អ្នកជំនាញអន្តរជាតិជាច្រើននឹងបង្ហាញបទពិសោធន៍និងចែករំលែកចំណេះដឹងទាក់ទងហានិភ័យទាក់ទងវិស័យសំណង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិនានានឹងធ្វើការចែករំលែក និងបង្ហាញបទពិសោធន៍ទាក់ទងនឹងហានិភ័យក្នុងវិស័យសំណង់នៅថ្ងៃច័ន្ទទី២៧ កញ្ញានេះ ក្រោមការរៀបចំរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា EuroCham សហការជាមួយ APHEDA។

សន្និសីទអនឡាញនេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹង ដល់សាធារណជនអំពីហានិភ័យ និងផលប៉ះពាល់អវិជ្ជមាននានា ដែលបង្កពីសម្ភារសំណង់ ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។

កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី២៧ កញ្ញា ដោយនឹងប្រមូលផ្តុំ សុទ្ធសឹងតែអ្នកជំនាញ ផ្នែកសំណង់ និងអចលនទ្រព្យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លលើប្រធានបទនេះ។

វាគ្មិនសំខាន់ៗទាំងនោះរួមមាន នាយកគ្រប់គ្រងនៃក្រុមហ៊ុន Archetype លោក Michel CASSAGNES, ប្រធានក្រុមផ្នែកអចលនទ្រព្យនៅក្រុមហ៊ុនច្បាប់ល្បី DFDL លោក Charles AMAR, អ្នកគ្រប់គ្រងផ្នែកមួយនៃអង្គការ APHEDA លោក Phillip HAZELTON, អនុប្រធាននៃ CCF លោក CHHAY Phalroth និងអនុប្រធានផ្នែកកិច្ចសន្យានៃ Comin Asia លោក Michael FREEMAN ។

សន្និសីទអនឡាញនេះ នឹងផ្តោតសំខាន់ទៅលើរបៀបកំណត់ថា តើសម្ភារសំណង់ណាដែលអាចបង្កគ្រោះថ្នាក់ ហានិភ័យនៃសារធាតុអាបស្តូស នៅក្នុងវិស័យសំណង់ និងមូលហេតុ ដែលសារធាតុអាបស្តូសគួរតែត្រូវបានហាមឃាត់ មិនឱ្យប្រើក្នុងវិស័យសំណង់នៅកម្ពុជា។

លើសពីនេះ សិក្ខាសាលាក៏នឹងណែនាំសារៈសំខាន់ និងតួនាទីរបស់មន្ទីរពិសោធន៍ CCF ដែលជាមន្ទីរពិសោធន៍សាធារណៈ ក្រោមក្រសួងពាណិជ្ជកម្ម ដែលកំពុងផ្តល់នូវសេវាធ្វើតេស្តសម្ភារសំណង់នៅក្នុងប្រទេសកម្ពុជា៕

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលជំរុញសក្ដានុពលសេដ្ឋកិច្ចនិងតម្លៃដីធ្លី

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ជាការកត់សម្គាល់ គេមើលឃើញថាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យតម្លៃដីធ្លី និងសក្ដានុពលវិនិយោនៅតំបន់នោះមានការប្រែប្រួលនិងហាងឆេងខ្ពស់។

ជាក់ស្តែងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីៗ នៅតំបន់មួយចំនួនដែលមិនសូវមានការចាប់អារម្មណ៍ពីមុននោះ បែរជាទទួលបានការចាប់ផ្ដើម និងធ្វើឱ្យតម្លៃដីធ្លីកាន់តែមានហាងឆេងខ្ពស់។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងផងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នឹងជំរុញសក្ដានុពល និងទាក់ទាញការវិនិយោគបន្ថែមពីវិនិយោគជាតិ និងអន្តរជាតិ ហើយគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្លូវណាមួយនោះ ក៏បានជួយជំរុញតម្លៃដីធ្លីងើបឡើងមួយកម្រិតផងដែរ។ ដូច្នេះទើបរដ្ឋាភិបាលបានអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងគម្រោងជួសជុលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធចាស់ៗផងដែរ ។

បើតាមលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា យើងមើលឃើញថាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិតជាបានជំរុញសក្ដានុពល និងទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិននានាមែន។ ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ នៅខេត្តពោធិ៍សាត់ និងឆ្លងកាត់ខេត្តបី ពោធិ៍​សាត់ បាត់ដំបង និងកោះកុង បាននិងកំពុងទាក់ទាញ ដល់បណ្ដាវិនិយោគិននៅតាមប ណ្ដោយផ្លូវនោះ ហើយតម្លៃដីធ្លីវិញក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

លោកបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់និងរចនាសម្ព័ន្ធដទៃទៀតបានជួយដល់ទាក់ទាញការវិនិយោគជាបន្តបន្ទាប់ ដូច្នេះយើងឃើញថារដ្ឋាភិបាលបានបន្តអភិ​វឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាហូរហែរ។ ជាក់ស្ដែងក្នុងវិបត្តិកូវីដ១៩នេះ ក៏រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទៅតាមផែនការនិងបន្តអភិវឌ្ឍ គម្រោងថ្មីៗបន្តបន្ទាប់ទៀតផង ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានមានប្រសា​សន៍កន្លងមកថា ផ្លូវមានសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សម្រា​ប់ពលរដ្ឋធ្វើដំណើរដឹកជញ្ជូនទំនិញ ក៏ដូចជា ទាក់ទាញបណ្ដាវិនិយោគិនជាតិនិងអន្តរជាតិនានា ស្វែងរកការបណ្ដាក់ទុន។

លោកបន្តថា “ដូច្នេះរដ្ឋាភិបាលបានសន្សំសំចៃថវិកា ពីការចំណាយនានា ដើម្បីសាងសង់ហេដ្ឋានរចនាសម្ព័ន្ធ នៅទូទាំងប្រទេសកម្ពុជា ទោះបីនៅក្នុងវិបត្តិកូវីដ១៩ក៏រដ្ឋាភិបាលមិនបានផ្អាក ឬបញ្ឈប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះដែរ”។ លោកថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏បានទាក់ទាញដល់ការវិនិយោគនានាផងដែរ ជាក់ស្ដែងកន្លងមកក៏ឃើញស្រាប់ហើយ”៕

រដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិលើផ្ទៃដី៧,៣លានហិកតា

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ រដ្ឋភិបាលតាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីទំហំ៧,៣ លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេស ដែលក្នុងនោះតំបន់ការពារធម្មជាតិមួយចំនួន បានអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ។

បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយចំនួន បាននិងកំពុងតែគ្រប់​គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។

សហគមន៍មូលដ្ឋាន បានទទួលប្រយោជន៍ពីការកម្សាន្តតាមតំបន់ធម្មជាតិ តាមរយៈចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះ បានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ផ្សេងទៀត សម្រាប់ដំណើរកម្សា​ន្ត និងការស្នាក់នៅក្នុងព្រៃ។

លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋមានជម្រើសថ្មី នៅពេលប្រទេសមានការរីកចម្រើន គឺពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោ សន្តិភាព ចូលព្រៃ គឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ធម្មជាតិ។ ជាក់ស្តែង ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដូចជាខ្នងផ្សារនៅក្នុងខេត្តកំពង់ស្ពឺ តំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជូនភ្ញៀវ ជួយយួរអីវ៉ាន់ឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួលចំណូលរបស់ប្រជាពលរដ្ឋពីទេសចរណ៍ធម្មជាតិ។

លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួ​លខុសត្រូវ ការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងទៀតទេសចរណ៍ធម្មជាតិ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបង្កើនស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ។ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៥ កន្លែង ដែលនៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បានកំពុងខិតខំបន្ថែមទៀតលើកទឹកចិត្ត ឲ្យសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានជម្រើសថ្មីក្ឬៅពីពឹងពាក់លើព្រៃឈើ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ តាមរយៈការផ្តល់ការអប់រំ កូនចៅរបស់ប្រជាពលរដ្ឋឲ្យសិក្សាបានខ្ពស់ ការផ្តល់ពូជសត្វចិញ្ចឹម ដូចជាជ្រូក គោ ក្របី ពពែ ចៀម ជាដើម និងបច្ចេកទេសលើការដាំដុះដំណាំបន្លែបង្កាផ្សេងៗនៅតាមសហគមន៍។

នៅថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តតាមទីកន្លែងនានា ទោះបីជាផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាមក៏ដោយ តែប្រជាពលរដ្ឋនឹងអាចស្វែងយល់ពីតម្លៃធម្មជាតិ នៅក្នុងប្រទេសកម្ពុជា តាមរយៈការទៅកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិ ក៏ដូចជានៅតាមតំបន់ការពារធម្មជាតិនាននៅកម្ពុជា ដែលកំពុងបានការពារនឹងអភិរក្សបានយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា៕

ទស្សនាវដ្តី Forbes បង្ហាញវិធីសាស្រ្តចំនួន៥ដើម្បីដោះស្រាយវិបត្តិសំរាប់សហគ្រាសធុនតូច-មធ្យម

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ទស្សនាវដ្តី ហ្វប (Forbes) បានបង្ហាញពីគន្លឺះចំនួន៥ សម្រាប់ធ្វើផែនការអាជីវកម្ម ក្នុងអំឡុងពេលកូវីដ-១៩នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតែកូវីដ១៩ទៅលើអាជីវកម្ម សំរាប់វិស័យសហគ្រាសធុនតូច និងមធ្យម។

ផែនការនិងយុទ្ឋសាស្រ្តទាំង៥ ដែលនឹងលើកយកបង្ហាញដោយទស្សនាវដ្តីដ៏ល្បីល្បាញនេះរួមមានដូចជា៖

១.ផែនការយុទ្ធសាស្រ្ត
ផែនការយុទ្ធសាស្រ្ត សម្រាប់ការប្រកួតប្រជែង មានសារៈសំខាន់នៅក្នុងដំណាក់កាលនេះ ព្រោះមនុស្សភាគច្រើន បានបាត់បង់ចំណូលមួយផ្នែកធំរបស់ពួកគេ ដែលនាំ ឱ្យមានការកាត់បន្ថយ ការចំណាយរបស់គេតាមតែអាចធ្វើបាន។ ដូច្នេះម្ចាស់អាជីវកម្មត្រូវតែមានយុទ្ធសាស្រ្តប្រកួតប្រជែងណា ដែលលេចធ្លោជាងដៃគូប្រកួត ដូចជា ស្វែងរកអ្នកផ្គត់ផ្គង់ក្នុងតម្លៃថោកជាងមុន ពង្រឹងគុណភាពទំនិញ ឬសេវាកម្ម និងព្យាយាមផ្តោតទៅលើទីផ្សារដែលកំពុងរួមតូច។

២. ផែនការទីផ្សារ
ការចំណាយទៅលើទីផ្សារ គឺជារឿងសំខាន់ ទោះបីជាក្នុងកាលៈទេសៈលំបាកនេះក៏ដោយ វាជាវិធីដែលអនុញ្ញាតឱ្យអ្នក អាចបង្ហាញអតិថិជនគោលដៅ បានស្គាល់ពីទំនិញ និង សេវាកម្ម របស់អ្នក តែការចំណាយលើការផ្សព្វផ្សាយ លើទីផ្សារត្រូវតែមានភាពបត់បែនតាមបរិបទសង្គម ព្រោះវាជាឱកាស ដែលអ្នកអាចទាក់ទាញអតិថិជនថ្មីៗបានច្រើនជាងមុន។

៣. ការបង្កើតភាពជាដៃគូអាជីវកម្ម
វាដូចពាក្យចាស់ថា ចង្កឹះមួយបាច់កាច់មិនបាក់ ករណីនេះក្រុមហ៊ុនអាចសហការគ្នាដើម្បីអោយមានភាពរឹងមាំ និង បន្តធ្វើអាជីវកម្មបាន ក្នុងដំណាក់កាលនៃវិបត្តិមួយនេះ។ ជាក់ស្តែងយើងឃើញស្រាប់ នូវប្រតិបត្តិការនៃការសហការគ្នា រវាងក្រុមហ៊ុនដឹកជញ្ជូន និង ផ្នែកអាហារនិងភេសជ្ជៈ។

៤. ផែនការហិរញ្ញវត្ថុ
ការធ្វើផែនការហិរញ្ញវត្ថុ ក៏ជារឿងសំខាន់សម្រាប់អាជីវកម្ម ក្នុងដំណាក់កាលកូវីដ-១៩នេះផងដែរ ដោយផ្តោតទៅលើការធ្វើផែនការ ចំណាយតាមបែបរឹតបន្តឹង និងកាត់បន្ថយការចំណាយតាមតែអាចធ្វើបាន ឬ ស្វែងរកអ្វីមួយមកជំនួស ក្នុងករណីមិនអាចកាត់បន្ថយការប្រើប្រាស់បាន។ ក្រៅពីនេះ នៅមានបញ្ហាពន្ធដារ ដែលម្ចាស់អាជីវកម្មត្រូវតែបន្តតាមដានព័ត៌មានឲ្យបានជាប់ជាប្រចាំ។

ចុងក្រោយរៀបចំកញ្ចប់ថវិកាទុក សម្រាប់ស្រោចស្រង់អាជីវកម្ម ក្រោយស្ថានការណ៍ត្រលប់ដូចដើម។

៥. ផែនការបុគ្គលិក
ម្ចាស់អាជីវកម្មអាចធ្វើការកំណត់ និងបែងចែកការងាររបស់បុគ្គលិក ឬអាចកាត់បន្ថយនូវម៉ោងការងារមួយចំនួន ដើម្បីកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម ជៀសវាងនូវការបញ្ឈប់បុគ្គលិក និងដើម្បីរក្សានូវបុគ្គលិកចាស់របស់ខ្លួន។ មួយវិញទៀត ម្ចាស់អាជីវកម្ម ត្រូវមានផែនការការងារគិតជាមុន នៅពេលស្ថានភាពត្រលប់ ទៅដូចធម្មតាវិញ ដើម្បីសម្រួលការងាររបស់បុគ្គលិក ឲ្យត្រលប់មកធម្មតា ហើយអាជីវកម្មមានដំណើរការល្អ៕

ខេត្តកែបទទួលបានគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤នៃផែនការមហាអនុ តំបន់ទន្លេមេគង្គជំហ៊ានទី១និងទី២

ដោយ តារា

ភ្នំពេញ៖ អាជ្ញាធរខេត្តកែបបានទទួលគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗចំនួន៤ នៃផែនការអភិវឌ្ឈន៍របស់មហាអនុតំបន់ទន្លេមេគង្គ ដែលស្ថិតក្នុងគំរោងដំណាក់កាលទី១ និងទី២។

តាមរយះ​គម្រោងនេះ​ ខេត្តកែប​ទទួលបានគម្រោងជារូបវ័ន្តសំខាន់ៗចំនួន៤​ រួមមាន ទី១- គម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅផ្សារក្តាម ទី២-គម្រោងសាងសង់ទីលានកប់សម្រាម​, ទី៣-គម្រោងសាងសង់កំពង់ផែទេសចរណ៍ នៅលើកោះទន្សាយ​ និងទី៤-គម្រោងកសាងផ្លូវបេតុងប្របមាត់សមុទ្រ។

ព៌តមានដ៏សំខាន់នេះ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ នេះ​ ដែលកិច្ចប្រជុំនេះ មានការចូលលោកស្រី​ អ៊ុល​ ភីរុណ​ និងលោក​ ​វ៉ៅ​ សុខា​ អភិបាលរងខេត្ត ក្រោមអធិបតីភាពរបស់លោក ​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ តាមរយះប្រព័ន្ធបច្ចេកវិទ្យា​ Zoom Meeting។

ខេត្តកែបត្រូវបានរដ្ឋាភិបាល រៀបចំផែនការអភិវឌ្ឈន៍ទេសចរណ៍ រយៈពេលវែង២០២០ ២០៣៥រួចហើយ ដោយរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅជាច្រើន ហើយក្នុងចំណោមគោលដៅទាំងនោះ មានគោលដៅសំខាន់មួយ ដែលរដ្ឋាភិបាលគ្រោងប្រែក្លាយ ខេត្តកែបជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់៕

ធនាគារកណ្តាលរបស់មហាយក្សចិន ប្រកាសថារាល់ប្រតិបត្តិការរូបិយប័ណ្ណ អេឡិចត្រូនិកសុទ្ធតែខុសច្បាប់

ដោយៈសុខុម

ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានប្រកាសជាឱឡារិកកាលពីថ្ងៃសុក្រ ទី២៤ កញ្ញា ថា រាល់ប្រតិបត្តិការហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណអេឡិចត្រូនិក សុទ្ធតែខុសច្បាប់ ហើយបានប្ដេជ្ញា ចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ជាហេតុធ្វើឱ្យរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ធ្លាក់ថ្លៃ៤,៦% មកនៅត្រឹម៤២.៨៧៤ក្នុងមួយកាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

តម្លៃជាសកល នៃរូបិយប័ណ្ណអេឡិចត្រូនិករួមមានទាំង Bitcoin ផងបានប្រែប្រួលឡើងចុះយ៉ាងខ្លាំង ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ដោយមួយផ្នែកដោយសារមហាយក្សចិន បានចេញបទប្បញ្ញត្តិនានា ដើម្បីទប់ស្កាត់ការឡើងចុះតម្លៃ និងការលាងលុយកខ្វក់។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាល បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ សប្ដាហ៍នេះថា “សកម្មភាពអាជីវកម្ម ដែលទាក់ទងនឹងរូបិយប័ណ្ណអេឡិចត្រូនិកទាំងអស់ គឺសុទ្ធតែជាសកម្មភាពហិរញ្ញវត្ថុខុសច្បាប់” ហើយព្រមានថា ជនដែលប្រព្រឹត្តល្មើសបម្រាមនេះ នឹងត្រូវរងការស៊ើបអង្កេតបទ ព្រហ្មទណ្ឌដោយអនុលោមទៅតាមច្បាប់។

សេចក្តីប្រកាសនេះ ហាមឃាត់រាល់សកម្មភាពហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណអេឡិចត្រូនិកដូចជាការជួញដូរ ការលក់ និងការរៃអង្គាសមូលនិធិខុសច្បាប់ជាដើម។

ធនាគារកណ្តាលរបស់ប្រទេសចិន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “ការជួញដូរ និងការប្រែប្រួលឡើងចុះតម្លៃបស់ Bitcoin និងរូបិយប័ណ្ណអេឡិចត្រូនិកផ្សេងទៀត គឺមានភាពផុសផុលយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើឱ្យកើនឡើងនូវការលាងលុយកខ្វក់ ការរៃអង្គាសមូលនិធិខុសច្បាប់ ការឆបោក គំរូអាជីវកម្មបោកប្រាស់ដែលគេស្គាល់ថា Pyramid Scheme និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត”។

កាលពីខែមិថុនា ក្រុមមន្រ្តីចិនបាននិយាយថា មនុស្សជាង១.០០០នាក់ត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់ប្រាក់ចំណេញ ដែលទទួលបានពីអំពើឧក្រិដ្ឋកម្ម ដើម្បីទិញរូបិយប័ណ្ណអេឡិចត្រូនិក ដែលជាការបង្វែងដាន ឬលាងលុយកខ្វក់។

ខេត្តមួយចំនួនរបស់ប្រទេសចិន បានហាមឃាត់រួចទៅហើយ នូវប្រតិបត្តិការរូបិយប័ណ្ណអេឡិចត្រូនិកចាប់តាំងពីដើមឆ្នាំនេះ៕ Reuters៕

លោកជុំ កុសលៈ គិតត្រឹមចុងខែកញ្ញា កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣៥,៥លានដូសហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសូងព៌តមាន លោកជុំ កុសលបានមានប្រសាសន៍ថា បើគិតត្រឹមចុងខែកញ្ញានេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣៥,៥លានដូសហើយ សំរាប់ចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកជុំ កុសល ដែលជាឧត្តមទីប្រឹក្សាថ្នាក់ខ្ពស់បំផុត នៃគេហទំព័រ Propertyarea ផងដែរនោះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម កាលពីល្ងាចថ្ងៃទី២៤ កញ្ញាកន្លងមកថា វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣លានដូស ដែលជាការបញ្ជាទិញពីសាធា​រណរដ្ឋប្រជាមានិតចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។

លោកបន្តថា បន្ទាប់មកនៅថ្ងៃទី២៨ ខែកញ្ញាខាងមុខវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូសទៀត ក៏នឹងដឹកមកដល់កម្ពុជាផងដែរ ដែលជាសរុបថ្ងៃនេះ និងថ្ងៃទី២៨ ខែកញ្ញា កម្ពុជាទទួលបានវ៉ាក់សាំង សរុបចំនួនជាង៣៥លានដូស សម្រាប់ការចាក់ជូនកុមារ និងដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋនោះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងឱ្យដឹងក្នុងពិធីទទួលការមកដល់ នៃវ៉ាក់សាំងស៊ីណូវ៉ាក់៣លានដូស នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថា ថ្ងៃនេះកម្ពុជាទទួលវ៉ាក់សាំងចំនួន៣លានដូសទៀត របស់ក្រុមហ៊ុនស៊ីណាវ៉ាក់ ហើយនឹងមកដល់៣លានដូសទៀត នៅថ្ងៃទី ២៨ ខែកញ្ញា ដែលជាការបញ្ជាទិញបន្ថែម ដែលមានការសម្រេច ដោយសម្ដេចតេជោ ហ៊ុន សែន។

លោកស្រីបានបន្តថា ជារួមមកដល់ថ្ងៃនេះ រាប់ទាំងវ៉ាក់សាំង ដែលមកដល់នៅថ្ងៃទី ២៨ ខែកញ្ញាទៀតផង ទាំងវ៉ាក់សាំងជំនួយ និងវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបញ្ជាទិញផង យើងមានវ៉ាក់សាំងចំនួន៣៥,៥ លានដូសហើយ ដែលវ៉ាក់សាំងមកដល់ថ្មីនេះ គឺដើម្បីចាក់ជូនកុមារដែលមានអាយុ ចាប់ពី៦ ដល់១២ឆ្នាំ និងសម្រាប់ធ្វើជាដូសជំរុញ។

ក្រៅពីវ៉ាក់សាំងដែលបានបញ្ជាទិញនេះ យើងនៅមានវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៣លានដូសទៀត ដែលនឹងដឹកមកដល់កម្ពុជា នៅក្នុងខែតុលា ខាងមុខ។ ដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ ទៅតាមអ្វីដែល រាជរដ្ឋាភិបាលបានកំណត់។

យោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១រួមមាន ១-ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ ចំនួន៩,៨៦១,៩៨៥នាក់ អ្នកចាក់ដូសទី២ ចំនួន៩,១៥៦ ,៨៦១នាក់ ស្មើនឹង៩៨,៦២ភាគរយ នៃប្រជាជនគោលដៅសរុប១០លាននាក់ និងអ្នកចាក់ដូសទី៣ ចំនួន៨៥៥,០៤៥នាក់។

កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន១, ៧៤៤,៩៤៧នាក់ អ្នកចាក់ដូសទី២ ចំនួន១,៥៤៩,៩៧៧នាក់ ស្មើនឹង ៨៨,៧១ភាគរយ នៃក្រុមគោលដៅសរុបជិត២លាននាក់។ កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ អ្នកចាក់ដូសទី១ ចំនួន១, ២១៦, ៩៣៦នាក់ ស្មើនឹង៦៤,១៤ភាគរយនៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប១៦លាននាក់ ស្មើនឹង ៨០,១៥ភាគរយ៕

តើអ្វីជាបញ្ហាធំពិតប្រាកដនៅពីក្រោយវិបត្តិធ្ងន់ធ្ងររបស់ក្រុមហ៊ុនអចលនទ្រព្យធំបំផុតទី២ របស់មហាយក្សចិន?

ដោយៈសុខុម

ប្រទេសចិន: វិបត្តិដ៏ធ្ងន់ធ្ងររបស់ក្រុមហ៊ុន Evergrande ដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់មហាយក្សចិន បាននិងកំពុងបង្កការជ្រួលច្របល់យ៉ាងខ្លាំង ពេញទីផ្សារទូទាំងពិភពលោក នៅមួយរយៈពេលចុងក្រោយនេះ។

ប៉ុន្តែតើអ្វីជាបញ្ហាធំពិតប្រាកដ នៅពីក្រោយវិបត្តិដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទទួលរងភាពរង្គោះរង្គើនេះ?។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បំណុលរបស់ក្រុមហ៊ុន Evergrande បានកើនឡើងយ៉ាងឆាប់រហ័ស នៅពេលក្រុមហ៊ុននេះសម្រុកខ្ចីប្រាក់ ដើម្បីពង្រីកអាជីវកម្មនានារបស់ខ្លួនឱ្យកាន់តែធំ ដើម្បីបំពេញមហិច្ឆតាដ៏ធំសម្បើមរបស់ខ្លួន។

ជាលទ្ធផលក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះស្អុយអសោច ដោយក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនបំផុតក្នុងប្រទេសចិន ជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារ។
នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុននេះបានព្រមានដល់ក្រុមអ្នកវិយោគថា ខ្លួនមានបញ្ហារំហូរសាច់ប្រាក់ ដោយអះអាងថា ខ្លួនអាចនឹងខកខាន ក្នុងការសងបំណុល ប្រសិនបើមិនអាចប្រមូលដើមទុន តាមរយៈការលក់ទ្រព្យសកម្ម មួយចំនួនរបស់ខ្លួនទាន់ពេលវេលាទេនោះ។

អ្វីដែលក្រុមហ៊ុននេះព្រមាន ពិតជាបានកើតឡើងមែនកាលពីសប្ដាហ៍មុន នៅពេលក្រុមហ៊ុននេះ បានទម្លាយឱ្យដឹងថា ខ្លួនមានបញ្ហាដោយស្វែងរកអ្នកទិញទ្រព្យសកម្មមួយចំនួនរបស់ខ្លួនមិនបាន។

ក្រុមអ្នកជំនាញបានលើកឡើងថា មហិច្ឆតាដ៏ធំរបស់ក្រុមហ៊ុន Evergrande បានជួបការខកចិត្តស្អិតទ្រូង មិនខុសពីការធ្លាក់ចូលក្នុងទឹកក្ដៅ ឬរណ្ដៅភ្លើងនោះឡើយ។

លោកស្រី Mattie Bekink នាយកប្រចាំប្រទេសចិន នៃក្រុមហ៊ុនអង់គ្លេស Economist Intelligence Unit (EIU) ដែលផ្ដល់សេវាសិក្សាស្រាវជ្រាវ និងវិភាគទីផ្សារទូទាំងពិភពលោកបានថ្លែងថា ក្រុមហ៊ុន Evergrande មានមហិច្ឆតាធំខ្លាំងពេក ដោយបានប្រថុយហក់ចូលប្រឡូក ក្នុងអាជីវកម្មចម្រុះជាច្រើន ដែលឃ្លាតឆ្ងាយពីអាជីវកម្មស្នូលរបស់ខ្លួន ហើយនេះជាហេតុផលដ៏ចម្បងមួយ ដែលបានទាញក្រុមហ៊ុននេះឱ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរដូចពេលនេះ។

អ្នកវិភាគដែលមកពីធនាគារអាមេរិក Goldman Sachs បានលើកឡើងកាលពីពេលថ្មីៗនេះថា រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Evergrande មានភាពស្មុគស្មាញពិបាកយល់ ហើយខ្វះព័ត៌មានអំពីទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។

ទោះជាយ៉ាងណា វិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ មិនត្រឹមតែជាវិបត្តិរបស់ស្ថាប័នឯកជនមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីហានិភ័យ ជាមូលដ្ឋាននៅក្នុងប្រទេសចិនទាំងមូលផងដែរ។

លោកស្រី Mattie Bekink បានលើកឡើងដូច្នេះថា “បញ្ហារបស់ក្រុមហ៊ុន Evergrande ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលចាក់ឫសយ៉ាងជ្រៅ ចំពោះបំណុល ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់ប្រទេសចិន”។

បញ្ហានេះ មិនមែនជារឿងថ្មីទាំងស្រុងនោះទេ។ តួយ៉ាងកាលពីឆ្នាំ២០២០ ក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋជាច្រើនរបស់ប្រទេសចិន បានខកខានក្នុងការសងបំណុលរបស់ខ្លួន ជាហេតុធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការពឹងផ្អែករបស់ប្រទេសនេះលើការវិនិយោគ ដែលជំរុញដោយបំណុល ដើម្បីទទួលបានកំណើន ឬនិយា​យឱ្យងាយស្ដាប់បានថា ខ្ចីលុយយកមកពង្រីកអាជីវកម្ម គឺមិនមែនយកលុយចំណេញមកពង្រីកអាជីវកម្មនោះឡើយ។
នៅឆ្នាំ២០១៨ កំពូលមហាសេដ្ឋី Wang Jianlin បានបង្ខំចិត្តកាត់បន្ថយការចំណា​យក្នុងក្រុមហ៊ុនដ៏ធំ Dalian Wanda របស់លោក នៅពេលរដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការលើក្រុមហ៊ុននានា ដែលខ្ចីប្រាក់យ៉ាងច្រើន ដើម្បីជំរុញការពង្រីកអាជីវកម្មនៅក្រៅប្រទេស។

កាលពីសប្តាហ៍មុន លោក Mark Williams អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអង់គ្លេស Capital Economics បានលើកឡើងថា វិបត្តិធ្ងនធ្ងររបស់ក្រុមហ៊ុន Evergrande នឹងក្លាយជាតេស្តសាកល្បងដ៏ធំបំផុត ដែលប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្រឈមក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ”។

អ្នកជំនាញរូបនេះបន្ថែមទៀតថា “ឫសគល់នៃបញ្ហារបស់ក្រុមហ៊ុន Evergrande គឺថា តម្រូវការអចលនទ្រព្យ ប្រភេទលំនៅដ្ឋាននៅក្នុងប្រទេសចិន កំពុងឈានចូលដល់យុគសម័យធ្លាក់ចុះយូរអង្វែងហើយ។ បញ្ហាដែលកើតឡើងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Evergrande បានធ្វើឱ្យមានការផ្តោតការយកចិត្តទុកដាក់ខ្លាំង លើផលប៉ះពាល់ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារការខកខាន ក្នុងការសងបំណុលរបស់ក្រុមហ៊ុនអភវឌ្ឍន៍អចលនទ្រព្យនានា”៕ CNN៕

អ្នកជំនាញៈអ្នកធុរកិច្ចវិនិយោគលើអចលនទ្រព្យតម្លៃពី ១លានទៅ ១០លានដុល្លារ ចាប់ផ្តើមងើបឡើងវិញបណ្តើរៗហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកវិភាគអចលនទ្រព្យលំដាប់អន្តរជាតិបានលើកឡើងថា ការវិនិយោគលើអចលនទ្រព្យ ពីសេសផ្នែកដីធ្លីក្នុងតម្លៃចន្លោះចាប់ពី១ ទៅ១០លានដុល្លារ បានចាប់ផ្តើមមាន​សកម្មភាពឡើងវិញបណ្តើរៗហើយ។

នាយិកាក្រុមហ៊ុន Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ កញ្ញាកន្លងមកថា សកម្មភាពនៃការអភិវឌ្ឍន៍បុរីធំៗ និងគំរោងអភិវឌ្ឈន៍ជាច្រើន បាននិងកំពុងបន្ត ទោះជាមានវិបត្តិកូវីដក្តី ហើយតម្លៃ និងការទិញលក់ដីធ្លី ក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញហើយ។

លោកស្រីបន្តថា “សកម្មភាពវិនិយោគលើដីធ្លី បានកើនឡើងក្នុងេង្វង់៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ហើយសកម្មភាពបែបនេះ នឹងកើនឡើងបន្តទៀត”។លោកស្រីបានបន្តថា “បច្ចុប្បន្នប្រជាពលរដ្ឋលែងសូវបារម្ភពីជំងឺកូវីដ១៩ហើយ ដោយពួកគេកំពុងសម្របខ្លួន និងរៀនរស់នៅជាមួយជំងឺនេះ”។

លោកស្រិ Grace Rachny Fong បានបន្តថា ការរីកចម្រើនវិស័យអចលនទ្រព្យកម្ពុជា នឹងបន្តមានភាពកាន់តែល្អប្រសើរ ស្របពេលចរន្តសេដ្ឋកិច្ចជាតិបានងើបឡើងវិញ ពិសេសប្រមុខរដ្ឋាភិបាលបានអនុញ្ញាត្ត ឲ្យបើកប្រទេសទទូលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងល្អប្រសើរ ហេតុនេះនៅពេលសេដ្ឋកិច្ចងើបឡើងវិញល្អ សកម្មភាពទិញលក់ឬវិនិយោគ ក្នុងវិស័យអចលនទ្រព្យនឹងកើនឡើងវិញលឿនផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន Century21 Cambodia បាននិងកំពុងពង្រីកបុគ្គលិកកើនឡើងរហូតដល់១០០០នាក់នៅរាជធានីភ្នំពេញ និង១៦៤៦នាក់ នៅតាមបណ្តាឃុំទូទាំង​ប្រទេស ដែលមានចំនួនសរុប១៦៣៤៦ឃុំ សង្កាត់ នៅលើមូលដ្ឋានរាជធានី ខេត្តទាំង២៥ផងដែរ៕

ប្រធាន PATA ស្វាគមន៍ការបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញរបស់រដ្ឋាភិបាល

ដោយៈសុធា

ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) លោកធួន ស៊ីណានបានស្វាគមន៍ចំពោះវិធានការរដ្ឋាភិបាល ក្នុងការបើកប្រទេសកម្ពុជាឡើងវិញសម្រាប់ទទួលភ្ញៀវអន្តរជាតិ។

លោករំពឹងថា កម្ពុជាអាចទទួលកំណើនភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ២០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបព្រឹត្តិការណ៍មុនវិបត្តិ កូវិត ១៩។

លោកធូន ស៊ីណានបានបន្តថា វិបត្តិកូវីដ១០ បានវាយប្រហារពិភពលោកអស់រយៈពេលពីរឆ្នាំមកហើយ បានធ្វើអោយប្រតិបត្តិករទេសចរណ៍ខ្លះ ប្រឈមមុខនឹងក្ស័យធន និងអ្នកខ្លះទៀត ប្រកបរបរផ្សេងទៀត និងអ្នកខ្លះទៀត ហៀបនឹងក្ស័យធនទៅហើយ ។

លោកបន្តថា រដ្ឋាភិបាលបានប្រកាសបើក ទទួលទេសចរបរទេសឡើងវីញនេះ ប្រត្តិបត្តិករទេសចរនានា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់អ្នកមានលទ្ធភាព ហើយអ្នកមិនទាន់មានលទ្ធភាពបានដុតដៃ ដុតជើងដើម្បីធ្វើយ៉ាងណា ដើម្បីយកឱកាសសម្រាប់ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ។

លោកបន្ថែមទៀតថា “តាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំគិតថាបន្ទាប៉ពីបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ យើងមិនអាចទទួលកំណើនទេសចរ ដូចមុនវិបត្តិកូវីត ១៩នោះទេ”។លោកបន្ថែមថា “ពីព្រោះថា កូវីដ១៩ នៅមិនទាន់បញ្ចប់នោះទ កូវីដនៅតែវាយប្រហារនៅជុំវិញពិភពលោក។ ការវាយប្រហារធ្វើអោយសេដ្ឋកិច្ចពិភពលោក ទន់ជ្រាយ ដែលផ្អាកទៅលើដំណើរការរបស់ពិភពលោក ដោយប្រទេសនានានៅតែមានរឹតត្បិតនៅក្នុងការធ្វើដំណើររបស់មនុស្ស”។

លោកបន្តថា ប្រជាជនកម្ពុជា និងប្រជាជននៅលើពិភពលោក នៅតែមានភាពភ័យខ្លាចការឆ្លងជំងឺដ៏កាចសាហាវនេះ។ យើងអាចសន្និដ្ឋានបានថា មុនកូវិដ ទេសចរបរទេសមកចំនួន១០នាក់ ប៉ុន្តែនៅពេលបើកប្រទេសឡើងវិញ កម្ពុជាអាចទទូលភ្ញៀវទេសចរណ៍ ចំនួន២នាក់ប៉ុណ្ណោះ៕