ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេស និងបើកទទួលស្វាគមន៍អ្នកដំណើរបរទេសឡើងវិញ ជាពិសេសទេសចរណ៍វ៉ាក់សាំង មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានស្នើសុំបន្តការហោះហើរឡើងវិញ។
មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិលឱ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៨បានដាក់ពាក្យស្នើសុំបើកការហោះហើរមកកម្ពុជា។
លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្លែង ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី២៩ វិច្ឆិកា២០២១នេះឱ្យដឹងថា បន្ទាប់ពីការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមវិធានការ និងលក្ខខណ្ឌតម្រូវការ បានធ្វើឱ្យមានសន្ទុះអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជាបណ្តើរៗ ជាពិសេសក្រោយរាជរដ្ឋាភិបាល ប្រកាសលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួចមក។
លោកបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើង ក្នុង១សប្តាហ៍ រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន (ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦ភាគរយ (កើនឡើងពី ៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១។
លោកបន្តថា “ ចំនួនជើងហោះហើរនេះ អាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩”។
សម្រាប់ការហោះហើរតាមកម្មវិធី (Scheduled Flights) ចាប់ពីខែធ្នូ ឆ្នាំ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។
ដោយឡែកក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍ ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន ២ជើង/សប្តាហ៍។
អាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើម បើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពទី១ ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។ អាកាសចរស៊ីវិលនឹងជំរុញ និងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូចជា Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ៕