ដោយៈ សុផារី
ភ្នំពេញៈ ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យ ដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។
ពន្ធនេះជាប្រភេទពន្ធផ្ទាល់ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។
អចលនទ្រព្យ ដែលជាប់ពន្ធសំដៅលើអចលនទ្រព្យជា ដី (ដែលមាន ឬគ្មានអគារ), លំនៅដ្ឋាន, អគារ ឬសំណង់ផ្សេងៗដែលនៅលើដីរួមមាន សណ្ឋាគារ ផ្ទះល្វែង ការិយាល័យ ខុនដូ រោងចក្រ ឃ្លាំងទំនិញ អគារឧស្សាហកម្ម និងចំណតរថយន្ត។
ប្រភេទអចលនទ្រព្យដូចដែលបានរៀបរាប់នេះ មានតម្លៃលើសពី១០០លានរៀល ($២៥ ០០០)។ អចលនទ្រព្យទាំងនេះ ត្រូវបានចាត់ទុកជាអចលនទ្រព្យជាប់កាត្វកិច្ចបង់ពន្ធ។ យោងទៅតាមច្បាប់ស្ដីពីពន្ធចលនទ្រព្យកម្ពុជា ឆ្នាំ២០១០ មាត្រា១៣ ដោយមូលដ្ឋានគិតពន្ធ មានដូចខាងក្រោម៖
១. ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា០,១%នៃមូលដ្ឋានគិតពន្ធ។
២. មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។
៣. តម្លៃអចលនទ្រព្យត្រូវកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ទៅតាមអាយុកាលសំណង់និងប្រភេទ នៃសំណង់ដោយយោងតាមតម្លៃទីផ្សារ។
ចំណែកប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ ត្រូវបានគណនាដោយរូបមន្តដូចខាងក្រោម៖
ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០,១%
ចំណែកករណីពិសេស ចំពោះការលើកលែងពន្ធ មានដូចជា អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ បេសកកម្មការទូត អគ្គកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសបរទេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្ម ដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្មអចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង៨០% និងមិនទាន់បានប្រើប្រាស់ នង អចលនទ្រព្យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស៕