ប្រធាន PATA ស្វាគមន៍ការបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញរបស់រដ្ឋាភិបាល

ដោយៈសុធា

ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) លោកធួន ស៊ីណានបានស្វាគមន៍ចំពោះវិធានការរដ្ឋាភិបាល ក្នុងការបើកប្រទេសកម្ពុជាឡើងវិញសម្រាប់ទទួលភ្ញៀវអន្តរជាតិ។

លោករំពឹងថា កម្ពុជាអាចទទួលកំណើនភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ២០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបព្រឹត្តិការណ៍មុនវិបត្តិ កូវិត ១៩។

លោកធូន ស៊ីណានបានបន្តថា វិបត្តិកូវីដ១០ បានវាយប្រហារពិភពលោកអស់រយៈពេលពីរឆ្នាំមកហើយ បានធ្វើអោយប្រតិបត្តិករទេសចរណ៍ខ្លះ ប្រឈមមុខនឹងក្ស័យធន និងអ្នកខ្លះទៀត ប្រកបរបរផ្សេងទៀត និងអ្នកខ្លះទៀត ហៀបនឹងក្ស័យធនទៅហើយ ។

លោកបន្តថា រដ្ឋាភិបាលបានប្រកាសបើក ទទួលទេសចរបរទេសឡើងវីញនេះ ប្រត្តិបត្តិករទេសចរនានា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់អ្នកមានលទ្ធភាព ហើយអ្នកមិនទាន់មានលទ្ធភាពបានដុតដៃ ដុតជើងដើម្បីធ្វើយ៉ាងណា ដើម្បីយកឱកាសសម្រាប់ស្តារអាជីវកម្មរបស់ខ្លួនឡើងវិញ។

លោកបន្ថែមទៀតថា “តាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំគិតថាបន្ទាប៉ពីបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ យើងមិនអាចទទួលកំណើនទេសចរ ដូចមុនវិបត្តិកូវីត ១៩នោះទេ”។លោកបន្ថែមថា “ពីព្រោះថា កូវីដ១៩ នៅមិនទាន់បញ្ចប់នោះទ កូវីដនៅតែវាយប្រហារនៅជុំវិញពិភពលោក។ ការវាយប្រហារធ្វើអោយសេដ្ឋកិច្ចពិភពលោក ទន់ជ្រាយ ដែលផ្អាកទៅលើដំណើរការរបស់ពិភពលោក ដោយប្រទេសនានានៅតែមានរឹតត្បិតនៅក្នុងការធ្វើដំណើររបស់មនុស្ស”។

លោកបន្តថា ប្រជាជនកម្ពុជា និងប្រជាជននៅលើពិភពលោក នៅតែមានភាពភ័យខ្លាចការឆ្លងជំងឺដ៏កាចសាហាវនេះ។ យើងអាចសន្និដ្ឋានបានថា មុនកូវិដ ទេសចរបរទេសមកចំនួន១០នាក់ ប៉ុន្តែនៅពេលបើកប្រទេសឡើងវិញ កម្ពុជាអាចទទូលភ្ញៀវទេសចរណ៍ ចំនួន២នាក់ប៉ុណ្ណោះ៕

រយៈពេល៩ឆ្នាំCentury21ពង្រីកភ្នាក់ងារអចលនទ្រព្យរាប់ពាន់នាក់ទៅដល់ បណ្តាឃុំទូទាំងប្រទេស

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ បន្ទាប់ពីបានឈានជើង ចូលមកកាន់ទីផ្សារកម្ពុជារយៈពេល៩ឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកCentury21 Cambodia បានពង្រីកធនធានមនុស្ស ពិសេសភ្នាក់ងារអចលនទ្រព្យអាជីព ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ទៅដល់មូលដ្ឋានឃុំនិមួយៗ លើបណ្តារាជធានី ខេត្តចំនួន២៥នៅទូទាំងប្រទេស។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ កញ្ញានេះថា ជាមួយនឹងការធ្វើឲ្យមានទំនុកចិត្តដល់ទីផ្សារ និងលើកកំពស់វិជ្ជាជីវៈ ក្នុងវិស័យអចលនទ្រព្យ ស្របតាមស្តង់ដាអន្តរជាតិ បច្ចុប្បន្នយើងមានភ្នាក់ងារអចលនទ្រព្យ ប្រមាណ១០០០នាក់នៅទូទាំងរាជធានីភ្នំពេញ និងគ្រោងពង្រីកទៅដល់បណ្តាឃុំទាំង១៦៤៦ឃុំ នៅទូទាំងប្រទេសនាពេលខាងមុខ។

លោកស្រីបន្តថា “ភ្នាក់ងាររបស់យើង សុទ្ឋតែជាធនធានមនុស្សមានគុណភាព មា​នការបណ្តុះបណ្តាលត្រឹមត្រូវ ស្មោះត្រង់ និងមានលក្ខណៈអាជីព ដែលជួយដល់ទីផ្សារនេះឲ្យកាន់តែមានភាពរីកចម្រើន និងទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ”។ លោកស្រី​បន្តថា “យុទ្ឋនាការរបស់យើងបានបញ្ចប់ហើយ កាលពីចុងឆ្នាំ២០២០ ប៉ុន្តែដោយសារត្រូវការជ្រើសរើសភ្នាក់ងារថ្មី ក្រុមហ៊ុននឹងបណ្តុះធ្វើការបណ្តុះបណ្តាល ប្រចាំខែជាបន្តទៀត”។

ហេតុអ្វីក្រុមហ៊ុនCentury21 Cambodiaត្រូវពង្រីកដល់មូលដ្ឋាន? លោកស្រីGrace Rachny Fongបានពន្យល់បន្តថា បណ្តាឃុំនិមួយៗ សុទ្ឋតែមានសក្តានុពល ពិសេសផ្នែកដីធ្លី ហេតុនេះទើបយើងតម្រូវឲ្យមានប្រធានសាខាមួយ នៅតាមគ្រប់បណ្តាឃុំទូទាំងប្រទេស និងជ្រើសរើសភ្នាក់ងារ ប្រចាំមូលដ្ឋានទាំងនោះជាច្រើនទៀត ដើម្បីឲ្យពួកគេអាចបង្ហាញសក្តានុពល និងឱកាសវិនិយោគដល់អ្នកវិនិយោគជាតិ អន្តរជាតិដែលអាចចូលរួមចំណែក អភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេបានលឿន និងឆាប់រហ័សតាមរយៈការទាញយកមូលដ្ឋានសក្តានុពលដែលមានស្រាប់។

លោកស្រីបន្តថា “ការរីកចម្រើនរបស់ក្រុមហ៊ុននេះ បាននិងកំពុងបង្ហាញថា យើងកំពុងដើរលើមាគ៌ាត្រឹមត្រូវ ក្នុងការពង្រឹងអាជីពក្នុងវិស័យនេះ និងរួមចំណែកទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិមកកម្ពុជា ព្រោះក្នុងចំណោមសរសរស្តម្ភទាំង៤ វិស័យអចលនទ្រព្យជាសសរស្តម្ភធំមួយ ដែលរួមចំណែកលើកកំពស់សេដ្ឋកិច្ចជាតិ”៕

ប្រទេសវៀតណាមចង់ក្លាយទៅជាមជ្ឍមណ្ឌលផ្គត់ផ្គត់ម្ហូបអាហារនៅក្នុងតំបន់

        ដោយៈសុជាតា

ហាណូយៈ ប្រទេសវៀតណាមសង្ឈឹមថា នឹងក្លាយទៅជាមជ្ឍមណ្ឌលនវានុវត្តន៍ខាងម្ហូបអាហារនៅក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីវៀតណាម Nguyen Xuan Phuc ផ្ញើទៅកាន់សន្និសីទអង្គការសហប្រជាជាតិ ទាក់ទងនឹងស្បៀងអាហារ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ  ប្រធានាធិបតីវៀតណាម បានកត់សំគាលថា សហប្រតិបត្តិការ ក្នុងចំណោមប្រទេសជាដៃគូ និងតួអង្គផ្សេងៗទៀត សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ម្ហូបអាហារសម្រាប់បម្រើ សារៈប្រយោជន៍របស់ប្រជាជន។

លោកចង្អុលបង្ហាញអោយដឹងថា សន្តិសុខស្បៀងអាហារ ស្ថិតនៅក្នុងការងារអាទិភាព សម្រាប់កិច្ចប្រឹងប្រែងរបស់ប្រទេស វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញភាពតម្លាភាពដោយទំនួលខុសត្រូវ និងចីរភាពទៅលើការអភិវឌ្ឍកសិកម្មរបស់ប្រទេសវៀតណាម។

នៅក្នុងស្ថារតីនេះ មេដឹកនាំរដ្ឋវៀតណាម បានបង្កើតដាក់ពាក្យស្នើសុំដើម្បីធានារសន្តិសុខស្បៀង នៅបរិបទបំរែបំរួលអាកាសធាតុ និងវិបត្តិ Covid 19ផងដែរ។

ប្រធានាធិបតីវៀតណាម បានលើកឡើងនូវភាពចាំបាច់ ក្នុងការអភិវឌ្ឍកសិកម្មផ្អែកធម្មជាតិ និងបៃតង ដើម្បីឆ្លើយតបនឹងបម្រែបំរូលអាកាសធាតុ និងវិបត្តិ Covid 19 ផងដែរ។ លោកចង្អុលបង្ហាញអោយដឹងថា ការងារអាទិភាព គឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងធានាការផ្គត់ផ្គង់ស្បៀងអាហារ។

លោកក៏អំពាវនាវសម្រាប់ការវិនិយោគ ទៅលើហេដ្ឋារចនាសម្ពន្ធកសិកម្ម ដោយចូលរួមពីសំណាក់វិស័យឯកជនផង និងគំរូភាពជាដៃគូរវាងរដ្ឋ និងឯកជនផងដែរ។

លោកប្រធានាធិបតី បានលើកឡើងពីតំរូវការខាងបច្ចេកវិទ្យា ដោយមានការកែទម្រង់គោលនយោបាយ និងស្ថាប័ន សម្រាប់កសិករ និងអ្នកប្រើប្រាស់ ដែលតំរូវការចាំបាច់សម្រាប់បង្កើត ចង្វាក់បន្ថែមតម្លៃលើវិស័យកសិកម្មផងដែរ។

ជាងនេះទៀត យើងត្រូវអភិវឌ្ឍនូវប្រព័ន្ធម្ហូបអាហារ ដោយពង្រីកនូវសហប្រតិបត្តិការអន្តរជាតិក្នុងការសិក្សា និងព្យាករណ៍ ដើម្បីកសាងប្រព័ន្ធព្រមានទុកជាមុន សម្រាប់គ្រោះមហន្តរាយធម្មជាតិ៕

អ្នកវិនិយោគក្នុងស្រុកសាងសង់ផ្ទះលំហែរលើកដំបូងនៅកណ្តាលក្រុងត្បូងឃ្មុំ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកវិនិយោគក្នុងស្រុកបាន និងកំពុងវិនិយោគផ្ទះលំហែររំដូលត្បូងឃ្មុំ ជាលើកដំបូង នៅក្នុងទីរួមខេត្តត្បូងឃ្មុំនៅលើផ្ទៃដី១០ហិកតា ដែលមានចម្ងាយពីរដ្ឋបាលសាលាខេត្តត្បូងឃ្មុំមួយគីឡូម៉ែត្រ។

លោកបណ្ឌិតម៉ូត ទូល័ស( ទូលូ) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CRT 168 រៀលអ៊ីស្តេត ឯ.ក និង វិមានបៃតង បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ កញ្ញានេះថា នេះជាគំរោងទី៩ហើយរបស់ក្រុមហ៊ុន ដែលគំរោងនេះមានលក្ខណៈប្លែក និងពិសេសដោយយើងមានសាងសង់ផ្ទះលំហែរបែបបុរាណ ដែលមានមួយគត់នៅក្នុងក្រុងត្បូងឃ្មុំ ដែលមានចម្ងាយ៥០០ម៉ែត្រពីទន្លេសប្បនិម្មិត និង៣០០ម៉ែត្រពីរង្វង់មូលផ្លូវ៦០ម៉ែត្ររបស់ទីរួមខេត្តនេះ។

លោកបន្តថា “គំរោងនេះបាននិងកំពុងវិនិយោគនេះ សាងសង់លើផ្ទៃដីទំហំ១០គុណនឹង២០ម៉ែត្រ ដែលលក់ក្នុងតម្លៃត្រឹម១៦,០០០ដុល្លារអាមេរិក ហើយប្រសិនជាអតិ​ថិជនបង់ផ្តាច់ យើងនឹងថែមដីមួយឡូត៍ទៀតលើផ្លូវ១២ម៉ែត្រ”។ លោកបន្តថា “យើ​ងបាននិងកំពុងសាងសង់ផ្ទះចំនួន១៦ លើផ្លូវ១៦ម៉ែត្រនិងមានសួនច្បារចំកណ្តាល​ ដែលលក់បានមួយចំនួនរួចហើយ ទោះស្ថិតក្នុងវិបត្តិជំងឺកូវីដក្តី”។

លោកបណ្ឌិតម៉ុត ទូលស់បានបន្តថា ដីឡូត៍ក្នុងគំរោងនេះ បាននិងកំពុងដាក់លក់ក្នុងតម្លៃចន្លោះពី៣០០០ ទៅ៣៥០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឡូត៍ និងមានការ​បញ្ចុះតម្លៃពិសេសប្រសិនជាអតិថិជនបង់ផ្តាច់។

ទីរួមខេត្តត្បូងឃ្មុំ ជាទីក្រុងមានលក្ខណៈពិសេសមួយ ព្រោះមានទីតាំងនៅចំចំណុ​ចប្រសព្វរវាងស្រុកចំនួនពីរ និងក្រុង១ ដូចជា ក្រុងសួង ស្រុកតំបែរ និងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ទីក្រុងនេះ មានធម្មជាតិដ៏ស្រស់ត្រកាលជាមួយចម្ការម៉ៃសាក់ ទន្លេសប្បនិម្មិត និងខ្ពង់រាបរពើតរពើង ពិសេសមានលក្ខខ័ណ្ឌអាកាសធាតុដ៏ល្អ។

ទីក្រុងត្បូងឃ្មុំជាទីក្រុងនៃខេត្តគំរូមួយ ដែលមានការរៀបចំប្លង់គោលអភិវឌ្ឈន៍រួចជាស្រេច និងជាខេត្តដែលមានរដ្ឋបាល និងមន្ទីរពាក់ព័ន្ឋនៅប្រមូលផ្តុំគ្នា ក្នុងទីតាំងតែមួយ៕

ក្រុងបាវិតបានក្លាយទៅជាតំបន់ទាក់ទាញអាគារពាណិជ្ជកម្ម និងលំនៅដ្ឋាន នៅរយៈពេល៥ឆ្នាំចុងក្រោយ

ដោយៈសុជាតា

ភ្នំពេញៈ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ទីក្រុងបាវិត ខេត្តស្វាយរៀង បានក្លាយទៅជាតំបន់ទាក់ទាញអចលនទ្រព្យដ៏សំខាន់ ស្របពេលដែលតំបន់នេះ បានប្រមូលផ្តុំអោយអាគារកាស៊ីណូ អាគារពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។

បន្ទាប់ពីរដ្ឋាភិបាល បានដាក់ផែនការអភិវឌ្ឍក្រុងសម្រាប់ឆ្នាំ២០១៥ ២០២៥ មកទីក្រុងបាវិត បានទាក់ទាញនូវកាវិនិយោគក្នុងស្រុក និងបរទេសនានាតាមតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងរណបធំៗផងដែរ។ ជាងនេះទៀត រដ្ឋាភិបាលកម្ពុជាបា​នសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនផងដែរ ទៅកាន់តំបន់សេដ្ឋកិច្ចនេះផងដែរ។

បើតាមការពន្យល់ពីអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា វិស័យសេដ្ឋកិច្ច សង្គមកិច្ចរបស់ទីក្រុង ជាប់ព្រំដែនប្រទេសវៀតណាមនេះ កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ  ដោយទីក្រុងត្រូវបានគេចាត់ទុកច្រកទ្វារ ដ៏សំខា​ន់ ក្នុងការភ្ជាប់ទីក្រុងភ្នំពេញ និងក្រុងហូជីមិញនៃប្រទេសវៀតណាម។ អ្នកវិនិយោ​គឯកជនមកពីគ្រប់ទិសទីដើម្បីអភិវឌ្ឍន៍ និងបង្កើនការងារជូនប្រជាពលរដ្ឋបានរាប់ម៉ឺននាក់។

បើតាមអ្នកជំនាញអលនទ្រព្យបានលើកឡើងថា តម្លៃដីធ្លីមានតម្លៃចន្លោះប្រមា​ណ ១០០ដុល្លារ ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមស្ថានភាព និងទីតាំងតំបន់នោះ។

ទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងថា វិស័យសេដ្ឋកិច្ច របស់ទីក្រុងជាប់ព្រំដែនប្រទេសវៀតណាមនេះ កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទីក្រុងត្រូវបានគេចាត់ទុកច្រកទ្វារព្រំដែនសេដ្ឋកិច្ចដ៏សំខាន់ក្នុងការភ្ជាប់ទីក្រុង ភ្នំពេញ និងក្រុង ហូជីមិញនៃ ប្រទេសវៀតណាម។ ហើយអ្នកវិនិយោគឯកជនមកពីគ្រប់ទិសទីបានមកអភិវឌ្ឍន៍ និងបង្កើនការងារជូនប្រជាពលរដ្ឋបានរាប់ម៉ឺននាក់។

លោកបន្តថា “ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងបញ្ចប់នៅចុងឆ្នាំនេះ ដែលធ្វើឡើងដោយក្រុមហ៊ុនចិន ហើយនៅពេលសិក្សាចប់យើងនឹងពិនិត្យមើលថា តើយើងអាចរកថវិកាពីប្រទេសណាដើម្បីវិនិយោគ”។

អ្នកជំនាញដីធ្លី លោកឧកញ្ញា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់ឲ្យដឹងនៅថ្ងៃទី  ២៤ ខែកញ្ញ៉ា ឆ្នាំ ២០២១ថា តំបន់សក្តានុពលទីក្រុងបាវិត ជាតំបន់ឧស្សហកម្ម ពហុអភិវឌ្ឍ ដែលប្រមូលផ្តុំដោយតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបើពិនិត្យទៅលើវិស័យអចលនទ្រព្យនគឹនៅទ្រឹង ដោយសារតែកត្តាប្រជាជនតិច ទំហំដីធំ។

លោកបន្ថែមទៀតថា “តម្លៃដីធ្លីនៅទីក្រុងនេះមានតម្លៃចន្លោះពី៣៥០ ដុល្លារទៅ ៥៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េសំរាប់តំបន់ពាណិជ្ជកម្ម ប៉ុន្តែយើងសង្ឃឹមថា នៅពេលគម្រោងផ្លូវល្បឿនលឿន ចាប់ដំណើរការនាពេលខាងមុខ វិស័យអចលនទ្រព្យនៅតំបន់ទីក្រុងបាវីត នឹងប្រែប្រួលមុខមាត់ថ្មី”៕

អ្នកជំនាញៈការកែប្រែសក្ដានុពលតំបន់ណាមួយនឹងធ្វើឱ្យប្រែប្រួលតម្លៃដីធ្លី ក្នុងតំបន់នោះយ៉ាងដូចម្តេច?

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការកែប្រែសក្ដានុពលតំបន់ណាមួយ គឺតែងតែមានការប្រែប្រួលទៅលើតម្លៃដីធ្លីនៅក្នុងតំបន់ជាក់ស្ដែង តំបន់មួយដែលកែប្រែពីតំបន់ឧស្សាហកម្ម ទៅលំនៅឋាន ឬតំបន់ពាណិជ្ជកម្ម វានឹងធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់ស្ទុះងើបមួយកកម្រិតទៀត។

ជាការកត់សម្គាល់តំបន់មួយចំនួននៅរាជធានីភ្នំពេញ ដែលបានកែប្រែសក្ដានុពលពីតំបន់រោងចក្រឧស្សាហកម្ម ទៅជាតំបន់ពាណិជ្ជកម្មឬក៏តំបន់លំនៅឋាន តម្លៃដីធ្លីមានការប្រែប្រួល និងពិបាកក្នុងការស្វែងរកទិញដីសម្រាប់អភិវឌ្ឍន៍ផងដែរ ។

លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យAdvance បានឱ្យដឹងថា ជាការពិតណាស់ នៅពេលតំបន់ណាមួយ កែប្រែសក្ដានុពលពីវិស័យមួយ ទៅវិស័យមួយទៀតនឹងធ្វើឱ្យតំបន់នោះ មានការប្រែប្រួលតម្លៃ ក្នុងនោះយើងឃើញថា តំបន់ដែលមានសក្ដានុពលទៅលើកសិកម្ម ហើយផ្លាស់ប្តូរទៅជាឧស្សាហកម្ម ឬក៏លំនៅឋានបុរីជាដើម វាក៏ចាប់ផ្ដើមធ្វើឱ្យតំបន់នោះ មានការប្រែប្រួលតម្លៃកើនឡើង ហើយតំបន់ឧស្សាហកម្មដែលប្រែទៅជាតំបន់ពាណិជ្ជកម្ម ឬក៏លំនៅឋានវាក៏នឹងធ្វើឱ្យតម្លៃប្រែប្រួលខុសពីមុនផងដែរ។

លោកបន្តថា “សម្រាប់នៅរាជធានីភ្នំពេញ តំបន់ជាយក្រុងតំបន់ឧស្សាហម្មពីមុននោះ ក៏បានចាប់ផ្ដើមកែប្រែទៅជាតំបន់លំនៅឋាន និងពាណិជ្ជកម្មជាបន្តបន្ទាប់ហើយយើងក៏ឃើញថាតម្លៃដីធ្លីតំបន់ទាំងនោះ ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានឱ្យដឹងផងដែរថា ដីជុំវិញរាជធានីភ្នំពេញក្រោម៥០គីឡូម៉ែត្រ គឺមានតម្លៃមិនក្រោម១០០ដុល្លារអាមេរិកទេ ក្នុងមួយម៉ែត្រការ៉េ ហើយតំបន់កាន់តែជិតក្រុងតម្លៃកាន់តែខ្ពស់។ ដូច្នេះអ្នកវិនិយោគដែលចង់បានតម្លៃទាបគួរតែងាកទៅតំបន់ជាយក្រុង ។

លោកបន្តថា “បច្ចុប្បន្ននេះតំបន់ខាងលិចរាជធានីភ្នំពេញ រហូតដល់ខេត្តកំពង់ស្ពឺតម្លៃដ៏នៅតែមានតម្លៃល្អ ហើយសក្ដានុពលតំបន់នោះ ក៏កាន់តែទាក់ទាញដល់ការវិនិយោគរបស់វិនិយោគិន ទៅលើការអភិវឌ្ឍជាឧស្សាហកម្ម និងមានរោងចក្រនៅភ្នំពេញជាច្រើនបានរើទៅកាន់តំបន់ខាងលិច ពោលគឺទៅកាន់តំបន់ផ្លូវ៥១នៃខេត្តកំពង់ស្ពឺ”៕

វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី នៅតែបន្តអភិវឌ្ឍទៅមុខទាំងហេដ្ឋារចនាសម្ពន្ធ និងផ្នែកបដិសណ្ឋាកិច្ច

ដោយ សុជាតា

ភ្នំពេញៈ ខេត្តមណ្ឌលគិរី នៅតែមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ ខណៈផែនការមេដើម្បីអភិវឌ្ឍខេត្តនេះរបស់រដ្ឋាភិបាលបានបញ្ចប់ និងកំពុងជំរុញការរីកចម្រើនលើវិស័យបដិសណ្ឋារកិច្ចមួយក​ម្រិតទៀត។

លោកងិន សុវិមាន ប្រធានមន្ទីទេសចរណ៍ខេត្តមណ្ឌលគិរី បានឱ្យដឹងនាព្រឹកថ្ងៃទី២៤ កញ្ញានេះថា ទោះស្ថិតក្នុងបរិបទកូវីត១៩ក៏ដោយ  តែវិស័យទេសចរណ៍នៅតែអភិ​វឌ្ឍទៅមុខរហូត ដោយគិតត្រឹមពេលនេះ មានការសាង់សងផ្ទះសំណាក់ សណ្ឋាគារ រីសត បន្ថែមរហូតដល់ជាង១៥០០បន្ទប់ហើយ ដើម្បីត្រៀមទទួលអ្នកទេសចរនៅពេលប្រទេសកម្ពុជា បើកដំណើរការវិស័យនានាជាធម្មតាវិញ។

លោកបន្តថា “ភ្ញៀវទេសចរណ៍ក្នុងស្រុកនៅតែបន្តមកទស្សនា ដោយសារហេដ្ឋារចនាសម្ព័ន្ឋធ្វើដំណើរស្រួល ទេសភាពស្អាត និងលក្ខខ័ណ្ឌអាកាសធាតុមានភាពអំណោ​យផលខ្ពស់”។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ Property area asia នៅថ្ងៃទី ២៤ ខែកញ្ញា ថា ខេត្តមណ្ឌលគីរី គឺជាខេត្តដែលមានទាក់ទាញទេសចរណ៍បែបធម្មជាតិ ជាពិសេសសម្បត្តិព្រៃឈើ ដែលអ្នកទេសចរអាចទ ស្សនាកំសាន្ត បន្ថែមពីលើទេសចរបែបប្រពៃណី និងវប្បធម៌ នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា គេសងេ្កតឃើញថា កំណើនភ្ញៀវទេសចរមកទស្សនាខេត្តមណ្ឌលគីរី មានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំៗ ហើយរដ្ឋាភិបាលកម្ពុជា បានបង្កើតផលិតផលថ្មី​ៗមួយចំនួនទៀត គឺកសិទេសចរ សម្រាប់ភ្ញៀវទេសចរអាចមានជម្រើសបន្ថែមទៀត ក្រៅពីតំបន់ប្រាសាទ និង តំបន់ឆ្នេរសមុទ្រ។

លោកបន្ថែមទៀតថា “តាមរយៈគម្រោងវិនិយោគព្រលានយន្តហោះ នៅខេត្តមណ្ឌលគីរី ពីសំណាក់រាជរដ្ឋាភិបាល ធ្វើអោយតំបន់នេះ ក្លាយទៅជាប៉ូលទេសចរណ៍ និង សេដ្ឋកិច្ចដ៏សំខាន់មួយទៀត ពីព្រោះថា វិស័យទេសចរណ៍ និងសេវាកម្ម ជាប្រភពប្រាក់ចំណូលដ៏សំខាន់ ដែលភ្ញៀវទេសចរបានចំណាយប្រាក់ជាច្រើន សម្រាប់ដំណើរកំសាន្ត”។

ក្រោមការគិតគូរវែងឆ្ងាយ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលរៀបចំនិងដាក់ចេញ ផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីជាត្រីវិស័យ ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យទេស​ចរណ៍ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យ នៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលតម្រង់ទិសការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ខេត្តមណ្ឌលគិរី ដោយឈរលើស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពលសម្រា​ប់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍និងអន្តរវិស័យគាំទ្រ ក្នុងក្តីសង្ឃឹមប្រកប​ដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវនៃវិស័យនេះ នឹងបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ច សង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណ ដើមរបស់ខេត្ត៕

ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen គ្រោងសាងសង់រោងចក្រផលិតអាគុយរថយន្ត អគ្គិសនីថ្មីនៅប្រទេសចិន

ដោយៈសុខុម

ប្រទេសចិនៈ ក្រុមហ៊ុន Volkswagen AG បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញាថា ខ្លួនមានគម្រោងសាងសង់រោងចក្រ ផលិតអាគុយរថយន្តអគ្គិសនី (EV) ថ្មីមួយកន្លែងនៅក្រុងហឺហ្វី (Hefei) ភាគខាងកើតប្រទេសចិន។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ មួយនេះកំពុងសាងសង់ រោងចក្រផលិតរថយន្តអគ្គិសនីមួយ ក្រោមការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនផលិតរថយន្តចិន JAC Motors នៅទីក្រុងហឺហ្វី។ ក្រុមហ៊ុននេះ ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន ផលិតអាគុយរថយន្តអគ្គិសនីអាមេរិក Gotion ដែលក៏មានមូលដ្ឋាននៅទីក្រុងហឺហ្វីផងដែរ។

ក្រុមហ៊ុននេះនិយាយថា ខ្លួននឹងបោះទុនវិនិយោគចំនួន១៦៤លានដុល្លារអាមេរិក នៅក្នុងរោងចក្រផលិតអាគុយនៅត្រឹមឆ្នាំ២០២៥។ ជាដំណាក់កាលដំបូង រោងចក្រនេះនឹងមានសមត្ថភាព ផលិតអាគុយបានចន្លោះពី១៥០.០០០គ្រឿង ទៅ១៨០.០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងស្រុក។

ក្រុមហ៊ុន Volkswagen បានបញ្ចេញរថយន្តអគ្គិសនីម៉ូឌែល ID ចំនួន៥គ្រឿងនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុត របស់ពិភពលោកនៅឆ្នាំនេះ។ ក្រុមហ៊ុននេះលក់រថយន្តប្រភេទនេះ បានប្រមាណ៧.០០០គ្រឿងនៅក្នុងប្រទេសចិន កាលពីខែមុន ហើយមានបំណងចែកចាយសរុប ឱ្យបានចន្លោះពី៨០.០០០គ្រឿង ទៅ១០០.០០០គ្រឿងនៅឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Volkswagen កំពុងចរចាដើម្បីកាន់កាប់ឱ្យណែន លើការបណ្តាក់ទុនរួមគ្នា នៅក្រុងហឺហ្វី ជាហេតុបង្កឱ្យមានភាពតានតឹង ជាមួយបណ្ដាដៃគូចិន ផ្សេងៗទៀត ដែលព្រួយបារម្ភខ្លាចពួកគេត្រូវខ្ទាតចេញពីការបណ្ដាក់ទុនរួមគ្នានេះ។

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lucid Motors ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផលិតរថយន្តនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅត្រឹមឆ្នាំ២០២៤។ មូលនិធិវិនិយោគសាធារណៈ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបោះទុនវិនិយោគ១ពាន់លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុននេះកាលពីខែមេសា ឆ្នាំ២០១៩ ដោយកាន់កាប់ភាគហ៊ុន៦៧%នៅក្នុងក្រុមហ៊ុននេះ៕ Arab News៕

ក្រុមហ៊ុនទ្រី ភាពគ្រោងវិនិយោគ១៣០លានដុល្លារសាងសង់សណ្ឋាគារផ្កាយ៥ និងរមណីយដ្ឋានទេសចរណ៍នៅលើកោះទន្សាយ

        ដោយៈតារា

ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋបាលខេត្តកែបបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនទ្រី ភាពកោះទន្សាយរីស៊ត ឯ.ក ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍន៍ដីនៅលើកោះទន្សាយជាង១០០ហិកតា។

បើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនថា គ្រោងចំណាយថវិការប្រមាណ ១៣០លានដុល្លារ ដើម្បីវិនិយោគបង្កើតជាសណ្ឋាគារថ្នាក់ផ្កាយ៥ បឹងហ្គាឡូ ភូមិរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងសម្រាប់លេងកីឡាតាមមាត់ឆ្នេរជាដើម។

លោកវ៉ៅ សុខា អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានប្រាប់ឲ្យដឹងនៅថ្ងៃទី២២ ខែកញ្ញាថា  កោះទន្សាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ ប៉ុន្តែនៅលើកោះ មិនទាន់បានរៀបចំប្រព័ន្ធទឹកស្អាត ភ្លើងអគ្គីសនីប្រើប្រាស់នៅឡើយ។ ហើយកន្លងមក កោះនេះធ្លាប់បានប្រគល់សិទ្ធិ ដល់ក្រុមហ៊ុនវិនិយោគចំនួនពីរធ្វើការអភិវឌ្ឍន៍ គឺតាំងពីឆ្នាំ២០០៩មកម្ល៉េះ ប៉ុន្តែមិនធ្វើសកម្មភាពទាល់តែសោះ ទើបនៅឆ្នាំឆ្នាំ២០១៨ រាជរដ្ឋាភិបាលបាល បានសម្រេចដកសិទ្ធិពីក្រុមហ៊ុនទាំង២នេះវិញ ដោយប្រគល់ទីតាំងមួយភាគធំ នៃកោះទន្សាយនេះឲ្យទៅក្រុមហ៊ុនទ្រីភាព កោះទន្សាយរីស៊ត ឯ.ក នៅឆ្នាំ២០១៩ នៅលើផ្ទៃដីសរុបជាង១៤០ហិកតា ដើម្បីធ្វើការវិនិយោគរយៈពេល៥០ឆ្នាំ។

លោកបានបញ្ជាក់ថា “បច្ចុប្បន្នក្រុមការងារបច្ចេកទេសខេត្ត បានចុះទៅសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ រវាងប្រជាពលរដ្ឋ២១គ្រួសារ  និងក្រុមហ៊ុនទ្រីភាព កោះទន្សាយរីសត និងបានផ្ទៀងផ្ទាត់ព្រំប្រទល់ទីតាំងដី ធ្វើការអភិវឌ្ឍន៍ច្បាស់លាស់ហើយ ហើយក្រុមការងារនឹងយកវាទៅបញ្ជូលធ្វើ ផែនទីប្លង់មេ សម្រាប់ឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍នៅលើទីតាំងនោះ”។

លោកឡាយ ថារដ្ឋ តំណាងក្រុមហ៊ុន ទ្រីភាព កោះទន្សាយរីសត ឯ.ក បានអោយដឹងថា តាមគម្រោងរបស់លោកឧញ្ញា ទ្រីភាព ក្រុមហ៊ុនគ្រោងចំណាយថវិកាវិនិយោគនៅកោះទន្សាយជាង១៣០លានដុល្លា។ ការវិនិយោគលើកោះទន្សាយនេះ ក្រុមហ៊ុននឹងអភិវឌ្ឍន៍ ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ដោយរក្សាគម្របព្រៃឈើអោយបានលើសពី៦០%។

លោកបន្តថា “ក្រុមហ៊ុនគ្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ បឹងហ្គាឡូ ភូមិរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងសម្រាប់លេងកីឡាតាមមាត់ឆ្នេរជាដើម។ យ៉ាងណាក៏ដោយចំពោះគម្រោង និងផែនការលម្អិតផ្សេងៗ ក្រុមហ៊ុននឹងដាក់ជូនរាជរដ្ឋាភិបាលដើម្បីធ្វើការអនុម័ត”។

លោកបន្តថា បំណងលោកឧកញ្ញាទ្រី ភាពគឺចង់អភិវឌ្ឍន៍កោះទន្សាយ អោយក្លាយទៅជាទីក្រុងរណបថ្មី សម្រាប់លើកស្ទួយ និងទាក់ទាញវិស័យទេសចរណ៍ខេត្តកែបអោយបានកាន់តែប្រសើរ”៕

អភិបាលខេត្តកែបដឹកនាំមន្រ្តីសិក្សាស្វែងយល់ពីធនធានធម្មជាតិនៅឧទ្យានជាតិកែបជាលើកដំបូង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាលើកដំបូងហើយ ដែលអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានដឹកនាំមន្រ្តីពាក់ព័ន្ឋ និងសិស្ស និស្សិតចុះសិក្សាស្វែងយល់ពីធនធានធម្មជាតិ ដែលជាសក្តានុពលនៃឧទ្យានជាតិកែប។

ក្រុងកែប ខេត្តកែបជាក្រុងតែមួយគត់នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាល​ក្រុង ដែលព័ន្ឋជុំវិញដោយជ្រលងភ្នំ និងសមុទ្រដ៏ល្ហល្ហេវ។

ក្រុងកែបធ្លាប់ទទួលបានពានរង្វាន់ស្អាតកម្រិតអាស៊ាន ដោយសារខេត្តនេះមានដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ខេត្តកែបជា ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្អឯក ដែលពេលយើងចូលទៅដល់ទីក្រុងនេះ ហាក់មានអារម្មណ៍ដក់ជាប់ជាមួយសម្រស់ធម្មជាតិ និងខ្យល់អាកាសត្រជាក់ស្រឹប។

លោកស្រីបន្តថា “ពេលទៅដល់ក្រុងកែប យើងមានអារម្មណ៍ស្រស់ស្រាយ ចង់សំរាកលំហែរ មិនចង់ត្រលប់មកកាន់ភ្នំពេញវិញនោះទេ”។

រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានបញ្ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តនេះរូចហើយ ដោយគ្រោងប្រែក្លាយខេត្តនេះជាតំបន់លំហែរកាយ​កម្រិតខ្ពស់ ដែលមិនអនុញ្ញាត្តឲ្យមានរោងចក្រ​ សហគ្រាស ដែលបញ្ចេញផ្សែងពុលបំពុល​បរិស្ថាននោះទេ៕