សិក្សាលើទិដ្ឋភាពច្បាប់ៈ តើការទិញ/លក់​អចលនវត្ថុត្រូវ​ធ្វើ​យ៉ាងណាដើម្បី​ជៀសវាងទំនាស់ឬ​វិវាទ?

ដោយៈ Jessica

ភ្នំពេញៈ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ទិញ​ប៉ះចំ​ដី ដែល​មាន​ជាប់​បញ្ហា? តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​កិច្ចសន្យា​ទិញ/លក់​ដី មាន​សុពលភាព​ពេញលេញ​តាម​ផ្លូវច្បាប់ ដែល​មិន​មាន​អ្នកណា​អាច​មក​តវ៉ា​ជំទាស់​បានទៅ​ថ្ងៃ​ក្រោយ?។

នៅពេលអ្នកជួបបញ្ហា បញ្ហា​ទាំងនេះ​អាច​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ពេលខ្លះ គេ​ចាំបាច់​ត្រូវ​ស្វែងរក​អ្នកច្បាប់ ឬ​ក៏​មេធាវីជាជំនួយ ដើម្បី​​ធានា​​ឲ្យ​មាន​សុវត្ថិភាព​ខាង​ផ្លូវច្បាប់។

លោក​មេធាវី ប៊ុន​ យូឌី ដែលមកពី​ការិយាល័យមេធាវី​ឈ្មោះ ប៊ុន និង​សហការី​នឹង​ពន្យល់​បំភ្លឺ​ជុំវិញ​​ចំណុច​សំខាន់ៗ​​​​​ជាមូលដ្ឋាន​​ខ្លះ ដែល​ប្រជាពលរដ្ឋ​គួរ​តែដឹង​ និងស្វែងយល់ ដើម្បីបញ្ចៀសហានិភ័យនានា។

នៅ​ប្រទេស​កម្ពុជា ការ​ចុះ​បញ្ជីដីធ្លី នៅ​មាន​ការខ្វះចន្លោះ​ច្រើន។ មាន​​អ្នក​ខ្លះ​កាន់កាប់​ដីធ្លី ដោយ​គ្មាន​ប័ណ្ណកម្មសិទ្ធិ។ ខ្លះ​ក៏កាន់​កាប់​ដោយ​ស្រប​ច្បាប់ ខ្លះ​ក៏​មិនស្រប​ច្បាប់។ ភាព​ស្រពិចស្រពិល​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​វិវាទ នៅ​ក្នុង​ករណី​មាន​ការ​ទិញ/លក់។ ដើម្បី​ជៀសវាង​ទិញ​ប៉ះចំ​ដី ដែល​ជាប់​មាន​បញ្ហា​ចម្រូងចម្រាស់ អ្នកទិញ​ត្រូវ​តែ​មាន​ការ​ប្រយ័ត្នប្រយែង ពិនិត្យ​​មើល​​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ មុន​នឹង​ឈានទៅ​ចុះ​កិច្ចសន្យា។

មុន​នឹង​ឈាន​ទៅ​ចុះ​កិច្ចសន្យា​ តើ​គេ​ត្រូវ​ពិនិត្យ​មើល​ចំណុច​ណា​ខ្លះ ដើម្បី​ជៀសវាង​​មាន​វិវាទ ទៅ​ថ្ងៃ​ក្រោយ?
គេ​ត្រូវ​ពិនិត្យ​មើល​​​ចំណុច​សំខាន់ៗចំនួន៤ដូចជា៖

១-ប្រភេទ​នៃ​​​ប័ណ្ណកាន់កាប់​របស់​​ម្ចាស់ដី​
លោក អ្នក ​ទិញ​គួរ​ពិនិត្យ​មើល​ថា តើ​អ្នក​លក់​​មាន​ប័ណ្ណ​កាន់កាប់​ប្រភេទ​ណា? តើ​ជា​ “វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” (ឬ​ហៅ​តាម​ភាសា​សាមញ្ញ​ថា “ប្លង់រឹង”) ក៏​ជា “វិញ្ញាបនប័ត្រ​សម្គាល់​ការកាន់កាប់​អចលនវត្ថុ” (​ប្លង់​ទន់)?។

ប្រសិន ​បើ​អ្នក​លក់​មាន​ប្លង់រឹងមានន័យថា គាត់​គឺ​ជា​កម្មសិទ្ធិករ​ពេញ​សិទ្ធិ​លើ​ដី​របស់​គាត់។ ក្នុង​ករណីនេះ គេ​អាច​មាន​ការ​ទុក​ចិត្ត​ច្រើន​ជាង ពីព្រោះ​ថា នៅ​លើ​ប្លង់រឹង​នេះ គេ​អាច​មើល​ឃើញ​អំពី​ទំហំ និង​ទីតាំង​របស់​ដី និង​ឈ្មោះ​របស់​ម្ចាស់ដី។ ម្យ៉ាងទៀត គេ​មាន​ការ​ងាយស្រួល ក្នុង​ការ​ផ្ទៀងផ្ទាត់​ប័ណ្ណ​ប្រភេទនេះ ជាមួយ​នឹង​បញ្ជី ដែល​ចុះ​នៅ​អាជ្ញាធរ​សុរិយោដី។

ផ្ទុយ​ទៅវិញ ប្រសិន​បើ​អ្នក​លក់​​មាន​ត្រឹមតែ​​ប្លង់​ទន់ មានន័យថា គាត់​គ្រាន់តែ​ជា​ភោគី (អ្នក​កាន់កាប់​ស្របច្បាប់) ប៉ុណ្ណោះ។ គាត់​មិនទាន់​ជា​ម្ចាស់កម្មសិទ្ធិ​ពេញ​លេញ នៅ​ឡើយ​ទេ។ តាម​ច្បាប់ ភោគី ក៏​មាន​សិទ្ធិ​លក់​ដី​របស់​គាត់​ដែរ។ ក៏ប៉ុន្តែ អ្នកទិញ​គួរ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ ក្នុង​ការ​ទិញ​ដី​ប្រភេទ​នេះ។

ចំណុច ដែល​ត្រូវ​ពិនិត្យ​មើល គឺ​អំពី​ប្រវត្តិ​របស់​ដី​នេះ។ ត្រូវ​មើល​ថា តើ​ដី​នេះ​បាន​ផ្ទេរ​ជា​ដំណ​តៗ​គ្នា​ប៉ុន្មាន​ដំណាក់​មក​ហើយៗ ក្នុង​ដំណាក់​នីមួយៗ តើ​មាន​បាន​ធ្វើ​ការ​ផ្ទេរ ដោយ​គោរព​ ទៅតាម​នីតិវិធី​កំណត់​ដោយ​ច្បាប់​ដែរឬទេ។ ការ​ផ្ទៀងផ្ទាត់​បែបនេះ ដើម្បី​ឲ្យ​ប្រាកដ​ថា ប្លង់ទន់ ដែល​អ្នកលក់​កំពុង​មាន​ក្នុង​ដៃនេះ បាន​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ ហើ​យ​ម្ចាស់ដី​ក៏​កាន់កាប់​ដោយ​ស្រប​ច្បាប់ ជៀស​វាង​ដី​មាន​ម្ចាស់​ពីរ-បី មក​ឈ្លោះ​ដណ្តើម​គ្នា ទៅ​ថ្ងៃ​ក្រោយ។

២-​ស្ថានភាពដី
ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ច្បាស់​លាស់ អំពី​ប្រភេទ​នៃ​​ឯកសារ​កាន់កាប់​ដីធ្លី​នេះ​ហើយ បើ​ទោះ​ជា​ដីនោះ​ជា​ដី​ភោគៈ ឬ​ក៏​ជា​ដី​កម្មសិទ្ធិ​ក៏ដោយ អ្នក​ទិញ​គួរ​​តែ​ពិនិត្យ​មើល​អំពី​ស្ថានភាព​ជុំវិញ​ដី​នោះ។ ត្រូវ​មើល​ថា តើ​នៅ​ជុំវិញ​នោះ មាន​ដី​ផ្សេង​ទៀត​ដែរឬទេ? តើ​មាន​របង ឬ​ព្រំ​ដី​កំណត់​ច្បាស់​លាស់​ដែរឬទេ។

ប្រសិន​បើ​មើលទៅ ឃើញ​ថា ព្រំដី​​នៅ​មិនទាន់​កំណត់​បាន​ច្បាស់លាស់ គេ​ត្រូវ​ធ្វើ​ការ​វាស់វែង​កំណត់​ព្រំដី មុន​នឹង​ចុះ​កិច្ចសន្យា។ ការវាស់វែង​កំណត់ព្រំដីនេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​អាជ្ញាធរ​សុរិយោដី ជា​អ្នក​ដឹង​ឮ។ ​ទាំងនេះ គឺ​ដើម្បី​ជៀសវាង​ជម្លោះ​ជាមួយ​អ្នក​ជិត​ខាង ក្រោយ​ពី​ទិញ​ដី​នេះ​បានហើយ។

៣-បន្ទុក​នៅ​លើ​ដី
លោក អ្នក ​ត្រូវ​ពិនិត្យ​មើល​ថា តើ​​ដីនេះ​​ត្រូវ​បាន​យក​ទៅ​ដាក់​បញ្ចាំ​ធានាបំណុល ឬ​​​ជួល ឬ​ប្រវាស់​ ដែរ​ឬទេ? តើ​ដី​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ ដែល​ហាម​មិន​ឲ្យ​លក់ ឬ​ក៏​​ជា​កម្មវត្ថុ ដែល​ត្រូវ​តុលាការ​រឹបអូសដែរ​ឬទេ?។

ប្រសិន​បើ​មាន គេ​ត្រូវ​តែ​ដោះបន្ទុក​នេះ​ឲ្យ​ជ្រះ​ស្រឡះ​ជាមុន​សិន មុន​នឹង​ចុះ​កិច្ចសន្យា​ទិញ។

៤-ដី​ជា​ចំណែក​ផ្លូវ
​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ ជា​ពិសេស ហេដ្ឋា​រចនាសម្ព័ន្ធ មុន​នឹង​ទិញ​ដី​ណាមួយ អ្នក​ទិញ​គួរ​​ពិនិត្យ​មើល​ថា តើ​ដី​នេះ​មាន​ជាប់​ជា​ចំណែក​ផ្លូវ ឬ​ក៏​ត្រូវ​ចំ​​កន្លែង ដែល​​ជា​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដែរ​ឬទេ។ បើ​សិន​ជា​មែន តើ​មាន​ការ​ប៉ះពាល់​ត្រឹម​កម្រិតណា?។

តើ​កិច្ចសន្យា​ទិញ/លក់​អចលនវត្ថុ​ត្រូវ​ធ្វើ​ឡើង ក្នុង​​ទម្រង់​បែបណា ដើម្បី​ឲ្យ​មាន​សុពលភាព​ពេញលេញ​តាមផ្លូវច្បាប់?

លោក អ្នក ​ត្រូវ​ពិនិត្យ​ជា​បឋម​ថា តើ​​​អ្នក​ចុះ​កិច្ចសន្យា​នេះ មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ចុះ​ដែរឬទេ? គេ​ត្រូវ​មើល​ត្រង់​ចំណុច​ពីរ៖ តើ​​អ្នក​ចុះ​កិច្ចសន្យា​នេះ​ជា​រូបវ័ន្តបុគ្គល ឬ​ក៏​ជា​នីតិ​បុគ្គល (ក្រុមហ៊ុន ឬ​អង្គការ)?។

ប្រសិន​បើ​ជា​រូបវ័ន្តបុគ្គល គេ​ត្រូវ​ពិនិត្យ​មើល​ថា តើ​​ដី​ដែល​គាត់​លក់​នេះ ជា​ទ្រព្យ​ឯកជន​របស់​គាត់ ឬ​ក៏​ជា​ទ្រព្យ​រួម ដែល​មាន​ម្ចាស់​ផ្សេង​ទៀត។ ប្រសិន​បើ​ជា​ទ្រព្យ​រួម គាត់​មិន​អាច​ចុះ​​កិច្ចសន្យា​លក់​តែ​ឯងបានទេ គឺ​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​លក់ ពី​សំណាក់​ម្ចាស់ផ្សេង​ទៀត។

ប្រសិន​បើ​ជា​នីតិបុគ្គល គេ​ត្រូវ​ពិនិត្យ​​មើល​ថា តើ​អ្នក​មក​ចុះ​កិច្ចសន្យា បាន​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​ភិបាល (អង្គការ) ឬ​ក៏​ម្ចាស់​ភាគហ៊ុន (ក្រុមហ៊ុន)ដែរ​ទេ?។

សម្រាប់​អ្នក​លក់ គឺ​ត្រូវ​ពិនិត្យ​មើល​ថា តើ​អ្នកទិញមាន​សញ្ជាតិ​ខ្មែរដែរ​ឬទេ ពីព្រោះ​ថា តាម​ច្បាប់​កម្ពុជា ជនបរទេស​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​បានទេ។

បើ​សិន​ជា​ពិនិត្យ​ទៅ​ឃើញ​ថា គូភាគី​​ពិត​ជា​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ហើយ គេ​ត្រូវ​និយាយ​ពី​ទម្រង់​​នៃ​កិច្ចសន្យា​ម្តង។ ការ​ទិញដូរ​អចលនវត្ថុ គឺ​ជា​កិច្ចសន្យា​ ដែល​មាន​លក្ខណៈពិសេស។ គូភាគី​មិន​អាច​​ចុះ​ហត្ថលេខា​ ​តាម​ទម្រង់​​ជា​លិខិត​ឯកជន​បាន​នោះទេ។ ដើម្បី​ឲ្យ​កិច្ចសន្យា​​មាន​សុពលភាព ​ពេញលេញ​តាមផ្លូវ​ច្បាប់ កិច្ចសន្យា​ទិញដូរ​អចលនវត្ថុ​​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​លិខិត​យថា ​ភូត ដោយ​​គោរព​តាម​ទម្រង់​ និង​នីតិវិធី ដែល​កំណត់​ដោយ​ច្បាប់ ពោល​គឺ​កិច្ចសន្យា​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ និង​មាន​ការ​ទទួល​ដឹង​ឮ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ដីកម្មសិទ្ធិ (ប្លង់រឹង)
ប្រសិន​​​​បើ​ការទិញដូរ​នេះ​ធ្វើ​ឡើង​លើ​ដី​​កម្មសិទ្ធិ មានន័យថា អ្នក​លក់​គឺ​ជា​កម្មសិទ្ធិករ​ កាន់ “ប្លង់រឹង” ការ​ចុះ​កិច្ចសន្យា ត្រូវ​​ធ្វើ​ឡើង​តាម​ទម្រង់បែបបទ ដែល​ដាក់​ឲ្យ​ប្រើ​ដោយ​ក្រសួង​សុរិយោដី ដែល​គេ​ហៅ​ថា “លិខិត​លក់​ផ្តាច់”។

អ្នក​ទិញ និង​អ្នក​លក់​ ដោយ​ច្បាប់​តម្រូវ​ឲ្យ​មាន​សាក្សី​ម្នាក់​១​ផង​នោះ ត្រូវ​ផ្តិត​មេដៃ​លើ​លិខិត​លក់ ដោយ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក/ខ័ណ្ឌ។ បន្ទាប់​មក គេ​ត្រូវ​យក​កិច្ចសន្យា​នេះ ទៅ​អាជ្ញាធរ​សុរិយោដី ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​សិទ្ធិ (កាត់ឈ្មោះ)។

ដំបូងភាគី​ទាំង​ពីរ​ត្រូវ​​យក​កិច្ចសន្យា​លក់ ទៅ​ឲ្យ​​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ដើម្បី​ពិនិត្យ​មើល​ថា តើ​កិច្ចសន្យា​នេះ​ពិត​ជា​បាន​ចុះ​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬទេ។ បើ​សិន​ជា​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ពិនិត្យ​មើល​ឃើញ​ថា ត្រឹមត្រូវ​ហើយ គេ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង ជា​អ្នក​​ពិនិត្យ​មើល​​ចុងក្រោយ មុននឹង​ធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ។

មុននឹង​​មន្ទីរសុរិយោដី ​ចុះបញ្ជី​ផ្ទេរសិទ្ធិ អ្នកទិញ​ត្រូវ​ទៅ​បង់​ពន្ធ​ជាមុនសិន (៤%​នៃ​តម្លៃដី)។ បន្ទាប់​ពី​បាន​បង្កាន់​ដៃ​​ពន្ធ​ហើយ ទើប​មន្ទីរ​សុរិយោដី ចារ​លើ​ប្លង់ដីនេះ​ថា អ្នកទិញ​នឹង​ក្លាយ​ទៅ​ជា​ម្ចាស់ដី ចាប់​ពី​ពេលនេះ​តទៅ។

ដី​​ភោគៈ (ប្លង់ទន់)
សម្រាប់ ​ដី​ភោគៈ (ឬដី​ប្លង់ទន់) មិនមាន​នីតិវិធី​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ​ នៅ​អាជ្ញាធរ​សុរិយោដី​ទេ ពីព្រោះ​ថា ដីនេះ​មិនទាន់​ជា​ដី​កម្មសិទ្ធិ ដូច្នេះមិនទាន់​មាន​ចុះ​ នៅ​ក្នុង​បញ្ជី​រដ្ឋបាលដីធ្លី នៃ​អាជ្ញាធរ​សុរិយោដី​នៅឡើយទេ។
កិច្ចសន្យា​ទិញ/លក់​ដី​ប្រភេទ​នេះ ច្បាប់​តម្រូវ​ឲ្យ​មាន​​ការចុះ ដោយ​មាន​ការ​ដឹងឮ​ត្រឹម​អាជ្ញាធរ​ដែនដី​ប៉ុណ្ណោះ ដោយ​មិនចាំបាច់​ទៅ​ដល់​អាជ្ញាធរ​សុរិយោដី​ទេ។

នៅ​ក្នុង​ការ​អនុវត្ត​ ជាក់ស្តែង នៅ​កន្លែង​ខ្លះ កិច្ចសន្យា​លក់ដី​ភោគៈ គេ​ធ្វើ​ដោយ​មាន​ការ​ដឹងឮ​តែ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅ​កន្លែង​ខ្លះ​ទៀត គេ​ធ្វើ​នៅ​ឃុំ/សង្កា​ត់​ហើយ គេ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក/ខ័ណ្ឌ​​ជួយ​ដឹង​ឮ ​មួយ​ដំណាក់​ទៀត។ការ​ដឹង​ឮ​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​កាន់តែ​ខ្ពស់ គឺ​កាន់តែ​មាន​សុវត្ថិភាព៕

តម្លៃដីធ្លីនៅប្រទេសជប៉ុនបន្តធ្លាក់ចុះ២ឆ្នាំជាប់គ្នា ប៉ុន្តែវិស័យឧស្សាហកម្មបានហក់ឡើងវិញ

ដោយៈសុខុម

តូក្យូ: ការស្ទង់មតិប្រចាំឆ្នាំបង្ហាញថា តម្លៃដីធ្លីនៅប្រទេសជប៉ុន បានបន្តធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា នៅពេលការបិទព្រំដែន និងការដាក់ប្រទេសនេះក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ដល់តម្រូវការសាងសង់ភោ​ជនីយដ្ឋាន និងសណ្ឋាគារថ្មីៗ។

ទោះជាយ៉ាងណា តម្លៃដីធ្លីក្នុងតំបន់ឧស្សាហកម្ម បានហក់ឡើង៤ឆ្នាំជាប់ៗគ្នាដោយសារការកើនឡើង តម្រូវការឃ្លាំងស្តុកទំនិញគ្រឿងអេឡិចត្រូនិក និងទំនិញផ្សេងៗទៀត។

ការស្ទង់មតិរបស់ក្រសួងដែនដីជប៉ុន ដែលបានធ្វើឡើងនៅកន្លែងខុសៗគ្នាចំនួន២១.៤៣០ទីតាំង ទូទាំងប្រទេសបានបង្ហាញកាលពីថ្ងៃទី២១ កញ្ញា ថា តម្លៃអចលនទ្រព្យនៅក្នុងសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកមួយនេះ បានធ្លាក់ចុះ០,៤%នៅក្នុងឆ្នាំនេះគិតត្រឹមខែកក្កដា បន្ទាប់ពីធ្លាក់ចុះ០,៦%កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។

ការស្ទង់មតិដដែលបង្ហាញថា តម្លៃដីលំនៅដ្ឋានដែលបានធ្លាក់ចុះជិត៣ទសវត្សរ៍ដោយសារប្រទេស ដែលមានប្រជាជនកាន់តែតិចទៅៗ បានធ្លាក់ចុះ០.៥%នៅឆ្នាំនេះ ក្រោយពីធ្លាក់ចុះ០.៧%កាលពីឆ្នាំមុន។

ការធ្លាក់ចុះនេះ ផ្ទុយគ្នាស្រឡះពីប្រទេសឧស្សាហកម្មជាច្រើនផ្សេងទៀត ដែលតម្លៃអចលនទ្រព្យបានហក់ឡើងខ្ពស់ខ្លាំង។ តួយ៉ាងដូចនៅប្រទេសអូស្ត្រាលី ជាដើម តម្លៃផ្ទះ បានហក់ឡើងខ្ពស់រហូតដល់៦,៧%ក្នុងខែមេសា ដល់ខែមិថុនា បើទោះបីជាទទួលបានកំណើនសេដ្ឋកិច្ចទាបក្ដី។

តម្លៃអចលនទ្រព្យប្រភេទពាណិជ្ជកម្ម នៅប្រទេសជប៉ុន បានធ្លាក់ចុះ០.៥% បើធៀបនឹងការធ្លាក់ចុះ០.៣%កាលពីឆ្នាំមុន នៅពេលការរីករាលដាលវីរុសកូវីដ-១៩ បានបង្ខំឱ្យប្រទេសនេះបិទព្រំដែនរបស់ខ្លួន មិនឱ្យភ្ញៀវទេសចរបរទេសចូល និងរឹតបន្តឹងលើសកម្មភាពសេដ្ឋកិច្ច។

ការស្ទង់មតិនេះបង្ហាញថា នៅអូសាកា ដែលជាក្រុងធំបំផុតទី២ របស់ជប៉ុន និងគោលដៅទេសចរណ៍ពេញនិយមបំផុតនានា ក្នុងទីក្រុងនេះបានធ្លាក់ចុះ០,៦% ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៩ឆ្នាំ។

ផ្ទុយមកវិញ តម្លៃដីឧស្សាហកម្ម ដែលភាគច្រើនត្រូវបានប្រើប្រាស់ ដោយរោងចក្រ និងឃ្លាំងស្តុកទំនិញ បានហក់ឡើង០.៨%ទូទាំងប្រទេស បើធៀបនឹងឆ្នាំមុន ដែលនេះឆ្លុះបញ្ចាំងពីតម្រូវការទំនិញកើនឡើងខ្លាំង។

ក្រុមហ៊ុន E-commerce ខ្នាតយក្ស២ គឺក្រុមហ៊ុន Rakuten និងក្រុមហ៊ុន Amazon កាលពីដើមឆ្នាំនេះ បានប្រកាសផែនការបើកដំណើរការ មជ្ឈមណ្ឌលចែកចាយទំនិញជាច្រើនកន្លែងក្នុងប្រទេសជប៉ុន ខណៈសេវាកម្មដឹកជញ្ជូន បន្តកើនឡើងអំឡុងវិបត្តិកូវីដ-១៩៕ Reuters៕

ប្រយ័ត្នៈមន្ត្រីជាន់ខ្ពស់បរិស្ថានព្រមានចំពោះការទិញលក់ដីធ្លីក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តកំពត

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានលោកនេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន បានព្រមានចំពោះការទិញលក់ដីធ្លី នៅតំបន់ការពារធនធានធម្មជាតិ និងប្រកា​សមិនទទួលស្គាល់ដាច់ខាត លើឯកសារកាន់កាប់ដីធ្លី នៅតំបន់ការពារបរិស្ថាននានា។

លោកថ្លែងបែបនេះ នៅក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរបរិស្ថាន ខេត្តកំពតថ្មីនៅថ្ងៃទី២១ កញ្ញា ២០២១នេះ។
លោកនេត្រ ភត្រាបានលើកឡើងថា គ្មានបុគ្គលណាមានសិទ្ធិលក់ដូរ ផ្ទេរកម្មសិទ្ធិនៅលើដីតំបន់ការពារធម្មជាតិ ដែលជាដីអភិរក្សរបស់រដ្ឋបានឡើយ ។ ក្រសួងសូមធ្វើការបដិសេធរាល់ឯកសាពាក់ព័ន្ធ នឹងកាន់កាប់ដីធ្លីមិនស្របច្បាប់គ្រប់ប្រភេទ ដូចជា ការទន្ទ្រានកាប់កាប់ ការទិញនិងផ្ទេរលក់ដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះមានដីឧទ្យានជាតិព្រះមុនីវង្សបូកគោផងដែរ។

លោកបន្តថា កន្លងមកក្រសួងបានស្នើដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់ទៅលើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់កាប់ដីធ្លី ឬប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីធ្លី ឬបញ្ជាក់នៅលើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ នៃដែនសមត្ថកិច្ចរបស់ខ្លួន ។

លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានលើកឡើងផងដែរថា មានភ្ញៀវមួយចំនួនចង់បានដីធ្លី ដែលមានតម្លៃទាប ដោយទិញពីពលរដ្ឋ ហើយអ្នកគួកជេឬអ្នកនាំភ្ញៀវទិញដី ដោយមិនមានវិជ្ជាជីវៈក៏ណែនាំទិញដីពីពលរដ្ឋ ដោយមិនមានប្លង់ច្បាស់លាស់។

លោកបន្តថា “ដូច្នេះក្នុងនាមលោកជាភ្នាក់ងារមួយរូប សូមស្នើឱ្យវិនិយោគិនក៏ដូចជាពលរដ្ឋដែលចង់ទិញនៅកំពត សូមពិនិត្យមើលឯកសារ និងប្លង់ត្រឹមត្រូវ បើមិនបានពឹងពាក់ក្រុមហ៊ុន ឬអ្នកមានវិជ្ជាជីវៈទិញលក់ត្រឹមត្រូវនោះ ពីព្រោះបើសិនជាទិញដីដែលមិនមានប្លង់ត្រឹមត្រូវ នឹងធ្វើឱ្យអ្នកទិញខាតបង់ទាំងថវិកា និងពេលវេលាទៀតផង”៕

ដំណឹងល្អៈសម្តេចតេជោនឹងប្រកាសបើកទទួលទេសចរណ៍សុវត្ថិភាពនាពេលឆាប់ៗនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា នាពេលខាងមុខឆាប់ៗនេះ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីការបើកទេសចរណ៍សុវត្ថិភាពនេះជាផ្លូវការ ដោយកាលពីពេលកន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហើបម្ដងរួចមកហើយដែរ អំពីការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនេះ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក Koo Taeoh អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កាលពីល្ងាចថ្ងៃទី២១ កញ្ញាកន្លងមកនេះ។

លោកថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព”។ លោកបានបញ្ជាក់ទៀតថា តាមគម្រោងដូចដែលសម្តេចតេជោបានមានប្រសាសន៍ គឺចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជានោះ នឹងតម្រូវឱ្យធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងតំបន់ទេសចរណ៍ ឬគោលដៅទេសចរណ៍ជាក់លាក់ណាមួយដែលមានសុវត្ថិភាព ពោលគឺជាតំបន់ដែលគ្មានការរាតត្បាតពីជំងឺកូវីដ-១៩។

ដូច្នេះហើយទើបលោករដ្ឋមន្ត្រី បានគាំទ្រឱ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ត្រៀមលក្ខណៈឱ្យបានស្រេចបាច់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរពីអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាឡើងវិញ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យទេសចរណ៍នៅលើពិភពលោករួមទាំងកម្ពុជាផង។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩” និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩” និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី។

លោកបន្តថា “ក្រសួងទេសចរណ៍បានរៀបចំ ឯកសារផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩រួចហើយៗ ថែមទាំងបានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តផងដែរ”៕

ផ្សារបោះដុំ MAKRO គ្រោងបង្ហាញវត្តមាននៅតំបន់ពហុកីឡដ្ឋានមរតកតេជោនាពេលខាងមុខ

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ប្រភពព៌តមានច្បាស់ការណ៍បានឲ្យដឹងថា ក្រុមហ៊ុនបោះដុំមុខទំនិញដ៏ធំMAKRO គ្រោងបង្ហាញវត្តមាននៅតំបន់អភិវឌ្ឍន៍៍ នៃទីក្រុងតេជោមរកត(តំបន់ពហុកីឡដ្ឋានតេជោ)នាពេលខាងមុខនេះ។

បុគ្គលិកជាន់ខ្ពស់នៃផ្សារទំនើបMAKRO បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនបាននិងកំពុងរៀបចំ និងសិក្សាលើផែនការដែលគ្រោង បើកដំណើរការផ្សារនេះ នៅតំបន់អភិវឌ្ឍទីក្រុងរណប តេជោមរកតរបស់អ្នកឧកញ៉ាលី យ៉ុងផាត់នាពេលខាងមុខនេះ។

លោកបន្តថា នេះជាការពង្រីកទីផ្សារទី២នៅទីក្រុងភ្នំពេញ ដែលតំបន់នេះកំពុងមានការអភិវឌ្ឍលឿន និងកំពុងទាក់ទាញគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន ប្រណីតៗជាច្រើន ដែលបាននិងកំពុងទាក់ទាញប្រជាជន ដែលមានជីវភាពធូរធារ ចូលទៅរស់នៅតំបន់នេះកាន់តែច្រើននាពេលអនាគត។

បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនMAKROបានបើកផ្សារបោះដុំទំនិញ និងលក់រាយនូវផលិតផលប្រើប្រាស់ និងអាហារ២សាខាហើយ ដោយមួយមានទីតាំងនៅជិតផ្សារទំនើបAEON Mall2 និងសាខាមួយទៀតស្ថិតនៅក្នុងក្រុងសៀមរាប។ ផ្សារទំនើបដ៏ល្បីនេះត្រូវបានវិនិយោគរូមគ្នាដោយអ្នកឧកញ៉ាលី យ៉ុងផាត់ និងមហាសេដ្ឋីជំនួញរបស់ប្រទេសថៃ។

តំបន់អភិវឌ្ឍទីក្រុងតេជោមរកត បាននិងកំពុងក្លាយជារមណីយដ្ឋានដ៏ប្រណីតមួយនៅរាជធានីភ្នំពេញ ដោយបច្ចុប្បន្ននេះរៀងរាល់ពេលរសៀល ពិសេសថ្ងៃចុងសប្តាហ៍ប្រជាជនរស់នៅជុំវិញតំបន់នេះ និងមកពីតាមបណ្តាខេត្តបានមកទស្សនា កំសាន្តនៅទីលានវិមានឈ្នះ ឈ្នះ នៅសួនទឹកដ័ធំ និងកំសាន្តនៅសួនសតហវាសាហ្វារីវើលដ៏ និងពហុកីឡដ្ឋានមរតកតេជោ ដែលបានបញ្ចប់ការសាងសង់កាលពីពេលថ្មីៗនេះ ពិសេសមានការអញ្ជើញមកប្រគល់ ដោយផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ចិន គឺលោកវ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន ជូនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី១២កញ្ញាកន្លងមកនេះ។

ទោះជាយ៉ាងណាមន្រ្តី ផ្នែកច្បាប់របស់ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុនបានសិក្សាលើទីតាំងខាងលើ និងតំបន់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់សម្រេចជ្រើសរើសទីតាំងណានៅឡើយទេ៕

ក្រុមហ៊ុន Sky Angkor Airline គ្រោងវិនិយោគលើសេវាកម្មជិះទូកប្រពៃណីនៅកសិន្ទប្រាសាទអង្គរ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺ Sky Angkor Airline បានដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីរៀបចំសេវាកម្មជិះទូកកំសាន្តនៅកសន្ទប្រាសាទអង្គរ ជាផលិតផលថ្មីមួយសម្រាប់វិស័យទេសចរណ៍។

គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ នៅសៀមរាប-អង្គរនេះ ត្រូវបានលើកឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនកាលពីថ្ងៃទី២១ កញ្ញាកន្លងមកនេះ។

លោកថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែលោកក៏បានស្នើឱ្យមានការពិភាក្សាលម្អិតលើបញ្ហាអភិវឌ្ឍន៍ និងអភិរក្ស ពីព្រោះតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការយូណេស្កូផងដែរ។

គម្រោងវិនិយោគថ្មីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលដឹកនាំដោយលោក គូ ថេអូ (Koo Taeoh) អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន។

លោកគូ ថេអូអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline បានមាន​ប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline កំពុងពិចារណាគម្រោងជិះទូកប្រពៃណី នៅកសិន្ធុប្រាសាទអង្គរវត្ត នៃរមណីដ្ឋានអង្គរ។ ដូច្នេះហើយទើបក្រុមហ៊ុន ស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបាន។

លោកបន្តថា “ប្រសិនបើគម្រោងនេះអាចដំណើរការទៅបាន នឹងក្លាយជាផលិត​ផលទេសចរណ៍ថ្មី រួមចំណែកក្នុងទាក់ទាញទេសចរកូរ៉េ ក៏ដូចជាទេសចរចិនមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត ដែលអាចជួយដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការបើកទេសចរណ៍ឡើងវិញ”។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណតំណាង ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលបានគិតគូរដល់ការដាក់ចេញ នូវផលិតផលទេសចរណ៍ថ្មី សម្រាប់លើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងតំបន់រមណី ដ្ឋានអង្គរ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា តែយ៉ាងណាក្រសួងទេសចរណ៍ នឹងសហការសម្របសម្រួល ជាមួយក្រុមហ៊ុនបន្ថែមលើសំណើនេះ”។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩” និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប” ខណៈពេលបច្ចុប្បន្ន ក្រសួងទេសចរណ៍ក៏កំពុងរៀបចំឯកសារផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព ក្នុងដំណាក់កាលកូវីដ-១៩ ផងដែរ៕

ការសិក្សាៈវិស័យអចនលទ្រព្យផ្នែកពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិចនៅតែបន្ត មានស្ថេរភាព និងរឹងមាំ

ដោយៈសុជាតា

សឹង្ហបុរីៈ បើយោងតាមរបាយការណ៍សិក្សាថ្មីមួយ របស់ក្រុមហ៊ុនអន្តរជាតិCBRE បានបង្ហាញថា តំរូវការអាគារការិយាល័យទំនើបនៅតំបន់អាស៊ី ប៉ាស៊ីហ្ចិចបន្តធ្លាក់ចុះ ស្របពេលដែលអាគារការិយាល័យបែបប្រពៃណីបានកើនឡើង។

យោងតាមការសិក្សាដដែល ដែលបានធ្វើចំពោះអ្នកមានវិជ្ជាជីវៈប្រមាណ១៥៨ នាក់ នៅតាមបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅតែស្ថេរភាព និងត្រូវបានពង្រឹង ពោលគីកើនឡើង ក្នុងចំណោមបណ្តាប្រទេសធំៗដូចជា ប្រទេសចិន និង ប្រទេសឥណ្ឌាផងដែរ។

បើយោងតាមរបាយការណ៍ដដែលបានលើកឡើងថា បើទោះបីជាចរន្តទិញលក់ពីសំណាក់អតិថិជន មិនមានការផ្លាស់ប្តូរ ប៉ុន្តែការចុះមើលទីតាំង (site Viisite )ជាក់ស្តែងបានធ្លាក់ចុះ ដោយសារតែការត្រួតពិនិត្យជំងឺ កូវិដ ១៩ តឹងតែងនៅតាមប្រទេសអូស្រា្តលី អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន។

ក្នុងការសិក្សានេះ អ្នកឆ្លើយតបសរុបប្រមាណ៣៨ភាគរយ បានចង្អុលបង្ហាញថា ពួកគេត្រូវការទីកន្លែងអាគារជួលបន្ថែមទៀត នេះបើធៀនឹងខែសីហាកន្លងទៅនេះ។ចំនែក៥២ភាគរយ នៃអ្នកឆ្លើយតបបានផ្លាស់ប្តូរទីតាំងជួល និងសាងសង់ថ្មីឡើងវិញ។ចំណែ​ក​នៅសល់១០ភាគរយ គឺស្វែងរកអាគារដែលមានទំហំតូច និងតម្លៃទាបជាងមុន។

បើតាមរបាយការណ៍ដដែលនេះ បានបង្ហាញអោយដឹងថា ចំពោះការជួលអាគារការិយាល័យ បានប្រសើរឡើងវិញនៅខែកញ្ញានេះ ដោយសារតែតំរូវការកើនឡើងនៅចំណោមបណ្តា ដែលមានសេដ្ឋកិច្ចលូតលាស់លឿន ដូចជា ប្រទេសចិន ឥណ្ឌា និង តំបន់អាស៊ីអាគ្នេយ៍ជាពិសេស ប្រទេសសិង្ហបុរី៕

សម្តេចតេជោៈកម្ពុជាមានលទ្ឋភាពអាចបានបំពេញលក្ខខ័ណ្ឌUNក្នុងឋានៈជា ប្រទេសអភិវឌ្ឍន៍តិចតួច

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា តាមការវាយចុងក្រោយរបស់អង្គការសហប្រជាជាតិ (UN) ដែលធ្វើឡើងនៅរៀងរាល់៣ឆ្នាំម្តងបង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌ ដែលអាចចាត់ទុកថារួចផុតពីឋានៈ ជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។

ការលើកឡើងរបស់សម្តេចតេជាយ៉ាងដូច្នេះ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោហ៊ុន សែនបានបន្តថា អស់រយៈពេលជាងពីរទស្សវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមប្រមាណ៧ភាគរយ ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះ បានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ហើយអាចនឹងឈានទៅសម្រេចបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោបញ្ជាក់ថា តាមការវាយតម្លៃចុះក្រោយ របស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅរៀងរាល់៣ឆ្នាំម្តង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌ ដែលអាចចាក់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច”។

សម្តេចតេជោបន្តថា ជាការកត់សម្គាល់ បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏អាត្រាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ ឆ្នាំ២០២១ រំពឹងថានឹងអាចងើប ឡើងមកវិញស្ថិតនៅក្នុងរង្វង់២.៥ភាគរយ បន្ទា​ប់ពីមានការធ្លាក់ចុះក្នុងកម្រិត-១,៩% ក្នុងឆ្នាំ២០២០៕

 

ព្រឹទ្ធសភាគាំទ្រច្បាប់ស្ដីពីវិនិយោគរបស់រាជរដ្ឋាភិបាលដើម្បីបង្កើនរំហូរ វិនិយោគកាន់តែច្រើន

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីបង្កើនរំហូរវិនិយោគ នៅក្នុងប្រទេសកម្ពុជាទាំងវិនិយោគិនជាតិ និងអន្តរជាតិ ព្រឹទ្ធសភាជាតិកម្ពុជាបានប្រកាសគាំទ្រច្បាប់ស្ដីពីវិនិយោគ ដែលបានស្នើឡើងដោយរាជរដ្ឋាភិបាល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី២១កញ្ញា២០២១នេះ ។

លោកម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាកាលពីថ្ងៃទី២១ កញ្ញា បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតកែប្រែចំនួន៣៨សំឡេងនៃចំនួនសមា​ជិក ព្រឹទ្ធសភាទាំងមូល។

លោកបន្តថា “សេចក្ដីព្រាងច្បាប់នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រ​ទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគនៅក្នុងស្រុក និងក្រៅប្រទេសបានកាន់តែច្រើនបន្ថែមទៀត”។

ជាមួយគ្នានេះ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេស កកម្មពិសេស អនុប្រធានក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា សេចក្តីព្រាង ច្បាប់នេះតាក់តែងឡើងក្នុងគោលបំណងបង្កើតនូវក្រប ខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមា ណទុកជាមុនបានប្រកប ដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយ គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតរបបលើក ទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោល នយោបាយសង្គម សេដ្ឋកិច្ច។

លោកបន្តថា ការងារជាអាទិភាពចម្បងៗនៅក្នុងច្បាប់នោះ រួមមានដូចជា ទី១ ការធ្វើទំនើបកម្ម ការបង្កើនផលិតភាព នៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។

ទី២ ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនា សម្ព័ន្ធសេដ្ឋកិច្ច អាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់និងសកលលោក។ ការផ្តល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់ ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យ​ភាពស្របទៅនឹងផលប្រយោជន៍ជាតិ ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១២ជំពូក និង៤២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា- ណាចក្រកម្ពុជាអនុម័តយល់ ព្រមជាលើកដំបូងចំនួន៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦៕

ក្រសួងសាធារណៈការគ្រោងសិក្សាដើម្បីសាងសង់ផ្លូវដែកទៅកាន់កំពង់ផែ ស្វយ័ត្នភ្នំពេញ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាផ្លូវរថភ្លើង តភ្ជាប់ទៅកាន់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ច។​

គម្រោងវិនិយោគនេះ ត្រូវបានលើកឡើង នៅគ្រាដែលចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញកើនឡើង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ក្នុងពិធីសម្ភោធដាក់ឲម្យប្រើប្រាស់ចំណតផែកុងទីណ័រLM17កាលពីថ្ងៃទី២០ កញ្ញាកន្លងមក ដោយបានណែនាំ ឱ្យមន្រ្តីជំនាញពាក់ព័ន្ធ សិក្សាផ្លូវដែកតភ្ជាប់មកកំពង់ផែស្វយ័តភ្នំពេញ។

លោកបន្តថា “ត្រូវតែពិចារណាសិក្សាមើល ការតភ្ជាប់ពីផ្លូវដែករបស់យើងនេះ ដែលមានស្រាប់ មកកំពង់ផែបានឬមិនបាន ឬតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេស ដែលកំពង់ផែស្វយ័ត មានទីតាំងរបស់ខ្លួន”។

​លោកស៊ុន ចាន់ថុល បានស្នើមន្រ្តីពិនិត្យលើកការជួសជុលផ្លូវដែក តភ្ជាប់ទៅគីឡូលេខ៦ ក្នុងខណ្ឌឬស្សីកែវឡើងវិញផងដែរ ដែលជាចំណតផែរណប ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈ  កាត់បន្ថយភាពកកស្ទះចរាចរណ៍៕