ដោយៈសិរី ជេស៊ីកា
ភ្នំពេញៈ ការផ្គត់ផ្អង់ទំហំផ្សារទំនើបនៅរាជធានីភ្នំពេញ ដែលកើនដល់ជិត៤០ម៉ឺនម៉ែត្រការ៉េ កំពុងក្លាយជាបញ្ហាប្រឈមមួយ នៅក្នុងទីផ្សារលក់រាយនៅកម្ពុជា ខណៈ E Commerce កំពុងមានភាពរីកចម្រើន។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងនៅពេលរសៀលថ្ងៃទី៣០វិច្ឆិកាកន្លងមកថា បញ្ហាវិបត្តិកូវីដ និងការផ្គត់ផ្គង់កើនឡើង បានធ្វើឲ្យទីផ្សារលក់រាយនៅតាមផ្សារទំនើប មួយចំនួនប្រឈមនឹងបញ្ហា ដោយស្តង់ជាច្រើនត្រូវបានបិទទ្វារ។
អ្នកស្រីបន្តថា “រហូតមកទល់ពេលនេះ ទំហំផ្សារទំនើបនៅរាជធានីភ្នំពេញបានកើនលើសតម្រូវការហើយ ខណៈទីផ្សារនេះតូចនៅឡើយ ដែលមិនអាចឲ្យផ្សារមួយចំនួនលក់ទំនិញបែបយូនិកដូចស្រុកគេនៅឡើយ”។ អ្នកស្រីបន្តថា “នៅប្រទេសចិន មានប្រជាជនច្រើន ទីផ្សារធំ ហេតុនេះផ្សារទំនើបមួយចំនួន អាចលក់ទំនិញតែមួយមុខបាន ប៉ុន្តែកម្ពុជាមិនទាន់ដល់ពេលទេ”។
អ្នកស្រីអាន សុធីតាបានបន្តថា មានអ្នកលក់ទំនិញមួយចំនួនបានលក់ទំនិញតាមអនឡាញ ប៉ុន្តែពួកគេនៅតាមស្តង់តាមផ្សារ តែសេវាកម្មមួយចំនួន គឺ E Commerce មិនអាចជំនួសបាននៅឡើយទេ ដូចជាផ្នែកកំសាន្តដែលមានរោងភាពយន្ត និងផ្នែកភោជនីយដ្ឋាននៅតែដំណើរការល្អដដែល បើទោះបីជាផ្នែកនេះមាន នៅតាមគេហដ្ឋានក៏ដោយប៉ុន្តែបរិយាកាសខុសគ្នា។
ផ្សារំនើបធំៗជាច្រើនត្រៀមបង្ហាញខ្លួននៅចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខដួចជា ផ្សារទំនើប Peng Hourt Diamond, AEON Mall3 ផ្សារទំនើបជីប ម៉ុង ផ្សារទំនើបនៃមជ្ឈមណ្ឌល Booyoung ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី និងផ្សារទំនើប Phnom Penh Mega Mall ជាដើម។
រហូតមកទល់ពេលនេះ ផ្សារទំនើបខ្នាតតូចមួយចំនួន បានប្រឈមមុខនឹងការបិទទ្វារដូចជា City Mall, Sovanna Plaza, ជាដើមដែលបាននិងកំពុងប្រឈមមុខនឹងការបិទទ្វារ និងកំពុងធ្វើការកែលំអរឡើងវិញ៕