ដោយ: ម៉ាលីស
ភ្នំពេញៈ សម្រាប់អ្នកទើបនឹងព្រលោកថ្មីៗក្នុងអាជីវកម្ម ការបង្កើតអាជីវកម្មថ្មី ទិញសិទ្ធិអាជីវកម្ម ឬយើងតែងនិយមថា ហ្រ្វេនឆាយ នោះក៏មានការពេញនិយមផងដែរក្នុងបរិបទរកស៊ីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្តី វាបានផ្ដល់នូវចំណុចល្អនិងមិនល្អ។

-->
ក្នុងសៀវភៅ “វិថីអចលនទ្រព្យ” របស់លោក គាម សៀកឡុង បានរៀបរាប់ពីគុណសម្បត្តិនិងគុណវិបត្តិ នៃការបើកក្រុមហ៊ុនអចលនវត្ថុបែបហ្រ្វេនឆាយ ដោយសង្ខេបដូចតទៅ
១ គុណសម្បត្តិ
-Master franchise ជួយផ្ដល់ជាយោបល់ និងជួយរៀបចំដំណើរការិយាល័យពីដំបូង ទាំងការជ្រើសរើសទីតាំង តុបតែងការិយាល័យ ការចុះបញ្ជីក្រុមហ៊ុនផ្ដល់ឯកសារចាំបាច់និងមានស្តង់ដារ នៃការប្រតិបត្តិនិងវគ្គបណ្ដុះបណ្ដាល ប្រព័ន្ធការងារណែនាំផងដែរ និងផ្ដល់ជាយុទ្ធសាស្ត្រផ្សេងៗ។
-កេរត្តិ៍ឈ្មោះជាសកលរបស់ Master Franchise ជួយជំរុញអាជីវកម្មថ្មីៗរបស់យើង មានការទទួលស្គាល់ និងទទួលបានទំនុកចិត្តយ៉ាងឆាប់រហ័ស ពីអតិថិជនហើយក៏មានភាពងាយស្រួល ក្នុងការជ្រើសរើសបុគ្គលិក មកបម្រើការងារផងដែរ។
-មានការជួយគាំទ្រ និងជួយផ្ដល់យោបល់ណែនាំបង្ហាញផ្លូវជាប្រចាំ នឹងរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលជាមួយគ្រូ ដែលមានបទពិសោធន៍អនុវត្តផ្ទាល់ ក្នុងវិស័យនេះជាច្រើននៅក្នុងស្រុកនិងមកពីបរទេស។ ជួយរៀបចំឲ្យមានទស្សនៈកិច្ចសិក្សា ទៅរៀនសូត្រពីប្រទេសទាំងនោះផងដែរ។
-មានបណ្ដាញធំទូលាយ មានមនុស្សច្រើនមានអំណាចក្នុងការចចារយកគម្រោងធំៗ ល្អជាមួយនឹងកុំបែកជើងសារខ្ពស់និងលក្ខខណ្ឌល្អបំផុត។
២ គុណវិបត្តិ
-ចំណាយដើមទុនច្រើនសំរាប់ទិញហ្រ្វេនឆាយ និងរៀបចំការិយាល័យតាមស្តង់ដារហើយតម្រូវឲ្យបង់ប្រាក់ ហ្រ្វេនឆាយប្រចាំខែ អាចតាមចំនួនកំណត់មួយ ឬគិតជាភាគរយលើប្រាក់ចំណូល។ ការរៀបចំការិយាល័យ និងជ្រើសរើសទីតាំងត្រូវបានគេកំណត់ មិនអាចមានសិទ្ធិជ្រើសរើសរៀបចំការិយាល័យ តាមលទ្ធភាពដែលខ្លួនមាន ឬទីតាំងដែលខ្លួនចង់បាននោះឡើយ។
-យើងមិនមែនជាម្ចាស់នៃស្លាកយីហោដោយខ្លួនឯង ជួយកសាងកេរ្តិ៍ឈ្មោះឲ្យគេបន្ថែម យើងអាចចំណេញលុយតែមិនសល់យីហោផ្ទាល់ខ្លួនទេ។
-យើងមិនមែនជាម្ចាស់អាជីវកម្មដោយខ្លួនឯង ដែលមានសិទ្ធិសំរេចអ្វីៗគ្រប់យ៉ាងទេ ការងារខ្លះយើងអាចសម្រេចបាន ការងារខ្លះទៅឆ្លងទៅ Master Franchise។

-Master Franchise លក់សិទ្ធិអាជីវកម្មកាន់តែច្រើន ចំណែកទីផ្សារយើងកាន់តែរួមតូច៕