សម្តេចតេជោនឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធវិមានកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ៥០០ថ្ងៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

0

ដោយ: ម៉ាលីស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីរាប់ថយក្រោយ៥០០ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ឲ្យដឹងក្រោយបញ្ចប់កិច្ច ប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា នៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិន តំណាងឱ្យរដ្ឋាភិបាលចិន ក្រោ​ម អធិបតីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្រោងនឹងរៀបចំកម្មវិធី៣បញ្ចូលគ្នាដូចជា ទី១-ការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋានជាតិមរតកតេជោ ទី២ ពិធីអបអរសាទរពិធីរាប់ថយក្រោយ៥០០ថ្ងៃ និងទី៣. ការប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។ ដូច្នេះចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ការផ្សព្វផ្សាយនឹងត្រូវចាប់ផ្តើម ដោយត្រូវរួមគ្នាគ្រប់សមាសភាពក្រសួងស្ថាប័នបូក ជាមួយការងារបរទេស ការងារកីឡា កាទូតក្រៅប្រទេសនឹងត្រូវផ្គុំគ្នា ក្នុងសំឡេងតែមួយជួយគាំទ្រ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។

លោកអគ្គលេខាធិការបន្ថែមថា ទាំងអស់នេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រា​ប់ ការកត់ត្រាក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ផង និងជាកំណត់ត្រាមួយប្រចាំឱ្យប្រវត្តិ ក្នុងការសាងសាង់ពហុកីឡដ្ឋានជាតិមរតកតេជោផង។

នៅក្នុងកម្មវិធីដ៏ធំនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គឺមានកម្មវិធីច្រើន ដូចជា ការកាត់ខ្សែបូរសម្ពោធ ការបង្ហាញកីឡា ការសម្តែង សិល្បៈវប្បធម៌ បង្ហាញអំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន និងមានបទ ចម្រៀងក្នុងកម្ម វិធីអបអរនេះផងដែរ។

លោកបណ្ឌិត ថោង ខុន បានឯកភាពនូវគម្រោងសម្រាប់ការចូលរួម ក្នុងកម្មវិធីនេះ មានចំនួន១៥០០០នាក់ ដោយដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។

ក្នុងចំនួននេះ គឺមានជាង១០០០នាក់ ជាសិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលត្រូវសម្តែងបង្ហាញ នៅលើទីលានបាល់ទាត់នៃវិមានកីឡដ្ឋាន ដោយទិដ្ឋភាពនេះនឹង បង្ហាញចេញនូវភាពអស្ចារ្យ ជាពិសេសគឺការផ្សព្វផ្សាយដោយផ្ទាល់ពី បណ្តាញ​ទូរទស្សន៍ទាំងអស់នៅកម្ពុជា។

លោកវ៉ាត់ ចំរើន បញ្ជាក់ជូនថា លោកបណ្ឌិត ថោង ខុនដែលជាថ្នាក់ដឹកនាំមានបទពិសោធន៍ខ្ពស់ ក្នុងព្រឹត្តិការណ៍ធំៗទាំងទេសចរណ៍ ទាំងកីឡា គឺលោកបណ្ឌិតតែងតែចង្អុលបង្ហាញពីភាពល្អិតល្អន់បំផុត នូវតួនាទីភារកិច្ចចាប់ពីចំណុចសូន្យ ដល់ចំណុចបញ្ចប់។ ដូច្នេះអ្វីដែលលោកបណ្ឌិត ថោង ខុន បានដាក់ចេញគឺគ្រប់សមាស ភាពពាក់ព័ន្ធទាំងអស់ ប្តេជ្ញាចិត្តធ្វើឱ្យបាន ដើម្បីធ្វើឱ្យកម្មវិធីជាប្រវត្តិសាស្ត្រថ្មីឆ្ពោះ ទៅធ្វើ ម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានដំណើរការល្អប្រកប ដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យស័ក្តិសមនឹងវិមានកីឡដ្ឋានដ៏មហិមា និងឱ្យស័ក្តិសមនឹងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជូនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here