ដោយៈ លក្ខិណា
ភ្នំពេញៈ ខណៈកម្ពុជាទើបតែប្រកាសពីការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ស្រាប់តែអង្គការសុខភាពពិភពលោក បានប្រកាសពីការរកឃើញមេរោគកូវីដ១៩ប្រភេទថ្មី ដែលដាក់ឈ្មោះថា អូមីក្រុង ហើយបញ្ជាក់ថា មេរោគនេះ មានសមត្ថភាព ក្នុងការចម្លងបានលឿនរហ័សជាងមេរោគកូវីដ១៩ប្រភេទដែលតាទៅទៀត ។
ការណ៍នេះបានបង្កការភ័យព្រួយជាថ្មី សម្រាប់វិស័យទេសចរណ៍ និងគំរាមកំហែលដល់សេដ្ឋកិច្ចឡើងវិញផងដែរ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍តាមប្រព័ន្ធតេលេកា្រម នៅល្ងាចថ្ងៃទី៣០វិច្ឆិកា២០២១នេះឱ្យដឹងថា ការផ្ទុះមេរោគកូវីដ១៩ប្រភេទថ្មីអូមីក្រុងនេះ អាចជាឧបសគ្គដល់ការបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចហើយ។
លោកស្រីបន្តថា “មែនទែនទៅ កម្ពុជាយើងបានបើកទទួលភ្ញៀវទេសចរបរទេសចូលមករួចទៅហើយ តាំងពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ បានប្រកាសកាលពីថ្ងៃទី១៥វិច្ឆិកា២០២១”។ លោកស្រីបន្តថា “តាមពិតទៅ គម្រោងផែនការរបស់រាជរដ្ឋាភិបាលគឺបើកនៅថ្ងៃទី៣០វិច្ឆិកា តែដោយសារតែបញ្ហាច្រើនពេក សម្ដេចក៏បានប្រកាសបើកទាំងស្រុង។ ប៉ុន្តែដោយសារតែក្រុមហ៊ុនអាកាសចរណ៍ មិនទាន់រៀបចំខ្លួនឱ្យរួចរាល់បានភ្លាមៗ ទើបការដឹកជញ្ជូនអ្នកដំណើរបរទេសចូលមកកម្ពុជាមិនទាន់មានច្រើន”។
លោកស្រីបន្តថា ចាប់តាំងពីខែធ្នូឆ្នាំ២០២១តទៅ ឃើញផែនការនៃការបើកហោះហើរមានច្រើន ដោយសារតែមានការដោះការធ្វើចត្តាឡីស័កចេញ ហើយភ្ញៀវទេសចរជាច្រើន ក៏បានចាប់អារម្មណ៍លើការធ្វើដំណើរមកកម្ពុជា ប៉ុន្តែពេលនេះយើងបានលឺដំណឹងពីមេរោគកូវីដ១៩ប្រភេទថ្មីមួយទៀត ដូច្នេះវានឹងអាចប៉ះពាល់ដល់កម្ពុជា បើសិនជាការរីករាលដាលកាន់តែធំនៅបណ្ដាប្រទេសជាច្រើន ហើយថ្មីៗនេះ យើងក៏បានលឺថាប្រទេសជប៉ុនបានបិទជើងហោះហើរចេញចូលប្រទេសគេទាំងស្រុង ។
លោកស្រីបន្ថែមថា បើសិនជាប្រទេសក្នុងតំបន់អាស៊ាន អាចទប់ស្កាត់បាន ហើយការធ្វើដំណើររបស់អ្នកដំណើរបរទេសចូលមកកម្ពុជា ត្រូវបានត្រួតពិនិត្យត្រឹមត្រូវ យើងគិតថាវាមិនជាមានបញ្ហាធំនោះទេ ពីព្រោះកម្ពុជាក៏មិនទាន់មានភ្ញៀវពីប្រទេសឆ្ងាយៗចូលមកដែរ ភាគច្រើនគឺជាភ្ញៀវក្នុងតំបន់អាស៊ាន ។
ចំណែកលោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កកម្ពុជាក៏បានថ្លែងឱ្យដឹងផងដែរថា ការទប់ស្កាត់មេរោគកូវីដ១៩ ប្រភេទបម្លែងថ្មីឬមេរោគកូវីដ១៩ទាំងអស់គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាទាំងអស់ បើពុំនោះផែនការការរស់នៅ ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអាចបន្តនិរន្តភាពបាននោះទេ ។
លោកបន្តថា “សម្រាប់អាជ្ញាធរសុខាភិបាល ក៏ដូចជាមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវមានការរឹតបន្តឹង សួរប្រវត្តិអ្នកដំណើរចូលមកទាំងអស់ និងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩តាមម៉ាស៊ីន PCR ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមេរោគកូវីដ១៩ប្រភេទថ្មីនេះ រីករាលដាលកាន់តែធំ”៕