រដ្ឋមន្រ្តីក្រសូងទេសចរណ៍បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពជាប្រចាំ លើគម្រោងវិនិយោគទេសចរណ៍ដ៏ធំទំនើប និងមានលក្ខណៈច្នៃប្រឌិត នៅខេត្តសៀមរាប។
ដោយៈ គង់ សូរិយា
សៀមរាបៈ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ លោកហួត ហាក់បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពជាប្រចាំ លើគម្រោងវិនិយោគទេសចរណ៍ដ៏ធំ ទំនើប និងមានលក្ខណៈច្នៃប្រឌិត នៅខេត្តសៀមរាប របស់ក្រុមហ៊ុន Yunnan Provincial Investment Holdings Group (YIG)។
កិច្ចប្រជុំនេះ បានប្រារពធ្វើនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd (YIG), លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment Co., Ltd. (AIAI) និងសហការី ចូលជួបរាយការណ៍ពីវឌ្ឍនភាពនៃគម្រោងវិនិយោគ និងពិភាក្សាការងារ នាទីស្តីការក្រសួង។
-->

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កាសម្រាប់ខេត្តសៀមរាប និងប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរវាយតម្លៃខ្ពស់ដល់លោកប្រធាន និងក្រុមហ៊ុនរដ្ឋចិនដ៏ធំ ដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តាក់ទុនវិនិយោគ លើអាកាសយានដ្ឋានអន្តរជាតិសៀមរាប ការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋានឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែមថ្មី ប្រកបដោយការច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តី និងលោកប្រធាន បានឯកភាពលើការអនុវត្តនូវយន្តការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើគម្រោងវិនិយោគ និងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាព នៃគម្រោងវិនិយោគឱ្យដំណើរការរលូន និងបានឆាប់រហ័ស បង្កើនការជឿជាក់រវាងគ្នា និងគ្នាលើកិច្ចសហប្រតិបតិ្តជាដៃគូអភិវឌ្ឍ និងការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរឱ្យបានទាន់ពេលវេលា៕
