លោកឧកញ៉ាគីម ហ៊ាងៈដើម្បីឲ្យសេដ្ឋកិច្ចដីធ្លីដំណើរការឡើងវិញត្រូវធ្វើរឿង សំខាន់ៗចំនួនបី

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ស្របពេលទីផ្សារអចលនទ្រព្យកំពុងជាប់ផុងក្នុងវិបត្តិ អ្នកជំនាញជើងចាស់ក្នុងវិស័យនេះ បានបង្ហើបនូវកត្តាដំណោះស្រាយចំនួន៣ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញល្អប្រសើរ ពិសេសការវិនិយោគលើដីធ្លី។

លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កញ្ញានេះថា ដើម្បីឲ្យទីផ្សារអចលនទ្រព្យ ពិសេសសេដ្ឋកិច្ចងើបឡើងវិញទាមទារនូវដំណោះស្រាយចំនួនបី ទី១ ការវិនិយោគពីអ្នកមានក្នុងស្រុកឲ្យបានច្រើន ទី២ អ្នកមាននៅបរទេសចូលមកវិនិយោគ ក្នុងស្រុកឲ្យបានច្រើន និងទី៣ អ្នកមាននៅក្នុងស្រុក ដែលយកលុយទៅផ្ញើរនៅបរទេស ជួយបង្វែរលុយទាំងនោះមកវិនិយោគក្នុងស្រុកវិញ។

លោកបន្តថា “បើពឹងតែអ្នកវិនិយោគក្នុងស្រុកតែមួយមុខ ទីផ្សារអចលនទ្រព្យមិនអាចដើរបានល្អទេ វាទាមទារនូវលំហូរទុនវិនិយោគ ពីគ្រប់ប្រទេសមកកាន់កម្ពុជា និងអ្នកមាននៅបរទេស និងក្នុងស្រុកចាប់ផ្តើមវិនិយោគនៅកម្ពុជា”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្នុងរយៈពេលជិត២ឆ្នាំហើយ មិនសូវឃើញមានអ្នកលក់ដីបានតម្លៃ១០លានដុល្លារ ហើយយកលុយនោះទៅវិនិយោគបនន្តទេ ព្រោះធម្មតា អ្នកលក់ដីបាន១០លានដុល្លារ ពួកគេអាចនឹងចំណាយ៥លានដុល្លារទិញដីឡើងវិញ ទិញដីធំជាងមុន អាចឆ្ងាយជាងមុន។ ចំណែកអ្នកលក់ដីបាន៥លានដុល្លារ អាចយកលុយ២ទៅ៣លានដុល្លារ ហើយអ្នកលក់ដីបាន៣លានដុល្លារ អាចចំណាយប្រាក់១លានឬ២លានដុល្លារដើម្បីទិញដីវិនិយោគបន្ត។

លោកបន្តថា “ប៉ុន្តែក្នុងស្ថានភាពនេះ អ្វីៗហាក់បានស្ងប់ស្ងាត់ ប៉ុន្តែវាជាពេលដែលអ្នកមានលុយច្រើន មានឱកាសចំណេញច្រើន ព្រោះពួកគេអាចទិញដីបានតម្លៃល្អៗច្រើន និងមានផលចំណេញខ្ពស់”៕

ខេត្តចំនូន១២បាននិងកំពុងយកចិត្តទុកដាក់លើការថែរទាំផ្លូវជាតិចំនួន២០

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មន្ទីរសាធារណៈការ និងដឹកជញ្ជូននៅតាមបណ្តាខេត្តចំនួន១២ បាននិងកំពុងថែរទាំផ្លូវជាតិសំខាន់ៗចំនូន២០ នៅក្នុងមូលដ្ឋាននិងដែលសមត្ថកិច្ចរបស់ខ្លួន។

មន្ទីរជំនាញទាំងនោះ កំពុងបង្កើនការខិតខំយកចិត្តទុកដាក់ថែទាំ លើកំណាត់ផ្លូវជាតិ តាមបណ្តារខេត្ត ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ចូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល។
កម្មវិធីថែរទាំ និងជួសជុលផ្លូវនេះ ធ្វើឡើងនៅថ្ងៃទី១៦-២១ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ក្រចេះ រតនគីរី កំពង់ស្ពឺ និងខេត្តកោះកុង។

ផ្លូវជាតិសំខាន់ៗ ដែលបានបង្កើនយកចិត្តទុកដាក់ថែទាំលើ កំណាត់ផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៨ លេខ៩៥ លេខ២១បេ លេខ៤៤ លេខ៥៦ លេខ៥៨ លេខ៦៨ លេខ៦២ លេខ៦៤ លេខ៥៩ លេខ៥៧ លេខ៦៧ លេខ៧២ លេខ៧៣ លេខ៧៦ លេខ៧៨ លេខ៥៧បេ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀត ដែលបានរងការខូចខាតដោយ​សាររងជំនន់ទឹកភ្លៀង កំណាត់ផ្លូវខ្លះក្លាយជាជង្ហុកសំប៊ុកមាន់ ក៏ត្រូវបានជួសជុលផងដែរ។

ក្រសួងសាធារណៈការបានឲ្យដឹងថា ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់របស់យើង អាចប្រើប្រាស់បានយូរអង្វែង៕

វិភាគ: តើកិច្ចព្រមព្រៀង TPP របស់សហរដ្ឋអាមេរិកកំពុងប្រជែងនឹងកិច្ចព្រមព្រៀង RECP របស់មហាយក្សចិន?

ដោយៈសុខុម

អន្តរជាតិៈ មហាអំណាចពិភពលោកទាំងពីរ ទោះបីជាមិនអាចចាត់ទុកគ្នាជាគូសត្រូវផ្លូវការក៏ដោយ ក៏៏អាមេរិកបាននិងកំពុងប្រើប្រាស់វិធីគ្រប់យ៉ាង ដើម្បីបង្អាក់ការងើបឡើងរបស់មហាយក្សចិន មិនឲ្យសម្រេចបានក្តីសុបិន ក្នុងការក្លាយជាមហាអំណាចលេខ១លើពិភពលោកលឿនពេកនោះទេ។

ការប្រជែងផ្នែកសេដ្ឋកិច្ច សព្វាវុធ បច្ចេកវិទ្យា បាននិងកំពុងក្លាយជាភ្នក់ភ្លើងដ៏ក្តៅ ដែលប្រទេសទាំងពីរនេះ បាននិងកំពុងព្យាយាមដុតគ្នាទៅវិញទៅមក ក្នុងសមរភូមិកាទូត ភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។

ជាក់ស្តែង កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយដែលមានសហរដ្ឋអាមេរិក ជាខ្នងបង្អែក ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិ្ចគ្រប់ជ្រុងជ្រោយ (RECP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហាយក្សចិន ជាខ្នងបង្អែក។

កិច្ចព្រមព្រៀង RECP ដែលមានការចូលរួមពីប្រទេសជាច្រើន រួមមាន អូស្ត្រាលី ព្រុយណេ ចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ វៀតណាម និងកម្ពុជា ពោលគឺ១៥ប្រទេសនេះ គ្របដណ្ដប់ប្រមាណ៣០%នៃចំនួនប្រជាជនទូទាំងពិភពលោក (២,២ពាន់លាននាក់) និង៣០%នៃផលិត​ផលក្នុងស្រុកសរុប (GDP) ទូទាំងពិភពលោក (២៦,២ទ្រីលានដុល្លារ) គិតត្រឹមឆ្នាំ២០២០។

ចុះកិច្ចព្រមព្រៀង TPP? តើកិច្ចព្រមព្រៀងនេះវិវឌ្ឍដល់ណាហើយ? រហូតមកទល់ពេលនេះ ខណៈប្រទេសចិនបាននិងកំពុងស្នើ សុំចូលរួមជាសមាជិក ក្នុងកិច្ចព្រមព្រៀងនេះផងដែរនោះ?។

កិច្ចព្រមព្រៀង TPP គឺជាចំណុចស្នូល នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ឆ្ពោះមកកាន់អាស៊ី-ប៉ាស៊ីហ្វិក (Pivot to Asia-Pacific Strategy) ក្រោមរដ្ឋការប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ មុនពេលប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក ចេញក្នុងឆ្នាំ២០១៧ ក្នុងថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់លោក កិច្ចព្រមព្រៀង TPP នឹងត្រូវក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ធំបំផុតរបស់ពិភពលោក ដែលគ្របដ ណ្តប់រហូតដល់ទៅ៤០%នៃសេដ្ឋកិច្ចពិភពលោក។

សម្រាប់អ្នកគាំទ្រមើលឃើញថា កិច្ចព្រមព្រៀងនេះនឹងជួយពង្រីកពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅបរទេស ជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យថ្លៃទំនិញប្រើប្រាស់ចុះថោក និងជួយបង្កើតការងារថ្មីៗ ព្រមទាំងជំរុញផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់អាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

ទោះជាយ៉ាងណា សម្រាប់អ្នកប្រឆាំង រួមទាំងលោកដូណាល់ ត្រាំ ផងនោះបានមើលឃើញថា កិច្ចព្រមព្រៀងនេះ ទំនងជាធ្វើឱ្យផលិតកម្មរបស់សហរដ្ឋអាមេរិក ធ្លាក់ចុះកាន់តែលឿន ធ្វើឱ្យប្រាក់ឈ្នួលធ្លាក់ចុះកាន់ទាប និងធ្វើឱ្យវិសមភាពកើនឡើង។

ក្រោយពីសហរដ្ឋអាមេរិក ដកខ្លួនចេញ បណ្ដាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង TPP ដែលនៅសេសសល់បានបន្តអនុវត្តកិច្ចព្រមព្រៀងនេះ ដោយគ្រាន់តែប្ដូរឈ្មោះវាមកជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ប៉ុន្តែបានរក្សាទុកខ្លឹមសារដើមស្ទើរតែទាំងស្រុង។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺនៅខែកញ្ញា ឆ្នាំ២០២១ មហាយក្សចិន បានដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដោយដាក់សម្ពាធលើសហរដ្ឋអាមេរិកកាន់តែខ្លាំង។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បានបញ្ជាក់ជំហរថា លោកមិនគាំទ្រការចូលរួម ក្នុងកិច្ចព្រមព្រៀងTPPឡើងវិញនោះឡើយ ប៉ុន្តែថាលោកអាចនឹងព្យា​យាមចរចាឡើងវិញ ដើម្បីដាក់បញ្ចូលបទប្បញ្ញត្តិ កាន់តែរឹងមាំស្ដីកម្លាំងពលកម្ម និងបរិស្ថាន។

*តើកិច្ចព្រមព្រៀង TPP មានដើមកំណើតមកពីណា?
កិច្ចព្រមព្រៀងTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ រវាងប្រទេសមួយក្រុមតូចនៅតំបន់អាស៊ី-ប៉ាហ្វិក ដែលរួមមានប្រទេសព្រុយណេ ប្រទេសស៊ីលី ប្រទេសនូវែលសេឡង់ និងប្រទេសសិង្ហបុរី។

នៅឆ្នាំ២០០៨ ប្រធានាធិបតី ចច ដាប់ប៊ឹលយូប៊ូស បានប្រកាសថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្ម ជាមួយក្រុមប្រទេសនេះ ដោយបានដឹកនាំប្រទេសអូស្ត្រាលី ប្រទេសវៀតណាម និងប្រទេសប៉េរូ ឱ្យចូលរួមផងដែរ។ ក្រោយពីកិច្ចចរចា ក្រុមប្រទេសទាំងនេះ បានពង្រីកសមាជិកដោយរាប់បញ្ចូលប្រទេសកាណាដា ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី និងប្រទេសម៉ិកស៊ិក សរុបគឺ១២ប្រទេស។

នៅពេលឡើងកាន់អំណាចក្នុងឆ្នាំ២០០៩ លោក បារ៉ាក់ អូបាម៉ា បានបន្តកិច្ចចរចានេះ។

នៅឆ្នាំ២០១១ លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់យកកិច្ចព្រមព្រៀង TPP ជាចំណុចស្នូលនៃយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ឆ្ពោះមកកាន់អាស៊ី-ប៉ាស៊ីហ្វិក (Pivot to Asia-Pacific Strategy)។

បន្ទាប់ពីការចរចាជាផ្លូវការចំនួន១៩លើក និងជំនួបដាច់ដោយឡែកជាច្រើនលើកផ្សងេទៀត បណ្ដាប្រទេសដែលចូលរួម បានឈានដល់ការព្រមព្រៀងគ្នា នៅខែតុលា ឆ្នាំ២០១៥ ហើយបានចុះកិច្ចព្រមព្រៀងនេះនៅដើមឆ្នាំ២០១៦។

ការចរចាទាំងនេះ បានយកឈ្នះឧបសគ្គនយោបាយធំៗជាច្រើន ដោយប្រទេសនានាបានឯកភាពគ្នា លើការកែទម្រង់ដ៏លំបាក នៃសេដ្ឋកិច្ចរបស់ពួកគេ។

ជាឧទាហរណ៍ ជប៉ុន បានជំទាស់នឹងការបញ្ចុះពន្ធគយ លើទំនិញកសិកម្ម ខណៈប្រទេសនេះ យល់ព្រមឱ្យកាត់បន្ថយឧបសគ្គនានា ចំពោះទីផ្សាររថយន្តរបស់ខ្លួន។

ប្រទេសកាណាដា បានយល់ព្រមអនុញ្ញាតឱ្យបរទេសបន្ថែមទៀត ចូលទៅក្នុងទីផ្សារផលិតផលទឹកដោះគោ ដែលត្រូវបានគាំពារយ៉ាងខ្លាំងរបស់ខ្លួន ខណៈប្រទេសព្រុយណេ ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម សន្យាធ្វើកំណែទម្រង់ច្បាប់ការងាររបស់ពួកគេ ហើយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក បានសម្របសម្រួលលើការទាមទារខ្លះរបស់ពួកគេ ដែលចង់ឱ្យមានការការពារកាន់តែតឹងរ៉ឹង ចំពោះប៉ាតង់ផលិតឱសថ។

ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះ មិនដែលទទួលបានការផ្តល់សច្ចាប័នពីសភាសហរដ្ឋអាមេរិកឡើយ ព្រោះកិច្ចព្រមព្រៀងនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកទាំងសម្រាប់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ និងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦ ។

លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ជាផ្លូវការនៅថ្ងៃឡើងកាន់អំណាចថ្ងៃដំបូង ពោលគឺនៅខែមករា ឆ្នាំ២០១៧។

*តើបណ្ដាប្រទេសភាគីហត្ថលេខីបានព្រមព្រៀងគ្នាលើចំណុចអ្វីខ្លះ?
កិច្ចព្រមព្រៀង TPP មានចំនួន៣០ជំពូក ដែលគ្របដណ្តប់ពន្ធលើទំនិញ និងសេវាកម្ម កម្មសិទ្ធិបញ្ញា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ស្តង់ដារការងារ និងបរិស្ថាន យន្តការដោះស្រាយវិវាទ និងទិដ្ឋភាពជាច្រើនទៀតនៃពាណិជ្ជកម្មពិភពលោក។

គោលដៅធំចម្បងនៃកិច្ចព្រមព្រៀង ដែលគ្រប់ដណ្ដប់ទ្វីបមួយចំនួន និងប្រហែល៤០%នៃពាណិជ្ជកម្មពិភពលោកនេះ គឺដើម្បីបង្កើតតំបន់សេដ្ឋកិច្ចរួមបញ្ចូលគ្នា ដែលមានលក្ខណៈពេញលេញមួយ ហើយបង្កើតច្បាប់ដែលមានសង្គតភាព (ស៊ីសង្វាក់គ្នា) សម្រា​ប់ការវិនិយោគទូទាំងពិភពលោក។

សម្រាប់អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា គឺលោកចង់ឱ្យកិច្ចព្រមព្រៀងនេះ ធានាបានថា “សហរដ្ឋអាមេរិក” គឺជាប្រទេសតែមួយគត់ក្នុងលោក ដែលជាអ្នកតាក់តែងច្បាប់ប្រចាំសតវត្សរ៍ទី២១នេះ សម្រាប់សេដ្ឋកិច្ចពិភពលោក គឺមិនមែនប្រទេ​សផ្សេងដូចជាមហាយក្សចិន នោះឡើយ។

*តើកិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សហរដ្ឋអាមេរិក?
សម្រាប់ពលរដ្ឋអាមេរិក ដែលគាំទ្រកិច្ចព្រមព្រៀងTPP នឹងយល់ថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាមជ្ឈមណ្ឌល នៃយុទ្ធសាស្ត្រផ្តោតលើតំបន់អាស៊ី ដើម្បីបន្តរក្សាផលប្រ​យោជន៍របស់សហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។

*ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច
រដ្ឋការរបស់លោក បារ៉ាក់ អូបាម៉ា និងអ្នកជំនាញសេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើនបានទាញទឡ្ហីករណ៍ថា ការបញ្ចុះពន្ធ និងការបង្កើនឱកាសចូលទៅកាន់ទីផ្សារ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ នឹងជួយធ្វើឱ្យថ្លៃទំនិញប្រើប្រាស់ចុះថោក ជំរុញការវិនិយោគឆ្លងដែន និងបង្កើនការនាំចេញរបស់សហរដ្ឋអាមេរិក។

ពួកគេនិយាយថា ច្បាប់ដែលកាន់តែមានសង្គតភាព និងកំណែទម្រង់ដែលផ្តោតលើទីផ្សារ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី ជាដើម នឹងធ្វើឱ្យសេដ្ឋកិច្ចទាំងអស់ ដែលចូលរួមពាក់ព័ន្ធ កាន់តែមានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាព និងកំណើន។

បណ្ដាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង TPP គ្របដណ្ដប់ប្រហែល៤០%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយកិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងធំបំផុត ដែលសហរដ្ឋអាមេរិក មិនធ្លាប់សម្រេចបានបើគិតទាំងចំនួនប្រទេស និងរំហូរពាណិជ្ជកម្មសរុប។

យោងតាមទិន្នន័យរបស់គណៈកម្មាធិការ ពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (USITC) បានបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង TPP មានទំហំជាង១.៥ទ្រីលានដុល្លារ ឬប្រហែល៤០% នៃពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥។

សហរដ្ឋអាមេរិក មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ជា​មួយប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង TPP ជាច្រើនរួមទាំងប្រទេសអូស្ត្រាលី ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកផងដែរ ប៉ុន្តែនៅពេលដែលកិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខា គឺខ្វះប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចធំទី៣ របស់ពិភពលោក។

នៅឆ្នាំ២០១៩ រដ្ឋការរបស់លោក ដូណាល់ ត្រាំ បានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ជាមួយរដ្ឋាភិបាលក្រុងតូក្យូ ដែលលោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានទាញទឡ្ហីករណ៍ អំពីអត្ថប្រយោជន៍សេដ្ឋកិច្ចជាច្រើនដែលសហរដ្ឋអាមេរិក ទទួលបានពីកិច្ចព្រមព្រៀង TPP។

ការសិក្សាផ្នែកសេដ្ឋកិច្ចជាច្រើន រួមទាំងការសិក្សាដោយបណ្ដា ទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានព្យាករថា កិច្ចព្រមព្រៀង TPP នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយការសិក្សាមួយបានព្យាករថា កិច្ចព្រមព្រៀងនេះនឹងជួយបន្ថែមប្រាក់ចំណូល១៣០ពាន់លានដុល្លារទៅលើ GDP របស់សហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ២០២៣។

ទោះជាយ៉ាងណា គំរូ ឬ Model មួយចំនួននៃកិច្ចព្រមព្រៀនេះ បានបង្ហាញពីផលប៉ះពាល់ចម្រុះទៅលើការងារ ដោយធ្វើឱ្យបាត់បង់ការងារ នៅក្នុងវិស័យផលិតកម្ម ខណៈទទួលបានកំណើននៅក្នុងវិស័យកសិកម្ម និងសេវាកម្ម។

*ផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ
អតីតរដ្ឋការរបស់លោក ប៉ារ៉ាក់ អូបាម៉ា បានអះអាងថា កិច្ចព្រមព្រៀង TPP នឹងពង្រឹងភាពជាអ្នកដឹកនាំ របស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី និងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងតំបន់។

អំឡុងឆ្នាំ២០១១ លោកស្រី ហ៊ីលឡារី គ្លីនតុន បានថ្លែងថា កិច្ចព្រមព្រៀង TPP នឹងជំរុញកិច្ចខិតខំប្រឹងប្រែ ងធ្វើសមាហរណកម្មអាស៊ី ឱ្យកាន់តែទូលំទូលាយ ដោយគាំទ្រដល់ស្ថាប័នថ្នាក់តំបន់ ដូចជា វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាដើម។

កិច្ចព្រមព្រៀង TPP ក៏នឹងធានាបានផងដែរថា សហរដ្ឋអាមេរិក បាននាំមុខគេផ្នែកច្បាប់ពាណិជ្ជកម្មពិភពលោក។

*តើអ្វីដែលជំរុញឱ្យមានការប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀង TPP?
កិច្ចព្រមព្រៀងTPP បានក្លាយជាប្រធានបទក្ដៅគគុក នៅក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦ ហើយក៏មានការជំទាស់ ពីប្រទេសហត្ថលេខីមួយចំនួននៃកិច្ចព្រមព្រៀងនេះផងដែរ។

អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានរិះគន់កិច្ចព្រមព្រៀងនេះជាយូរមកហើយ ដោយអះអាងថា វានឹងជំរុញឱ្យការងារផលិតកម្ម នៅក្រៅប្រទេសកើនឡើង បង្កើនឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងមិនអាចដោះស្រាយបាននូវបញ្ហាក្រឡុកតម្លៃរូបិយប័ណ្ណ ពីសំណាក់ដៃគូពាណិជ្ជកម្មនានា របស់សហរដ្ឋអាមេរិក៕ cfr.org៕

ប្រទេសចិនចេញសេចក្តីណែនាំសម្រាប់ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាលើផ្នែកអចលនទ្រព្យ

ដោយៈ សុជាតា

ប្រទេសចិនៈ ប្រទេសចិនបានចេញផ្សាយនៅថ្ងៃពុធនេះ នូវផែនការរយៈពេល១៥ ឆ្នាំ ទៅលើការអភិវឌ្ឍកម្មសិទ្ធិបញ្ញាខាងផ្នែកអចលនទ្រព្យ (intellectual property right ) នេះបើយោងតាមភ្នាក់ងារព័ត៌មានរដ្ឋ Xinhau របស់ប្រទេសចិន។

តាមរយៈផែនការនេះ គឺទាមទារការពារតឹងតែង ទៅលើកម្មសិទ្ធបញ្ញាដែលជាបំពេញចិត្តជាសាធារណៈ និងធ្វើអោយតម្លៃទីផ្សារកើនឡើងនៅត្រឹមឆ្នាំ ២០២៥ នេះបើតាមចេញផ្សាយដោយកម្មាធិការកណ្តាល នៃគណបក្សកុំមុយនីស្តចិន និងក្រុមប្រឹក្សារដ្ឋ​។

តាមសេចក្តីណែនាំបានលើកឡើងថា គិតត្រឹមឆ្នាំ២០៣៥ ភាពប្រកួតប្រជែងទៅលើកម្មសិទ្ធិបញ្ញា ខាងផ្នែកអចលទ្រព្យរបស់ប្រទេសចិន នឹងកើនឡើងដល់កំពូលនៅជុំវិញពិភពលោក។

ផែនទីសេចក្តីណែនាំ នឹងបង្ហាញពីចំនួនកិច្ចការដ៏សំខាន់មូយចំនួន ក្នុងការកសាងប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា ក្នុងការគាំទ្រអាជីវកម្មថ្នាក់ពិភពលោក ព្រមទាំងយន្តការប្រតិបត្តិការទីផ្សារអចលនទ្រព្យ ដែលលើកទឹកចិត្តខាងផ្នែកនវានុវត្តន៍ ប្រព័ន្ធសេវាកម្មសាធារណៈខាងផ្នែកអចលនទ្រព្យ ដែលមានសារៈសំខាន់ ទៅដល់សាធារណៈជនក្នុងការចូលរួមនៅក្នុងអភិបាលកិច្ចពិភពលោកផងដែរ៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សកំពូលទាំង១៥នៅលើពិភពលោក មាន២កំពុងមានវត្តមាននៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យជាវិស័យមួយ ដែលមានពេញនិយមមិនថា តែនៅក្នុងប្រទេសកម្ពុជានោះឡើយ ហើយមហាសេដ្ឋីធំៗនៅលើពិភពលោក ក៏ផ្ដើមចេញពីមុខជំនួញវិស័យអចលនទ្រព្យនេះដែរ។

នៅថ្ងៃនេះ យើងនឹងបង្ហាញនូវក្រុមហ៊ុនអចលនទ្រព្យ កំពូលទាំង១៥ ហើយក្នុងនោះដែរក៏មានក្រុមហ៊ុន២ កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនទាំង១៥នោះរួមមាន៖
១.ក្រុមហ៊ុន. Keller Williams Realty របស់ប្រទេសសហរដ្ឋអាមេរិក បង្កើតឡើងនៅឆ្នាំ១៩៨៣ (កំពុង មានវត្តមាននៅកម្ពុជា)។
២.ក្រុមហ៊ុន Brookfield Asset Management របស់ប្រទេសកាណាដា បង្កើតឡើងនៅឆ្នាំ១៨៩៩។
៣. CBRE របស់ប្រទេសសហរដ្ឋអាមេរិក បង្កើតឡើងនៅឆ្នាំ១៩០៦ (កំពុងមានវត្តមាននៅកម្ពុជា)។
៤. Cushman & Wakefield, Inc.របស់សហរដ្ឋអាមេរិក បង្កើតឡើងនៅឆ្នាំ១៩១៧។
៥. American Tower Corporation របស់រដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ១៩៩៥ ។
៦. Simon Property Group, Inc.របស់សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ១៩៩៣។
៧. Realogy Holdings របស់សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ២០០៦។
៨. Welltower របស់សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ១៩៧០។
៩. Prologis របស់សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ១៩៨៣។
១០. Boston Properties របស់សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ១៩៧០។
១១. Equity Residential របស់សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ១៩៦៩។
១២. AvalonBay Communities របស់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៧៨។
១៣. Vornado Realty Trust របស់សហរដ្ឋអាមេរិក មិនមានព័ត៌មានកាលបរិច្ឆេទនៃការបង្កើត។
១៤. Annaly Capital Management របស់សហរដ្ឋអាមេរិក បង្កើតឡើងនៅឆ្នាំ១៩៩៧
១៥. Re/Max របស់សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ១៩៧៣។

ជាការកត់សម្គាល់ក្រុមហ៊ុនអចលនទ្រព្យធំៗ នៅលើពិភពលោកភាគច្រើន ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក និងមានអាយុកាលរាប់សិបឆ្នាំមកហើយ ក្រុមហ៊ុនខ្លះមានអាយុកាលជាង១០០ឆ្នាំទៅហើយ។

ដូច្នេះក្រុមហ៊ុនអចលនទ្រព្យមួយចំនួននៅកម្ពុជាអាចសិក្សាពីប្រវត្តិរបស់ក្រុមហ៊ុននីមួយៗ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន៕

ផែនការមេលើកស្ទួយទេសចរណ៍៍ខេត្តសៀមរាបនឹងពង្រីកវិលាសភាពលើសពីតំបន់អង្គរ

ដោយគង់ ម៉ាលីនណា

សៀមរាបៈ លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ដែលជំរុញឲ្យមានផលិតទេសចរណ៍ថ្មីៗជាច្រើន។

ផែនការមេនេះ មិនត្រឹមតែនៅតំបន់អង្គរទេ គឺបូករួមទាំងតំបន់ជុំវិញតំបន់អង្គរ និងតំបន់ដែលមានសក្ដានុពលផ្សេងទៀត ដូចជា តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងតំបន់បឹងទន្លេសាបជាដើម។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈ ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច)ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព។

លោកថោង ខុនបានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរ ដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ “ទេសចរណ៍សុវត្ថិភាព”៕

សិក្សាលើនិតិវិធីទាំង៥ ពីការចុះបញ្ជីរដាច់ដោយដុំ និងត្រូវធ្វើដូចម្តេច?

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការចុះបញ្ជីរដីធ្លី ត្រូវធ្វើឡើងតាមទម្រង់ផ្សេងៗគ្នា ប៉ុន្តែថ្ងៃនេះយើងសូមលើកយកចំណេះដឹងពីនិតិវិធីចុះបញ្ជីរដីធ្លីដាច់ដោយដុំ ដែលត្រូវសិក្សាលើជំហ៊ានទាំង៥នេះ។

ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ជាការចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង) ដែលត្រូវធ្វើឡើងតាមរយៈ​ការ​ស្នើ​សុំ​របស់​ម្ចាស់ដីផ្ទាល់។ ខាងក្រោមនេះគឺជានិតិវិធី៥ដំណាក់កាលនៃការស្នើសុំចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖

១. ការដាក់ពាក្យស្នើសុំ
ដូចបានលើកឡើងខាងលើស្រាប់ម្ចាស់ដី ជាអ្នកស្នើសុំធ្វើប្លង់កម្មសិទ្ធិនេះដោយផ្ទាល់។ ក្នុងការដាក់ពាក្យម្ចាស់ដី​ ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យសុរិយោដីស្រុក/ ខណ្ឌដែល​ដី​នេះ​តាំងនៅ។​  ប៉ុន្តែមុននឹងសុំដល់ថ្នាក់ស្រុក/ខណ្ឌ ម្ចាស់ដីត្រូវធ្វើលិខិតបញ្ជាក់ចេញពីមេឃុំ/ចៅសង្កាត់ ដើម្បីបញ្ជាក់អំពីអត្ដសញ្ញាណនៃការប្រើប្រាស់ដី​ និងការទទួលស្គាល់ពីថ្នាក់មូលដ្ឋានជាមុនសិន។

២. ការវាស់វែងដី
បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងពិនិត្យឃើញថាមានភាពត្រឹមត្រូវហើយ ​​​​​មន្រ្តីជំនាញ​សុរិយោដី​នឹងធ្វើការ​ចុះ​​វាស់វែង ​និងកំណត់​​ព្រំដីដោយមានការចូលរួម ពីម្ចាស់ដីដោយផ្ទាល់។ ទោះយ៉ាងណា ការវាស់វែងអាចធ្វើទៅបាន ប្រសិនបើមិនមានការជំទាស់តវ៉ាពីម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នា។

ក្នុងករណីមានវិវាទកើតឡើង ភាគទាំងសងខាងអាចដោះស្រាយគ្នាបាននៅត្រឹមថ្នាក់មូលដ្ឋានដោយមានគណៈកម្មឃុំ/សង្កាត់ ជាអ្នកសម្របសម្រួល។

៣. ការផ្សព្វផ្សាយជាសាធារណៈ
បន្ទាប់ពីបានកំណត់ និងកសាងប្លង់រួចរាល់ អាជ្ញាធរ​នឹងធ្វើការបិទផ្សាយ​ជា​សាធារណៈអំពីព័ត៌មាននៃដី (ដូចជា​ឈ្មោះ​ម្ចាស់ដី ទំហំ ទីតាំង និងព្រំដីជាដើម) ក្នុង​រយៈពេល៣០​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់ដី ឬអ្នកពាក់ព័ន្ធអាច​ធ្វើ​ការ​ត្រួតពិនិត្យ​ និង​តវ៉ា​​សុំ​ធ្វើ​ការ​កែប្រែក្នុងករណី​​មាន​ភាពមិន​​ត្រឹមត្រូវ។

៤. ការវិនិច្ឆ័យ និងសម្រេច
ប្រសិនមិនមានការជំទាស់ណាមួយទេ មន្ត្រីជំនាញនឹងចុះឈ្មោះម្ខាស់ដី ទៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និង​​រៀបចំធ្វើរបាយការណ៍ សម្រាប់​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង។ បន្ទាប់ពីពិនិត្យឃើញថាមានភាពត្រឹមត្រូវ ​​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង នឹង​ចុះហត្ថលេខា​លើ​ប័ណ្ណកម្មសិទ្ធិជាស្ថាពរ។

៥. ការប្រគល់ប័ណ្ណ
នេះជាដំណាក់កាលចុងក្រោយ នៃការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ​។ អជ្ញាធរនឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិជូលដល់ពលរដ្ឋ ដែលជាម្ចាស់ដីដោយផ្ទាល់ទៅតាមការបរិច្ឆេទណាមួយដែលបានកំណត់៕

កម្ពុជាប្រៀបដូច “អេប៉ុង” ដែលមិនទាន់ជ្រាបទឹកពេញ និងអាចស្រូបទាញក្រុមហ៊ុនផ្សារទំនើបអន្តរជាតិជាច្រើនទៀត

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានប្រៀបប្រដូចកម្ពុជា នឹង “អេប៉ុង”ដែលមិនទាន់ជ្រាបទឹកពេញ និងមានលទ្ឋភាពទាក់ទាញ ក្រុមហ៊ុនផ្សារទំនើបលំដាប់អន្តរជាតិ ក៏ដួចជាក្រុមហ៊ុនអន្តរជាតិជាច្រើនទៀតមកវិនិយោគនៅកម្ពុជា។

លោក Sunny Soo អគ្គនាយកក្រុមហ៊ុន MRICS MISM បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគពីក្រុមហ៊ុនអន្តរជាតិធំៗ មិនទាន់លើសតម្រូវការនៅឡើយ ព្រោះផ្សារទំនើបនិមួយៗ ផ្តោតលើការចាប់យកចំណែកអតិថិជនរៀងៗខ្លួន ក្នុងរង្វង់៥គីឡូម៉ែត្រ ឬអាចលើសពីនេះ ប៉ុន្តែផ្សារទំនើបលំដាប់ក្រុមហ៊ុនអន្តរជាតិអាចទាក់ទាញអតិថិជនពីចម្ងាយបាន អាស្រ័យលើអ្វីដែលជាភាពយូនីករបស់ពួកគេ។

លោកបន្តថា “កម្ពុជានៅមានលទ្ឋភាពទាក់ទាញ ក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត ខណៈវត្តមានក្រុមហ៊ុនលំដាប់អន្តរជាតិបានន និងកំពុងចូលមកកម្ពុជាជាបន្តបន្ទាប់និងចូលមកកាន់តែច្រើនទៀតនាពេលអនាគត”។

លោក Sunny Soo បានបន្តថា ការសម្រេចបានជោគជ័យរបស់ផ្សារទំនើបមួយ អាស្រ័យលើទស្សនទាននៃការអភិវឌ្ឍន៍ ការឌីសាញអគារ ការបំពេញនូវតម្រូវការតាមការចង់បានរបស់អតិថិជន និងការបង្កើតភាពទាក់ទាញប្លែកគេ របស់គំរោងណាមួយ ពិសេ​សទំនាក់ទំនងល្អជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិផងដែរ។

បច្ចុប្បន្នក្រុមហ៊ុន Big C, 7-Eleven ក្រុមហ៊ុនផ្សារទំនើបលំដាប់អន្តរជាតិ IKEA និងក្រុមហ៊ុនមានមូលដ្ឋាន នៅប្រទេសថៃមួយចំនួនទៀតបានចូល និងត្រៀមចូលមកកាន់ទីផ្សារកម្ពុជានាពេលខាងមុខ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា ការចូលមកកាន់កម្ពុជា ពីសំណាក់ក្រុមហ៊ុនអន្តរជាតិនានា ពិសេសក្រុមហ៊ុនលក់រាយនៅទីក្រុងភ្នំពេញ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជារឿងដែលដើរស្របគ្នានឹងការរីកចម្រើននៃសេដ្ឋកិច្ច សង្គមកម្ពុជា។

លោកបន្តថា “ប្រជាជនកម្ពុជាកាន់តែមានភាពស៊ីវិល័យ កាន់តែស្គាល់នូវបែបផែនជីវិតថ្មី ស្របពេលចំណួលរបស់ពួកគេបានកើនឡើង ដែលធ្វើឲ្យពួកគេចំណាយប្រាក់កាន់តែច្រើនលើជីវភាព និងស្តង់ដាជីវិតប្រចាំថ្ងៃ”។ លោកបន្ថែមថា “កត្តាសុខសន្តិភាព និងស្ថេរភាពសង្គមរយៈពេលវែង និងចក្ខុវិស័យដ៏ច្បាស់លាស់ របស់ប្រមុខរដ្ឋាភិបាល ដែលបានរៀបចំច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីលើកទឹកចិត្តការវិនិយោគ បានធ្វើឲ្យកម្ពុជាកាន់តែលេចត្រដែតលើឆាកអន្តរជាតិ”។

លោកបន្តថា ជាមួយគ្នានេះ ការរីកចម្រើននៃទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ នឹងទាក់ទាញក្រុមហ៊ុនថ្មីៗ ជាច្រើនទៀតមកកាន់ទីផ្សារកម្ពុជា និងម៉ាកយីហោល្បីៗជាច្រើនបាននិងកំពុងត្រៀមខ្លួនមកកាន់ប្រទេសនេះនាពេលខាងមុខ៕

ដំណឹងល្អៈ ក្រុមហ៊ុនចិនស្នើសុំវិនិយោគលើសេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈជាលើកដំបូងនៅក្រុងព្រះសីហនុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកវិនិយោគចិនបានស្នើសុំចង់វិនិយោគ បង្កើតសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនៅក្រុងព្រះសីហនុ ខណៈរដ្ឋបាលខេត្តគាំទ្រពេញទំហឹង ដោយស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យល្អិតល្អន់បន្ថែម មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង។

សំណើនេះ ត្រូវបានធ្វើឡើងក្នុងជំនួប រវាងលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយអ្នកវិនិយោគចិន នាថ្ងៃទី២២ ខែកញ្ញា កន្លងទៅ។

តំណាងអ្នកវិនិយោគចិនបានលើកឡើងថា ដោយមើលឃើញពីសន្ទុះនៃការអភិ​វ ឌ្ឍរបស់ខេត្តព្រះសីហនុ ទើបក្រុមអ្នកវិនិយោគចិន ចង់វិនិយោគបង្កើតសេវាដឹកជញ្ជូនតាមរថយន្តក្រុងនេះឡើង។

សម្រាប់ដំណាក់កាលដំបូង អាចនឹងរថយន្តក្រុងចំនួន៣០គ្រឿង ដោយគ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗ មួយចំនួនក្នុងក្រុងព្រះសីហនុ។

អភិបាលខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រ ប៉ុន្តែក៏បានស្នើទៅក្រុមអ្នកវិនិយោគចិន ឱ្យសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចុះកិច្ចព្រមព្រៀងវិនិយោគ។

លោកបន្តថា “យើងចង់បានសេវាដឹកជញ្ជូនសាធារណៈ ដើម្បីចូលរួមជួយសម្រួលការធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណេញថវិកា”។ លោកបនុ្តថា “ហេតុនេះអ្នកវិនិយោគ ត្រូវសិក្សាពីប្រភពសេដ្ឋកិច្ច ខ្សែរត់ ការធ្វើចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ដំណើរការវិនិយោគ លើសេវាកម្មដឹកជញ្ជូនឱ្យបានទូលំទូលាយ”។

លោកគួច ចំរើនបានបន្តថា ម្យ៉ាងទៀត ក្រុមហ៊ុនត្រូវរកអ្នកជំនាញសិក្សាគម្រោង និងធ្វើបទបង្ហាញ ដើម្បីធានាការបោះទុនវិនិយោគ លើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ ដើម្បីសម្រេចជោគជ័យ”៕

ផ្លូវលេខ២០០៤ក្លាយជាគំរោងអភិវឌ្ឍន៍អចលនទ្រព្យនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម គ្រប់ជ្រុងជ្រោយ

ដោយៈ សុជាតា

ភ្នំពេញៈ ផ្លូវលេខ ២០០៤ បានក្លាយជាតំបន់អភិវឌ្ឍន៍ចំរុះ និងជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋានថ្នាក់កណ្តាល ដោយសាលារាជធានីភ្នំពេញបាន និងកំពុងពន្លឿនការស្តារហេដ្ឋារចនាសម្ពន្ធ ដើម្បីបង្កើតការដឹកជញ្ជូនងាយស្រួលសម្រាប់ប្រជាជន។

ជាមួយនឹងការអភិវឌ្ឍគម្រោងបុរី សាលារៀនអន្តរជាតិ លំនៅដ្ឋានចម្រុះនៅរយៈពេល៤ឆ្នាំ ទៅ៥ឆ្នាំចុងក្រោយនេះ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា ផ្លូវក្នុងឆ្នាំ២០០៤ ដែលជាធម្មតាហៅថាផ្លូវម៉ា ដាយបានដាច់ចេញពីផ្លូវហាយវ៉េ២៧១ ដល់ព្រលានយន្តហោះ ដោយចាប់ផ្តើមការអភិវឌ្ឍលំនៅដ្ឋាន និងអចលនទ្រព្យនឹងក្លាយជាតំបន់អភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ។

លោកប៉ូអ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុន 𝐀𝐝𝐯𝐚𝐧𝐜𝐞 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 បានឱ្យដឹងថានារសៀលថ្ងៃទី២២ កញ្ញានេះថា ផ្លូវក្នុងឆ្នាំ 𝟐𝟎𝟎𝟒  គឺជាតំបន់អភិវឌ្ឍចំរុះ ដោយបែងចែកជាពីរ ប្រភេទ គឺផ្នែកពាណិជ្ជកម្ម និងស្នាក់នៅ។ សម្រាប់ពេល៤ ឆ្នាំ ទៅ ៥ ឆ្នាំចុងក្រោយ តំបន់នេះប្រមូលផ្តុំដោយអភិវឌ្ឍមួយចំនួន ដូចជា ខុនដូរ វិឡា អាគារពាណិជ្ជកម្ម។

លោកបន្តថា “ការអភិវឌ្ឍគឹមានគ្រប់តាមដងផ្លូវ ដូចជា ការបង្កើតអាជីវកម្ម សាលារៀន ផ្សារ Midtown លំដាប់មធ្យម និងបុរីOrkide ក៏មាន Shopping Mall  ដែលធ្វើអោយតំបន់នេះ ក្លាយទៅជាតំបន់ទំនើបស៊ីវិល័យ”។

យោងតាមលោកប៉ូ អ៊ាវគង់បានបញ្ជាក់បន្ថែមទៀតថា បើគិតតម្លៃចាប់ពីទំហំ ១ ពាន់ម៉ែត្រការ៉េឡើងទៅ យើងបានបែងចែកតម្លៃដីធ្លីជាពីរផ្នែកធំៗ គឺចាប់ផ្តើមផ្លូវ ២៧១ រហូតដល់ ស្តុបសាលារៀន Northbrigh   គឺ មានតម្លៃចន្លោះពី ១៥០០ទៅ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដំណាក់ទីពីរ ចាប់ពីស្តុបណូតប្រ៊ីច រហូតដល់ព្រះលានយន្តហោះ គឹតម្លៃដីចាប់ពី១ពាន់ដុល្លារ ទៅដល់១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉ែ។

ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានបញ្ជាក់ប្រាប់Property Area Asia នៅថ្ងៃដដែលថា នៅពេលបច្ចុប្បន្ននេះ យើងឃើ​ញមានគម្រោងអភិវឌ្ឍមួយចំនួនដូចជា មានផ្សារទំនើបលំដាប់មធ្យម ដូចជា  Midtown គម្រោងអភិវឌ្ឍបុរីOrkide ដែលធ្វើអោយតម្លៃដីធ្លីនៅតំបន់ បានកើនឡើងគួរអោយកត់សំគាល់។

ការរីកចម្រើនផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងលឿនលើវិស័យអចលនទ្រព្យ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់មធ្យម និងលំដាប់ខ្ពស់ ដោយសា​រជីវភាពរបស់ប្រចាពលរដ្ឋបានកើនឡើង ដែលធ្វើឲ្យបែបផែនជីវិតរបស់ប្រជាជនក្នុងរាជធានីនេះផ្លាស់ប្តូរស្ទើរទាំងស្រុង៕