តើពួកគេនឹងត្រូវទទួលរងការខាតបង់យ៉ាងធំឬយ៉ាងណា នៅពេលដែលរយៈពេលអនុគ្រោះរយៈពេល៣០ថ្ងៃកន្លងផុតទៅ។

ក្រុមហ៊ុន Evergrande បានជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅប្រមាណ៣០៥ពាន់លានដុល្លារ ដោយក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតនៅប្រទេសចិន។

វិបត្តិរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ឈឺក្បាលយ៉ាងខ្លាំង ហើ​យបណ្ដាវិនិយោគិន មានការព្រួយបារម្ភយ៉ាងខ្លាំងថា ការដួលរលំរបស់ក្រុមហ៊ុននេះអាចបង្កហានិភ័យជាលក្ខណៈប្រព័ន្ធ មកលើប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន៕  Reuters៕

គម្រោងអភិវឌ្ឍន៍ផ្ទះលំហែកាយ Forest Harmony ជំរុញ សក្ដានុពលវិនិយោគ ខេត្តកំពតកាន់តែខ្លាំង

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយ Forest Harmony ក្នុងទឹកដីខេត្តកំពត បាននិងកំពុងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ កាន់តែមានភាពទាក់ទាញដល់វិនិយោគលើវិស័យអចលនទ្រព្យ និងបង្កើនសកម្មភាពនៃការទិញលក់ដីធ្លីក្នុងទឹកដីខេត្តកំពតមួយកម្រិតទៀតផងដែរ។

 

គម្រោងវិនិយោគលំនៅឋានលំហែកាយ Forest Harmony បាននិងកំពុងធ្វើសកម្មភាពមមាញឹក ក្នុងការអភិវឌ្ឍនៅលើផ្ទៃដី៩៧ហិចតា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ និងចំងាយប្រមាណ១៦គីឡូម៉ែត្រពីទីរួមខេត្តកំពត ។ គម្រោងនេះបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកដែលមានជីវភាព ធូរធាក្នុងបណ្ដាក់ទុនវិនិយោគ និងជំរុញឱ្យសក្ដានុពល នៅក្នុងខេត្តកំពតកាន់តែមានសន្ទុះ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ។

លោកអ៊ិន ស៊ីថា អគ្គនាយកក្រុមហ៊ុនForest Harmony បានឱ្យដឹងកាលពីពេល​ថ្មី​ៗនេះថា គម្រោងForest Harmony ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍន៍៩៧ហិចតា ហើយនៅក្នុងនោះដែរ ក៏មានគម្រោងតូចៗប្រមាណ៥ទៅ៦គម្រោងទៀត។ បច្ចុប្បន្ននេះ គម្រោងអភិវ​ឌ្ឍន៍មួយនេះ កំពុងបង្កើតនូវសហគមន៍មួយដែលមានផ្ទះវីឡាផ្សេងៗ ឱ្យស្របនឹងការរស់នៅរបស់អ្នកដែលបានទិញគម្រោងរបស់ពួកយើង ។

លោកបន្តថា “គម្រោងមួយនេះបានរចនាតាមបែបអឺរ៉ុប ផ្សាភ្ជាប់ជាមួយនឹងរចនាបថតាមបែបខ្មែរយើងផងដែរ។ គម្រោងនេះ កំពុងតែបង្ហាញពីសក្ដានុពលខ្លាំង សម្រាប់ខេត្តកំពត ជាពិសេសតំបន់នៅជុំវិញទីរួមខេត្តកំពត ដោយសារតែភូមិសាស្ត្រ លាតសន្ធឹងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានចំងាយប្រមាណ១២៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ”។ លោកបន្តថា “ការធ្វើដំណើរពីភ្នំពេញទៅកាន់ទឹកដីខេត្តកំពត ក៏កាន់ងាយស្រួល ដោយរដ្ឋាភិបាលបានសាងសង់ផ្លូវស្អាត ស្រួលធ្វើដំណើរជាងមុន ដែលអាចចំណាយពេលប្រមាណ២ម៉ោងឬ២ម៉ោងកន្លះ នឹងទៅដល់ខេត្តកំពត”។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ផ្ទះលំហែកាយនឹងក្លាយជាផ្ទះទី២ ដែលពេញនិយមនៅពេលអនាគតឆាប់ៗខាងមុខនេះ ហើយនៅពេលពលរដ្ឋ កាន់តែមានជីវភាពធូរធាតម្រូវការផ្ទះទី២នេះនឹងកាន់តែកើនឡើងខ្ពស់។

លោកបន្តថា “ការអភិវឌ្ឍផ្ទះលំហែកាយនេះដែរ ក៏មើលទៅលើទីតាំងសក្ដានុពលផងដែរ ក្នុងនោះតំបន់ដែលមានតំបន់ទេសចរណ៍ រមណីយដ្ឋានច្រើននឹងទាក់ទាញដល់ការវិនិយោគលើលំនៅឋានលំហែកាយ”។លោកបន្តថា “សម្រាប់ខេត្តកំពតជាខេត្តមួយមានអំណោយផល ខាងការអភិវឌ្ឍលំនៅឋានលំហែកាយនេះដែរ ព្រោះវាមិនឆ្ងាយពីភ្នំពេញ និងមានទេសភាពស្អាត និងរមណីយដ្ឋានសំបូរបែប”។

លោកសុខនីមបន្តថា ការអភិវឌ្ឍលំនៅឋានលំហែកាយរបស់Forest Harmony នឹងជំរុញឱ្យសក្ដានុពលវិនិយោគ លើអចលនទ្រព្យនៅក្នុងទឹកដីខេត្តកំពត កាន់តែមានសន្ទុះមួយកម្រិតទៀត ជាមួយនឹងការទាក់ទាញវិនិយោគជាតិ និងអន្តរជាតិឆ្ពោះទៅរការវិនិយោគជាបន្តបន្ទាប់៕

ឧកញ៉ាសំ សុខនឿនៈខេត្តកំពង់ស្ពឺចាប់ផ្តើមមានសក្តានុពលសម្រាប់ការវិនិយោគបុរី លំនៅដ្ឋាននានា

ដោយៈគង់ សូរិយា

        កំពង់ស្ពឺៈ អ្នកជំនាញកំពុងសម្លឹងឃើញសក្តានុពលខេត្តកំពង់ស្ពឺ ដែលមានសក្តានុពលលើការអភិវឌ្ឍន៍រោងចក្រ សហគ្រាសនានា ពិសេសលំនៅដ្ឋានដែលកំពុងមានតម្រូវការ ដោយសារហេតុផលមួយចំនួន។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី២៧ កញ្ញានេះថា ភាពអំណោយ​ផល​និងសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដោយសារខេត្តនេះ ស្ថិតនៅជាប់រាជធានីភ្នំពេញ មានទីតាំងអំណោយុផលដល់រោងចក្រ ឧស្សាហកម្មនានា ដែលបណ្តុំដោយមនុស្សរស់នៅច្រើន ទើបធ្វើឲ្យខេត្តនេះមានតម្រូវការសំណង់បុរី លំនៅដ្ឋានច្រើនជាបន្តបន្ទាប់។

​​​លោកបន្តថា “កំពង់ស្ពឺជាខេត្តចន្លោះរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុដែលធ្វើឲ្យខេត្តនេះ មានភាពអំណោយផលដល់ការវិនិយោគរោងចក្រ សហគ្រាស ដែលងាយស្រួលក្នុងការដឹកជញ្ជូន ងាយស្រួលក្នុងការចែកចាយទំនិញ”។ លោកបន្តថា “អ្វីកាន់ពិសេសគឺខេត្តនេះបាន និងកំពុងកសាងស្តាតថ្មីមួយ ដែលជួយលើកកំពស់មុខមាត់របស់​ខេត្ត ជាមួយនឹងជីវភាពប្រជាពលរដ្ឋក្នុងខេត្តនេះកាន់តែធូរធារ ដែលទទួលបានផលចំណេញ និងចំណូលខ្ពស់ពីការទិញលក់ដីធ្លី”។

លោកសំ សុខនឿនបានបន្តថា កត្តាសំខាន់ៗនេះហើយ បានធ្វើឲ្យតម្រូវការលំនៅដ្ឋានក្នុងខេត្តនេះមានភាពកើនឡើង ព្រោះពេលប្រជាពលរដ្ឋទទួលបានចំណូលពីការលក់ដីធ្លី សម្រាប់រោងចក្រ ឧស្សាហកម្មនានា បានធ្វើឲ្យពួកគាត់ចង់បានលំនៅដ្ឋានស្អាត ស៊ីវិល័យ និងមានហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ មានរបៀបរស់នៅត្រឹមត្រូវ។

លោកឧកញ៉ាបន្តថា ការពិតកំពង់ស្ពឺបាន និងកំពុងក្លាយជាចំណុចកណ្តាលមួយ ដែលបាននិងកំពុងរីកចម្រើន ទាក់ទាញការវិ​និយោគ ដោយសារហេដ្ឋារចនាសម្ព័ន្ឋធំៗដូចជាផ្លូចជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤៤ជាដើម បាននិងកំពុងក្លាយជាមូលដ្ឋានដឹកជញ្ជូន និងជំរុញការរីកចម្រើនសេដ្ឋកិច្ចកាន់តែរ៉ឹងមាំ និងល្អប្រសើរសម្រាប់បច្ចុប្បន្ននិងទៅអនាគត។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីឆ្នាំមុនបានជម្រុញឲ្យរោងចក្រ សហគ្រាសនានាចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ពិសេសតំបន់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១៕

ដំណឹងរីករាយៈអ្នកវិទ្យាសាស្រ្តកូរ៉េរកឃើញBIO SPRAYដែលអាចការពារជំងឺកូវីដ មានប្រសិទ្ឋភាពខ្ពស់បំផុ

        ដោយៈសុខុម

កូរ៉េៈ បច្ចុប្បន្នម៉ាស់ និងទឹកអាល់កុល ឬជែលលាងដៃត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដើម្បីទប់ស្កាត់ការរីករាលដាល វីរុសផ្លូវដង្ហើមដ៏កាចសាហាវកូវីដ-១៩ និងវីរុសគ្រុនផ្ដាសាយ ប៉ុន្តែប្រសិទ្ធភាពនៃការការពារទាំងនោះមានកម្រិតនៅឡើយ។

ប៉ុន្តែពេលនេះប្រទេសកូរ៉េខាងត្បូង ផលិតបាននូវផលិតផលស្ព្រាយបាញ់ BD FERM BIO SPRAY ដែលជារបកគំហើញថ្មីដ៏អស្ចារ្យ សម្រាប់ការពារអាយុជីវិតមនុស្សទូទាំងពិភពលោក ពីវីរុសកាចសាហាវដូចជាវីរុសកូវីដ-១៩ជាដើម។

ស្ព្រាយបាញ់ BD FERM BIO SPRAY គឺជាផលិតផលសម្រាប់បាញ់ចូលច្រមុះ និងមាត់។ នៅពេលអ្នកស្រូបវាចូលក្នុងដង្ហើម ឬលេបវាចូលទៅក្នុងពោះ វាមិនបង្កគ្រោះថ្នាក់ ឬផលប៉ះពាល់អ្វីឡើយ ព្រោះវាគឺជាផលិតផលប្រភេទចំណីអាហារ (Food Product)។

ផលិតផលស្ព្រាយបាញ់ BD FERM BIO SPRAY ប្រើប្រាស់បច្ចេកវិទ្យាមេដំបែដើម្បីការពារសុខភាពមនុស្សពីវីរុសកូវីដ-១៩  និងវីរុសគ្រុនផ្ដាសាយធំ (H3N2) ដោយប្រសិទ្ធភាពខ្ពស់បំផុតគួរឱ្យភ្ញាក់ផ្អើល រហូតទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពជាច្រើន ពីស្ថាប័នដ៏មានកិត្យានុភាពនានា នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប៉ុន្តែមុននឹងផលិតទ្រង់ទ្រាយធំ ដើម្បីធ្វើការចែកចាយ ក្នុងទីផ្សារពិភពលោកផលិត​ផលស្ព្រាយបាញ់BD FERM BIO SPRAY បានឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្ត្រពិសោធន៍ជាច្រើនលើក ចំពោះប្រសិទ្ធភាពរបស់វា នៅក្នុងការប្រឆាំងនឹងវីរុសកូវីដ-១៩  និងវីរុសគ្រុនផ្ដាសាយធំ (H3N2)។

ជាលទ្ធផល របាយការណ៍លទ្ធផលតេស្តលើកទី១ ចុះកាលបរិច្ឆេទថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០ ដែលធ្វើឡើងដោយវិទ្យាស្ថាន ស្រាវជ្រាវបច្ចេកវិទ្យាគីមីសាស្ត្រ (Korea Research Institute of Chemical Technology (KRICT)) ដែលស្ថិតក្នុងចំណោមស្ថាប័នសិក្សាស្រាវជ្រាវកំពូលៗទាំង៥ ក្នុងពិភពលោកបានបង្ហាញថា ផលិតផលស្ព្រាយបាញ់នេះ មានប្រសិទ្ធភាពខ្ពស់រហូតដល់ទៅ៩៩,៩៤៤% និងអាចការពារបានដល់ទៅ១៦ម៉ោង។

រាយការណ៍លទ្ធផលតេស្តលើកទី២ ចុះកាលបរិច្ឆេទថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ២០២១ ដែលធ្វើឡើង ដោយសកលវិទ្យាស្រាវស្រាវជ្រាវរបស់កូរ៉េ JEONBUK NATIONAL UNIVERSITY បង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាពជាង៩៩,៩%។

របាយការណ៍លទ្ធផលតេស្តលើកទី៣ កាលពីថ្ងៃ១៤ កក្កដា ២០២០ ដែលធ្វើឡើងដោយវិទ្យាស្ថាន KRICT បង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាព៩៩,៩៩៨%។

របាយការណ៍លទ្ធផលតេស្តលើកទី៤ ចុះកាលបរិច្ឆេទថ្ងៃទី ២៦ កុម្ភៈ ២០២០ ដែលធ្វើឡើង ដោយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ALLPASSBIO ដែលមានឯកទេសខាងធ្វើតេស្តបង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាព៩៩,៩៩%។

របាយការណ៍លទ្ធផលតេស្តលើកទី៥ ចុះកាលបរិច្ឆេទថ្ងៃទី២៦ កុម្ភៈ ២០២០ ដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ALLPASSBIO បង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាព៩៩,៩៩%។

របាយការណ៍លទ្ធផលតេស្តលើកទី៦ ចុះកាលបរិច្ឆេទថ្ងៃទី២៦ កុម្ភៈ ២០២០ ដែលធ្វើឡើង ដោយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ALLPASSBIO បង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាព៩៩,៩៩%។

របាយការណ៍លទ្ធផលតេស្តលើកទី៧ ចុះកាលបរិច្ឆេទថ្ងៃទី២៦ កុម្ភៈ ២០២០ ដែលធ្វើឡើង ដោយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ALLPASSBIO បង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាព៩៩,៩៩%។

របាយការណ៍លទ្ធផលតេស្តលើកទី៨ ចុះកាលបរិច្ឆេទថ្ងៃទី២៦ កុម្ភៈ ២០២០ ដែលធ្វើឡើង ដោយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ALLPASSBIO បង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាព៩៩,៩៩%។

របាយការណ៍លទ្ធផលតេស្តលើកទី៩ ចុះកាលបរិច្ឆេទថ្ងៃទី២៦ កុម្ភៈ ២០២០ ដែលធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវកូរ៉េ ALLPASSBIO បង្ហាញថា ស្ព្រាយបាញ់នេះមានប្រសិទ្ធភាព៩៩,៩៩%៕

 

គំរោងសាងសង់ផ្លួវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងប្រទេសចិននិងប្រទេសថៃត្រៀមចាប់ផ្តើមដំណើរឡើងវិញ

ដោយ សុជាតា

ប្រទេសថៃៈ គម្រោងផ្លូវល្បឿនលឿនរវាងប្រទេសចិន និងប្រទេសថៃ ពីទីក្រុងបាងកក ទៅខេត្ត Nakhon Ratchasima បានដំណើរការទៅមុខ តាមផែនការកំណត់ ប៉ុន្តែការគម្រោងប្លង់សម្រាប់ស្ថានីយដឹកដំណើរបានផ្លាស់ប្តូរ។

បើយោងតាមសាព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១បានលើកឡើងថា ក្រសួងពាក់ព័ន្ធបានព្រមព្រៀងគ្នា ក្នុងការកាត់បន្ថយកំពស់នៅស្ថានីយរថភ្លើងនៅទីក្រុង អាយុធ្យាពី១៩ ម៉ែត្រ មកត្រឹម១៧ម៉ែត្រ ដើម្បីជៀសផុតពីផលប៉ះពាល់ពីខេត្ត ដែលមានសួនឧទ្យានប្រវត្តិសាស្រ្ត ដែលជាសម្បត្តិបេតិភណ្ឌពិភពលោក។

ការសម្រេចចិត្តបានបង្កើតឡើង នៅក្នុងកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក Sasayam Chidchob ដោយបានលើកឡើងថា កិច្ចប្រជុំនេះ គឺស្វែងរកបញ្ហាប្រឈមមុខនានា ទាក់ទងនឹងការសាងសង់ស្ថានីយរថភ្លើង។ ការជួបប្រជុំនេះ គឺព្រមព្រៀងគ្នាថា គម្រោងរថភ្លើងល្បឿនលឿននេះ បំពេញតាមច្បាប់ និងបទប្បញ្ញត្តិនានា។

ដើម្បីកាត់បន្ថយការព្រួយបារម្ភ ចំពោះផលប៉ះពាល់ ទៅលើការសាងសង់ចំពោះទីតាំងប្រវត្តិសាស្រ្ត កិច្ចប្រជុំបានសម្រេចចិត្តថា ស្ពានរថភ្លើងនៅតាមស្ថានីយដឹកអ្នកដំណើ​រនឹងត្រូវកាត់បន្ថយ។ អង្គការរដ្ឋបាលក្នុងស្រុក នឹងត្រូវស្នើសុំក្នុងការដាក់បទប្បញ្ញត្តិ ដើម្បីធានាថាការសាងសង់ជុំវីញស្ថានីយដឹកអ្នកដំណើរ នឹងមិនខ្ពស់ជាងការកំណត់ដោយច្បាប់ផងដែរ។

លោកបន្ថែមទៀថា ប្រទេសថៃនឹងបញ្ជូនរបាយការណ៍ វាយតម្លៃឥទ្ធិពលខាងផ្នែកបេតិកភណ្ឌ បញ្ចូនទៅមជ្ឍមណ្ឌលបេតិកភណ្ឌ ពីភពលោករបស់អង្គការយូនេសស្កូ។

គម្រោងរថភ្លើងរវាងប្រទេសថៃ និងប្រទេសចិនមានប្រវែងប្រមាណ២៥៣ គីឡូ​ម៉ែត្រពីទីក្រុងបាងកកទៅខេត្ត នគររាជសីមា នៅភាគឥសានប្រទេស។

រដ្ឋាភិបាលថៃបានចំណាយប្រាក់ច្រើនជាង១៧៩ពាន់លានបាត សម្រាប់គម្រោងសំណង់ដែ លបានបែងចែកជា១៤នៃកិច្ចសន្យា ដែលធ្វើឡើងដោយរដ្ឋាភិបាលចិនបានទទួលខុសត្រូវសម្រាប់ការគូរប្លង់ និងការសាងសង់ ព្រមទាំងការផ្តត់ផ្គង់សញ្ញារថភ្លើង ទូរថភ្លើង និងការបណ្តុះបណ្តាលផងដែរ។

បើយោងតាមការគូរប្លង់ដើម បានបង្ហាញអោយដឹងថា រថភ្លើងដែលមានច្រើនជាន់នឹងបំរើអោយរថភ្លើងប្រវែងវែង ដែលប្រតិបត្តិការរថភ្លើងផ្លូវល្បឿនលឿន នៅផ្នែកខាងលើ។ ហើយមានជម្រើសជាច្រើន សម្រាប់ការកសាងរថភ្លើងល្បឿនលឿនផងដែរ។

សម្រាប់ជម្រើសទីមួយ គឺផ្នែកពិសេសនៃស្ថានីយរថភ្លើង គឺកសាងក្រោមដីប្រមាណ៥គីឡូម៉ែត្រ ក្រោមតំបន់ប្រវត្តិសាស្រ្ត ដែលមានតម្លៃ១៥ពាន់លានបាត សម្រាប់រយៈពេល៥ឆ្នាំ។

ជម្រើសទីពីរ គឺការកសាងស្ថានីយរថភ្លើងនៅតំបន់ថ្មី ឆ្ងាយពីតំបន់ប្រវត្តិសាស្រ្ត៣០ ម៉ែត្រ ដែលចំណាយទៅដល់២៦ពាន់បាត។ ជម្រើសទីបួន គឺស្ថានីយរថភ្លើងនឹងនៅតែទីតាំងដើម ប៉ុន្តែតំបន់នេះ ត្រូវរៀបចំផែនការទីក្រុងថ្មី សម្រាប់អភិវឌ្ឍផ្នែកពាណិជ្ជកម្មជុំវិញតំបន់នេះ។

អ្នកជំនាញលើកឡើងថា ផែនការទាំងអស់ នឹងបន្ថែមការចំណាយទៅលើការវាយតម្លៃផលប៉ះពាល់ខាងបរិស្ថានផងដែរ ដែលអាចពន្យាដល់ការកសាងសំណង់ដ៏ធំបន្ថែមទៀត៕

NagaCorp ខាតបង់៧៧លានដុល្លារ ប៉ុន្តែមានសុទិដ្ឋិនិយមចំពោះមុខជាមួយគំរោងល្បែងកំសាន្តធំបំផុតនៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុន Naga Corp ដែលវិនិយោគលើកាស៊ីណូធំជាងគេនៅរាជធានីភ្នំពេញបានបង្ហាញរបាយការណ៍របស់ខ្លួនថា ខ្លួនខាតបង់ទឹកប្រាក់រហូតដល់៧៧លានដុល្លារអាមេរិកក្នុងឆមាសទី១ឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុននេះ នៅតែមានសុទិដ្ឋិនិយមចំពោះមុខ។

ជាមួយនឹងគំរោងអភិវឌ្ឍន៍ Naga3 ដ៏ធំ ក្រុមហ៊ុននេះបានបង្ហាញផលបូករបស់ខ្លួនថា បើរួមបញ្ចូល Naga ទាំង ៣ ក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ ដែលទទួលសិទ្ធិផ្តាច់មុខនៅរាជធានីភ្នំពេញ នឹងមានសណ្ឋាគារសរុប៥ពាន់បន្ទប់ តុល្បែង១ ៣០០ និងម៉ាស៊ីនល្បែងអេឡិចត្រូនិក ដល់ទៅ៤៥០០គ្រឿងផងដែរ។

ប្រតិបត្តិករកាស៊ីណូអាស៊ី និងអ្នកអភិវឌ្ឍអចលទ្រព្យដ៏ធំមួយ ដែលមានឈ្មោះថា Nagacorp បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការងារសាងសង់តួអាគារ (superstructure) សម្រាប់គម្រោងណាហ្គាទី៣ (Naga III) ដោយបន្ថែមទៅលើរីស៊តកាណូស៊ី Nagaworld នៅរាជធានីភ្នំពេញ នៅឆមាសទីមួយ ឆ្នាំ ២០២៣ បើទោះបីជាការផ្គត់ផ្គង់សម្ភារៈ សំណង់ត្រូវបានរំខានដោយវិបត្តិ Covid 19 ក៏ដោយ។ នេះបើយោងតាមរបាយការណ៍បណ្តោះអាសន្ន ចេញផ្សាយនៅឆ្នាំ ២០២១ ដែលបានដាក់ទៅកាន់ទីផ្សារភាគហ៊ុនហុងកុងកាលពីពេលថ្មីៗនេះ។

លោក Tim McNally ប្រធានសាជីវកម្ម Naga Corp នៅលើព័ត៌មានឧស្សាហកម្មកាស៊ីណូ បានចង្អុលបង្ហាញអោយដឹងថា ប្រតិបត្តិករកាស៊ីណូបានបើកឡើងវិញ នៅថ្ងៃទី ១៥ ខែកញ្ញា បន្ទាប់ពីបិទចាប់តាំងខែមីនា ឆ្នាំ ២០២១កន្លងទៅនេះ។

បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ បានខាតបង់៧៧លានដុល្លារនៅឆមាសទី ១ ឆ្នាំ ២០២១ ខណៈឆ្នាំ២០២០ក្រុមហ៊ុននេះបានខាតបង់ទឹកប្រាក់តែជាង២០,៦លានដុល្លារប៉ុណ្ណោះ។

លោកប្រធានបានលើកឡើងថា ការបើកកាស៊ីណូ Naga wolrd គឺស្របទៅតាមផែនការរបស់រដ្ឋាភិបាល ក្នុងការបើកសេដ្ឋកិច្ចជាដំណាក់កាល។

បើតាមរបាយការណ៍បណ្តោះអាសន្នបានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជា បើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ សំណង់អាគារណាហ្គាទីបី នឹងបំពេញនូវយុទ្ធសាស្រ្តយូរអង្វែង ក្នុងទទួលយកភ្ញៀវខាងជំនួញជនជាតិចិន ដែលធ្វើអោយការស្នាក់នៅរយៈពេលយូរផងដែរ៕

កម្ពុជាទទួលបានមាសជាង៥០០គីឡូក្រាមក្នុងរយៈពេល៣ខែ ពីអណ្ដូងរ៉ែមាសអូរខ្វាវ

ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេលប្រមាណ៣ខែប៉ុណ្ណោះ កម្ពុជាទទួលបានរ៉ែមាស៥២២គីឡូក្រាម ពីអណ្ដូងរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគីរីដែលចម្រាញ់ដោយក្រុមហ៊ុនរ៉ឺនេសង់មីនើរ៉ល ខេមបូឌា លីមីធីត ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញនៃក្រសួងរ៉ែនិងថាមពល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកមួយដកស្រង់សម្ដីលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលឱ្យដឹងថា គិតមកត្រឹមពេលនេះ ក្រុមហ៊ុនបានបំពេញ បែបបទតាមនីតិវិធីគយ និងបាននាំចេញដុំមាសចំនួន៧លើក ស្មើនឹងទំងន់ប្រមាណ២៤៧គីឡូក្រាម ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី។

លោកបញ្ជាក់ថា “តម្លៃមាសនៅក្នុងទីផ្សារអន្តរជាតិ មានការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ តម្លៃនៅថ្ងៃទី២៤ កញ្ញានេះ គឺ១.៧៧៥,១៣ដុល្លារអាមេរិកក្នុង១អោន។ បើគិតជាគីឡូក្រាមស្មើនឹង៥៥.២១៣,៦៤ដុល្លារអាមេរិក ។ ចំណែកតម្លៃមាសនៅទីផ្សារក្នុងស្រុកអាចមានភាពខុសនេះបន្តិចបន្តួច។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ដូច្នេះក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

រោងចក្រនេះ បានសម្ពោធដាក់ឱ្យដំណើរការ​ ជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី២១ខែមិថុនា ឆ្នាំ ២០២១ ហើយជាមួយគ្នានោះក្រុមហ៊ុននេះ ក៏បានស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១របស់ខ្លួនផងដែរ។

កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា “ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។

ក្រៅពីអណ្ដូងរ៉ែនៅតំបន់អូរខ្វាវ ក្រុមហ៊ុនរបស់អូស្រ្តាលីមួយនេះ ក៏កំពុងសិក្សារុករកអណ្ដូងរ៉ែមួយទៀត នៅតំបន់សំពៅលូន ស្រុកមេមត់ខេត្តត្បូងឃ្មុំ ក្រោយពីទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា ៕

សម្តេចតេជោៈទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឲ្យស្គាល់ប្រទេសខ្លួនឯងកាន់តែច្បាស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋ ទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ នៅតាមសហគមន៍ ដែលរៀបចំបានល្អ ដើម្បីឲ្យបងប្អូនអាច “ស្គាល់ប្រទេសខ្លួនឯង”និងបានស្គាល់រមណីយដ្ឋានធម្មជាតិរបស់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា គឺជាសម្បត្តិទ្រព្យដែលដូនតាយើង បានបន្សល់ទុកសម្រាប់កូន ចៅជំនា​ន់​ក្រោយ បានស្គាល់ បានសិក្សាស្រាវជ្រាវ ចូលរួមការពារនិងអភិរក្សសម្រាប់ប្រយោជន៍កូនចៅខ្មែរតជំនាន់។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជា ដែលពីមុនមកមិនទាន់ស្គាល់មាតុភូមិដ៏ស្រស់បំព្រង និងមានមោទកភាព ដែលកម្ពុជាមានសម្បត្តិធម្មជាតិទាំងអស់នេះ កើតឡើងដោយសារ សន្តិភាព និងស្ថេរភាពនយោបាយ តាមរយៈនយោបាយឈ្នះឈ្នះនៃការបង្កើតនិងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង២០ឆ្នាំកន្លងមក។

ទិដ្ឋភាពដែលកូនខ្មែរមានការចងចាំ មុនឆ្នាំ១៩៩៨ ប្រជាពលរដ្ឋ មិនអាចដើរកម្សាន្តតាមព្រៃភ្នំ ស្ងប់ស្ងាត់ ស្តាប់សំលេងសត្វ ទឹកជ្រោះ ឬក៏សម្រាកលំហែរកាយ ញាំអាហារ កម្សាន្តជាមួយគ្រួសារ មិត្តភក្ត តាមតំបន់ធម្មជាតិឆ្ងាយៗ ដូចបច្ចុប្បន្នឡើយ។ ការចូលព្រៃនាពេលនោះ មិនទាន់មានការបង្រួបបង្រួមជាតិ មានតែការភ័យខ្លាចជាមួយគ្រាប់កាំភ្លើង គ្រាប់មីន និងអសន្តិសុខជាដើម។

ការផ្លាស់ប្តូរនៅពេលកម្ពុជាមានសន្តិភាពពេញលេញ ផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាបានស្គាល់«សម្រស់ស្រុកយើង គឺបានស្គាល់ប្រទេសខ្លួនឯងកាន់តែច្បាស់ និងបានស្គាល់ពីតម្លៃ នៃធនធានធម្មជាតិសម្បូរបែបនៅក្នុងមាតុភូមិកម្ពុជា។

កូនខ្មែរកាន់មានមោទកភាពនៅពេលក្លាយជា ម្ចាស់ទឹកដី ទទួលមរតកពីដូនតា ល្បីរន្ទឺលើពិភពលោក ដូចជាតំបន់ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ តំប​​ន់ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយកម្ពុជានៅមានតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ការពារធម្មជាតិនានាផ្សេងទៀត។

ការជំរុញទេសចរណ៍ធម្មជាតិ ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្តល់ជម្រើសថ្មី មុខរបរថ្មី បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ប្រជាពលរដ្ឋ មួយចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោល គឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ ដូចពេលមុនរបស់ប្រជាពលរដ្ឋ រស់នៅតាមតំបន់ធម្មជាតិ។

ក្រសួងបរិស្ថានបានចាត់ទុកថា នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារ និងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់មាតុភូមិ៕