ព្រះលានយន្តហោះតារាសាគរត្រៀមបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១ខាងមុខ

ដោយៈសុជាតា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល បានលើកឡើងថា តំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរនៅខេត្តកោះកុង ត្រៀមនឹងបញ្ចប់ការងារសាងសង់ក្នុងខែតុលាខាងមុខនេះ និងការត្រៀមបើកដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

នៅក្នុងជំនួបរវាងលោកម៉ៅ ហាវណ្ណាល់រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងតំណាងក្រុមហ៊ុនសាងស ង់ព្រះលានយន្តហោះអន្តរជាតិ នៅព្រឺកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ នេះ តំណាងក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិន បានលើកឡើងពីការងារដែលនៅសេសសល់ និងបញ្ហាប្រឈមមុខនានាផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោកម៉ៅ ហាវណ្ណាល់ បានឯកភាពក្នុងការត្រៀមបញ្ចប់ការសាងសង់ និងការដាក់ឱ្យដំណើរការសាកល្បងស្រប តាមលក្ខណៈបច្ចេកទេស ចំពោះការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងត្រូវធ្វើនៅពេលក្រោយតាមពេលវេលាសមស្របណាមួយ។

តាមផែនការគម្រោងព្រលានយន្តហោះនេះ ត្រូវចំណាយទឹកប្រាក់ប្រមាណ២០០ លានដុល្លារ ដោយគម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និង ទទឹង៦០ម៉ែត្រ និងស្ថានីយអ្នកដំណើរ។ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុញ្ញាតអោយយន្តហោះធុនយក្ស ប្រភេទប៊ូអីង៧៧៧ និង Airbus  A340  បានចុះចតបាន។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុនចិនដែលមានឈ្មោះថា Tianjin Union Development Group  គឺជាផ្នែកមួយនៃគម្រោងតំបន់វិស្សមកាលតារសាគរតម្លៃរាប់ពាន់លានដុល្លារ៕

ធនាគារពិភពលោកបោះទុន៥៤លានដុល្លារវិនិយោគលើគំរោងនិរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

        ដោយៈ ឧត្តម

        ភ្នំពេញៈ ធនាគារពិភពលោក បានបោះទុនវិនិយោគ៥៤លានដុល្លារអាមេរិក លើគំរោងននិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ(CSLEP) នៅខេត្តរាជធានី ខេត្តចំនួន៧ ដោយផ្តោតលើតំបន់អេកូទេសចរណ៍ចំ​នួន១៦កន្លែង។

គម្រោង CSLEP ដែលមានទំហំចំណាយ៥៤លានដុល្លារអាមេរិក តំណាងឱ្យការវិនិយោគវិស័យទេសចរណ៍ ធំបំផុតរបស់ធនាគារពិភពលោក (World Bank) នៅកម្ពុជា​។ គម្រោងផ្តួចផ្តើមដែលមានរយៈពេល៥ឆ្នាំនេះ នឹងគ្របដណ្ដប់លើខេត្តចំនួន៧ ដោយរួមបញ្ចូលទាំងជួរភ្នំក្រវាញ ដែលមានព្រៃនាំទឹកភ្លៀង គ្មានអ្នកប៉ះពាល់ធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ ព្រៃលិចទឹកនៅបឹងទន្លេសាប និងភ្នំគូលែន ស្ថិតក្នុងខេត្តសៀមរាបផងដែរ។

រហូតមកដល់ពេលនេះ គម្រោងCSLEP បានកំណត់ទីតាំងអេកូទេសចរណ៍ចំនួន១៦កន្លែង ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថវិកានៃគម្រោងនេះនឹងត្រូវចំណាយទៅលើការកែលម្អផ្លូវ ចូលទៅកាន់តំបន់ដាច់ស្រយាលទាំងនេះ ដោយអភិ​វ ឌ្ឍផ្លូវឡើងភ្នំ ផ្លូវជិះកង់ និងមជ្ឈមណ្ឌលទេសចរណ៍ ហើយបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានផ្នែកបដិសណ្ឋារកិច្ច ការគ្រប់គ្រងសំរាម និងការយល់ដឹងអំពីសំរាម។

នៅទីបំផុត ផ្ទះសំណាក់បែបធម្មជាតិ នឹងត្រូវសាងសង់ឡើង ប៉ុន្តែជាដំបូងនឹងលេចចេញជំរំបោះតង់សិន។

គម្រោងសាកល្បងចំនួន៣ នឹងចាប់ផ្តើមអនុវត្តកម្មវិធី CSLEP ដូចជាតំបន់ទេសច​រណ៍ទឹកធ្លាក់ជ្រាវ ក្នុងខេត្តកំពង់ស្ពឺ តំបន់ទេសចរណ៍ច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ និងភូមិអន្លង់ធំ ស្ថិតក្នុងឧទ្យានជាតិភ្នំគូលែន កន្លែងដែលកម្មវិធីភ្នំគូលែន ដែលទទួលបានជំនួយពីអង្គការ NGO Archaeology and Development Foundation បានដំណើរការតាំងពីឆ្នាំ២០០៨។

លោក JB Chevance នាយកអង្គការ NGO Archaeology and Development Foundation មានប្រសាសន៍ថា “យើងលាយបញ្ចូលគ្នានូវការអភិរក្ស ការអភិវឌ្ឍ និងការស្រាវជ្រាវបុរាណវិទ្យា។ ហើយមានសហគមន៍ក្រីក្រខ្លាំងរស់នៅទីនេះ”។

ជាមួយគ្នានេះ លោក Bill Barnett នាយកគ្រប់គ្រងក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ ផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិ C9 Hotelworks មានប្រសាសន៍ថា វាពិតជាចាំបាច់ណាស់ ដែលសហគមន៍នានា ត្រូវបានដាក់បញ្ចូលជាចំណុចស្នូលនៃកម្មវិធីផ្ដួចផ្ដើមបែបនេះ។

លោកបានពន្យល់ថា “ត្រូវឱ្យសហគមន៍នានាចូលរួម ហើយធ្វើការជាមួយពួកគេ។ ការធ្វើដូច្នេះនឹងជួយបញ្ចៀសការទន្ទ្រានចូល ការបរបាញ់សត្វ និងការកាប់ឈើខុសច្បាប់។ នៅចុងបញ្ចប់ ប្រទេសកម្ពុជា នឹងមិនចាំបាច់ពឹងផ្អែកលើក្រុងសីហនុ ឬមជ្ឈមណ្ឌទេសចរណ៍ដែលផ្ដោតលើល្បែងស៊ីសង ដែលសម្រាប់តែជនបរទេសទៀតឡើយ”។នេះបើតាមSouth China Morning Post។

លោក Nick Ray អ្នកប្រឹក្សាយោបល់ផ្នែកវិស័យទេសចរណ៍សម្រាប់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” (Cambodia Sustainable Landscape and Ecotourism Project) ហៅកាត់ CSLEP មានប្រសាសន៍ថា “អេកូទេសចរណ៍ កំពុងបោះជំហានឆ្ពោះទៅមុខទូទាំងពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់នៅកម្ពុជា”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ការរីករាលដាលវីរុសកូវីដ-១៩ បានផ្លាស់ប្តូរស្ថានភាពនេះកាន់តែខ្លាំង នៅពេលមនុស្សចាប់ផ្ដើមងាកទៅស្វែងរកកន្លែងវាលៗ ដែលមិនមានការបិទជិត ដើម្បីជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ហើយពួកគេរីករាយនឹងដំណើរកម្សាន្តដើម្បីគយគន់សម្រស់ធម្មជាតិ។

គម្រោងសាកល្បងចំនួន៣ នឹងចាប់ផ្តើមអនុវត្តកម្មវិធី CSLEP ដូចជាតំបន់ទេសច​រណ៍ទឹកធ្លាក់ជ្រាវ ក្នុងខេត្តកំពង់ស្ពឺ តំបន់ទេសចរណ៍ច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ និងភូមិអន្លង់ធំ ស្ថិតក្នុងឧទ្យានជាតិភ្នំគូលែន កន្លែងដែលកម្មវិធីភ្នំគូលែន ដែលទទួលបានជំនួយពីអង្គការ NGO Archaeology and Development Foundation បានដំណើរការតាំងពីឆ្នាំ២០០៨។

លោក Bill Barnett នាយកគ្រប់គ្រងក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ ផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិ C9 Hotelworks មានប្រសាសន៍ថា វាពិតជាចាំបាច់ណាស់ ដែលសហគមន៍នានា ត្រូវបានដាក់បញ្ចូលជាចំណុចស្នូលនៃកម្មវិធីផ្ដួចផ្ដើមបែបនេះ។

លោកបានពន្យល់ថា “ត្រូវឱ្យសហគមន៍នានាចូលរួម ហើយធ្វើការជាមួយពួកគេ។ ការធ្វើដូច្នេះនឹងជួយបញ្ចៀសការទន្ទ្រានចូល ការបរបាញ់សត្វ និងការកាប់ឈើខុសច្បាប់។ នៅចុងបញ្ចប់ ប្រទេសកម្ពុជា នឹងមិនចាំបាច់ពឹងផ្អែកលើក្រុងសីហនុ ឬមជ្ឈមណ្ឌទេសចរណ៍ដែលផ្ដោតលើល្បែងស៊ីសង ដែលសម្រាប់តែជនបរទេសទៀតឡើយ”៕  South China Morning Post៕

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមBamboo Airways ចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីន យន្តហោះតម្លៃ២ពាន់លានដុល្លារ

ដោយៈសុខុម

ហាណូយ: ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways នឹងចុះកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជិត២ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអាមេរិក General Electric ដើម្បីទិញម៉ាស៊ីន GEnx សម្រាប់បំពាក់លើយន្តហោះ Boeing 787-9 Dreamliner។

ក្រុមហ៊ុន Bamboo Airways បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ ទី២១ កញ្ញា នេះថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាក្នុងសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ នេះក្រោមវត្តមានប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក។

ក្រុមហ៊ុននេះនិយាយថា ម៉ាស៊ីន GEnx ដែលនឹងត្រូវប្រគល់ជូននៅឆ្នាំ២០២២ គឺសម្រាប់បំពាក់លើយន្តហោះ Boeing 787-9 Dreamlinerរបស់ខ្លួន។ យន្តហោះដែលមានតួធំទូលាយទាំងនេះ គ្រោងធ្វើការហោះហើរដោយមិនឈប់សំចត តាមផ្លូវរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា “ការចុះកិច្ចព្រមព្រៀងថ្មីនេះ គឺជាសមិទ្ធផលដ៏ធំមួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដើម្បីពង្រីកបណ្តាញហោះហើរឆ្លងទ្វីបរបស់ខ្លួន ដោយតភ្ជាប់ប្រទេសវៀតណាម ជាមួយទីផ្សារហោះហើរចម្ងាយមធ្យម និងចម្ងាយឆ្ងាយ”។

ក្រុមហ៊ុនអាកាសចរណ៍នេះបញ្ជាក់ថា ខ្លួននឹងបើកការិយាល័យតំណាងមួយនៅសហរដ្ឋអាមេរិក ហើយនឹងចុះកិច្ចព្រមព្រៀងជាមួយ អាកាសយានដ្ឋានអន្តរជាតិក្រុងសានហ្វ្រានស៊ីស្កូ (San Francisco International Airport) និងអាកាសយានដ្ឋានអន្តរជាតិក្រុងឡូសអែនជើឡេស (Angeles International Airport) នៅសប្តាហ៍នេះ ដោយត្រួសត្រាយផ្លូវ សម្រាប់ការសាកល្បងជើងហោះហើរ មិនឈប់សំចតលើកដំបូងរវាងប្រទេសទាំងពីរនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

ក្រុមហ៊ុននេះនិយាយទៀតថា ខ្លួនមានបំណងបង្ហើយនីតិវិធី សម្រាប់ជើងហោះហើរពាណិជ្ជកម្ម ដែលមិនឈប់សំចតទៅកាន់សហរដ្ឋអាមេរិក នៅដើមឆ្នាំក្រោយ ដោយរង់ចាំតែការអនុម័តពីរដ្ឋាភិបាលបុណ្ណោះ។

ក្រុមហ៊ុននេះក៏បង្ហើបឱ្យដឹងដែរថា ខ្លួនកំពុងព្យាយាមពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន ហើយនឹងបើកផ្លូវហោះហើរបន្ថែមទៀត ទៅកាន់ប្រទេសអូស្ត្រាលី អង់គ្លេស និងអាល្លឺម៉ង់ ដោយប្រើប្រាស់យន្តហោះ Boeing 787-9 Dreamliner របស់ខ្លួន៕ Reuters៕

រដ្ឋាភិបាលអនុម័តគម្រោងអភិវឌ្ឍន៍តម្លៃជាង២២លានដុល្លារអាមេរិកលើគំរោង វិនិយោគចំនូន៤

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២១ កញ្ញា២០២១នេះ ឱ្យដោយដឹងថា ខ្លួនបានសម្រេចចេញវិញ្ញាបនបត្រជូនក្រុមហ៊ុនវិនិយោគចំនួន៤គម្រោងបន្ថែមទៀត នៅខេត្តព្រះសីហនុងនិងបន្ទាយមានជ័យ ។

យោងតាមសេចក្តីឱ្យដឹងថា គម្រោងទាំងនោះ៤នោះ មានទឹកប្រាក់វិនិយោគសរុបប្រមាណជាង២២លានដុល្លារអាមេរិក និងបង្កើតការងារជាង៥០០កន្លែងដល់ពលរដ្ឋក្នុងប្រទេសកម្ពុជាផងដែរ។

គម្រោងទាំងនោះនោះរួមមាន ទី១ គម្រោងបង្កើតរោងចក្រផលិតក្តាបន្ទះ ក្តាប៉ាកេ

គ្រឿងសង្ហារឹម គ្រឿងបង្គុំគ្រឿងសង្ហារឹម សម្ភារៈតុបតែងពីបន្ទះឈើ និងដុំកម្ទេចឈើរបស់ក្រុមហ៊ុន “MOUNTAIN FOREST PRODUCT CO., LTD.” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង។

ទី២ គម្រោងបង្កើតរោងចក្រផលិតទ្វា បង្អួច និងផលិតផលធ្វើអំពីអាលុយមីញ៉ូម របស់ក្រុមហ៊ុន KINGMALL INDUSTRIAL (CAMBODIA) CO., LTD.មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៥,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២០កន្លែង។

ទី៣ គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តរបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទុនវិនិយោគប្រមាណ ៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៥កន្លែង និងទី៤ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុន CAMBODIAN BIRCHEVER FURNITURE CO., LTD.”ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង៕

យុវនិស្សិតកម្ពុជា មួយក្រុមផលិតដ្រូនដឹកមនុស្សបានជោគជ័យ ល្បីដល់សារព័ត៌មានអន្តរជាតិ

សុខុម

ភ្នំពេញ: ផ្ដើមចេញពីគំនិតចង់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ យុវនិស្សិតកម្ពុជា មួយក្រុមបានឌីហ្សាញយន្តហោះដ្រូន (Drone) ម៉ូតគំរូដែលដឹកមនុស្សបានដោយជោគជ័យ ល្បីដល់សារព័ត៌មានអន្តរជាតិ CNA យកទៅចុះផ្សាយពាសពេញពិភពលោកនៅថ្ងៃទី២១ កញ្ញា នេះ។

យុវជនវ័យទំពាំងស្នងឫស្សីដ៏មានសមត្ថភាពទាំងនេះសង្ឃឹមថា នៅថ្ងៃណាមួយដ្រូនដែលពួកគេផលិតនឹងអាចយកទៅប្រើប្រាស់សម្រាប់ដឹកមនុស្សទៅមកជុំវិញរាជធានីភ្នំណេញ និងសូម្បីជួយដល់បេសកកម្មពន្លត់អគ្គិភ័យថែមទៀតផង។

ដ្រូនដែលមានកង្ហារចំនួន៨ និងប្រើប្រាស់កៅអីសាលាសម្រាប់ធ្វើជាកៅអីអ្នកបើកនេះ ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។ នេះអាចចាត់ទុកបានថាជាមោទនភាពសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលកូនខ្មែរ មានសមត្ថភាពផលិតដ្រូនដឹកមនុស្សបាន។

យុវនិស្សិត លន់ វណ្ណសិទ្ធ អាយុ២១ឆ្នាំដែលជាអ្នកបញ្ជាដ្រូននេះនិយាយថា “ពេលយើងឃើញដ្រូននេះហោះដោយគ្មានអ្នកបើក វាដូចញ័រខ្លាំង ប៉ុន្តែពេលខ្ញុំឡើងអង្គុយលើវា ហើយបញ្ជាឱ្យហោះហើរ វារាងនឹងជាងមុន ហើយខ្ញុំពិតជារំភើបខ្លាំងមែនទែន”។

យុវជនរូបនេះនិយាយទៀតថា “ពួកយើងចង់ចូលរួមដោះស្រាយបញ្ហាខ្លះសម្រាប់សង្គមរបស់យើងតាមរយៈការផលិតដ្រូនសម្រាប់ដឹកមនុស្ស និងផលិតដ្រូនសម្រាប់ក្រុមពន្លត់អគ្គិភ័យ”។

យុវជនទាំងនេះសង្ឃឹមថា ដ្រូននេះនឹងអាចហោះដល់ជាន់ខាងលើនៃអគារដើម្បីនាំយកទុយោបាញ់ទឹកបន្លត់អគ្គិភ័យ ជាពិសេសនៅកន្លែងដែលរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់។

ដ្រូនម៉ូតគំរូនេះអាចផ្ទុកអ្នកបើកបរបានម្នាក់ដែលមានទម្ងន់៦០គីឡូក្រាម និងអាចហោះបានចម្ងាយ១គីឡូម៉ែត្រក្នុងរយៈពេល១០នាទី។ ពួកគេបានចំណាយពេល៣ឆ្នាំនៅក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍដ្រូននេះឡើង ហើយបានចំណាយប្រាក់អស់ប្រមាណ២០.០០០ដុល្លារអាមេរិក សម្រាប់ការផលិតវាឡើង។

នៅពេលសាកល្បង ដ្រូននេះអាចហោះបានកម្ពស់ត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រុមនិស្សិតវ័យក្មេងនេះសង្ឃឹមថា នៅទីបំផុតវានឹងហោះបានខ្ពស់ឆ្ងាយជាងនេះ។

លោក សារិន សិរីវត្ថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា គម្រោងនេះត្រូវបានពន្យារពេលដោយសារការបិទខ្ទប់អំឡុងការរីករាលដាលវីរុសកូវីដ-១៩ ហើយក៏ដោយសារតែគ្រឿងបង្គុំមួយចំនួនដូចជាកង្ហារ និងគ្រោងឆ្អឹងដ្រូនជាដើមត្រូវបញ្ជាទិញពីបរទេសផងដែរ។

ក្រុមនេះមានគម្រោងកែលម្អការរចនាដ្រូននេះដើម្បីឱ្យវាអាចទ្រទម្ងន់បានបន្ថែមទៀត ព្រមទាំងហោះហើរបានកាន់តែខ្ពស់ និងមានលំនឹងកាន់តែល្អនៅពេលហោះកាន់តែខ្ពស់។

លោក សារិន សិរីវត្ថា បានគូសបញ្ជាក់ថា “ជាគោលការណ៍ ប្រសិនបើយើងផលិតដ្រូនមួយគ្រឿង ថ្លៃចំណាយខ្ពស់ណាស់ ប៉ុន្តែបើយើងផលិតវាទ្រង់ទ្រាយធំសម្រាប់លក់នៅលើទីផ្សារ ការចំណាយនឹងធ្លាក់ចុះ”៕ CNA

ព្រឹទ្ធសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ចំនួនពីរ

        ដោយៈវឌ្ឍ​នៈ

ភ្នំពេញៈ សេចក្ដីព្រាងច្បាប់ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីររួមមានសេចក្តី ព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិន ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុងនៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ នីតិកាលទី៤កាលពីថ្ងៃទី២០កញ្ញា២០២១។

លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំ គណៈប្រតិភូអន្តរក្រសួ​ងចូលរួមកិច្ចប្រជុំការពារ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ រួមទាំងសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២នោះផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះលោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបអំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ នៃសេចក្តីព្រាងច្បាប់ទាំងនេះផងដែរ។

១. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)

– ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។

– អាចឈានដល់បង្កើតបានទីផ្សារចំនួន២,២ពាន់លាននាក់ ឬ៣០%នៃចំនួនប្រ ជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នា ប្រមាណ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ៣០%នៃផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

– កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោក អំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរី ពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែក ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិសកូវីដ-១៩។

– ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

២. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

– ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។

– ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំ ក្នុងវិស័យសេវាកម្មនាពេលអនាគត។

– ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជា បានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។

– ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។

– ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធី ទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

– ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម៕

មូលដ្ឋានសំខាន់ចំនួន៥ គួរសិក្សាលើនិតិវិធីនៃការផ្ទេរកម្មសិទ្ឋអចលនវត្ថុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការផ្ទេរកម្មសិទ្ឋអចលនទ្រព្យ ហាក់មានភាពស្មុគ្រស្មាញបន្តិច និងធ្វើឡើងច្រើនដំណាក់កាល ដែលប្រជាពលរដ្ឋគួរសិក្សាស្វែងយល់ ដើម្បីបញ្ចៀសហានិភ័យលើអចលនទ្រព្យរបស់ខ្លួន។

យោងតាមឯកសាររបស់រដ្ឋបាលសូរិយោដី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន៥ ដំណាក់កាលរួមមានដូចជា

១. បំពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិ​បាល ដោយមានសាក្សីមកជាមួយផង។

គូភាគី ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)
លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)
អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)
សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)
ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)
និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។

២. ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារ នៅការិយាល័យភូមិបាលរួចរាល់ ម្ចាស់ដី ត្រូវយកឯកសារ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។

៣.កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។

៤. សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
យោងតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មានការផ្ទេរសិទ្ធិខ្លះ គឺមិនជាប់ពន្ធនោះទេ ដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖

ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់ តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។

ប៉ុន្តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណ​ត់ហេតុរួចរាល់ហើយ (ដំណាក់កាលទី ៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យ ត្រូវជាប់ពន្ធ ៤% ទាំងប្លង់រឹង និងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ច ត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។

រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
រវាងប្តី និងប្រពន្ធ
រវាងយាយ-តាបង្កើតនិងចៅបង្កើត

៥. ចារឹកឈ្មោះលើប្លង់ដី
កិច្ចបង្ហើយ បន្ទាប់ពីបង់ពន្ធរួច សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវយកឯកសារទាំងអស់ មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដី។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិ នៅពេលនីតិវិធីទាំងអស់បានបញ្ចប់។

ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុកខណ្ឌ។  លោកអ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យ ដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី៕

អ្នកជំនាញហិរញ្ញវត្ថុបង្ហាញពីរូបមន្តលំហូរសាច់ប្រាក់សម្រាប់ទិញផ្ទះ ដើម្បីជៀសវាងសម្ពាធផ្នែកហិរញ្ញវត្ថុ

ដោយៈលក្ខិណា

ភ្នំពេញៈ អ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជា បានបង្ហាញពីរូបមន្តមួយក្នុងការទិញផ្ទះតាមលទ្ធភាព ដើម្បីគេចផុតពីវិបត្តិហិរញ្ញវត្ថុនៅពេលអនាគត។

លោកង៉ែត ជូជាអ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកជំនាញហិរញ្ញវត្ថុនៅកម្ពុជា​មួយរូបបានបង្ហាញពីរូបមន្ត៣០/ ៣០/៣ ក្នុងការទិញផ្ទះរស់នៅ ដោយសេរីភាពហិរញ្ញវត្ថុ ។

តើរូបមន្ត៣០/៣០/៣ជាអ្វី និងត្រូវអនុវត្តន៍បែបណា ដែលលោកជូបានលើកឡើង?
គោលការណ៍ទី១
ចំនួនប្រាក់បង់រំលស់ប្រចាំខែ មិនគួរលើសពី៣០% នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធ រកបានចំណូល១៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី៤៥០ដុល្លានោះទេ។

គោលការណ៍ទី២
បើទោះជាមានគំរោងបុរីជាច្រើន មិនតម្រូវឱ្យមានបង់ប្រាក់ដំបូងក៏ដោយ អ្នកគួរសន្សំប្រាក់ឱ្យបាន៣០ភាគរយនៃតម្លៃផ្ទះ ជាមុនសិនមុននឹងសំរេចចិត្តទិញផ្ទះ។

ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ៦ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់អោយបានយ៉ាងតិច១៨.០០០ដុល្លាជាមុនសិន។ ធ្វើដូច្នេះ ជួយអោយអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែ ក្នុងកំរិតទាបតាមគោលការណ៍ទី១។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារ ដែលជាទូទៅមានអត្រាការប្រាក់ទាប ជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គំរោង។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារ បានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។

គោលការណ៍ទី៣
តម្លៃផ្ទះដែលអ្នកទិញសំរាប់នៅ មិនគួរមានតម្លៃលើសពី៣ដង នៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល១ខែ១៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល១៨,០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសំរាប់រស់នៅ មិនគួរមានតម្លៃលើសពី៥៤,០០០ដុល្លានោះទេ (របៀបគណនា៖ ១៨០០០ដុល្លា គុណនឹង៣)។

ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកគ្រាន់តែជាអ្នកធ្វើការធម្មតា (គ្មានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ) ខ្ញុំជូនជាយោបល់ថា អ្នកគួរប្រកាន់យកគោលការណ៍ទាំង៣ខាងលើ ដើម្បីកុំឱ្យមានសម្ពាធផ្នែកហិរញ្ញវត្ថុ និងអាចសន្សំប្រាក់បានខ្លះយកទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃ ដើម្បីបានជាបទពិសោធន៍។

ផ្ទុយទៅវិញ ប្រសិនបើអ្នក និងដៃគូរបស់អ្នកជាមនុស្សមានទេពកោសល្យ ជាសហគ្រិន ឬជាអ្នកវិនិយោគ អ្នកគួរបង្កើតអាជីវកម្ម ឬវិនិយោគ ដើម្បីទទួលបានជាប្រាក់ចំណេ ញសិនមុននឹងសំរេចចិត្តទិញផ្ទះនៅ។ ធ្វើដូច្នេះបើទោះជាមានហានិភ័យខ្ពស់ ជាងការអនុវត្តគោលការណ៍ទាំង៣ខាងលើ។

អ្នកក៏អាចមានលទ្ធភាពទិញផ្ទះបាន នៅដោយមិនចំណាយពេលច្រើនដែរ ប្រសិ​នបើការធ្វើអាជីវកម្ម ឬការវិនិយោគទទួលបានជោគជ័យ ៕

ក្រុមអ្នកស្រាវជ្រាវកម្ពុជា ចុះបេសកកម្មពិសេសដើម្បីសិក្សាស្រាវជ្រាវរកប្រភពដើមនៃវីរុសកូវីដ-១៩

ដោយៈសុខុម

ស្ទឹងត្រែង: ក្រុមអ្នកស្រាវជ្រាវកម្ពុជា កំពុងប្រមូលសំណាកពីសត្វប្រចៀវនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរកប្រភពដើម នៃវីរុសកូវីដ-១៩ ដោយពួកគេ បានចុះទៅតំបន់មួយដែលវីរុសស្រដៀងកូវីដ-១៩ ត្រូវបានរកឃើញកាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២០ កញ្ញា នេះ។

សំណាកចំនួន២ដែលយកពីប្រចៀវសេះស (Horseshoe bat) ត្រូវបានប្រមូលក្នុងឆ្នាំ២០១០ នៅខេត្តស្ទឹងត្រែងជិតព្រំដែនប្រទេសឡាវ ហើយត្រូវបានរក្សាទុកក្នុងទូក្លាស្សេនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ការធ្វើតេស្តិ៍លើសំណាកទាំងនោះ កាលពីឆ្នាំមុនបានបង្ហាញថា វាជាពូជសត្វប្រ​ចៀវមានទំនាក់ទំនងស្និទ្ធនឹងវីរុសកូវីដ-១៩ ដែលបានផ្ដាច់ជីវិតមនុស្សអស់ជាង៤,៦លាននាក់នៅទូទាំងពិភពលោក។

ក្រុមស្រាវជ្រាវមកពីវិទ្យាស្ថានប៉ាស្ទ័រ ដែលមានគ្នា៨នាក់ បាននិងកំពុងប្រមូលសំណាកពីសត្វប្រចៀវ ដើម្បីសិក្សាពីអម្បូរ ភេទ អាយុរបស់ពួកវា និងព័ត៌មានលម្អិតផ្សេងៗទៀត។ ការសិក្សាស្រាវជ្រាវស្រដៀងគ្នានេះ ក៏កំពុងធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ផងដែរ។

ស្ត្រីឈ្មោះ ហែម ថាវរី ដែលជាអ្នកសម្របសម្រួល កម្មវិធីចុះសិក្សាស្រាវជ្រាវផ្ទាល់ដែលទទួលបានជំនួយមូលនិធិពីបារាំង ខាងលើនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “យើងសង្ឃឹមថា លទ្ធផលទទួលបានពីការសិក្សានេះ អាចជួយឱ្យពិភពលោក ស្វែងយល់កាន់តែប្រសើរជាងមុនអំពីវីរុសកូវីដ-១៩”។

លោកវេជ្ជបណ្ឌិត ដួង វាសនា ប្រធានផ្នែកវិសាណូសាស្ត្រ (ការសិក្សាអំពីវីរុស) នៅវិទ្យាស្ថានប៉ាស្ទ័របានថ្លែងថា វិទ្យាស្ថានរបស់លោក បានចុះបេសកកម្មបែបនេះចំនួន៤លើករួចមកហើយ ក្នុងរយៈពេល២ឆ្នាំមកនេះ ដោយសង្ឃឹមថាទទួលបានតម្រុយអំពីប្រភពដើម និងការវិវឌ្ឍនៃវីរុសកូវីដ-១៩ ដែលបង្កដោយសត្វប្រចៀវ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “យើងចង់សិក្សាស្វែងយល់ថា តើវីរុសនេះនៅតែមាននៅទីនោះឬយ៉ាងណា និងដើម្បីដឹងថា តើវីរុសនេះមានការវិវឌ្ឍន៍យ៉ាងដូចម្តេច”។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសកាចសាហាវជាច្រើន ដែលមានប្រភពចេញពីសត្វប្រចៀវរួមមានដូចជាអេបូឡា (Ebola) និងវីរុសស្រដៀងកូវីដ-១៩ ផ្សេងៗទៀតដូចជាសា (SARS) និងមឺស (MERS) ជាដើម។

លោកវេជ្ជបណ្ឌិតដួង វាសនា បានមានប្រសាសន៍ថា “មនុស្សលោកគឺជាអ្នកទទួលខុសត្រូវ ចំពោះការសោកនាដកម្ម ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ព្រោះមនុស្សបានទន្ទ្រានចូល និងបំផ្លិចបំផ្លាញដែនជម្រកធម្មជាតិនានា”៕

តើនិតិវិធីចុះបញ្ជីរអចលនទ្រព្យជាអ្វី ចូរសិក្សាលើចំណុចសំខាន់ទាំងបីនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការចុះបញ្ជីអចលនទ្រព្យ ពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មលក់ដូរ និងផ្ទេរកម្មសិទ្ធិ។ វាក៏បញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យនោះផងដែរ។

ការចុះបញ្ជីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងទៅលើដី និងសំណង់ទាំងឡាយណា ដែលជាប់ពន្ធ ហើយជាទូទៅ គឺអចលនទ្រព្យមានតម្លៃលើសពី១០០លានរៀល។

ផ្អែកតាមច្បាប់ស្តីពី ពន្ធលើអចលនទ្រព្យឆ្នាំ២០០៩បានបង្ហាញថា អ្នកជាប់ពន្ធអចលនទ្រព្យទាំងអស់ មានកាត​ព្វកិច្ចត្រូវទៅចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន នៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែល​អចលន​ទ្រព្យ​របស់ខ្លួននោះស្ថិតនៅ។ ការចុះបញ្ជីនេះត្រូវទៅធ្វើយ៉ាងយឺតបំផុតគិតត្រឹមថ្ងៃទី៣០ ខែ កញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

ការចុះបញ្ជីអចលនទ្រព្យមួយ ធ្វើឡើងតែមួយដងគត់ ដើម្បីទទួលបានលេខអត្តសញ្ញាណសម្គាល់អចលនទ្រព្យ។ សម្រាប់អចលនទ្រព្យណា ដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញ នៅឆ្នាំបន្តបន្ទាប់នោះទេ តែត្រូវបង់ពន្ធអចលទ្រព្យនោះ ជាប្រចាំឆ្នាំក្នុងអាត្រា០,១ភាគរយ ដោយវាអាស្រ័យទៅតាមប្រភេទអចលនទ្រព្យ និងទីតាំងដែលវាស្ថិតនៅ។

ម្យ៉ាងទៀត នៅពេលអចលនទ្រព្យដែលបានចុះបញ្ជីនោះ ត្រូវបានផ្ទេរកម្មសិទ្ធិតាមរយៈការទិញ-លក់ ឬមានការផ្លាស់ប្តូរម្ចាស់កាន់កាប់ ការផ្លាស់ប្តូរទំហំ ការបែងចែក ឬការរំលាយចូលគ្នា នោះម្ចាស់អចលនទ្រព្យ ត្រូវតែបង់ពន្ធប្រថាប់ត្រា ដាច់ដោយឡែក ក្នុងអត្រា៤%។

ឧទាហរណ៍ ពូ “ក” មានដីទំហំ ៣ ហិកតា ក្នុងក្រុងសៀមរាប។ ពូ “ក” ត្រូវតែទៅចុះបញ្ជីអចលនទ្រព្យ និងបង់ពន្ធអចលនទ្រព្យ ក្នុងអត្រា០,១ % ប្រចាំឆ្នាំ ។ ក្រោយមក ពូ «ក» បានបំបែកក្បាលដីជា ០៣ ប្លង់ ហើយផ្ទេរសិទ្ធិកាន់កាប់ឱ្យកូនគាត់បីនាក់។ ដូចនេះ ដីចំនួន០៣ ប្លង់ដែលបានចែកឱ្យកូននោះ កូនដែលត្រូវទៅចុះបញ្ជីកម្មសិទ្ធិថ្មី ត្រូវតែបង់ពន្ធប្រថាប់ត្រាក្នុងអត្រា ៤%។​

ក្នុងករណីនេះ ក្នុងឆ្នាំដែលគាត់ចែកដីឱ្យកូនគាត់ តែគាត់មិនទាន់បង់ពន្ធអចលនទ្រព្យប្រចាំ នៅពេលមានការចែកដីកូនបែបនេះ គាត់រួមនឹងកូនគាត់ត្រូវតែបង់ពន្ធ០,១% និងបង់ពន្ធប្រថាប់ត្រា៤% ក្នុងឆ្នាំនោះតែមួយ។

ជាគោលការណ៍ សម្រាប់ការចុះបញ្ជីអចលនទ្រព្យ ម្ចាស់អចលនទ្រព្យត្រូវតែវាស់វែង និងគណនាពន្ធអចលនទ្រព្យទាំងនោះដោយខ្លួនឯង។

១ តើត្រូវវាស់វែងអចលនទ្រព្យនោះយ៉ាងដូចម្តេច?
ម្ចាស់អចលនទ្រព្យ ត្រូវវាស់វែងផ្ទៃក្រឡារបស់ដី ផ្ទះ និងសំណង់ផ្សេងៗ ដូចជា ដី គឺគេត្រូវវាស់យកចំណុចកណ្តាលនៃព្រំរបង ឬព្រំដីជាគោល។ រីឯ ផ្ទះ អគារ និងសំណង់ផ្សេងៗ គឺគេត្រូវវាស់យកចំណុចកណ្តាលនៃជញ្ជាំង និងចុងដំបូល ចំពោះស្ថានីយប្រេង ភោជនីយដ្ឋាន កន្លែងលក់ ឬលាងរថយន្ត។​

២ ការគណនាប្រាក់ពន្ធលើអចលនទ្រព្យ
យោងតាមប្រកាសលេខ៣៤៣ សហវ.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានកំណត់យ៉ាងច្បាស់ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលអនុវត្តចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលជាសំណង់ ឬ/និងដី ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីរកប្រាក់ពន្ធត្រូវបង់ ម្ចាស់អចលនទ្រព្យ ត្រូវរកមូលដ្ឋានគិតពន្ធជាមុនសិន។ គេត្រូវយកតម្លៃអចលនទ្រព្យ គុណនឹង៨០% រួចដកនឹង១០០ ០០០ ០០០៛ នោះអ្នកនឹងរកឃើញពីមូលដ្ឋានគិតពន្ធ។ បន្ទាប់មក គេយកតម្លៃលេខនៃមូលដ្ឋានគិតពន្ធ ទៅគុណនឹង០.១ %នោះ យើងនឹងរកឃើញពីតម្លៃប្រាក់ពន្ធដែលត្រូវបង់នោះហើយ។​
តម្លៃអចលនទ្រព្យនីមួយៗ ត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយយោងតាមតម្លៃទីផ្សារ ឬទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ (ឥដ្ឋបេតុង និងមិនមែនឥដ្ឋបេតុង)។

៣ តើត្រូវមានឯកសារអ្វីខ្លះនៅពេលទៅចុះបញ្ជី?
ក្រោយពីម្ចាស់អចលនទ្រព្យ បានវាស់វែង ​និងគណនារកប្រាក់ពន្ធនៃអចលនទ្រព្យរបស់ខ្លួនរួចហើយ គឺត្រូវតែស្នើសុំចុះបញ្ជីអចលនទ្រព្យនោះ។ នៅពេលដាក់ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ ម្ចាស់អចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗដូចជា

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។
-សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅ
-ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គា​ល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាល​សុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។ ក្នុងករណី​ដែលអចលនទ្រព្យបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយ នូវឯកសាររវាងអ្នកទិញ និងអ្នកលក់មកជាមួយផង។

ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យ ត្រូវតែបញ្ជាក់ឱ្យបានច្បាស់ដល់រដ្ឋបាលសារពើពន្ធ អំពីអចលនទ្រព្យត្រូវជាប់ពន្ធទាំងនោះ ក្នុងករណី ៖

-អចលនទ្រព្យរបស់ខ្លួនត្រូវបានបំបែកលក់ ផ្ទេរ ឬផ្តល់អំណោយ ហើយអចលនទ្រព្យដែលបានបំបែកថ្មីត្រូវតែចុះបញ្ជីទៀត
-ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
-ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬ រំលាយចោល
-ការផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលបានផលប្រយោជន៍ចុងក្រោយ។

អ្នកជាប់ពន្ធ មិនអាចក្លែងបន្លំឯកសារចុះបញ្ជីអចលនទ្រព្យបានទេ។ ប្រសិន​ណាបើមន្ត្រីសារពើពន្ធរកឃើញថា អ្នកជាប់ពន្ធណាម្នាក់ ក្លែងបន្លំ​ឯកសារ​ នោះជននោះត្រូវរងទោសទណ្ឌតាមច្បាប់សារពើពន្ធ ដោយត្រូវពិន័យបង់ពន្ធប្រាក់បន្ថែម ទៅលើពន្ធប្រថាប់ត្រានៃពន្ធអចលនទ្រព្យនោះ។

ដើម្បីភាពងាយស្រួលក្នុងការកាត់បន្ថយពេលវេលា និងការចំណាយនានា អ្នកជាប់ពន្ធ អាចទាញយកពាក្យស្នើសុំនេះ ដោយមិនគិតថ្លៃ នៅលើគេហទំព័ររបស់អគ្គនាយក ដ្ឋានពន្ធដារ (www.tax.gov.kh)៕