អភិបាលខេត្តកែបដឹកនាំមន្រ្តីសិក្សាស្វែងយល់ពីធនធានធម្មជាតិនៅឧទ្យានជាតិកែបជាលើកដំបូង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាលើកដំបូងហើយ ដែលអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានដឹកនាំមន្រ្តីពាក់ព័ន្ឋ និងសិស្ស និស្សិតចុះសិក្សាស្វែងយល់ពីធនធានធម្មជាតិ ដែលជាសក្តានុពលនៃឧទ្យានជាតិកែប។

ក្រុងកែប ខេត្តកែបជាក្រុងតែមួយគត់នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាល​ក្រុង ដែលព័ន្ឋជុំវិញដោយជ្រលងភ្នំ និងសមុទ្រដ៏ល្ហល្ហេវ។

ក្រុងកែបធ្លាប់ទទួលបានពានរង្វាន់ស្អាតកម្រិតអាស៊ាន ដោយសារខេត្តនេះមានដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ខេត្តកែបជា ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិដ៏ល្អឯក ដែលពេលយើងចូលទៅដល់ទីក្រុងនេះ ហាក់មានអារម្មណ៍ដក់ជាប់ជាមួយសម្រស់ធម្មជាតិ និងខ្យល់អាកាសត្រជាក់ស្រឹប។

លោកស្រីបន្តថា “ពេលទៅដល់ក្រុងកែប យើងមានអារម្មណ៍ស្រស់ស្រាយ ចង់សំរាកលំហែរ មិនចង់ត្រលប់មកកាន់ភ្នំពេញវិញនោះទេ”។

រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានបញ្ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តនេះរូចហើយ ដោយគ្រោងប្រែក្លាយខេត្តនេះជាតំបន់លំហែរកាយ​កម្រិតខ្ពស់ ដែលមិនអនុញ្ញាត្តឲ្យមានរោងចក្រ​ សហគ្រាស ដែលបញ្ចេញផ្សែងពុលបំពុល​បរិស្ថាននោះទេ៕

វិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២របស់ចិន Evergrande កំពុងធ្វើឲ្យរង្គោះរង្គើរដល់សេដ្ឋកិច្ចពិភពលោក

ដោយៈសុខុម

ប្រទេសចិន: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន Evergrande បាននិងកំពុងបង្កការជ្រួលច្របល់ យ៉ាងខ្លាំងពេញទីផ្សារទូទាំងពិភពលោក នៅពេលដែលក្រុមហ៊ុននេះ ជួបបញ្ហាធំផ្ទួនៗគ្នានៅសប្ដាហ៍នេះ ហើយបណ្ដាវិនិយោគិនអន្តរជាតិ កំពុងចោលក្រសែភ្នែកសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ថា តើជោគវាសនារបស់ក្រុមហ៊ុននេះនឹងទៅជាយ៉ាងណា។

ក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនបំផុត ក្នុងពិភពលោកដែលមានទំហំទឹកប្រាក់ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក នេះបានប្រឈមនឹងតេស្តសាកល្បងដ៏ធំមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញា នៅពេលក្រុមហ៊ុននេះដល់ពេលត្រូវបង់ការប្រាក់ជិត៨៤លានដុល្លារលើសញ្ញាប័ណ្ណ។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់ថា តើក្រុមហ៊ុន Evergrande នឹងបង់ការប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះឬក៏អត់ឡើយ។

ទីផ្សារពិភពលោក បានទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារហានិភ័យក្ស័យធន របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សមួយនេះ។ ទោះជាយ៉ាងណា គេមិនសូវព្រួយបារម្ភ អំពីការរីករាលដាលវិបត្តិហិរញ្ញវត្ថុប៉ុន្មានឡើយ គឺគេមានការព្រួយបារម្ភច្រើនជាងគេ អំពីផលប៉ះពាល់កាន់តែធំទៅលើប្រទេសចិន ជាប្រទេសសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក ដែលបានបង្អង់ល្បឿនកំណើនរួចទៅហើយ។

ជុំវិញការបង្អង់ល្បឿនកំណើនសេដ្ឋកិច្ចនេះ រដ្ឋាភិបាលចិនបានបកស្រាយថា “វាបណ្ដាលមកពីការរីករាលដាលវីរុសកូវីដ-១៩ ព្រមទាំងគ្រោះទឹកជំនន់ផងដែរ”។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ចកាន់តែមានការជឿជាក់ថា ការបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ចចិន អាចបន្តកើតមាន។

តួយ៉ាង គម្រោងលំនៅដ្ឋានថ្មីៗក្នុងប្រទេសនេះ បានធ្លាក់ចុះ៣,២%ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១ នេះ។
*ហេតុអ្វីវិស័យអចលនទ្រព្យមានសារៈសំខាន់ខ្លាំងម៉្លេះ?

វិស័យអចលនទ្រព្យរបស់ប្រទេសចិន គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃការបង្កើតការងារ ហើយគ្របដណ្ដប់២៩%នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នោះមានន័យថា ការបង្អង់ល្បឿន អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ដែលមិនត្រឹមតែសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល។

ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសេដ្ឋកិច្ចដទៃទៀត នៅទូទាំងទ្វីបអាស៊ី នឹងទទួលរងផលប៉ះពាល់ពីការបង្អង់ល្បឿង កំណើនសេដ្ឋកិច្ចក្នុងប្រទេសចិន។ ហើយបណ្តាប្រទេ​សអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ផង ដែលនាំចេញទំនិញជាច្រើនទៅកាន់ប្រទេសចិន ក៏នឹងរងផលប៉ះពាល់ផងដែរ៕ CNN៕

អ្នកឧកញ៉ាគិត ម៉េងគាំទ្រដល់ច្បាប់ស្តីពីការការពារសិទ្ឋអ្នកប្រើប្រាស់

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េងបានសម្តែងការគាំទ្រដល់ច្បាប់ស្តីពីការការពារសិទ្ឋអ្នកប្រើប្រាស់ និងការពារដល់ធុរជនក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ាគិត ម៉េង បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីព្រឹកថ្ងៃទី២៣ កញ្ញាកន្លងមកនេះ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា កំឡុងពេលដែលប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ជារឿងមួយដែលធ្វើអោយប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញអ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា”។

ជាមួយគ្នានេះ លោក Frank Jattke ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា បានលើកឡើងថា ការធ្វើធុរកិច្ចប្រកប​ដោយសុចរិតយុត្តិធម៌ ទាំងតាមប្រព័ន្ធអនឡាញ និងមិនមែនអនឡាញ គឺជាកត្តាសំខាន់ជំរុញនូវភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុន ដែលទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់អតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន បានកាន់​តែទូលំទូលាយ។

លោកបន្តថា ហេតុដូច្នេះហើយ ទើបកាលពីឆ្នាំ២០១៩ អាស៊ានបានបង្កើតមគ្គុ ទ្ទេសក៏សាមញ្ញមួយ ហៅថាក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញ សម្រាប់អាស៊ាន ដែលក្នុងនោះ បានបញ្ចូលនូវការប្តេជ្ញាចិត្តចំនួន១៥ សម្រាប់ធុរកិច្ចប្រតិបត្តិតាម ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងជាកិច្ចការពារដល់អ្នកប្រើប្រាស់។

លោកបានប្រកាសថា “ក្រមសីលធម៌នេះ ត្រូវបានគេរំពឹងថានឹងត្រូវយកទៅផ្សព្វ​ផ្សាយ នៅទូទាំងប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញ ក្រោយពីវិបត្តិនៃជំងឺរាតត្បាត”។

ចំណែកលោកប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសូងពាណិជ្ជកម្មបានមានប្រសាសន៍ថា “ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ មិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គដល់អាជីវកម្មឡើយ”។

លោកបន្តថា ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួលបាន ការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួន ចំពោះអ្នកប្រើប្រាស់ និងជៀសវាងសកម្មភាពណាមួយ ដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។

លោកបន្តថា “អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនរបស់ពួកគេដោយស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីក មូលដ្ឋានអតិថិជន និងការប្រកួតប្រជែងរបស់ពួកគេ”។លោកបន្តថា “អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជាដៃគូដែលទុកចិត្តសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រដល់ការការពារអ្នកប្រើប្រាស់”៕

ក្រុមហ៊ុនផលិតកាហ្វេខ្នាតយក្សរបស់អ៊ីតាលី Lavazza គ្រោងបើកហាងចំនួន ១.០០០ទីតាំងនៅប្រទេសចិន

ដោយៈសុខុម

អ៊ីតាលី: ក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋានដ៏ល្បីរបស់ចិន Yum China និងក្រុមហ៊ុន ផលិតកាហ្វេខ្នាតយក្សរបស់អ៊ីតាលី Lavazza ដែលបានចាប់ដៃគូសហការគ្នា ក្នុងឆ្នាំ២០២០ មានគម្រោងបើកហាងកាហ្វេ Lavazza រហូតដល់ទៅ១.០០០ទីតាំងក្នុងប្រទេសចិន នៅត្រឹមឆ្នាំ២០២៥។

ក្រុមហ៊ុនទាំង២នេះ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញា ថា ជាដំណាក់កាលដំបូង ខ្លួននឹងបោះទុនវិនិយោគ ចំនួន២០០លានដុល្លារអាមេរិក នៅក្នុងការបណ្តាក់ទុនរួមគ្នានេះ។

លើសពីនេះ ការបណ្តាក់ទុនរួមគ្នានេះ នឹងជួយធ្វើយុទ្ធសាស្ត្រទីផ្សារ លក់ និងចែកចាយផលិតផលលក់រាយរបស់ក្រុមហ៊ុន Lavazza នៅក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងសិទ្ធិផ្ដាច់មុខ។

ហាងកាហ្វេ Lavazza ដំបូងបង្អស់ដែលបើកនៅក្រៅប្រទេសអ៊ីតាលី បានបើកដំណើរការក្នុងក្រុងសៀងហៃ នៅខែមេសា ឆ្នាំ២០២០។ ចាប់តាំងពីនោះមក Lavazza បន្តពង្រីកសាខាបាន ជាង២០ទីតាំងទូទាំងប្រទេសចិន រួមមាននៅក្រុងសៀងហៃ ក្រុងហាងចូវ (Hangzhou) ក្រុងប៉េកាំង និងក្រុងគ័ងចូវ (Guangzhou) ផងដែរ។

លោកស្រី Joey Wat អគ្គនាយកក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋាន Yum China បានថ្លែងថា “ការរីកចម្រើនថ្មីៗនេះរបស់ហាងកាហ្វេ Lavazza ក្នុងប្រទេសចិន បានជំរុ​ញលើកទឹកចិត្តពួកយើងខ្លាំងមែនទែន ហើយបានផ្ដល់លទ្ធភាព ឱ្យយើងចាប់យកឱកាសអាជីវកម្មកាហ្វេដ៏ធំនៅក្នុងប្រទេសចិន ជាមួយនឹងការពង្រីកចំនួនសាខាយ៉ាងឆាប់រហ័ស”។

នៅក្នុងការបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋាន Yum China កាន់កាប់ភាគហ៊ុន៦៥% ចំណែកឯក្រុមហ៊ុន Lavazza កាន់កាប់ភាគហ៊ុន៣៥%។

យោងតាមគេហទំព័រ Starbucks China បានបង្ហាញថា ក្រុមហ៊ុនហាងកាហ្វេ Starbucks របស់សហរដ្ឋអាមេរិក មានហាងជាង៥.០០០ទីតាំង នៅក្នុងទីក្រុងចំនួន២០០ទូទាំងប្រទេសចិន៕ Reuters៕

ក្រុមហ៊ុនសឹង្ហបុរី Pan Pacific Hotel គ្រោងនឹងវិនិយោគលើសណ្ឋាគារថ្មីចំនួន២ទីតាំងនៅកម្ពុជា

ដោយៈសុជាតា

សឹង្ហបុរីៈ ក្រុមហ៊ុន Pan Pacific Hotels Group ដែលមានមូលដ្ឋាននៅសិង្ហបុរី នឹងបើកដំណើរការសណ្ឋាគារថ្មីចំនួន១៣ កន្លែងនៅទីក្រុងសំខាន់ៗចំនួន១០ នៅតំបន់អាស៊ាន គិតត្រឹមឆ្នាំ២០២៤ ក្នុងនោះក្រុមហ៊ុនគ្រោងវិនិយោគសណ្ឋាគារ ចំនួន២ទីតាំងនៅកម្ពុជា។

គម្រោងវិនិយោគនេះ នឹងបន្ថែមបន្ទប់ជាង 3 300 ពីលើបន្ទប់សណ្ឋាគារ ដែលមានស្រាប់របស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យចំនួនសណ្ឋាគារ និងរមណីយដ្ឋានសរុបចំនួនចំនួន៤៨កន្លែងនៅទូទាំងទីក្រុងចំនួន២៩។

គម្រោងវិនិយោគនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ UOL Group បង្កើតវត្តមានរបស់ខ្លួន នៅក្នុងទីក្រុងរួមមានទីក្រុងឡុងដ៍ គូឡាឡាំពួ ហ្សាកាតា ដាលីអាន (Dalian) ហាណូយ ភ្នំពេញ និងសៀមរាប។

គម្រោងបើកដំណើរសណ្ឋាគារទាំងនេះ ក៏រួមបញ្ចូលទាំងការបើកដំណើរការដំបូងនៃប្រ៊ែនសណ្ឋាគាររបស់ខ្លួន Parkroyal Collection នៅក្រៅប្រទេសសិង្ហបុរីផងដែរ។

ការពង្រីកវិនិយោគជាសកលនេះ បានចាប់ផ្តើមពីការបើកដំណើរការ សណ្ឋាគារថ្មី Parkroyal Monash Melbourne នៅអូស្ត្រាលី និងសណ្ឋាគារ Pan Pacific London នៅចក្រភពអង់គ្លេស ហើយនឹងបន្តការដំណើរការសណ្ឋាគារថ្មីចំនួន១៣ កន្លែងផ្សេងទៀតក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។

លោក Choe Peng Sum អគ្គនាយកប្រត្តិបត្តិក្រុមហ៊ុន Pan pacific បានមានប្រ​សាសន៍ថា យើងទទួលស្គាល់ពិភពលោក កំពុងជួបប្រទះវិបត្តិ Covid 19 នាពេលបច្ចុប្ប ន្ន ប៉ុន្តែនៅរយៈពេលយូរ អាជីវកម្ម និង សេដ្ឋកិច្ច នឹងត្រូវដោះស្រាយឆ្លងតាមវិធានការផ្សេងៗទៀត។

លោកបន្តថា “ការធ្វើដំណើរសម្រាប់សំរាកកាយ និងអាជីវកម្មនឹងត្រូវចាប់ផ្តើម។ ហើយឧស្សាហកម្មបដិសណ្ឋាកិច្ច នឹងប្រសើរឡើងវិញនោះ យើងមានឱកាសពង្រីកយុទ្ធសាស្រ្តអាជីវកម្ម សម្រាប់ទីក្រុងសំខាន់នៅថ្ងៃអនាគត”៕

ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤នឹងចូលរួមលលើកស្ទួយមុខមាត់ខេត្តកោះកុងកាន់តែខ្លាំង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤ នឹងចូលរួមលើកកំពស់មុខមាត់ និងសេដ្ឋកិច្ចខេត្តកោះកុងឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ខណៈខេត្តនេះបាននិងកំពុងបន្តទាក់ទាញគំរោងវិនិយោគកាន់តែច្រើន។
ហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងនោះរួមមាន៖

ផ្លូវជាតិលេខ១០
វាជាផ្លូវជាតិលើកដំបូង ដែលតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់ខេត្តពោធិសាត់ និងភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលផ្លូវជាតិដ៏សំខាន់នេះ នឹងជួយសម្រួលការដឹកជញ្ជូន និងតភ្ជាប់តំបន់ភូមិភាគពាយ័ព្យជាមួយតំបន់ឆ្នេរជាលើកដំបូង។

ផ្លូវជាតិដ៏សំខាន់នេះ ស្ថាបនាបានប្រមាណ៦០ភាគរយហើយ ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណៈរដ្ឋចិន ដែលតាមផែនការផ្លូវនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ។

ផ្លូវជាតិលេខ៤៨
ផ្លូវជាតិដ៏សំខាន់មួយនេះ ត្រូវបានចុះហត្ថាលេខាពង្រីក និងកែលំអរកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។

ព្រលានយន្តហោះតារាសាគរ
ព្រលានយន្តហោះ ដែលមានតម្លៃវិនិយោគ២០០លានដុល្លារនេះ បាននិងកំពុងត្រៀមបញ្ចប់ការសាងសង់ជាផ្លូវការ និងគ្រោងបើកដំណើរការនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

ព្រលានយន្តហោះនេះ វិនិយោគដោយអតីតក្រុមហ៊ុន Tienjing Union Development Group ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាលជាង៤០,០០០ហិកតានៅក្នុងស្រុកបុទុមសាគរ និងស្រុកថ្មបាំង ស្រុកកោះកុង ខេត្តកោះកុង។

ក្រុមហ៊ុននេះបានប្រកាសកន្លងមកថា នឹងបោះទុនវិនិយោគលើទឹកប្រាក់៤០០០លានដុល្លារអាមេរិក នឹងប្រែក្លាយតំបន់នេះ ជាតំបន់វិស្សមកាលធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការវិនិយោគលើលំនៅដ្ឋានលំហែរកាយ ទីលានវាយកូនហ្គោល កាស៊ីណូ សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិជាដើម។

កំពង់ផែទឹកជ្រៅ
កំពង់ផែទឹកជ្រៅនៅតំបន់តារាសាគរនេះ បាននិងកំពុងត្រៀមបញ្ចប់ការសាងសង់ផងដែរ ដែលអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗចូលចតបាន ពិសេសកំពង់ផែនេះនឹងជួយ​សម្រូលការដឹកជញ្ជូនកសផលពីតំបន់ភូមិភាគពាយ័ព្យ មកកាន់កំពង់ផែនេះ ដើម្បីនាំចេ ញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។

កំពង់ផែនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Tienjing Union Development Group ផងដែរ។

លោកជឹង សុខម៉េង ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បា​នលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍ ព្រមទាំងវិស័យដឹកជញ្ជូនផងដែរ នៅ ខេត្តកោះកុង នឹងបន្តមានការកើនឡើងជាបន្តបន្ទាប់ ខណៈគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខា លើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ជាផ្លូវការ។

លោកបន្តថា “បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ឋធំៗទាំងនេះរូចរាល់ និងដាក់ឲ្យដំណើរការជាផ្លូវការ សេដ្ឋកិច្ច ការវិនិយោគនៅមូលដ្ឋានខេត្តកោះកុង នឹងបន្តកើនឡើងបន្ថែមទៀត”៕

ជំនួយឥតសំណងជប៉ុនទំហំ៣៦លានដុល្លារសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ឋរាជធានីភ្នំពេញបានបញ្ចប់

ដោយៈ សុជាតា

ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) បានផ្តល់កិច្ចសហប្រតិបត្តិការ លើការលើកកំពស់ហេដ្ឋារចនាសម្ព័ន្ឋនានា នៅរាជធានីភ្នំពេញ ដោយកាត់បន្ថយផលប៉ះពាល់ដោយការជន់លិច។

JICA បានគាំទ្រក្នុងការបង្កើតផែនការមេ និងធ្វើបច្ចុប្បន្នភាពផែនការមេនេះ ដើម្បីកំណត់យកគម្រោងអាទិភាព ក្នុងនោះមានហិរញ្ញប្បទានឥតសំណង ចំនួន៤ជំហានដូចជា គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ ទី២ និងទី៣ ដែលគ្របដណ្តប់លើតំបន់អាគ្នេយ៍ ឦសាន្ត និងកណ្តាលនៃទីក្រុង។

គម្រោងជំហានទី៤ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ នឹងត្រូវបញ្ចប់ជាស្ថាពរ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំ ដើម្បីបញ្ចប់គម្រោងជាផ្លូវការ ដោយមានការចូលរួមពី តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារចៃកា ក្រុមហ៊ុនប្រឹក្សា CTI និងក្រុមហ៊ុនម៉ៅការសំណង់ TOA។

គម្រោងដែលមានទឹកប្រាក់ចំនួនប្រមាណ៣៦ លានដុល្លារអាមេរិកនេះ មានវិសា​លភាពគ្របដណ្តប់លើប្រព័ន្ធប្រឡាយលូ នៅតំបន់ខាងជើងនៃវត្តភ្នំ និងតំបន់ទួលគោក។ គម្រោងបានបញ្ចប់ទំហំការងារដូចជា ទី១ តំឡើងប្រព័ន្ធលូសរុបប្រវែង១២.២គីឡូម៉ែត្រ។

ទី២. សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយ៍បូមទឹកនៅសួនសាធារណៈខាងមុខ CDC ទី ៣. តំឡើងម៉ាស៊ីនមេកានិច(ម៉ាស៊ីនស្ទាក់សម្រាមស្វ័យប្រវត្តិ)ចំនួន៦នៅច្រកទ្វាស្ថានីយ៍បូមទឹក។ ទី៤- លទ្ធកម្មរថយន្តបំពាក់ម៉ាស៊ីនបូមទឹកចំនួន២ និងទី៥. ជំនួយក្នុងការចាប់ផ្តើម ការងារប្រតិបត្តិការ និងថែរទាំ។

ក្រោយពីគម្រោងនេះបានបញ្ចប់ វានឹងជួយកាត់បន្ថយបញ្ហាជន់លិច តាមរយៈការបញ្ចេញទឹកភ្លៀង តាមប្រព័ន្ធលូបានលឿនជាងមុន នៅក្នុងរដូវវស្សា (ពីរយៈពេល១២-២៤ម៉ោង ទៅតិចជាង ២ម៉ោង)។ ដើម្បីធានាបាននូវប្រសិទ្ធភាពមុខងារប្រព័ន្ធលូ ដែលបានតំឡើងដោយគម្រោងនេះ យើងរំពឹងទុកថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនឹងចូលរួមចំណែកកាត់បន្ថយ ការខូចខាតដោយសារការជន់លិច ដោយជៀសវាងការបោះចោលសំរាមតាមដងផ្លូវ ដែលជាប្រភពចម្បងនាំអោយកកស្ទះប្រព័ន្ធលូ៕

ក្រុមហ៊ុនយក្ស Boeing គ្រោងសាងសង់រោងក្រដំឡើងយន្តហោះនៅក្រៅ ប្រទេសជាលើកដំបូង

ដោយៈសុខុម

ញូវយ៉ក: កាលពីថ្ងៃពុធ ទី២២ កញ្ញា ក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាសផែនការសាងសង់ រោងចក្រដំឡើងយន្តហោះនៅក្រៅប្រទេសដំបូងបង្អស់របស់ខ្លួន។

រោងចក្រដែលនឹងត្រូវសាងសង់នៅក្នុងទីក្រុង Toowoomba ប្រទេសអូស្ត្រាលី នេះ សម្រាប់ដំឡើងយន្តហោះដ្រូនរបស់យោធា មិនមែនយន្តហោះស៊ីវិលសម្រាប់ដឹកអ្នកដំណើរ ដែលជាអាជីវកម្មចម្បងរបស់ក្រុមហ៊ុន Boeing នោះឡើយ។ ទោះជាយ៉ាងណា វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដែលក្រុមហ៊ុនមួយនេះឈានជើងចេញហួស ពីសហរដ្ឋអាមេរិក។

អាជីវកម្មផ្នែកការពារជាតិ អវកាស និងសន្តិសុខរបស់ក្រុមហ៊ុន Boeing បានក្លាយជាប្រភពប្រាក់ចំណូលដ៏រឹងមាំបំផុតរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលក្រុមហ៊ុននេះជួបការលំបាក។

ផ្អែកតាមរបាយការណ៍បង្ហាញថា អាជីវកម្មផ្នែកនេះ ទទួលបានប្រាក់ចំណូលចំនួន២៦ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨មក ខណៈប្រាក់ចំណូលពីយន្តហោះពាណិជ្ជកម្ម ឬដឹកអ្នកដំណើររបស់ក្រុមហ៊ុននេះ បានដាំក្បាលចុះរហូតទៅ៤១ពាន់លានដុល្លារ ឬស្មើនឹង៧២% ក្នុងគ្រាដែលក្រុមហ៊ុននេះ ប្រឈមមុខនឹងវិបត្តិយន្តហោះ 737 Max និងការរីករាលដាលវីរុសកូវីដ-១៩។

នៅក្នុងឆ្នាំ២០២០ ប្រហែល៨៣%នៃអាជីវកម្ម ផ្នែកការពារជាតិគឺទទួលបានពីក្រសួ​ងការពារជាតិរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែអាជីវកម្មផ្នែកនេះ ក៏មានអតិថិជនបរទេសធំៗផងដែរ។

មួយភាគធំនៃអាជីវកម្មធំចម្បងរបស់ក្រុមហ៊ុន Boeing គឺបានពីបរទេស។ នៅឆ្នាំ២០១៨ ក្រុមហ៊ុនផលិតយន្តហោះមួយនេះ ទទួលបានប្រាក់ចំណូលច្រើនបំផុតមិនធ្លាប់មាន រហូតដល់ទៅ១០១ពាន់លានដុល្លារ ដោយ៥៦%នៃប្រាក់ទាំងនោះបានមកពីអតិថិជនបរទេស។

ក្រុមប្រតិបត្តិការរបស់ក្រុមហ៊ុន Boeing ប្រចាំប្រទេសអូស្រ្តាលី បានឌីហ្សាញយន្តហោះដ្រូនមានឈ្មោះថា Loyal Wingman ដែលត្រូវដំឡើងនៅទីនោះ។ តាមការរំពឹងទុកថា រោងចក្រនេះនឹងបង្កើតការងារពេញម៉ោង បានចំនួន៣.៥០០កន្លែង នៅត្រឹមឆ្នាំ២០២៨។ បច្ចុប្បន្នកងទ័ពអាកាសរបស់អូស្រ្តាលី គឺជាអតិថិជនតែមួយគត់ដែលបញ្ជាទិញយន្តហោះដ្រូននេះ ប៉ុន្តែក្រុមហ៊ុនBoeing ក៏មានគម្រោងនាំចេញដ្រូននេះទៅឱ្យអតិ​ថិជនជាយោធាដទៃទៀតនៅជុំវិញពិភពលោកផងដែរ។

ដំណឹងនេះ កើតមានឡើងមិនយូរប៉ុន្មានក្រោយ ពីមានការប្រកាសដាច់ដោយឡែកមួយថា ប្រទេសអូស្រ្តាលី មានបំណងសាងសង់កងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ដោយប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស។ គេមើលឃើញថា ចំណាត់ការនោះជាកិច្ចខិតខំប្រឹងប្រែងមួយ របស់សហរដ្ឋអាមេរិក ដើម្បីទប់មហិច្ឆតាយោធារបស់មហាយក្សចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់៕ CNN៕

សម្ដេចតេជោបើកភ្លើងខៀវឱ្យវិស័យទេសចរណ៍ត្រៀមបើកឡើងវិញជាដំណាក់កាល

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវយុទ្ធសាស្រ្តអាទិភាពមួយចំនួន ដើម្បីត្រៀមលក្ខណៈចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិជាជំហានៗនាពេលខាងមុខ បន្ទាប់ពីបានផ្អាកអស់មួយរយៈដោយសារ តែការវាយលុកពីជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅកម្ពុជា។

ក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាទេស ចរណ៍ពិភពលោកឆ្នាំ ២០២១ ក្រោមប្រធានបទទេសចរណ៍ “សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន” ដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ខែកញ្ញាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោមានប្រសាសន៍ថា   យោងទៅលើល្បឿន នៃការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជា សម្ដេចជឿជាក់ថាគោលដៅទេសចរណ៍នៅកម្ពុជា ត្រូវបានមើលឃើញថាពិតជាធានា បាននូវសុវត្ថិភាពទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ។

សម្តេចបានបន្តថា “កត្តានេះរួមផ្សំទៅនឹងការទទួលយកនូវការរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗ នូវសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព”។

សម្ដេចបន្ថែមថា ស្ថិតនៅក្នុងភាពសុទិដ្ឋិ និយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា ត្រូវផ្ដល់កិច្ចសហប្រតិបត្តិការគាំទ្រ ចំពោះការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទ្វារទទួលទេសចរណ៍សុវត្ថិភាព នាពេលខាងមុខ។

សម្តេចតេជោហ៊ុនសែនបានលើកទឹកចិត្តដល់ស្ថាប័នពាក់ ព័ន្ធអាជ្ញាធរមូលដ្ឋានផ្នែកឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិជាតិ និងអន្តរជាតិចូលរួមជំរុញបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈការដាក់ ចុះនូវកម្មវិធីយុវជននិងធុរកិច្ចនៅក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍ ព្រមទាំងលើក កម្ពស់ការយល់ដឹង និងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថល ដល់ថ្នាក់មូល   ដ្ឋានក្រោមការសម្របសម្រួលដឹក នាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិ​បត្តិការពីអង្គការទេសចរណ៍ពិភពលោក សមាគមអន្តរជាតិនិងដៃគូអភិវឌ្ឍន៍នានា។

លោកAlain Brun អគ្គនាយកក្រុមហ៊ុន Cambodia airport បានថ្លែងនៅក្នុងសន្និសីទកាលពីព្រឹកថ្ងៃទី២៣ កញ្ញា ២០២១នេះថា ការបើកភ្លើងខៀវពីរដ្ឋាភិបាលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ គឺជារឿងដែលរំភើបបំផុត ហើយអាកាសយាន      ដ្ឋានទាំងបីនៅកម្ពុជា ក៏បានត្រៀមខ្លួនក្នុងការស្វាគមន៍ អ្នកដំណើរបរទេស ក៏ដូចជាអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះផងដែរ។

លោកបន្តថា “ការបើកដំណើរការឡើងវិញ នៃទេសចរណ៍អន្តរជាតិ នឹងផ្ដល់ឱកា​សការងារដល់អ្នកជំនាញទេសចរណ៍ ដែលបានបាត់បង់ការងារនៅក្នុងវិបត្តិកូវីដ១៩ ហើយ នឹងជួយពួកគេមានប្រាក់ចំណូល ពីវិស័យជំនាញរបស់ពួកគេឡើងវិញផងដែរ”៕

ប្រទេសវៀតណាមជំរុញស៊ើបអង្កេតទៅការនាំចូលស្ករសពីប្រទេសថៃ ដោយចោទប្រកាន់បានឆ្លងកាត់ពីប្រទេសកម្ពុជា

        ដោយៈសុជាតា

        ហាណូយៈ ប្រទេសវៀតណាម បានចាប់ផ្តើមស៊ើបអង្កេត ទៅលើចោទប្រកាន់ចំពោះស្ករស ដែលមានប្រភពដើមពីប្រទេសថៃ ប៉ុន្តែត្រូវឆ្លងកាត់ពីប្រទេសជិតខាង ដើម្បីជៀសផុតពីការបង់ពន្ធ ដែលជាការបន្ទាបតម្លៃទំនិញ។ នេះបើយោងតាមសាព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ។

យោងតាមការចេញផ្សាយដោយក្រសួងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា ប្រទេសវៀតណាម បានដាក់កំណត់ទៅលើការនាំចូលបន្ទាបតម្លៃស្ករសរ ពីប្រទេសថៃប្រមាណ៤៧. ៦៤ ភាគរយ សម្រាប់រយៈពេល៥ ឆ្នាំ ពីព្រោះថា ប្រទេសថៃគឺជាប្រទេសមួយ ក្នុងចំណោមអ្នកនាំចេញស្ករធំបំផុតនៅលើពិភពលោក។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់កើនឡើង ក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកដែលថា ផលិតផលស្ករសគឺត្រូវនាំចូលពីប្រទេសឡាវ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសមីយ៉ាម៉ា គឺមិនមានផលិតផលដើមពីប្រទេសទាំងនោះ។

យោងតាមក្រសួងពាណិជ្ជកម្មវៀតណាម បានលើកឡើថាគិតចាប់ពីខែតុលា  ទៅដល់ខែ មិថុនា ឆ្នាំ ២០២០ ការនាំចូលស្ករស ទៅកាន់ទីផ្សារប្រទេសវៀតណាមបានកើនបរិមាណឡើង៥ដងរហូតដល់ ៥០០,២៧០តោន។ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយនៅក្នុងការនាំចូលពីប្រទេសថៃ បានធ្លាក់ចុះអស់៣៨ភាគរយនៅរយៈពេលដូចគ្នានេះ។

ឧស្សាហកម្មស្ករស បានផ្តល់ភស្តុតាងដោយបង្ហាញ ពីសញ្ញាមិនប្រក្រតីនៃពាណិជ្ជកម្មស្ករសររបស់ប្រទេសថៃ ដែលបានឆ្លងកាត់ប្រទេសទាំងប្រាំខាងលើ ដែលមានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងនាំចូលផលិតផលស្ករស។

ប្រទេសវៀតណាម បានលុបចោលនូវពន្ធនាំចូលស្ករស ពីប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០ ដោយយោងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។

ទោះបីជាយ៉ាងណា បទប្បញ្ញត្តិបានអនុញ្ញាត អោយមានតម្លើងពន្ធទៅលើទំនិញនាំចូល សម្រាប់សមាជីកអាស៊ានដើម្បីការពារសិទ្ធិ និងសារៈប្រយោជន៍សម្រាប់ឧស្សាហកម្មក្នុងស្រុកផងដែរ។

ក្រសួងពាណិជ្ជកម្មវៀតណាម បានជំរុញអោយអង្គភាពផលិត និងជួញដូរស្ករស ក្នុងការផ្តល់ព័ត៌មានលំអិត ដើម្បីជួយដល់ការស៊ើបអង្កេតនេះ៕