ដោយៈ គង់ សូរិយា
សៀមរាបៈ ខេត្តសៀមរាប ត្រូវបានជ្រើសរើសជាខេត្តគំរូក្នុងការចាប់ផ្ដើមអនុវត្តបែបបទ និងនីតិវិធីនៃការនាំចេញ នាំចូលវត្ថុសិល្បៈតាម ប្រព័ន្ធបញ្ជរតែមួយជាតិ។
ការអនុវត្តថ្មីនេះ មានគោលបំណងជំរុញការពិនិត្យ និងផ្ដល់លិខិតអនុញ្ញាតនាំចេញ -នាំចូល វត្ថុសិល្បៈទៅក្រៅប្រទេស ដោយជំនួសការបំពេញព័ត៌មាន លើសំណុំឯកសារសរសេរដោយដៃ មកប្រើប្រាស់ការបំពេញ ក្នុងប្រព័ន្ធអេឡិចត្រូនិកវិញ ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឌីជីថល។
-->
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីបែបបទ និងនីតិវិធីការនាំចេញ នាំចូលវត្ថុសិល្បៈ តាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅខេត្តសៀមរាប នាថ្ងៃទី១៧ ខែតុលានេះ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុបានបង្ហាញថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ចតែមួយ លើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមទម្រង់អេឡិចត្រូនិក។
លោកបញ្ជាក់ថា “ប្រព័ន្ធនេះស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា”។
ជាមួយគ្នានេះ លោក វឿន វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការចូលរួមអនុវត្តន៍តាមប្រព័ន្ធនេះ គឺដើម្បីជំរុញ និងលើកទឹកចិត្តដល់សិប្បករដែលផលិតវត្ថុសិល្បៈខ្មែរ និងអតិថិជន កាន់តែមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូលទំនិញវប្បធម៌។

ទោះជាយ៉ាងណា ដោយសារវត្ថុសិល្បៈ ឬចម្លាក់នានា គឺជាមុខទំនិញដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ (ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧ និងអនុក្រឹត្យ៣៧០) ទើបតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យពីមន្ត្រីជំនាញ ពិសេសវត្ថុសិល្បៈផលិតថ្មីចម្លងដូចលក្ខណៈបុរាណ។
លោកបញ្ជាក់បន្ថែមថា “ការត្រួតពិនិត្យការនាំចេញ-នាំចូលវត្ថុសិល្បៈ គឺធ្វើឡើងក្នុងគោលបំណងតាមដាន និងទប់ស្កាត់ការលួចចរាចរណ៍វត្ថុបុរាណដោយខុសច្បាប់ ស្របតាមយន្តការច្បាប់ជាតិ និងបទដ្ឋានគតិយុត្តអន្តរជាតិដែលកម្ពុជា ជាសមាជិកចូលរួមអនុវត្តន៍”។លោកបន្តថា “ការស្នើសុំលិខិតអនុញ្ញាតនាំចេញ-នាំចូលវត្ថុសិល្បៈតាមប្រព័ន្ធបញ្ជរតែមួយជាតិ នឹងផ្ដល់ភាពងាយស្រួល ភាពជឿជាក់ ចំណេញពេលវេលាដល់គ្រប់ភាគីពាក់ព័ន្ធ និងរួមចំណែកសម្រួលដល់ការអនុវត្តន៍ទាំងក្នុងតំបន់ និងសាកលលោក”។
លើសពីនេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាបជាខេត្តប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយវប្បធម៌អរូបីសន្ធឹកសន្ធាប់ រួមទាំងទំនៀមទម្លាប់ប្រពៃណី សិល្បៈសូនរូប ចម្លាក់ សិប្បកម្មជាដើម ដែលទាំងអស់នេះជាប្រភពសក្ដានុពលទេសចរណ៍ជាតិ និងអន្តរជាតិ និងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ។
លោកអភិបាលរងខេត្តបន្ថែមថា សិក្ខាសាលានេះជាយន្តការតាមដាន ត្រួតពិនិត្យលើប្រសិទ្ធភាពការងារ និងបញ្ហាប្រឈមនានា ព្រមទាំងផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ជូនដល់អាជីវករ សិប្បករ តំណាងភ្នាក់ងារដឹកជញ្ជូន និងស្ថាប័នជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប បានយល់ដឹងពីនីតិវិធីថ្មីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
