ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់បានមានប្រសាសន៍ថា ភូមិព្រះដាក់ ស្អាតមិនមែនដោយសារមានអ្នកពូកែរើសសំរាមនោះទេ! តែវាមកពីអ្នកភូមិខ្លួនឯង ចាប់ផ្តើមមានការផ្លាស់ប្តូរឥរិយាបថជា វិជ្ជមានលើបញ្ហាអនាម័យ ព្រមទាំងបានបង្ហាញភាពជាគំរូនៅលើការគ្រប់គ្រងបរិស្ថានក្នុងភូមិ។

-->
លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃចុងសប្តាហ៍៍កន្លងមកថា អបអរសាទរ “ភូមិព្រះដាក់ ”ដែលទទួលបានបណ្ណសរសើរ មេត្រីភាពបរិស្ថាន» ពីក្រសួងបរិស្ថាន ក្នុងនាមជាប្រតិបត្តិករឆ្នើមលើការងារបរិស្ថានប្រចាំឆ្នាំ២០២១! បណ្ណសរសើរនេះត្រូវបានប្រគល់ជូន ដល់លោកមេភូមិព្រះដាក់ ដោយលោករដ្ឋមន្ត្រី សាយ សំអាល់ នៅឯទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ ២០២១។

លោកបន្តថា “ឆ្នាំនេះជាឆ្នាំទី២ហើយ ដែលស្រុកបន្ទាយស្រី ទទួលបានការលើកទឹកចិត្តពីក្រសួងបរិស្ថាន ហើយវាជាការស័ក្តិសមបំផុត ដែលបណ្ណសរសើរមេត្រីភាពបរិស្ថានក្នុងឆ្នាំនេះ ត្រូវបានប្រគល់ផ្ទាល់ទៅកាន់ភូមិព្រះដាក់តែម្តង”។
លោកបន្តថា “ភូមិព្រះដាក់ ស្អាតមិនមែនដោយសារមានអ្នកពូកែរើសសំរាមនោះទេ! តែវាមកពីអ្នកភូមិខ្លួនឯង ចាប់ផ្តើមមានការផ្លាស់ប្តូរឥរិយាបថជា វិជ្ជមានលើបញ្ហាអនាម័យ ព្រមទាំងបានបង្ហាញភាពជាគំរូ នៅលើការគ្រប់គ្រងបរិស្ថានក្នុងភូមិ ដោយរក្សាបាននូវភាពជាម្ចាស់លើការគ្រប់គ្រងសំរាម មានទម្លាប់រស់នៅស្អាត មានការរៀបចំភូមិដ្ឋានបានយ៉ាងល្អ និងបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងសកម្ម ជាពិសេសនៅក្នុងគម្រោង” សហគមន៍ស្វ័យគ្រងគ្រងសំរាម”។

លោកឃឹម ហ្វីណង់បានបន្តថា ការទទួលស្គាល់របស់ក្រសួងបរិស្ថាន នៅក្នុងថ្ងៃនេះ គឺជាការទទួលស្គាល់ជារួមទៅលើស្នាដៃ ដែលសម្រេចបានដោយសមាជិកគ្រប់រូបនៅក្នុងភូមិព្រះដាក់ទាំងមូល មិនមែនគ្រាន់តែសំដៅទៅលើមេភូមិ ឬអាជ្ញាធរមូលដ្ឋាននោះទេ។ ហើយការទទួលស្គាល់នៅក្នុងថ្ងៃនេះ ក៏ជាចំណងតភ្ជាប់ទៅនឹងការទទួលខុសត្រូវនៅក្នុងថ្ងៃស្អែកផងដែរ។
នៅសល់កិច្ចការជាច្រើនទៀត ដែលយើងត្រូវបន្តធ្វើរួមគ្នានៅក្នុងក្របខណ្ឌស្រុកទាំងមូល ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ នឹងចូលរួមឱ្យរឹតតែបានទូលំទូលាយ ជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលភូមិឃុំ ដើម្បីបុព្វហេតុនៃចីរភាពខាងផ្នែកបរិស្ថាន នៃស្រុកបន្ទាយស្រីរបស់យើងទាំងអស់គ្នា។
៕

ស្រលាញ់បន្ទាយស្រីកុំឱ្យសំរាមធ្លាក់ដល់ដី៕