ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា បញ្ហាមេរោគថ្មីដែលទើបរកឃើញ ជាបញ្ហាដដែលយើងមិនត្រូវមើលស្រាល ប៉ុន្តែក៏កុំភ័យពេកនោះទេ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣០ វិច្ឆិកានេះថា រដ្ឋាភិបាលបានចេញវិធានការណ៍ ទប់ស្កាត់ជំងឺនេះរួចហើយ ដោយហាមមិនឲ្យអ្នកដំណើរមកពីប្រទេសអាហ្រ្វិក និងអ្នកឆ្លងកាត់ប្រទេសទាំងនោះចូលមកកម្ពុជានោះទេ ហេតុនេះយើងរំពឹងថា ស្ថានភាពនឹងមិនធ្ងន់ធ្ងរនោះទេ។
អ្នកឧកញ៉ាបានបន្តថា “នៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាត្តឲ្យបើកដំណើរការភោជនីយដ្ឋាន ក្លឹប KTV និងហាងនានាឡើងវិញ ជាសញ្ញាល្អ ដែលស្ថានភាពនឹងមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ”។អ្នកឧកញ៉ាបន្ថែមថា “យើងមិនត្រូវមើលស្រាលបញ្ហានេះទេ ប៉ុន្តែក៏មិនត្រូវភិតភ័យខ្លាំងពេកដែរ ព្រោះបើយើងភ័យពេក វានឹងបង្កជាបញ្ហាទៅវិញទេ”។
កាលពីថ្ងៃទី២៩ វិច្ឆិកាម្សិលម៉ិញនេះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលបានហាមឃាត់ការធ្វើដំណើរចូលកម្ពុជា របស់អ្នកដំណើរមកពីប្រទេសក្នុងទ្វីបអាហ្រ្វិកចំនួន១០ និងអ្នកបានឆ្លងកាត់ប្រទេសនេះចូលមកកម្ពុជា។
ជាមួយគ្នានេះ នៅដើមសប្តាហ៍នេះ ផ្សារហ៊ុនននិងតម្លៃប្រេងនៅលើពិភពលោកបានធ្លាក់ចុះផងដែរ ដោយសារការលេចចេញនូវវត្តមានមេរោគថ្មី ឈ្មោះ Omicron ដែលមានប្រភពដើមពីទ្វីបអាហ្រ្វិក៕