ដោយៈ សុផារី
ភ្នំពេញៈ ស្របពេលដែលរាជធានីភ្នំពេញ កំពុងតែរីកដុះដាលកាន់តែធំ សម្រាប់អ្នកវិនិយោគ ដែលសម្លឹងរកទីតាំងសម្រាប់ការអភិវឌ្ឍ ឬការវិនិយោគនៅក្នុងនិងជុំវិញរាជធានីភ្នំពេញ អ្នកជំនាញវិស័យអចលនទ្រព្យណែនាំ អំពីសក្តានុពលទិសទាំង៤ នៃក្រុងភ្នំពេញនិងទីតាំងដែលមានសក្តានុពលខ្ពស់។
លោកឧកញ៉ាគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ថា “ទិសទាំងបួននេះ ខាងណាក៏ល្អដែរ សំខាន់ថាតើគោលបំណងអ្វី ចង់វិនិយោគឬអភិវឌ្ឍន៍។ វិនិយោគសំដៅលើការទិញដើម្បីលក់ចំណេញ។ ចំណែកអភិវឌ្ឍន៍សំដៅលើការពុះដីឡូត៍លក់ សាងសង់បុរី ខុនដូ ឬសាងសង់អ្វីម្យ៉ាង”។
សម្រាប់ទិញខាងលិចមានសក្តានុពលល្អ ប្រសិនបើគេចង់បានដី ដើម្បីសាងសង់ផ្ទះទុកជួលឱ្យកម្មករ កម្មការនី ក្នុងតម្លៃចន្លោះ៤០ ទៅ៥០ដុល្លារ ព្រោះទិសខាងលិចជាតំបន់ដែលមានរោងចក្រច្រើន។
លោកឧកញ៉ាមានប្រសាសន៍ថា “ខ្ញុំអាចនិយាយបានថា ប្រជាជនដែលរស់នៅភាគខាងលិច ភាគច្រើនជាអ្នកជួលផ្ទះគេនៅ។ ទិសខាងលិចជាតំបន់ឧស្សាហកម្មផង លំនៅដ្ឋានផង ប៉ុន្តែភាពច្រើនទាក់ទងនឹងរោងចក្រតែម្តង”។លោកបន្តថា “ទិសខាងលិច ប្រសិនបើយើងសាងសង់ផ្ទះជួល ប៉ុន្មានក៏មានអ្នកជួលដែរ ប៉ុន្តែប្រសិនបើសាងសង់ផ្ទះវីឡា៥ម៉ឺន ១លានដុល្លា ប្រហែលពិបាកលក់”។
លោកឧកញ៉ាបានបញ្ជាក់ពីសក្តានុពល របស់តំបន់ភាគខាងត្បូងថា “ប្រសិនបើចង់បានដីធ្លីធំៗ ហើយរីកចម្រើនខ្លាំង ប្រហែលជា៥ឆ្នាំក្រោយ ខ្ញុំមើលទៅទិសខាងត្បូង”។ លោកបន្តថា “សម្រាប់រយៈពេល៥ ទៅ១០ឆ្នាំ ក្រោយទិសដែលខ្លាំងគឺទិញខាងត្បូង ព្រោះជាតំបន់ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថា ជាតំបន់ដែលមានប្រលានយន្តហោះថ្មី អញ្ចឹងជាតំបន់អភិវឌ្ឍន៍ថ្មី។ជាតំបន់ល្អ ប៉ុន្តែវាត្រូវការពេលវេលា។ ប្រសិនបើចង់ទិញដីទុកលក់នៅ៥ ទៅ១០ ឆ្នាំក្រោយ ទិសខាងត្បូងល្អ”។
ប្រសិនបើចង់អភិវឌ្ឍអ្វីម្យ៉ាង ធ្វើអ្វីមួយភ្លាមៗ ទិញដីទុកលក់ភ្លាម រយៈពេល២ទៅ៣ឆ្នាំ ឬចង់សាងសង់ផ្ទះសម្រាប់រស់នៅលក្ខណៈស៊ីវីល័យ ទំនើប គឺទិសខាងជើង។ តំបន់ទិសខាងជើង ជាពិសេសខណ្ឌសែនសុខ ជាតំបន់ដែលប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលនានា មានដូចជា ផ្សារទំនើបអ៊ីអនម៉ល២ ផ្សារក្លូបល ផ្សារម៉ាក្រូ ផ្សារជីប ម៉ុង និងបុរីជាច្រើន។
លោកឧកញ៉ាគីម ហ៊ាងបានបន្តថា អ្នកមានខ្លាំងក្រោយឆ្នាំ១៩៧៩ ភាគច្រើនមានដីមានផ្ទះនៅតំបន់បឹងកេងកងទី១ ប៉ុន្តែពួកគាត់រស់នៅទួលគោក ដែលសព្វថ្ងៃនេះតម្លៃដីធ្លីមានចន្លោះពី២៥០០ ទៅ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកឧកញ៉ាសង្គេតឃើញថា អ្នកមានជំនាន់ថ្មី ដែលឱពុកម្តាយរបស់គាត់ជាអ្នកមាន ហើយចង់បានជីវិតរស់នៅទំនើប ស៊ីវិល័យ សម្បូរហាងទំនិញ សម្បូរកន្លែងដើរលេង សម្បូរ shopping mall រស់នៅក្នុងតំបន់សម្បូរវីឡា អ្នកមានរស់នៅច្រើន គឺភាគខាងជើង ដោយគេសង្កេតឃើញមាន មហាវិថីឈ្នះឈ្នះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ហ្គ្រេនភ្នំពេញ និងបុរីជាច្រើន។
លោកឧកញ៉ាប្រៀបធៀប តំបន់បឹងកេងកង ទៅនឹងមនុស្សស្រីអាយុ៣៥ ចូល៤០ឆ្នាំ។ ទួលគោកទៅនឹងមនុស្សស្រីអាយុ៣០ឆ្នាំ ភ្នំពេញថ្មីប្រៀបដូចជាមនុស្សស្រីអាយុ២៥ ឆ្នាំ ប៉ុន្តែទិសខាងជើងដែលមានបុរីសាងសង់ថ្មីច្រើន ប្រៀបដូចជាមនុស្សស្រីអាយុ២០ ទៅ២៥ឆ្នាំ។
សម្រាប់អ្នកដែលមិនសូវមានលទ្ធភាព លោកណែនាំតំបន់់ទិសខាងកើត ជាតំបន់ដែលសងខាងដងផ្លូវមានទន្លេ ចាប់ពីច្បារអំពៅទៅ។ លោកថា តំបន់ទិសខាងកើត ជា “តំបន់លំនៅដ្ឋាននិងទេសចរណ៍ពណ៌បៃតង”។
ប្រសិនបើធ្វើដំណើរពីភ្នំពេញ តាមស្ពានព្រះមុនីវង្ស ទៅកាន់ច្បារអំពៅ ទិញខាងកើតទៅអ្នកលឿង កៀនស្វាយក្រៅ ម្តុំបឹងស្នោ មានអាកាសធាតុត្រជាក់ជាធម្មតា តាមសងខាងគឺមានទន្លេ ហើយម្តុំកៀនស្វាយ ជាតំបន់មានអាកាសធាតុត្រជាក់ ជាងទិសផ្សេងៗទៀត។
ចំណែកលោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុន សេម អេស អិន បានមានប្រសាសន៍ថា គ្រប់ទិសទាំងបួនជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានការរីកចម្រើន ដោយយើងសង្កេតឃើញថា រាជធានីភ្នំពេញកាន់តែរីកចម្រើនបន្តទៀត ដែលនាំឱ្យអចលនវត្ថុទាំងអស់ ដែលនៅក្នុងកាំរង្វង់៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញសុទ្ធ តែមានសក្តានុពលនិងមានការរីកចម្រើន។
ប្រសិនបើយើងក្រឡេកទៅមើលតំបន់ ដែលមានសក្តានុពលជាងគេ ក្នុងរយៈពេល៥ទៅ១០ឆ្នាំក្រោយ លោកសង្គេតឃើញថា តំបន់ធំៗពីរ ដែលលោកមើលឃើញថាមានសក្តានុពល ទី១ ស្ថិតក្នុងតំបន់ប្រលានយន្តហោះថ្មី ដែលស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដែលកំពុងតែទាក់ទាញអ្នកវិនិយោគទាំងនៅក្នុងស្រុកនិងក្រៅស្រុក មកបោះការវិនិយោគនៅក្នុងតំបន់នេះ។
កត្តាដែលបណ្តាលឱ្យតំបន់នេះ មានសក្តានុពលខ្ពស់ ព្រោះមានការអភិវឌ្ឍន៍ប្រលានយន្តហោះថ្មី ដែលជាបណ្តុំពាណិជ្ជកម្ម តំបន់ស្នាក់នៅនិងមានភាពកុះករ ដែលនាំឱ្យមានការអភិវឌ្ឍគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអចលនទ្រព្យ។
ទី២ តំបន់ប៉ែកខាងជើងនៃរាជធានីភ្នំពេញ ដូចជាតំបន់បឹងទំនប់កប់ស្រូវ គឺជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ព្រោះតំបន់នេះមិននៅឆ្ងាយពីតំបន់ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន ជាក់ស្តែង ផ្សារទំនើបអ៊ីអនម៉ល២ ក្នុងខណ្ឌសែនសុខ ដែលនាំឱ្យដីធ្លីក្នុងខណ្ឌនេះមានការឡើងថ្លៃ រហូតដល់១៥០០ទៅ២០០០ដុល្លាអាមេរិក ក្នុងមួយម៉ែត្រការ៉េតាមដងផ្លូវសំខាន់ៗ។
លោកបន្តថា “ការណ៍នេះបណ្តាលឱ្យតំបន់នេះ មានការរីកដុះដាលយ៉ាងខ្លាំងលើផ្នែក លំនៅដ្ឋានបែបស៊ីវិល័យ អគារខុនដូក៏បាននិងកំពុងតែរីកបណ្តើរៗផងដែរ”។លោកឧកញ៉ាព្យាករណ៍ថា “មិនយូរមិនឆាប់ទេ បឹងតាមោកនិងតំបន់ក្បែរបឹងតាមោក នឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយ ឬការស្នាក់នៅយ៉ាងល្អប្រសើរខ្លាំងមែនទែន សម្រាប់ការវិនិយោគក្នុងតំបន់នេះ”។
បន្ថែមលើសនេះ តំបន់មួយទៀតដែលលោកឧកញ៉ាមើលឃើញថា ជាតំបន់មានសក្តានុពលផងដែរនោះគឺតំបន់ផ្លូវលី យ៉ុងផាត់ ដែលមានទីតាំងមិនឆ្ងាយពីបឹងតាមោកនោះទេ និងស្ថិតក្នុងប៉ែកខាងជើង ឆៀងខាងកើតនៃរាជធានីភ្នំពេញ។
លោកជឿជាក់ថា តំបន់នេះមានសក្តានុពល ទាក់ទាញវិនិយោគិនខ្លាំង នឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន យ៉ាងល្អប្រសើរបំផុត ដោយយើងសង្គេតឃើញមាន ស្តាតសម្តេចតេជោហ៊ុនសែន មហាវិថីឈ្នះ ឈ្នះ ការអភិវឌ្ឍបុរី ខុនដូខ្លះៗ។
លោកឧកញ៉ាសំ សុខនឿនបានបញ្ជាក់ថា “តំបន់ពីរនេះ ជាតំបន់ដែលខ្ញុំគិតថា កំពុងតែទាក់ទាញវិនិយោគិន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា។ បើខ្ញុំព្យាករណ៍ ពីឥលូវរហូតដល់១០ ឆ្នាំ តំបន់២នេះនឹងក្លាយជាតំបន់ក្តៅគគុក មានតម្រូវការខ្ពស់”៕