ក្រោយរដ្ឋាភិបាលប្រកាសគំរោងសាងសង់ស្ពានពីកោះដាច់មកកាន់ផ្លូវជាតិ៦ ចរន្តទិញ លក់នៅតំបន់កោះដាច់ និង កោះឧកញ៉ាតីកើនឡើងផុសផុល

ដោយៈ សុជាតា

ភ្នំពេញ កណ្តាកៈ អ្នកជំនាញបានអះអាងថា ចរន្តទិញលក់ដីធ្លី នៅតំបន់កោះដាច់ និងកោះឧកញ៉ាតីបានកើនឡើងយ៉ាថងផុសផុល បន្ទាប់ពីរដ្ឋាភិបាលប្រកាសពីគម្រោង​សាងសង់ស្ពានចេញពីកោះដាច់ មកកាន់ផ្លូវជាតិលេខ៦អានាពេលខាងមុខ។

តំបន់កោះដាច់ និង កោះឧកញ៉ាតីជាទឹកដី ដែលមានអាកាសធាតុអំណោយផល មានទន្លេព័ទ្ធជុំវិញ មានដីពោរពេញដោយជីវជាតិ និងមានការត្បាញហូលផាមួងផងនោះ តំបន់ទាំងនេះ ប្រហែលមិនស្ថិតនៅឆ្ងាយទៀតទេ នៅពេលរដ្ឋាភិបាលសាងសង់ស្ពានតភ្ជាប់ និង ផ្លូវក្រវាត់ក្រុងទីបី និងទីបួន ត្រូវបានដំណើរសាងសង់ និងបញ្ចប់គម្រោងនាពេលអនាគត។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ Property Area Asia កាលពីថ្ងៃទី ២០ ខែ កញ្ញ៉ា ឆ្នាំ ២០២១កន្លងមកថា នៅ រយៈពេលចុងក្រោយ ចរន្តទិញ លក់ នៅតំបន់កោះដាច់ និងកោះឧកញ៉ាតី គឺការទិញ លក់គួរអោយកត់សំគាល់ ខណៈដែលផ្លូវក្រវាត់ក្រុងទីបី បានសាងសង់ជិតបញ្ចប់។

លោក​បន្តថា “នៅពេលមានស្ពាន និងគម្រោងផ្លូវក្រវាត់ក្រុងទីបួន ដំណើរការតំបន់នេះ នឹងមានកំណើនទិញ លក់ដីកើនឡើងទ្វេដង។ ចំពោះកម្រោងធំៗ ដែលត្រូវអភិវឌ្ឍនៅតំបន់នោះ គឺមិនទាន់មានរូបរាងនោះទេ ដោយសារហេដ្ឋារចនាសម្ពន្ធធំៗមិនទាន់ចេញរូបរាងនៅឡើយ”។

លោកបញ្ជាក់បន្ថែមទៀតថា តម្លៃដីនៅតំបន់ទាំងពីរនេះ គឹប្រហាក់ប្រហែលគ្នា ដោយមានតម្លៃចន្លោះពិ ៣៥ ដុល្លារទៅ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងកើនឡើងថ្លៃរហូតដល់៣៥០ដុល្លារ ទៅតាមតំបន់ដែលមានសក្តានុពលផងដែរ។

ជាមួយគ្នានេះ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន KW Sam Sn Realty Co.,Ltd បានមានប្រសាសន៍ថា ចំពោះកោះដាច់ គឺស្ថិតខណ្ឌជ្រោយចង្វារ និងកោះឧកញ្ញ៉ាតី គឺស្ថិតនៅខេត្តកណ្តាល ដែលគ្រោងចាត់បញ្ចូលរាជធានីភ្នំពេញ។ ចំពោះផែនការអភិវឌ្ឍអភិវឌ្ឍ គឺក្រវាត់ក្រុងទីបី រដ្ឋាភិបាលបានសាង់សង់បានពាក់កណ្តាល គឺយើងស្ពានឆ្លង់កាត់មកផ្លូវជាតិលេខ១ មកផ្លូវល្វាឯម និង មកខេត្តព្រៃវែងខ្លះៗ និងបន្តសាងសង់ស្ពាន មកដល់កោះដាច់ និងបន្តអភិវឌ្ឍរហូតដល់ កោះឧកញ៉ាតីផងដែរ។

លោកបន្តថា “យើងសង្កេតឃើញថា តំរូវការរបស់ប្រជាជនខ្មែរ ចំពោះដីធ្លីជាប់ទន្ល និង សមុទ្រគឺតែងតែមានតំរូវការខ្ពស់។ រាល់ដីធ្លីទាំងអស់ជាប់ទន្លេ នៅជាយក្រុងភ្នំពេញជាពិសេស កោះដាច់ កោះឧកញ៉ាតី ចរន្តទិញលក់ គឺនៅតែមានខ្លះដដែល”។

លោកព្យាករណ៍ថា កោះដាច់ និង កោះឧកញ៉ាតី នឹងក្លាយទៅទីក្រុង ដែលមានអភិវឌ្ឍ ដោយប្រជាជនចូលចិត្តរស់នៅក្បែរទឹក។ ហើយនៅពេលដែលមានស្ពាន និង ផ្លូវក្រវាត់ក្រុងទីបីសាងសង់រួច តំបន់នេះ នឹងក្លាយទៅជាតំបន់សម្រាប់ លំនៅដ្ឋាន និងបែប រីស៊តដ៏ល្អផងដែរ។

កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣ឲ្យបានមួយជុំ ដែលការពង្រីកនេះតម្រូវឲ្យមានការសាងសង់ស្ពានពីក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រ និងស្ពានតភ្ជាប់ពីកោះដាច់ មកកាន់ផ្លូវជាតិលេខ៦អាផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ឲ្យដឹងពីគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗនេះនឹងចាប់ផ្តើមសាងសង់នាពេលណា និងគ្រោងចំណាយទឹកប្រាក់ប៉ុ​ន្មានលានដុល្លារ​នៅឡើយទេ៕

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗក្នុងខេត្តពោធិ៍សាត់កំពុងទាក់ទាញការវិនិយោគ

ដោយៈវឌ្ឍនៈ

ពោធិសាត់ៈ ក្រោយពេលរដ្ឋាភិបាល បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីខេត្តមួយនេះ ទៅកាន់បណ្ដាខេត្តសក្ដានុពលជាច្រើន ដូចជា បាត់ដំបងកោះកុងនិងខេត្តផ្សេងៗទៀត។

​ការវិនិយោគលើគំរោងហេដ្ឋារចនាសម្ព័ន្ឋសាធារណៈនេះ ក៏បានទាក់ទាញការវិនិយោគជាបន្តបន្ទាប់ ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ជាក់ស្ដែងគេសង្កេតឃើញ គម្រោងវិនិយោគវិនិយោគរាប់លានដុល្លារ ក៏ចាប់ផ្ដើមសម្លឹងទៅកាន់ខេត្តមួយនេះផងដែរ ។

គម្រោងវិនិយោគធំៗ មួយចំនួនដែលឃើញប្រកាសដាក់ទុនវិនិយោគ នៅក្នុងខេត្តពោធិ៍សាត់រួមមាន គម្រោងបង្កើតរោងចក្រដំឡើងរថយន្តហ្វដ និងសហគ្រាសផលិតកែវក្រដាស ដែលដាក់ដំណើរការជាដើម ព្រមជាមួយនឹងគម្រោងមួយចំនួនទៀតក្នុងទឹកដីនៃខេត្តមួយនេះ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ខេត្តពោធិ៍សាត់ជាខេត្តមួយ ដែលកំពុងមានសក្ដានុពល ប្រជាពលរដ្ឋក៏ចាប់ផ្ដើមានជីវភាពធូរធា ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើឱ្យមានការទាក់ទាញកាន់តែខ្លាំង ដល់វិនិយោគិនជាតិ និងអន្តរជាតិ ជាមួយនឹងតំបន់ទេសចរណ៍ក៏កាន់តែទាក់ទាញផងដែរ ។

លោកបន្តថា “តម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ មានការប្រែប្រួលខ្លាំង ចាប់ពីតម្លៃត្រឹមតែ១ដុល្លារក្នុងមួយម៉ែត្រការ៉េ ដល់រាប់រយដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។ ប៉ុន្តែសម្រាប់អ្នកវិនិយោគ មានចក្ខុវិស័យរយៈពេលវែង អាចវិនិយោគដីធ្លីនៅក្នុងខេត្តនេះ គឺមិនខុសទេ”។

លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ គឺជាកត្តាទាក់ទាញមួយសម្រាប់វិនិយោគិន ដូចជា ផ្លូវតភ្ជាប់ទៅកាន់ខេត្តផ្សេងទៀត និងទៅកាន់ព្រំដែនកម្ពុជាថៃ ដែលធ្វើ ឱ្យពលរដ្ឋ កាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ និងសម្រាប់ដឹកជញ្ជូនទំនិញជាដើម ។

លោកម៉ៅ ធនិន្ទអភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់ នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ជាក់ស្ដែងនៅពេលខេត្តនេះមានរោងចក្រសហគ្រាស គឺពលរដ្ឋដែលមានជំនាញនឹងមានអាទិភាព ហើយកូនចៅអ្នកស្រុកក៏អាចធ្វើការនៅជិតផ្ទះ ដោយមិនចាំបាច់ធ្វើដំណើរ ទៅកាន់ខេត្តផ្សេងតំបន់ផ្សេងឬចំណាកស្រុកឡើយ។

រដ្ឋាភិបាលបាននិងកំពុងស្ថាបនាឡើងវិញ និងពង្រីកផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងកំពុងស្ថាបនាផ្លួវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ និងធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជា៕

បណ្ដាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍នឹងផ្ដោតសំខាន់លើអេកូទេសចរណ៍ ពេលកម្ពុជា បើកព្រំដែនឡើងវិញ

ដោយៈសុខុម

ភ្នំពេញ: បណ្ដាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍នៅកម្ពុជា ដែលជាប្រទេសចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនជាងគេបំផុតទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី កំពុងដាក់សម្ពាធឱ្យរដ្ឋាភិបាល បើកព្រំដែនឡើងវិញនៅខែវិច្ឆិកា ចុងឆ្នាំនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងគ្រប់ដូស។

នៅពេលព្រំដែនបើកឡើងវិញ ភ្ញៀវទេសចរទាំងនោះ នឹងមានឱកាសបានទៅកម្សាន្តនៅគោលដៅអេកូទេសចរណ៍ ដ៏ស្រស់ត្រកាលដែលទើបនឹងបង្កើតថ្មី។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ កញ្ញា។

លោក Nick Ray អ្នកប្រឹក្សាយោបល់ផ្នែកវិស័យទេសចរណ៍សម្រាប់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” (Cambodia Sustainable Landscape and Ecotourism Project) ហៅកាត់ CSLEP មានប្រសាសន៍ថា “អេកូទេសចរណ៍ កំពុងបោះជំហានឆ្ពោះទៅមុខទូទាំងពិភពលោក ហើយវាពិតជាមានសារៈសំខាន់ណាស់នៅកម្ពុជា”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ការរីករាលដាលវីរុសកូវីដ-១៩ បានផ្លាស់ប្តូរស្ថានភាពនេះកាន់តែខ្លាំង នៅពេលមនុស្សចាប់ផ្ដើមងាកទៅស្វែងរកកន្លែងវាលៗ ដែលមិនមានការបិទជិត ដើម្បីជៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ហើយពួកគេរីករាយនឹងដំណើរកម្សាន្តដើម្បីគយគន់សម្រស់ធម្មជាតិ។

គម្រោង CSLEP ដែលមានទំហំចំណាយ៥៤លានដុល្លារអាមេរិក តំណាងឱ្យការវិនិយោគវិស័យទេសចរណ៍ ធំបំផុតរបស់ធនាគារពិភពលោក (World Bank) នៅកម្ពុជា។ គម្រោងផ្តួចផ្តើមដែលមានរយៈពេល៥ឆ្នាំនេះ នឹងគ្របដណ្ដប់លើខេត្តចំនួន៧ ដោយរួមបញ្ចូលទាំងជួរភ្នំក្រវាញ ដែលមានព្រៃនាំទឹកភ្លៀង គ្មានអ្នកប៉ះពាល់ធំបំផុតប្រចាំអាស៊ីអាគ្នេយ៍ ព្រៃលិចទឹកនៅបឹងទន្លេសាប និងភ្នំគូលែន ស្ថិតក្នុងខេត្តសៀមរាបផងដែរ។

រហូតមកដល់ពេលនេះ គម្រោងCSLEP បានកំណត់ទីតាំងអេកូទេសចរណ៍ចំនួន១៦កន្លែង ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ថវិកានៃគម្រោងនេះនឹងត្រូវចំណាយទៅលើការកែលម្អផ្លូវ ចូលទៅកាន់តំបន់ដាច់ស្រយាលទាំងនេះ ដោយអភិ​វ ឌ្ឍផ្លូវឡើងភ្នំ ផ្លូវជិះកង់ និងមជ្ឈមណ្ឌលទេសចរណ៍ ហើយបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានផ្នែកបដិសណ្ឋារកិច្ច ការគ្រប់គ្រងសំរាម និងការយល់ដឹងអំពីសំរាម។

នៅទីបំផុត ផ្ទះសំណាក់បែបធម្មជាតិ នឹងត្រូវសាងសង់ឡើង ប៉ុន្តែជាដំបូងនឹងលេចចេញជំរំបោះតង់សិន។
គម្រោងសាកល្បងចំនួន៣នឹងចាប់ផ្តើមអនុវត្តកម្មវិធី CSLEP ដូចជាតំបន់ទេសច​រណ៍ទឹកធ្លាក់ជ្រាវ ក្នុងខេត្តកំពង់ស្ពឺ តំបន់ទេសចរណ៍ច្រកល្អៀង ក្នុងខេត្តពោធិ៍សាត់ និងភូមិអន្លង់ធំ ស្ថិតក្នុងឧទ្យានជាតិភ្នំគូលែន កន្លែងដែលកម្មវិធីភ្នំគូលែន ដែលទទួលបានជំនួយពីអង្គការ NGO Archaeology and Development Foundation បានដំណើរការតាំងពីឆ្នាំ២០០៨។

លោក JB Chevance នាយកអង្គការ NGO Archaeology and Development Foundation មានប្រសាសន៍ថា “យើងលាយបញ្ចូលគ្នានូវការអភិរក្ស ការអភិវឌ្ឍ និងការស្រាវជ្រាវបុរាណវិទ្យា។ ហើយមានសហគមន៍ក្រីក្រខ្លាំងរស់នៅទីនេះ”។

លោក Bill Barnett នាយកគ្រប់គ្រងក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ ផ្នែកបដិសណ្ឋារកិច្ចអន្តរជាតិ C9 Hotelworks មានប្រសាសន៍ថា វាពិតជាចាំបាច់ណាស់ ដែលសហគមន៍នានា ត្រូវបានដាក់បញ្ចូលជាចំណុចស្នូលនៃកម្មវិធីផ្ដួចផ្ដើមបែបនេះ។

លោកបានពន្យល់ថា “ត្រូវឱ្យសហគមន៍នានាចូលរួម ហើយធ្វើការជាមួយពួកគេ។ ការធ្វើដូច្នេះនឹងជួយបញ្ចៀសការទន្ទ្រានចូល ការបរបាញ់សត្វ និងការកាប់ឈើខុសច្បាប់។ នៅចុងបញ្ចប់ ប្រទេសកម្ពុជា នឹងមិនចាំបាច់ពឹងផ្អែកលើក្រុងសីហនុ ឬមជ្ឈមណ្ឌទេសចរណ៍ដែលផ្ដោតលើល្បែងស៊ីសង ដែលសម្រាប់តែជនបរទេសទៀតឡើយ”៕ South China Morning Post៕

អ្នកឧកញ៉ាគិត ម៉េងលើកឡើងពីសភមង្គលគ្រួសារ និងប្រាក់

ដោយៈគង់ សូរិយា

        ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងមហាសេដ្ឋី ដែលមានមុខជំនួញជាច្រើននៅក្នុងដៃបានលើកឡើងពីសុភមង្គលគ្រួសារ និងទឹកប្រាក់ ដែលអ្នកខ្លះថាមិនអាចទិញសុភមង្គលបាន ប៉ុន្តែក្នុងបរិបទខ្លះវាអាចទិញសុភមង្គលបានច្រើន។

លោកបានសរសរលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី២០ កញ្ញានេះថា ភរិយារបស់ខ្ញុំតែងតែលើកឡើងថាកូនៗ គឺជាកំណប់ទ្រព្យធំបំផុតរបស់ពួកយើង។  ពួកគាត់គឺជាគ្រាប់ពូជដែលលូតលាស់បានល្អ លុះត្រាតែយើងអប់រំ ចិញ្ចឹមបីបាច់ថែរក្សា និងបង្ហាញចិត្តសប្បុរសរបស់យើងទៅកាន់ពួកគាត់។  ភរិយារបស់ខ្ញុំតែងតែរំលឹកទៀតថា ទង្វើសប្បុ​រសធម៌ ទោះតូចតាចយ៉ាងណាក៏ដោយ ក៏មិនចាត់ទុកជាទង្វើខ្ជះខ្ជាយឡើយ។  ខ្ញុំពិតជាយល់ស្របទាំងស្រុងជាមួយនឹងគំនិតរបស់អូន ចំណាន។

មនុស្សភាគច្រើននិយាយថា “លុយមិនអាចទិញសុភមង្គលបានទេ”។  ក្នុងបរិបទខ្លះ វាគឺជាការពិត។  ទោះយ៉ាងណាក៏ដោយ ក៏ប្រាក់អាចទិញសុភមង្គលច្រើន សម្រាប់អ្នក នៅពេលដែលប្រាក់ទាំងនោះត្រូវបានផ្តល់ ចែករំលែក និងប្រើប្រាស់ដើម្បីសម្រេចបាននូវផលល្អប្រសើរ ដូចជា ការរួមចំណែកសម្រាប់បុព្វហេតុណាមួយ និងគំនិតផ្តួចផ្តើមដែលសំខាន់សម្រាប់សហគមន៍របស់យើង។

លោកបន្តថា “ខ្ញុំ និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានគាំទ្រគំនិតផ្តួចផ្តើមមួយចំនួនដែលយើងជឿជាក់ថា នឹងជួយប្រទេសនិងប្រជាជនរបស់យើងនៅពេលអនាគត។ យុវជន ការអប់រំ និងការថែទាំសុខភាពកុមារ ស្ថិតនៅក្នុងបញ្ជីអាទិភាពរបស់យើង។  ក្នុងនាមជាឪពុកម្តាយ យើងចង់ធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីប្រាកដថាកូនៗរបស់យើង និងកុមារកម្ពុជាទទួលបានការអប់រំ និងការថែទាំសុខភាពប្រកបដោយគុណភាព”។

ជាផ្នែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប យើងបានគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗ ដូចជា មូលនិធិគន្ធបុប្ផាកម្ពុជា មន្ទីរពេទ្យកុមារអង្គរ និងអង្គការស្នាមញញឹមកម្ពុជា ដែលគាំទ្រដោយក្រុមហ៊ុន វីង ការផ្តល់អាហារូបករណ៍របស់ក្រុមហ៊ុន សែលកាត ដល់សិស្សានុសិស្សក្នុងការសរសេរកូដឌីជីថល ការចែកមួកសុវត្ថិភាពដល់កុមារ ការបង្ហាញអំពីសុវត្ថិភាពចរាចរណ៍ដល់កុមារ ដែលរៀបចំដោយក្រុមហ៊ុន Ezecom និងការអប់រំលំដាប់អន្តរជាតិ ដែលរៀបចំទ្បើងដោយសាលាអន្តរជាតិសៅប្រីដកម្ពុជា។ យើងប្តេជ្ញាចិត្ត ហើយផ្តោតលើការផ្តល់ឱ្យយុវជនរបស់យើងនូវអនាគតភ្លឺស្វាង។

អ្នកអាចចូលរួមចំណែកបានផងដែរ ដោយបរិច្ចាគ ឬរួមចំណែកដល់គំនិតផ្តួចផ្តើមណាមួយដែលសំខាន់ចំពោះអ្នក។ សូមចូលរួម ឬរៀបចំគំនិតផ្តួចផ្តើមរៃអង្គាសប្រាក់ដើ   ​ម្បី​ប្រមូលសៀវភៅ ស្ម័គ្រចិត្តពេលវេលារបស់អ្នក ដើម្បីបង្រៀនក្មេងៗនៅតំបន់ជនបទ។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា “សូមចងចាំថា ទង្វើសប្បុរសធម៌ទោះក្នុងកម្រិតណាក៏ដោយ ក៏ទង្វើទាំងនោះមិនខ្ជះខ្ជាយឡើយ។  សូមរួមគ្នាដោយការបង្ហាញចិត្តសប្បុ​រស នោះយើងនឹងបង្កើតឥទ្ធិពលវិជ្ជមានមកលើប្រទេសកម្ពុជា”៕

ឥណ្ឌូនេស៊ីគ្រោងបោះទុនរាប់ពាន់លានដុល្លារ បង្កើតក្រុមហ៊ុនលំដាប់យក្សមួយ ដើម្បីបង្កើនការផលិតស្ករស

ដោយៈសុខុម

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី គ្រោងបង្កើតក្រុមហ៊ុនមេដ៏ធំមួយសម្រាប់គ្រប់គ្រងពីលើរោងចក្រ ផលិតស្ករសរដ្ឋ ក្នុងគោលបំណងកាត់បន្ថយការនាំចូល និងបង្កើនការផលិតស្ករសឱ្យឈានដល់១,៨លានតោនក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២០ កញ្ញា នេះ។

លោក Mohammad Abdul Gani នាយកប្រតិបត្តិក្រុមហ៊ុនចម្ការអំពៅរដ្ឋ PT Perkebunan Nusantara 3 (PTPN 3) បានថ្លែងទៅកាន់ក្រុមសមាជិកសភានៅថ្ងៃច័ន្ទ នេះថា តាមការរំពឹងទុកថា រោងម៉ាស៊ីនផលិតស្ករសនានា ដែលស្ថិតក្រោមចំណុះក្រុមហ៊ុនចម្ការអំពៅ PTPN 3 មានសត្ថភាពផលិតស្ករស បានចំនួន៨០០.០០០តោននៅឆ្នាំនេះ ហើយនៅឆ្នាំ២០៣០ នឹងបង្កើតសមត្ថភាពផលិត ឱ្យឈានដល់២,៦លានតោនក្នុងមួយឆ្នាំ។

លោកគូសបញ្ជាក់ថា “តាមរយៈការបង្កើនផលិតកម្ម យើងនឹងអាចកាត់បន្ថយការនាំចូល សន្សំសំចៃទុនបម្រុងអន្តរជាតិ ហើយនឹងឈានទៅរកស្ថានភាពមួយ ដែលឥណ្ឌូនេស៊ី មានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង”។

នាយកប្រតិបត្តិរូបនេះ បានលើកឡើងបន្ថែមទៀតថា បច្ចុប្បន្នក្រុមហ៊ុន PTPN 3 កំពុងផ្ទេរទ្រព្យសកម្មរបស់ខ្លួនទៅឱ្យក្រុមហ៊ុនមេថ្មី ដែលនឹងបោះទុនវិនិយោគរហូតដល់ទៅ១,៤០ពាន់លានដុល្លារអាមេរិក សម្រាប់ការពង្រីកអាជីវកម្ម រួមទាំងរោងចក្រផលិតស្ករសថ្មីៗផងដែរ។

យោងតាមសារព័ត៌មាន Statista ដែលបានចុះផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ បង្ហាញថា នៅក្នុងឆ្នាំ ២០២០ ការនាំចូលស្ករសទៅកាន់ប្រទេសឥណ្ឌូនេស៊ី មានទំហំរហូតដល់ទៅប្រមាណ១,៩៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង៦០០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៩។ ប្រទេសថៃ ប្រទេសប្រេស៊ីល និងប្រទេសអូស្រ្តាលី គឺជាអ្នកនាំចូលស្ករសធំជាងគេបំផុត ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប្រចាំឆ្នាំ២០២១ នេះ៕ Reuters៕

តើវិស័យអចលនទ្រព្យនៅតំបន់ភាគខាងជើងដែលអាចនឹងកាត់ចូលរាជធានីភ្នំពេញនាពេលខាងមុខមានការប្រែប្រួលដូចម្តេច?

ដោយៈសុជាតា

ភ្នំពេញ កណ្តាលៈ ការរីកចម្រើនរបស់ទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យរាជធានីនេះកាន់តែរីកធំជាងមុន ហើយគ្រប់ផ្នែកនៃរាជធានីមានការអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន ជាក់ស្តែងភាគខាងជើងនៃទីក្រុងភ្នំពេញ នៅតែជាតំបន់មួយដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់property Area Asia នៅថ្ងៃទី ២០ ខែកញ្ញ៉ា ឆ្នាំ ២០២១  ទីផ្សារភាគខាងជើងវិស័យ អចលនទ្រព្យ នៅមានការផុលផុសច្រើន ក្នុងការអភិវឌ្ឍ ដោយបឹងតាមោឃត្រូវបាន រដ្ឋាភិបាលបានចេញអនុក្រឹត្យអោយ ប្រើប្រាស់ចំគោលដៅ សម្រាប់ប្រយោជន៍សេដ្ឋកិច្ចផ្សេងៗ។

លោកបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យភាគជើង គឺផ្តោតទៅជាលើអតិថិជនលំដាប់មធ្យម ដែលជាតំបន់ដែលសក្តានុពល សម្រាប់បណ្តុំឧស្សាហកម្ម រោងចក្រជាដើម។ ហើយតំបន់នេះ គឺមានគម្រោងធំៗមួយចំនួន ដូចជា គម្រោងផ្ទះធូរថ្លៃ រោងចក្រ ឧស្សាហកម្ម និងជាតំបន់សម្រាប់ការពុះឡូជាដើម”។

តម្លៃដីធ្លីចាប់ផ្លូវជាសុផារ៉ា ឡើងទៅ គឺមានតម្លៃចាប់ពី ៥០០ ដុល្លារ ទៅ ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉។ ចំណែកតម្លៃដីធ្លីចាប់ពីបឹងតាមោក ទៅតម្លៃដីធ្លីចាប់ពី ២០០ ដុល្លារទៅ ៣៥០ ដុល្លារម៉ែត្រការ៉េ។ ហើយតំបន់ភ្នំប្រសិទ្ធិ គឺ ១ ម៉ែត្រការ៉េ គឺតម្លៃចាប់ពី ៥០ ដុល្លាទៅ ១៥០ ដុល្លារឡើងទៅ។ តាមផ្លូវជាតិលេខ៥  ខាងព្រែកតាតែន គឹតម្លៃចន្លោះពី៨០ដុល្លារ ទៅ១៥០ដុល្លារផងដែរក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ អ្នកនាង អាន សុធីតា អ្នកជំនាញខាងដីធ្លី និងអចលនទ្រព្យបានថ្លែងឲ្យដឹងថា បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះ ជាតំបន់មានការអភិវឌ្ឍលឿនគួរអោយកត់សំគាល់ ដោយសារតំបន់នេះមានសល់ដីទំនេរសម្រាប់អភិវឌ្ឍច្រើន ស្ថានភាពដីធ្លីខ្ពស់  និងជាតំបន់ដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលអាចឲ្យការកសាងផ្លូវបានល្អជាងតំបន់ដែលបានអភិវឌ្ឍរួច។

អ្នកនាងបន្តថា តំបន់នេះមានការអភិវឌ្ឍបុរីយ៉ាងច្រើន ធ្វើឲ្យមានមនុស្សទៅរស់នៅច្រើន ដែលភាគច្រើនជាប្រជាជនមានជីវភាពកម្រិតមធ្យម ហើយតំបន់នេះនឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដោយសារតម្លៃដីធ្លីនៅតំបន់នេះជាមធ្យមមានតម្លៃ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។

រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានដាក់ចេញផែនការប្រើប្រាស់ដីធ្លីរហូតដល់ឆ្នាំ២០៣៥កាលពីពេលថ្មីៗនេះ ដោយផែនការនេះនឹងមានគោលដៅពង្រីកដែនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងកាំរង្វង់រហូតដល់១០០គីឡូម៉ែត្រ ហើយបើតាមផែនការនេះ តំបន់ស្ថិតនៅភាគខាងជើងក្នុងទឹកដីខេត្តកណ្តាល នឹងត្រូវកាត់ចូលរាជធានីភ្នំពេញនាពេលខាងមុខ។

អ្នកស្រីតាំង ហួរនាយិកាក្រុមហ៊ុនAMATAK Property Serviceបានមានប្រសា​សន៍ថា តាំងពីរដ្ឋាភិបាលមានផែនការពង្រីករាជធានីភ្នំពេញមក តំបន់ភាគខាងជើងបានទាក់ទាញការវិនិយោគគំរោងធំៗជាច្រើន ពិសេសអ្នកវិនិយោគដីធ្លីបានសម្រុកទៅកាន់តំបន់នេះ ដែលធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់ ពិសេសពិបាករកដីសម្រាប់ភ្ញៀវទៀតផង។

អ្នកស្រីបានបន្តថា “តម្លៃដីធ្លីបានកើនឡើងខ្លាំង ចាប់តាំងពីតំបន់បាក់ខែង រហូតដល់ចំណុចផ្លូវបំបែកព្រែកក្តាម ដោយសារផែនការអភិវឌ្ឍន៍ធំៗ របស់ក្រុមហ៊ុនឯកជននានាបានសម្រុកទៅកាន់តំបន់នេះ”៕

អ្នកជំនាញអន្តរជាតិៈ កម្ពុជាគួរតែអនុញ្ញាត្តឲ្យជនបរទេសអាចទិញដីសម្រាប់អភិវឌ្ឍន៍

អភិវឌ្ឍន៍

        ដោយៈសុខុម

ភ្នំពេញៈ ការទិញដីពីជនបរទេសនៅកម្ពុជា អាចធ្វើឡើងបានដរាបពួកគេបានចូលសញ្ជាតិខ្មែរ ប៉ុន្តែអ្នកជំនាញអន្តរជាតិមួយរូបបានលើកឡើងថា កម្ពុជាគួរតែបើកចំហជាងនេះ ដើម្បីឲ្យពួកគេទិញដីសម្រាប់ធ្វើការអភិវឌ្ឍន៍បាន ដោយភ្ជាប់ជាមួយលក្ខខ័ណ្ឌមួយចំនួន។

អ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោកSunny Soo អគ្គនាយកក្រុមហ៊ុនMRICS MISMបានមានប្រសាសន៍ឲ្យដឹងកាលទីថ្ងៃទី១៩ កញ្ញាកន្លងមកថា នៅកម្ពុជាជនបរទេ​ស ឬក្រុមហ៊ុនបរទេសស្របច្បាប់ជាច្រើន ដែលចង់មករកស៊ីដោយសុចរិតត្រឹមត្រូវ មិនអាចទិញដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ ពួកគេគ្រាន់តែចង់បានប័ណ្ណកម្មសិទ្ធិប៉ុណ្ណោះ ដើម្បីជាការធានាថា មានសុវត្ថិភាព ហើយគ្មានអ្វីមានសុវត្ថិភាពជាងមានប័ណ្ណកម្មសិទ្ធិនោះទេ។

លោកបន្តថា “នៅកម្ពុជា ជនបរទេសដែលចង់ទិញដីលើសពី៥ហិកតា គឺត្រូវមានការអនុម័តពិសេស។ នេះមានន័យថា បើទិញក្រោម៥ហិកតា គឺជនបរទរទេសមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីឡើយ”។ លោកបន្តថា “ដូច្នេះកម្ពុជា គួរតែផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពួកគេគ្រប់គ្នា ទោះជាទិញក្នុងទំហំប៉ុណ្ណាក៏ដោយ តែត្រូវស្ថិតក្រោមលក្ខខណ្ឌថា អ្នកដែលទិញដីរួចហើយ ត្រូវធ្វើការអភិវឌ្ឍនៅលើដីជាក់ស្ដែងក្នុងរយៈពេល៥ឆ្នាំ គឺមិនមែនសន្យាចោលឱ្យតែរួចពីមាត់ថា អភិវឌ្ឍក្នុងទំហំប៉ុណ្ណេះ ឬប៉ុណ្ណោះតែនៅលើក្រដាសនោះឡើយ។ យើងត្រូវចាប់បង្ខំឱ្យពួកគេធ្វើការអភិវឌ្ឍ”។

លោកSunny Sooបានបន្តថា កុំភ្លេចចំណុចដ៏សំខាន់គឺថា ដីគ្រាន់តែជាចំណែកដ៏តូច ពោលគឺត្រឹមតែ១០ ទៅ២០ភាគរយនៃទំហំវិនិយោគសរុបប៉ុណ្ណោះ។ ឧបមាថា បើវិនិយោគិនយកលុយ២០០លានដុល្លារ មកទិញដីនៅកម្ពុជាមានន័យថា ពួកគេនឹងត្រូវយកលុយ១ពាន់លានដុល្លារ បន្ថែមទៀតសម្រាប់ធ្វើការអភិវឌ្ឍនៅលើដីនោះ។

លោកបន្តថា នៅក្នុងប្រវត្តិសាស្ត្រទាំងពិភពលោក គ្មានប្រទេសណាមួយអាចទិញយកដីធ្លីនៅក្នុងប្រទេសផ្សេង ដើម្បីយកមកកាន់កាប់បានឡើយ គឺមានតែធ្វើសង្គ្រាមដើម្បីដណ្ដើមប៉ុណ្ណោះ។ ឥឡូវសាកក្រឡេកមើលប្រទេសជប៉ុនទៅមើល ប្រទេសនេះមានខ្លាំងណាស់ គឺមានលុយអាចទិញយកសង្កាត់Manhattan នៃក្រុងញវយ៉ក បានទាំងមូល ប៉ុន្តែជាក់ស្ដែងសួរថាមានទេ អាចទៅរួចទេ? ចម្លើយគឺគ្មានទេ មិនអាចទៅរួចទេ គឺមានតែជនជាតិជប៉ុន ដែលវិនិយោគនៅទីនោះប៉ុណ្ណោះ។

លោកបន្តថា “អញ្ចឹងទេ ខ្លាចអ្វីនឹងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនវិនិយោគិនបរទេស  ហើយបើធ្វើបែបនេះបាន នោះទុនវិនិយោគបរទេ​សនឹងហូរមកកម្ពុជាកាន់តែច្រើន”។

លោកSunny Sooបានបន្តថា ទោះជាយ៉ាងណា ការផ្ដល់ប័ណ្ណកម្មសិទ្ធិនេះ ត្រូវធ្វើឡើងក្រោមលក្ខខណ្ឌថា ពួកគេត្រូវតែធ្វើការអភិវឌ្ឍលើដីដែលពួកគេបានទិញ។ បើមិនសាងសង់ ត្រូវផាកពិន័យពួកគេ។ ប្រសិនបើមិនសាងសង់ដូចអ្វីដែលបានព្រមព្រៀងគ្នា ហើយបើពួកគេធ្វើអ្វីខុសច្បាប់ នោះផ្នែកអន្តោប្រវេសន៍ នឹងហាមឃាត់ពួកគេមិនឱ្យចូលមកកម្ពុជា ហើយដីដែលពួកគេបានទិញ នឹងក្លាយជាសម្បត្តិរដ្ឋរបស់កម្ពុជា បើពួកគេមិនធ្វើតាម។

លោកបន្តថា “ដូច្នេះកម្ពុជា អាចគ្រប់គ្រងរំហូរចូលវិនិយោគិនបរទេសបាន។ បើពួកគេមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើស ពួកគេមិនអាចចូលមកកម្ពុជា បានឡើយ។ ទាំងនេះសុទ្ធតែជារឿងដែលកម្ពុជា អាចធ្វើបាន”។

លោកបន្តថា កុំបាច់ព្រួយបារម្ភខ្លាចទីក្រុងទាំងមូលរបស់កម្ពុជា មានសុទ្ធតែជនជាតិចិន ឬជនជាតិជប៉ុន ព្រោះវាជារឿងដែលមិនអាចកើតឡើងនោះឡើយ។ តែបើសម្បូរដោយជនជាតិចិន ដូចនៅក្រុងព្រះសីហនុ គឺជារឿងល្អទៅវិញទេ។ ឥឡូវអគារធំៗខ្ពស់ៗជាច្រើន រីកដូចផ្សិតដោយសារតែជនជាតិចិន បើយើងសម្លឹងមើលទៅលើទុនវិនិយោគដែលហូរចូលមកក្រុងនេះគឺច្រើនសន្ធឹកសន្ធាប់ណាស់។ ក្រឡេកមើលទៅលើអាជីវកម្មដែលពួកគេបង្កើតឡើង គឺចំណេញខ្លាំងមែនទែនសម្រាប់កម្ពុជា៕

កម្ពុជារំពឹងថាទំនិញជាង១ម៉ឺនមុខនឹងអាចនាំចេញទៅកាន់កូរ៉េ ក្រោយការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយៈគង់ សូរិយា

        ភ្នំពេញៈ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជារំពឹងអាចនាំចេញទំនិញជាង១ម៉ឺនមុខ ទៅកាន់សាធារណៈរដ្ឋកូរ៉េ បន្ទាប់ពីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ កញ្ញានេះថា ទំនិញចំនួនប្រមាណជាង១ម៉ឺន បន្ទាត់ពន្ធនឹងនាំចេញដោយរួចពន្ធ ទៅទីផ្សារកូរ៉េដែលចំនួននេះ ទទួលបានលើសពីកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េគ្រាទីផ្សារកូរ៉េ ដែលកម្ពុជាសំរេចចរចាបើកច្រកបានក្នុងពេលនេះ នឹងបង្កើនឱកាសថែមទៀតសំរាប់ទំនិញកសិផល កសិផលកែច្នៃ, វាយនភ័ណ្ឌកាត់ដេរ, កាបូបធ្វើដំណើរ ផលិតផលកៅស៊ូ គ្រឿងបង្គុំអេឡិចត្រូនិក និងផលិតផលផ្សេងទៀតមួយចំនួនធំ ដែលផលិតដោយអ្នកវិនិយោគក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស អាចនឹងនាំចេញដោយរួចពន្ធទៅទីផ្សារកូរ៉េ។

លោកបន្តថា “នៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី (FTA) និងចូលជាធរមាននៅឆ្នាំ២០២២ខាងមុខ ខណៈដែលការចរចាទ្វេភាគី រវាងប្រទេសទាំងពីរបានបិទបញ្ចប់កាលពីខែកុម្ភៈកន្លងទៅ”។

លោកប៉ែន សុវិជាតិបានបន្តថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នឹងអាចអញ្ជើញទៅចុះហត្ថលេខា ដោយផ្ទាល់នៅកូរ៉េ ប្រសិនបើស្ថានភាពកូវីដ១៩ធូរស្រាល ឬអាចធ្វើតាមប្រព័ន្ធអនឡាញ បើស្ថានភាពកូវីដនៅមិនទាន់ល្អ។ លោកឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ គឺដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រោះថានេះជាកិច្ចខិតខំប្រឹងប្រែង និងជោគជ័យមួយថ្មីទៀតរបស់ក្រសួងពា​ណិជ្ជកម្ម នៅក្នុងការបើកច្រកទីផ្សារសំរាប់នាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។

លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ ក៏នឹងនាំមកនូវកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរបច្ចេកទេស និងការបង្កើនសមត្ថភាពក្នុងភាពជាដៃគូ”។

លោកបានបញ្ជាក់ទៀតថា ដូចយើងដឹងស្រាប់ហើយថា យើងជាសមាជិកអាស៊ាន ជាសមាជិកមួយរូបនៃប្រទេសទាំង១០ អាស៊ានក៏មានកិច្ចព្រមព្រៀងជាមួយកូរ៉េ ជារួមទីផ្សារទំនិញរបស់យើងមានស្រាប់ហើយ សម្រាប់នាំទៅកូរ៉េ ហើយទីផ្សារកូរ៉េក៏មានទំនិញស្រាប់ហើយ សម្រាប់នាំទំនិញមកទីផ្សារអាស៊ាន ក៏ប៉ុន្តែយើងចុះហត្ថលេខាទ្វេភាគីជាលក្ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺថាយើងមានទំនិញបន្ថែមទៀតពីលើទំនិញយើងចុះទីផ្សារដែលយើងធ្លាប់បានទទួលជាមួយកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េ។

លោកបន្ថែមថា “កិច្ចសម្រួលពាណិជ្ជកម្មនេះ ក៏នឹងត្រូវបានអនុវត្តពេញលេញរបាំងមិនមែនពន្ធផ្សេងៗ រួមទាំងលក្ខខ័ណ្ឌអនាម័យ និងភូត្តគាមអនាម័យ វិធានប្រភពដើមទំនិញ ការទទួលស្គាល់ទៅវិញទៅមកអំពីការវាយតម្លៃស្តង់ដារ គុណភាពទំនិញ និងរបាំងបច្ចេកទេសផ្សេងទៀត ក៏ត្រូវបានសំរួល និងលើកលែងសំរាប់លំហូរ ដោយសេរីនូវទំនិញ។ ដោយឡែកការចរចារអំពីវិនិយោគ និងសេវានឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។

លោកបន្តថា “ប្រការនេះអាចជាការទាក់ទាញ ថែមទៀតនូវវិនិយោគបរទេសមកកម្ពុជា និងនាំអោយមានការនាំមក និងផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីៗថែមទៀត”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា សាធារណៈរដ្ឋកូរ៉េ និងប្រទេសជាដៃគូដទៃទៀតនាពេលខាងមុខ នឹងនាំនូវផលប្រយោជន៍ច្រើនសម្រាប់កម្ពុជា ទាំងទំហំពាណិជ្ជកម្ម ទាំង​ការវិនិយោគ។

លោកបន្តថា “សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញលឿន តាមរយៈការចុះកិច្ចព្រមព្រៀងទាំងនេះ ដែលនឹងនាំមកនូវលំហូរពាណិជ្ជកម្មកាន់តែច្រើនពីកម្ពុជា ទៅកានើបណ្តាប្រទេសជាដៃគូនានា”៕

តើអ្នកវិនិយោគអចលនទ្រព្យគួរយល់ដឹងអ្វីខ្លះដើម្បីទទួលបានជោគជ័យ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជាការកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានសន្ទុះកាន់តែខ្លាំង ហើយនៅក្នុងវិបត្តិកូវីដ១៩នេះ ក៏សកម្មភាពនៃការវិនិយោគទៅលើអចលនទ្រព្យនៅតែមាន និងមានវិនិយោគិនពីវិស័យផ្សេងៗជាច្រើនទៀត បានចូលមកវិនិយោគក្នុងវិស័យនេះ។

ដូច្នេះដើម្បីឱ្យទទួលបានជោគជ័យឬយ៉ាងហោចណាស់ កាត់បន្ថយនូវហានិភ័យវិនិយោគិនអចលនទ្រព្យគួរយល់ដឹងអ្វីខ្លះ?។

លោកពុធ ចន្ថា អនុប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា និងជានាយកផ្នែកបណ្ដុះបណ្ដាលនៃក្រុមហ៊ុនIQI Cambodia បានឱ្យដឹងនាព្រឹកថ្ងៃទី២០ កញ្ញានេះថា ការវិនិយោគអចលនទ្រព្យ មិនមែននិយាយត្រឹមតែការទិញ លក់ ជួលអចលនទ្រព្យប៉ុណ្ណោះទេ តែក៏សំដៅលើការវិនិយោគ ទៅលើព័ត៌មានស្ដីពីវិស័័យអចលនទ្រព្យ ។

លោកថា “បើសិនជាបងប្អូនប្រជាពលរដ្ឋ មិនបានដឹងព័ត៌មានពីវិស័យអចលនទ្រព្យច្បាស់លាស់នោះទេ បងប្អូនមិនអាចវិនិយោគវិស័យអចលនទ្រព្យ បានដោយជោគជ័យឡើយ”។ លោកបន្តថា “ការវិនិយោគទៅលើអចលនទ្រព្យ ក៏ជាការវិនិយោគទៅលើឱកាសផងដែរ ។ អ្នកដែលចេះមើលពីឱកាស ចេះក្ដាប់ឱកាសបានតែងតែទទួលបានជោគជ័យក្នុងការវិនិយោគលើអចលនទ្រព្យ”។

លោកពុធ ចន្ថាបានបន្តថា ក្រៅពីនេះ ការវិនិយោគអចលនទ្រព្យនាពេលបច្ចុប្បន្ននេះដើម្បីទទួលបានជោគជ័យ និងកាត់បន្ថយនូវហានិភ័យ អ្នកវិនិយោគក៏ត្រូវចេះទៅលើបច្ចេកវិទ្យា ពីព្រោះបច្ចេកវិទ្យានេះ មានសារសំខាន់ណាស់នៅក្នុងពេលនេះ ។ មួយវិញទៀតការទទួលខុសត្រូវ និងភាពស្មោះត្រង់គឺជាកត្តាមួយ ដែលរក្សាការវិនិយោគរបស់យើងបានយូរអង្វែង បើមិនមានភាពស្មោះត្រង់និងទំនួលខុសត្រូវនោះទេ ការវិនិយោគរបស់យើងបានត្រឹមតែរយៈពេលខ្លះប៉ុណ្ណោះ ។

នៅមានកត្តាជាច្រើន ដែលវិនិយោគិនខ្លួនឯងនោះ ត្រូវសិក្សាស្វែងយល់បន្ថែមមុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ។ ការវិនិយោគដោយតាមគេ និងមិនមានចំណេះដឹងមូលដ្ឋានទាល់តែសោះ នឹងមានហានិភ័យខ្ពស់ទៅលើការខាតបង់ ។

បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុជាច្រើនទៀត ក៏បានឱ្យដឹងផងដែរថា ការវិនិ​យោគអចលនទ្រព្យគឺត្រូវមានការអត់ធ្មត់ និងទាមទារនូវទុនច្រើន ជាឧទាហរណ៍ទិញដីមួយកន្លែងសម្រាប់ចំណេញ វាមិនមែនទិញថ្ងៃនេះ លក់ចេញស្អែកហើយចំណេញនោះទេ គឺទាមទារឱ្យអត់ធ្មត់ និងត្រូវការពេលវេលាដើម្បីឱ្យដីនោះឡើងថ្លៃ ដូច្នេះបើសិនជាទិញដើម្បីចំណេញឆាប់ៗវាកម្រនឹងមានណាស់៕

រដ្ឋមន្ត្រីក្រសួងសាធារណការជំរុញឱ្យកំពង់ផែភ្នំពេញសិក្សាគម្រោងបង្កើតផែរណបបង្កើនការដឹកជញ្ជូនផ្លូវទឹក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ នូវចំណតផែកុងតឺន័រLM17 ជំហានទី៣ដំណាក់កាលទី១ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញការគាំទ្រ និងជំរុញឱ្យលោកហ៊ឺប៉ាវី សិក្សាពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល ដើម្បីបង្កើតផែរណបនៅរាជធានីភ្នំពេញ។

លោកបានលើកឡើងថា តាមការសំណូមពររបស់លោក ហ៊ឺ បាវី ឱ្យមានការបង្កើតផែរណបមួយចំនួនទៀត និងបានប្រកាសសូមគាំទ្រ១០០ភាគរយ ក្នុងការបង្កើតផែរណបរបស់យើង ។ ជំហានទី១ គឺផែរណប TS១១ ដែលយើងត្រៀមនឹងបង្កើតនាពេលឆាប់ៗខាងមុខនេះ ដោយសារតែយើងព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀងសហការគ្នារវាងកំពង់ផែស្វយ័តភ្នំពេញ និងដៃគូឯកជន ដើម្បីកសាងកំពង់ផែTS១១នេះ។ ក្រោយមក មានកំពង់ផែរណបផ្សេងៗទៀត យើងត្រូវតែជំរុញសហការគ្នា ដោយប្រើប្រាស់ថវិកាផ្ទា​ល់ខ្លួន ឬសហការជាមួយឯកជន ដើម្បីបង្កើតផែនរណបឲ្យបានច្រើន ទើបការដឹកជញ្ជូនតាមផ្លូវទឹក មានប្រសិទ្ធភាព ។

 

លោកទេសរដ្ឋមន្ត្រីបន្ថែមថា “បើមានតែកំពង់ផែស្វយ័តតែមួយ នៅភ្នំពេញនេះគ្មានផែរណប ក៏មិនអាចដឹកទំនិញ កសិផល សមិទ្ធិផលនៅទូទាំងប្រទេស មកកំពង់ផែស្វយ័តភ្នំពេញបានដែរ។ ដូចនេះជាយុទ្ធសាស្ត្រនេះ ជាគោលដៅត្រឹមត្រូវរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងរកដៃគូសហការគ្នា មកកសាងផែរណប”។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយតម្លៃដឹកទំនិញ និងដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ ។

បើតាមលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីសាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្តផែនការបន្ទាប់ នោះ គឺការអភិវឌ្ឍគម្រោងពង្រីក ហេដ្ឋារចនាសម្ព័ន្ធចំណងកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន៤គ្រឿង លើផ្ទៃដីសរុប២,៧៤ហិកតា ដែលអាចបង្កើនសមត្ថភាព ១០ម៉ឺនTEUs ក្នុងមួយឆ្នាំ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM17 មានចំនួន៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ។

លើសពីនេះ ប្រសិនបើបរិមាណកុងតឺន័រឆ្លងកាត់ នៅតែមានកំណើនជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ កំពង់ផែស្វយ័តភ្នំពេញ បានត្រៀមបំរុងទុកផ្ទៃដីប្រមាណ៩ហិកតា សម្រាប់ធ្វើការអភិវឌ្ឍទីលានផ្ទុកកុងតឺន័រ ជំហានទី៤ (២០២៤-២០៣០) ដើម្បីបង្កើនសមត្ថភាពផ្ទុកកុងតឺន័រឱ្យបាន៤០ម៉ឺន TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រសរុប រហូតដល់៩០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០៕