ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានមានប្រសាសន៍ក្រោយសមាជលើកទី២៣ កាលពីពេលថ្មីៗនេះឱ្យដឹងថា ចាប់ពីឆ្នាំ២០២ខាងមុខ វិស័យអចលនទ្រព្យកម្ពុជានឹងកាន់តែប្រសើរឡើង ជាពិសេសផ្នែកដីធ្លី និងសំណង់។
លោកអះអាងបែបនេះ ដោយសារលោកមើលឃើញថា វិស័យទេសចេណ៍នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ។
លោកបន្តថា លោកមើលឃើញថាសក្កានុពល នៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បើធៀបនឹងបណ្តាប្រទេស នៃតំបន់អាស៊ានប្រទេសកម្ពុជា នៅតែមានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ ព្រោះថាតម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បើធៀបនឹងប្រទេសផ្សេងៗទៀត គឺនៅតម្រិតធូរថ្លៃល្អ ជាក់ស្តែង ១ម៉ែត្រការ៉េនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅកណ្តាលទីក្រុងភាគច្រើនតម្លៃ៥ពាន់ដុល្លារទៅ ៨ពាន់ដុល្លារអាមេរិកក្នុងមួយម៉ែត្រ ប៉ុន្តែបើនៅហាណូយ ឬបាងកក ភាគច្រើនមានតម្លៃជាង១ម៉ឺនដុល្លារអាមេរិករួចទៅហើយ។
លោកបន្តថា “បើសិនជាតម្លៃទាំងអស់នេះ នឹងកើនឡើងនៅកម្ពុជាយើង ដូច្នេះវិស័យអចលនទ្រព្យមានឱកាសចំណេញខ្ពស់នាថ្ងៃអនាគត”។
លោកច្រឹក សុខនីមបានបន្ថែមថា វិនិយោគិនមួយចំនួន ដែលចូលរួមក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន មានចំណាប់អារម្មណ៍ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកថា វិស័យអចលនទ្រព្យគឺជាគន្លឹះដ៏សំខាន់ ដើម្បីអាចឲ្យបណ្តាប្រទេសសមាជិកទាំងអស់ ទទួលបាននូវការគាំទ្រ ពិសេសពង្រីកសក្តានុពលក្នុងការវិនិយោគវិស័យនេះ។
អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា ជាច្រើននាក់ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការវិលត្រលប់របស់វិនិយោគិនបរទេស មកកាន់ទឹកដីប្រទេសកម្ពុជា ស្វែងរកការវិនិយោគឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេច បើកប្រទេសបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញចាប់ពីដើមខែវិច្ឆិកា២០២១កន្លងទៅនេះ៕