ប្រទេសវៀតណាមជំរុញស៊ើបអង្កេតទៅការនាំចូលស្ករសពីប្រទេសថៃ ដោយចោទប្រកាន់បានឆ្លងកាត់ពីប្រទេសកម្ពុជា

        ដោយៈសុជាតា

        ហាណូយៈ ប្រទេសវៀតណាម បានចាប់ផ្តើមស៊ើបអង្កេត ទៅលើចោទប្រកាន់ចំពោះស្ករស ដែលមានប្រភពដើមពីប្រទេសថៃ ប៉ុន្តែត្រូវឆ្លងកាត់ពីប្រទេសជិតខាង ដើម្បីជៀសផុតពីការបង់ពន្ធ ដែលជាការបន្ទាបតម្លៃទំនិញ។ នេះបើយោងតាមសាព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ។

យោងតាមការចេញផ្សាយដោយក្រសួងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា ប្រទេសវៀតណាម បានដាក់កំណត់ទៅលើការនាំចូលបន្ទាបតម្លៃស្ករសរ ពីប្រទេសថៃប្រមាណ៤៧. ៦៤ ភាគរយ សម្រាប់រយៈពេល៥ ឆ្នាំ ពីព្រោះថា ប្រទេសថៃគឺជាប្រទេសមួយ ក្នុងចំណោមអ្នកនាំចេញស្ករធំបំផុតនៅលើពិភពលោក។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីការចោទប្រកាន់កើនឡើង ក្នុងចំណោមក្រុមហ៊ុនក្នុងស្រុកដែលថា ផលិតផលស្ករសគឺត្រូវនាំចូលពីប្រទេសឡាវ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសមីយ៉ាម៉ា គឺមិនមានផលិតផលដើមពីប្រទេសទាំងនោះ។

យោងតាមក្រសួងពាណិជ្ជកម្មវៀតណាម បានលើកឡើថាគិតចាប់ពីខែតុលា  ទៅដល់ខែ មិថុនា ឆ្នាំ ២០២០ ការនាំចូលស្ករស ទៅកាន់ទីផ្សារប្រទេសវៀតណាមបានកើនបរិមាណឡើង៥ដងរហូតដល់ ៥០០,២៧០តោន។ នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយនៅក្នុងការនាំចូលពីប្រទេសថៃ បានធ្លាក់ចុះអស់៣៨ភាគរយនៅរយៈពេលដូចគ្នានេះ។

ឧស្សាហកម្មស្ករស បានផ្តល់ភស្តុតាងដោយបង្ហាញ ពីសញ្ញាមិនប្រក្រតីនៃពាណិជ្ជកម្មស្ករសររបស់ប្រទេសថៃ ដែលបានឆ្លងកាត់ប្រទេសទាំងប្រាំខាងលើ ដែលមានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងនាំចូលផលិតផលស្ករស។

ប្រទេសវៀតណាម បានលុបចោលនូវពន្ធនាំចូលស្ករស ពីប្រទេសអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២០ ដោយយោងទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។

ទោះបីជាយ៉ាងណា បទប្បញ្ញត្តិបានអនុញ្ញាត អោយមានតម្លើងពន្ធទៅលើទំនិញនាំចូល សម្រាប់សមាជីកអាស៊ានដើម្បីការពារសិទ្ធិ និងសារៈប្រយោជន៍សម្រាប់ឧស្សាហកម្មក្នុងស្រុកផងដែរ។

ក្រសួងពាណិជ្ជកម្មវៀតណាម បានជំរុញអោយអង្គភាពផលិត និងជួញដូរស្ករស ក្នុងការផ្តល់ព័ត៌មានលំអិត ដើម្បីជួយដល់ការស៊ើបអង្កេតនេះ៕

ផ្លូវវេងស្រេងបាននិងកំពុងប្រែក្លាយពីតំបនឧស្សាហកម្មទៅតំបន់លំនៅឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រូវបានមើលឃើញថាកំពុងមានការកែប្រែជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរពីតំបន់ឧស្សាហកម្មទាំងស្រុងទៅជាតំបន់លំនៅឋាន និងតំបន់ពាណិជ្ជកម្ម។

ជាក់ស្ដែង បច្ចុប្បន្ននៅតាមបណ្ដោយផ្លូវវេងស្រេង គេសង្កេតឃើញថាមានគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ផ្សារទំនើបសម្រាប់អ្នកចំណូលទាបនិងមធ្យម និងការអភិវឌ្ឍលំនៅឋានជាបន្តបន្ទាប់ ។ នៅពេលអនាគតតំបន់នេះ នឹងក្លាយជាតំបន់អភិវឌ្ឍលំនៅឋាននិងពាណិជ្ជកម្មដ៏មានសក្ដានុពលមួយនៅភ្នំពេញ។

បើតាមលោកប៉ូ អ៊ាវគង់ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងនាព្រឹកថ្ងៃទី២៣ កញ្ញានេះថា វេងស្រេងជាផ្លូវធំ និងសំខាន់មួយនៅរាជធានីភ្នំពេញ ហើយផ្លូវនេះ ក៏ជាផ្លូវតភ្ជាប់ទៅផ្លូវសំខាន់ៗជាច្រើនទៀត ដូចជាផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ ទៅកាន់បណ្ដាខេត្ត និងជាផ្លូវចូលរាជធានីភ្នំពេញដ៏សំខាន់។

លោកបន្តថា “កាលពីមុនតំបន់នេះគេឃើញថា ភាគច្រើនមានការអភិវឌ្ឍទៅលើតំបន់ឧស្សាហកម្ម និងសំបូរទៅដោយរោងចក្រ ឃ្លាំង និងមានកម្មករច្រើនរស់នៅប៉ុន្តែមកដល់ពេលនេះ គម្រោងប្លង់មេរបស់រដ្ឋាភិបាល ក៏បានដាក់ចេញរួចហើយក្នុងការរើរោងចក្រឃ្លាំងចេញពីក្រុង ទៅកាន់តំបន់ជាយក្រុងវិញ ដូចជា ទៅផ្លូវក្រុងទី៣ ទី៤និងទៅផ្លូវ៥១ជាដើម”។

លោកបន្តថា នៅពេលមានការរើចេញនូវឃ្លាំង រោងចក្រហើយកម្មករកម្មការិនីក៏ត្រូវចាកចេញពីតំបន់នេះ ទៅកាន់តំបន់រោងចក្រឧស្សាហកម្មថ្មី តំបន់ផ្លូវវេងស្រេងនឹងជំនួសមកវិញ នូវតំបន់ពាណិជ្ជកម្មនិងលំនៅឋានវិញ ប៉ុន្តែក្រោយការរើចេញភ្លាមៗ វាមិនអាចជំនួសបានមកវិញភ្លាមនោះទេ តែត្រូវការពេលប្រមានកន្លះឆ្នាំទៅ១ឆ្នាំ ដើម្បីបំពេញឡើងវិញនូវសក្ដានុពល ។

លោកបន្ថែមថា “តម្លៃដីធ្លីនៅតំបន់តាមបណ្ដោយផ្លូវវេងស្រេង ក៏នឹងមានការប្រែប្រួលដូចគ្នា នៅពេលមានការកែប្រែសក្ដានុពលតំបន់មួយ ហើយបច្ចុប្បន្ននេះតំបន់ផ្លូវវេងស្រេង ក៏មានតម្លៃខ្ពស់រួចហើយដែរ ដោយ១ម៉ែត្រការ៉េវាមានតម្លៃចន្លោះពី៥០០ដុល្លារទៅ១០០០ដុល្លារទៅហើយ អាស្រ័យលើទីតាំង និងសក្ដានុពលអភិវឌ្ឍន៍នៃតំបន់មួយនេះ”។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia តម្លៃដីធ្លីតំបន់ជិតក្រុង នឹងកាន់តែឡើងថ្លៃជាបន្តបន្ទាប់ នៅពេលមានការអភិវឌ្ឍ ដូច្នេះពលរដ្ឋដែលត្រូវការដីធ្លី ឬអ្នកអភិវឌ្ឍដែលត្រូវការដីធ្លីធំៗ សម្រាប់អភិវឌ្ឍន៍គួរងាកទៅតំបន់ជាយក្រុង ហើយតំបន់ជាយក្រុងបច្ចុប្បន្ន ក៏នឹងក្លាយជាតំបន់កណ្ដាលក្រុង ឬជិតក្រុងនៅពេលអនាគតផងដែរ។

លោកបន្តថា “កម្ពុជានៅមានសក្ដានុពលខ្ពស់ ក្នុងការអភិវឌ្ឍហើយតម្លៃដីធ្លីវិញក៏នៅមានកម្រិតដែរ បើធៀបនឹងបណ្ដាប្រទេសជិតខាងរបស់យើង”៕

ផ្លូវជាតិលេខ៥១ ដែលស្ថិតក្នុងគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងក្លាយជាតំបន់ឧស្សាហកម្ម និងលំនៅដ្ឋានយ៉ាងរសរវើក

ដោយៈសុជាតា

ភ្នំពេញៈ ផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំនុចថ្នល់ទទឹងតភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្សារឧដុង្គ ខេត្តកណ្តាលកំពុងទាក់ទាញការវិនិយោគលើរោង​ចក្រ ឧស្សាហកម្មនិងលំនៅដ្ឋានតម្លៃមធ្យមកាន់តែច្រើន។

ផ្លូវជាតិដ៏សំខាន់នេះ មានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណ១៨

គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

ផ្លូវជាតិលេខ៥១កំពុងផ្លាស់ប្តូរមុខមាត់ថ្មី ក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារផ្លូវនេះនឹងក្លាយជាផ្នែកមួយ នៃផ្លូវក្រវ៉ាត់ក្រុងទីបួននៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះ ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់property Area Asiaនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ថា ការអភិវឌ្ឍផ្លូវលេខ៥១ គឺស្ថិតនៅក្នុងតំបន់ ដែលអំណោយផលខាងឧស្សាហកម្ម ផ្នែករោងចក្រ ឃ្លាំង រួមទាំងតំរូវការលំនៅ     ដ្ឋានផ្សេងៗ ដែលប្រកបអាជីវកម្ម និងធ្វើការនៅតាមរោងចក្រនាពេលបច្ចុប្បន្ន និងនៅពេលអនាគត។

លោកបន្តថា “ពីដើមឡើយ ប្រវត្តិផ្លូវលេខ៥១ គឺមានការអភិវឌ្ឍពុះដីឡូក្បែរផ្លូវជាតិ៥១ ប៉ុន្តែនៅពេលគម្រោងអភិវឌ្ឍ និងការវិនិយោគកើនឡើង ធ្វើអោយតំបន់នេះជាបណ្តុំឧស្សាហកម្មវិញ។ ចំពោះតម្លៃដីចាប់ពី៥០ដុល្លារ រហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េអាស្រ័យទំហំដី និងទីតាំង”។

លោកបញ្ជាក់បន្ថែមទៀតថា ដរាបណាប្រទេសកម្ពុជា រក្សាបានស្ថេរភាពនយោ​បាយ និងស្ថេរភាពសេដ្ឋកិច្ច ហើយនៅពេលវិបត្តិកូវីត១៩បញ្ចប់ រដ្ឋាភិបាលបើកប្រទេសឡើងវិញ នោះស្ថានភាពផ្លូវលេខ៥១ នឹងក្លាយទៅទីតាំងដ៏ល្អបំផុត ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ពីព្រោះថាប្រទេសកម្ពុជា ជាប្រទេសដែលបើកចំហជើងមេឃ សម្រាប់បណ្តាប្រទេសជុំវិញពិភពលោក។

យើងសង្កេតឃើញមើលឃើញថា ផ្លូវលេខ៥១ ជាតំបន់អំណោយផលខាងឧស្សា​​ហកម្ម ដែលមានផ្លូវស្អាត ធំទូលាយ ដែលបង្កងាយស្រួលដឹកជញ្ជូនទៅកាន់ផ្លូវជាតិលេខ ៤ ទីក្រុងកំពង់សោម និង ផ្លូវជាតិលេខ៣ផងដែរ។ ផ្លូវនេះ គឹគម្រោងសាងស់ងលំនៅដ្ឋានបានដែរ ពីព្រោះកាលណាមានតំបន់ឧស្សាហកកម្ម គឺមានបងប្អូនយើងស្នាក់នៅ ដើម្បីបំពេញការងារអោយឧស្សាហកម្ម ប៉ុន្តែលំនៅដ្ឋាននេះ គឺផ្តោតទៅលើអតិថិជនលំដាប់មធ្យម និងក្រោមមធ្យមផងដែរ។

លោកសន សៀប ជាស្ថាបនិក និងនាយកក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ ជាតំបន់ខ្ពង់រាប មិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗ មានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់នឹងតំបន់វិនិយោគថ្មី នៃខណ្ឌព្រែកព្នៅ ដែលចំណុចទាំងនេះ បានផ្តល់ភាពអំណោយផលសម្រាប់តំបន់ទាំងមូល៕

ជ្រុងមួយនៃគំនិតៈអចលនទ្រព្យហុងកុងនិងឱកាសរៀនសូត្ររបស់កម្ពុជា ដើម្បីឆ្ពោះទៅមុខ

ដោយៈ បញ្ញា

ហុងកុងៈ ទីក្រុងហុងកុងឆ្នាំ1964 និងបច្ចុប្បន្នបានពីមុនជាវាលស្មៅ និងព្រៃនៅក្បែរឆ្នេរសមុទ្រ ភ្នំ កោះ តែឥឡូវនេះមានផ្លូវខ្វែងខ្វាត់ សុទ្ធតែអគារកប់ពពក មានរថភ្លើងក្រោមដី អចលនទ្រព្យមានតម្លៃខ្ពស់កបពពក ដូចជាផ្ទះ ខុនដូអគារពាណិជ្ជកម្ម ជាពិសេសដីធ្លី។

ត្រឹមរយៈពេល១២ឆ្នាំចុងក្រោយនេះ ទីក្រុងហុងកុងមានការកើនឡើងតម្លៃអចលនទ្រព្យលំនៅឋានខ្ពស់រហូតដល់262% (ធៀបនឹងអតិផរណា 162%) ក្នុងនោះតាមការគណនាឆ្នាំ2009 កើនឡើង28.5% ឆ្នាំ2010 កើន21%  ឆ្នាំ2012 កើនឡើង25.7% ឆ្នាំ2014 13.6% និង14.7% ក្នុងឆ្នាំ2017 (globalpropertyguide.com)។  នេះជាមេរៀនយើងគួររៀនសូត្រ ឬយកតម្រាប់តាម លើការវិនិយោគដីនៅតំបន់សមុទ្រ ក្បែរឆ្នេរអភិវឌ្ឍន៍ ព្រោះតម្លៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតំបន់ទាំងនេះមានតម្លៃធូរច្រើននៅឡើយ ពិសេសខេត្តកែប និងកំពត។

ដោយឡែកខេត្តព្រះសីហនុ ដីធ្លីហក់ឡើងខ្ពស់រួចទៅហើយ ដែលជាឪកាសល្អសម្រាប់យើង បើទោះបីជាអនាគតទៅមុខតំបន់ទាំង2នេះ អភិវឌ្ឍត្រឹមតែ10% ឬ5% នៃទីក្រុងហុងកុង ក៏ដោយសារមូលហេតុខុសគ្នាលើកត្តាភូមិសាស្រ្ត ដង់ស៊ីតេប្រជាជន (Density) ចំណូលប្រចាំឆ្នាំប្រជាជន(GDP Per Capita) និងពាណិជ្ជកម្ម។

កត្តាធំៗចំនួន3ដែលយើងគួរតែវិនិយោគនៅខេត្តកែប និងខេត្តកំពត

        ខេត្តជាប់តំបន់ឆ្នេរទាំងនេះ មានមូលដ្ឋាននៃសក្តានុពល ដែលអាចផ្តល់នូវកាលានុវត្តន៍ភាពជាច្រើ់ន សម្រាប់ការវិនិយោគ ព្រោះខេត្តទាំងពីរនេះមានឱកាសរីកចម្រើនខ្លាំង​នាពេលអនាគត ដោយឈរលើមូលដ្ឋានជាក់លាក់មួយចំនួនដូចជា ទី១ ជាតំបន់សេដ្ឋកិច្ចទេសចរណ៍ មានឆ្នេរសមុទ្រ កោះ ភ្នំ ស្ទឹងបឹងបួរ និងទេសភាពស្រស់ស្អាតជាច្រើនទៀត (ជាបទពិសោធន៍លើពិភពលោក តំបន់ឆ្នេរស្អាតត្រូវតែអភិវឌ្ឍ មិនដែលទុកចោលនោះទេ)។

ទី២ ជាតំបន់សេដ្ឋកិច្ចពាណិជ្ចកម្ម មានចរន្តធ្វើពាណិជ្ជកម្មរស់រវើករបស់ប្រជាជនក្នុងខេត្តកំពត& កែប និងឆ្លងតំបន់ផ្សេងៗទៀត ទី៣ ជាតំបន់សេដ្ឋកិច្ចព្រំដែនកម្ពុជា- វៀតណាមទាំងព្រំដែនគោក និងព្រំដែនទឹកសមុទ្រ (ព្រំដែនគោកព្រែកចាក) មានសកម្ម​ភាពរថយន្តដឹកទំនិញចេញ-ចូល យ៉ាងមមាញឹក ដែលថ្ងៃអនាគតជាតំបន់ខឿនសេដ្ឋកិច្ចដ៏សំខាន់មួយ៕

ដោយទេព រាជ បញ្ញាៈនាយកប្រតិបត្តិឡាម៉ូនប្រ៉ភើធី៕

កំណាត់ផ្លូវហាយវេអាស៊ានពីបាត់ដំបង-សិរីសោភ័ណ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបងបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ

ដោយៈតារា

បាត់ដំបងៈ គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវ កំណាត់ផ្លូវជាតិលេខ៥ (ហាយវេអាស៊ាន) ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះហើយ ។

លោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ និងជាតំណាង ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងធ្វើឱ្យ​ប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ ចំណាយថវិកាអស់ជាង១៦០លានដុល្លារ បានបើកការដ្ឋានសាងសង់​កាលពីឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ហើយដំណើរការសាងសង់បានប្រព្រឹត្តទៅយ៉ាងសកម្ម។

លោកបន្ថែមថា កំណាត់ផ្លូវនេះមាន៤គន្លង  មានទទឹង២៨ម៉ែត្រសម្រាប់តំបន់ជនបទ និង២៣ម៉ែត្រសម្រាប់ទីប្រជុំជន។ កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃ នៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណជាង១ម៉ឺនដើម ចាប់ក្រុងបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ។ ដោយឡែកផ្លូវវាងក្រុងបាត់ដំបង មានដាំលម្អដើមក្ងោកនៅអមសងខាងផ្លូវរាប់ពាន់ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។

កំណាត់ផ្លូវនេះ ជាគោលការណ៍នឹងទទួលបានការថែទាំ រយៈពេលមួយឆ្នាំពីដៃគូជប៉ុន គិតចាប់ពីថ្ងៃប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះទៅ។ ហើយចំពោះអ្នករំលោភបំពានលើដីចំណីផ្លូវនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

លោកតូច ចាន់កិសលបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានតម្លៃថ្លៃជាងបណ្ដាប្រទេសជិតខាង ដូច្នេះបន្ទាប់ពីផ្លូវវាងក្រុងបាត់ដំបងនេះ បើកឱ្យធ្វើចរាចរណ៍ នឹងជួយបង្កើនល្បឿននៃការដឹកជញ្ជូនទំនិញ កាត់បន្ថយថ្លៃប្រេង និងការចំណាយផ្សេងៗ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ៥០០លានដុល្លារ ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល។

ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ចកើត-លិចទី២ ដ៏មានសក្ដានុពលសម្រាប់ប្រកួតប្រជែងពា​ណិ​ជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាង បាងកក-ភ្នំពេញ-ហូជីមិញ៕

គម្រោងប្រណីត អ័រគីដេ ដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រោយពីធ្វើការបើកលក់មុនសម្ពោធគម្រោងកាលពីចុងខែកក្កដាកន្លងទៅ ជាមួយនឹងភាពជោគជ័យនៃការលក់ត្រឹមតែ១សប្តាហ៍ដំបូង នៅក្នុងថ្ងៃនេះយើងឃើញថា ក្រុមហ៊ុន អ័រគីដេ ឌីវែលឡុបម៉ិន បានចាប់ផ្តើមធ្វើការបុកគ្រឹះសាងសង់ និងសម្ពោធការបើកលក់ជាផ្លូវការ ហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងការដ្ឋានក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។

 

គម្រោង ដឹប៊ូតានិច ផាលេស គឺជាគម្រោងដែលមានភាពល្អប្រណិតដាច់គេ នៅក្នុងគម្រោងមេ ដឹប៊ូតានិច ស៊ីធី ដែលមានទំហំផ្ទៃដីជាង​ ២៣ ហិចតា មានគេហដ្ឋានសរុបជាង ៥០០ខ្នង។ គេហដ្ឋានប្រណិតៗមានចំនួន ៣ប្រភេទ គឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក មានទីតាំងនៅជាប់បឹងប៊ូតានិច  វីឡាទោល ដឹអ៊ីមប្រ៊េស មានទីតាំងនៅទល់មុខសួនច្បារដ៏ស្រស់ស្អាត និងចម្រុះពណ៌ ចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែលមានរចនាបថដ៏ទំនើប និងក្លាស្សិក ដែលអតិថិជននឹងមានវេលាដ៏ល្អប្រណិត ប្រកបដោយឯកជនភាព និងសុភមង្គល​នូវគម្រោងមួយនេះផ្ទាល់។

 

 

ក្នុងឱកាសនៃពិធី បើកការដ្ឋានសាងសង់ និងបើកសម្ពោធការលក់ជាផ្លូវការ ក្រុមហ៊ុនក៏មានផ្តល់ជូននូវប្រម៉ូសិនជាពិសេស។ អតិថិជន បង់ប្រាក់ត្រឹមតែ ០.៨% តែប៉ុណ្ណោះក្នុងមួយខែរហូតដល់ ២៤ខែ ដោយពុំមានការប្រាក់ និងពុំមានប្រាក់កក់ទេ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបាននៅទីតាំងការិយាល័យលក់ តាមបណ្តោយផ្លូវជាតិលេខ ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ៧គ.ម ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333​ ឬ​ តេឡាមក្រាម៖ orkide_development។

 

ដឹប៊ូតានិច ផាលេស រួមមានបរិក្ខារជាច្រើនសម្រាប់អតិថិជនដូចជា៖ ផ្សារទំនើប ប៊ូតានិចម៉ល ដែលអនុញ្ញាតឲ្យអតិថិជនរីករាយ និងងាយស្រួល​ ការទិញទំនិញ និងសម្រាកកម្សាន្ត- ក្លឹបហ្សោសន៍ អីមផើរៀ អាចរៀបចំកម្មវិធីតូចធំបានគ្រប់ពេល- សួនប៊ូតានិច មានផ្កាសម្បូរបែប ចម្រុះពណ៌ ដើមឈើ ដ៏ត្រឈឹងត្រឈៃ – បឹងប៊ូតានិច មានទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។ ទាំងនេះជាអភយឯកសិទ្ធិពិសេសបំផុតសម្រាប់អតិថិជនដែររស់នៅក្នុងគម្រោង ដឹប៊ូតានិច ផាលេស ផ្ទាល់តែម្តង ហើយអ្វីដែរកាន់តែពិសេសនោះ គឺជាគម្រោងដែរផ្តោតសំខាន់ទៅលើ បរិស្ថាន និង ធម្មជាតិ ដោយគ្រប់គេហដ្ឋានទាំងអស់ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

http://https://t.me/orkide_development

តាមរយៈលេខទូរស័ព្ទ 098 73 3333 ឬ តេឡេក្រាម

មហាយក្សចិនគ្រោងទិញយន្តហោះថ្មីរហូតដល់ទៅ៨.៧០០គ្រឿងដើម្បីពង្រីក មហិច្ឆតាផ្លូវអាកាស

ដោយៈសុខុម

ប៉េកាំង: ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស របស់សហរដ្ឋអាមេរិក Boeing បានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញា នេះថា ក្រុមហ៊ុនអាកាសចរណ៍នានារបស់មហាយក្សចិន ទំនងជានឹងទិញយន្តហោះថ្មីៗរហូតដល់ទៅ៨.៧០០គ្រឿង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ការទិញយន្តដែលមានតម្លៃសរុបរហូត ដល់ទៅ១.៤៧ទ្រីលានដុល្លារអាមេរិក ដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាគម្រោងសម្រាប់រយៈពេល២០ឆ្នាំខាងមុខ។

ការប៉ាន់ប្រមាណលើកចុងក្រោយ របស់ក្រុមហ៊ុនផលិតយន្តហោះ របស់សហរដ្ឋអាមេរិក មួយនេះសម្រាប់រយៈពេលដល់ឆ្នាំ២០៤០ គឺខ្ពស់ជាង១,២ភាគរយ បើធៀបនឹងការព្យាកររបស់ខ្លួន កាលពីឆ្នាំមុនដែលមានចំនួន៨.៦០០គ្រឿង។

ក្រុមហ៊ុន Boeing បាននិយាយថា ក្នុងពេលជាមួយគ្នានេះ ប្រទេសចិន ក៏នឹងត្រូវការចំណាយរហូតដល់ ទៅជិត១,៨ទ្រីលានដុល្លារអាមេរិកផងដែរ ទៅលើសេវាកម្មពាណិជ្ជកម្មសម្រាប់យន្តហោះរបស់ខ្លួន។

យោងតាមគេហទំព័រព័ត៌មាន statista.com ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២០ មានអាកាសយានដ្ឋានស៊ីវិលរហូតដល់ទៅ២៤១កន្លែងនៅចិនដីគោក ដែលនេះមិនទាន់រាប់បញ្ចូលចំនួន អាកាសយានដ្ឋាននៅក្រុងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ ផងទេ៕  Reuters៕

សហរដ្ឋអាមេរិកបើកការិយាល័យក្រសួងកសិកម្មលើកដំបូងនៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ សហរដ្ឋអាមេរិកបានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA​)ដំបូងរបស់ខ្លួននៅកម្ពុជា នៅខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្ម ទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសឱ្យដឹងថា ថ្វីត្បិតតែការិយាល័យផ្នែកសេវាកម្ម ជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក (USDA) ស្ថិតនៅក្នុងស្ថានទូតអាមេរិក នៅភ្នំពេញមែន ប៉ុន្តែការងាររបស់ក្រសួងនេះ មាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាគេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ USDA នេះ នឹងជំរុញកិច្ចការនេះដើម្បីឱ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេរិក ។

លោកបន្តថា “ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ២០២០ គេលក់បានក្នុងតម្លៃ៧២,២លានដុល្លា​រអាមេរិក គឺបានកើនឡើង៤៧៤ភាគរយក្នុងរយៈពេលជិត១០ឆ្នាំមកនេះ”។

ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់USDA ក៏នឹងជួយផងដែរដល់កសិ​ករ និងសិស្សសាលានៅកម្ពុជា ក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ជាបន្តរបស់USDA ដូចជាកម្មវិធី McGovern-Dole International Food For Education ដែលផ្ដល់អាហារសម្រាប់កូនសិស្ស នៅសាលាបឋមសិក្សា និងកម្មវិធី Food For Progress ដែលលើកកម្ពស់ផលិតភាពកសិកម្មផងដែរ៕

ការចាក់ដីបំពេញនៅទីក្រុងកោះនរានឹងបញ្ចប់នៅចុងឆ្នាំនេះ ខណៈគំរោងមួយចំនួន បានត្រៀមចាប់ផ្តើម

ដោយៈសិរី ជេស៊ីកា

        ភ្នំពេញៈ ការចាក់បំពេញដី និងខ្សាច់លើទីក្រុងកោះនរា ដែលមានទំហំ១២៥ហិកតានឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ឋទាំងមូល ដែលគ្រោងចំណាយប្រាក់រហូតដល់២៥០០លានដុល្លារ នឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការចាក់បំពេញដីបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម ដែលតាមផែនការគំរោងចាក់ដី នឹងបញ្ចប់នៅចុងឆ្នាំ២០២១នេះ ស្របពេលគំរោងមួយចំនួនបាននិងកំពុងត្រៀមចាប់ផ្តើមសាងសង់បណ្តើរៗហើយ។

លោកបន្តថា “ក្រុមហ៊ុនគ្រោងវិនិយោគទឹកប្រាក់ ប្រមាណ៣០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ជាលើកដំបូងលើទីក្រុងនេះ ដែលគំរោងនេះស្ថិតនៅលើផ្ទៃដីជាង១ហិកតា”។លោកបន្តថា “វាជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលស្រដៀងគ្នានឹងគំរោងAlyseeនៅលើទីក្រុងកោះពេជ្រ”។

ទោះជាយ៉ាងណាការឌីសាញគំរោងនេះ មិនទាន់បានបញ្ចប់ និងដាក់លក់នៅឡើយទេ តែវាជាប្រភេទផ្ទះសម្រាប់ពាណិជ្ជកម្ម ដែលមានកំពស់ពី៧ជាន់ដល់១៣ជាន់ និងមានទំហំទទឹង៨ម៉ែត្រ គុណនឹង២០ម៉ែត្រ។

លោកទូច សំណាងបានបន្តថា ជាមួយនឹងផែនការអភិវឌ្ឍរបស់ទីក្រុងកោះនរា ក្រុមហ៊ុនOCIC នឹងសាងសង់អាគារកប់ពពកមួយ នៅលើក្បាលកោះនរា ដែលវានឹងជាLand Markដ៏អស្ចារ្យមួយសម្រាប់លើកកំពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជា។

លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍរបស់យើង មានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ ដែលបច្ចុប្បន្នទីក្រុងនេះបាន និងកំពុងលេចចេញនូវវត្តមានអាគារកប់ពពកព្រោងព្រាត ប៉ុន្តែបច្ចុប្បន្នការប្រើប្រាស់ដីសម្រាប់គំរោងនេះ ទើបសម្រេចបាន៥០ភាគរយប៉ុណ្ណោះ”។

ក្រុមហ៊ុនOCICជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកមួយ ដែលបានវិនិយោគលើគំរោងធំៗជាច្រើន ដូចជាទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងកោះនរា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី វិមានកាណាឌីយ៉ា បុរីទេសចរណ៍ខេត្តសៀមរាបជាដើម៕

លោកឧកញ៉ាគីម ហ៊ាងៈដើម្បីឲ្យសេដ្ឋកិច្ចដីធ្លីដំណើរការឡើងវិញត្រូវធ្វើរឿង សំខាន់ៗចំនួនបី

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យកំពុងជាប់ផុងក្នុងវិបត្តិ អ្នកជំនាញជើងចាស់ក្នុងវិស័យនេះ បានបង្ហើបនូវកត្តាដំណោះស្រាយចំនួន៣ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញល្អប្រសើរ ពិសេសការវិនិយោគលើដីធ្លី។

លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កញ្ញានេះថា ដើម្បីឲ្យទីផ្សារអចលនទ្រព្យ ពិសេសសេដ្ឋកិច្ចងើបឡើងវិញទាមទារនូវដំណោះស្រាយចំនួនបី ទី១ ការវិនិយោគពីអ្នកមានក្នុងស្រុកឲ្យបានច្រើន ទី២ អ្នកមាននៅបរទេសចូលមកវិនិយោគ ក្នុងស្រុកឲ្យបានច្រើន និងទី៣ អ្នកមាននៅក្នុងស្រុក ដែលយកលុយទៅផ្ញើរនៅបរទេស ជួយបង្វែរលុយទាំងនោះមកវិនិយោគក្នុងស្រុកវិញ។

លោកបន្តថា “បើពឹងតែអ្នកវិនិយោគក្នុងស្រុកតែមួយមុខ ទីផ្សារអចលនទ្រព្យមិនអាចដើរបានល្អទេ វាទាមទារនូវលំហូរទុនវិនិយោគ ពីគ្រប់ប្រទេសមកកាន់កម្ពុជា និងអ្នកមាននៅបរទេស និងក្នុងស្រុកចាប់ផ្តើមវិនិយោគនៅកម្ពុជា”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្នុងរយៈពេលជិត២ឆ្នាំហើយ មិនសូវឃើញមានអ្នកលក់ដីបានតម្លៃ១០លានដុល្លារ ហើយយកលុយនោះទៅវិនិយោគបនន្តទេ ព្រោះធម្មតា អ្នកលក់ដីបាន១០លានដុល្លារ ពួកគេអាចនឹងចំណាយ៥លានដុល្លារទិញដីឡើងវិញ ទិញដីធំជាងមុន អាចឆ្ងាយជាងមុន។ ចំណែកអ្នកលក់ដីបាន៥លានដុល្លារ អាចយកលុយ២ទៅ៣លានដុល្លារ ហើយអ្នកលក់ដីបាន៣លានដុល្លារ អាចចំណាយប្រាក់១លានឬ២លានដុល្លារដើម្បីទិញដីវិនិយោគបន្ត។

លោកបន្តថា “ប៉ុន្តែក្នុងស្ថានភាពនេះ អ្វីៗហាក់បានស្ងប់ស្ងាត់ ប៉ុន្តែវាជាពេលដែលអ្នកមានលុយច្រើន មានឱកាសចំណេញច្រើន ព្រោះពួកគេអាចទិញដីបានតម្លៃល្អៗច្រើន និងមានផលចំណេញខ្ពស់”៕